ពេលដែលពួកណាហ្ស៊ីបានជ្រើសរើសលោកហ្វ្រង់ យ៉ាហ្គ័រស្តាទ័រ(Franz Jägerstätter) ឲ្យចូលធ្វើទ័ព ក្នុងអំឡុងសម័យសង្រ្គាមលោកលើកទី២ គាត់ក៏បានបញ្ចប់ការហ្វឹកហាត់ទាហានថ្នាក់មូលដ្ឋាន តែគាត់បានបដិសេធន៍មិនព្រមធ្វើស្បថសច្ចានូវភាពស្មោះស្ម័គ្រចំពោះលោកអាដូហ្វ អ៊ីត្ល៊ែ(Adolf Hitler)ឡើយ។ ពួកអាជ្ញាធរបានអនុញ្ញាតឲ្យលោកហ្វ្រែងវិលត្រឡប់ទៅកសិដ្ឋានរបស់គាត់វិញ តែក្រោយមក ក៏បានកោះហៅគាត់ឲ្យបំពេញតួនាទីសកម្ម។ ទោះជាយ៉ាងណាក៏ដោយ បន្ទាប់ពីគាត់បានស្គាល់មនោគមវិជ្ជារបស់ពួកណាហ្ស៊ីកាន់តែច្បាស់ និងបានដឹងអំពីអំពើប្រល័យពូជសាសន៍មកលើជនជាតិយូដា គាត់ក៏បានសម្រេចចិត្តថា នៅតែស្មោះស្ម័គ្រចំពោះព្រះ គឺមានន័យថា គាត់នឹងមិនអាចទៅប្រយុទ្ធ ដើម្បីពួកណាហ្ស៊ីបានទេ។ គេក៏បានចាប់ខ្លួនគាត់ ហើយកាត់ទោសប្រហារជីវិត ដោយបន្សល់ទុកនូវភរិយា និងកូនស្រី៣នាក់។
ជាយូរឆ្នាំមកហើយ អ្នកជឿព្រះយេស៊ូវជាច្រើននាក់ បានប្រឆាំងយ៉ាងមុតមាំ ចំពោះការបង្ខំឲ្យឈប់ស្តាប់បង្គាប់ព្រះ ទោះពួកគេជួបការគំរាមសម្លាប់ក៏ដោយ។ នៅក្នុងរឿងរបស់លោកដានីយ៉ែល ស្តេចបានចេញបញ្ជា ដោយគំរាមថា អ្នកណាដែលអធិស្ឋានទៅរកព្រះណាមួយ ឬមនុស្សណាម្នាក់ ក្រៅពីស្តេច(ដានីយ៉ែល ៦:១២) នឹងត្រូវគេបោះចូលទៅក្នុងរូងតោមិនខាន។ តែលោកដានីយ៉ែលនៅតែស្មោះត្រង់ចំពោះព្រះ ដោយមិនព្រួយបារម្ភអំពីសុវត្ថិភាពផ្ទាល់ខ្លួន។ “លោកលុតជង្គង់ចុះអធិស្ឋាន ហើយអរព្រះគុណដល់ព្រះរបស់លោក១ថ្ងៃ៣ដង ដូចជាកាលពីមុន”(ខ.១០)។ លោកហោរារូបនេះ បានលុតជង្គង់ចុះនៅចំពោះព្រះ តែមួយអង្គទេ ទោះគាត់នឹងជួបគ្រោះថ្នាក់អ្វីក៏ដោយ។
ជួនកាល ការសម្រេចចិត្តរបស់យើងមានភាពច្បាស់លាស់។ ទោះមនុស្សនៅជុំវិញយើងបញ្ចុះបញ្ចូលយើង ឲ្យទទួលយកទស្សនៈដែលពេញនិយមក៏ដោយ ទោះកេរ្តិ៍ឈ្មោះយើង ឬជីវិតយើងអាចជួបគ្រោះថ្នាក់ក៏ដោយ ចូរយើងកុំឈប់ស្តាប់បង្គាប់ព្រះ។ ជួនកាល ទោះយើងត្រូវជួបការខាតបង់ធំយ៉ាងណាក៏ដោយ យើងត្រូវឆ្លើយតប ដោយការបដិសេធន៍ដ៏មុតមាំ។—Winn Collier