ការចាក់ឫស
មានកន្លែងដ៏តូចមួយ ក្នុងទីធ្លាមុខផ្ទះរបស់ខ្ញុំ ដែលហាក់ដូចជាមិនអាចមានភាពស្រស់ស្អាតសោះ។ ស្មៅហាក់ដូចជានៅតែដុះរ៉ុយៗ ក្នុងចំណុចមួយនោះ ទោះបីជាខ្ញុំបានព្យាយាមស្រោចទឹកវា យ៉ាងណាក៏ដោយ។ ដូចនេះ ថ្ងៃមួយ ខ្ញុំក៏បានយកប៉ែលមកចូកមើលកន្លែងដែលមានបញ្ហានោះ ហើយក៏រកឃើញមូលហេតុ ដែលធ្វើឲ្យស្មៅដុះមិនបានល្អ។ នៅពីក្រោមស្មៅនោះ មានថ្មមួយស្រទាប់ ដែលមានកម្រាស់ជិតមួយទឹក។ ខ្ញុំក៏បានគាស់ថ្មនោះចេញ ហើយយកដីដ៏មានជីរជាតិ មកចាក់បំពេញ ដើម្បីឲ្យគ្រាប់ពូជថ្មីអាចចាក់ឫសដុះបានល្អ។
ការនេះបានធ្វើឲ្យខ្ញុំនឹកចាំ អំពីការដែលព្រះយេស៊ូវមានបន្ទូលអំពីគ្រាប់ពូជ និងដី។ ក្នុងរឿងប្រៀបប្រដូច ក្នុងបទគម្ពីរម៉ាថាយ ជំពូក១៣ ព្រះអង្គបានមានបន្ទូល អំពីគ្រាប់ពូជនៃដំណឹងល្អ ដែលត្រូវបានសាបព្រោះ នៅលើដីប្រភេទខុសៗគ្នា។ ព្រះអង្គមានបន្ទូលថា គ្រាប់ពូជដែល ធ្លាក់ទៅក្នុងកន្លែងថ្ម ដែលមានដីរាក់ពេក ស្រាប់តែដុះឡើងភ្លាម ព្រោះដីមិនជ្រៅទេ ប៉ុន្តែ កាលថ្ងៃរះឡើង នោះក៏ក្រៀមខ្លោចទៅ ពីព្រោះគ្មានឫស(ខ.៥-៦)។ ត្រង់ចំណុចនេះ ព្រះអង្គកំពុង មានបន្ទូល អំពីអ្នកដែលបានឮដំណឹងល្អ ហើយទទួលជឿ តែព្រះបន្ទូលព្រះមិនបានចាក់ឫសចូលក្នុងជីវិតរបស់ពួកគេឡើយ។ បានជាពេលដែលគាត់ ជួបបញ្ហា គាត់ក៏រវាតចិត្តចេញ ដោយសារគាត់មិនមែនជាអ្នកជឿពិតប្រាកដ។
ព្រះយេស៊ូវក៏បានមានបន្ទូលសន្និដ្ឋានថា “អ្នកដែលទទួលពូជក្នុងដីល្អវិញ នោះគឺជាអ្នកដែលឮព្រះបន្ទូល ហើយយល់ ក៏បង្កើតផលផ្លែ មួយជា១រយ មួយជា៦០ ហើយមួយទៀតជា៣០”(ខ.២៣)។ យើងគួរអរព្រះគុណព្រះអង្គ សម្រាប់ព្រះបន្ទូលត្រង់ចំណុចនេះ ដែលបានរំឭកយើង…
តើយើងអាចរកប្រាជ្ញានៅទីណា?
