ពេលដែលលោកខន័រ(Conner) និងអ្នកស្រីសារ៉ា ស្ម៊ីត(Sarah Smith) បានផ្លាស់ទៅរស់នៅ កន្លែងផ្សេង នៅចម្ងាយ៧គីឡូម៉ែត្រ ពីកន្លែងចាស់ សត្វឆ្មារបស់ពួកគេ ឈ្មោះ ស្ម័រ(S’mores) បានបង្ហាញការមិនពេញចិត្ត ដោយរត់ចេញពីផ្ទះ។ ថ្ងៃមួយ អ្នកស្រីសារ៉ាក៏បានឃើញរូបថតផ្ទះចាស់របស់គាត់ នៅកសិដ្ឋាន នៅលើបណ្តាញសង្គម ដែលគេទើបតែថតថ្មីៗ។ គាត់ក៏បានឃើញសត្វឆ្មាគាត់ ក្នុងរូបនោះ។
គ្រួសារមួយនេះក៏បានទៅយកវាមកវិញ ដោយចិត្តរីករាយ។ តែវានៅតែរត់គេចទៀត។ តើវារត់ទៅណាទៀត? លើកនេះ គ្រួសារដែលបានទិញផ្ទះចាស់របស់ពួកគេបានយល់ព្រមចិញ្ចឹមវាផងដែរ។ គ្រួសារមួយនេះ មិនអាចធ្វើឲ្យវា ឈប់វិលត្រឡប់មកផ្ទះចាស់វិញបានឡើយ។
លោកនេហេមាមានមុខនាទីធំមួយ នៅក្នុងរាជវាំងរបស់ស្តេច ប៉ុន្តែ ចិត្តរបស់គាត់មិននៅក្នុងរាជវាំងនោះទេ។ គាត់ទើបតែបានទទួលដំណឹងដ៏ក្រៀមក្រំ អំពីស្ថានភាពដ៏ដុនដាប នៃទីក្រុងដែលគេបានបញ្ចុះសពរបស់បុព្វបុរសគាត់(នេហេមា ២:៣)។ ដូចនេះ គាត់ក៏បានអធិស្ឋានថា “សូមទ្រង់នឹកចាំពីព្រះបន្ទូល ដែលទ្រង់បានបង្គាប់ដល់លោកម៉ូសេ ជាអ្នកបំរើទ្រង់ថា បើឯងរាល់គ្នាប្រព្រឹត្តរំលង នោះអញនឹងកំចាត់កំចាយឯង ឲ្យទៅនៅក្នុងអស់ទាំងសាសន៍ តែបើឯងរាល់គ្នាវិលមកឯអញ ព្រមទាំងរក្សា ហើយប្រព្រឹត្តតាមអស់ទាំងក្រឹត្យក្រមរបស់អញវិញ នោះទោះបើពួកនិរទេសរបស់ឯងបានត្រូវខ្ចាត់ខ្ចាយ ទៅនៅដល់ជើងមេឃបំផុតក៏ដោយ គង់តែអញនឹងប្រមូលគេពីនោះ នាំមកឯកន្លែង ដែលអញបានរើស សំរាប់ឲ្យឈ្មោះអញសណ្ឋិតនៅវិញ”(១:៨-៩)។
គេថា ផ្ទះយើងនៅទីណា នោះចិត្តរបស់យើងនៅទីនោះដែរ។ ក្នុងករណីរបស់លោកនេហេមា ការចង់វិលត្រឡប់ទៅផ្ទះវិញ មិនគ្រាន់តែដោយសារចិត្តគាត់បានចងភ្ជាប់នឹងទឹកដីកំណើតប៉ុណ្ណោះទេ។ អ្វីដែលគាត់ចង់បានបំផុតនោះ គឺការប្រកបស្និទ្ធស្នាលជាមួយព្រះ។ ទីក្រុងយេរូសាឡិមជាកន្លែង ដែលព្រះអង្គបានជ្រើសរើស សម្រាប់តំាងព្រះនាមព្រះអង្គ។
តាមពិត ភាពមិនស្កប់ស្កល់ ដែលមានក្នុងជម្រៅចិត្តយើង គឺដោយសារតែយើងខ្វះព្រះ។ យើងកំពុងតែស្រេកឃ្លាន ចង់ទៅប្រកបស្និទ្ធស្នាលជាមួយព្រះអង្គ។—Tim Gustafson