យានរុករក នៅលើភពព្រះអង្គារ ដែលមានឈ្មោះថា ឱកាស បានទំនាក់ទំនងជាមួយអ្នកវិទ្យាសាស្រ្ត នៅមន្ទីរពិសោធន៍ នៃអង្គការណាសាអស់រយៈពេល១៤ឆ្នាំ។ បន្ទាប់ពីវាបានចុះចតនៅលើភពព្រះអង្គារ ក្នុងឆ្នាំ ២០០៤ វាបានធ្វើដំណើរបាន៤៥គីឡូម៉ែត្រ នៅលើផ្ទៃខាងលើនៃភពអង្គារ ដោយថតរូបរាប់ពាន់សន្លឹក ហើយបានធ្វើការវិភាគមកលើវត្ថុធាតុជាច្រើន នៅទីនោះ។ ប៉ុន្តែ នៅឆ្នាំ២០១៨ ទំនាក់ទំនងរវាងយានរុករកនេះ និងអ្នកវិទ្យាសាស្រ្តត្រូវបានកាត់ផ្តាច់ ដោយសារខ្យល់ព្យុះដីខ្សាច់ដ៏ធំមួយបានធ្វើឲ្យដីប្រឡាក់បន្ទះសូឡារបស់វា ជាហេតុបណ្តាលឲ្យវាអស់ថាមពល។
ពេលដែលខ្ញុំបានអានអំពីរឿងនេះ ខ្ញុំក៏បានចោទជាសំណួរថា តើយើងបានអនុញ្ញាតឲ្យមានអ្វីមករាំងខ្ទប់ទំនាក់ទំនងជាមួយព្រះ ដែលគង់នៅស្ថានសួគ៌ឬទេ? ពេលណាយើងអធិស្ឋាន ឬទំនាក់ទំនងជាមួយព្រះ មានកត្តាមួយចំនួន ដែលអាចរារាំងយើង។
ព្រះគម្ពីរបានចែងថា អំពើបាបអាចរារាំងទំនាក់ទំនងដែលយើងមានជាមួយព្រះ។ បទគម្ពីរទំនុកដំកើង ៦៦:១៨ បានចែងថា “បើសិនជាខ្ញុំឃើញមានសេចក្តីទុច្ចរិតនៅក្នុងចិត្ត នោះព្រះអម្ចាស់ទ្រង់មិនព្រមស្តាប់ខ្ញុំទេ”។ ព្រះយេស៊ូវបានបង្រៀនយើងថា “ហើយកាលណាអ្នកឈរអធិស្ឋាន បើអ្នកមានហេតុអ្វីនឹងអ្នកណា នោះត្រូវអត់ទោសឲ្យគេសិន ដើម្បីឲ្យព្រះវរបិតានៃអ្នករាល់គ្នា ដែលគង់នៅស្ថានសួគ៌ បានអត់ទោសគ្រប់ទាំងសេចក្តីកំហុសរបស់អ្នករាល់គ្នាដែរ”(ម៉ាកុស ១១:២៥)។ ទំនាក់ទំនងដែលយើងមានជាមួយព្រះ ក៏អាចបង្អាក់ ដោយសារការសង្ស័យ និងបញ្ហាក្នុងទំនាក់ទំនងផងដែរ(យ៉ាកុប ១:៥,៧ ១ពេត្រុស ៣:៧)។
ការទំនាក់ទំនងដែលយានរុករកនៅភពព្រះអង្គារ ហាក់ដូចជាត្រូវបានកាត់ផ្តាច់ជារៀងរហូត។ ប៉ុន្តែ ការអធិស្ឋានរបស់យើង មិនត្រូវមានការកាត់ផ្តាច់ដូចនេះឡើយ។ តាមរយៈកិច្ចការនៃព្រះវិញ្ញាណ នោះព្រះទ្រង់នាំយើងផ្សះផ្សាទំនាក់ទំងជាមួយព្រះអង្គដោយក្តីស្រឡាញ់។
ពេលណាយើងសារភាពអំពើបាប ហើយងាកបែរមករកព្រះអង្គ នោះដោយព្រះគុណព្រះ យើងអាចពិសោធន៍នឹងការទំនាក់ទំនងដ៏អស្ចារ្យបំផុត ក្នុងចក្រវាល គឺការអធិស្ឋានដែលជាទំនាក់ទំនង រវាងយើងនិងព្រះដ៏បរិសុទ្ធនៃយើង។—Dave Branon