ប្រាជ្ញាជាសម្រស់នៃភាពបរិសុទ្ធ។ សាវ័កយ៉ាកុបបានមានប្រសាសន៍ថា ប្រាជ្ញា មានភាពសមហេតុផល ចេះបទបែន មានការអត់ទោស មានសន្តិភាព និងមានការយកចិត្តទុកដាក់ចំពោះអ្នកដទៃ ព្រមទាំងមានការសួរសុខទុក្ខគ្នា ក្នុងនាមជាមិត្តភ័ក្រ មានការគួរសម និងនិយាយពាក្យសម្តីល្អៗ។ ប្រាជ្ញាមានការបន្ទាបខ្លួន មានតម្លាភាព មានភាពសាមញ្ញ ស្លូតបូត និងមានចិត្តសប្បុរស(យ៉ាកុប ៣:១៧)។ តើយើងអាចរកឃើញប្រាជ្ញា នៅទីណា? ប្រាជ្ញាមានប្រភពពីនគរស្ថានសួគ៌(១:៥)។ បានជាលោកឆាល ស្ព័រជិន(Charles Spurgeon) បានមានប្រសាសន៍ថា “ប្រាជ្ញា ជាសម្រស់នៃជីវិត ហើយមានតែព្រះទេ ដែលអាចបង្កើតឲ្យមានប្រាជ្ញា ក្នុងជីវិតយើង”។ វាជាការប្រសើរណាស់ ដែលយើងអាចសួរខ្លួនឯងឲ្យបានញឹកញាប់ថា “តើខ្ញុំកំពុងលូតលាស់ក្នុងប្រាជ្ញាឬទេ?” ទោះបីជាយ៉ាងណាក៏ដោយ ជីវិតមនុស្សយើងមានការប្រែប្រួលជានិច្ច។ យើងចាំបាច់ត្រូវលូតលាស់ ដោយមានភាពផ្អែមល្ហែម និងមានប្រាជ្ញាកាន់តែខ្លាំង ពីមួយថ្ងៃទៅមួយថ្ងៃ ពុំនោះទេ យើងនឹងក្លាយជាមនុស្សដែលល្ងង់ខ្លៅ ឬមានមុខជូរកាន់តែខ្លាំង។
ម្យ៉ាងទៀត យើងអាចសួរខ្លួនឯងថា “តើខ្ញុំកំពុងលូតលាស់ទៅជាអ្វី?” ដរាបណាយើងនៅរស់ យើងនៅតែមានឱកាសចាប់ផ្តើមលូតលាស់ ក្នុងប្រាជ្ញាជានិច្ច។ ព្រះទ្រង់ស្រឡាញ់យើង ដោយព្រះទ័យអាណិតអាសូរ និងស្រឡាញ់ជាខ្លាំង ដែលអាចរំដោះយើង ឲ្យរួចផុត ពីភាពល្ងង់ខ្លៅ បើសិនជាយើងថ្វាយជីវិតយើងដាច់ដល់ព្រះអង្គ។ សេចក្តីស្រឡាញ់របស់ព្រះអង្គ អាចកែប្រែបុគ្គលិកលក្ខណៈដែលពិបាកកែប្រែបំផុត ឲ្យក្លាយទៅជាមានសម្រស់ដ៏ល្អអស្ចារ្យ។ យើងប្រហែលជាមានការឈឺចាប់ខ្លះៗ ហើយត្រូវចំណាយមួយរយៈ…
មានពរខ្លាំងណាស់
ជារៀងរាល់ថ្ងៃ ពេលខ្ញុំធ្វើដំណើរទៅកន្លែងធ្វើការ ក៏ដូចជានៅពេលដែលខ្ញុំត្រឡប់មកផ្ទះវិញ ខ្ញុំមានពេលច្រើន សម្រាប់អានអក្សរស្ទីគើរ ដែលគេបិទនៅលើកាងខាងក្រោយរបស់ឡាន ដែលកំពុងបើកនៅខាងមុខឡានខ្ញុំ។ ខ្ញុំឃើញឡានខ្លះមានបិទពាក្យគ្រោកគ្រាត ឡានខ្លះទៀតមានដាក់ពាក្យស្លោកពិរោះៗ តែមានឡានមួយចំនួន មានបិទពាក្យអក្សរអសីលធម៌យ៉ាងខ្លាំង។ ទោះជាយ៉ាងណាក៏ដោយ ថ្មីៗនេះខ្ញុំឃើញឡានមួយគ្រឿងមានបិទពាក្យពេចន៍ដ៏ស្រទន់ នៅលើកាងខាងក្រោយរបស់វា ដែលបានលើកទឹកចិត្តខ្ញុំ ឲ្យគិតអំពីអាកប្បកិរិយ៉ា ដែលខ្ញុំច្រើនតែមាន ក្នុងការរស់នៅ។ អក្សរស្ទីគើរនោះសរសេរថា “ខ្ញុំមានពរខ្លាំងណាស់ ខ្ញុំមិនរអ៊ូរទាំអំពីជីវិតឡើយ”។
