ទឹក​ភ្នែក​បាន​ហូរ​ចុះ​មក​លើ​ថ្ពាល់ ខណៈ​ពេល​ដែល​ខ្ញុំ​កំពុង​តែ​ព្យាយាម​ស្វែង​រក​ចិញ្ចៀន​អាពាហព៍ពិពាហ៍ និង​ចិញ្ចៀន​ខួប​អាពាហ៍ពិពាហ៍​យ៉ាង​វក់វី។ បន្ទាប់ពី​ខ្ញុំ​បាន​លើក​សាឡុង ​និង​ដើរ​មក​លើ​ពេញ​ផ្ទះ​ហើយ អ័លែន(Alan) ក៏​បាន​និយាយ​សុំទោស ហើយ​ប្រាប់​ថា យើង​នឹង​ទៅ​ទិញ​ចិញ្ចៀន​ថ្មី។​

ខ្ញុំ​ក៏​បាន​ឆ្លើយ​តប​ថា “អរគុណ ប៉ុន្តែ អនុស្សាវរីយ៍​ដែល​នៅ​ជាប់​នឹង​ចិញ្ចៀន​ទាំង​នោះ មាន​តម្លៃ​ណាស់ គឺ​មិន​អាច​យក​ចិញ្ចៀន​ថ្មី​មក​ជំនួស​បាន​ទេ”។ ខ្ញុំ​ក៏​បាន​បន្ត​ស្វែង​រក​គ្រឿង​អលង្ការ​នោះ​បណ្តើរ ហើយ​អធិស្ឋាន​បណ្តើរ​ថា “ឱ​ព្រះអម្ចាស់ សូម​ព្រះ​អង្គ​ជួយ​ទូលបង្គំ ឲ្យ​រក​ឃើញ​ចិញ្ចៀន​ទាំង​នោះ​ផង”។​

ក្រោយ​មក ខណៈ​ពេល​ដែល​ខ្ញុំ​លូក​ចូល​ក្នុង​ហោ​ប៉ៅ​អាវ​រងា ដែល​ខ្ញុំ​បាន​ពាក់​កាល​ពី​ដើម​សប្តាហ៍ ខ្ញុំ​ក៏​បាន​រក​ឃើញ​ចិញ្ចៀន​ដ៏​មាន​តម្លៃ​នោះ។ ខ្ញុំ​ក៏​បាន​អរព្រះគុណ​ព្រះយេស៊ូវ។ ខ្ញុំ​និង​ស្វាមី​ខ្ញុំ​ក៏​បាន​យក​ចិញ្ចៀន​នោះ​មក​ពាក់​ដោយ​អំណរ​ហើយ​ក៏​បាន​នឹក​ចាំ​អំពី​រឿង​ប្រៀប​ប្រដូច អំពី​ស្រ្តី​ម្នាក់ ដែល​បាន​បាត់​ប្រាក់​ដួង​(លូកា ១៥:៨-១០)។ ខ្ញុំ​ដឹង​អំពី​តម្លៃ​នៃ​ចិញ្ចៀន​ដែល​យើង​បាន​បាត់ គឺ​មិន​ខុស​ពី​ស្រ្តី​ដែល​ខំ​ស្វែង​រក​ប្រាក់​ដួង​របស់​នាង​នោះ​ឡើយ។ ការ​ដែល​យើង​ចង់​ស្វែង​រក​របស់​មាន​តម្លៃ​ដែល​បាន​បាត់ គឺ​មិន​មែន​មាន​អ្វី​ខុស​ទេ។ ព្រះយេស៊ូវ​គ្រាន់​តែ​បាន​ប្រើ​រឿង​ប្រៀប​ប្រដូច​នេះ ដើម្បី​មាន​បន្ទូល​សង្កត់​ធ្ងន់ អំពី​ការ​ដែល​ព្រះ​អង្គ​សព្វ​ព្រះទ័យ​នឹង​សង្រ្គោះ​មនុស្ស​ទាំង​អស់​ដែល​ព្រះ​អង្គ​បាន​បង្កើត។ មនុស្ស​មាន​បាប​ម្នាក់​បាន​ប្រែ​ចិត្ត នាំ​ឲ្យ​មាន​ការ​អបអរ​នៅ​នគរ​ស្ថាន​សួគ៌​។​

ចូរ​យើង​អធិស្ឋាន​ដោយ​ចិត្ត​ឆេះ​ឆួល​ឲ្យ​អ្នក​ដទៃ​បាន​ស្គាល់​ព្រះ គឺ​ដូច​ដែល​យើង​អធិស្ឋាន​សូម​ឲ្យ​យើង​រក​ឃើញ​របស់​មាន​តម្លៃ​ដែល​បាន​បាត់។ យើង​ពិត​ជា​មាន​ឯកសិទ្ធិ​ពិសេស​ណាស់ ដែល​បាន​អបអរ នៅ​ពេល​ដែល​នរណា​ម្នាក់​ប្រែ​ចិត្ត និង​ថ្វាយ​ជីវិត​ដល់​ព្រះ​គ្រីស្ទ។ បើ​យើង​បាន​ទុក​ចិត្ត​ព្រះ​យេស៊ូវ យើង​អាច​អរ​ព្រះ​គុណ​ព្រះ​អង្គ ដែល​យើង​បាន​ពិសោធន៍​នឹង​ក្តី​អំណរ ដោយ​ដឹង​ថា ព្រះ​ដែល​ស្រឡាញ់​យើង នឹង​មិន​បោះ​បង់​ចោល​យើង ព្រោះ​យើង​សក្ដិសម​នឹង​ឲ្យ​ព្រះ​អង្គ​ស្វែង​រក។—Xochitl Dixon