លោកតេលេម៉ាកូស(Telemachus) ជាអ្នកបម្រើព្រះ ដែលបានរស់នៅក្នុងជីវិតស្ងៀមស្ងាត់ តែការស្លាប់របស់គាត់ នៅចុងសតវត្សរ៍ទី៤ បាននាំមកនូវការផ្លាស់ប្តូរ ក្នុងពិភពលោក។ គាត់បានធ្វើដំណើរពីទិសខាងកើត មកទីក្រុងរ៉ូម ហើយក៏បានជ្រៀតជ្រែក នៅក្នុងការប្រកួតស្លាប់រស់របស់អ្នកប្រយុទ្ធ ក្នុងទីលានប្រយុទ្ធ។ គាត់បានផ្លោះរបងស្តាត ចូលទៅក្នុងទីលានប្រយុទ្ធ ដើម្បីព្យាយាមបញ្ឈប់ការកាប់សម្លាប់គ្នា របស់អ្នកប្រយុទ្ធស្លាប់រស់ទាំងនោះ។ ប៉ុន្តែ ហ្វូងមនុស្សមានការខឹងសម្បារ ហើយក៏បានចោលគាត់នឹងថ្មសម្លាប់។ ទោះជាយ៉ាងណាក៏ដោយ អធិរាជហូន័ររាស(Honorius) មានការប៉ះពាល់ចិត្ត ចំពោះសកម្មភាពរបស់លោកតេលេម៉ាកូស ហើយក៏បានចេញព្រះរាជក្រឹត្យឲ្យគេបញ្ចប់ការប្រកួតដ៏សាហាវព្រៃផ្សៃនេះ ដែលមានរយៈពេលប្រហែល៥០០ឆ្នាំមកហើយ។
ពេលដែលសាវ័កប៉ុលហៅព្រះយេស៊ូវថា “ស្ពានមេត្រីរបស់យើង” នោះគឺគាត់សំដៅទៅលើការបញ្ចប់នៃភាពជាសត្រូវរវាងជនជាតិយូដា និងសាសន៍ដទៃ(អេភេសូរ ២:១៤)។ ពួកយូដាដែលជារាស្រ្តជ្រើសតាំងរបស់ព្រះ មានលក្ខណៈពិសេសខុសពីសាសន៍ដទៃ ហើយក៏បានអរសប្បាយនឹងឯកសិទ្ធិពិសេសមួយចំនួន។ ឧទាហរណ៍ គេបានអនុញ្ញាតឲ្យសាសន៍ដទៃថ្វាយបង្គំព្រះ នៅក្នុងព្រះវិហារទីក្រុងយេរូសាឡិម ដោយមានជញ្ជាំងមួយបានញែកពួកអ៊ីស្រាអែល ដែលនៅខាងក្នុង ចេញពីសាសន៍ដទៃដែលនៅខាងក្រៅ ហើយការបំពានបំរាមនេះនឹងត្រូវទទួលទោសស្លាប់។ ពួកសាសន៍យូដាបានចាត់ទុកសាសន៍ដទៃ ថាមិនស្អាត ហើយពួកគេក៏មានការប្រឆំាងគ្នាទៅវិញទៅមក។ ប៉ុន្តែ ដោយសារការសុគត និងការមានព្រះជន្មឡើងវិញរបស់ព្រះយេស៊ូវ សម្រាប់មនុស្សទាំងអស់ នោះទាំងពួកសាសន៍យូដា និងសាសន៍ដទៃសុទ្ធតែអាចថ្វាយបង្គំព្រះដោយសេរី ដោយជំនឿលើព្រះអង្គ(ខ.១៨-២២)។ គ្មានជញ្ជាំងខ័ណ្ឌពួកគេចេញពីគ្នាទៀតឡើយ។ គ្មានក្រុមណាមានឯកសិទ្ធិជាងក្រុមផ្សេងទៀតនោះទេ។ ទាំងសាសន៍ដទៃ និងសាសន៍យូដាមានភាពស្មើគ្នា នៅចំពោះព្រះ។ លោកតេលេម៉ាកុសបាននាំមកនូវសន្តិភាពដល់អ្នកប្រយុទ្ធ តាមរយៈការស្លាប់របស់គាត់ តែព្រះយេស៊ូវបានប្រទានសន្តិភាព និងការផ្សះផ្សាដល់អស់អ្នកដែលជឿព្រះអង្គ តាមរយៈការសុគត និងការមានព្រះជន្មឡើងវិញរបស់ព្រះអង្គ។ ដូចនេះ បើព្រះយេស៊ូវជាសន្តិភាពរបស់យើង នោះចូរយើងកុំឲ្យភាពខុសគ្នាមកបែងចែកយើងនោះឡើយ។ ព្រះអង្គបានធ្វើឲ្យយើងរួបរួមមកតែមួយ ដោយព្រះលោហិតព្រះអង្គ។—Con Campbell