ធ្វើដូចម្តេចដើម្បីឲ្យបានល្អឥតខ្ចោះ
នៅសហរដ្ឋអាមេរិក រដូវកាលនៃបុណ្យណូអែល ជាពេលប្រចំាឆ្នាំ ដែលគ្រីស្ទបរិស័ទខ្លះ អាចទទួលរងសំពាធ ឲ្យរស់នៅឲ្យបានល្អឥតខ្ចោះ។ គេស្រម៉ៃថា គេនឹងប្រារព្ធធ្វើបុណ្យណូអែល ឲ្យបានល្អឥតខ្ចោះ ហើយបន្ទាប់មក គេក៏ប្រឹងប្រែងឲ្យអស់ពីលទ្ធភាព ដើម្បីធ្វើឲ្យក្តីស្រមៃនេះក្លាយជាការពិត។ គេក៏ដើរទិញអំណោយឲ្យបានល្អឥតខ្ចោះ សម្រាប់មនុស្សជាទីស្រឡាញ់។ គេក៏បានធ្វើគម្រោងរៀបចំអាហារដ៏ល្អឥតខ្ចោះ សម្រាប់ថ្ងៃបុណ្យណូអែល។ គេជ្រើសរើសកាតប៉ូស្តាល់ដ៏ល្អឥតខ្ចោះ ឬសរសេរសំបុត្រដ៏ល្អឥតខ្ចោះផ្ញើរទៅក្រុមគ្រួសារ។ ប៉ុន្តែ ការខិតខំខ្លាំងពេក ធ្វើឲ្យយើងមានការបាក់ទឹកចិត្ត និងការខកចិត្ត ពេលដែលយើងស្រមៃចង់ឲ្យបានល្អឥតខ្ចោះ ហួសពីលទ្ធភាពដែលយើងអាចធ្វើ។ ឧទាហរណ៍ ជួនកាល អំណោយដែលបានជ្រើសរើសយ៉ាងសម្រិតសម្រាំង បានទទួលមកវិញនូវពាក្យអរគុណ មិនស្មោះអស់ពីចិត្ត។ អាហារចម្អិនមិនបានល្អនៅត្រង់ផ្នែកខ្លះ។ បន្ទាប់ពីបានផ្ញើកាតទៅហើយ យើងក៏បានដឹងថា យើងបានសរសេរខុសនៅត្រង់ចំណុចខ្លះ។ ក្មេងៗឈ្លោះគ្នាដណ្តើមប្រដាប់ក្មេងលេងដែលគេបានឲ្យជាអំណោយ។ មនុស្សធំក៏យករឿងចាស់មកឈ្លោះគ្នាទៀត។
ទោះជាយ៉ាងណាក៏ដោយ យើងមិនគួរមានការបាក់ទឹកចិត្តទេ ផ្ទុយទៅវិញ យើងគួរប្រើការខកចិត្ត ដើម្បីរំឭកខ្លួនឯង អំពីមូលហេតុដែលយើងបា្ររព្ធធ្វើពិធីបុណ្យណូអែលវិញ ព្រោះការនេះមានសារៈសំខាន់ណាស់។ យើងត្រូវការពិធីបុណ្យណូអែល ព្រោះគ្មាននរណាម្នាក់ អាចធ្វើអ្វីៗគ្រប់យ៉ាង ដែលខ្លួនប៉ងប្រាថ្នា ក្នុងរយៈពេលមួយខែ មួយសប្តាហ៍ ឬសូម្បីតែមួយថ្ងៃក៏ដោយ។ តើយើងនឹងអាចប្រារព្ធអបអរព្រះរាជកំណើតព្រះគ្រីស្ទ ឲ្យមានន័យប៉ុណ្ណា បើសិនជាយើងលះបង់ទ្រឹស្តីនៃការខំធ្វើអ្វីៗឲ្យល្អឥតខ្ចោះ ហើយងាកមកផ្តោតទៅលើភាពល្អឥតខ្ចោះនៃព្រះសង្រ្គោះវិញ ដែលនៅក្នុងទ្រង់ យើងបានរាប់ជាសុចរិត(រ៉ូម ៣:២២)។
បើការប្រារព្ធពិធីបុណ្យណូអែលរបស់អ្នក នៅឆ្នាំនេះ មិនបានល្អដូចការរំពឹងគិតរបស់អ្នកទេ នោះចូរសម្រួលអារម្មណ៍…
ការស្រេកឃ្លានរកព្រះ
