កំណើតដ៏ពិសេស
ក្នុងព្រះគម្ពីរបរិសុទ្ធ មានទំព័រដែលនិយាយ អំពីកំណើតរបស់ក្មេងប្រុសមួយចំនួន ដែលមានលក្ខណៈគួរឲ្យកត់សំគាល់ណាស់។ លោកកាអ៊ីន ជាកូនដំបូងបំផុត ដែលបានកើតពីលោកអ័ដាំម និងនាងអេវ៉ា។ លោកអ៊ីសាក់បានកើតមក ធ្វើជាក្តីសង្ឃឹមនៃអនាគតរបស់ជនជាតិអ៊ីស្រាអែល។ រីឯការចាប់កំណើតរបស់លោកសាំយ៉ូអែលវិញ គឺជាការឆ្លើយតបរបស់ព្រះ ចំពោះម្តាយគាត់ ដែលបានអធិស្ឋានឥតឈប់ឈរ។ កំណើតរបស់ពួកគេសុទ្ធតែសំខាន់យ៉ាងខ្លាំង ហើយមានការរំពឹងទុក ដោយក្តីរីករាយ។ អ្នកនិពន្ធព្រះគម្ពីរពិពណ៌នា អំពីកំណើតរបស់ពួកគេ តាមរបៀបដូចៗគ្នាថា ម្តាយរបស់ពួកគេនឹងមានផ្ទៃពោះ ហើយកើតបានកូនប្រុសមួយ(លោកុប្បត្តិ ៤:១ ២១:២-៣ ១សាំយ៉ូអែល ១:២០)។
ប៉ុន្តែ មានកំណើតរបស់កូនប្រុសមួយទៀត ដែលយើងត្រូវពិចារណាផងដែរ។ ការពិពណ៌នាអំពីកំណើតរបស់កូនប្រុសម្នាក់នេះ គឺមានភាពលម្អិតជាងគេ ព្រោះពាក្យតែពីរបីម៉ាត់មិនអាចមានភាពច្បាស់លាស់ ល្មមនឹងអាចនិយាយ អំពីកំណើតរបស់បុត្រនោះឡើយ។ ដែលមានព្រះនាមថា យេស៊ូវ។ ព្រះគម្ពីរមីកា បានចែងអំពីទីកន្លែងដែលព្រះអង្គប្រសូត្រ គឺនៅបេថ្លេហិម(៥:២)។ ព្រះគម្ពីរអេសាយក៏បានចែងផងដែរថា មាតារបស់ព្រះអង្គជាស្ត្រីព្រហ្មចារី(៧:១៤) ហើយទ្រង់បានយាងមក ដើម្បីសង្រ្គោះមនុស្សឲ្យរួចពីបាប(ជំពូក ៥៣)។
ជាងនេះទៅទៀត ព្រះគម្ពីរសញ្ញាថ្មីបានផ្តល់នូវពត៌មានគន្លឹះ អំពីព្រះនាមរបស់ព្រះអង្គ និងអំពីមូលហេតុដែលព្រះអង្គមានព្រះនាមថា យេស៊ូវ(ម៉ាថាយ ១:២១) និងអំពីទីកន្លែងដែលព្រះអង្គប្រសូត្រមក ដែលជាការសម្រេចបទទំនាយ(២:៦) ហើយក៏បានរៀបរាប់ផងដែរថា មាតាបង្កើត និងឪពុកចិញ្ចឹមរបស់ព្រះអង្គ គឺជាផ្នែកដ៏សំខាន់មួយនៃផែនការរបស់ព្រះ(១:១៦)។
កំណើតរបស់ព្រះយេស៊ូវមានភាពធំប្រសើរ លើសកំណើតរបស់មនុស្សទាំងអស់។ ការយាងមករបស់ព្រះអង្គ បានកែប្រែពិភពលោក…