ខ្ញុំទទួលស្គាល់ថា ពេលនោះខ្ញុំមានការប៉ះពាល់ចិត្តយ៉ាងខ្លាំង ពេលដែលខ្ញុំជញ្ជឹងគិតអំពីពាក្យមួយឃ្លានេះ។ មានពេលច្រើនដងពេកហើយ ដែលខ្ញុំបានចំណាយពេលនឹកស្តាយអំពីការអ្វីដែលមិនបានសម្រេចដូចបំណងរបស់ខ្ញុំ ជាជាងចំណាយពេលផ្តោតទៅលើអំណោយដ៏អស្ចារ្យ ដែលព្រះវរបិតានៃយើង ដែលគង់នៅស្ថានសួគ៌បានប្រទានមក។ ពេលដែលខ្ញុំបានអានពាក្យពេចន៍ដ៏សាមញ្ញ នៅថ្ងៃនោះហើយ ខ្ញុំក៏បានធ្វើការប្តេជ្ញាចិត្តជាថ្មីថា នឹងមានការដឹងគុណចំពោះព្រះអម្ចាស់ កាន់តែសកម្ម និងអស់ពីចិត្ត ព្រោះព្រះនៃយើង ព្រះអង្គល្អចំពោះខ្ញុំណាស់ តាមរបៀបជាច្រើន ដែលខ្ញុំមិនអាចរាប់អស់។ បទគម្ពីរទំនុកដំកើង ជំពូក១០៧ ជាទំនុកបទចម្រៀង ដែលព្យាយាមកែប្រែគំនិតរបស់មនុស្ស ដែលមិនចេះអរព្រះគុណព្រះ។ មានមនុស្សជាច្រើនយល់ថា ស្តេចដាវីឌ ជាអ្នកនិពន្ធទំនុកមួយនេះ ដែលបានដាស់តឿនចិត្តដែលកាន់តែត្រជាក់ឡើងៗ ដោយគ្មានការដឹងគុណព្រះ គឺដូចដែលទំនុកមួយនេះបានច្រៀងបន្ទរបួនដងថា “ឱសូមឲ្យមនុស្សទាំងឡាយសរសើរដល់ព្រះយេហូវ៉ា ដោយព្រោះសេចក្តីសប្បុរសរបស់ទ្រង់ ហើយដោយព្រោះអស់ទាំងការអស្ចារ្យ ដែលទ្រង់បានប្រោសដល់មនុស្សជាតិ”(ខ.៨,១៥,២១,៣១)។ សូម្បីតែក្នុងពេលដែលពិបាកបំផុត ក៏យើងនៅតែមានការជាច្រើន ដែលត្រូវអរព្រះគុណព្រះ។ សូមយើងរៀនអរព្រះគុណព្រះ សម្រាប់សេចក្តីល្អ ដែលព្រះអង្គមានចំពោះយើង!—Bill…
ការជួសជុលផ្លូវ
នៅរដ្ឋមីឈីហ្គិន គេចូលចិត្តនិយាយកំប្លែងលេងថា ក្នុងមួយឆ្នាំយើងមានរដូវពីរ គឺរដូវរងារ និងរដូវជួសជុសផ្លូវថ្នល់។ បានជាយើងនិយាយដូចនេះ ព្រោះរដូវរងាដែលត្រជាក់ខ្លាំង បានធ្វើឲ្យខូចផ្លូវថ្នល់ ដូចនេះ ជាងជួសជុលថ្នល់ត្រូវប្រញាប់ជួសជុលថ្នល់ ពេលណាទឹកកកនៅតាមផ្លូវថ្នល់រលាយអស់ ហើយដីក៏ឈប់កករឹង។ ទោះបីជាយើងហៅការងារនេះថា “ការជួសជុលថ្នល់”ក៏ដោយ ក៏តាមពិត ភាគច្រើននៃការជួសជុលរបស់ពួកគេ គឺមិនខុសពីការ “បំផ្លាញផ្លូវថ្នល់”ឡើយ។ ព្រោះជួនកាល បើគេគ្រាន់តែជួសជុលកន្លែងដែលមានក្រឡុក គឺមិនមែនជាជម្រើដ៏ល្អឡើយ។ ពោលគឺជាងជួសជុលថ្នល់ ត្រូវសាងសង់ផ្លូវថ្នល់នោះសារឡើងវិញ ទើបបានត្រូវ។