លោកអាប៉ូឡាពី (A-poe-la-pi) ជាសមាជិកពួកចាស់ទុំ នៃកុលសម្ព័ន្ធអាខា ដែលរស់នៅតំបន់ជួរភ្នំ នៃខេត្តយូណាន ប្រទេសចិន។ ពេលយើងបានទៅសួរសុខទុក្ខគាត់ ក្នុងដំណើរបេសកកម្មកាលពីពេលថ្មីៗនេះ គាត់បានប្រាប់យើងថា ពេលមានភ្លៀងធ្លាក់ខ្លាំង គាត់នឹកកាលយើងរៀនព្រះគម្ពីរប្រចាំសប្តាហ៍ជាមួយគ្នា។ ដូចនេះ គាត់ក៏បានសុំឲ្យយើង ចែកចាយព្រះបន្ទូលព្រះដល់គាត់ទៀត។ លោកអាប៉ូឡាពី មិនចេះអក្សរទេ ដូចនេះ ការជួបប្រជុំរៀនព្រះគម្ពីរប្រចាំសប្តាហ៍ មានសារៈសំខាន់ចំពោះគាត់ណាស់។ ពេលយើងអានព្រះគម្ពីរឲ្យគាត់ស្តាប់ គាត់បានស្តាប់ដោយយកចិត្តទុកដាក់។ ភាពឆេះឆួលរបស់គាត់ បានរំឭកខ្ញុំថា ពេលយើងស្តាប់រឿងក្នុងព្រះគម្ពីរដោយយកចិត្តទុកដាក់ គឺមានន័យថា យើងកំពុងថ្វាយការគោរពចំពោះទ្រង់។
ក្នុងបទគម្ពីរចោទិយកថា ជំពូក៤ លោកម៉ូសេបានជំរុញពួកអ៊ីស្រាអែល ឲ្យប្រុងត្រចៀកស្តាប់ យ៉ាងប្រុងប្រយ័ត្ន ចំពោះច្បាប់ និងបញ្ញត្តិ ដែលទ្រង់បានបង្រៀនពួកគេ(ខ.១)។ គាត់បានរំឭកពួកគេថា ប្រភព និងការបណ្តាលចិត្ត នៃការបង្រៀនក្នុងព្រះគម្ពីរ គឺសុទ្ធតែមកពីព្រះ ដែលបានមានបន្ទូលមកកាន់ពួកគេ ដោយ “ភ្លើង” នៅភ្នំស៊ីណៃ(ខ.១២)។ លោកម៉ូសេប្រាប់ពួកគេថា “ទ្រង់បានមានព្រះបន្ទូលប្រាប់ដល់ឯងរាល់គ្នាពីសេចក្តីសញ្ញារបស់ទ្រង់ ដែលទ្រង់បានបង្គាប់ឲ្យឯងរាល់គ្នាប្រព្រឹត្តតាម គឺជាក្រឹត្យទាំង១០ប្រការ ហើយទ្រង់ក៏ចារឹកកត់ក្រឹត្យទាំងនោះ ចុះទៅបន្ទះថ្ម២ផ្ទាំង”(ខ.១៣)។
សូមយើងទទួលការលើកទឹកចិត្ត ឲ្យមានចិត្តស្រេកឃ្លានចង់ស្តាប់ព្រះបន្ទូលព្រះ បន្ទាប់ពីយើងបានស្តាប់ទីបន្ទាល់របស់លោកអាប៉ូឡាពី។ គឺដូចដែលសាវ័កប៉ុលបានរំឭកយើង ក្នុងបទគម្ពីរ ២ធីម៉ូថេ ៣:១៥-១៦ ថា បទគម្ពីរដែលព្រះបានបណ្តាលឲ្យគេនិពន្ធ ត្រូវបានទ្រង់ប្រទានមកសម្រាប់ជាប្រយោជន៍…
សត្វឆ្កែឆ័ត្រយោង
ខ្ញុំមានការភ្ញាក់ផ្អើល ពេលខ្ញុំបានអានរឿងឆ្កែឆ័ត្រយោងក្នុងសម័យសង្រ្គាមលោកលើកទី២។ ពេលពួកកងទ័ពសម្ព័ន្ធមិត្តកំពុងត្រៀមខ្លួន វាយលុកចូលរំដោះតំបន់អ៊ីរ៉ុបខាងលិច នៅថ្ងៃឌី-ដេយ(ថ្ងៃទី៦ មិថុនា ឆ្នាំ១៩៤៤) ពួកគេត្រូវការសមត្ថភាពហិតក្លិនដ៏ពូកែរបស់សត្វឆ្កែ ដើម្បីឆ្លងកាន់ចំការមីន ហើយដើម្បីដាត់តឿនកងទ័ពរបស់ខ្លួន អំពីគ្រោះថ្នាក់ដែលជិតចូលមកដល់។ ហើយវិធីតែមួយ ដើម្បីបញ្ជូនសត្វឆ្កែទាំងនោះ ឲ្យទៅកងទ័ពដែលនៅពីក្រោយខ្សែត្រៀមរបស់សត្រូវ គឺត្រូវទម្លាក់ពួកវាពីលើយន្តហោះ ដោយប្រើឆ័ត្រយោង។ តែសត្វឆ្កែមានសភាវគតិ ដែលខ្លាចការលោតហក់ពីកន្លែងខ្ពស់ៗ ប៉ុន្តែ មនុស្សយើងក៏ខ្លាចដូចពួកវាផងដែរ។ ប៉ុន្តែ បន្ទាប់ពីមានការបណ្តុះបណ្តាលអស់រយៈពេលជាច្រើនសប្តាហ៍សត្វឆ្កែទាំងនោះ ក៏បានរៀនទុកចិត្តម្ចាស់របស់វា នៅក្នុងការលោតពីលើយន្តហោះ តាមបញ្ជាររបស់ពួកគេ។
