២៧ភាគរយ
មនុស្សមានអាកប្បកិរិយាខុសគ្នាយ៉ាងខ្លាំង ចំពោះបទទំនាយ ដែលមានចែងក្នុងព្រះគម្ពីរ។ គ្រីស្ទបរិស័ទខ្លះមានចិត្តងប់ងល់ នឹងបទទំនាយទាំងនោះខ្លាំងណាស់ បានជាពួកគេនិយាយម្តងហើយម្តងទៀត អំពីព្រឹត្តិការណ៍ថ្មីៗ ដែលកើតមាន ក្នុងពិភពលោក ដោយគិតថា ព្រឹត្តិការណ៍ទាំងនោះ ជាទីសំគាល់ដែលបង្ហាញថា ព្រះគ្រីស្ទទ្រង់អាចយាងមកក្នុងពេលដ៏ឆាប់។ រីឯអ្នកខ្លះទៀតមិនសូវខ្វល់អំពីបទទំនាយទាំងនោះទេ បានជាពួកគេហាក់ដូចជាមិនជឿថា បទទំនាយទាំងនោះ មានការទាក់ទងនឹងជីវិតរបស់គ្រីស្ទបរិស័ទឡើយ។
ដូចនេះ តើបទទំនាយមានសារៈសំខាន់ឬទេ? ដើម្បីឆ្លើយសំណួរនេះ សូមយើងក្រឡេចមកមើលការពិតមួយចំនួន ដែលមានក្នុងព្រះគម្ពីរ។ ព្រះគម្ពីរទាំងមូលមាន ៣១១២៤ខ ជាសរុប ដែលក្នុងចំណោមខទាំងនេះ មាន៨៣៥២ខ មានលក្ខណៈជាបទទំនាយផ្សេងៗ។ ចំនួនដ៏ច្រើននេះ គឺត្រូវជា២៧ភាគរយនៃខគម្ពីរសរុប!
ដោយសារបទទំនាយបានគ្របដណ្តប់ អស់ជាង១ភាគ៤នៃព្រះគម្ពីរទាំងមូល នោះអ្នកជឿព្រះគួរតែទទួលស្គាល់ថា បទទំនាយមានតួនាទីសំខាន់ក្រៃលែង នៅក្នុងការបើកសម្តែងរបស់ព្រះ។ ប៉ុន្តែ ទន្ទឹមនឹងនោះ យើងគួរតែដឹងផងដែរ ថាហេតុអ្វីបានជាព្រះដាក់បទទំនាយ នៅក្នុងព្រះគម្ពីរ។ យ៉ាងណាមិញ បន្ទាប់ពីសាវ័កពេត្រុសបានបកស្រាយ អំពីរបៀបដែលពិភពលោកនឹងត្រូវបញ្ចប់ គាត់ក៏បានថ្លែងផងដែរថា “ដោយសាររបស់ទាំងនោះ នឹងត្រូវរលាយទៅ នោះតើគួរឲ្យអ្នករាល់គ្នាប្រព្រឹត្តបែបយ៉ាងណាវិញ ក្នុងកិរិយាបរិសុទ្ធ និងសេចក្តីគោរពប្រតិបត្តិ”(២ពេត្រុស ៣:១១)។ យើងអាចនិយាយបានម្យ៉ាងទៀតថា ជារៀងរាល់ថ្ងៃ យើងគួរតែធ្វើការសម្រេចចិត្តរស់នៅ ដោយគោរពប្រតិបត្តិព្រះ ព្រោះការរស់នៅបែបនេះ មានភាពសក្តិសមនឹងកន្លែងដែលយើងនឹងទៅរស់នៅ ក្នុងពេលអនាគត ដ៏អស់កល្បជានិច្ច។
ព្រះទ្រង់បានបើកសម្តែងឲ្យយើងដឹង អំពីពេលអនាគត…
ខ្ញុំជាអ្នកច្នៃបង្កើតវាមក
លោកវីឡាត អេសបូយល(Willard S. Boyle) ជាអ្នកដែលបានទទួលពានរង្វាន់ណូបែលសន្តិភាព ក្នុងផ្នែករូបវិទ្យា និងបានចូលរួម ក្នុងការឆ្នៃបង្កើត “ភ្នែកអេឡិចត្រូនិក” ដែលគេបានប្រើក្នុងកាមីរ៉ាឌីជីធល និងកែវយឺតអាវកាសហាប់ប៊ល(Hubble)។ មានពេលមួយ គាត់បានទៅផ្សា ដើម្បីរកមើលកាមីរ៉ាឌីជីធលថ្មីមួយគ្រឿង ហើយក៏បានទៅមើលនៅហាងមួយ នៅក្រុងហាលីហ្វាក(Halifax) ខេត្តណូវា ស្កូធា(Nova Scotia) ប្រទេសកាណាដា។ បុរសដែលជាភ្នាក់ងារលក់ បានព្យាយាមពន្យល់ ភាពសាំញ៉ាំនៃកាមីរ៉ាដល់លោកបូយល តែលោកបូយលបានឲ្យឈប់ពន្យល់វិញ ព្រោះគាត់មានអារម្មណ៍ថា វាហាក់ដូចជាសាំញ៉ាំពេកសម្រាប់គាត់។ បន្ទាប់មក លោកបូយលក៏បាននិយាយត្រង់ៗ ទៅកាន់បុរសនោះតែម្តងថា “អ្នកមិនចាំបាច់ពន្យល់ខ្ញុំទេ ព្រោះខ្ញុំជាអ្នកឆ្នៃបង្កើតវាមក”។
បន្ទាប់ពីព្រះបានអនុញ្ញាតឲ្យសាតាំងល្បងលលោកយ៉ូប ដោយដកយកក្រុមគ្រួសារ សុខភាព និងទ្រព្យសម្បត្តិចេញពីគាត់ហើយ(យ៉ូប ១-២) លោកយ៉ូបក៏បានទួញសោក ចំពោះថ្ងៃកំណើតរបស់គាត់(ជំពូក៣)។ ក្នុងជំពូកបន្ទាប់ លោកយ៉ូបក៏បានទូលសួរព្រះ ថាហេតុអ្វីបានជាទ្រង់អនុញ្ញាតឲ្យគាត់ ទទួលរងនូវការឈឺចាប់ដ៏ខ្លាំងយ៉ាងនេះ។ បន្ទាប់មក ព្រះទ្រង់ក៏បានមានបន្ទូលរំឭកគាត់ ដោយផ្ទាល់ថា ទ្រង់ “បានច្នៃបង្កើត” ជីវិត ហើយបានបង្កើតពិភពលោក(ជំពូក ៣៨-៤១)។ ទ្រង់បានឲ្យគាត់គិតឡើងវិញ អំពីអ្វីដែលគាត់បាននិយាយមុននោះ។
ព្រះទ្រង់ក៏បានបង្ហាញឲ្យលោកយ៉ូបដឹងថា គាត់មានភាពល្ងង់ខ្លៅប៉ុណ្ណា ដោយនាំឲ្យគាត់ពិចារណាអំពីអំណាចគ្រប់គ្រងរបស់ទ្រង់ និងអំពីជម្រៅនៃប្រាជ្ញាទ្រង់ ដែលបានសម្តែងឡើង នៅគ្រប់ទិសទី ក្នុងលោកិយនេះ(៣៨:៤-៤១)។
ពេលណាមានការល្បួង…
ក្នុងចំណោមមនុស្សដែលមានប្រាជ្ញា
ខ្ញុំធ្លាប់បម្រើព្រះ នៅក្នុងក្រុមប្រឹក្សាពួកចាស់ទុំ នៃព្រះវិហារមួយ នៅរដ្ឋកាលីហ្វូញ៉ា។ លោកបប់ ស្ម៊ីត(Bob Smith) គឺជាចាស់ទុំម្នាក់ ដែលមានអាយុច្រើនជាងគេ ក្នុងចំណោមភាគច្រើននៃពួកចាស់ទុំ ហើយជាញឹកញាប់ គាត់បានដាស់តឿនយើង ឲ្យងាកមករកព្រះបន្ទូលព្រះ ដើម្បីទទួលការដឹកនាំពីទ្រង់។
មានពេលមួយ យើងបានពិភាក្សាគ្នា អំពីការខ្វះខាតអ្នកដឹកនាំ នៅក្នុងពួកជំនុំ ហើយបានចំណាយពេលយ៉ាងតិចមួយម៉ោង ដើម្បីនិយាយគ្នាអំពីបញ្ហាពាក់ព័ន្ធផ្សេងៗ។ តែ លោកបប់មិនបានមានយោបល់អ្វីទេ នៅពេលនោះ។
ទីបំផុត គាត់ក៏បានមានប្រសាសន៍យ៉ាងសុភាពថា “បងប្អួនអើយ យើងបានភ្លេចហើយថា ព្រះយេស៊ូវទ្រង់មានដំណោះស្រាយសម្រាប់បញ្ហានៃការដឹកនាំរបស់យើង។ មុនពេលយើងធ្វើអ្វីមួយ ជាដំបូង យើងត្រូវសូមឲ្យព្រះអម្ចាស់នៃចម្រូត …ចាត់អ្នកច្រូតមក”(លូកា ១០:២)។ ពេលនោះ យើងក៏បានបន្ទាបខ្លួន ហើយចំណាយពេលអធិស្ឋាន សូមឲ្យព្រះអម្ចាស់រើសតាំងអ្នកច្រូត ហើយចាត់ពួកគេឲ្យទៅវាលចម្រូត។
