ក្នុង​ខ្សែ​ភាព​យន្ត​មាន​ចំណង​ជើង​ថា អាម៉ាឌាស លោក​អាន់តូនីញ៉ូ សាលេរី​(Antonio Salieri) ដែល​ជា​អ្នក​និពន្ធ​ទំនុក​ភ្លេង​វ័យ​ចំណាស់ បាន​លេង​ព្យាណូ នូវ​បទ​ភ្លេង​មួយ​ចំនួន​របស់​គាត់ ឲ្យ​សង្ឃ​ម្នាក់​ដែល​ជា​ភ្ញៀវ។ សង្ឃ​នោះ​មាន​ការ​ខ្មាស់​អៀន ហើយ​ក៏​បាន​សារ​ភាព​ថា គាត់​មិន​ដឹង​ថា ទំនុក​ភ្លេង​នោះ​ជា​បទ​អ្វី​ទេ។​ លោក​សាលេរី​ក៏​បាន​សួរ​ថា “ចុះ​បទ​នេះ​វិញ?” ភ្លាម​ៗ​នោះ​គាត់​ក៏​បាន​លេង​បទ​ដ៏​ពេញ​និយម​មួយ។ សង្ឃ​នោះ​ក៏​បាន​និយាយ​ថា “ខ្ញុំ​មិន​បាន​ដឹង​ថា លោក​ជា​អ្នក​និពន្ធ​បទ​ភ្លេង​នេះ​ទេ”។ លោក​សាលេរី​ក៏​បាន​តប​ថា “ខ្ញុំ​មិន​បាន​និពន្ធ​បទ​ភ្លេង​នេះ​ទេ។ លោក​ម៉ូហ្សាត​(Mozart)គឺ​ជា​អ្នក​និពន្ធ”។ គេ​ក៏​បាន​រក​ឃើញ​ថា ជោគជ័យ​របស់​លោក​ម៉ូហ្សាត បាន​នាំ​ឲ្យ​លោក​សាលេរី​មាន​ការ​ច្រណែន​យ៉ាង​ខ្លាំង ថែម​ទាំង​នាំ​ឲ្យ​គាត់​ពាក់ព័ន្ធ នៅ​ក្នុង​ការ​ស្លាប់​របស់​លោក​ម៉ូហ្សាត​ទៀត​ផង។

មាន​បទ​ចម្រៀង​មួយ​ទៀត ដែល​នាំ​ឲ្យ​មាន​ការ​ច្រណែន​ផង​ដែរ។ បន្ទាប់​ពី​ដាវីឌ​ប្រយុទ្ធ​ឈ្នះ​កូលីយ៉ាត ពួក​អ៊ីស្រា​អែល​ក៏​បាន​នាំ​គ្នា​ច្រៀង​ថា “សូល​ទ្រង់​បាន​សំឡាប់​ទាំង​ពាន់ ហើយ​ដាវីឌ​ទាំង​ម៉ឺន”(១សាំយ៉ូអែល ១៨:៧)។ ការ​ប្រៀប​ធៀប នេះ​មិន​បាន​ធ្វើ​ឲ្យ​ស្តេច​សូល​សប្បាយ​ព្រះ​ទ័យ​ទេ។ ទ្រង់​មាន​ការ​ច្រណែន​ចំពោះ​ជ័យ​ជម្នះ​របស់​ដាវីឌ ហើយ​ខ្លាច​បាត់​បង់​រាជ​បល្ល័ង្ក​(ខ.៨-៩) ដូច​នេះ ទ្រង់​ក៏​បាន​ចាប់​ផ្តើម​តាម​កំចាត់​ដាវីឌ អស់​រយៈ​ពេល​យ៉ាង​យូរ។

តាម​ធម្មតា យើង​ជួប​ការ​ល្បួង​ឲ្យ​ច្រណែន នឹង​អ្នក​ដែល​មាន​អំណោយ​ទាន​ស្រដៀង​យើង តែ​មាន​សមត្ថភាព​ជាង​យើង គឺ​មិន​ខុស​ពី​លោក​សាលេរី ក្នុង​រឿង​តន្រ្តី ឬ​ស្តេច​សូល​ក្នុង​រឿង​អំណាច​នោះ​ឡើយ។ យើង​ក៏​អាច​មាន​ចិត្ត​ចង់​បំផ្លាញ​គូ​ប្រជែង​របស់​យើង ដោយ​ស្វែង​រក​កំហុស ក្នុង​ការងារ​របស់​ពួក​គេ ឬ​ព្យាយាម​បង្អាប់ មក​លើ​ភាព​ជោគ​ជ័យ​របស់​ពួក​គេ។

ព្រះ​ទ្រង់​បាន​ជ្រើស​តាំង​ស្តេច​សូល ឲ្យ​បំពេញ​កិច្ចការ​របស់​ទ្រង់​(១០:៦-៧,២៤) ជា​ឯកសិទ្ធិ​ដែល​គួរ​តែ​ធ្វើ​ឲ្យ​ទ្រង់​មាន​ទំនុក​ចិត្ត​កាន់​តែ​ខ្លាំង​ចំពោះ​ព្រះ ជា​ជាង​ច្រណែន​គេ។ ដោយសារ​យើង​ម្នាក់​ៗ​មាន​ការ​ត្រាស់​ហៅ​ខុស​ៗ​គ្នា​(អេភេសូរ ២:១០) វីធី​ល្អ​បំផុត​ដើម្បី​ជម្នះ​ការ​ច្រណែន នោះ​គឺ​ត្រូវ​ឈប់​ប្រៀប​ធៀប​ខ្លួន​យើង​នឹង​អ្នក​ដទៃ។  ចូរ​យើង​អបអរ​ជោគ​ជ័យ​របស់​អ្នក​ដទៃ។​—Sheridan Voysey