Month: December 2016

សត្វពស់ក្នុងទូកញ្ចក់

មានពេលមួយ ខ្ញុំបានទៅលេងសួនសត្វជាមួយមិត្តភ័ក្តិរបស់ខ្ញុំ។ ខ្ញុំបានឃើញកូនស្រីរបស់គាត់ដែលចេះដើរតេសតាស មានមុខក្រហមព្រឿងៗ  បានប៉ះជញ្ជាំងរបស់ទូកញ្ចក់ដ៏ធំ ដែលនៅខាងក្នុងនោះ មានសត្វពោះថ្លាន់មួយប្រភេទ ឈ្មោះប៊ីលី។ សត្វពោះក៏បានវាយឺតៗ ដោយភ្នែកសម្លឹងមករកកូនស្រីដ៏តូចច្រឡឹងរបស់គាត់។ សត្វពោះនោះធំប៉ុនកំភួនដៃខ្ញុំ  ហើយមានសម្បុរអុចៗពណ៌ត្នោត លាយនឹងក្រឡាពណ៌លឿង។ ទោះបីជាខ្ញុំដឹងថា សត្វពស់នោះមិនអាចចេញមកខាងក្រៅទូកញ្ចក់នោះរួចក៏ដោយ  ក៏ខ្ញុំនៅតែមានអារម្មណ៍ភ័យញ័រខ្លួន  ពេលដែលបានឃើញសត្វពស់ដ៏គួរឲ្យខ្លាច ចូលមកក្បែរក្មេងតូចយ៉ាងនេះ។

ព្រះគម្ពីរបានចែងថា មានពេលមួយ សត្វសាហាវនឹងប្រែក្លាយជាស្លូតអស់ បានជាសត្វដទៃទៀត និងមនុស្សទាំងឡាយនឹងលែងខ្លាចពួកវាទៀត។ គឺដូចដែលមានសេចក្តីចែងថា “នៅគ្រានោះ ឆ្កែព្រៃនឹងនៅជាមួយនឹងកូនចៀម … ហើយក្មេងលែងដោះនឹងលូកដៃចូលទៅក្នុងរូងពស់វែកបាន”(អេសាយ ១១:៦,៨)។ បានសេចក្តីថា មនុស្សទំាងអស់នៅលើផែនដីថ្មី នឹងរស់នៅដោយសុខដម និងដោយសន្តិភាព។

ព្រះអម្ចាស់នឹងបង្កើតផែនដីថ្មីដ៏សុខសាន្ត ដោយប្រាជ្ញា  អំណាចចេស្តា  និងប្រាជ្ញារបស់ព្រះអង្គ។ នៅពេលនោះ ព្រះអង្គនឹងជំនុំជម្រះលោកិយ ដោយសុចរិត និងយុត្តិធម៌(១១:៤)។ ហើយមនុស្សម្នាក់ៗនឹងទទួលស្គាល់ភាពធំឧត្តម្ភរបស់ព្រះអង្គ គឺដូចដែលមានសេចក្តីចែងថា “គ្រប់ទាំងអស់នឹងស្គាល់ព្រះយេហូវ៉ា នៅពេញពាសលើផែនដី”(១១:៩)។

យើងកំពុងរស់នៅក្នុងពិភពលោកដែលបែកបាក់។ ភាពអយុត្តិធម៌ ការមិនចុះសម្រុងគ្នា ការភ័យខ្លាច និងការឈឺចាប់ គឺជាផ្នែកមួយនៃជីវិតរបស់យើង ជារៀងរាល់ថ្ងៃ។ ប៉ុន្តែ ថ្ងៃមួយ ព្រះអង្គនឹងកែប្រែអ្វីៗទាំងអស់ ហើយ “ព្រះអាទិត្យ នៃសេចក្តីសុចរិតនឹងរះឡើង មានទាំងអំណាចប្រោសឲ្យជា នៅក្នុងចំអេងស្លាប”(ម៉ាឡាគី…

ភាពអស្ចារ្យនៃបេះដូង

បេះដូងមនុស្សលោតប្រហែល ១សែនដង ក្នុងមួយថ្ងៃ ដោយផ្គត់ផ្គង់ឈាមដល់កោសិកាទាំងអស់ក្នុងរូបកាយយើង។ ជាសរុប បេះដូងយើងលោតប្រហែល៣៥លានដង ក្នុង១ឆ្នាំ និងជាមធ្យម លោតប្រហែល ២ពាន់៥រយលានដង ក្នុងមួយជីវិតមនុស្សជាមធ្យម។ វិទ្យាសាស្រ្តសុខាភិបាលបានបកស្រាយថា ចលនាបេះដូងលោតម្តងៗ គឺស្រដៀងនឹងកម្លាំង ដែលយើងប្រើដើម្បីប្រឹងច្របាច់កូនបាត់តេនីស នៅក្នុងដៃយើងមួយទំហឹងដៃ។