ត្រង់ចំណុចនេះ បើយើងប្រៀបធៀបនឹងជីវិតខាងវិញ្ញាណវិញ នោះយើងឃើញថា ព្រះទ្រង់ក៏បានប្រទាននូវផ្លូវថ្មី សម្រាប់ជីវិតរបស់យើងផងដែរ។ ក្នុងព្រះគម្ពីរសញ្ញាចាស់ទាំងមូល យើងឃើញថា ព្រះបានប្រាប់រាស្រ្តព្រះអង្គ ឲ្យរំពឹងគិតអំពីការជួសជុលផ្លូវដ៏សំខាន់ ដែលតភ្ជាប់រវាងពួកគេនឹងព្រះអង្គ(អេសាយ ៦២:១០-១១ យេរេមា ៣១:៣១)។ ពេលដែលព្រះចាត់ព្រះយេស៊ូវឲ្យយាងចុះមក ពួកសាសន៍យូដាហាក់ដូចជាយល់ថា ព្រះយេស៊ូវបានយាងមកបំផ្លាញផ្លូវនៃជីវិតរបស់ពួកហើយ។ ប៉ុន្តែ ព្រះយេស៊ូវមិនបានបំផ្លាញអ្វីឡើយ។ តាមពិត ព្រះអង្គបានយាងមក ដើម្បីសម្រេចការជួសជុលនោះទៅវិញទេ(ម៉ាថាយ ៥:១៧)។ ផ្លូវចាស់ដែលត្រូវបានចាក់ក្រាលពីលើដោយក្រឹត្យវិន័យ ត្រូវក្លាយជាផ្លូវថ្មី ដែលក្រាលពីលើដោយសេចក្តីស្រឡាញ់នៃព្រះយេស៊ូវ ដែលមានការលះបង់។ ព្រះទ្រង់នៅតែធ្វើកិច្ចការរបស់ព្រះអង្គ ដោយជំនួសផ្លូវចាស់នៃអំពើបាប និងក្រឹត្យវិន័យនិយម ដោយផ្លូវថ្មី នៃសេចក្តីស្រឡាញ់ ដែលព្រះយេស៊ូវបានសាងសង់ចប់សព្វគ្រប់។ ពេលដែលព្រះអង្គដកចេញផ្លូវចាស់ នៃការគិត និងការប្រព្រឹត្តដែលយើងធ្លាប់តែមាន យើងអាចមានអារម្មណ៍ថា…
ចង់បានហើយ ចង់បានទៀត
មានអ្នកខ្លះចូលចិត្តដើរទិញឥវ៉ាន់ខ្លាំងណាស់។ ពួកគេមានចិត្តចង់ទិញ ហើយទិញទៀត ឥតឈប់ឈរ។ ហើយក្នុងចំណោមនោះ ក៏មានអ្នកដែលស្វែងរកទិញឥវ៉ាន់ នៅក្រៅប្រទេសទៀតផង។ សព្វថ្ងៃនេះ មានផ្សារទំនើបធំៗជាច្រើន ក្នុងប្រទេសចិន សូឌី-អារ៉ាប៊ី កាណាដា ភីលីពីន សហរដ្ឋអាមេរិក និងប្រទេសផ្សេងទៀត នៅទូទាំងពិភពលោក។ ការកើនឡើងនៃការទិញទំនិញ តាមហាងទំនិញ និងនៅតាមប្រព័ន្ធអ៊ីនធើណិត បានបង្ហាញឲ្យយើងដឹងថា ការញៀននឹងការទិញទំនិញ គឺជាបាតុភូតដែលកើតមាននៅទូទាំងពិភពលោក។
យ៉ាងណាមិញ ទាក់ទងនឹងបញ្ហានេះ ព្រះយេស៊ូវបានមានបន្ទូលប្រាប់យើងរាល់គ្នាថា “ចូរប្រយ័ត្ន ហើយខំចៀសពីសេចក្តីលោភចេញ ដ្បិតជីវិតនៃមនុស្សមិនស្រេចនឹងបានទ្រព្យសម្បត្តិជាបរិបូរទេ”(លូកា ១២:១៥)។ ជាងនេះទៅទៀត ព្រះអង្គបានមានបន្ទូលជាពាក្យប្រៀបប្រដូច អំពីបុរសម្នាក់ ដែល “ខំបង្គរទ្រព្យសម្បត្តិទុកសម្រាប់ខ្លួនឯង” ដោយមិនខ្វល់អំពីទំនាក់ទំនង ដែលគាត់ត្រូវមានជាមួយព្រះឡើយ(ខ.២១)។
តើធ្វើដូចម្តេច ឲ្យយើងអាចរៀនស្កប់ចិត្ត នឹងរបស់ដែលយើងមាន ដោយមិនលោភចង់បានជាបន្ថែមទៀត? ជាបន្តទៅនេះ សូមស្វែងយល់អំពីដំណោះស្រាយមួយចំនួន ដូចតទៅ :