រឿងនេះ បានធ្វើឲ្យខ្ញុំឆ្ងល់ថា តើយើងមានទំនុកចិត្តចំពោះព្រះដ៏ជាម្ចាស់ នៃយើង ល្មមនឹងអាចធ្វើការពិបាកៗ ដែលតាមធម្មតា យើងមិនចង់ ឬមិនហ៊ានធ្វើឬទេ? តាមធម្មតា យើងប្រហែលជាពិបាកនឹងមានចិត្តសប្បុរស ឬអត់ទោស ឬមួយអត់ធ្មត់ ចំពោះអ្នកដែលធ្វើអាក្រក់មកលើយើងទេ។ តែព្រះយេស៊ូវបានបង្គាប់យើង ឲ្យទុកចិត្តទ្រង់ ល្មមនឹងអាចធ្វើកិច្ចការ ដែលពិបាក តែចម្រើនដល់នគរព្រះ។ យើងអាចថ្លែងឡើងថា “ទូលបង្គំទុកចិត្តនឹងទ្រង់ សូមឲ្យទូលបង្គំបានស្គាល់ផ្លូវដែលគួរដើរ ពីព្រោះទូលបង្គំបានលើកព្រលឹងទៅរកទ្រង់”(ទំនុកដំកើង ១៤៣:៨)។
សត្វឆ្កែឆ័ត្រយោងទាំងនោះ ច្រើនតែបានទទួលមេដាយ សម្រាប់ភាពក្លាហានរបស់ពួកវា។ ខ្ញុំជឿថា ថ្ងៃណាមួយ យើងក៏នឹងបានឮព្រះទ្រង់មានបន្ទូលថា “ល្អហើយ អ្នកបម្រើដ៏ស្មោះត្រង់អើយ” ព្រោះយើងបានទុកចិត្តព្រះជាម្ចាស់នៃយើង ល្មមនឹងចេញទៅបម្រើទ្រង់ ពេលទ្រង់មានបន្ទូលថា “ចូរចេញទៅ!”…
តាមរក និងជួយសង្រ្គោះ
អ្នកស្រីម៉ាការេណា វលដេស(Macarena Valdes) មានជំនាញធ្វើផែនទីអណ្តូងរែក្រោមដី ដែលបានជួយដល់ការសង្រ្គោះកម្មករអណ្តូងរ៉ែ៣៣នាក់ ដែលបានជាប់នៅក្នុងអណ្តូងរ៉ែ បន្ទាប់ពីមានបន្ទុះនៅទីនោះ ក្នុងខែតុលា ឆ្នាំ២០១០។ គាត់មានប្រសាសន៍ថា “ការខួងដី ឲ្យចំទីតាំងរបស់កម្មករ ដែលជាប់ក្រោមដី គឺមិនខុសពីការព្យាយាមបាញ់សត្វរុយមួយក្បាល ដែលស្ថិតនៅចម្ងាយ៧០០ម៉ែត្រឡើយ”។ ដោយសារគាត់មានជំនាញផ្នែកអណ្តូងរ៉ែ នោះគាត់អាចបញ្ជាឧបករណ៍ស្ទង់ ឲ្យខួងដីទៅដល់រូងដែលពួកកម្មករកំពុងជាប់នៅក្នុង ហើយជីវិតពួកគេក៏ត្រូវបានជួយសង្រ្គោះ។
នៅក្នុងកិច្ចប្រឹងប្រែងនៅក្នុងការជួយសង្រ្គោះខាងវិញ្ញាណ គេងាយនឹងមានការបាក់ទឹកចិត្ត។ ទោះសាវ័កប៉ុលបានជួបឧបស័គ្គដែលធំជាងនេះក៏ដោយ ក៏គាត់នៅតែមានប្រសាសន៍ថា “ដែលមានការងារនេះ នោះយើងខ្ញុំមិនណាយចិត្តឡើយ តាមខ្នាតនៃសេចក្តីមេត្តាករុណា ដែលយើងខ្ញុំទទួលមក”(២កូរិនថូស ៤:១)។ ទោះបីជា “ព្រះនៃលោកិយនេះ” បាន “ធ្វើឲ្យគំនិតរបស់អ្នកមិនជឿខ្វាក់ មើលឃើញពន្លឺនៃដំណឹងល្អ”ក៏ដោយ ក៏គាត់នៅតែបន្តប្រកាសដំណឹងល្អនៃសេចក្តីសង្រ្គោះ(ខ.៤-៥)។ សាវ័កប៉ុលបានទទួលការបណ្តាលចិត្តពីសេចក្តីស្រឡាញ់របស់ព្រះ ដែលមានបន្ទូលដោយក្តីស្រឡាញ់ និងបង្គាប់ពន្លឺឲ្យចែងចំាំងក្នុងភាពងងឹតរបស់គាត់(ខ.៦) បានជាគាត់ដឹងថា ការអ្វីដែលព្រះបានធ្វើសម្រាប់គាត់ នោះទ្រង់ក៏អាចធ្វើសម្រាប់អ្នកដទៃផងដែរ។