ដូចនេះ បេះដូងយើងពិតជាអស្ចារ្យណាស់ ប៉ុន្តែ វាគ្រាន់តែជាឧទាហរណ៍មួយ ក្នុងចំណោមឧទាហរណ៍ជាច្រើន ក្នុងពិភពធម្មជាតិ ដែលព្រះបានរចនាមក ដើម្បីប្រាប់យើង អំពីព្រះអាទិករ គឺដូចដែលមានចែងនៅក្នុងព្រះគម្ពីរយ៉ូប។

បន្ទាប់ពីលោកយ៉ូបបានជួបសោកនាដកម្មផ្ទួនៗ គាត់មានទុក្ខព្រួយជាទម្ងន់។ ពេលដែលព្រះទ្រង់មានបន្ទូលមកកាន់គាត់ ព្រះអង្គមិនបានប្រាប់គាត់ អំពីមូលហេតុដែលគាត់កំពុងមានទុក្ខវេទនាឡើយ។ ព្រះអាទិករទ្រង់ក៏មិនបានប្រាប់គាត់ថា ថ្ងៃណាមួយ ព្រះអង្គនឹងរងទុក្ខវេទនាជំនួសលោកយ៉ូបដែរ។ ផ្ទុយទៅវិញ ព្រះអង្គបានបង្វែរអារម្មណ៍របស់លោកយ៉ូប ឲ្យគិតដល់ភាពអស្ចារ្យជាច្រើនក្នុងធម្មជាតិ ដែលតែងតែខ្សិបដាក់យើង ហើយជួនកាលក៏បានស្រែកដាក់យើង ឲ្យបានដឹងអំពីប្រាជ្ញា និងអំណាចចេស្តានៃព្រះ ដែលធំប្រសើរលើសយើងរាល់គ្នា(យ៉ូប ៣៨:១-១១)។

ដូចនេះ ពេលដែលយើងពិចារណាអំពីភាពស្មុគ្រស្មាញ នៃសាច់ដុំបេះដូង ដែលខិតខំធ្វើចលនា តើយើងរៀនបានអ្វីខ្លះ? តើសម្លេងទឹករលកបោកច្រាំង និងពន្លឺផ្កាយព្រោងព្រាតនៅលើមេឃ បានបង្រៀនយើងអ្វីខ្លះ អំពីព្រះ? ការពិចារណាអំពីអំណាច និងប្រាជ្ញានៃព្រះអាទិករនៃយើង អាចនាំឲ្យយើងមានហេតុផល ដើម្បីនឹងទុកចិត្តព្រះអង្គកាន់តែខ្លាំង។-Mart Dehaan

ការបង្រៀនមនុស្សជំនាន់ក្រោយ

នៅទសវត្សរ៍ឆ្នាំ១៦០០ គេបានបោះពុម្ភផ្សាយសៀវភៅរៀនអាន នៅរដ្ឋញូអីងគ្លិន។ ក្រោយមក សៀវភៅនេះបានក្លាយជាធនធានដែលគេបានប្រើយ៉ាងទូលំទូលាយ នៅក្នុងរដ្ឋចំណុះទាំងឡាយនៅក្រោមអាណានិគមអង់គ្លេស នៅលើទឹកដីអាមេរិក ដែលក្រោយមកក៏បានប្រែក្លាយជាសហរដ្ឋអាមេរិក។

សៀវភៅសិក្សាសម័យដើមរបស់អាមេរិកមួយក្បាលនេះ ត្រូវបានគេចងក្រងឡើង ដោយផ្អែកទៅលើព្រះគម្ពីរបរិសុទ្ធ ហើយគេបានប្រើរូបភាព និងពាក្យចុងចួន ដែលផ្អែកទៅលើព្រះគម្ពីរ ដើម្បីជួយឲ្យកុមារទាំងឡាយរៀនអានអក្សរ។ ក្នុងសៀវភៅនោះ ក៏មានលំនាំនៃការអធិស្ឋាន ដែលមានដូចជា : “សូមព្រះអម្ចាស់ជួយថែររក្សាវិញ្ញាណទូលបង្គំ ពេលដែលទូលបង្គំចូលដំណេក។ បើទូលបង្គំត្រូវអស់ជីវិត មិនបានក្រោកវិញទេ នោះសូមព្រះអង្គទទួលយកវិញ្ញាណទូលបង្គំផង”។