- ចូរចាត់ទុករបស់ដែលយើងមាន ជាអំណោយដែលព្រះប្រទាន សម្រាប់ឲ្យយើងប្រើ យ៉ាងឆ្លាតវ័យ(ម៉ាថាយ ២៥:១៤-៣០)
- ចូរខិតខំធ្វើការរកប្រាក់ ហើយសន្សំទុកប្រើពេលក្រោយទៀត(សុភាសិត ៦:៦-១១)។
- ចូរដាក់ដង្វាយ សម្រាប់ការងារបម្រើព្រះអម្ចាស់ និងសម្រាប់អ្នកដែលខ្វះខាត(២កូរិនថូស ៩:៧ សុភាសិត ១៩:១៧)។
- ហើយចូរកុំភ្លេចអរព្រះគុណព្រះ ហើយអរសប្បាយនឹងរបស់អ្វី ដែលព្រះអង្គប្រទាន(១ធីម៉ូ ថេ ៦:១៧)។—Dennis…
ភាពក្រអឺតក្រទម និងអំណួត
រឿងប្រឌិត ដែលមានចំណងជើងថា សំបុត្ររបស់អារក្ស ដែលលោក ស៊ី អេស លូវីស (C. S. Lewis) បាននិពន្ធ បានដំណាលថា អារក្សដែលមានឋានៈខ្ពស់ បានជំរុញអារក្សក្រោមបង្គាប់ខ្លួន ឲ្យទៅបង្វែរគំនិតរបស់គ្រីស្ទបរិស័ទម្នាក់ ឲ្យបែរចេញឆ្ងាយពីព្រះ ហើយឲ្យងាកមកផ្តោតទៅលើកំហុសរបស់មនុស្ស ដែលនៅជុំវិញខ្លួន ក្នុងពួកជំនុំ។ រឿងនេះបានធ្វើឲ្យខ្ញុំនឹកចាំ អំពីពេលមួយ ដែលខ្ញុំកំពុងចូលរួមកម្មវិធីថ្វាយបង្គំព្រះ នៅថ្ងៃអាទិត្យ ខ្ញុំបានមានអារម្មណ៍ធុញទ្រាន់ នឹងមនុស្សម្នាក់ ដែលអង្គុយនៅក្បែរខ្ញុំ ដែលច្រៀងឮៗ ខុសណោតភ្លេង ហើយពេលគេអានខគម្ពីររួមគ្នា គាត់មិនបានអានឲ្យស្របជាមួយគេទេ។ ប៉ុន្តែ ពេលដែលយើងត្រូវឱនក្បាលអធិស្ឋានយ៉ាងស្ងាត់ស្ងៀម ខ្ញុំក៏ដឹងថា ព្រះអម្ចាស់ប្រាកដជាសព្វព្រះទ័យចំពោះចិត្តរបស់គាត់ ជាជាងសព្វព្រះទ័យនឹងការដែលខ្ញុំមានអារម្មណ៍ដែលកាត់ទោសគាត់។
ពីរបីថ្ងៃក្រោយមក ខ្ញុំក៏បានអានបទគម្ពីរសុភាសិត ជំពូក៨ ហើយខ្ញុំមានការប៉ះពាល់ចិត្ត នឹងខ.១៣ ដែលបានចែងថា “ការលើកខ្លួន ប្រកាន់ខ្លួន ប្រព្រឹត្តអាក្រក់ ហើយនឹងមាត់ពោលពាក្យវៀច នោះអញក៏ស្អប់ណាស់”។ បទគម្ពីរមួយជំពូកនេះបានបង្រៀនយើងថា ព្រះបន្ទូលនៃប្រាជ្ញាបានបង្រៀនយើង ឲ្យមានចិត្តដែលមានការយល់ដឹង(ខ.៥) ហើយរកបានជីវិត និងប្រកបដោយគុណនៃព្រះអម្ចាស់(ខ.៣៥)។ ដូចនេះ យើងត្រូវសម្រេចចិត្តរស់នៅ ដោយអាកប្បកិរិយា ដែលល្អប្រពៃ ហើយទន្ទឹមនឹងនោះ យើងត្រូវសម្លាប់និស្ស័យសាច់ឈាម ក្នុងជីវិតយើងផង(ខ.៣៦)។
យើងអាចប្រៀបប្រដូចសេចក្តីអំណួតទៅនឹងដាវ ដែលបង្កឲ្យមានរបួសដល់អ្នកដែលប្រើវា…
ដង្កូវត្រចៀក
