មានពេលមួយ អេលែន(Ellen) បានបើកប្រអប់សំបុត្ររបស់នាង ហើយក៏បានឃើញស្រោមសំបុត្រដែលមានរាងប៉ោង ដែលមានអាស័យដ្ឋានរបស់មិត្តភក្តិរបស់នាង។ កាលពីរបីថ្ងៃមុន នាងបានចែកចាយអំពីបញ្ហាក្នុងទំនាក់ទំនង ដល់មិត្តភក្តិនោះ។ នាងចង់ដឹងថា ក្នុងប្រអប់សំបុត្រនោះមានអ្វី ដូចនេះនាងក៏បានបើកស្រោមសំបុត្រនោះមើល ឃើញខ្សែកអង្កាំមានពណ៌ចម្រុះមួយខ្សែ។ មានកាតមួយសន្លឹកជាប់នឹងខ្សែកនោះ ដែលមានអក្សរសរសេរពីលើថា “ចូរស្វែងរកផ្លូវរបស់ព្រះ”។ អេលែនក៏យកខ្សែកនោះមកពាក់ ដោយទឹកមុខញញឹម។
កណ្ឌគម្ពីរសុភាសិតជាការប្រមូលផ្តុំនៃពាក្យពេចន៍នៃប្រាជ្ញា ដែលភាគច្រើនត្រូវបាននិពន្ធ ដោយស្តេចសាឡូម៉ូន ដែលគេបានទទួលស្គាល់ថា ជាមនុស្សដែលមានប្រាជ្ញាបំផុត ក្នុងសម័យរបស់ទ្រង់(១ពង្សាវតាក្សត្រ ១០:២៣)។ ជំពូកទាំង៣១របស់កណ្ឌគម្ពីរនេះ បានអំពាវនាវដល់អ្នកអាន ឲ្យស្តាប់ពាក្យនៃប្រាជ្ញា ហើយជៀសចេញពីភាពល្ងង់ខ្លៅ គឺដូចដែលបទគម្ពីរសុភាសិត ១:៧ បានចែងថា “សេចក្តីកោតខ្លាចដល់ព្រះយេហូវ៉ា នោះជាដើមចមនៃដំរិះ”។ ប្រាជ្ញា ឬតម្រិះ គឺជាការដឹងថា ត្រូវធ្វើអ្វី នៅពេលណា ដែលបានមកពីការថ្វាយព្រះកិត្តិនាមដល់ព្រះ ដោយស្វែងរកផ្លូវរបស់ទ្រង់។ នៅខបន្ទាប់ ដែលជាសេចក្តីផ្តើម មានសេចក្តីចែងថា “នែ កូនអើយ ចូរស្តាប់ពាក្យប្រៀនប្រដៅរបស់ឪពុកចុះ កុំឲ្យកូនបោះបង់ចោលសេចក្តីដំបូន្មានរបស់ម្តាយឯងឡើយ។ ដ្បិតសេចក្តីនោះនឹងបានជាគុណពាក់លើក្បាលឯង ទុកជាគ្រឿងលំអ ហើយជាខ្សែប្រដាប់ពាក់នៅកឯង”(ខ.៨-៩)។
មិត្តភក្តិរបស់អេលែនបាននាំនាង ឲ្យងាកទៅរកប្រភពនៃប្រាជ្ញាដែលនាងត្រូវការ គឺត្រូវស្វែងរកផ្លូវរបស់ព្រះ។ អំណោយនោះបាននាំអេលែនឲ្យផ្តោតចិត្តទៅលើកន្លែងដែលនាងអាចរកឃើញជំនួយ ដែលនាងត្រូវការ។
ពេលណាយើងថ្វាយព្រះកិត្តិនាមដល់ព្រះ ហើយស្វែងរកផ្លូវព្រះអង្គ យើងនឹងទទួលបាននូវប្រាជ្ញា ដែលយើងត្រូវការ ដើម្បីប្រឈមមុខដាក់បញ្ហានីមួយៗក្នុងជីវិត។—Elisa Morgan