ក្នុងទឹកដីអាមេរិក សម័យអាណានិគមអង់គ្លេស គេបានប្រើសៀវភៅរៀនអាននេះ ដើម្បីនាំមនុស្សជំនាន់ក្រោយឲ្យបន្តជំនឿព្រះយេស៊ូវពីអ្នកជំនាន់មុន។ ការនេះគឺត្រូវតាមបំណងព្រះទ័យ ដែលព្រះទ្រង់មានចំពោះជនជាតិអ៊ីស្រាអែល នៅសម័យបុរាណ ដែលជារាស្ត្ររបស់ព្រះអង្គ ដូចដែលមានចែងក្នុងបទគម្ពីរចោទិយកថា ៦:៦-៧ ថា “សេចក្តីទាំងនេះដែលអញបង្គាប់ដល់ឯងនៅថ្ងៃនេះ នោះត្រូវនៅជាប់ក្នុងចិត្តឯងចុះ ត្រូវឲ្យប្រិតប្រៀនសេចក្តីទាំងនេះដល់កូនចៅឯង ព្រមទាំងនិយាយដំណាល ក្នុងកាលដែលអង្គុយនៅក្នុងផ្ទះហើយដើរតាមផ្លូវ ក្នុងកាលដែលដេក ហើយក្រោកឡើងផង”។

យើងចាំបាច់ត្រូវនិយាយប្រាប់មនុស្សជំនាន់ក្រោយ ឲ្យដឹងថា ព្រះទ្រង់ជានរណា ព្រះអង្គបានធ្វើការអ្វីខ្លះសម្រាប់យើង ហើយតើព្រះអង្គសព្វព្រះទ័យឲ្យយើងស្រឡាញ់ និងស្តាប់បង្គាប់ព្រះអង្គ ដោយរបៀបណា ហើយទន្ទឹមនឹងនោះ យើងត្រូវរស់នៅជាគំរូល្អ ដើម្បីនាំមនុស្សជំនាន់ក្រោយឲ្យបន្តសេចក្តីជំនឿលើព្រះ។ យើងអាចធ្វើជាឧបករណ៍បង្រៀន ដែលព្រះនឹងប្រើ ដើម្បីជួយអ្នកដទៃ ក្នុងការដែលពួកគេដើរជាមួយព្រះអង្គ។-Dennis Fisher

ថ្មស្រែកជំនួស

គេសង្កេតឃើញថា គេបានប្រើពិធីបុណ្យណូអែល សម្រាប់ផ្សាយពាណិជ្ជកម្មកាន់តែច្រើន ពីមួយឆ្នាំទៅមួយឆ្នាំ។  សូម្បីតែនៅក្នុងប្រទេសដែលប្រជាជនភាគច្រើនបានប្រកាសថា ខ្លួនជា “គ្រីស្ទបរិស័ទ” ក៏រដូវកាលនៃបុណ្យណូអែល បានក្លាយជារដូវកាលនៃការដើរទិញឥវ៉ាន់កាន់តែច្រើន ខណៈពេលដែលការថ្វាយបង្គំព្រះមានកាន់តែតិចទៅៗ។ សម្ពាធដែលជំរុញឲ្យគេដើរទិញអំណោយ និងរៀបចំពិធីជប់លៀង បានបណ្តាលឲ្យគេកាន់តែមានការពិបាក នៅក្នុងការផ្តោតចិត្តទៅលើអត្ថន័យដ៏ពិត នៃពិធីបុណ្យណូអែល ដែលជាថ្ងៃខួបនៃការយាងមកយកកំណើតរបស់ព្រះយេស៊ូវ ដែលជាព្រះរាជបុត្រានៃព្រះតែមួយ ជាព្រះសង្រ្គោះនៃពិភពលោក។ ប៉ុន្តែ ជារៀងរាល់ពេលពិធីបុណ្យណូអែលមកដល់ ខ្ញុំក៏បានឮគេផ្សាយដំណឹងល្អ នៅតាមកន្លែងដែលគួរឲ្យភ្ញាក់ផ្អើលជាច្រើន ដូចជានៅផ្សារទំនើប ដែលគេបានប្រើបុណ្យណូអែល សម្រាប់ផ្សាយពាណិជ្ជកម្មជាច្រើន។

ពេលខ្ញុំឮបទចម្រៀង “អំណរដល់លោក ព្រះបុត្រកើតហើយ” ដែលបានបន្លឺឡើងចេញពីប្រព័ន្ធបំពងសម្លេងនៅទីសាធារណៈ នៅសហរដ្ឋអាមេរិក ខ្ញុំក៏បាននឹកចាំ អំពីព្រះបន្ទូល ដែលព្រះយេស៊ូវបានមាន ទៅកាន់ពួកផារិស៊ី  ពេលដែលពួកគេឲ្យព្រះអង្គប្រាប់ពួកបណ្តាលជន ឲ្យនៅស្ងៀម លែងសរសើរដំកើងព្រះអង្គទៀត។ កាលនោះព្រះអង្គមានបន្ទូលទៅគេថា “ខ្ញុំប្រាប់អ្នករាល់គ្នាថា បើអ្នកទាំងនេះនៅស្ងៀម នោះថ្មនឹងស្រែកឡើងវិញ”(លូកា ១៩:៤០)។