គេបានប្រៀបប្រដូចបទចម្រៀងមួយចំនួន ទៅនឹងសត្វល្អិត ដែលចូលទៅក្នុងត្រចៀក ហើយនៅជាប់ក្នុងក្បាលរបស់មនុស្ស មិនព្រមទៅណា។ បទចម្រៀងទាំងនោះ ជាបទដែលគេពេញនិយម និងពិរោះណាស់ បានជាពេលដែលគេស្តាប់ហើយ វាដក់ជាប់ក្នុងចិត្ត មិនអាចដកវាចេញបាន។ គេថា ដើម្បីរំដោះខ្លួនយើងពីបទចម្រៀង ដែលអាចបណ្តាលឲ្យយើងមានគ្រោះថ្នាក់ យើងត្រូវជំនួសបទចម្រៀងនោះ ដោយទំនុកបទមួយទៀត ដែលមានលក្ខណៈ “ល្អប្រសើរជាង”។ ព្រោះបទចម្រៀងដែលមានពាក្យពេចន៍ និងបទភ្លេងថ្មី អាចដកបទចាស់ចេញពីចិត្តយើងបាន។
យ៉ាងណាមិញ នៅក្នុងពិភពនៃការគិតរបស់យើង ក៏អាចមានបញ្ហាដូចនេះផងដែរ។ ពេលដែលគំនិតរបស់យើងមានភាពស្រើបស្រាល ឬមានការសងសឹក នោះការអាន និងការជញ្ជឹងគិតអំពីព្រះបន្ទូលព្រះ អាចជួយសម្អាតគំនិតរបស់យើងឲ្យស្អាតបាន។ ព្រះគម្ពីរបានប្រាប់យើង ឲ្យស្រឡាញ់ព្រះអម្ចាស់ “ឲ្យអស់ពីចិត្ត អស់ពីព្រលឹង និងអស់គំនិតរបស់យើង” (ម៉ាថាយ ២២:៣៧) ហើយមិនត្រូវ “ត្រាប់តាមសម័យនេះឡើយ” ចូរឲ្យយើងរាល់គ្នា “បានផ្លាស់ប្រែវិញ ដោយគំនិតបានកែជាថ្មីឡើង”(រ៉ូម ១២:២)។ ព្រះគម្ពីរក៏បង្រៀនយើង ឲ្យគិតអំពីសេចក្តីណាដែលពិត សេចក្តីណាដែលគួររាប់អាន សេចក្តីណាដែលសុចរិត សេចក្តីណាដែលបរិសុទ្ធ សេចក្តីណាដែលគួរស្រឡាញ់ សេចក្តីណាដែលមានឈ្មោះល្អ បើមានសគុណណា ឬជាសេចក្តីគួរសរសើរ(ភីលីព៤:៨)។
ពេលដែលគំនិតរបស់យើងបែកទៅរកការអាក្រក់ នោះចូរយើងអនុញ្ញាតឲ្យប្រាជ្ញានៃព្រះគម្ពីរ ជ្រួតជ្រាបនៅក្នុងចិត្ត និងគំនិតយើង ដែលនេះជាវិធីដ៏ល្អបំផុត ដើម្បីលាងសម្អាតគំនិតយើង(២ធីម៉ូថេ ៣:១៦)។—Cindy Hess Kasper
កុំភ្លេច
ខ្ញុំមិនយល់ស្របនឹងទស្សនៈ របស់អ្នកដែលប្រឆាំងនឹងសម្ភារៈប្រើប្រាស់ ហើយនិយាយថា ការមានរបស់កម្មសិទ្ធិ ជាការអាក្រក់។ ខ្ញុំត្រូវតែទទួលស្គាល់ថា ខ្ញុំត្រូវការសម្ភារៈប្រើប្រាស់ជាចំាបាច់ ហើយជាញឹកញាប់ ខ្ញុំបានជួបការល្បួង ដែលនាំចិត្តខ្ញុំឲ្យបង្គទ្រព្យសម្បត្តិ ដែលខ្ញុំត្រូវការនោះ កាន់តែច្រើនឡើងៗ។ ប៉ុន្តែ ទន្ទឹមនឹងនោះ ខ្ញុំក៏បានទទួលស្គាល់ផងដែរថា ការមានរបស់ទ្រព្យច្រើនជាកម្មសិទ្ធិអាចមានគ្រោះថ្នាក់ នៅពេលដែលវានាំឲ្យយើងមានការខាតបង់ខាងវិញ្ញាណ។ កាលណាយើងមានទ្រព្យសម្បត្តិកាន់តែច្រើន នោះយើងក៏កាន់តែមានអារម្មណ៍ថា យើងមិនមានខ្វះអ្វីទេ បានជាយើងកាន់តែងាយភ្លេចខ្លួនថា យើងត្រូវការព្រះ ហើយភ្លេចស្រឡាញ់ព្រះអង្គ។