អ្នក និងខ្ញុំអាចមានរឿងដែលស្រដៀងនឹងពួកគេផងដែរ។ ពេលសេចក្តីស្រឡាញ់របស់ព្រះបណ្តាលចិត្តយើង នោះយើងក៏មានហេតុផល ដែលមិនត្រូវបាក់ទឹកចិត្តផងដែរ។ ដែលអ្នកស្រីម៉ាការេណា បានដឹកនាំការជួយសង្រ្គោះដល់កម្មករអណ្តូងរែ ដោយជោគជ័យជាយ៉ាងណា នោះព្រះវិញ្ញាណនៃព្រះអាចនាំពន្លឺនៃសេចក្តីស្រឡាញ់ និងពាក្យសម្តីរបស់យើង ចូលទៅក្នុងចិត្តអ្នកដែលត្រូវការព្រះសង្រ្គោះ ដែលពួកគេមិនទាន់យល់អំពីទ្រង់។-C.P.Hia
បានរួចពីទោសដែលសមនឹងទទួល
មានពេលមួយ មន្រ្តីប៉ូលីសម្នាក់បានបញ្ឈប់រថយន្តរបស់ស្រ្តីម្នាក់ ដោយសារកូនស្រីគាត់មិនបានអង្គុយក្នុងកៅអីសុវត្ថិភាពសម្រាប់ក្មេងតូច ដែលច្បាប់បានតម្រូវ។ ពេលនោះ គាត់អាចចេញបង្កាន់ដៃផាកពិន័យ សម្រាប់ការធ្វើខុសច្បាប់ចរាចរណ៍ តែផ្ទុយទៅវិញ គាត់បានសុំឲ្យអ្នកទាំងពីរទៅជួបគាត់ នៅហាងទំនិញនៅក្បែរនោះ។ គាត់ក៏បានទិញកៅអីសុវត្ថិភាពឲ្យពួកគេ។ ម្តាយក្មេងស្រីនោះកំពុងឆ្លងកាត់ពេលដ៏ពិបាក ហើយមិនមានលទ្ធភាពទិញកៅអីសុវត្ថិភាពឲ្យកូនស្រីគាត់ទេ។
ស្រី្តជាម្តាយគួរតែទទួលការផាកពិន័យ ដោយសារការធ្វើខុសច្បាប់ តែផ្ទុយទៅវិញ នាងបែរជាបានទទួលអំណោយពីមន្ត្រីប៉ូលីសចិត្តល្អ។ អ្នកដែលស្គាល់ព្រះគ្រីស្ទ ក៏បានពិសោធន៍នឹងរឿងដ៏ល្អដូចនេះផងដែរ។ យើងម្នាក់ៗសមនឹងទទួលទោស សម្រាប់ការបំពានក្រឹត្យវិន័យរបស់ព្រះ(សាស្តា ៧:២០)។ តែដោយសារព្រះយេស៊ូវ នោះយើងក៏បានទទួលព្រះគុណព្រះ ដែលយើងមិនសមនឹងទទួល។ ព្រះគុណព្រះ បានរំដោះយើង ឲ្យរួចពីលទ្ធផលនៃអំពើបាបរបស់យើង ដែលជាសេចក្តីស្លាប់ និងការដាច់ចេញពីព្រះអស់កល្បជានិច្ច(រ៉ូម ៦:២៣)។
“យើងបានសេចក្តីប្រោសលោះនៅក្នុងព្រះរាជបុត្រានោះ ដោយសារព្រះលោហិតទ្រង់ គឺជាសេចក្តីប្រោសឲ្យរួច ពីទោស តាមព្រះគុណដ៏ធ្ងន់ក្រៃលែងនៃទ្រង់”(អេភេសូរ ១:៧)។ អ្នកខ្លះបានឲ្យនិយមន័យថា ព្រះគុណព្រះ គឺជា “សេចក្តីស្រឡាញ់ដែលបង្ហាញចេញតាមការប្រព្រឹត្ត”។ ពេលដែលស្រ្តីជាម្តាយរូបនោះ បានជួបរឿងដ៏គួរឲ្យរំភើបនេះហើយ គាត់ក៏បាននិយាយប្រាប់មន្ត្រីប៉ូលីសនោះថា “ខ្ញុំនឹងអរព្រះគុណព្រះជានិច្ច! …ពេលណាខ្ញុំមានលុយល្មមនឹងទិញកៅអីសុវត្តិភាព ខ្ញុំនឹងយកលុយនោះទៅជួយអ្នកដទៃទៀត”។ ការឆ្លើយតប ដោយការដឹងគុណ និងដោយចិត្តទូលាយ ចំពោះអំណោយរបស់មន្ត្រីប៉ូលីសយ៉ាងដូចនេះ ជាឧទារហណ៍គំរូដែលលើកទឹកចិត្ត ដល់យើងរាល់គ្នា ដែលបានទទួលអំណោយនៃព្រះគុណព្រះ!-Jennifer Benson Schuldt
ដង្វាយដ៏ឥតខ្ចោះ
ជារៀងរាល់ឆ្នាំ សួនច្បាររុក្ខសាស្រ្តប្រចាំតំបន់ដែលខ្ញុំរស់នៅ តែងតែធ្វើជាម្ចាស់កម្មវិធីបុណ្យណូអែល ជាអន្តរជាតិ។ ការតាំងពិពណ៌ដែលខ្ញុំចូលចិត្តជាងគេ គឺការតាំងបង្ហាញអំពីកំណើតព្រះយេស៊ូវ តាមប្រពៃណីជនជាតិបារាំង។ ក្នុងការតាំងពិពណ៌នោះ គេមិនបានដាក់រូបអ្នកគង្វាល និងអ្នកប្រាជ្ញដែលកាន់ដង្វាយ មាស កំញាន និងជ័រល្វីងទេស នៅជុំវិញស្នូកសត្វ តាមទំនៀមទម្លាប់នៃការតាំងបង្ហាញនោះទេ ផ្ទុយទៅវិញ គេបានដាក់រូបអ្នកភូមិជនជាតិបារាំង នាំយកដង្វាយមកថ្វាយព្រះឱរសយេស៊ូវវិញ។ ដង្វាយនោះមាន នំប៉័ង ស្រាទំពាំងបាយជូរ ប្រូម៉ា ផ្កា និងវត្ថុដទៃទៀត ដែលព្រះបានប្រទានឲ្យពួកគេមានលទ្ធភាពផលិត។
ការនេះបានរំឭកខ្ញុំ អំពីក្រឹត្យវិន័យគ្រាសញ្ញាចាស់ ដែលបង្គាប់ឲ្យនាំផលផ្លែដំបូង ចូលទៅក្នុងដំណាក់ព្រះអម្ចាស់(និក្ខមនំ ២៣:១៦-១៩)។ ការតាំងបង្ហាញមួយនេះ ជាការបកស្រាយឲ្យយើងដឹងថា អ្វីៗដែលយើងមានគឺសុទ្ធតែមកពីព្រះ ដូចនេះ យើងត្រូវថ្វាយដល់ព្រះ នូវរបស់អ្វីដែលទ្រង់បានប្រទានមកយើង។
ពេលសាវ័កប៉ុលបានបង្រៀនពួកជំនុំនៅក្រុងរ៉ូម ឲ្យថ្វាយខ្លួនជាដង្វាយដ៏រស់ដល់ព្រះ គឺគាត់កំពុងប្រាប់ពួកគេ ឲ្យថ្វាយដល់ព្រះ នូវអ្វីដែលទ្រង់បានប្រទានពួកគេ រួមទាំងរូបកាយរបស់ពួកគេ(រ៉ូម ១២:១)។ ការនេះគឺរាប់បញ្ចូលអំណោយ ដែលទ្រង់ប្រទានពួកគេ ក៏ដូចជាសមត្ថភាពដែលពួកគេមាន ក្នុងការចិញ្ចឹមជីវិត។ យើងដឹងថា ព្រះបានប្រទានពួកគេ ឲ្យមានសមត្ថភាពពិសេស។ អ្នកខ្លះមានអំណោយទានផ្នែកតន្រ្តី ដូចស្តេចដាវីឌ(១សាំយ៉ូអែល ១៦:១៨)។ អ្នកខ្លះមានជំនាញផ្នែកចម្លាក់ ដូចលោកបេតសាលាល និងអូហូលីអាប់(និក្ខមនំ ៣៥:៣០-៣៥)។ អ្នកខ្លះមានអំណោយទានផ្នែកសរសេរ បង្រៀន ធ្វើស្រែចំការ។ល។…
អ្នកបម្រើដ៏ស្មោះត្រង់