ដូចនេះ  ក្នុងរដូវកាលបុណ្យណូអែល    យើងក៏បានឮសម្លេងច្រៀង   ចេញពីម៉ាស៊ីនបំពងសម្លេង ដែលគេបំពាក់នៅតាមជញ្ជាំងថ្ម គឺប្រៀបដូចជាថ្មដែលស្រែកឡើងជំនួសមនុស្ស។ សូម្បីតែអ្នកដែលបានស្លាប់ខាងវិញ្ញាណ ក៏បានច្រៀងទំនុកសរសើរ នៅថ្ងៃបុណ្យណូអែល ដែលគ្រីស្ទបរិស័ទបាននិពន្ធតាំងពីយូរមកហើយ ដែលការនេះបានរំឭកយើងថា  ទោះបីជាមនុស្សព្យាយាមបំបិតសម្លេងព្រះរាជសារដ៏ពិតនៃពិធីបុណ្យណូអែលយ៉ាងណាក៏ដោយ ក៏ពួកគេនៅតែមិនបានទទួលជោគជ័យដដែល។

ទោះបីជាការប្រើពិធីបុណ្យណូអែលដើម្បីផ្សាយពាណិជ្ជកម្ម បានព្យាយាមបំប្លែងព្រះរាជសារនៃកំណើតព្រះគ្រីស្ទក៏ដោយ ក៏ព្រះទ្រង់នឹងនៅតែឲ្យដំណឹងល្អរបស់ព្រះអង្គ បានផ្សាយទៅដល់កន្លែងណាក៏ដោយ “ដែលមានបណ្តាសានៃអំពើបាប”។-Julie Ackerman…

ការប្រណាំងរបស់ចននី

ពេលដែលយុវជនឈ្មោះ ចននី អ័ហ្កា(Johnny Agar) ដែលមានអាយុ១៩ឆ្នាំ បានចូលរួមរត់ប្រណាំចម្ងាយ៥គីឡូម៉ែត្រ មានមនុស្សជាច្រើនបានគាំទ្រគាត់ ដែលមានដូចជាក្រុមគ្រួសារ និងមិត្តភ័ក្តិគាត់ ដែលអបអរសាទរជ័យជម្នៈរបស់គាត់។

ចននីមានជម្ងឺពិការខួរក្បាលពីកំណើត ដែលបានបណ្តាលឲ្យគាត់ពិបាកធ្វើសកម្មភាពផ្សេងៗ។ ប៉ុន្តែ លោកចេហ្វ(Jeff) ដែលជាឪពុករបស់គាត់ បានចូលរួមរត់ប្រណាំងជាក្រុមជាមួយគាត់ ដើម្បីប្រកួតនៅក្នុងការរត់ប្រណាំជាច្រើន ដោយបុរសដែលជាឪពុករុញចននីដែលនៅលើរទេះរុញ។ ប៉ុន្តែ ថ្ងៃមួយ ចននីចង់រត់ឲ្យដល់ទីដោយខ្លួនឯង។ ពេលដែលពួកគេបានទៅដល់ពាក់កណ្តាលទីហើយ ឪពុករបស់គាត់ក៏បានដាក់គាត់ចុះពីរទេះ ជួយទប់ឲ្យគាត់ដើរទៅមុខ ហើយចាំជួយទប់គាត់ ពេលដែលគាត់បញ្ចប់ការរត់ប្រណាំងដោយជើងទាំងពីររបស់គាត់។ ការនេះបាននាំឲ្យមានកម្មវិធីអបអរសាទរដ៏ធំសម្រាប់គាត់ ដែលមានមិត្តភ័ក្តិ និងក្រុមគ្រួសារមកអបអរជ័យជម្នះរបស់គាត់។ ចននីបានថ្លែងទៅកាន់អ្នកយកពត៌មានថា “ការគាំទ្ររបស់ពួកគេ ធ្វើឲ្យខ្ញុំកាន់តែមានភាពងាយស្រួល នៅក្នុងការប្រកួត។ ការលើកទឹកចិត្តរបស់ពួកគេបានជម្រុញចិត្តខ្ញុំ”។

សម្រាប់យើងដែលជាគ្រីស្ទបរិស័ទ តើនេះមិនមែនជាការអ្វី ដែលយើងត្រូវធ្វើសម្រាប់គ្នាទៅវិញទៅមកទេឬ?  គឺដូចដែលបទគម្ពីរហេព្រើ ១០:២៤ បានរំឭកយើងថា “ត្រូវឲ្យយើងពិចារណាមើលគ្នាទៅវិញទៅមកដែរ ដើម្បីនឹងបណ្តាលឲ្យមានសេចក្តីស្រឡាញ់ ហើយឲ្យប្រព្រឹត្តការល្អផង”។ ពេលដែលយើងស្រឡាញ់គ្នាទៅវិញទៅមក តាមគំរូព្រះសង្រ្គោះនៃយើង(យ៉ូហាន ១៣:៣៤-៣៥) នោះសូមយើងស្រមៃ អំពីភាពខុសប្លែកដែលអាចកើតឡើង ពេលដែលយើងលើកទឹកចិត្តគ្នាទៅវិញទៅមក ដោយយើងដឹងថា នៅពីក្រោយយើង គឺមានមិត្តភ័ក្តិមួយក្រុមដែលគាំទ្រ និងអបអរយើង។ បើយើងគិតឲ្យបានស៊ីជម្រៅ  អំពីសេចក្តីបង្រៀន ដែលបានប្រាប់យើងឲ្យ “កម្សាន្តចិត្ត និងស្អាងគ្នាទៅវិញទៅមក”(១ថែស្សាឡូនិច ៥:១១) នោះការរត់ប្រណាំងខាងវិញ្ញាណ…

