ចុងបញ្ចប់ដ៏អស្ចារ្យ
ស្វាមីខ្ញុំ និងកូនប្រុសខ្ញុំបានបើកទូរទស្សន៍ ចេញពីប៉ុស្តិ៍មួយចូលប៉ុស្តិ៍មួយទៀត ដើម្បីរកមើលខ្សែភាពយន្តមួយ ហើយក៏បានឃើញគេកំពុងតែចាក់បញ្ចាំងខ្សែភាពយន្តដែលពួកគេចូលចិត្ត។ ខណៈពេលដែលពួកគេកំពុងអរសប្បាយនឹងការទស្សនាឈុតចុងក្រោយ ការស្វែងរកខ្សែភាពយន្តក៏បានក្លាយជាល្បែងកម្សាន្ត។ ពួកគេក៏រកបានខ្សែភាពយន្ត៨រឿង ដែលពួកគេចូលចិត្ត។ ដោយមានការនឿយណាយ ខ្ញុំក៏បានសួរពួកគេថា ហេតុអ្វីពួកគេមិនសម្រេចចិត្តមើលខ្សែភាពយន្តពីដើមដល់ចប់។ ស្វាមីខ្ញុំក៏បាននិយាយទាំងអស់សំណើចថា “តើនរណាមិនចូលចិត្តចុងបញ្ចប់ដ៏អស្ចារ្យ”។
ខ្ញុំត្រូវតែទទួលស្គាល់ថា ខ្ញុំក៏ទន្ទឹងរង់ចាំមើលចុងបញ្ចប់នៃសៀវភៅ ឬខ្សែភាពយន្តដែលខ្ញុំចូលចិត្តផងដែរ។ ខ្ញុំបានបើកមើលព្រះគម្ពីរប៊ីបត្រួសៗ ហើយផ្តោតទៅលើតែផ្នែក ឬរឿងដែលខ្ញុំចូលចិត្តជាងគេ ដែលហាក់ដូចជាងាយទទួល និងងាយយល់ជាងគេ។ ប៉ុន្តែ ព្រះវិញ្ញាណបរិសុទ្ធបានប្រើព្រះបន្ទូលទំាងអស់របស់ព្រះ ដែលអាចពឹងផ្អែក និងអនុវត្តតាមបាន ដើម្បីកែប្រែយើង ហើយបញ្ជាក់ថា រឿងរបស់ព្រះអង្គនឹងបញ្ចប់បានល្អ សម្រាប់អ្នកជឿព្រះយេស៊ូវ។
ព្រះគ្រីស្ទបានប្រកាសថា ព្រះអង្គជា “អាល់ហ្វា និងអូមេហ្គា ជាដើម និងជាចុង”(វិវរណៈ ២២:១៣)។ ព្រះអង្គប្រកាសថា រាស្រ្តព្រះអង្គ និងទទួលជីវិតអស់កល្បជាមរតក(ខ.១៤) ហើយបានព្រមានអ្នកដែលហ៊ានបន្ថែម ឬបន្ថយសេចក្តីទំនាយ ក្នុងព្រះគម្ពីរ(ខ.១៨-១៩)។
យើងប្រហែលមិនស្គាល់ ឬយល់អ្វីៗទំាងអស់ ក្នុងព្រះគម្ពីរប៊ីបឡើយ តែយើងពិតជាដឹងថា ព្រះយេស៊ូវនឹងយាងត្រឡប់មកវិញម្តងទៀត។ ព្រះអង្គនឹងធ្វើតាមព្រះបន្ទូលព្រះអង្គ។ ព្រះអង្គនឹងបំផ្លាញបាប ធ្វើឲ្យអ្វីៗប្រែជាត្រឹមត្រូវ និងថ្មីឡើងវិញ ហើយគ្រងរាជ្យជាក្សត្រដែលមានក្តីស្រឡាញ់អស់កល្បជានិច្ច។ នេះជាចុងបញ្ចប់ដ៏អស្ចារ្យ ដែលនាំទៅរកការចាប់ផ្តើមជាថ្មីរបស់យើង!—Xochitl Dixon
ទ្វារសម្រាប់ឲ្យមនុស្សទាំងអស់ចូល
ពេលដែលភ្ញៀវទេសចរណ៍ឈរនៅលើស្ពាន ដែលគេបានសង់នៅលើកោះអេលូថេរ៉ា ជាកោះតូចមួយ នៅតំបន់ខារីប៊ីន ពួកគេអាចទស្សនាទេសភាពសមុទ្រ ដោយស្ងើចសរសើរភាពខុសគ្នាដាច់ រវាងទឹកសមុទ្រពណ៌ខៀវចាស់នៃមហាសមុទ្រអាត្លង់ទិចដែលកំពុងកម្រើករំពើក និងទឹកសមុទ្រពណ៌ខៀវខ្ចីដ៏ស្ងប់ស្ងាត់ នៃសមុទ្រខារីប៊ីន។ កាលពីមុន នៅលើកោះនោះ មានផ្ទាំងថ្មមានរាងកោងខ្ពស់ ដូចស្ពានដែលតភ្ជាប់ដីមួយកន្លែងមានរាងទ្រវែង តែខ្យល់ព្យុះបក់បោកមកជាញឹកញាប់ អស់រយៈពេលជាច្រើនឆ្នាំ ធ្វើឲ្យស្ពានថ្មធម្មជាតិនោះបាក់បែក។ សព្វថ្ងៃនេះ ស្ពានថ្មកោងខ្ពស់ ដែលមានសណ្ឋានដូចបង្អួចកញ្ចក់នោះ បានក្លាយជាកន្លែងទេសចរណ៍ដ៏ពេញនិយម នៅលើកោះអេលូតេរ៉ា ដែលគេបានដាក់ឈ្មោះឲ្យថា “ច្រកតូចចង្អៀតបំផុតនៅលើផែនដី”។