យ៉ាងណាមិញ លោកស៊ី អេស លូវីស(C.S.Lewis) បានមានប្រសាសន៍ថា “វិធីសាស្រ្តល្អបំផុតមួយទៀត ដើម្បីក្លាយជាមនុស្សមានប្រាជ្ញា គឺយើងត្រូវរស់នៅ ក្នុងចំណោមអ្នកដែលមានប្រាជ្ញា”។ គឺដូចដែលបទគម្ពីរសុភាសិត ១:៥ បានចែងថា “អ្នកណាដែលមានយោបល់ នឹងបានទទួលសេចក្តីទូន្មានមាំទាំ”។ ប្រសាសន៍របស់លោកបប់ គឺគ្រាន់តែជាឧទាហរណ៍មួយ ក្នុងចំណោមឧទាហរណ៍ដែលលើកឡើង អំពីតម្លៃនៃបុរស និងស្ត្រីដែលមានប្រាជ្ញា ដែល “បានស្គាល់ព្រះ ដែលទ្រង់គង់នៅតាំងពីដើមរៀងមក”(១យ៉ូហាន…
ផ្លូវនៃទឹកភ្នែក
មានសោកនាដកម្ម ដ៏ធ្ងន់ធ្ងរមួយបានកើតឡើង ក្នុងប្រវត្តិសាស្រ្តនៃសហរដ្ឋអាមេរិក ពេលដែលកុលសម្ព័ន្ធដើមរបស់អាមេរិករាប់ពាន់នាក់ ត្រូវបានរដ្ឋាភិបាលអាមេរិកបង្ខំឲ្យចាកចេញពីទីលំនៅក្នុងដើមសតវត្សរ៍ទី១៩។ កាលពីមុន ពួកកុលសម្ព័ន្ធដើមរបស់អាមេរិកទាំងនោះ បានចុះសន្ធិសញ្ញា និងបានជួយធ្វើសង្គ្រាមជាមួយពួកជនជាតិស្បែកសរ ដែលកំពុងមានចំនួនប្រជាជនកើនឡើងយ៉ាងឆាប់រហ័ស ប៉ុន្តែ ក្រោយមក ពួកគេបែរជាត្រូវពួកស្បែកសរបណ្តេញចេញពីទឹកដីបុព្វបុរសរបស់ពួកគេទៅវិញ។ ក្នុងរដូវរងា នៃឆ្នាំ១៨៣៨ គេបានបង្ខំពួកកុលសម្ព័ន្ធ ចេរូគី(Cherokee) រាប់ពាន់នាក់ ឲ្យដើរជាក្រុម ក្នុងដំណើរដ៏សាហាវព្រៃផ្សៃ ដែលមានចម្ងាយជាង ១៦០០ គីឡូម៉ែត្រ ឆ្ពោះទៅទិសខាងលិច ដែលក្រោយមក គេក៏បានហៅព្រឹត្តិការណ៍នេះថា “ផ្លូវនៃទឹកភ្នែក”។ អំពើអយុត្តិធម៌នេះ បានបណ្តាលឲ្យមនុស្សរាប់ពាន់នាក់បាត់បង់ជីវិត ដែលក្នុងចំណោមនោះ មានពួកគេជាច្រើននាក់មានសម្លៀកបំពាក់ ស្បែកជើង ឬស្បៀងអាហារតែបន្តិចបន្តួច ឬពុំមានទាល់តែសោះ សម្រាប់ការធ្វើដំណើរក្នុងរដូវរងារដ៏វេទនាដូចនោះ។
ពិភពលោកយើងសព្វថ្ងៃ នៅតែបន្តមានពេញទៅដោយ ភាពអយុត្តិធម៌ ទុក្ខវេទនា និងការជាច្រើនទៀត ដែលធ្វើឲ្យយើងឈឺក្បាល។ ហើយមានមនុស្សជាច្រើន បានមានអារម្មណ៍ថា ជីវិតរបស់ខ្លួនប្រៀបបាននឹងការធ្វើដំណើរតាមផ្លូវនៃទឹកភ្នែក គឺទឹកភ្នែកដែលស្រក់ ដោយគ្មាននរណាដឹង ហើយការសោកសង្រេងដែលគ្មានការកម្សាន្តចិត្ត។ ប៉ុន្តែ សូមចាំថា ព្រះអម្ចាស់នៃយើងទ្រង់ទតឃើញយើងស្រក់ទឹកភ្នែក ហើយសព្វព្រះទ័យនឹងកម្សាន្តចិត្តដែលនឿយព្រួយរបស់យើង(២កូរិនថូស ១:៣-៥)។ ទ្រង់ក៏បានប្រកាសអំពីសេចក្តីសង្ឃឹម សម្រាប់ពេលអនាគត ដែលនឹងមិនប្រឡាក់ដោយអំពើបាប ឬភាពអយុត្តិធម៌ឡើយ។ នៅថ្ងៃនោះ និងនៅទីនោះ “ព្រះទ្រង់នឹងជូតអស់ទាំងទឹកភ្នែក ពីភ្នែកគេចេញ…
