Month: February 2017

អំពើបាបដែលដេញតាម

មានគ្រូគង្វាលម្នាក់ បាននិយាយអំពីរឿងរបស់គាត់ ក្នុងទំព័រកាសែតប្រចាំតំបន់របស់ខ្លួន។ គាត់មានប្រសាសន៍ថា មានពេលមួយ គាត់បានជជែកគ្នាលេង ជាមួយបុរសម្នាក់ ដែលមានវ័យចំណាស់ជាងគេ ដែលគាត់ទើបតែណែនាំខ្លួនឲ្យស្គាល់។ លោកគ្រូគង្វាលបានសួរគាត់ថា “តើលោកធ្លាប់ធ្វើការឲ្យក្រុមហ៊ុនអគ្គីសនីនោះទេ?” បុរសនោះក៏បានឆ្លើយថា “បាទ ខ្ញុំធ្លាប់ធ្វើការឲ្យក្រុមហ៊ុនអគ្គីសនីនោះមែន”។ ពេលនោះ លោកគ្រូគង្វាលរូបនោះក៏បាននឹកចាំ កាលពីក្មេង គាត់ឃើញខ្សែភ្លើងរបស់ក្រុមហ៊ុននោះ ត្រូវបានគេតកាត់ពីលើដីឡូរបស់ឪពុកម្តាយគាត់។ បុរសនោះក៏បានសួរលោកគ្រូគង្វាលថា “តើកាលពីមុន លោកមានទីលំនៅ នៅកន្លែងណា?” ពេលលោកគ្រូគង្វាលឆ្លើយប្រាប់គាត់ គាត់ក៏បាននិយាយថា “ខ្ញុំនៅចាំថា ខ្ញុំមានការពិបាក នៅក្នុងការចងព្យួរផ្លាកសញ្ញាដាស់តឿន នៅលើខ្សែភ្លើង ក្នុងដីឡូមួយកន្លែង។ ព្រោះក្មេងៗចេះតែយកចំពាមកៅស៊ូបាញ់ទម្លាក់ផ្លាកសញ្ញានោះ ម្តងហើយម្តងទៀត”។

ពេលដែលលោកគ្រូគង្វាលទម្លាក់ទឹកមុខ ដោយការអៀនខ្មាស់ បុរសនោះក៏បានសួរគាត់ថា “តើកាលនោះ លោកក៏ជាក្មេងដែលធ្លាប់បាញ់ទម្លាក់ផ្លាកសញ្ញានោះ ជាមួយក្មេងៗដទៃទៀតមែនទេ?” ជាការពិតណាស់ កាលពីក្មេង គាត់ពិតជាបានបាញ់ទម្លាក់ផ្លាកសញ្ញានោះមែន។

លោកគ្រូគង្វាលក៏បានចែកចាយ អំពីរឿងនៃការសារភាពកំហុសកាលពីក្មេង ដោយដាក់ចំណងជើងថា “បាបឯងរាល់គ្នានឹងតាមឯងទាន់”។ គាត់បានដាក់ចំណងជើងនេះ ដោយដកស្រង់ពាក្យសម្តីរបស់លោកម៉ូសេ ក្នុងបទគម្ពីរ ជនគណនា ៣២:២៣ ដែលបានចែងថា “ត្រូវដឹងជាប្រាកដថា បាបឯងរាល់គ្នានឹងតាមឯងទាន់”។ អំពើបាបដែលយើងមិនទាន់បានដោះស្រាយ អាចនាំឲ្យមានលទ្ធផលដ៏ធ្ងន់ធ្ងរនៅពេលអនាគត។

គឺដូចដែលស្តេចដាវីឌទ្រង់បានធ្វើបទទំនួញ ក្នុងទំនុកដំកើង ជំពូក៣២ថា “កាលទូលបង្គំបានស្ងៀមនៅ នោះឆ្អឹងទូលបង្គំបានខ្សោះទៅ…