ព្រះគម្ពីរប៊ីបបានពិពណ៌នាថា ឯទ្វារដែលនាំទៅឯជីវិត នោះតូច ហើយចង្អៀតវិញ ក៏មានមនុស្សតិចណាស់ដែលរកផ្លូវនោះឃើញ(ម៉ាថាយ ៧:១៤)។ ទ្វារនោះតូច ព្រោះព្រះរាជបុត្រានៃព្រះ ជាស្ពានតែមួយ ដែលអាចផ្សះផ្សាមនុស្សមានបាប និងព្រះវរបិតា តាមរយៈអំណាចនៃព្រះវិញ្ញាណបរិសុទ្ធ(ខ.១៣-១៤ មើល យ៉ូហាន ១០:៧-៩ ១៦:១៣)។ ទោះជាយ៉ាងណាក៏ដោយ ព្រះគម្ពីរក៏បានចែងផងដែរថា មនុស្សមកពីគ្រប់ជាតិសាសន៍ គ្រប់ឋានៈ អាចចូលទៅក្នុងនគរស្ថានសួគ៌ ហើយនឹងថ្វាយបង្គំស្តេចលើអស់ទាំងស្តេច ហើយថ្វាយបង្គំទាំងអស់គ្នា នៅជុំវិញបល្ល័ង្កទ្រង់(វិវរណៈ ៥:៩)។ ទិដ្ឋភាពដ៏អស្ចារ្យនៃភាពខុសគ្នា និងការរួបរួមនេះ គឺបានរាប់បញ្ចូលរាស្រ្តទំាងអស់របស់ព្រះ គឺគ្រប់ជាតិសាសន៍ និងភាសា លើផែនដី។
មនុស្សបានដាច់ចេញពីព្រះ ដោយសារអំពើបាប តែព្រះអង្គបានអញ្ជើញមនុស្សម្នាក់ៗដែលព្រះអង្គបានបង្កើត ឲ្យចូលទៅក្នុងភាពអស់កល្បជានិច្ច ក្នុងនគរស្ថានសួគ៌ ដោយដើរតាមទ្វារដ៏ចង្អៀត…
ជីវិតដែលមានតម្លៃក្នុងព្រះគ្រីស្ទ
ទឹកភ្នែកបានហូរចុះមកលើថ្ពាល់ ខណៈពេលដែលខ្ញុំកំពុងតែព្យាយាមស្វែងរកចិញ្ចៀនអាពាហព៍ពិពាហ៍ និងចិញ្ចៀនខួបអាពាហ៍ពិពាហ៍យ៉ាងវក់វី។ បន្ទាប់ពីខ្ញុំបានលើកសាឡុង និងដើរមកលើពេញផ្ទះហើយ អ័លែន(Alan) ក៏បាននិយាយសុំទោស ហើយប្រាប់ថា យើងនឹងទៅទិញចិញ្ចៀនថ្មី។
ខ្ញុំក៏បានឆ្លើយតបថា “អរគុណ ប៉ុន្តែ អនុស្សាវរីយ៍ដែលនៅជាប់នឹងចិញ្ចៀនទាំងនោះ មានតម្លៃណាស់ គឺមិនអាចយកចិញ្ចៀនថ្មីមកជំនួសបានទេ”។ ខ្ញុំក៏បានបន្តស្វែងរកគ្រឿងអលង្ការនោះបណ្តើរ ហើយអធិស្ឋានបណ្តើរថា “ឱព្រះអម្ចាស់ សូមព្រះអង្គជួយទូលបង្គំ ឲ្យរកឃើញចិញ្ចៀនទាំងនោះផង”។
ក្រោយមក ខណៈពេលដែលខ្ញុំលូកចូលក្នុងហោប៉ៅអាវរងា ដែលខ្ញុំបានពាក់កាលពីដើមសប្តាហ៍ ខ្ញុំក៏បានរកឃើញចិញ្ចៀនដ៏មានតម្លៃនោះ។ ខ្ញុំក៏បានអរព្រះគុណព្រះយេស៊ូវ។ ខ្ញុំនិងស្វាមីខ្ញុំក៏បានយកចិញ្ចៀននោះមកពាក់ដោយអំណរហើយក៏បាននឹកចាំអំពីរឿងប្រៀបប្រដូច អំពីស្រ្តីម្នាក់ ដែលបានបាត់ប្រាក់ដួង(លូកា ១៥:៨-១០)។ ខ្ញុំដឹងអំពីតម្លៃនៃចិញ្ចៀនដែលយើងបានបាត់ គឺមិនខុសពីស្រ្តីដែលខំស្វែងរកប្រាក់ដួងរបស់នាងនោះឡើយ។ ការដែលយើងចង់ស្វែងរករបស់មានតម្លៃដែលបានបាត់ គឺមិនមែនមានអ្វីខុសទេ។ ព្រះយេស៊ូវគ្រាន់តែបានប្រើរឿងប្រៀបប្រដូចនេះ ដើម្បីមានបន្ទូលសង្កត់ធ្ងន់ អំពីការដែលព្រះអង្គសព្វព្រះទ័យនឹងសង្រ្គោះមនុស្សទាំងអស់ដែលព្រះអង្គបានបង្កើត។ មនុស្សមានបាបម្នាក់បានប្រែចិត្ត នាំឲ្យមានការអបអរនៅនគរស្ថានសួគ៌។
ចូរយើងអធិស្ឋានដោយចិត្តឆេះឆួលឲ្យអ្នកដទៃបានស្គាល់ព្រះ គឺដូចដែលយើងអធិស្ឋានសូមឲ្យយើងរកឃើញរបស់មានតម្លៃដែលបានបាត់។ យើងពិតជាមានឯកសិទ្ធិពិសេសណាស់ ដែលបានអបអរ នៅពេលដែលនរណាម្នាក់ប្រែចិត្ត និងថ្វាយជីវិតដល់ព្រះគ្រីស្ទ។ បើយើងបានទុកចិត្តព្រះយេស៊ូវ យើងអាចអរព្រះគុណព្រះអង្គ ដែលយើងបានពិសោធន៍នឹងក្តីអំណរ ដោយដឹងថា ព្រះដែលស្រឡាញ់យើង នឹងមិនបោះបង់ចោលយើង ព្រោះយើងសក្ដិសមនឹងឲ្យព្រះអង្គស្វែងរក។—Xochitl Dixon
ប្រយុទ្ធប្រឆាំងនឹងការកុហក
មានពេលមួយ ខ្ញុំបានដាក់ព្រះគម្ពីរប៊ីបរបស់ខ្ញុំ នៅលើតុអាសនា ហើយក៏បានមើលទៅទឹកមុខរបស់ហ្វូងមនុស្ស ដែលកំពុងរង់ចាំស្តាប់ ខ្ញុំចែកចាយ។ ខ្ញុំបានអធិស្ឋាន និងបានរៀបចំខ្លួន សម្រាប់ការចែកចាយនេះរួចហើយ។ ហេតុអ្វីខ្ញុំមិនអាចនិយាយបាន?
ឯងគ្មានតម្លៃ។ គ្មាននរណាចង់ស្តាប់ឯងទេ ជាពិសេស បើសិនជាពួកគេដឹង អំពីអតីតកាលរបស់ឯង។ ហើយព្រះមិនសព្វព្រះទ័យនឹងប្រើឯងទេ។ នេះជាពាក្យសម្តីដែលខ្ញុំបានឮក្នុងចិត្ត និងគំនិតខ្ញុំជាញឹកញាប់ តែជាការកុហក ដែលខ្ញុំងាយនឹងជឿ តែខ្ញុំបានព្យាយាមប្រយុទ្ធប្រឆាំងនឹងវា អស់រយៈពេលប្រហែល១ទសវត្សរ៍មកហើយ។ ខ្ញុំដឹងហើយថា ពាក្យសម្តីនេះ មិនពិតទេ តែខ្ញុំហាក់ដូចជាមិនអាចគេចចេញពីភាពមិនច្បាស់លាស់ និងការភ័យខ្លាចរបស់ខ្ញុំ។ ដូចនេះ ខ្ញុំក៏បានបើកព្រះគម្ពីររបស់ខ្ញុំ។
ខ្ញុំក៏បានបើកមើលបទគម្ពីរសុភាសិត ៣០:៥។ ខ្ញុំដកដង្ហើមចេញចូលយឺតៗ មុនពេលអានឮៗថា “គ្រប់ទាំងព្រះបន្ទូលនៃព្រះ សុទ្ធតែបរិសុទ្ធ ទ្រង់ជាខែល ដល់អស់អ្នកដែលពឹងជ្រកក្នុងទ្រង់”។ ខ្ញុំក៏បានបិទភ្នែក ខណៈពេលដែលចិត្តខ្ញុំមានពេញដោយសន្តិភាព ហើយខ្ញុំក៏បានចាប់ផ្តើមចែកចាយទីបន្ទាល់របស់ខ្ញុំដល់ហ្វូងមនុស្ស។