ការក្បត់ខាងផ្លូវអារម្មណ៍
ពីរបីឆ្នាំមុន ខ្ញុំបានអានបទគម្ពីរម៉ាថាយ ជំពូក២៦ ជាមួយមិត្តភ័ក្រម្នាក់ ដែលបទគម្ពីរនេះនិយាយអំពីព្រះយេស៊ូវ ក្នុងសួនច្បារគែតសេម៉ានី។ ខណៈពេលយើងកំពុងអាន គាត់ក៏បាននិយាយប្រាប់ខ្ញុំថា បើគាត់បានទៅសួនច្បារគៃតសេម៉ានីជាមួយព្រះយេស៊ូវ នោះគាត់ច្បាស់ជានៅចាំយាមជាមួយទ្រង់។ គាត់នឹងមិនដេកលក់ជាដាច់ខាត! គាត់ក៏និយាយទាំងឈឺចិត្តថា “ហេតុអ្វីបានជាពួកសាវ័កនៅតែដេកលក់ បន្ទាប់ពីបានឮព្រះយេស៊ូវមានបន្ទូលថា ទ្រង់កំពុងមានចិត្តព្រួយជាពន់ពេក ស្ទើរតែនឹងស្លាប់ទៅហើយនោះ? តាមពិត ពេលនោះទ្រង់កំពុងតែទទូចដល់ពួកគេហើយ”(ខ.៣៨)។
បន្ទាប់មក ខ្ញុំក៏បានគិតអំពីការលំបាក ដែលក្រុមគ្រួសាររបស់យើងម្នាក់ៗបានជួបប្រទះ ពេលដែលយើងកំពុងជាប់រវល់នឹងការងារជាច្រើនម៉ោង បានជាខ្ញុំសួរគាត់ថា “តើមានពេលប៉ុន្មានដងហើយ ដែលកូនៗរបស់យើង បានខំរកមើលយើង ក្នុងចំណោមហ្វូងមនុស្ស ពេលសាលារៀនមានពិធីអ្វីមួយ ដោយសង្ឃឹមថា នឹងឃើញយើងនៅទីនោះដែរ? តើកូនៗរបស់យើងប្រឈមមុខនឹងបញ្ហាតែម្នាក់ឯង ដោយសារយើងកំពុងនៅឆ្ងាយ ឬមានការជាប់រវល់ឬ? ក្រុមគ្រួសារ និងមិត្តភ័ក្ររបស់យើង កំពុងត្រូវការការយកចិត្តទុកដាក់ពីយើងដោយផ្ទាល់។ សូម្បីតែព្រះយេស៊ូវ ទ្រង់ក៏បានប្រាប់ពួកសិស្សទ្រង់ ឲ្យនៅចាំយាម ហើយអធិស្ឋានជាមួយទ្រង់ផងដែរ”(មើល ខ.៤០-៤៥)។
ការព្យាយាមថ្លឹងថ្លែងសេចក្តីត្រូវការផ្ទាល់ខ្លួន ជាមួយនឹងសេចក្តីត្រូវការរបស់អ្នកដែលយើងស្រឡាញ់និងបម្រើ គឺមិនមែនជាការងាយទេ ប៉ុន្តែ បើយើងមិនបានថ្លឹងថ្លែងទេ នោះមានន័យថា យើងកំពុងតែមានការក្បត់ខាងផ្លូវអារម្មណ៍ហើយ។ ពេលដែលយើងគិតអំពីពួកសាវ័កដែលបានធ្វើឲ្យព្រះយេស៊ូវខកព្រះទ័យ នៅក្នុងសួនច្បា សូមយើងពិចារណាផងដែរ អំពីរបៀបដែលយើងអាចបង្ហាញការយកចិត្តទុកដាក់ ចំពោះអ្នកជាទីស្រលាញ់ និងគិតពីប្រយោជន៍របស់ពួកគេនៅថ្ងៃនេះ។ ឱព្រះអម្ចាស់អើយ សូមជួយឲ្យយើងខ្ញុំស្រឡាញ់អ្នកដទៃ តាមរបៀបដ៏ត្រឹមត្រូវ។—Randy Kilgore
ទៅតាមផ្លូវមួយណា?