ល្អជាងមុន

កាលកូនៗរបស់ខ្ញុំ នៅជាទារក ស្បែករបស់ពួកគេស្ទើរតែល្អឥតខ្ចោះ។ សាច់របស់ពួកគេទន់  ដោយកែងដៃពួកគេមិនទាន់មានស្បែកក្រិន  ហើយកែងជើងក៏មិនទាន់ប្រេះបែកដែរ។ ស្បែកពួកគេខ្ចី ហើយរលោង ខុសពីស្បែកខ្ញុំ ដែលមានស្នាមសម្លាកច្រើន ដោយសារមិនបានថែទាំឲ្យបានដិតដល់។

ក្នុងនាមជាអ្នកប្រយុទ្ធ និងមេទ័ពដ៏ខ្លាំងក្លានៃកងទ័ពស៊ីរី លោកណាម៉ានមានស្នាមឆ្កូត និងសម្លាកជាច្រើននៅលើស្បែក ដោយសារការធ្វើសឹកសង្រ្គាម ប៉ុន្តែ ទន្ទឹមនឹងនោះ គាត់ថែមទាំងមានជម្ងឺឃ្លង់ ដែលជាជម្ងឺសើរស្បើកដ៏ធ្ងន់ធ្ងរ។ ពេលដែលអ្នកបម្រើគាត់ជម្រាប់គាត់ថា លោកហោរាអេលីសេអាចជួយឲ្យគាត់ជាពីជម្ងឺបាន គាត់ក៏បានទៅជួបលោកហោរា។ គាត់ក៏បានធ្វើតាមការណែនាំរបស់លោកអេលីសេ ហើយស្បែកដែលមានជម្ងឺរបស់គាត់ “ក៏បានដុះឡើងជាថ្មី ដូចជាសាច់របស់ក្មេង”(២ពង្សាវតាក្សត្រ ៥:១៤)។ ការជាសះស្បើយនេះ បានជួយឲ្យរូបកាយ និងវិញ្ញាណគាត់មានភាពល្អប្រសើរឡើង។ បន្ទាប់ពីបានទទួលការប្រោសឲ្យជា គាត់ក៏បានប្រកាស់ថា “មើលឥឡូវនេះខ្ញុំដឹងថា នៅផែនដីទាំងមូល គ្មានព្រះឯណាសោះ វៀរតែព្រះនៃសាសន៍អ៊ីស្រាអែល១ប៉ុណ្ណោះ”(ខ.១៥)។ តាមរយៈបទពិសោធន៍នៃការអស្ចារ្យនេះ គាត់ក៏បានដឹងថា ព្រះពិតគឺមានតែមួយ(១កូរិនថូស ៨:៦)។

យើងក៏អាចស្គាល់ព្រះកាន់តែច្បាស់ តាមរយៈបទពិសោធន៍នៃជីវិតរបស់យើង ដូចលោកណាម៉ានផងដែរ។ ការទទួលព្រះពរអាចបង្ហាញឲ្យយើងស្គាល់សេចក្តីមេត្តាករុណា និងសេចក្តីល្អរបស់ព្រះអង្គ(ម៉ាថាយ ៧:១១)។ ការឆ្លងផុត ឬទ្រាំអត់នៅក្នុងទុក្ខលំបាក អាចជួយឲ្យយើងស្គាល់ជំនួយ និងការមើលថែររបស់ព្រះ។ ការស្គាល់ព្រះអង្គកាន់តែច្បាស់ ហើយមានការលូតលាស់(២ពេត្រុស ៣:១៨) តែងតែជួយឲ្យយើងមានការលូតលាស់ខាងវិញ្ញាណ កាន់តែប្រសើរឡើងជានិច្ច។-Jennifer Benson Schuldt