យើងបានពិសោធន៍នឹងអំណាចរបស់ពាក្យសម្តី និងគំនិតអវិជ្ជមាន ដែលអ្នកដទៃមានចំពោះយើង ដែលធ្វើឲ្យយើងរកធ្វើអ្វីមិនកើត។ ទោះជាយ៉ាងណាក៏ដោយ ព្រះបន្ទូលព្រះល្អឥតខ្ចោះ ហើយមានន័យជ្រាលជ្រៅណាស់។ ពេលណា យើងជួបការល្បួងដែលនាំឲ្យយើងជឿពាក្យសម្តី ឬគំនិតអវិជ្ជមាន អំពីតម្លៃ និងគោលបំណងរបស់យើង ជាកូនរបស់ព្រះ នោះសេចក្តីពិតដ៏ស្ថិតស្ថេរ និងមិនប្រែប្រួលរបស់ព្រះ នឹងការពារគំនិត និងចិត្តរបស់យើង។ យើងអាចនឹកចំា បទគម្ពីរទំនុកដំកើង ដែលបានចែងថា…
កេរដំណែលនៃសេចក្តីសប្បុរស
ម៉ាថា(Martha)បានធ្វើការជាជំនួយការគ្រូបង្រៀន នៅសាលាបឋមសិក្សា អស់រយៈពេលជាង៣០ឆ្នាំ។ រៀងរាល់ឆ្នាំ នាងបានសន្សំលុយទិញអាវរងា កន្សែងបង់ក និងស្រោមដៃថ្មីៗ សម្រាប់សិស្សដែលខ្វះខាត ក្នុងរដូវរងា។ បន្ទាប់ពីនាងបានបាត់បង់ជីវិត ដោយសារជម្ងឺមហារីកគ្រាប់ឈាម យើងក៏បានធ្វើពិធីរំឭកដល់ការបម្រើរបស់នាង កាលនាងនៅរស់។ ក្រៅពីផ្កាជាច្រើនដែលគេបានយកមកឲ្យ មនុស្សជាច្រើនបានបរិច្ចាគអាវរងាថ្មីៗរាប់រយអាវ ដល់សិស្សដែលនាងធ្លាប់ស្រឡាញ់ និងបម្រើអស់រយៈពេលប៉ុន្មានទសវត្សរ៍កន្លងមកនេះ។ មនុស្សជាច្រើនបានចែកចាយទីបន្ទាល់របស់អ្នកស្រីម៉ាថា ដោយនិយាយអំពីការលើកទឹកចិត្ត ដែលគាត់បានផ្តល់ឲ្យអ្នកដទៃ ដោយពាក្យសម្តីល្អៗ និងអំពើសប្បុរសធម៌ តាមរបៀបជាច្រើនរាប់មិនអស់។ គ្រូបង្រៀនដែលជាមិត្តរួមការងាររបស់នាង ក៏បានផ្តល់ការគោរពដល់នាង ដោយធ្វើកម្មវិធីចែកអាវរងាប្រចាំឆ្នាំ អស់រយៈពេល៣ឆ្នាំ បន្ទាប់ពីនាងបានលាចាកលោក ទៅនៅជាមួយព្រះអស់កល្បជានិច្ច។ កេរដំណែលនៃភាពសប្បុរសរបស់គាត់ បានជំរុញចិត្តអ្នកដទៃ ឲ្យបម្រើអ្នកដែលខ្វះខាត ដោយចិត្តសប្បុរសផងដែរ។
បទគម្ពីរកិច្ចការ ជំពូក៩ បានចែងអំពីស្រ្តីម្នាក់ ឈ្មោះតេប៊ីថា ដែលតែងតែធ្វើការល្អ និងជួយអ្នកក្រីក្រ(ខ.៣៦)។ បន្ទាប់ពីគាត់បាត់បង់ជីវិតដោយសារជំងឺ សហគមន៍ដែលកំពុងសោកសង្រេង ក៏បានអង្វរសាវ័កពេត្រុសឲ្យមករកពួកគេ។ ក្រុមស្រ្តីមេម៉ាយក៏បានបង្ហាញលោកពេត្រុស អំពីរបៀបដែលអ្នកស្រីតេប៊ីថាបានរស់នៅ ដើម្បីបម្រើអ្នកដទៃ(ខ.៣៩)។ លោកពេត្រុសក៏បានធ្វើការអស្ចារ្យ ដោយចិត្តអាណិត ហើយអ្នកស្រីតេប៊ីថាក៏បានមានជីវិតរស់ឡើងវិញ។ ដំណឹងអំពីការរស់ឡើងវិញរបស់អ្នកស្រីតេប៊ីថាក៏បានឮសុះសាយ ហើយមនុស្សជាច្រើនបានទទួលជឿព្រះអម្ចាស់(ខ.៤២)។ ប៉ុន្តែ គឺដោយសារការប្តេជ្ញាចិត្តរបស់អ្នកស្រីតេប៊ីថា ក្នុងការបម្រើអ្នកដទៃទេ ដែលបានប៉ះពាល់ចិត្តមនុស្សជាច្រើន ក្នុងសហគមន៍របស់គាត់ ហើយបានបង្ហាញអំណាចនៃសេចក្តីសប្បុរស ដែលមានពេញដោយសេចក្តីស្រឡាញ់។—Xochitl Dixon
រង់ចំាដោយសង្ឃឹម