ការមិនលះចោលសេចក្តីជំនឿ

ពេលខ្ញុំកំពុងសិក្សាកណ្ឌគម្ពីរដានីយ៉ែល ខ្ញុំក៏បានដឹងថា ដានីយ៉ែលអាចជៀសវាងទោសប្រហារជីវិតដែលត្រូវគេទម្លាក់ចូលក្នុងរូងសឹង។ ពួកមន្ត្រីរបស់ស្តេចមានការច្រណែនឈ្នានីស ចំពោះដានីយ៉ែល ហើយពេលពួកគេដឹងថា គាត់អធិស្ឋានទៅរកព្រះជាប្រចាំថ្ងៃ មិនដែលខាន ពួកគេក៏បានរកវិធីបង្កើតច្បាប់ដាក់ទោសអ្នកណាដែលអធិស្ឋានទៅព្រះ(ដានីយ៉ែល ៦:១-៩)។ ដានីយ៉ែលបានដឹងច្បាស់ថា គេមានគម្រោងធ្វើបាបគាត់ ហើយគាត់អាចសម្រេចចិត្តទៅអធិស្ឋាន នៅកន្លែងស្ងាត់កំបាំង ក្នុងរយៈពេលមួយខែ ទំរាំតែច្បាប់នោះលែងមានប្រសិទ្ធិភាព។ ប៉ុន្តែ គាត់មិនមែនជាមនុស្សប្រភេទនោះទេ។

កាលដានីយ៉ែលបានដឹងថា សំបុត្រនោះបានចុះហត្ថលេខាហើយ នោះលោកក៏ចូលទៅក្នុងផ្ទះរបស់លោក (រីឯបង្អួចនៃបន្ទប់របស់លោក ខាងក្រុងយេរូសាឡិម ក៏នៅចំហរ) លោកលុតជង្គង់ចុះអធិស្ឋាន ហើយអរព្រះគុណដល់ព្រះរបស់លោក១ថ្ងៃ៣ដង ដូចជាកាលពីមុន(ខ.១០)។ ដានីយ៉ែលមិនមានការតក់ស្លត់ ឬតថ្លៃជាមួយព្រះទេ។ ផ្ទុយទៅវិញ គាត់បានបន្តអធិស្ឋាន ដូចសព្វមួយដង(ខ.១០)។ គាត់មិនខ្លាចគេយកទៅប្រហារជីវិតឡើយ។

រឿងនេះបានបង្រៀនខ្ញុំ អំពីអំណាចនៃការប្តេជ្ញាចិត្ត ដែលដានីយ៉ែលមានចំពោះព្រះ។ កម្លាំងរបស់គាត់ គឺទទួលបានពីព្រះ ដែលគាត់តែងតែចង់បំពេញព្រះទ័យទ្រង់ជារៀងរាល់ថ្ងៃ។ ពេលគាត់ជួបវិបត្តិ គាត់មិនបានបញ្ឈប់ទម្លាប់អធិស្ឋានប្រចាំថ្ងៃ ដើម្បីឲ្យខ្លួនរួចពីទោសប្រហារជីវិតឡើយ។ ផ្ទុយទៅវិញ គាត់នៅតែបន្តប្តេជ្ញាចិត្ត ចំពោះព្រះរបស់គាត់។-David McCasland

កែប្រែទស្សនៈ

រិយាខ្ញុំចូលចិត្តក្រោកពីព្រលឹម។ មុនពេលក្រុមគ្រួសារភ្ញាក់ពីដំណេក គាត់ចូលចិត្តចំណាយពេលស្ងាត់ស្ងៀមជាមួយព្រះ ដោយអានព្រះគម្ពីរ និងអធិស្ឋាន។ ថ្មីៗនេះ ពេលគាត់អង្គុយនៅលើកៅអីដែលគាត់ចូលចិត្ត ដើម្បីចំណាយពេលស្ងាត់ស្ងៀម គាត់ក៏បានជួបភាពរញេរញ៉ៃ នៅលើកៅអីវែង ដែលត្រូវបានបន្សល់ទុក ដោយ “អ្នក” ដែលបានមើលបាល់ទាត់ កាលពីពេលយប់។ ភាពរញេរញ៉ៃនេះបានរំខានគាត់ ធ្វើឲ្យគាត់បែកអារម្មណ៍នៅក្នុងការចំណាយពេលជាមួយព្រះ។

បន្ទាប់មក គាត់ក៏បានគិតឃើញដំណោះស្រាយមួយ។ គាត់ក៏បានផ្លាស់ទៅអង្គុយ នៅលើកៅអីវែងនោះវិញ។ ពេលគាត់អង្គុយទៅលើកៅអីវែងនោះ គាត់អាចមើលទៅបង្អួចផ្ទះខាងមុខ ឃើញថ្ងៃរះពីលើមហាសមុទ្រអាត្លង់ទិច ហើយភាពរញេរញ៉ៃនោះ លែងនៅចំពីមុខគាត់ទៀតហើយ។ សម្រស់នៃទេសភាព ដែលព្រះទ្រង់បានរចនា នៅពេលព្រឹកនោះ ក៏បានកែប្រែទស្សនៈរបស់គាត់។

