អ្នកស្រីឡរ៉ា(Lara) និង លោកដេវ(Dave) ចង់មានកូនខ្លាំងណាស់ តែគ្រូពេទ្យបានប្រាប់ថា ពួកគេមិនអាចមានកូនបានឡើយ។ អ្នកស្រីឡរ៉ាក៏បានប្រាប់មិត្តភក្តិម្នាក់ថា គាត់មានការជជែកជាមួយព្រះ ដោយស្មោះអស់ពីចិត្ត។ ប៉ុន្តែ បន្ទាប់ពី “ការជជែក” នោះហើយ គាត់ និងលោកដេវ ក៏បានទៅជួបគ្រូគង្វាលរបស់ខ្លួន។ លោកគ្រូគង្វាលក៏បានប្រាប់ពួកគេ អំពីការងារផ្នែកទទួលចិញ្ចឹមកូន ក្នុងពួកជំនុំរបស់ពួកគេ។ មួយឆ្នាំក្រោយមក ពួកគេក៏បានទទួលព្រះពរពីព្រះ ដោយបានទទួលចិញ្ចឹមទារកប្រុសម្នាក់។
បទគម្ពីរលោកុប្បត្តិ ជំពូក១៥ ក៏បានចែងអំពីការសន្ទនាដ៏ស្មោះត្រង់ រវាងលោកអាប់រ៉ាម និងព្រះ។ ព្រះទ្រង់បានប្រាប់គាត់ថា “អាប់រ៉ាមអើយ កុំឲ្យខ្លាចអ្វីឡើយ អញជាខែល ហើយជារង្វាន់ដ៏ធំក្រៃលែងរបស់ឯង”(ខ.១)។ ប៉ុន្តែ លោកអាប់រ៉ាមមិនទាន់បានដឹងច្បាស់ អំពីព្រះបន្ទូលសន្យារបស់ព្រះអង្គ អំពីពេលអនាគតរបស់គាត់នោះទេ បានជាគាត់ឆ្លើយថា “ឱព្រះយេហូវ៉ាជាព្រះអម្ចាស់អើយ តើទ្រង់នឹងប្រទានអ្វីមកទូលបង្គំ ដែលទូលបង្គំចេះតែនៅដោយឥតមានកូនដូច្នេះ?”(ខ.២)។
កាលពីមុនព្រះទ្រង់បានសន្យាលោកអាប់រ៉ាមថា “អញនឹងធ្វើឲ្យពូជឯងបានចំរើនឡើងដូចជាធូលីដី”(១៣:១៦)។ ឥឡូវនេះ លោកអាប់រ៉ាម ក៏បានរំឭកព្រះអង្គ អំពីព្រះបន្ទូលសន្យានោះ តាមលក្ខណៈគាត់ជាមនុស្ស។ តែសូមកត់សំគាល់អំពីការឆ្លើយតបរបស់ព្រះ។ ព្រះអង្គបានធានាលោកអាប់រ៉ាម ដោយប្រាប់គាត់ឲ្យមើលទៅលើមេឃ ហើយរាប់ផ្កាយ គឺព្រះអង្គចង់បញ្ជាក់ថា គាត់នឹងមានកូនចៅច្រើនរាប់មិនអស់(១៥:៥)។
ព្រះទ្រង់ល្អណាស់។ ព្រះអង្គមិនគ្រាន់តែបានអនុញ្ញាតឲ្យគាត់សន្ទនាដោយចិត្តស្មោះត្រង់ ជាមួយព្រះអង្គប៉ុណ្ណោះទេ តែថែមទាំងបានធានាដល់គាត់ យ៉ាងសុភាព! ក្រោយមក ព្រះអង្គក៏បានប្តូរឈ្មោះគាត់ទៅជាអ័ប្រាហាំវិញ(ប្រែមកថា “ឪពុកនៃមនុស្សជាច្រើន”)។ យើងក៏អាចសន្ទនាជាមួយព្រះអង្គ អស់ពីចិត្ត ដូចលោកអ័ប្រាហាំផងដែរ ហើយដឹងថា យើងអាចទុកចិត្តថា ព្រះអង្គនឹងធ្វើនូវការដ៏ល្អបំផុត សម្រាប់យើង និងអ្នកដទៃ។—James Banks