វីវរៈបុរសម្នាក់ទៀត នៃបុណ្យណូអែល
កាលពីមុនមក ខ្ញុំមិនបានគិតដល់សារៈសំខាន់នៃតួនាទីរបស់លោកយ៉ូសែប នៅក្នុងរឿងបុណ្យណូអែលទេ។ ប៉ុន្តែ បន្ទាប់ពីខ្ញុំបានក្លាយជាស្វាមី និងឪពុកម្នាក់ ខ្ញុំក៏បានឲ្យតម្លៃកាន់តែខ្លាំង ចំពោះបុគ្គលិកលក្ខណៈដ៏សុភាពរបស់លោកយ៉ូសែប។ ពេលដែលលោកយ៉ូសែបបានដឹងថា នាងម៉ារាមានផ្ទៃពោះ គាត់បានសម្រេចចិត្តថា គាត់នឹងមិនធ្វើឲ្យនាងខ្មាស់គេ ឬដាក់ទោសនាងឡើយ(ម៉ាថាយ ១:១៩)។
ខ្ញុំមានការស្ងើចសរសើរចំពោះការស្តាប់បង្គាប់ និងការបន្ទាបខ្លួនរបស់គាត់ ដ្បិតគាត់មិនគ្រាន់តែបានធ្វើតាមបង្គាប់របស់ព្រះប៉ុណ្ណោះទេ(ខ.២៤) ប៉ុន្តែ ថែមទាំងមិនបានរួមដំណេកជាមួយនឹងនាងម៉ារា មុនពេលដែលព្រះយេស៊ូវប្រសូត្រឡើយ(ខ.២៥)។ យើងដឹងទៀតថា ក្រោយមក លោកយ៉ូសែបបានស្ម័គ្រចិត្តភៀសខ្លួនចេញពីទីលំនៅរបស់ខ្លួន ដើម្បីការពារព្រះឱរសយេស៊ូវ(២:១៣-២៣)។
សូមយើងស្រម៉ៃថា លោកយ៉ូសែប និងនាងម៉ារាបានទទួលសម្ពាធប៉ុណ្ណា ពេលដែលពួកគេដឹងថា ខ្លួនត្រូវមើលថែរ និងចិញ្ចឹមបីបាច់ព្រះយេស៊ូវ។ បើអ្នកជាពួកគេវិញ តើអ្នកនឹងមានអារម្មណ៍ស្មុគ្រស្មាញ និងទទួលរងសម្ពាធខ្លាំងប៉ុណ្ណា ពេលដែលព្រះរាជបុត្រានៃព្រះរស់នៅជាមួយអ្នក ជារៀងរាល់ថ្ងៃ ដោយអ្នកត្រូវសម្អាតខ្លួនជាបរិសុទ្ធជានិច្ច ដើម្បីនៅក្បែរព្រះអង្គ។ តើលោកយ៉ូសែបត្រូវមានលក្ខណៈជាមនុស្សល្អប៉ុណ្ណា ដើម្បីឲ្យអាចទទួលកិច្ចការដែលព្រះទ្រង់ឲ្យធ្វើនោះ? គាត់ពិតជាបានធ្វើជាគំរូដ៏ល្អ សម្រាប់ឲ្យយើងយកតម្រាប់តាម ទោះយើងកំពុងចិញ្ចឹមកូន ឬមើលថែរអ្នកដទៃ ដែលព្រះប្រទានមកក៏ដោយ។
សូមព្រះប្រទានឲ្យយើងមានកម្លាំង ឲ្យមានចិត្តស្មោះត្រង់ និងការស្តាប់បង្គាប់ ដូចលោកយ៉ូសែប ទោះបីជាយើងមិនយល់ច្បាស់ អំពីផែនការរបស់ព្រះអង្គក៏ដោយ។-Randy Kilgore
ចូលជ្រកក្នុងព្រះអង្គ