ពេលគាត់ចែកចាយ អំពីរឿងនេះដល់ខ្ញុំ យើងទាំងពីរក៏បានរៀនបាននូវមេរៀនដ៏សំខាន់មួយ នៅពេលព្រឹកនោះ។ យើងមិនតែងតែអាចគ្រប់គ្រងបញ្ហាក្នុងជីវិត ដែលមានផលប៉ះពាល់មកលើការរស់នៅប្រចាំថ្ងៃឡើយ តែយើងមានជម្រើស។ តើយើងចង់សម្រេចចិត្តបន្តខ្វល់ពី  “ភាពរញេរញ៉ៃ”នោះទៀត  ឬយើងចង់កែប្រែទស្សនៈរបស់យើង?  ពេលសាវ័កប៉ុលនៅទីក្រុងអាថែន “គាត់មានសេចក្តីរំជួលក្នុងចិត្តជាខ្លាំង ដោយឃើញមានរូបព្រះនៅពេញក្នុងទីក្រុងនោះ”(កិច្ចការ ១៧:១៦)។ ប៉ុន្តែ គាត់ក៏បានផ្លាស់ប្តូរទស្សនៈរបស់គាត់ ហើយក៏បានប្រើភាពរញេរញ៉ៃនោះ ជាឱកាសប្រកាសអំពីព្រះដ៏ពិត ដែលមានព្រះនាមយេស៊ូវគ្រីស្ទ(ខ.២២-២៣)។

ពេលដែលភរិយាខ្ញុំចេញទៅធ្វើការបាត់ ខ្ញុំក៏ត្រូវដល់ពេលកែប្រែទស្សនៈរបស់ខ្ញុំផងដែរ ដោយអនុញ្ញាតឲ្យព្រះអម្ចាស់ ជួយឲ្យខ្ញុំមើលឃើញភាពរញេរញ៉ៃ ជាឱកាសដែលមានប្រយោជន៍ដូចដែលភរិយាខ្ញុំ និងទ្រង់បានមើលឃើញផងដែរ។-Randy Kilgore

ការជ្រើសរើសរបស់ទ្រង់

កាលកូនៗរបស់ខ្ញុំនៅតូច ខ្ញុំច្រើនតែអធិស្ឋានជាមួយពួកគេ មុនពេលពួកគេបិទភ្នែកគេង។ ប៉ុន្តែ មុនពេលខ្ញុំអធិស្ឋាន ជួនកាល ខ្ញុំអង្គុយនៅចុងគ្រែ ជជែកគ្នាលេងជាមួយពួកគេ។ ខ្ញុំនៅចាំថា កាលនោះខ្ញុំធ្លាប់ប្រាប់លីបប៊ី(Libby) កូនស្រីខ្ញុំថា  “បើកូនឈរក្នុងចំណោមក្មេងស្រីទាំងអស់ ដែលមានអាយុ៤ឆ្នាំ ក្នុងពិភពលោក នោះម៉ាក់នឹងដើរទៅរកកូន។ ហើយម៉ាក់នឹងជ្រើសរើសកូនធ្វើជាកូនស្រីរបស់ម៉ាក់”។ ពាក្យសម្តីនេះបាននាំឲ្យមានស្នាមញញឹម នៅលើផ្ទៃមុខរបស់លីបប៊ី  ព្រោះនាងដឹងថា នាងជាមនុស្សពិសេស។

បើសិនជានាងបានញញឹមនៅពេលនោះ ដោយសារនាងដឹងថាខ្លួនជាមនុស្សពិសេស ចុះទំរាំតែយើងដែលបានដឹងថា ព្រះអាទិករនៃចក្រវាល “បានជ្រើសរើសយើង តាំងពីដើមដំបូងមក ដើម្បីឲ្យបានទទួលសេចក្តីសង្រ្គោះ”(២ថែស្សាឡូនិច ២:១៣)  តើយើងនឹងមានទឹកមុខញញឹមច្រើនប៉ុណ្ណា? មុនពេលកំណើតលោកិយ ទ្រង់សព្វព្រះទ័យនឹងរើសយើង ធ្វើជាកូនទ្រង់។ ហេតុនេះហើយ បានជាព្រះគម្ពីរច្រើនតែបាននិយាយ អំពីការដែលព្រះទទួលយើងជាកូន ដើម្បីឲ្យយើងដឹងថា ទោះជាយើងមិនសក្តិសម ឬគ្មានតម្លៃក៏ដោយ ក៏ទ្រង់នៅតែជ្រើសរើសយើង។

