ថ្ងៃមួយ ខ្ញុំឃើញគេដាក់តាំងរូបតុក្កតាសត្វឥន្ទ្រីធំមួយក្បាល ដែលគេបានផ្លុំខ្យល់ចូលឲ្យប៉ោង នៅក្នុងទីធ្លាមុខផ្ទះ។ នៅលើតុក្កតានោះមានពណ៌សម្បុរដូចទង់ជាតិរបស់សហរដ្ឋអាមេរិក។ មានឡានធំមួយកំពុងតែចតនៅលើផ្លូវចូលផ្ទះគាត់។ បង្អួចទាំងសង្ខាងរបស់ឡានមានរូបទង់ជាតិ ហើយកាងខាងក្រោយមានបិទស្ទីគ័រដែលបង្ហាញពីការស្នេហាជាតិ។ ប៉ុន្តែ ផ្ទះអ្នកជិតខាងដែលនៅទល់មុខផ្ទះគាត់ បានដាក់ផ្លាកដែលមានសរសេរពាក្យស្លោក ស្តីអំពីបញ្ហាអយុត្តិធម៌ក្នុងសង្គម ដែលគេបានផ្សព្វផ្សាយក្នុងសារព័ត៌មាន កាលពីពេលថ្មីៗនេះ។
យើងប្រហែលជាឆ្ងល់ថា តើម្ចាស់ផ្ទះទាំងពីរនេះ កំពុងតែមានជម្លោះជាមួយគ្នា ឬជាមិត្តភក្តិនឹងគ្នា? តើគ្រួសារទាំងពីរអាចជាអ្នកជឿព្រះយេស៊ូវទេ? ព្រះទ្រង់បានត្រាស់ហៅយើង ឲ្យអនុវត្តតាមបទគម្ពីរ យ៉ាកុប ១:១៩ ដែលបានចែងថា “បងប្អូនស្ងួនភ្ងាអើយ ចូរឲ្យគ្រប់គ្នាបានឆាប់នឹងស្តាប់ ក្រនឹងនិយាយ ហើយយឺតនឹងខឹងដែរ”។ មានពេលញឹកញាប់ពេកហើយ ដែលយើងមានការរឹងចចេស មិនព្រមបោះបង់ចោលគំនិតរបស់យើង ហើយមិនព្រមយកគំនិតរបស់អ្នកដទៃមកពិចារណា។ សៀវភៅអត្ថាធិប្បាយរបស់លោកហេនរី មេធ្យូ(Matthew Henry) បានពន្យល់ថា យើងគួរតែឆាប់ស្តាប់គេនិយាយហេតុផល និងការពិត ហើយយឺតនឹងនិយាយ … ហើយ ពេលណាយើងនិយាយ យើងមិនត្រូវនិយាយទាំងកំហឹងឡើយ។
ដើម្បីរៀនសូត្រ យើងចាំបាច់ត្រូវស្តាប់គេ។ យើងអាចអនុវត្តតាមព្រះបន្ទូលព្រះ ក្នុងកណ្ឌគម្ពីរយ៉ាកុបបាន ទាល់តែយើងបានពេញដោយព្រះវិញ្ញាណបរិសុទ្ធ ហើយគោរពអ្នកដទៃ ដោយស្ម័គ្រពីចិត្ត។ ព្រះអង្គសព្វព្រះទ័យនឹងជួយយើង ឲ្យមានការផ្លាស់ប្តូរក្នុងចិត្ត និងអត្តចរិតរបស់យើង។ តើយើងបើកចិត្តចំហ ដើម្បីស្តាប់ និងរៀនសូត្រឬទេ?—Anne Cetas