លោករ៉ូជេលីយ៉ូ(Rogelio) បានធ្វើការ ជាអ្នករត់តុ ក្នុងអំឡុងពេលដែលខ្ញុំសម្រាកលំហែកាយជាមួយក្រុមគ្រួសារខ្ញុំ អស់រយៈពេលពេញមួយអាទិត្យ។ ពេលដែលយើងបានសន្ទនាជាមួយគាត់ គាត់បានអរព្រះគុណព្រះយេស៊ូវ ដែលបានប្រទានពរឲ្យគាត់មានអ្នកស្រីឃែលី(Kaly) ធ្វើជាប្រពន្ធដែលមានចិត្តឆេះឆួល និងមានជំនឿរឹងមាំ។ បន្ទាប់ពីពួកគេមានកូនដំបូង ព្រះទ្រង់ក៏បានប្រទានឲ្យពួកគេមានឱកាសថែរក្សាក្មួយស្រីរបស់ពួកគេ ដែលមានជំងឺពិការខួរក្បាល។
មិនយូរប៉ុន្មាន ម្តាយក្មេករបស់លោករ៉ូជេលីយ៉ូក៏ត្រូវការអ្នកថែទាំ ក្នុងពេលគាត់ចាស់ជរា។
លោករ៉ូជេលីយ៉ូក៏បានធ្វើការដោយក្តីអំណរ ដោយជាញឹកញាប់ គាត់បានធ្វើការនៅពេលយប់បន្ថែម ដើម្បីឲ្យភរិយាគាត់ អាចនៅផ្ទះថែទាំមនុស្សដែលព្រះទ្រង់បានប្រទានមក។ ខ្ញុំក៏បានចែកចាយ អំពីការដែលប្តីប្រពន្ធមួយគូរនេះ បានបណ្តាលចិត្តខ្ញុំឲ្យមានក្តីស្រឡាញ់កាន់តែខ្លាំង ដោយពួកគេបានបើកចំហចិត្ត និងផ្ទះ ដើម្បីបម្រើសមាជិកគ្រួសាររបស់ពួកគេ ហើយពេលនោះ គាត់ក៏បាននិយាយថា គាត់មានអំណរ ក្នុងការបម្រើពួកគេ និងក្រុមគ្រួសារខ្ញុំ។
ការរស់នៅរបស់លោក រ៉ូជែលីយ៉ូបានបញ្ជាក់ អំពីអំណាចនៃការរស់នៅ ដោយចិត្តសប្បុរស និងទុកចិត្តលើការផ្គត់ផ្គង់របស់ព្រះ ខណៈពេលដែលយើងបម្រើគ្នាទៅវិញទៅមក ដោយមិនគិតប្រយោជន៍ផ្ទាល់ខ្លួន។ សាវ័កប៉ុលបានជំរុញរាស្រ្តរបស់ព្រះ ឲ្យ ប្តូរផ្តាច់ចំពោះគ្នា … ឲ្យអរសប្បាយ ដោយមានសង្ឃឹម អត់ធន់ក្នុងសេចក្តីទុក្ខលំបាក ឲ្យខ្ជាប់ខ្ជួនក្នុងសេចក្តីអធិស្ឋាន ហើយផ្គត់ផ្គង់អ្នកដែលខ្វះខាត ទាំងខំប្រឹងឲ្យមានសេចក្តីចៅរ៉ៅ(រ៉ូម ១២:១០-១៣)។
ជីវិតយើងអាចផ្លាស់ប្តូរភ្លាមៗ ធ្វើឲ្យយើង ឬអ្នកដែលយើងស្រឡាញ់ជាប់នៅក្នុងកាលៈទេសៈ ដែលហាក់ដូចជាមិនអាចស៊ូទ្រាំបាន។ ប៉ុន្តែ ពេលណាយើងស្ម័គ្រចិត្តចែករំលែកអ្វីដែលព្រះបានប្រទានយើង ខណៈពេលដែលយើងកំពុងរង់ចាំព្រះអង្គ នោះយើងអាចតោងឲ្យជាប់សេចក្តីស្រឡាញ់ដ៏ស្ថិតស្ថេររបស់ព្រះអង្គ ទាំងអស់គ្នា។—Xochitl Dixon
អ្នកធ្វើទាន យ៉ាងអាថ៌កំបាំង
សម្រាប់លោកគ្រីស្តូហ្វ័រ(Christopher) ដែលជាអតីតយុទ្ធជនពិការ សកម្មភាពប្រចាំថ្ងៃកាន់តែមានការពិបាក និងចំណាយពេលកាន់តែយូរ ហើយធ្វើឲ្យគាត់មានការឈឺចាប់កាន់តែខ្លាំង។ ប៉ុន្តែ គាត់នៅតែប្រឹងប្រែងអស់ពីសមត្ថភាព ដើម្បីបម្រើភរិយា និងកូនរបស់គាត់។ អ្នកធ្វើដំណើរកាត់មុខផ្ទះគាត់ តែងតែឃើញគាត់រុញម៉ាស៊ីនកាត់ស្មៅ ក្នុងទីធ្លាមុខផ្ទះគាត់ រៀងរាល់សប្តាហ៍។