កាលនៅពីក្មេង ក្រុមគ្រួសាររបស់ខ្ញុំបានរស់នៅ ក្នុងផ្ទះមួយខ្នងដែលឪពុកខ្ញុំបានសង់ ក្នុងតំបន់ខាងលិច នៃទីក្រុងដាន់ខិនវីល រដ្ឋតិចសាស់។ ផ្ទះរបស់យើងមានផ្ទះបាយដ៏តូច ដែលមានតុសម្រាប់ញំាអាហារជុំគ្នា និងមានបន្ទប់គេងពីរ ហើយមានបន្ទប់ធំមួយ ដែលមានជើងក្រានកម្តៅផ្ទះដ៏ធំដែលធ្វើពីថ្ម ដែលយើងអាចដុតអុសដែលមានប្រវែងកន្លះម៉ែត្របាន។ ជើងក្រានកម្តៅផ្ទះនោះ ជាកន្លែងកម្តៅ ដែលសំខាន់ជាងគេនៅក្នុងផ្ទះយើង នៅរដូវរងា។
នៅក្នុងគ្រួសារខ្ញុំ មានមនុស្ស៥នាក់ ដែលមានឪពុក និងម្តាយរបស់ខ្ញុំ បងស្រី បងប្អូនជីដូនមួយ និងខ្ញុំ។ ដោយសារយើងមានបន្ទប់គេងតែពីរ ខ្ញុំក៏បានគេងនៅលើកម្រាលព្រុំ នៅលើវេរ៉ង់ដា ពេញមួយឆ្នាំ។ ការគេងនៅទីនោះ មានភាពសប្បាយរីករាយ នៅរដូវក្តៅ តែត្រជាក់ខ្លាំង នៅរដូវរងា។
ខ្ញុំនៅចាំថា ដោយសារអាកាសធាតុត្រជាក់ពេក ពេលខ្ញុំចេញពីបន្ទប់ទទួលភ្ញៀវដែលមានភាពកក់ក្តៅ ចូលទៅក្នុងវេរ៉ង់ដាម្តងៗ ខ្ញុំត្រូវរត់ ឬដើរជំទើតចុងជើងឲ្យលឿន ពីលើរនាបឈើដ៏ត្រជាក់ ដោយជើងទទេ ហើយលោតទៅលើគ្រែគេង និងកប់ខ្លួននៅក្រោមគំនរភួយ។ បន្ទាប់មក ពេលដែលមានទឹកកក់ធ្លាក់ ឬមានភ្លៀងធ្លាក់លាយទឹកកក ឬមួយព្រឹលធ្លាក់មកលើផ្ទះរបស់យើង ហើយខ្យល់បក់ថ្ងួចថ្ងូរខាងក្រោមដំបូលផ្ទះ ដូចសម្លេងសត្វឆ្កែចចកមួយហ្វូងកំពុងលូ ខ្ញុំក៏បានសង្ងំនៅក្នុងជម្រកដ៏សុខសាន្តនោះ។ ម្តាយខ្ញុំធ្លាប់និយាយថា ខ្ញុំបានចូលសម្ងំ ដូចសត្វល្អិតជ្រកក្រោមកម្រាលព្រំ។ ត្រង់ចំណុចនេះ តើមានក្មេងណា ដែលមានអារម្មណ៍ថាកក់ក្តៅ និងមានសុវត្ថិភាពដូចនេះទេ។
សព្វថ្ងៃនេះ ខ្ញុំដឹងថា ខ្ញុំអាចរកឃើញសុវត្ថិភាពដ៏ប្រសើរបំផុត នៅក្នុងព្រះ។…
សត្វពស់ក្នុងទូកញ្ចក់