នេះជាដំណឹងដ៏គួរឲ្យភ្ញាក់ផ្អើល! ព្រះអម្ចាស់បានស្រឡាញ់យើង(ខ.១៣) ហើយទ្រង់បានឲ្យយើងអរសប្បាយ នឹងជីវិតថ្មី ក្នុងមហាគ្រួសាររបស់ទ្រង់។ សេចក្តីពិតដ៏រុងរឿងនេះ គួរតែបានបំពេញជីវិតយើង ដោយការបន្ទាបខ្លួន និងការដឹងគុណព្រះ។ “សូមឲ្យព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើង និងព្រះដ៏ជាព្រះវរបិតា ដែលទ្រង់បានស្រឡាញ់យើង … បានកំសាន្តចិត្តអ្នករាល់គ្នាដែរ ហើយតាំងឲ្យអ្នករាល់គ្នាបានមាំមួនឡើង ក្នុងគ្រប់ទាំងការ និងពាក្យសំដីដ៏ល្អផង”(ខ.១៦-១៧)។-Joe Stowell

ចង់បានអ្នកជួយសង្រ្គោះ

ពេលដែលខ្សែភាពយន្តរឿងស៊ូពើរមែន ត្រូវបានគេចាប់ផ្តើមចាក់ផ្សាយនៅតាមរោងកុន ក្នុងឆ្នាំ២០១៣ ភាពរំជើបរំជួលបានកើតមាន ក្នុងពិភពខ្សែភាពយន្ត។ ខ្សែភាពយន្តវិទ្យាសាស្រ្តបែបប្រឌិតមួយនេះ បានប្រើបច្ចេកទេសកាត់ត និងមានឆាកប្រយុទ្ធដែលធ្វើឲ្យគេមើលមិនព្រិចភ្នែក ហើយបានទាក់ទាញទស្សនិកជនរាប់លាននាក់ ចូលទស្សនាតាមរោងកុន នៅទូទាំងពិភពលោក។ អ្នកខ្លះនិយាយថា ខ្សែភាពយន្តនេះមានភាពទាក់ទាញខ្លាំង ដោយសារបច្ចេកវិទ្យាដ៏អស្ចារ្យ តែអ្នកខ្លះទៀតបានយល់ថា សាច់រឿងបែបទេវកថារបស់ស៊ូពើមែន ជាកក្តាទាក់ទាញ ដែលបានបណ្តាលចិត្តមនុស្សរាប់លាននាក់ឲ្យចង់ទស្សនា។ ប៉ុន្តែ កញ្ញាអែមមី អ័ដាំមស៍(Amy Adams) ដែលជាតួឯកស្រីក្នុងរឿងនោះមានទស្សនៈផ្សេងពីនេះ។ គាត់បានមានប្រសាសន៍ថា បានជាមនុស្សជាច្រើនឲ្យចង់ទស្សនារឿងនេះ គឺដោយសារមនុស្សជាទូទៅមានចិត្តស្រេកឃ្លាន ចង់ឲ្យមានអ្នកមកជួយសង្រ្គោះខ្លួន ឲ្យរួចពីគ្រោះភ័យទាំងឡាយដែលបង្ករដោយមនុស្ស។

ជាការពិតណាស់ មនុស្សយើងពិតជាចង់ឲ្យមានអ្នកជួយសង្រ្គោះខ្លួនមែន ពេលដែលខ្លួនមានគ្រោះភ័យ។ ហើយអ្នកដែលមកជួយសង្រ្គោះមនុស្សនោះ គឺបានមកចាប់កំណើតក្នុងលោកិយនេះហើយ ទ្រង់មានព្រះនាមយេស៊ូវ។ មុនពេលព្រះយេស៊ូវប្រសូត្រជាមនុស្ស មានការប្រកាសជាច្រើន អំពីការប្រសូត្ររបស់ទ្រង់។ គឺដូចដែលទេវតាបានមានបន្ទូលទៅកាន់លោកយ៉ូសែបថា “នាងនឹងប្រសូតបុត្រា១ ហើយអ្នកត្រូវថ្វាយព្រះនាមថា «យេស៊ូវ» ព្រោះបុត្រនោះនឹងជួយសង្គ្រោះរាស្ត្រទ្រង់ ឲ្យរួចពីបាប”(ម៉ាថាយ ១:២១)។

ព្រះយេស៊ូវបានយាងមក ដើម្បីសង្រ្គោះយើងឲ្យរួចពីបាប និងរួចពីអាត្មាខ្លួនឯង។ ព្រះនាមទ្រង់មានន័យថា “ព្រះសង្រ្គោះ” ហើយបេសកកម្មរបស់ទ្រង់ គឺដើម្បីប្រទានសេចក្តីសង្រ្គោះដល់យើង។ មានតែព្រះយេស៊ូវទេ ដែលអាចបំពេញចិត្តមនុស្ស ដែលស្រេកឃ្លានចង់បានអ្នកជួយសង្រ្គោះខ្លួន។-Bill Crowder

