មាន​ពេល​មួយ អេលែន(Ellen) បាន​បើក​ប្រអប់​សំបុត្រ​របស់​នាង ហើយ​ក៏​បាន​ឃើញ​ស្រោម​សំបុត្រ​ដែល​មាន​រាង​ប៉ោង ដែល​មាន​អាស័យ​ដ្ឋាន​របស់​មិត្ត​ភក្តិ​របស់​នាង។ កាល​ពីរ​បី​ថ្ងៃ​មុន នាង​បាន​ចែក​ចាយ​អំពី​បញ្ហា​ក្នុង​ទំនាក់​ទំនង ដល់​មិត្ត​ភក្តិ​នោះ។ នាង​ចង់​ដឹង​ថា ក្នុង​ប្រអប់​សំបុត្រ​នោះ​មាន​អ្វី ដូច​នេះ​នាង​ក៏​បាន​បើក​ស្រោម​សំបុត្រ​នោះ​មើល ឃើញ​ខ្សែក​អង្កាំ​មាន​ពណ៌​ចម្រុះ​មួយ​ខ្សែ។ មាន​កាត​មួយ​សន្លឹក​ជាប់​នឹង​ខ្សែ​ក​នោះ​ ដែល​មាន​អក្សរ​សរសេរ​ពី​លើ​ថា “ចូរ​ស្វែង​រក​ផ្លូវ​របស់​ព្រះ”។ អេលែន​ក៏​យក​ខ្សែក​នោះ​មក​ពាក់ ដោយ​ទឹក​មុខ​ញញឹម។

កណ្ឌ​គម្ពីរ​សុភាសិត​ជា​ការ​ប្រមូល​ផ្តុំ​នៃ​ពាក្យ​ពេចន៍​នៃ​ប្រាជ្ញា ដែល​ភាគ​ច្រើន​ត្រូវ​បាន​និពន្ធ ដោយ​ស្តេច​សាឡូម៉ូន ដែល​គេ​បាន​ទទួល​ស្គាល់​ថា ជា​មនុស្ស​ដែល​មាន​ប្រាជ្ញា​បំផុត ក្នុង​សម័យ​របស់​ទ្រង់​(១ពង្សាវតាក្សត្រ ១០:២៣)។ ជំពូក​ទាំង​៣១​របស់​កណ្ឌ​គម្ពីរ​នេះ បាន​អំពាវ​នាវ​ដល់​​អ្នក​អាន ឲ្យ​ស្តាប់​ពាក្យ​នៃ​ប្រាជ្ញា ហើយ​ជៀស​ចេញ​ពី​ភាព​ល្ងង់​ខ្លៅ គឺ​ដូច​ដែល​បទ​គម្ពីរ​សុភាសិត ១:៧ បាន​ចែង​ថា “សេចក្តី​កោត​ខ្លាច​ដល់​ព្រះយេហូវ៉ា នោះ​ជា​ដើម​ចម​នៃ​ដំរិះ”។  ប្រាជ្ញា ឬ​តម្រិះ​ គឺ​ជា​ការ​ដឹង​ថា ត្រូវ​ធ្វើ​អ្វី នៅ​ពេល​ណា ដែល​បាន​មក​ពី​ការ​ថ្វាយ​ព្រះ​កិត្តិ​នាម​ដល់​ព្រះ ដោយ​ស្វែង​រក​ផ្លូវ​របស់​ទ្រង់។ នៅ​ខ​បន្ទាប់ ដែល​ជា​សេចក្តី​ផ្តើម មាន​សេចក្តី​ចែង​ថា “នែ កូន​អើយ ចូរ​ស្តាប់​ពាក្យ​ប្រៀន​ប្រដៅ​របស់​ឪពុក​ចុះ កុំ​ឲ្យ​កូន​បោះបង់​ចោល​សេចក្តី​ដំបូន្មាន​របស់​ម្តាយ​ឯង​ឡើយ។ ដ្បិត​សេចក្តី​នោះ​នឹង​បាន​ជា​គុណ​ពាក់​លើ​ក្បាល​ឯង ទុក​ជា​គ្រឿង​លំអ ហើយ​ជា​ខ្សែ​ប្រដាប់​ពាក់​នៅ​ក​ឯង”(ខ.៨-៩)។

មិត្ត​ភក្តិ​របស់​អេលែន​បាន​នាំ​នាង ឲ្យ​ងាក​ទៅ​រក​ប្រភព​នៃ​ប្រាជ្ញា​ដែល​នាង​ត្រូវ​ការ គឺ​ត្រូវ​ស្វែង​រក​ផ្លូវ​របស់​ព្រះ។ អំណោយ​នោះ​បាន​នាំ​អេលែន​ឲ្យ​ផ្តោត​ចិត្ត​ទៅ​លើ​កន្លែង​ដែល​នាង​អាច​រក​ឃើញ​ជំនួយ ដែល​នាង​ត្រូវ​ការ។​

ពេល​ណា​យើង​ថ្វាយ​ព្រះ​កិត្តិនាម​ដល់​ព្រះ​ ហើយ​ស្វែង​រក​ផ្លូវ​ព្រះ​អង្គ យើង​នឹង​ទទួល​បាន​នូវ​ប្រាជ្ញា ដែល​យើង​ត្រូវ​ការ ដើម្បី​ប្រឈម​មុខ​ដាក់​បញ្ហា​នីមួយ​ៗ​ក្នុង​ជីវិត។—Elisa Morgan