លោកម៉ាដាលេណូ(Madaleno) ជាអ្នករៀបឥដ្ឋ។ ចាប់ពីថ្ងៃច័ន្ទ ដល់ថ្ងៃព្រហស្បត្តិ៍ គាត់បានសង់ជញ្ជាំងផ្ទះ និងជួសជុលដំបូល។ គាត់ជាមនុស្សស្ងាត់ស្ងៀម គួរឲ្យជឿជាក់បាន ហើយខិតខំធ្វើការ។ បន្ទាប់មក ចាប់ពីថ្ងៃសៅរ៍ ដល់ថ្ងៃអាទិត្យ គាត់ឡើងទៅលើភ្នំ ដើម្បីបង្រៀនព្រះបន្ទូលព្រះ។ លោកម៉ាដាលេណូបាននិយាយភាសា ណាហួត(Nahuatl ដែលជាក្រៀមភាសារបស់ជនជាតិមិចស៊ិចកូ) ដូចនេះ គាត់អាចផ្សាយដំណឹងល្អរបស់ព្រះយេស៊ូវ យ៉ាងងាយស្រួល ដល់ប្រជាជនក្នុងតំបន់នោះ។ ពេលគាត់មានអាយុ៧០ឆ្នាំ គាត់នៅតែធ្វើការដោយដៃ ក្នុងការសាងសង់ផ្ទះឲ្យគេ តែគាត់ក៏បានរួមចំណែកនៅក្នុងការបង្កើតមហាគ្រួសារនៃព្រះផងដែរ។ ជីវិតគាត់បានទទួលការគំរាមកំហែង ជាច្រើនដង។ គាត់បានគេងនៅកណ្តាលវាល ហើយប្រឈមមុខនឹងការស្លាប់ ដោយសារគ្រោះថ្នាក់រថយន្ត និងការធ្លាក់ពីកន្លែងខ្ពស់។ គេបានបណ្តេញគាត់ចេញពីក្រុង។ តែគាត់គិតថា ព្រះបានត្រាស់ហៅគាត់ ឲ្យបម្រើទ្រង់ ហើយគាត់ក៏បានធ្វើដោយអំណរ។ គាត់បានជឿថា មនុស្សត្រូវស្គាល់ព្រះអម្ចាស់ បានជាគាត់ពឹងផ្អែកលើទ្រង់ ដើម្បីទទួលបាននូវកម្លាំង ដែលគាត់ត្រូវការ។
ភាពស្មោះត្រង់របស់លោកម៉ាដាលេណូ បានធ្វើឲ្យខ្ញុំនឹកចាំ អំពីភាពស្មោះត្រង់របស់លោកកាលែប និងលោកយ៉ូស្វេ ពេលដែលអ្នកទាំងពីរត្រូវបានលោកម៉ូសេចាត់ឲ្យទៅសង្កេតមើលទឹកដីសន្យា ហើយវិលត្រឡប់មករាយការណ៍ដល់ជនជាតិអ៊ីស្រាអែលវិញ(ជនគណនា ១៤:៦-១៣)។ ពួកឈ្លបដទៃទៀត ដែលទៅជាមួយគាត់មានការភ័យខ្លាច ចំពោះមនុស្សដែលរស់នៅទីនោះ តែលោកកាលែប និងលោកយ៉ូស្វេបានទុកចិត្តលើព្រះ ហើយជឿថា ទ្រង់នឹងជួយពួកគេ ឲ្យចូលកាន់កាប់ទឹកដីសន្យា។
ការងារដែលព្រះបានប្រទានឲ្យយើងធ្វើ ប្រហែលជាខុសពីការងាររបស់លោកម៉ាដាលេណូ លោកកាលែប និងលោកយ៉ូស្វែ។…
ដើមកំណើតនៃបុណ្យណូអែល
មានពេលមួយទេវតាកាព្រីយ៉ែល យាងចុះមកជួបនាងម៉ារា ហើយបន្ទាប់មកក៏បានជួបពួកអ្នកគង្វាល ដោយនាំមកនូវដំណឹងល្អ សម្រាប់ពិភពលោក(លូកា ១:២៦-២៧ ២:១០)។ តើនេះជាដំណឹងល្អ សម្រាប់នាងម៉ារាមែនឬ? កាលនោះ នាងម៉ារាប្រហែលជាគិតថា តើឲ្យខ្ញុំបកស្រាយ អំពីការមានផ្ទៃពោះរបស់ខ្ញុំ ដល់ក្រុមគ្រួសារខ្ញុំ យ៉ាងដូចម្តេចទៅ? តើលោកយ៉ូសែបដែលជាគូរដណ្តឹងរបស់ខ្ញុំ នឹងផ្តាច់ពាក្យឬទេ? តើអ្នកភូមិគេនឹងនិយាយដើមខ្ញុំ ដូចម្តេចខ្លះ? បើខ្ញុំមិនស្លាប់ដោយការប្រសូត្របុត្រទេ តើខ្ញុំអាចចិញ្ចឹមកូនតែម្នាក់ឯងយ៉ាងម៉េចនឹងកើត?