ប៉ុន្តែ សូមកុំភ្លេចឲ្យសោះថា អ្វីៗដែលយើងមាន គឺសុទ្ធតែមានប្រភពមកពីព្រះ ដែល “ប្រទានគ្រប់ទាំងអស់មកយើងរាល់គ្នាជាបរិបូរ ឲ្យយើងបានអរសប្បាយ”(១ធីម៉ូថេ ៦:១៧)។ គួរឲ្យស្តាយណាស់ ពេលដែលយើងបានទទួលរបស់នោះហើយ យើងបែរជាអរសប្បាយនឹងរបស់ទាំងនោះ ជាជាងអរសប្បាយនឹងព្រះ ដែលជាអ្នកឲ្យ។ ហេតុនេះហើយ បានជានៅពេលដែលព្រះទ្រង់រៀបនឹងប្រទាននូវជីវិត ដែលមានព្រះពរជាបរិបូរ ដល់រាស្រ្តព្រះអង្គ ក្នុងទឹកដីសន្យា ព្រះអង្គបានដាស់តឿនពួកគេថា “ចូរប្រយ័ត្ន ក្រែងភ្លេចព្រះយេហូវ៉ា ជាព្រះនៃឯង”(ចោទិយកថា ៨:១១)។
បើព្រះទ្រង់បានអនុញ្ញាតឲ្យអ្នក បានអរសប្បាយនឹងភាពបរិបូរនៃសម្ភារៈ នោះចូររំឭកខ្លួនឯង អំពីប្រភពនៃសម្ភារៈទាំងនោះចុះ។ តាមពិត យើងរាល់គ្នាមានការជាច្រើន ដែលត្រូវអរព្រះគុណព្រះ ទោះបីជាយើងមានទ្រព្យសម្បត្តិច្រើន ឬក៏អត់ក៏ដោយ។ ចូរកុំភ្លេចព្រះបន្ទូល ដែលព្រះអម្ចាស់បានដាស់តឿន មិនឲ្យយើងភ្លេចព្រះអង្គ ហើយចូរសរសើរដំកើងព្រះអង្គ…
កសាងជីវិត
កន្លងមក ខ្ញុំបានអានសៀវភៅមួយក្បាល ដែលបង្រៀនមនុស្សឲ្យចេះជួយខ្លួនឯងឲ្យមានជោគជ័យ។ ខ្ញុំបានចាប់អារម្មណ៍នឹងទស្សនៈមួយ ដែលគេបានសរសេរ ក្នុងសៀវភៅនោះថា ចូរធ្វើតែកិច្ចការណា ដែលអ្នកពូកែធ្វើចុះ ព្រោះមានតែកិច្ចការនោះទេ ដែលអ្នកមានអារម្មណ៍ជឿជាក់បំផុតថា អ្នកអាចធ្វើបាន។ ត្រង់ចំណុចនេះ អ្នកនិពន្ធកំពុងតែព្យាយាមជួយអ្នកអាន ឲ្យកសាងជីវិត ឲ្យបានដូចក្តីបំណង។ ខ្ញុំមិនដឹងថា អ្នកមានគំនិតយល់ឃើញយ៉ាងណាទេ ប៉ុន្តែ សម្រាប់ខ្ញុំវិញ ខ្ញុំយល់ថា បើសិនជាខ្ញុំធ្វើតែការអ្វីដែលខ្ញុំពូកែធ្វើ នោះខ្ញុំមិនអាចសម្រេចកិច្ចការបានច្រើនទេ!
យើងឃើញថា ក្នុងបទគម្ពីរម៉ាកុស ជំពូក១០ សាវ័កយ៉ាកុប និងសាវ័កយ៉ូហាន បានមានផែនការខ្លះៗ សម្រាប់រស់នៅ ឲ្យបានដូចក្តីបំណង ក្នុងពេលអនាគត។ បានជាពួកគេទូលសូមព្រះយេស៊ូវ ឲ្យពួកគេអង្គុយនៅក្បែរព្រះអង្គ ម្នាក់នៅខាងឆ្វេង ហើយម្នាក់ទៀតនៅខាងស្តាំ ក្នុងនគរស្ថានសួគ៌(ខ.៣៧)។ ការទូលសូមដូចនេះ បានធ្វើឲ្យសាវ័កទាំង១០នាក់ផ្សេងទៀត មានការ “តូចចិត្ត”នឹងអ្នកទាំងពីរ(ខ.៤១)។ (ការនេះអាចមកពីពួកគេចង់បានកន្លែងអង្គុយនៅក្បែរព្រះអង្គផងដែរ)។ ប៉ុន្តែ ពេលនោះ ព្រះយេស៊ូវក៏បានឈ្លៀតឱកាស បង្រៀនពួកគេ អំពីការរស់នៅមួយបែបទៀត ដែលព្រះអង្គសព្វព្រះទ័យ គឺការរស់នៅ ដោយបម្រើគ្នាទៅវិញទៅមក។ គឺដូចដែលព្រះអង្គបានមានបន្ទូលថា “មិនត្រូវឲ្យមានដូច្នោះក្នុងពួកអ្នករាល់គ្នាឡើយ អ្នកណាក្នុងពួកអ្នករាល់គ្នាដែលចង់ធ្វើធំ នោះនឹងត្រូវធ្វើជាអ្នកបំរើដល់អ្នករាល់គ្នាវិញ ឯអ្នកណាក្នុងពួកអ្នករាល់គ្នាដែលចង់បានជាលេខ១ អ្នកនោះត្រូវធ្វើជាបាវដល់អ្នកទាំងអស់វិញ”(ខ.