លោក​តេលេម៉ាកូស(Telemachus) ជា​អ្នក​បម្រើ​ព្រះ ដែល​បាន​រស់​នៅ​ក្នុង​ជីវិត​ស្ងៀម​ស្ងាត់ តែ​ការ​ស្លាប់​របស់​គាត់ នៅ​ចុង​សតវត្សរ៍​ទី​៤ បាន​នាំ​មក​នូវ​ការ​ផ្លាស់​ប្តូរ ក្នុង​ពិភព​លោក។ គាត់​បាន​ធ្វើ​ដំណើរ​ពី​ទិស​ខាង​កើត មក​ទីក្រុង​រ៉ូម ហើយ​ក៏​បាន​ជ្រៀត​ជ្រែក នៅ​ក្នុង​ការ​ប្រកួត​ស្លាប់​រស់​របស់​អ្នក​ប្រយុទ្ធ ក្នុង​ទីលាន​ប្រយុទ្ធ។ គាត់​បាន​ផ្លោះ​របង​ស្តាត ចូល​ទៅ​ក្នុង​ទីលាន​ប្រយុទ្ធ ដើម្បី​ព្យាយាម​បញ្ឈប់​ការ​កាប់​សម្លាប់​គ្នា របស់​អ្នក​ប្រយុទ្ធ​ស្លាប់​រស់​ទាំង​នោះ។ ប៉ុន្តែ ហ្វូង​មនុស្ស​មាន​ការ​ខឹង​សម្បារ​ ហើយ​ក៏​បាន​ចោល​គាត់​នឹង​ថ្ម​សម្លាប់។​ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ អធិរាជ​ហូន័ររាស(Honorius) មាន​ការ​ប៉ះ​ពាល់​ចិត្ត ចំពោះ​សកម្មភាព​របស់​លោក​តេលេម៉ាកូស ហើយ​ក៏​បាន​ចេញ​ព្រះ​រាជ​ក្រឹត្យ​ឲ្យ​គេ​បញ្ចប់​ការ​ប្រកួត​ដ៏​សាហាវ​ព្រៃ​ផ្សៃ​នេះ ដែល​មាន​រយៈ​ពេល​ប្រហែល​៥០០​ឆ្នាំ​មក​ហើយ។

ពេល​ដែល​សាវ័ក​ប៉ុល​ហៅ​ព្រះ​យេស៊ូវ​ថា “ស្ពាន​មេត្រី​របស់​យើង” នោះ​គឺ​គាត់​សំដៅ​ទៅ​លើ​ការ​បញ្ចប់​នៃ​ភាព​ជា​សត្រូវ​រវាង​ជន​ជាតិ​យូដា និង​សាសន៍​ដទៃ(អេភេសូរ ២:១៤)។ ពួក​យូដា​ដែល​ជា​រាស្រ្ត​ជ្រើស​តាំង​របស់​ព្រះ មាន​លក្ខណៈ​ពិសេស​ខុស​ពី​សាសន៍​ដទៃ ហើយ​ក៏​បាន​អរសប្បាយ​នឹង​ឯកសិទ្ធិ​ពិសេស​មួយ​ចំនួន។ ឧទាហរណ៍ គេ​បាន​អនុញ្ញាត​ឲ្យ​សាសន៍​ដទៃ​ថ្វាយ​បង្គំ​ព្រះ នៅ​ក្នុង​ព្រះវិហារ​ទីក្រុង​យេរូសាឡិម ដោយ​មាន​ជញ្ជាំង​មួយ​បាន​ញែក​ពួក​អ៊ីស្រាអែល ដែល​នៅ​ខាង​ក្នុង ចេញ​ពី​សាសន៍​ដទៃ​ដែល​នៅ​ខាង​ក្រៅ ហើយ​ការ​បំពាន​បំរាម​នេះ​នឹង​ត្រូវ​ទទួល​ទោស​ស្លាប់។ ពួក​សាសន៍​យូដា​បាន​ចាត់​ទុក​សាសន៍​ដទៃ ​ថា​មិន​ស្អាត ហើយ​ពួក​គេ​ក៏​មាន​ការ​ប្រឆំាង​គ្នា​ទៅ​វិញ​ទៅ​មក។ ប៉ុន្តែ ដោយសារ​ការ​សុគត និង​ការ​មាន​ព្រះ​ជន្ម​ឡើង​វិញ​របស់​ព្រះ​យេស៊ូវ សម្រាប់​មនុស្ស​ទាំង​អស់ នោះ​ទាំង​ពួក​សាសន៍​យូដា និង​សាសន៍​ដទៃ​សុទ្ធ​តែ​អាច​ថ្វាយ​បង្គំ​ព្រះ​ដោយ​សេរី ​ដោយ​ជំនឿ​លើ​ព្រះ​អង្គ​(ខ.១៨-២២)។ គ្មាន​ជញ្ជាំង​ខ័ណ្ឌ​ពួក​គេ​ចេញ​ពី​គ្នា​ទៀត​ឡើយ។ គ្មាន​ក្រុម​ណា​មាន​ឯកសិទ្ធិ​ជាង​ក្រុម​ផ្សេង​ទៀត​នោះ​ទេ។ ទាំង​សាសន៍​ដទៃ និង​សាសន៍​យូដា​មាន​ភាព​ស្មើ​គ្នា នៅចំពោះ​ព្រះ។ លោក​តេលេម៉ាកុស​បាន​នាំ​មក​នូវ​សន្តិភាព​ដល់​អ្នក​ប្រយុទ្ធ តាម​រយៈ​ការ​ស្លាប់​របស់​គាត់ តែ​ព្រះ​យេស៊ូវ​បាន​ប្រទាន​សន្តិភាព និង​ការ​ផ្សះផ្សា​ដល់​អស់​អ្នក​ដែល​ជឿ​ព្រះ​អង្គ តាម​រយៈ​ការ​សុគត និង​ការ​មាន​ព្រះ​ជន្ម​ឡើង​វិញ​របស់​ព្រះ​អង្គ។ ដូច​នេះ បើ​ព្រះ​យេស៊ូវ​ជា​សន្តិភាព​របស់​យើង នោះ​ចូរ​យើង​កុំ​ឲ្យ​ភាព​ខុស​គ្នា​មក​បែង​ចែក​យើង​នោះ​ឡើយ​។ ព្រះ​អង្គ​បាន​ធ្វើ​ឲ្យ​យើង​រួប​រួម​មក​តែ​មួយ ដោយ​ព្រះ​លោហិត​ព្រះ​អង្គ។—Con Campbell