ថ្ងៃមួយ លោកគ្រីស្តូហ្វឺបានទទួលសំបុត្រមួយច្បាប់ និងម៉ាស៊ីនកាត់ស្មៅដែលមានតម្លៃថ្លៃមួយគ្រឿង ពីម្ចាស់ជំនួយដែលមិនបានបញ្ចេញឈ្មោះ។ ម្ចាស់ជំនួយនេះមានការពេញចិត្តនៅក្នុងការឲ្យ ដោយសារនេះជាឯកសិទ្ធិ នៅក្នុងការជួយអ្នកដែលខ្វះខាត។
ព្រះយេស៊ូវមិនបានមានបន្ទូលថា យើងត្រូវតែធ្វើទានដល់អ្នកដទៃ ដោយអាថ៌កំបាំងគ្រប់ពេលនោះទេ តែព្រះអង្គសព្វព្រះទ័យឲ្យយើងពិនិត្យមើលគោលបំណង ដែលយើងធ្វើទានដល់គេ(ម៉ាថាយ ៦:១)។ ព្រះអង្គក៏មានបន្ទូលផងដែរថា “កាលណាអ្នកធ្វើទាន នោះកុំឲ្យផ្លុំត្រែនៅមុខអ្នក ដូចពួកមានពុត ដែលប្រព្រឹត្តនៅក្នុងសាលាប្រជុំ ហើយតាមផ្លូវ ដើម្បីឲ្យបានមនុស្សលោកសរសើរខ្លួននោះឡើយ ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា គេបានរង្វាន់គេហើយ”(ខ.២)។ ពេលដែលព្រះទ្រង់រំពឹងឲ្យយើង ធ្វើជាអ្នកឲ្យ ដែលចិត្តស្មោះ ព្រះអង្គក៏បានលើកទឹកចិត្តយើង ឲ្យជៀសវាងការធ្វើការល្អ នៅចំពោះមុខគេ ដើម្បីទទួលការសរសើរ ឬទទួលស្គាល់ពីអ្នកដទៃ(ខ.៣)។
ពេលដែលយើងដឹងថា អ្វីៗដែលយើងមានសុទ្ធតែមកពីព្រះ នោះយើងអាចធ្វើជាអ្នកឲ្យដោយសម្ងាត់ ដោយមិនសរសើរខ្លួនឯង ឬស្វែងរកការសរសើរពីអ្នកដទៃ។ ព្រះដែលជ្រាបគ្រប់អ្វីៗទាំងអស់ ជាព្រះដែលប្រទានការល្អគ្រប់យ៉ាង។ ព្រះអង្គសព្វព្រះទ័យនឹងប្រទានអ្វីៗ មករាស្ត្រព្រះអង្គ ដោយព្រះទ័យសប្បុរស។—Xochitl Dixon
ការផ្លាស់ប្តូរជាថ្មី ក្នុងការមើលឃើញ
បន្ទាប់ពីភ្នែកខាងឆ្វេងរបស់ខ្ញុំ បានទទួលការវះកាត់ដ៏ឈឺចាប់ វេជ្ជបណ្ឌិតក៏បានណែនាំខ្ញុំ ឲ្យធ្វើតេស្តភ្នែក ដើម្បីឲ្យដឹងថា ខ្ញុំមើលច្បាស់ប៉ុណ្ណា។ ខ្ញុំក៏បានបិទភ្នែកស្តាំដោយទំនុកចិត្ត ហើយក៏បានចង្អុលទៅបន្ទាត់នីមួយៗ នៅលើតារាង យ៉ាងងាយស្រួល តាមបង្គាប់របស់គ្រូពេទ្យ។ ខ្ញុំក៏បានបិទភ្នែកឆ្វេងទៀត ហើយក៏បានដកដង្ហើមដង្ហក់ ព្រោះពេលដែលបិទភ្នែកទាំងសង្ខាងដូចនេះ ខ្ញុំប្រៀបដូចជាមនុស្សខ្វាក់អញ្ចឹង។
ខណៈពេលដែលខ្ញុំសម្របខ្លួននឹងវែនតាថ្មី និងការមើលឃើញជាថ្មីឡើងវិញ ខ្ញុំក៏បានគិតដល់ ទុក្ខលំបាកប្រចាំថ្ងៃ ដែលច្រើនតែធ្វើឲ្យខ្ញុំមានភ្នែកមីញ៉ូបខាងវិញ្ញាណ។ បានសេចក្តីថា ពេលណាខ្ញុំផ្ដោតទៅលើអ្វីដែលខ្ញុំអាចមើលឃើញ នៅជិតខ្លួនខ្ញុំ ដែលមានដូចជាការឈឺចាប់ និងស្ថានភាពដែលផ្លាស់ប្តូរឥតឈប់ នោះខ្ញុំក៏បានប្រែជាខ្វាក់ មើលឃើញមិនឃើញ ភាពស្មោះត្រង់នៃព្រះដ៏អស់កល្ប និងមិនចេះប្រែប្រួល។ ដោយសារខ្ញុំមិនបានមើលវែងឆ្ងាយ នោះក្តីសង្ឃឹមហាក់ដូចជានៅឆ្ងាយ ក្នុងសភាពព្រាលៗ។