មានពេលមួយ ខ្ញុំបានទៅលេងសួនសត្វជាមួយមិត្តភ័ក្តិរបស់ខ្ញុំ។ ខ្ញុំបានឃើញកូនស្រីរបស់គាត់ដែលចេះដើរតេសតាស មានមុខក្រហមព្រឿងៗ បានប៉ះជញ្ជាំងរបស់ទូកញ្ចក់ដ៏ធំ ដែលនៅខាងក្នុងនោះ មានសត្វពោះថ្លាន់មួយប្រភេទ ឈ្មោះប៊ីលី។ សត្វពោះក៏បានវាយឺតៗ ដោយភ្នែកសម្លឹងមករកកូនស្រីដ៏តូចច្រឡឹងរបស់គាត់។ សត្វពោះនោះធំប៉ុនកំភួនដៃខ្ញុំ ហើយមានសម្បុរអុចៗពណ៌ត្នោត លាយនឹងក្រឡាពណ៌លឿង។ ទោះបីជាខ្ញុំដឹងថា សត្វពស់នោះមិនអាចចេញមកខាងក្រៅទូកញ្ចក់នោះរួចក៏ដោយ ក៏ខ្ញុំនៅតែមានអារម្មណ៍ភ័យញ័រខ្លួន ពេលដែលបានឃើញសត្វពស់ដ៏គួរឲ្យខ្លាច ចូលមកក្បែរក្មេងតូចយ៉ាងនេះ។
ព្រះគម្ពីរបានចែងថា មានពេលមួយ សត្វសាហាវនឹងប្រែក្លាយជាស្លូតអស់ បានជាសត្វដទៃទៀត និងមនុស្សទាំងឡាយនឹងលែងខ្លាចពួកវាទៀត។ គឺដូចដែលមានសេចក្តីចែងថា “នៅគ្រានោះ ឆ្កែព្រៃនឹងនៅជាមួយនឹងកូនចៀម … ហើយក្មេងលែងដោះនឹងលូកដៃចូលទៅក្នុងរូងពស់វែកបាន”(អេសាយ ១១:៦,៨)។ បានសេចក្តីថា មនុស្សទំាងអស់នៅលើផែនដីថ្មី នឹងរស់នៅដោយសុខដម និងដោយសន្តិភាព។
ព្រះអម្ចាស់នឹងបង្កើតផែនដីថ្មីដ៏សុខសាន្ត ដោយប្រាជ្ញា អំណាចចេស្តា និងប្រាជ្ញារបស់ព្រះអង្គ។ នៅពេលនោះ ព្រះអង្គនឹងជំនុំជម្រះលោកិយ ដោយសុចរិត និងយុត្តិធម៌(១១:៤)។ ហើយមនុស្សម្នាក់ៗនឹងទទួលស្គាល់ភាពធំឧត្តម្ភរបស់ព្រះអង្គ គឺដូចដែលមានសេចក្តីចែងថា “គ្រប់ទាំងអស់នឹងស្គាល់ព្រះយេហូវ៉ា នៅពេញពាសលើផែនដី”(១១:៩)។
យើងកំពុងរស់នៅក្នុងពិភពលោកដែលបែកបាក់។ ភាពអយុត្តិធម៌ ការមិនចុះសម្រុងគ្នា ការភ័យខ្លាច និងការឈឺចាប់ គឺជាផ្នែកមួយនៃជីវិតរបស់យើង ជារៀងរាល់ថ្ងៃ។ ប៉ុន្តែ ថ្ងៃមួយ ព្រះអង្គនឹងកែប្រែអ្វីៗទាំងអស់ ហើយ “ព្រះអាទិត្យ នៃសេចក្តីសុចរិតនឹងរះឡើង មានទាំងអំណាចប្រោសឲ្យជា នៅក្នុងចំអេងស្លាប”(ម៉ាឡាគី…
ភាពអស្ចារ្យនៃបេះដូង
បេះដូងមនុស្សលោតប្រហែល ១សែនដង ក្នុងមួយថ្ងៃ ដោយផ្គត់ផ្គង់ឈាមដល់កោសិកាទាំងអស់ក្នុងរូបកាយយើង។ ជាសរុប បេះដូងយើងលោតប្រហែល៣៥លានដង ក្នុង១ឆ្នាំ និងជាមធ្យម លោតប្រហែល ២ពាន់៥រយលានដង ក្នុងមួយជីវិតមនុស្សជាមធ្យម។ វិទ្យាសាស្រ្តសុខាភិបាលបានបកស្រាយថា ចលនាបេះដូងលោតម្តងៗ គឺស្រដៀងនឹងកម្លាំង ដែលយើងប្រើដើម្បីប្រឹងច្របាច់កូនបាត់តេនីស នៅក្នុងដៃយើងមួយទំហឹងដៃ។
