នៅក្នុងកម្មវិធីទូរទស្សន៍ដែលមានចំណងជើងថា លោកម៉ាំង លោក អេឌ្រាន ម៉ាំង(Adrian Monk) ដែលជាអ្នកស៊ើបអង្កេត និងជាតួឯក ជាមនុស្សដែលមានការភ័យខ្លាច ចំពោះម្ជុល ទឹកដោះគោ ផ្សិត ជណ្តើរយន្ត ការឆ្លងទន្លេ និងសត្វឃ្មុំ ក្នុងចំណោមអ្វីៗជាច្រើនទៀត ដែលគាត់ភ័យខ្លាច។ ប៉ុន្តែ ពេលដែលគាត់ និងលោកហារ៉ូល គ្រែនស(Harold Krenshaw) ដែលជាគូរប្រជែងដ៏យូរអង្វែងរបស់គាត់ បានជាប់ខ្លួនទាំងអស់គ្នា នៅក្នុងគូទឡាន លោកម៉ាំងក៏រកបានរកឃើញដំណោះស្រាយមួយ ដែលអនុញ្ញាតឲ្យគាត់អាចជម្នះការភ័យខ្លាចមួយ ក្នុងចំណោមការភ័យខ្លាចដ៏ច្រើនសន្ធឹករបស់គាត់ គឺការភ័យខ្លាចចំពោះការជាប់ឃុំក្នុងកន្លែងបិទជិត។
ខណៈពេលដែលលោកម៉ាំង និងលោកហារ៉ូលកំពុងតែមានអារម្មណ៍តក់ស្លុត លោកម៉ាំងក៏បានប្រាប់លោកហារ៉ូលថា “ខ្ញុំគិតថា យើងកំពុងតែគិតខុស ចំពោះបញ្ហានេះហើយ។ គូទឡាននេះមានជញ្ជាំងជុំជិត … វាមិនបានឃុំឃាំងយើងទេ … តែកំពុងតែការពារយើងទេតើ។ វាការពារមិនឲ្យមេរោគ សត្វពស់ និងអ្វីៗដែលគួរឲ្យខ្លាចចូលមករកយើងបាន”។ លោកហារ៉ូលក៏បានបើកភ្នែកធំៗ ដោយយល់អំពីអ្វីដែលគាត់និយាយ ហើយក៏បាននិយាយខ្សឹបៗ ដោយការភ្ញាក់ផ្អើលថា “តាមពិត គូទឡាននេះ ជាមិត្តភក្តិរបស់យើងទេតើ”។
ក្នុងបទគម្ពីរទំនុកដំកើង ជំពូក៦៣ ស្តេចដាវីឌហាក់ដូចជាកំពុងតែមានរឿងស្រដៀងនេះផងដែរ។ ទោះទ្រង់កំពុងស្ថិតក្នុង “ទឹកដីដែលរីងស្ងួត ហើយហួតហែង” ក៏ដោយ ទ្រង់បាននឹកចាំ អំពីអំណាចចេស្តា សិរីល្អ និងសេចក្តីស្រឡាញ់របស់ព្រះ(ខ.១-៣) គឺហាក់ដូចជាវាលរហោស្ថានបានប្រែក្លាយជាកន្លែងដែលព្រះទ្រង់ថែរក្សា និងការពារ។ ស្តេចដាវីឌក៏បានដឹងថា ពេលណាទ្រង់តោងព្រះជាប់ សូម្បីតែនៅក្នុងកន្លែងស្ងួតហែង ក៏ទ្រង់នៅតែអាចសោយអាហារយ៉ាងបរិបូរ(ខ.៥) ដោយរកបានជីវជាតិ និងកម្លាំង ក្នុងសេចក្តីស្រឡាញ់ ដែលវិសេសជាងជីវិត(ខ.៣) គឺដូចជាកូនបក្សីជ្រកនៅក្រោមស្លាបរបស់មេវាដូច្នោះដែរ។—Monica La Rose