បទគម្ពីរសាំយ៉ូអែលទី១ បានប្រាប់យើង អំពីរឿងរបស់ស្រ្តីម្នាក់ទៀត ដែលមិនបានគិតដល់ភាពស្មោះត្រង់របស់ព្រះ ខណៈពេលដែលនាងកំពុងតែផ្តោតទៅលើការឈឺចាប់ ភាពមិនច្បាស់លាស់ និងការបាត់បង់ក្នុងពេលបច្ចុប្បន្ន។ នាងហាណាបានស៊ូទ្រាំនឹងភាពជាស្រីអារ អស់ជាច្រើនឆ្នាំមកហើយ ហើយក៏ទទួលរងការធ្វើទុកបុកម្នេញឥតឈប់ឈរ ពីនាងពេនីណា ដែលជាភរិយាម្នាក់ទៀត មួយលោកអែលកាណា។ ស្វាមីរបស់នាងហាណាបានស្រឡាញ់ និងឲ្យតម្លៃនាង តែនាងនៅតែមិនស្កប់ចិត្ត។ ថ្ងៃមួយ នាងក៏បានអធិស្ឋានសូមចិត្តស្មោះត្រង់។ ពេលដែលលោកអេលី ដែលជាសង្ឃរបស់ព្រះចោទសួរនាង នាងក៏បានពន្យល់ប្រាប់គាត់ អំពីស្ថានភាពរបស់នាង។ ពេលដែលនាងចាកចេញទៅ គាត់ក៏បានអធិស្ឋានសូមព្រះទ្រង់ឆ្លើយតប ចំពោះសេចក្តីសំណួររបស់នាង(១សាំយ៉ូអែល ១:១៧)។ ទោះស្ថានភាពរបស់នាងហាណាមិនបានផ្លាស់ប្តូរភ្លាមៗក៏ដោយ ក៏នាងនៅតែដើរចេញទៅ…
ធ្វើការរួមគ្នា
លោកចូ(Joe) បានធ្វើការក្នុងមួយថ្ងៃ លើស១២ម៉ោង ហើយជាញឹកញាប់ គាត់មិនមានថ្ងៃឈប់សម្រាកទេ។ ការងារមនុស្សធម៌របស់គាត់ បានទាមទារពេលវេលា និងកម្លាំងជាច្រើន ពីគាត់ ជាហេតុធ្វើឲ្យគាត់ មិនសូវមានពេល និងកម្លាំង ដើម្បីនៅក្បែរប្រពន្ធកូនរបស់គាត់ ពេលគាត់នៅផ្ទះ។ បន្ទាប់ពីជម្ងឺស្ត្រេសដ៏រាំរ៉ៃបានបណ្តាលឲ្យគាត់ចូលពេទ្យ មិត្តភក្តិរបស់គាត់ម្នាក់បានរៀបចំមនុស្សមួយក្រុម ឲ្យជួយគាត់។ គាត់មានការភ័យខ្លាច នៅក្នុងការប្រគល់ការគ្រប់គ្រងមុខជំនួញឲ្យទៅអ្នកដទៃ តែគាត់ក៏ដឹងផងដែរថា គាត់មិនអាចធ្វើការដូចមុនបានទេ។ គាត់ក៏បានព្រមទុកចិត្តព្រះ និងមិត្តភក្តិគាត់ ខណៈពេលដែលគាត់ ប្រគល់ការទទួលខុសត្រូវ ឲ្យទៅមនុស្សមួយក្រុម ដែលពួកគេបានជ្រើសរើសជាមួយគ្នា។ មួយឆ្នាំក្រោយមក លោកចូ ក៏បានទទួលស្គាល់ថា ការងារមនុស្សធម៌ និងក្រុមគ្រួសាររបស់គាត់ មិនអាចមានការរីកចម្រើនបានឡើយ បើសិនជាគាត់មិនព្រមទទួលជំនួយដែលព្រះទ្រង់បានប្រទានទេនោះ។