ពិភពដែលមើលមិនឃើញ

តើអ្នកដឹងទេថា មីក្រុបដែលមាននៅលើដៃរបស់អ្នក អាចមានចំនួនលើសមនុស្សទាំងអស់នៅលើផែនដី? ឬអាចនិយាយបានម្យ៉ាងទៀតថា មីក្រុបរាប់លានអាចផ្តុំគ្នា នៅលើចុងម្ជុលដ៏តូចល្អិតបាន។ ពួកមីក្រុបតូចៗទាំងនោះ មានរូបរាង្គតូចខ្លាំងណាស់ បានជាយើងមិនអាចមើលនឹងភ្នែកទទេរ ដោយមិនប្រើមីក្រូទស្សន៍បានទេ តែពួកវារស់នៅក្នុងទឹក ដី ខ្យល់ ហើយសូម្បីតែក្នុងខ្លួនយើងក៏មានពួកវាដែរ។ ហើយយើងជួបប្រទះពួកវាជានិច្ច ទោះបីជាយើងមើលពិភពរបស់វាមិនឃើញក៏ដោយ។

ហោរាបាឡាមក៏បានបង្ហាញថា ភាពពិតនៃពិភពខាងវិញ្ញាណ ក៏ច្រើនតែពិបាកឲ្យមនុស្សយើងមើលឃើញផងដែរ។ ពេលដែលគាត់កំពុងជិះសត្វលាធ្វើដំណើរតាមផ្លូវ ដោយមានអ្នកបម្រើទៅជាមួយគាត់ សត្វលា “ក៏បានឃើញទេវតានៃព្រះយេហូវ៉ាឈរនៅត្រង់ផ្លូវ ទាំងកាន់ដាវហូតជាស្រេចនៅព្រះហស្ត” នោះលាក៏បែរចេញពីផ្លូវទៅតាមវាលទៅ ឯបាឡាមគាត់វាយលា ដើម្បីនឹងទាញញាក់មកក្នុងផ្លូវវិញ(ជនគណនា ២២:២៣)។ លាក៏ឃើញទេវតានៃព្រះយេហូវ៉ាទៀត រួចវាចូលទៅអែបត្បៀតខ្លួននឹងកំផែង គាបជើងបាឡាមនឹងថ្ម នោះគាត់វាយវាម្តងទៀត។ គាត់មើលមិនឃើញទេវតាទេ គឺទាល់តែព្រះបើកបំភ្លឺភ្នែកគាត់ ទើបគាត់មើលឃើញទេវតា(ខ.៣១)។

ព្រះគម្ពីរបានចែងថា ពិភពខាងវិញ្ញាណគឺពិតជាមានមែន ហើយជួនកាល យើងជួបប្រទះភាពពិតនៃពិភពខាងវិញ្ញាណ ដែលមានសេចក្តីល្អ និងសេចក្តីអាក្រក់(ហេព្រើ ១៣:២ និងអេភេសូរ ៦:១២)។ ហេតុនេះហើយ បានជាព្រះគម្ពីរបានលើកទឹកចិត្តយើង ឲ្យមានការអធិស្ឋានចាំយាម និងត្រៀមខ្លួនជានិច្ច។ ព្រះទ្រង់កំពុងគ្រប់គ្រងលោកិយដែលយើងមើលឃើញ ហើយទ្រង់ក៏គ្រប់គ្រងពិភពដែលយើងមើលមិនឃើញផងដែរ។-Jennifer Benson Schuldt

សួរអ្នកនិពន្ធ

ជាច្រើនឆ្នាំកន្លងមកនេះ ខ្ញុំបានចូលរួមជាមួយក្លិបអ្នកអានសៀវភៅ។ ជាពិសេស យើងឲ្យមិត្តភក្តិមួយចំនួនអានសៀវភៅមួយក្បាល ហើយយើងក៏បានពិភាក្សាគ្នា អំពីគោលគំនិតរបស់អ្នកនិពន្ធ។ បន្ទាប់មក ក្នុងចំណោមយើង មានមនុស្សម្នាក់បានសួរសំណួរមួយ ដែលយើងមិនអាចឆ្លើយបាន។ ហើយមានម្នាក់ទៀត ក៏បាននិយាយថា “ទាល់តែសួរអ្នកនិពន្ធ ទើបយើងដឹងចម្លើយ”។ មានក្រុមអ្នកអានសៀវភៅកាន់តែច្រើន នៅទីក្រុងញូយ៉ក កំពុងមានបញ្ហាដូចនេះដែរ បានជាអ្នកនិពន្ធក៏បានអនុញ្ញាតឲ្យក្រុមអ្នកអានសៀវភៅទាំងឡាយ សួរសំណួរដោយផ្ទាល់ ដោយបង់ប្រាក់ជាច្រើន ដល់គាត់។

