បទចម្រៀងដែលមានចំណងជើងថា “ចាប់តំាងពីពេលនេះទៅ” ស្ថិតក្នុងចំណោមបទចម្រៀងដែលធ្វើឲ្យប៉ះពាល់ចិត្តបំផុត ក្នុងខ្សែភាពយន្តបែបបទចម្រៀង មានចំណងជើងថា មនុស្សព្រឹលដ៏អស្ចារ្យបំផុត ។ បទចម្រៀងនេះរៀបរាប់អំពីតួឯក ក្នុងរឿងនេះ ដែលមានការភ្ញាក់រឭក បន្ទាប់ពីបានធ្វើឲ្យក្រុមគ្រួសារ និងមិត្តភក្តិគាត់មានរបួសផ្លូវចិត្ត។ បទចម្រៀងនេះបានបង្ហាញនូវក្តីអំណរ នៃការវិលត្រឡប់មកផ្ទះវិញ ហើយរកឃើញថា អ្វីដែលយើងមានស្រាប់ គឺលើសពីតម្រូវការរបស់យើង។
បទគម្ពីរហូសេបានបញ្ចប់ ដោយការពិពណ៌នាស្រដៀងនេះផងដែរ គឺនិយាយអំពីក្តីអំណរ និងការដឹងគុណ ចំពោះការស្អាងឡើងវិញ ដែលព្រះទ្រង់មានសម្រាប់អ្នកដែលវិលត្រឡប់មករកព្រះអង្គវិញ។ សៀវភៅនេះភាគច្រើន ប្រៀបធៀបទំនាក់ទំនងរវាងព្រះ និងរាស្រ្តទ្រង់ ទៅនឹងទំនាក់ទំនងរវាងប្តីប្រពន្ធដែលផិតក្បត់ ពោលគឺបានឆ្លុះបញ្ចាំង អំពីការដែលជនជាតិអ៊ីស្រាអែលមិនបានស្រឡាញ់ព្រះអង្គ និងរស់នៅថ្វាយព្រះអង្គ។
ប៉ុន្តែ ក្នុងជំពូក ១៤ លោកហូសេបានលើកឡើង អំពីព្រះបន្ទូលសន្យា អំពីសេចក្តីស្រឡាញ់ ព្រះគុណ និងការស្អាងឡើងវិញ ដែលគ្មានព្រំដែន ដែលមានសម្រាប់អ្នកដែលងាកបែរមករកព្រះអង្គវិញ ដោយចិត្តសោកស្តាយ ចំពោះការដែលពួកគេបានបោះបង់ចោលព្រះអង្គ(ខ.១-៣)។ ព្រះអង្គបានសន្យាថា “អញនឹងកែការរាថយរបស់គេឲ្យជា ហើយអញនឹងស្រឡាញ់គេស្ម័គ្រពីចិត្ត”(ខ.៤)។ ហើយអ្វីៗដែលបាក់បែក ហាក់ដូចជាមិនអាចជួសជុលបាន នឹងរកឃើញភាពពេញលេញ និងភាពពេញបរិបូរ ដ្បិតព្រះគុណព្រះ គឺប្រៀបដូចជាទឹកសន្សើម ដែលធ្វើឲ្យរាស្រ្តទ្រង់ រីកដូចផ្កា ហើយលូតលាស់ឡើងថ្មី(ខ.៥-៧)។
ពេលណាយើងធ្វើឲ្យអ្នកដទៃឈឺចាប់ ឬយើងបានចិត្ត ដោយសារព្រះទ្រង់ល្អចំពោះយើង នោះយើងងាយនឹងសន្និដ្ឋានថា យើងបានធ្វើឲ្យខូចអំណោយ ដែលព្រះទ្រង់បានប្រទានមកយើងហើយ។ តែពេលណាយើងងាកមករកព្រះអង្គវិញ ដោយការបន្ទាបខ្លួន នោះយើងនឹងបានដឹងថា សេចក្តីស្រឡាញ់របស់ព្រះអង្គតែងតែឈោងមករកយើង ដើម្បីឱប និងស្អាងយើងឡើងវិញ។—Monica La Rose