ការប្រើមនុស្សដូចកូនអុក

ល្បែងអុក ឬចត្រង្គ គឺជាល្បែងយុទ្ធសាស្រ្តតាំងពីសម័យបុរាណ។ អ្នកលេងទាំងពីរនាក់ចាប់ផ្តើមលេង ដោយមានគ្រាប់អុក១៦គ្រាប់ម្នាក់ នៅលើក្តាអុក ដោយមានគោលដៅតាមព័ទ្ធចាប់ស្តេចរបស់គូប្រកួតខ្លួនឲ្យបាន។ នៅសម័យក្រោយមក គេក៏បានបង្កើតជាទម្រង់ផ្សេងៗនៃល្បែងអុក ដែលក្នុងនោះ មានល្បែងអុកមួយប្រភេទ ដែលឲ្យមនុស្សធ្វើជាគ្រាប់អុក។ លោកឆាល ម៉ាទែល(Charles Martel) ដែលជាចៅហ្វាយខេត្តអូស្រាសៀ បាននាំគេលេងអុកប្រភេទនេះមុខគេ នៅឆ្នាំ៧៣៥នៃគ្រីស្ទសគរាជ។ គាត់បានឲ្យមនុស្សម្នាក់ៗដែលធ្វើជាកូនអុក ស្លៀកពាក់ឯកសណ្ឋាន  ដើម្បីបញ្ជាក់ថា  ខ្លួនជាគ្រាប់អុកអ្វី  នៅលើក្តាអុក។ គាត់បានលេងអុក ដោយឲ្យមនុស្សឈរតម្រៀបគ្នា ជាកូនអុកនៅលើក្តាអុកយក្ស ហើយឲ្យដើរពីក្រឡាមួយទៅក្រឡាមួយទៀត តាមបញ្ជា និងតាមចិត្តរបស់អ្នកលេងអុក។

ក្នុងជីវិតពិត តើមានមនុស្សដែលត្រូវគេប្រើដូចកូនអុក ដើម្បីសម្រេចបំណង ឬគោលដៅរបស់គេឬទេ? មានពេលខ្លះ យើងងាយនឹងមានការងប់ងល់នឹងគោលដៅរបស់យើងណាស់ បានជាយើងចង់ប្រើអ្នកដទៃ ដូចជាកូនអុក ដើម្បីសម្រេចបំណងយើង។ ទោះជាយ៉ាងណាក៏ដោយ ព្រះគម្ពីរបានបង្រៀនយើង ឲ្យមានទស្សនៈផ្សេងពីនេះ ចំពោះអ្នកដែលនៅជុំវិញយើង។ យើងត្រូវយល់ថា មនុស្សជាស្នារព្រះហស្តដែលព្រះអង្គបានបង្កើតឲ្យមានរូបភាពដូចព្រះអង្គ(លោកុប្បត្តិ ១:២៦)។ ព្រះអង្គស្រឡាញ់មនុស្សទាំងអស់(យ៉ូហាន ៣:១៦) ហើយយើងក៏ត្រូវស្រឡាញ់ពួកគេផងដែរ។

គឺដូចដែលសាវ័កយ៉ូហានបានមានប្រសាសន៍ថា “ពួកស្ងួនភ្ងាអើយ យើងត្រូវស្រឡាញ់គ្នាទៅវិញទៅមក ដ្បិតសេចក្តីស្រឡាញ់មកពីព្រះ ឯអស់អ្នកណាដែលមានសេចក្តីស្រឡាញ់ នោះឈ្មោះថាមកពីព្រះ ហើយក៏ស្គាល់ទ្រង់ដែរ”(១យ៉ូហាន ៤:៧)។ ដោយសារព្រះទ្រង់ស្រឡាញ់យើងជាមុន នោះយើងត្រូវឆ្លើយតបចំពោះព្រះអង្គវិញ ដោយស្រឡាញ់ព្រះអង្គ និងស្រឡាញ់មនុស្សដែលព្រះអង្គបានបង្កើត…

ព្រះអង្គ​ហៅចំឈ្មោះយើង

នៅដើមឆ្នាំសិក្សារបស់សាលារៀនមួយកន្លែង ក្នុងទីក្រុងរបស់ខ្ញុំ លោកនាយកសាលាបានសន្យាថា គាត់នឹងរៀនស្គាល់ឈ្មោះរបស់សិស្សទាំង៦០០នាក់ក្នុងសាលារបស់គាត់ ឲ្យចាំទាំងអស់។ បើសិនជាមិនជឿគាត់ទេ គេអាចពិនិត្យមើលកំណត់ត្រារបស់គាត់កាលពីមុន។ កាលពីឆ្នាំមុន គាត់បានចាំឈ្មោះសិស្ស៧០០នាក់ នៅសាលារបស់គាត់ ហើយមុនឆ្នាំនោះ គាត់ក៏បានចាំឈ្មោះក្មេង៤០០នាក់ នៅសាលាផ្សេងទៀត។ ដូចនេះ សូមយើងគិតមើល តើការនេះមានន័យយ៉ាងណា ចំពោះសិស្សទាំងនេះ ដែលនាយកសាលាបានស្គាល់ឈ្មោះគេម្នាក់ៗ ហើយទទួលស្វាគមន៍ ដោយហៅចំឈ្មោះពួកគេ។