ការសួររកផ្លូវ មិនមែនជាអ្វីដែលខ្ញុំចូលចិត្តធ្វើនោះឡើយ ។ ពេលខ្ញុំវង្វេងផ្លូវ ខ្ញុំតែងតែគិតថា បើសិនជាខ្ញុំខំបន្តរកផ្លូវដោយខ្លួនឯងឲ្យយូរបន្តិចទៅ នោះខ្ញុំនឹងរកឃើញផ្លូវជាមិនខានទេ។ ប៉ុន្តែ ភរិយារបស់ខ្ញុំគឺ ម៉ាតេ(Martie) តែងតែឆាប់សួររកផ្លូវ ហើយយល់ថា ខ្ញុំមិនព្រមទទួលស្គាល់ថា ខ្លួនឯងមិនអាចរកផ្លូវធ្វើដំណើរឃើញនោះឡើយ។ នៅទីបំផុត នាងជាមនុស្សដែលឆ្លាតជាងខ្ញុំ ព្រោះនាងអាចរកផ្លូវទៅធ្វើដំណើរបានយ៉ាងឆាប់រហ័ស ដោយគ្មានការព្រួយបារម្ភអ្វីឡើយ ខណៈពេលដែលខ្ញុំនៅតែមិនអាចរកផ្លូវឃើញដោយខ្លួនឯង។
ការគិតថា ខ្លួនឯងជាមនុស្ស ដែលឆ្លាតល្មមនឹងអាចត្រួសត្រាយផ្លូវដោយខ្លួនឯងបាន គឺប្រាសចាកនឹងការដាស់តឿនរបស់ព្រះគម្ពីរ ដែលបានចែងថា “មានផ្លូវមួយដែលមើលទៅដូចជាត្រឹមត្រូវល្អ ដល់មនុស្ស តែចុងបំផុតនៃផ្លូវនោះ គឺជាសេចក្តីស្លាប់”(សុភាសិត ១៦:២៥)។ ពេលយើងទៅដល់ផ្លូវបំបែក ក្នុងដំណើរនៃជីវិត យើងចាំបាច់ត្រូវឈប់សិន ដើម្បីទូលសូមឲ្យព្រះអម្ចាស់បង្ហាញផ្លូវដល់យើង “ដ្បិតអស់ទាំងផ្លូវរបស់ព្រះយេហូវ៉ាសុទ្ធតែទៀងត្រង់”(ហូសេ ១៤:៩)។
ជីវិតមនុស្សគឺជាការធ្វើដំណើរ ដែលត្រូវមានទិសដៅ។ ជាការចាំបាច់ខ្លាំងណាស់ ដែលយើងត្រូវអនុញ្ញាតឲ្យព្រះដឹកនាំជីវិតយើង ឆ្ពោះទៅរកទំនាក់ទំនងដ៏មានពរ និងសុខសាន្ត ទៅរកការសម្តែងចេញនូវសេចក្តីស្រឡាញ់ និងការបម្រើដ៏មានន័យ ទៅរកការពិសោធន៍ជាមួយព្រះ និងទៅរកគោលដៅសំខាន់ៗជាច្រើនទៀត។
ការសុំឲ្យព្រះបង្ហាញទិសដៅដល់យើង គឺមិនគ្រាន់តែជាគំនិតល្អប៉ុណ្ណោះទេ តែថែមទាំងមានសារៈសំខាន់ណាស់។ “ចូរទីពឹងដល់ព្រះយេហូវ៉ាឲ្យអស់អំពីចិត្ត … នោះទ្រង់នឹងដំរង់អស់ទាំងផ្លូវច្រករបស់ឯង”(សុភាសិត ៣:៥-៦)។—Joe Stowell
ដោយសារសេចក្តីស្រឡាញ់
ឆ្នាំមុន ខ្ញុំបានទទួលអំណោយថ្ងៃបុណ្យណូអែលដ៏ស្រស់ស្អាត ដែលមានដូចជា ខោជើងវែងសម្រាប់ជិះស្គី ខ្សែដៃ និងឧបករណ៍អានសៀវភៅអេឡិចត្រូនិច។ តែអំណោយដែលធ្វើឲ្យខ្ញុំមានអំណរបំផុត គឺអំណោយនៃពេលវេលា ដែលបានចំណាយ ក្នុងសកម្មភាពដែលមានដូចជា ការលេងជាមួយចៅៗរបស់បងប្អូនខ្ញុំ ដែលមកពីរដ្ឋផ្សេង ការនាំក្មួយស្រី និងប្តីរបស់នាង