ពេលលោកយ៉ូសែបបានដឹងថា នាងម៉ារាមានផ្ទៃពោះ គាត់មានការពិបាកចិត្តយ៉ាងខ្លាំង។ គាត់បានរកឃើញជម្រើសបី។ តើគាត់ត្រូវរៀបការជាមួយនាងតែម្តង ឬផ្តាច់ពាក្យដោយបើកចំហរ ហើយឲ្យគេប្រមាថមើលងាយនាងជាសាធារណៈ ឬមួយផ្តាច់ពាក្យដោយសម្ងាត់។ គាត់បានរើសយកជម្រើសទីបី តែព្រះទ្រង់ក៏បានឲ្យគាត់ដឹងការពិត។ ទ្រង់បានប្រាប់លោកយ៉ូសែបក្នុងសុបិន្តថា “យ៉ូសែប ពូជហ្លួងដាវីឌអើយ កុំឲ្យខ្លាចនឹងយកនាងម៉ារា ជាប្រពន្ធអ្នកឡើយ ដ្បិតបុត្រដែលមកចាប់ទំផ្ទៃនាង នោះកើតពីព្រះវិញ្ញាណបរិសុទ្ធទេ”(ម៉ាថាយ ១:២០)។
សម្រាប់នាងម៉ារា និងលោកយ៉ូសែប បុណ្យណូអែលបានចាប់ផ្តើម នៅពេលដែលពួកគេចុះចូលចំពោះព្រះ ទោះពួកគេបានជួបរឿង ដែលធ្វើឲ្យមានការពិបាកក្នុងផ្លូវអារម្មណ៍ក៏ដោយ។ ពួកគេបានថ្វាយជីវិតដាច់ដល់ព្រះ គឺបានធ្វើតាមព្រះបន្ទូលសន្យា ដែលមានក្នុង ១យ៉ូហាន ២:៥ “តែអ្នកណាដែលកាន់តាមព្រះបន្ទូលទ្រង់វិញ នោះបា្រកដជាសេចក្តីស្រឡាញ់នៃព្រះបានពេញខ្នាត នៅក្នុងអ្នកនោះហើយ”។
សូមព្រះទ្រង់បំពេញចិត្តយើង ដោយក្តីស្រឡាញ់របស់ទ្រង់ ក្នុងរដូវកាលនៃបុណ្យណូអែល និងជារៀងរាល់ថ្ងៃ ខណៈពេលដែលយើងដើរជាមួយទ្រង់។-Albert Lee
អត្ថន័យនៃពិធីបុណ្យណូអែល
កាលពីជាង៥០ឆ្នាំមុន កម្មវិធីទូរទស្សន៍មួយ ដែលមានចំណងជើងថា ពីធីបុណ្យណូអែលរបស់លោកឆាលី ប្រោន(Charlie Brown) ត្រូវបានគេចាក់ផ្សាយ នៅតាមទូរទស្សន៍អាមេរិកជាលើកដំបូង។ នាយកប្រតិបត្តិនៃបណ្តាញទូរទស្សន៍ខ្លះ យល់ថា កម្មវីធីនេះ នឹងគ្មានគេចាប់អារម្មណ៍ ហើយខ្លះទៀតបារម្ភថា ការដកស្រង់ខគម្ពីរ នៅក្នុងកម្មវិធីមួយនេះ នឹងធ្វើឲ្យទស្សនិកជនដែលមិនមែនជាគ្រីស្ទបរិស័ទ មានការមិនសប្បាយចិត្ត។ អ្នកខ្លះទៀតចង់ឲ្យលោក ឆាល ស៊ូល(Charles Schulz) ដែលជាអ្នកបង្កើតកម្មវិធីនេះ លុបរឿងណូអែល ចេញពីកម្មវិធីទូរទស្សន៍ តែលោកស៊ូលនៅតែទទូចឲ្យគេចាក់ផ្សាយ។ កម្មវិធីទូរទស្សន៍នេះ ក៏បានទទួលជោគជ័យភ្លាមៗ ហើយគេក៏បានចាក់ផ្សាយឡើងវិញ ជារៀងរាល់ឆ្នាំ ចាប់តាំងពីឆ្នាំ១៩៦៥រៀងមក។
លោកឆាលី ប្រោន ជាអ្នកដឹកនាំការសម្តែងល្ខោនបុណ្យណូអែល សម្រាប់កុមារ។ គាត់មានការនឿយណាយ និងការបាក់ទឹកចិត្ត ដោយសារវិញ្ញាណនៃការផ្សាយពាណិជ្ជកម្ម ក្នុងរដូវកាលបុណ្យណូអែល បានប្រែជាផ្តោតទៅលើការផ្សព្វផ្សាយអំពីផលិតផលផ្សេងៗ ក្នុងរដូវកាលដ៏មានអំណរនេះវិញ។ ពេលនោះ គាត់ក៏បានសួរគេថា តើមាននរណាអាចប្រាប់គាត់ អំពីអត្ថន័យដ៏ពិតនៃពិធីបុណ្យណូអែល? លោកឡាយនើស(Linus) ក៏បានដកស្រង់បទគម្ពីរ លូកា ២:៨-១៤ ដែលរួមមានបទគម្ពីរដែលចែងថា “ដ្បិតនៅថ្ងៃនេះ មានព្រះអង្គសង្គ្រោះ១អង្គ ប្រសូត្រដល់អ្នករាល់គ្នានៅក្រុងហ្លួងដាវីឌ គឺជាព្រះគ្រីស្ទដ៏ជាព្រះអម្ចាស់ ហើយនេះជាទីសំគាល់ដល់អ្នករាល់គ្នា គឺអ្នករាល់គ្នានឹងឃើញព្រះឱរស១រុំនឹងសំពត់ផ្តេកនៅក្នុងស្នូក នោះស្រាប់តែមានពួកពលបរិវារកកកុញពីស្ថានសួគ៌ មកនៅជាមួយនឹងទេវតានោះ ក៏ពោលសរសើរដល់ព្រះថា សួស្តីដល់ព្រះនៅស្ថានដ៏ខ្ពស់បំផុត ហើយសេចក្តីសុខសាន្តនៅផែនដី…
រួចពីការព្រួយបារម្ភ ឬក្តៅចិត្ត
ការព្យាយាមតាមដានពត៌មានថ្មីៗ ក៏មានគុណវិបត្តផងដែរ ព្រោះពត៌មានដែលនិយាយពីការអាក្រក់ មានការពេញនិយម ជាងពត៌មានដែលល្អ។ យើងងាយនឹងមានការព្រួយបារម្ភខ្លាំង អំពីអំពើឧក្រឹដ្ឋរបស់បុគ្គល របស់ហ្វូងមនុស្ស ក៏ដូចជារបស់រដ្ឋាភិបាល ដែលយើងមិនអាចគ្រប់គ្រងបាន។
ត្រង់ចំណុចនេះ បទគម្ពីរទំនុកដំកើង ជំពូក៣៧ បានបង្រៀនយើង អំពីការឆ្លើយតបដែលយើងត្រូវមាន ចំពោះពត៌មានដែលយើងបានឮជារៀងរាល់ថ្ងៃ។ គឺដូចដែលស្តេចដាវីឌបានចាប់ផ្តើមទំនុកមួយនេះ ដោយពាក្យថា “កុំឲ្យក្តៅចិត្ត ដោយព្រោះមនុស្ស ដែលប្រព្រឹត្តអាក្រក់ឡើយ”(ខ.១)។ បន្ទាប់មក ក្នុងខដែលមានជាបន្តបន្ទាប់ ទ្រង់ក៏បានប្រាប់ឲ្យយើងមានការឆ្លើយតបដ៏ត្រឹមត្រូវចំពោះពត៌មានអវិជ្ជមានក្នុងពិភពលោក ជាជាងមានការភ័យខ្លាច ឬក្តៅចិត្ត។
តើមានអ្វីកើតឡើង បើយើងសម្រេចចិត្តថា យើងទុកចិត្តព្រះអម្ចាស់ ជាជាងព្រួយបារម្ភអំពីហេតុការណ៍ ដែលយើងមិនអាចគ្រប់គ្រងបាន?(ខ.៣) តើយើងនឹងបានទទួលប្រយោជន៍ច្រើនប៉ុណ្ណា ពេលដែលយើង “យកព្រះអម្ចាស់ជាក្តីអំណរ”(ខ.៤) ជាជាងមានចិត្តក្តៅ ឬព្រួយបារម្ភឥតឈប់ឈរ? ចូរយើងពិចារណាអំពី សេរីភាពរួចពីការព្រួយបារម្ភ ដែលយើងអាចមាន ពេលដែលយើង “ទុកដាក់ផ្លូវរបស់យើងនឹងព្រះអម្ចាស់”(ខ.៥)។ ហើយតើយើងនឹងមានចិត្តស្ងប់ប៉ុណ្ណា ពេលដែលយើងរៀន “ស្ងៀមនៅចំពោះព្រះយេហូវ៉ា ហើយរង់ចាំទ្រង់ ដោយចិត្តអត់ធ្មត់”(ខ.៧)។
ពត៌មានអំពីការអាក្រក់ ដែលយើងមិនអាចកែប្រែបាន គឺជាឱកាសសម្រាប់ឲ្យយើងដាក់ព្រំដែនសម្រាប់ការព្រួយបារម្ភរបស់យើង។ កាលណាយើងទុកចិត្តព្រះ ទុកដាក់ផ្លូវយើងនៅនឹងទ្រង់ ហើយសម្រាកក្នុងទ្រង់ ទស្សនៈរបស់យើងនឹងមានភាពភ្លឺស្វាងឡើង។ ការតស៊ូ និងទុក្ខលំបាកប្រហែលជាមិនរលាយបាត់អស់ទេ តែយើងនឹងបានដឹងថា ព្រះទ្រង់ប្រទានឲ្យយើងមានសន្តិភាពរបស់ទ្រង់ នៅក្នុងពេលដែលមានទុក្ខលំបាកនោះ។-Dave Branon