តើក្រុមអ្នកអានសៀវភៅខុសពីក្រុមអ្នករៀនព្រះគម្ពីរយ៉ាងណាខ្លះ? ពេលណាយើងជួបជុំគ្នា នោះព្រះយេស៊ូវទ្រង់ក៏គង់នៅជាមួយយើងផងដែរ។ ទ្រង់មិនតម្រូវឲ្យយើងបង់ប្រាក់ សម្រាប់ព្រះវត្តមានទ្រង់ឡើយ។ ទ្រង់តែងតែមានពេលសម្រាប់យើងជានិច្ច ហើយក៏មិនពិបាកក្នុងការធ្វើដំណើរមកជួបយើងដែរ។ ជាងនេះទៅទៀត យើងមានព្រះវិញ្ញាណបរិសុទ្ធដឹកនាំឲ្យយើងមានការយល់ដឹង ក្នុងព្រះបន្ទូល។ មុនពេលព្រះយេស៊ូវយាងឡើងនគរស្ថានសួគ៌វិញ ទ្រង់ក៏បានសន្យាដល់ពួកសាវ័កផងដែរថា ទ្រង់នឹងចាត់ព្រះវិញ្ញាណបរិសុទ្ធ ឲ្យយាងចុះមកបង្ហាត់បង្រៀនពួកគេ(យ៉ូហាន ១៤:២៦)។

ព្រះដែលជាអ្នកនិពន្ធព្រះគម្ពីរ ទ្រង់អាចជួបយើង គ្រប់ពេលវេលា គ្រប់ទីកន្លែង។ ដូចនេះ ពេលយើងមានសំណួរអ្វីមួយ យើងអាចទូលសួរទ្រង់ ដោយទុកចិត្តថា ទ្រង់នឹងឆ្លើយតប តាមពេលវេលារបស់ទ្រង់ គឺមិនមែនតាមពេលវេលារបស់យើងនោះទេ។

ព្រះទ្រង់សព្វព្រះទ័យឲ្យយើងមានគំនិតគិតដូចទ្រង់(១កូរិនថូស ២:១៦) ដែលជាអ្នកនិពន្ធនៃព្រះគម្ពីរ ប្រយោជន៍ឲ្យយើងស្គាល់ភាពអស្ចារ្យនៃអំណោយ ដែលទ្រង់បានប្រទានយើង ដោយឥតគិតថ្លៃ(ខ.១២)។-Julie Ackerman Link

ការចូលទៅរកព្រះ

មានពេលមួយ ខ្ញុំក៏បានសង្កេតមើលពន្លឺ ដែលចាំងចូលក្នុងបន្ទប់ខ្ញុំ តាមចន្លោះវាំងនន នៅមាត់បង្អួច។ ខ្ញុំក៏បានឃើញលំអងធូលីជាច្រើន កំពុងអណ្តែតក្នុងបាច់ពន្លឺនោះ។ បើគ្មានបាច់ពន្លឺចាំងចូលតាមចន្លោះវាំងននទេ បន្ទប់របស់ខ្ញុំហាក់ដូចជាមិនឃើញមានធូលីដីទេ ប៉ុន្តែ ពន្លឺនោះបានបង្ហាញឲ្យខ្ញុំឃើញលំអងធូលីជាច្រើន កំពុងអណ្តែតតាមខ្យល់ ក្នុងបន្ទប់។

ការសង្កេតមើលនៅថ្ងៃនោះ ក៏បាននាំឲ្យខ្ញុំគិតអំពីជីវិតខាងវិញ្ញាណ។ ខ្ញុំក៏បានដឹងថា កាលណាខ្ញុំចូលទៅរកព្រះអម្ចាស់នៃពន្លឺកាន់តែជិតប៉ុណ្ណា នោះខ្ញុំក៏បានមើលឃើញជីវិតខ្លួនឯងកាន់តែច្បាស់យ៉ាងនោះផងដែរ។ ពេលដែលពន្លឺនៃព្រះគ្រីស្ទបានចែងចាំង ក្នុងភាពងងឹតនៃជីវិតយើង ពន្លឺរបស់ទ្រង់ក៏បានបង្ហាញឲ្យយើងឃើញអំពើបាប មិនមែនដើម្បីឲ្យយើងបាក់ទឹកចិត្តនោះទេ តែគឺដើម្បីឲ្យយើងបន្ទាបខ្លួន ហើយទុកចិត្តទ្រង់។ យើងមិនអាចពឹងផ្អែកលើភាពសុចរិតរបស់យើងឡើយ  ដ្បិតយើងជាមនុស្សមានបាប  ហើយខ្វះមិនដល់សិរីល្អព្រះ(រ៉ូម ៣:២៣)។

ពេលយើងមានអំណួត ហើយពន្លឺនៃព្រះក៏បានចែងចាំឲ្យយើងភ្ញាក់ខ្លួន នោះយើងអាចស្រែកឡើង ដូចហោរាអេសាយថា “វរហើយខ្ញុំ … ដ្បិតខ្ញុំជាមនុស្សមានបបូរមាត់មិនស្អាត … ភ្នែកខ្ញុំបានឃើញមហាក្សត្រ គឺជាព្រះយេហូវ៉ានៃពួកពលបរិវារ”(អេសាយ ៦:៥)។

ព្រះទ្រង់ល្អឥតខ្ចោះ ក្នុងគ្រប់ផ្នែកទាំងអស់។ ចូរយើងចូលទៅជិតទ្រង់ ដោយការបន្ទាបខ្លួន និងមានជំនឿដូចកូនក្មេង មិនមែនដោយអំណួត និងការលើកដំកើងខ្លួនឡើយ។ ដ្បិតគឺដោយព្រះគុណ ដែលទ្រង់បាននាំឲ្យយើងចូលទៅជិតទ្រង់។ វាជាការប្រសើរណាស់ ដែលយើងដឹងថាខ្លួនមានចំណុចខ្វះខាត ពេលដែលយើងចូលទៅជិតព្រះ ព្រោះការនេះនឹងធ្វើឲ្យយើងបន្ទាបខ្លួន ហើយពឹងផ្អែកលើទ្រង់តែមួយអង្គប៉ុណ្ណោះ។-Lawrence Darmani

បន្ទុកធ្ងន់ពេក

ថ្ងៃទី១០ ខែសីហា ឆ្នាំ១៦២៨ ជាថ្ងៃដ៏ខ្មៅងងឹត ក្នុងប្រវត្តិសាស្ត្រនៃកងទ័ពជើងទឹក នៃប្រទេសស៊ុយអែត។ នៅថ្ងៃនោះ សំពៅចម្បាំងវ៉ាសា បានចាប់ផ្តើមការធ្វើដំណើរ ក្នុងសមុទ្រជាលើកទីមួយ។ គេបានចំណាយពេល២ឆ្នាំ ដើម្បីសាងសង់នាវាមួយគ្រឿងនេះ ដោយមានការតុបតែងលម្អរយ៉ាងស្រស់ស្អាត ហើយផ្ទុកកាំភ្លើងធំ៦៤ដើម ដូចនេះ វាជាមោទនភាពនៃកងទ័ពជើងទឹក នៃប្រទេសស៊ុយអែត តែគួរឲ្យស្តាយណាស់ វាបានលិច ពេលធ្វើដំណើរចូលក្នុងសមុទ្របានចម្ងាយ ជាង១គីឡូម៉ែត្រ។ តើមកពីហេតុអ្វី? នាវាមួយគ្រឿងនេះផ្ទុកទម្ងន់លើសសមត្ថភាពរបស់វា ធ្វើឲ្យវាលិចដល់បាតមហាសមុទ្រ។

ជាញឹកញាប់ គ្រីស្ទបរិស័ទដាក់បន្ទុក នៅលើខ្លួនឯងធ្ងន់ពេក នៅក្នុងការរស់នៅ។ ត្រង់ចំណុចនេះ ព្រះគម្ពីរហេព្រើបានលើកទឹកចិត្តយើង ក្នុងការធ្វើដំណើរខាងវិញ្ញាណ យ៉ាងដូចនេះថា “នោះត្រូវឲ្យយើងចោលអស់ទាំងបន្ទុក និងអំពើបាប ដែលរុំយើងជុំវិញជាងាយម៉្លេះនោះចេញ ហើយត្រូវរត់ក្នុងទីប្រណាំង ដែលនៅមុខយើង ដោយអំណត់ ទាំងរំពឹងមើលដល់ព្រះយេស៊ូវដ៏ជាមេផ្តើម ហើយជាមេសំរេចសេចក្តីជំនឿរបស់យើង”(១២:១-២)។