ព្រមទាំងកូនស្រីដែលមានអាយុ១៨ឆ្នាំរបស់ពួកគេ ទៅចូលរួមកម្មវិធីបុណ្យណូអែលនៅព្រះវិហារ ការទៅសួរសុខទុក្ខអ្នកធ្លាប់ធ្វើការជាមួយគ្នា ដែលបានចូលនិវត្តន៍ និងភរិយារបស់គាត់ ដែលកំពុងមានបញ្ហាសុខភាព ហើយការអបអររដូវកាលនៃបុណ្យណូអែល ជាមួយមិត្តភ័ក្រដែលបានរាប់អានគ្នា តាំងពីយូរ ព្រមទាំងការអានរឿងបុណ្យណូអែល ជាមួយមនុស្សជាទីស្រឡាញ់។ ទាំងនេះសុទ្ធតែជាអំណោយដ៏ពិសេសៗ ដោយសារសេចក្តីស្រឡាញ់ដែលមានចំពោះគ្នាទៅវិញទៅមក។
ព្រះវរបិតាទ្រង់បានប្រទានអំណោយមួយ ដល់លោកិយនេះ កាលពីជាងពីពាន់ឆ្នាំមុន ដោយសារសេចក្តីស្រឡាញ់របស់ទ្រង់។ អំណោយនោះជាអង្គព្រះយេស៊ូវ ដែលទ្រង់បានប្រសូត្រ រួចរុំនឹងសំពត់ផ្តេកក្នុងស្នូក(លូកា ២:៧)។ អ្នកគង្វាលក៏បានដឹងថា ទ្រង់ជាអំណោយដ៏អស្ចារ្យ ដោយសារពួកទេវតាបានប្រកាសប្រាប់ពួកគេ អំពីការប្រសូត្ររបស់ទ្រង់ ពេលដែលពួកគេកំពុងនៅក្នុងទីវាល នៅពេលកណ្តាលអាធ្រាត(ខ.៨-១៤)។ ពួកគេបានប្រញាប់ទៅមើលទ្រង់ ហើយក៏ទៅរ៉ាយរ៉ាប់ប្រាប់អ្នកដទៃទៀត ឲ្យបានដឹងអំពីអំណោយដ៏អស្ចារ្យនេះដែរ(ខ.១៦-១៧)។ ប៉ុន្តែ ក្រោយមក មានមនុស្សជាច្រើនបានបដិសេធទ្រង់ ហើយទ្រង់ក៏បានសុគតលើឈើឆ្កាង ដើម្បីលោះបាបយើង រួចត្រូវគេបញ្ចុះក្នុងផ្នូរ។ តែបីថ្ងៃក្រោយមក ទ្រង់បានមានព្រះជន្មឡើងវិញ ទ្រង់យាងបានចេញពីផ្នូរ ហើយបានប្រទានសេចក្តីសង្រ្គោះដល់អស់អ្នកដែលទទួលទ្រង់។
ទូលបង្គំសូមអរព្រះគុណទ្រង់ សម្រាប់អំណោយដែលទ្រង់បានប្រទាន ដោយសារសេចក្តីស្រឡាញ់។—Anne Cetas
ទៅ! ទៅ!
ពេលខ្ញុំកំពុងឈប់នៅត្រង់ចំណុចភ្លើងស្តុប ខ្ញុំបានឃើញរថយន្តមួយគ្រឿង ដែលកំពុងឈប់នៅម្ខាងផ្លូវទៀត កំពុងស្ទាក់ស្ទើរមិនហ៊ានបើកទៅមុខ ខណៈពេលដែលភ្លឿងសញ្ញាចរាចរណ៍ បានប្តូរទៅជាពណ៌បៃតងហើយនោះ។ បន្ទាប់មក ស្រាប់តែមានសម្លេងស្រែកគំហកដាក់គាត់ថា “ទៅ! ទៅ! ឆាប់ឡើង ម៉េច មិនទៅ!”។ អ្នកបើកបររូបនោះ ហាក់ដូចជាមានការភ័យខ្លាច ដោយសារសម្លេងគំហកទាំងកំហឹងនោះ ហើយគាត់ហាក់ដូចជាមានការភ័ន្តភំាំងបន្តិច ដោយមិនដឹងថា សម្លេងនោះបានចេញមកពីណាទេ។ ក្រោយមក ខ្ញុំក៏បានឃើញឡានមួយ ដែលឈប់នៅពីក្រោយគាត់ មានមេក្រូមួយ ដែលសម្រាប់ស្រែកគំហកដាក់អ្នកបើកបរដទៃទៀត!