នៅក្នុងរឿងលោកសាខេជួបព្រះយេស៊ូវ(លូកា ១៩:១-១០) លោកសាខេក៏មានចិត្តរំភើបផងដែរ ពេលដែលព្រះយេស៊ូវហៅឈ្មោះគាត់។ ពេលដែលព្រះយេស៊ូវយាងកាត់តាមទីក្រុងយេរីខូ មានអ្នកយកពន្ធដែលមានស្តុកស្តម្ភម្នាក់ ឈ្មោះសាខេ បានឡើងដើមឈើ ដើម្បីឲ្យបានឃើញព្រះអង្គ។ “កាលព្រះយេស៊ូវយាងមកដល់ នោះទ្រង់ងើបព្រះនេត្រឡើងឃើញ ហើយមានព្រះបន្ទូលទៅគាត់ថា សាខេ ចូរអ្នកចុះមកជាប្រញាប់ ដ្បិតថ្ងៃនេះ ខ្ញុំត្រូវស្នាក់នៅផ្ទះអ្នក”(ខ.៥)។ ត្រង់ចំណុចនេះ ព្រះអង្គមិនបានធ្វើព្រងើយ ដាក់លោកសាខេ ហើយក៏មិនបានមានបន្ទូលដាក់គាត់ថា “នែ អ្នកនៅលើដើមឈើ” ផ្ទុយទៅវិញ ព្រះអង្គបានហៅឈ្មោះគាត់។ ចាប់តាំងពីពេលនោះមក ជីវិតរបស់គាត់ក៏ចាប់ផ្តើមផ្លាស់ប្រែ។

ពេលដែលយើងមានអារម្មណ៍ថា ហាក់ដូចជាគ្មាននរណាម្នាក់ស្គាល់យើង ឬយកចិត្តទុកដាក់ចំពោះយើង នោះសូមនឹកចាំអំពីព្រះយេស៊ូវចុះ។ ព្រះអង្គស្គាល់ឈ្មោះយើង ហើយសព្វព្រះទ័យឲ្យយើងស្គាល់ព្រះអង្គ ហើយប្រកបស្និទ្ធស្នាលជាមួយព្រះអង្គ ដោយផ្ទាល់ៗខ្លួន។ ព្រះវរបិតាដែលគង់នៅស្ថានសួគ៌ ទតមកមើលយើងដោយព្រះនេត្រនៃសេចក្តីស្រឡាញ់ និងយកព្រះទ័យទុកដាក់ ចំពោះផ្នែកទាំងអស់នៃជីវិតរបស់យើង។-David McCasland

តើអ្នកកាន់ខាងណា?

ក្នុងអំឡុងពេលសង្រ្គាមស៊ីវិលដ៏ក្តៅគគុក នៅសហរដ្ឋអាមេរិក ទីប្រឹក្សាម្នាក់ ក្នុងចំណោមទីប្រឹក្សាជាច្រើនរបស់លោកប្រធានាធិបតីលីនខិន(Lincoln) បានមានប្រសាសន៍ថា គាត់អរព្រះគុណព្រះខ្លាំងណាស់ ដែលព្រះអង្គបានកាន់ខាងកងទ័ពរបស់គាត់។ ពេលនោះ  លោកលីនខិនបានឆ្លើយតបថា “លោក ខ្ញុំមិនខ្វល់ថា ព្រះកាន់ខាងយើងឬក៏អត់ទេ តែអ្វីដែលខ្ញុំខ្វល់បំផុតនោះគឺ តើយើងនៅកាន់ខាងព្រះអង្គឬអត់? ដ្បិតព្រះទ្រង់តែងតែកាន់ខាងមនុស្សត្រូវជានិច្ច”។

យើងប្រហែលជាគិតថា ព្រះអង្គគំាទ្រផែនការ ទស្សនវិស័យ ការសម្រេចចិត្ត និងសេចក្តីប៉ងប្រាថ្នារបស់យើង។ ប៉ុន្តែ វាមិនងាយស្រួលដូចយើងគិតទេ។ ទោះបីជាយ៉ាងណាក៏ដោយ ប្រសាសន៍របស់លោកលីនខិន បានរំឭកយើងថា សូម្បីតែផែនការដ៏ល្អបំផុតរបស់យើង ក៏ប្រហែលជាមិនបានធ្វើឲ្យព្រះសព្វព្រះទ័យសូម្បីតែបន្តិច។

ជាការពិតណាស់ អ្នកនិពន្ធទំនុកដំកើងចង់កាន់នៅខាងព្រះ បានជាគាត់ទូលអង្វរព្រះអង្គថា “ឱព្រះអង្គអើយ សូមពិនិត្យមើល ឲ្យបានស្គាល់ចិត្តទូលបង្គំផង សូមល្បងលឲ្យបានជ្រាបអស់ទាំងគំនិតនៃទូលបង្គំចុះ សូមទតមើលបើមានអំពើអាក្រក់ណានៅក្នុងទូលបង្គំ ហើយនាំទូលបង្គំតាមផ្លូវដ៏នៅអស់កល្បជានិច្ច”(ទំនុកដំកើង ១៣៩:២៣-២៤)។ ពេលដែលយើងយកគំរូតាមអ្នកនិពន្ធទំនុកដំកើង ដោយ “ចូលទៅជិតព្រះអង្គ”(៧៣:២៨) នោះយើងអាចដឹងច្បាស់ថា ព្រះអង្គកាន់ខាងយើង ដោយព្រះវិញ្ញាណព្រះអង្គជួយឲ្យយើង ថ្លឹងថ្លែងចិត្តគំនិត និងសកម្មភាពរបស់ខ្លួនឯង ឲ្យត្រូវតាមផ្លូវព្រះអង្គ ដែលតែងតែត្រឹមត្រូវជានិច្ច។