យើងប្រហែលជាខិតខំតុបតែងសម្បកក្រៅរបស់យើង ឲ្យល្អស្អាត និងគួរឲ្យសរសើរ នោះគឺមិនខុសពីសំពៅចម្បាំងនោះទេ។ ប៉ុន្តែ បើសិនជាខាងក្នុង មានពេញដោយបន្ទុកដ៏ធ្ងន់នៃអំពើបាប នោះការខិតខំរបស់យើង គឺគ្មានប្រយោជន៍ទេ។ ទោះជាយ៉ាងណាក៏ដោយ យើងមានដំណោះស្រាយ សម្រាប់បញ្ហានេះ។ យើងអាចពឹងផ្អែកលើការដឹកនាំ និងទទួលកម្លាំងពីព្រះវិញ្ញាណបរិសុទ្ធ ដើម្បីឲ្យអាចសម្រាលបន្ទុករបស់យើង ហើយយើងក៏អាចមានអំណរឡើងវិញ។

ការអត់ទោសបាប និងព្រះគុណ តែងតែមានសម្រាប់អ្នកធ្វើដំណើរ ខាងវិញ្ញាណជានិច្ច។-Dennis…

ការជម្នះការរំខាន

ជារៀងរាល់ថ្ងៃ ខ្ញុំបានធ្វើដំណើរទៅកន្លែងធ្វើការ ហើយត្រឡប់មកវិញ តាមផ្លូវធំមួយ  ហើយជារៀងរាល់ថ្ងៃ ខ្ញុំក៏បានឃើញអ្នកបើកបរជាច្រើនកំពុងតែបើកបររថយន្ត ដោយមិនបានផ្តោតអារម្មណ៍ទៅលើការបើកបរ។ តាមធម្មតា ពួកគេបើកឡានបណ្តើរ និយាយទូរស័ព្ទ ឬផ្ញើសារតាមទូរស័ព្ទបណ្តើរ ប៉ុន្តែ ខ្ញុំក៏បានឃើញគេអានការសែត ផាត់មុខ ឬញាំអាហារ ពេលកំពុងបើកបរក្នុងល្បឿនប្រហែល ១១០ គីឡូម៉ែត្រក្នុងមួយម៉ោង! ក្នុងស្ថានភាពខ្លះ  ការបែកអារម្មណ៍ នៅក្នុងការធ្វើអ្វីមួយ គឺមានរយៈពេលខ្លី មិននាំឲ្យមានគ្រោះថ្នាក់ ដល់ខ្លួនឯង និងអ្នកដទៃទេ។ ប៉ុន្តែ ការមិនបានផ្តោតអារម្មណ៍ ក្នុងពេលបើកបរ អាចនាំឲ្យគ្រោះថ្នាកដល់ជីវិតខ្លួនឯង ឬទាំងអ្នកដទៃផង។

ជួនកាល ការមិនបានផ្តោតអារម្មណ៍អាចជាបញ្ហា ដែលកើតមានក្នុងទំនាក់ទំនង រវាងយើងនិងព្រះ។ តាមពិត នាងម៉ាថា ដែលជាមិត្តសំឡាញ់របស់ព្រះយេស៊ូវ ក៏ធ្លាប់មានបញ្ហានេះផងដែរ។ មានពេលមួយ ព្រះយេស៊ូវបានយាងមកផ្ទះរបស់នាង ហើយនាងក៏មិនបានផ្តោតអារម្មណ៍ទៅលើការបង្រៀនរបស់ទ្រង់ទេ ព្រោះនាង “មានការរវល់ជាច្រើន” នៅក្នុងការរៀបចំម្ហូបអាហារថ្វាយទ្រង់(លូកា ១០:៤០)។ ពេលដែលនាងមានការរអ៊ូរទាំថា នាងម៉ារាដែលជាប្អូនស្រី មិនបានជួយនាង(មកពីនាងម៉ារាកំពុងផ្តោតចិត្ត ទៅលើព្រះគ្រីស្ទ និងទៅលើការបង្រៀនរបស់ទ្រង់) ព្រះយេស៊ូវក៏បានប្រាប់នាងម៉ាថាថា “ម៉ាថាៗអើយ នាងព្រួយចិត្តខំប្រឹងរៀបចំធ្វើអីច្រើនម៉្លេះ។ មានសេចក្តីតែ១ទេ ដែលសំរាប់ត្រូវការ ឯម៉ារា នាងបានរើសចំណែកយ៉ាងល្អ ដែលមិនត្រូវយកចេញពីនាងឡើយ”(ខ.៤១-៤២)។

នាងម៉ាថាមិនបានផ្តោតចិត្តទៅលើព្រះបន្ទូលព្រះយេស៊ូវ ដោយសារនាងចង់រៀបចំម្ហូបអាហារទទួលទ្រង់…