ទីបំផុត អ្នកបើកបរដែលមានការស្ទាក់ស្ទើរនោះ ក៏បានតាំងអារម្មណ៍ ហើយបើកឡានទៅមុខ។ ខ្ញុំមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ពេលឃើញអ្នកបើកបរដែលមានកំហឹងនោះ មានការទ្រគោះបោះបោក ដោយគ្មានការអត់ធ្មត់យ៉ាងដូចនោះ។
ជួនកាល មានអ្នកខ្លះយល់ថា ព្រះក៏មានលក្ខណៈដូចនេះផងដែរ គឺមានព្រះទ័យក្តៅក្រហាយ មិនចេះអត់ធ្មត់ ហើយបានត្រៀមខ្លួនស្រែកគំហកដាក់ពួកគេ តាមរយៈមហាសម្លេងនៃស្ថានដ៏ខ្ពស់។ ពួកគេខ្លាចព្រះតាមចាប់កំហុសរបស់ពួកគេ ហើយដាក់ទោសពួកគេ ឲ្យតែពួកគេបានធ្វើអ្វីមួយខុស។
តាមពិត ទោះបីជាយើងបានដើរផ្លូវខុសយ៉ាងណាក៏ដោយ ក៏ព្រះទ្រង់នៅតែប្រព្រឹត្តចំពោះយើងរាល់គ្នា ដែលជាកូនរបស់ទ្រង់ ដោយព្រះទ័យអត់ធ្មត់ និងសេចក្តីស្រឡាញ់ជានិច្ច។ ត្រង់ចំណុចនេះ សាវ័កប៉ុលក៏ចង់ឲ្យពួកជំនុំនៅក្រុងថែស្សាឡូនិច មានការយល់ដឹងដូចនេះ ហើយអធិស្ឋានដល់ព្រះ បានជាគាត់ប្រាប់ពួកគេថា “សូមឲ្យព្រះអម្ចាស់ដំរង់ចិត្តអ្នករាល់គ្នា ទៅក្នុងសេចក្តីស្រឡាញ់នៃព្រះ និងសេចក្តីខ្ជាប់ខ្ជួនរបស់ព្រះគ្រីស្ទចុះ”(២ថែស្សាឡូនិច ៣:៥)។
ព្រះទ្រង់ធ្វើការក្នុងជីវិតយើង ហើយបំណងព្រះទ័យទ្រង់នឹងបានសម្រេច។…
គ្រាន់តែជាក្មេង
បន្ទាប់ពីបានបញ្ចប់ការសិក្សា នៅឯវិទ្យាល័យ លោកដារែល ប្លីហ្សាត(Darrell Blizzard) បានចាកចេញពីមណ្ឌលកុមារកំព្រា ដែលជាកន្លែងដែលខ្លួនបានធំធាត់ ដើម្បីទៅចូលបម្រើ ក្នុងជួរទ័ពអាកាសរបស់សហរដ្ឋអាមេរិកនៅសម័យសង្គ្រាម។ ពេលដែលសង្គ្រាមលោកលើកទី២ឈានចូលដល់ដំណាក់កាលធ្ងន់ធ្ងរ មិនយូរប៉ុន្មាន គេក៏បានឲ្យគាត់ទទួលបន្ទុក ដែលតាមធម្មតា ជាភារៈកិច្ចរបស់មនុស្ស ដែលមានវ័យចំណាស់ជាងគាត់ និងមានបទពិសោធន៍ច្រើនជាង។ នៅឆ្នាំបន្ទាប់ គាត់ក៏បាននិយាយទៅកាន់អ្នកយកពត៌មានថា ការភ្ជួរដីដោយប្រើសត្វលាម្តងបួន ឲ្យអូសនង្គ័ល គឺជាការភ្ជួរដីដ៏ពិបាកបំផុតដែលខ្ញុំមិនធ្លាប់ជួបពីមុន តែការបើកបរយន្តហោះ B-17 មានការពិបាកជាងនោះទៅទៀត ព្រោះ “យើងរាល់គ្នា គ្រាន់តែជាក្មេង ដែលបើកយន្តហោះនោះប៉ុណ្ណោះ”។
យ៉ាងណាមិញ ព្រះគម្ពីរបានចែងអំពីមនុស្សជាច្រើន ដែលបានដើរតាមព្រះ ដោយចិត្តក្លាហាន ក្នុងកាលដែលខ្លួននៅមានវ័យក្មេងនៅឡើយ។ ពេលដែលអ្នកដឹកនាំខាងវិញ្ញាណកំពុងមានបញ្ហាពុករលួយ “សាំយូអែល ជាក្មេងតូចនោះ ក៏តែងពាក់អេផូឌធ្វើពីសំពត់ខ្លូតទេស ដើម្បីសំរេចការងារនៅចំពោះព្រះយេហូវ៉ា”(១សាំយ៉ូអែល ២:១៨) ចំណែកឯដាវីឌវិញ គាត់បានទៅតតាំងនឹងកូលីយ៉ាត