ទឹកភ្នែកបានហូរចុះមកលើថ្ពាល់ ខណៈពេលដែលខ្ញុំកំពុងតែព្យាយាមស្វែងរកចិញ្ចៀនអាពាហព៍ពិពាហ៍ និងចិញ្ចៀនខួបអាពាហ៍ពិពាហ៍យ៉ាងវក់វី។ បន្ទាប់ពីខ្ញុំបានលើកសាឡុង និងដើរមកលើពេញផ្ទះហើយ អ័លែន(Alan) ក៏បាននិយាយសុំទោស ហើយប្រាប់ថា យើងនឹងទៅទិញចិញ្ចៀនថ្មី។
ខ្ញុំក៏បានឆ្លើយតបថា “អរគុណ ប៉ុន្តែ អនុស្សាវរីយ៍ដែលនៅជាប់នឹងចិញ្ចៀនទាំងនោះ មានតម្លៃណាស់ គឺមិនអាចយកចិញ្ចៀនថ្មីមកជំនួសបានទេ”។ ខ្ញុំក៏បានបន្តស្វែងរកគ្រឿងអលង្ការនោះបណ្តើរ ហើយអធិស្ឋានបណ្តើរថា “ឱព្រះអម្ចាស់ សូមព្រះអង្គជួយទូលបង្គំ ឲ្យរកឃើញចិញ្ចៀនទាំងនោះផង”។
ក្រោយមក ខណៈពេលដែលខ្ញុំលូកចូលក្នុងហោប៉ៅអាវរងា ដែលខ្ញុំបានពាក់កាលពីដើមសប្តាហ៍ ខ្ញុំក៏បានរកឃើញចិញ្ចៀនដ៏មានតម្លៃនោះ។ ខ្ញុំក៏បានអរព្រះគុណព្រះយេស៊ូវ។ ខ្ញុំនិងស្វាមីខ្ញុំក៏បានយកចិញ្ចៀននោះមកពាក់ដោយអំណរហើយក៏បាននឹកចាំអំពីរឿងប្រៀបប្រដូច អំពីស្រ្តីម្នាក់ ដែលបានបាត់ប្រាក់ដួង(លូកា ១៥:៨-១០)។ ខ្ញុំដឹងអំពីតម្លៃនៃចិញ្ចៀនដែលយើងបានបាត់ គឺមិនខុសពីស្រ្តីដែលខំស្វែងរកប្រាក់ដួងរបស់នាងនោះឡើយ។ ការដែលយើងចង់ស្វែងរករបស់មានតម្លៃដែលបានបាត់ គឺមិនមែនមានអ្វីខុសទេ។ ព្រះយេស៊ូវគ្រាន់តែបានប្រើរឿងប្រៀបប្រដូចនេះ ដើម្បីមានបន្ទូលសង្កត់ធ្ងន់ អំពីការដែលព្រះអង្គសព្វព្រះទ័យនឹងសង្រ្គោះមនុស្សទាំងអស់ដែលព្រះអង្គបានបង្កើត។ មនុស្សមានបាបម្នាក់បានប្រែចិត្ត នាំឲ្យមានការអបអរនៅនគរស្ថានសួគ៌។
ចូរយើងអធិស្ឋានដោយចិត្តឆេះឆួលឲ្យអ្នកដទៃបានស្គាល់ព្រះ គឺដូចដែលយើងអធិស្ឋានសូមឲ្យយើងរកឃើញរបស់មានតម្លៃដែលបានបាត់។ យើងពិតជាមានឯកសិទ្ធិពិសេសណាស់ ដែលបានអបអរ នៅពេលដែលនរណាម្នាក់ប្រែចិត្ត និងថ្វាយជីវិតដល់ព្រះគ្រីស្ទ។ បើយើងបានទុកចិត្តព្រះយេស៊ូវ យើងអាចអរព្រះគុណព្រះអង្គ ដែលយើងបានពិសោធន៍នឹងក្តីអំណរ ដោយដឹងថា ព្រះដែលស្រឡាញ់យើង នឹងមិនបោះបង់ចោលយើង ព្រោះយើងសក្ដិសមនឹងឲ្យព្រះអង្គស្វែងរក។—Xochitl Dixon