ដូចនេះ សូមយើងសួរខ្លួនឯងថា តើយើងកាន់នៅខាងព្រះអង្គទេ? ការកាន់នៅខាងព្រះអង្គ គឺមានន័យថា យើងនឹងបង្ហាញចេញនូវសេចក្តីស្រឡាញ់របស់ព្រះអង្គ ដល់លោកិយដែលនៅជុំវិញខ្លួនយើង នៅក្នុងទំនាក់ទំនងជាមួយអ្នកដទៃ។ ការចូលទៅជិតព្រះអង្គ នឹងនាំឲ្យយើងចេះអត់ទោសឲ្យ និងប្រព្រឹត្តចំពោះអ្នកដទៃ ដោយយុត្តិធម៌ ហើយស្វែងរកសន្តិភាព។…

វង្វេងចេញពីសេចក្តីពិត

មានក្រុមហ៊ុនមេធាវីមួយ នៅទីក្រុងញូយ៉កបានធ្វើការស្ទង់មតិ តាមប្រព័ន្ធអ៊ីនធឺណែត ហើយបានរកឃើញថា ៥២ភាគរយ នៃអ្នកជំនួញវលស្ទ្រីត ឈ្មួញកណ្តាល ធនាគាវិនិយោក និងពួកអ្នកអជីពផ្នែកហិរញ្ញវត្ថុដទៃទៀត បានប្រព្រឹត្តអំពើខុសច្បាប់ ឬយល់ថា ខ្លួនប្រហែលជាចាំបាច់ត្រូវប្រព្រឹត្តខុសច្បាប់នោះ ដើម្បីឲ្យមានជោគជ័យក្នុងមុខជំនួញ។ ការស្ទង់មតិនេះបានសន្និដ្ឋានថា អ្នកដឹកនាំផ្នែកហិរញ្ញវត្ថុទាំងនេះ “បានធ្វើហួសព្រំដែននៃក្រមសីលធម៌” ឬបាន “យល់ឃើញថា ទង្វើខុសឆ្គងរបស់ក្រុមហ៊ុន ជាអំពើអាក្រក់ដែលគេចាំបាច់ត្រូវធ្វើ”។

ពេលដែលសាវ័កប៉ុល កំពុងបណ្តុះបណ្តាលលោកធីម៉ូថេ ដែលជាយុវជន គាត់បានដាស់តឿនលោកធីម៉ូថេថា ការស្រឡាញ់លុយ និងការចង់ក្លាយជាអ្នកមាន បានបណ្តាលឲ្យអ្នកខ្លះវង្វេងចេញពីសេចក្តីពិត។ ពួកគេបានចាញ់ការល្បួង ហើយបានឱបក្រសោបយកសេចក្តីប៉ងប្រាថ្នា “ដ៏ល្ងង់ល្ងើ និងគ្រោះថ្នាក់”ជាច្រើន(១ធីម៉ូថេ ៦:៩)។ សាវ័កប៉ុលបានដឹងថា “ការស្រឡាញ់លុយ” ជាប្រភពនៃ “ការអាក្រក់គ្រប់យ៉ាង”(ខ.១០) ជាពិសេស គឺការទុកចិត្តលើលុយ ជាជាងពឹងផ្អែកលើព្រះគ្រីស្ទ។

ពេលដែលយើងរៀនទទួលស្គាល់ថា ព្រះគ្រីស្ទជាប្រភពនៃអ្វីៗគ្រប់យ៉ាងដែលយើងមាន យើងនឹងរកបានការស្កប់ចិត្តក្នុងព្រះអង្គ ជាជាងស្កប់ចិត្ត នៅក្នុងការមានរបស់ទ្រព្យសម្បត្តិ ជាកម្មសិទ្ធិ។ ពេលដែលយើងស្វែងរកការគោរពប្រតិបត្តិព្រះ ជាជាងស្វែងរកភាពមានបាន យើងនឹងមានចិត្តដែលចង់ស្មោះត្រង់ ចំពោះរបស់អ្វីដែលយើងបានទទួល។

ចូរយើងរៀនស្កប់ចិត្ត នៅក្នុងព្រះ ហើយចុះចូលចំពោះព្រះអង្គ ដោយចិត្តស្មោះត្រង់ ដ្បិតព្រះអង្គ នឹងផ្គត់ផ្គង់ ហើយមើលថែរយើង។-Marvin Williams