ទោះបីជាស្តេចសូលមានបន្ទូលថា “ឯងនឹងចេញទៅតយុទ្ធនឹងសាសន៍ភីលីស្ទីននោះមិនបានទេ ដ្បិតឯងនៅក្មេងណាស់”(១៧:៣៣) ម្យ៉ាងវិញទៀត នាងម៉ារា ដែលជាមាតានៃព្រះយេស៊ូវ នាងក៏មានវ័យក្មេងដែរ ពេលដែលទេវតាមកប្រាប់ថា នាងនឹងប្រសូត្របានព្រះរាជបុត្រានៃព្រះ។ នាងបានឆ្លើយតបទៅការប្រកាស របស់ទេវតា ដោយពាក្យថា “សូមឲ្យបានសម្រេចដូចពាក្យលោកចុះ”(លូកា ១:៣៨)។ ជាងនេះទៅទៀត សាវ័កប៉ុលក៏បានប្រាប់លោកធីម៉ូថេ ដែលជាគ្រូគង្វាលវ័យក្មេងថា “កុំឲ្យអ្នកណាមើលងាយអ្នក ដោយព្រោះនៅក្មេងនោះឡើយ…
ការលើកទឹកចិត្ត ដែលគេមិននឹកស្មានដល់
តើអ្នកកំពុងស្វែងរក ការលើកទឹកចិត្តឬ? តើអ្នកត្រូវការកម្លាំងជាបន្ថែម នៅថ្ងៃនេះទេ បន្ទាប់ពីបានទទួលដំណឹងអាក្រក់ហើយនោះ? បទទំនុកដំកើង ដែលស្តេចដាវីឌទ្រង់បាននិពន្ធ អាចលើកវិញ្ញាណរបស់អ្នកឡើង តាមរបៀបដែលអ្នកមិននឹកស្មានដល់ តាមរយៈពាក្យពេចន៍ ដែលយើងច្រើនតែគិតថា ជាពាក្យអវិជ្ជមាននោះ។
ពេលយើងអានបទគម្ពីរទំនុកដំកើង ជំពូក១៩ យើងសង្កេតឃើញថា ព្រះអម្ចាស់បានបកស្រាយយ៉ាងច្បាស់ អំពី“ក្បួនច្បាប់” ឬខ្នាតគំរូសម្រាប់ការរស់នៅ ដែលអាចនាំមកនូវលទ្ធផលជាវិជ្ជមាន។ អ្នកខ្លះមិនបានយល់ថា នេះជាការលើកទឹកចិត្តឡើយ ព្រោះពួកគេយល់ថា ខ្នាតគំរូដែលព្រះប្រទាន មានភាពតឹងរឹងពេក ជាហេតុធ្វើឲ្យពួកគេបាត់បង់សុភមង្គល។
នៅក្នុងការបកស្រាយអំពីខ្នាតគំរូរបស់ព្រះ អ្នកនិពន្ធទំនុកដំកើងបានប្រើពាក្យដូចជា “ក្រឹត្យវិន័យរបស់ព្រះយេហូវ៉ា”(ខ.៧)“សេចក្តីបន្ទាល់”(ខ.៧) “សេចក្តីបញ្ញត្ត”(ខ.៨) “ក្រឹត្យក្រម”(ខ.៨) “សេចក្តីកោតខ្លាចដល់ព្រះយេហូវ៉ា”(ខ.៩) “ខច្បាប់របស់ព្រះយេហូវ៉ា”(ខ.៩)។ មានមនុស្សជាច្រើនមានការភ័យខ្លាច ពេលបានឮពាក្យទាំងអស់នេះ បានជាពួកគេខំជៀសវាង ឬបដិសេធខ្នាតគំរូរបស់ព្រះ។
ប៉ុន្តែ សូមកត់សំគាល់ថា ចំពោះអ្នកណាដែលមានចិត្តជឿ និងស្តាប់បង្គាប់ព្រះ ខ្នាតគំរូទាំងអស់នេះ នឹងនាំឲ្យអ្នកនោះទទួលបាននូវការផ្លាស់ប្រែនៃវិញ្ញាណ ប្រាជ្ញា សេចក្តីអំណរក្នុងចិត្ត ភាពបរិសុទ្ធនៃជីវិត ភ្នែកដែលភ្លឺច្បាស់ ការអត់ធ្មត់ សេចក្តីពិត និងសេចក្តីសុចរិត(ខ.៧-៩)។ ទាំងនេះសុទ្ធតែជាការលើកទឹកចិត្តដ៏អស្ចារ្យដល់យើងរាល់គ្នា។
ហេតុនេះហើយបានជាស្តេចដាវីឌ បានមានបន្ទូលថា ក្រឹត្យវិន័យដែលព្រះប្រទាន “គួរចង់បានលើសជាងមាស អើ ជាជាងមាសសុទ្ធជាច្រើនផង ក៏ផ្អែមជាងទឹកឃ្មុំ ហើយជាងដំណក់ស្រក់ពីសំណុះផង”(ខ.១០)។—Dave Branon