ព្រះទ្រង់មិនបានរៀបចំមនុស្ស សម្រាប់ឲ្យលូតលាស់ ដោយគ្មានជំនួយពីសហគមន៍ដែលមានក្តីស្រឡាញ់នោះឡើយ។ ក្នុងបទគម្ពីរ និក្ខមនំ ១៨ លោកម៉ូសេបានដឹកនំា ពួកអ៊ីស្រាអែលកាត់វាលរហោស្ថាន។ គាត់បានព្យាយាមបម្រើរាស្រ្តរបស់ព្រះ ក្នុងនាមជាគ្រូបង្រៀន អ្នកប្រឹក្សាយោបល់ និងចៅក្រមតែម្នាក់ឯង។ ពេលដែលឪពុកក្មេកគាត់មកលេងគាត់ ក៏បានឲ្យយោបលគាត់ថា “ឯងនឹងថយកំឡាំងទៅ ព្រមទាំងកំឡាំងនៃបណ្តាជនដែលនៅជាមួយនឹងឯងផង ពីព្រោះការនេះហួសកំឡាំងឯងហើយ នឹងធ្វើតែម្នាក់ឯងមិនបានទេ”(និក្ខមនំ ១៨:១៨)។ គាត់ក៏បានលើកទឹកចិត្តលោកម៉ូសេ ឲ្យចែករំលែកបន្ទុកការងារដល់អ្នកដទៃទៀត ដែលស្មោះត្រង់។ លោកម៉ូសេក៏បានទទួលជំនួយពីគេ ហើយការនេះមានប្រយោជន៍យ៉ាងខ្លាំង ចំពោះសហគមន៍។
ពេលដែលយើងទុកចិត្តថា…
ជិះនៅលើទឹករលក
ខណៈពេលដែលស្វាមីខ្ញុំកំពុងតែដើរចុះតាមឆ្នេរដែលមានថ្មច្រើន ដើម្បីថតរូបទេសភាព នៅរដ្ឋហាវ៉ៃ ខ្ញុំក៏បានអង្គុយនៅលើថ្មធំមួយផ្ទាំង ដោយជញ្ជឹងគិត អំពីបញ្ហាសុខភាពមួយទៀត។ បញ្ហានេះត្រូវរង់ចាំឲ្យខ្ញុំដោះស្រាយវា នៅពេលខ្ញុំត្រឡប់ទៅផ្ទះវិញ ព្រោះខ្ញុំកំពុងតែត្រូវការសន្តិភាព នៅពេលនោះ។ ខ្ញុំក៏បានសម្លឹងមើលទឹករលក ដែលកំពុងតែបក់បោកមកលើផ្ទាំងថ្មពណ៌ខ្មៅ។ ខ្ញុំក៏បានប្រទះឃើញស្រមោលខ្មៅៗ នៅក្នុងរលកនោះ។ ខ្ញុំក៏បានពង្រីកមើលរូបភាពនោះ នៅក្នុងកាំមីរ៉ារបស់ខ្ញុំ ហើយក៏បានដឹងថា តាមពិត វាជាសត្វអណ្តើកសមុទ្រ ដែលកំពុងតែជិះទឹករលក យ៉ាងសុខសាន្ត។ ជើងវាបានលាតសន្ធឹង នៅស្ងៀម បណ្តែតខ្លួនទៅតាមទឹក។ ទិដ្ឋភាពមាត់សមុទ្រថ្ងៃនោះ ក៏បាននាំមកនូវស្នាមញញឹម នៅលើផ្ទៃមុខខ្ញុំ។
“ផ្ទៃមេឃនឹងសរសើរការអស្ចារ្យរបស់ព្រះអម្ចាស់”(ទំនុកដំកើង ៨៩:៥)។ ព្រះនៃយើង ដែលគ្មានអ្វីអាចប្រៀបផ្ទឹមបាន ទ្រង់បង្ក្រាបការលើកកម្ពស់នៃសមុទ្រ កាលណារលកកំរើកឡើង នោះទ្រង់បន្ទ្រោមចុះ ឲ្យស្ងប់វិញ(ខ.៩)។ “ឯលោកីយ៍ និងសព្វសារពើ ដែលនៅក្នុងលោកីយ៍ នោះគឺទ្រង់បានសង់ឡើងដែរ”(ខ.១១)។ ព្រះអង្គបង្កើតរបស់សព្វសារពើ ព្រះអង្គជាម្ចាស់លើអ្វីៗទាំងអស់ គ្រប់គ្រងលើទាំងអស់ ហើយគោលបំណងរបស់ព្រះអង្គ គឺដើម្បីសិរីល្អរបស់ព្រះអង្គ និងដើម្បីឲ្យយើងបានអរសប្បាយនឹងព្រះអង្គ។
ចូរយើងឈរនៅលើគ្រឹះនៃសេចក្តីជំនឿរបស់យើង ដែលជាសេចក្តីស្រឡាញ់របស់ព្រះវរបិតា ដែលមិនចេះប្រែប្រួល ដើម្បីឲ្យយើងអាច “ដើរក្នុងពន្លឺនៃព្រះវត្តមានព្រះអង្គ”(ខ.១៥)។ ព្រះអង្គនៅតែពេញដោយអំណាចចេស្តា និងពេញដោយក្តីមេត្តា ក្នុងការដោះស្រាយបញ្ហាជាមួយយើង។ យើងអាចអរសប្បាយក្នុងព្រះនាមព្រះអង្គ ពេញមួយថ្ងៃ(ខ.១៦)។ ទោះយើងជួបឧបស័គ្គអ្វីក៏ដោយ ឬមានភាពអន់ថយច្រើនយ៉ាងណាក្តី យើងត្រូវតែស៊ូទ្រាំ។ ព្រះអង្គឱបយើងជាប់ ពេលដែលទឹករលកបក់ចុះឡើងៗ។—Xochitl…