បទ​ចម្រៀង​ដែល​មាន​ចំណង​ជើង​ថា “ចាប់​តំាង​ពី​ពេល​នេះ​ទៅ” ស្ថិត​ក្នុង​ចំណោម​បទ​ចម្រៀង​ដែល​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ចិត្ត​បំផុត ក្នុង​ខ្សែ​ភាព​យន្ត​បែប​បទ​ចម្រៀង មាន​ចំណង​ជើង​ថា មនុស្ស​ព្រឹល​ដ៏​អស្ចារ្យ​បំផុត ។ បទ​ចម្រៀង​នេះ​រៀប​រាប់​អំពី​តួឯក ក្នុង​រឿង​នេះ ដែល​មាន​ការ​ភ្ញាក់​រឭក បន្ទាប់​ពី​បាន​ធ្វើ​ឲ្យ​ក្រុម​គ្រួសារ​ និង​មិត្ត​ភក្តិ​គាត់​មាន​របួស​ផ្លូវ​ចិត្ត។ បទ​ចម្រៀង​នេះ​បាន​បង្ហាញ​នូវ​ក្តី​អំណរ នៃ​ការ​វិល​ត្រឡប់​មក​ផ្ទះ​វិញ ហើយ​រក​ឃើញ​ថា អ្វី​ដែល​យើង​មាន​ស្រាប់ គឺ​លើស​ពី​តម្រូវ​ការ​របស់​យើង។

បទ​គម្ពីរ​ហូសេ​បាន​បញ្ចប់ ដោយ​ការ​ពិពណ៌នា​ស្រដៀង​នេះ​ផង​ដែរ គឺ​និយាយ​អំពី​ក្តី​អំណរ និង​ការ​ដឹង​គុណ ចំពោះ​ការ​ស្អាង​ឡើង​វិញ ដែល​ព្រះ​ទ្រង់​មាន​សម្រាប់​អ្នក​ដែល​វិល​ត្រឡប់​មក​រក​ព្រះ​អង្គ​វិញ។ សៀវភៅ​នេះ​ភាគ​ច្រើន ប្រៀប​ធៀប​ទំនាក់​ទំនង​រវាង​ព្រះ និង​រាស្រ្ត​ទ្រង់ ទៅ​នឹង​ទំនាក់​ទំនង​រវាង​ប្តី​ប្រពន្ធ​ដែល​ផិត​ក្បត់ ពោល​គឺ​បាន​ឆ្លុះ​បញ្ចាំង អំពី​ការ​ដែល​ជន​ជាតិ​អ៊ីស្រាអែល​មិន​បាន​ស្រឡាញ់​ព្រះ​អង្គ និង​រស់​នៅ​ថ្វាយ​ព្រះ​អង្គ។​

ប៉ុន្តែ ក្នុង​ជំពូក ១៤ លោក​ហូសេ​បាន​លើក​ឡើង អំពី​ព្រះ​បន្ទូល​សន្យា អំពី​សេចក្តី​ស្រឡាញ់ ព្រះ​គុណ និង​ការ​ស្អាង​ឡើង​វិញ ដែល​គ្មាន​ព្រំដែន ដែល​មាន​សម្រាប់​អ្នក​ដែល​ងាក​បែរ​មក​រក​ព្រះ​អង្គ​វិញ  ដោយ​ចិត្ត​សោក​ស្តាយ ចំពោះ​ការ​ដែល​ពួក​គេ​បាន​បោះ​បង់​ចោល​ព្រះ​អង្គ​(ខ.១-៣)។ ព្រះ​អង្គ​បាន​សន្យា​ថា​ “អញ​នឹង​កែ​ការ​រាថយ​របស់​គេ​ឲ្យ​ជា ហើយ​អញ​នឹង​ស្រឡាញ់​គេ​ស្ម័គ្រ​ពី​ចិត្ត”(ខ.៤)។ ហើយ​អ្វី​ៗ​ដែល​បាក់​បែក ហាក់​ដូច​ជា​មិន​អាច​ជួស​ជុល​បាន នឹង​រក​ឃើញ​ភាព​ពេញ​លេញ និង​ភាព​ពេញ​បរិបូរ ដ្បិត​ព្រះ​គុណ​ព្រះ គឺ​ប្រៀប​ដូច​ជា​ទឹក​សន្សើម ដែល​ធ្វើ​ឲ្យ​រាស្រ្ត​ទ្រង់ រីក​ដូច​ផ្កា ហើយ​លូត​លាស់​ឡើង​ថ្មី​(ខ.៥-៧)។

ពេល​ណា​យើង​ធ្វើ​ឲ្យ​អ្នក​ដទៃ​ឈឺ​ចាប់ ឬ​យើង​បាន​ចិត្ត ដោយសារ​ព្រះ​ទ្រង់​ល្អ​ចំពោះ​យើង នោះ​យើង​ងាយ​នឹង​សន្និដ្ឋាន​ថា យើង​បាន​ធ្វើ​ឲ្យ​ខូច​អំណោយ ដែល​ព្រះ​ទ្រង់​បាន​ប្រទាន​មក​យើង​ហើយ។ តែ​ពេល​ណា​យើង​ងាក​មក​រក​ព្រះ​អង្គ​វិញ ដោយ​ការ​បន្ទាប​ខ្លួន នោះ​យើង​នឹង​បាន​ដឹង​ថា សេចក្តី​ស្រឡាញ់​របស់​ព្រះ​អង្គ​តែង​តែ​ឈោង​មក​រក​យើង ដើម្បី​ឱប និង​ស្អាង​យើង​ឡើង​វិញ។—Monica La Rose