៤៣-៤៤)។ ព្រះបន្ទូលព្រះអង្គត្រង់ចំណុចនេះ បានបញ្ជាក់ថា ការបម្រើគ្នាទៅវិញទៅមក គឺជាការរៀបចំរបស់ព្រះ…
ពាក្យសម្តីដែលយើងនិយាយ
អ្នកប្រហែលជាធ្លាប់ឮគេនិយាយថា “អ្នកប្រាជ្ញជជែកអំពីទ្រឹស្តី អ្នកចេះដឹងកំរិតមធ្យមជជែកគ្នាអំពីព្រឹត្តិការណ៍ មនុស្សមានគំនិតតូចជជែកគ្នាអំពីមនុស្ស”។ ខ្ញុំទទួលស្គាល់ថា យើងមានវិធីសាស្រ្តជាច្រើន សម្រាប់និយាយអំពីមនុស្សណាម្នាក់ ដោយផ្តល់កិត្តិយសឲ្យពួកគេ។ ប៉ុន្តែ ពាក្យស្លោកខាងលើនេះ និយាយសង្កត់ធ្ងន់ទៅលើការនិយាយមិនល្អអំពីអ្នកដទៃ។ ក្នុងពិភពលោកសព្វថ្ងៃ យើងមានប្រព័ន្ធផ្សព្វផ្សាយជាច្រើន ដូចជាកាសែត វិទ្យុ ទូរទស្សន៍ និងនៅលើគេហទំព័របណ្តាញសង្គមជាដើម ដែលនិយាយអំពីជីវិត ឬរឿងផ្ទាល់ខ្លួនរបស់មនុស្សមួយចំនួន តាមរបៀបដែលមិនសមរម្យ។ ការនិយាយអំពីរឿងផ្ទាល់ខ្លួនរបស់អ្នកដទៃ តាមប្រព័ន្ធផ្សព្វផ្សាយទាំងនោះ មានការកើនឡើងកាន់តែខ្លាំង បានជាមនុស្សក្នុងសម័យនេះ ច្រើនតែយល់ថា ការនិយាយដើមគ្នាបានក្លាយជារឿងធម្មតាទៅហើយ ដូចនេះ មិនមែនមានតែអ្នកមាន និងបុគ្គលដែលល្បីឈ្មោះប៉ុណ្ណោះទេ ដែលគេលើកមកនិយាយដើមនោះ។ បានជានៅតាមកន្លែងធ្វើការ ពួកជំនុំ នៅក្បែរផ្ទះ និងក្នុងគ្រួសារយើង មានមនុស្សជាច្រើន ដែលបានក្លាយជាគោលដៅ នៃការនិយាយដើម ដោយអណ្តាតដ៏មុតស្រួច ហើយពួកគេមានការឈឺចាប់ណាស់ ពេលដែលបានដឹងថា ខ្លួនបានក្លាយជាជនរងគ្រោះនៃការនិយាយដើម ដែលការនេះមិនគួរកើតមានសោះ។
ដូចនេះ តើធ្វើដូចម្តេច ឲ្យយើងអាចជៀសចេញ ពីការប្រើពាក្យសម្តី ដែលធ្វើឲ្យអ្នកដទៃឈឺចាប់? ជាការពិតណាស់ យើងអាចជៀសវាងការនិយាយដើមអ្នកដទៃបាន ពេលដែលយើងទទួលស្គាល់ថា ព្រះទ្រង់ជាអ្នកដែលស្តាប់ឮពាក្យសម្តីគ្រប់ម៉ាត់ ដែលយើងនិយាយចេញមក ទោះជានៅពេលណាក៏ដោយ ហើយព្រះអង្គសព្វព្រះទ័យនឹងឲ្យយើងមានជីវិតរស់នៅ ដែលល្អប្រសើរជាងនេះ។ យើងអាចអធិស្ឋានតាមអ្នកនិពន្ធទំនុកដំកើងថា “ឱព្រះអម្ចាស់ ជាថ្មដា ហើយជាអ្នកប្រោសលោះនៃទូលបង្គំអើយ សូមឲ្យពាក្យសំដីដែលចេញមកពីមាត់ទូលបង្គំ…