ក្នុងខ្សែភាពយន្តមានចំណងជើងថា អាម៉ាឌាស លោកអាន់តូនីញ៉ូ សាលេរី(Antonio Salieri) ដែលជាអ្នកនិពន្ធទំនុកភ្លេងវ័យចំណាស់ បានលេងព្យាណូ នូវបទភ្លេងមួយចំនួនរបស់គាត់ ឲ្យសង្ឃម្នាក់ដែលជាភ្ញៀវ។ សង្ឃនោះមានការខ្មាស់អៀន ហើយក៏បានសារភាពថា គាត់មិនដឹងថា ទំនុកភ្លេងនោះជាបទអ្វីទេ។ លោកសាលេរីក៏បានសួរថា “ចុះបទនេះវិញ?” ភ្លាមៗនោះគាត់ក៏បានលេងបទដ៏ពេញនិយមមួយ។ សង្ឃនោះក៏បាននិយាយថា “ខ្ញុំមិនបានដឹងថា លោកជាអ្នកនិពន្ធបទភ្លេងនេះទេ”។ លោកសាលេរីក៏បានតបថា “ខ្ញុំមិនបាននិពន្ធបទភ្លេងនេះទេ។ លោកម៉ូហ្សាត(Mozart)គឺជាអ្នកនិពន្ធ”។ គេក៏បានរកឃើញថា ជោគជ័យរបស់លោកម៉ូហ្សាត បាននាំឲ្យលោកសាលេរីមានការច្រណែនយ៉ាងខ្លាំង ថែមទាំងនាំឲ្យគាត់ពាក់ព័ន្ធ នៅក្នុងការស្លាប់របស់លោកម៉ូហ្សាតទៀតផង។
មានបទចម្រៀងមួយទៀត ដែលនាំឲ្យមានការច្រណែនផងដែរ។ បន្ទាប់ពីដាវីឌប្រយុទ្ធឈ្នះកូលីយ៉ាត ពួកអ៊ីស្រាអែលក៏បាននាំគ្នាច្រៀងថា “សូលទ្រង់បានសំឡាប់ទាំងពាន់ ហើយដាវីឌទាំងម៉ឺន”(១សាំយ៉ូអែល ១៨:៧)។ ការប្រៀបធៀប នេះមិនបានធ្វើឲ្យស្តេចសូលសប្បាយព្រះទ័យទេ។ ទ្រង់មានការច្រណែនចំពោះជ័យជម្នះរបស់ដាវីឌ ហើយខ្លាចបាត់បង់រាជបល្ល័ង្ក(ខ.៨-៩) ដូចនេះ ទ្រង់ក៏បានចាប់ផ្តើមតាមកំចាត់ដាវីឌ អស់រយៈពេលយ៉ាងយូរ។
តាមធម្មតា យើងជួបការល្បួងឲ្យច្រណែន នឹងអ្នកដែលមានអំណោយទានស្រដៀងយើង តែមានសមត្ថភាពជាងយើង គឺមិនខុសពីលោកសាលេរី ក្នុងរឿងតន្រ្តី ឬស្តេចសូលក្នុងរឿងអំណាចនោះឡើយ។ យើងក៏អាចមានចិត្តចង់បំផ្លាញគូប្រជែងរបស់យើង ដោយស្វែងរកកំហុស ក្នុងការងាររបស់ពួកគេ ឬព្យាយាមបង្អាប់ មកលើភាពជោគជ័យរបស់ពួកគេ។
ព្រះទ្រង់បានជ្រើសតាំងស្តេចសូល ឲ្យបំពេញកិច្ចការរបស់ទ្រង់(១០:៦-៧,២៤) ជាឯកសិទ្ធិដែលគួរតែធ្វើឲ្យទ្រង់មានទំនុកចិត្តកាន់តែខ្លាំងចំពោះព្រះ ជាជាងច្រណែនគេ។ ដោយសារយើងម្នាក់ៗមានការត្រាស់ហៅខុសៗគ្នា(អេភេសូរ ២:១០) វីធីល្អបំផុតដើម្បីជម្នះការច្រណែន នោះគឺត្រូវឈប់ប្រៀបធៀបខ្លួនយើងនឹងអ្នកដទៃ។ ចូរយើងអបអរជោគជ័យរបស់អ្នកដទៃ។—Sheridan Voysey