ពេល​ដែល​លោក​ខន័រ(Conner) និង​អ្នក​ស្រី​សារ៉ា ស្ម៊ីត(Sarah Smith) បាន​ផ្លាស់​ទៅ​រស់​នៅ កន្លែង​ផ្សេង​ នៅ​ចម្ងាយ​៧​គីឡូ​ម៉ែត្រ ពី​កន្លែង​ចាស់ សត្វ​ឆ្មា​របស់​ពួក​គេ ឈ្មោះ ស្ម័រ(S’mores) បាន​បង្ហាញ​ការ​មិន​ពេញ​ចិត្ត ដោយ​រត់​ចេញ​ពី​ផ្ទះ។ ថ្ងៃ​មួយ អ្នក​ស្រី​សារ៉ា​ក៏​បាន​ឃើញ​រូប​ថត​ផ្ទះ​ចាស់​របស់​គាត់ នៅ​កសិដ្ឋាន នៅ​លើ​បណ្តាញ​សង្គម ដែល​គេ​ទើប​តែ​ថត​ថ្មី​ៗ។ គាត់​ក៏​បាន​ឃើញ​សត្វ​ឆ្មា​គាត់ ក្នុង​រូប​នោះ។​

គ្រួសារ​មួយ​នេះ​ក៏​បាន​ទៅ​យក​វា​មក​វិញ ដោយ​ចិត្ត​រីក​រាយ។ តែ​វា​នៅ​តែ​រត់​គេច​ទៀត។ តើ​វា​រត់​ទៅ​ណា​ទៀត? លើក​នេះ គ្រួសារ​ដែល​បាន​ទិញ​ផ្ទះ​ចាស់​របស់​ពួក​គេ​បាន​យល់​ព្រម​ចិញ្ចឹម​វា​ផង​ដែរ។ គ្រួសារ​មួយ​នេះ មិន​អាច​ធ្វើ​ឲ្យ​វា ឈប់​វិល​ត្រឡប់​មក​ផ្ទះ​ចាស់​វិញ​បាន​ឡើយ។​

លោក​នេហេមា​មាន​មុខ​នាទី​ធំ​មួយ នៅ​ក្នុង​រាជ​វាំង​របស់​ស្តេច ប៉ុន្តែ ចិត្ត​របស់​គាត់​មិន​នៅ​ក្នុង​រាជ​វាំង​នោះ​ទេ។ គាត់​ទើប​តែ​បាន​ទទួល​ដំណឹង​ដ៏​ក្រៀម​ក្រំ អំពី​ស្ថានភាព​ដ៏​ដុន​ដាប នៃ​ទីក្រុង​ដែល​គេ​បាន​បញ្ចុះ​សព​របស់​បុព្វ​បុរស​គាត់​(នេហេមា ២:៣)។ ដូច​នេះ គាត់​ក៏​បាន​អធិស្ឋាន​ថា “សូម​ទ្រង់​នឹក​ចាំ​ពី​ព្រះបន្ទូល ដែល​ទ្រង់​បាន​បង្គាប់​ដល់​លោក​ម៉ូសេ ជា​អ្នក​បំរើ​ទ្រង់​ថា បើ​ឯង​រាល់​គ្នា​ប្រព្រឹត្ត​រំលង នោះ​អញ​នឹង​កំចាត់កំចាយ​ឯង ឲ្យ​ទៅ​នៅ​ក្នុង​អស់​ទាំង​សាសន៍ តែ​បើ​ឯង​រាល់​គ្នា​វិល​មក​ឯ​អញ ព្រម​ទាំង​រក្សា ហើយ​ប្រព្រឹត្ត​តាម​អស់​ទាំង​ក្រឹត្យក្រម​របស់​អញ​វិញ នោះ​ទោះ​បើ​ពួក​និរទេស​របស់​ឯង​បាន​ត្រូវ​ខ្ចាត់ខ្ចាយ ទៅ​នៅ​ដល់​ជើង​មេឃ​បំផុត​ក៏​ដោយ គង់​តែ​អញ​នឹង​ប្រមូល​គេ​ពី​នោះ នាំ​មក​ឯ​កន្លែង ដែល​អញ​បាន​រើស សំរាប់​ឲ្យ​ឈ្មោះ​អញ​សណ្ឋិត​នៅ​វិញ”​(១:៨-៩)។

គេ​ថា ផ្ទះ​យើង​នៅ​ទីណា នោះ​ចិត្ត​របស់​យើង​នៅ​ទីនោះ​ដែរ។​ ក្នុង​ករណី​របស់​លោក​នេហេមា ការ​ចង់​វិល​ត្រឡប់​ទៅ​ផ្ទះ​វិញ មិន​គ្រាន់​តែ​ដោយ​សារ​ចិត្ត​គាត់​បាន​ចង​ភ្ជាប់​នឹង​ទឹក​ដី​កំណើត​ប៉ុណ្ណោះ​ទេ។ អ្វី​ដែល​គាត់​ចង់​បាន​បំផុត​នោះ គឺ​ការ​ប្រកប​ស្និទ្ធ​ស្នាល​ជា​មួយ​ព្រះ។  ទីក្រុង​យេរូសាឡិម​ជា​កន្លែង ដែល​ព្រះ​អង្គ​បាន​ជ្រើស​រើស សម្រាប់​តំាង​ព្រះ​នាម​ព្រះ​អង្គ។

តាម​ពិត ភាព​មិន​ស្កប់​ស្កល់ ដែល​មាន​ក្នុង​ជម្រៅ​ចិត្ត​យើង គឺ​ដោយសារ​តែ​យើង​ខ្វះ​ព្រះ។ យើង​កំពុង​តែ​ស្រេក​ឃ្លាន ចង់​ទៅ​ប្រកប​ស្និទ្ធ​ស្នាល​ជា​មួយ​ព្រះ​អង្គ។​—Tim Gustafson