ដូចនេះ បេះដូងយើងពិតជាអស្ចារ្យណាស់ ប៉ុន្តែ វាគ្រាន់តែជាឧទាហរណ៍មួយ ក្នុងចំណោមឧទាហរណ៍ជាច្រើន ក្នុងពិភពធម្មជាតិ ដែលព្រះបានរចនាមក ដើម្បីប្រាប់យើង អំពីព្រះអាទិករ គឺដូចដែលមានចែងនៅក្នុងព្រះគម្ពីរយ៉ូប។
បន្ទាប់ពីលោកយ៉ូបបានជួបសោកនាដកម្មផ្ទួនៗ គាត់មានទុក្ខព្រួយជាទម្ងន់។ ពេលដែលព្រះទ្រង់មានបន្ទូលមកកាន់គាត់ ព្រះអង្គមិនបានប្រាប់គាត់ អំពីមូលហេតុដែលគាត់កំពុងមានទុក្ខវេទនាឡើយ។ ព្រះអាទិករទ្រង់ក៏មិនបានប្រាប់គាត់ថា ថ្ងៃណាមួយ ព្រះអង្គនឹងរងទុក្ខវេទនាជំនួសលោកយ៉ូបដែរ។ ផ្ទុយទៅវិញ ព្រះអង្គបានបង្វែរអារម្មណ៍របស់លោកយ៉ូប ឲ្យគិតដល់ភាពអស្ចារ្យជាច្រើនក្នុងធម្មជាតិ ដែលតែងតែខ្សិបដាក់យើង ហើយជួនកាលក៏បានស្រែកដាក់យើង ឲ្យបានដឹងអំពីប្រាជ្ញា និងអំណាចចេស្តានៃព្រះ ដែលធំប្រសើរលើសយើងរាល់គ្នា(យ៉ូប ៣៨:១-១១)។
ដូចនេះ ពេលដែលយើងពិចារណាអំពីភាពស្មុគ្រស្មាញ នៃសាច់ដុំបេះដូង ដែលខិតខំធ្វើចលនា តើយើងរៀនបានអ្វីខ្លះ? តើសម្លេងទឹករលកបោកច្រាំង និងពន្លឺផ្កាយព្រោងព្រាតនៅលើមេឃ បានបង្រៀនយើងអ្វីខ្លះ អំពីព្រះ? ការពិចារណាអំពីអំណាច និងប្រាជ្ញានៃព្រះអាទិករនៃយើង អាចនាំឲ្យយើងមានហេតុផល ដើម្បីនឹងទុកចិត្តព្រះអង្គកាន់តែខ្លាំង។-Mart Dehaan
ការបង្រៀនមនុស្សជំនាន់ក្រោយ
នៅទសវត្សរ៍ឆ្នាំ១៦០០ គេបានបោះពុម្ភផ្សាយសៀវភៅរៀនអាន នៅរដ្ឋញូអីងគ្លិន។ ក្រោយមក សៀវភៅនេះបានក្លាយជាធនធានដែលគេបានប្រើយ៉ាងទូលំទូលាយ នៅក្នុងរដ្ឋចំណុះទាំងឡាយនៅក្រោមអាណានិគមអង់គ្លេស នៅលើទឹកដីអាមេរិក ដែលក្រោយមកក៏បានប្រែក្លាយជាសហរដ្ឋអាមេរិក។
សៀវភៅសិក្សាសម័យដើមរបស់អាមេរិកមួយក្បាលនេះ ត្រូវបានគេចងក្រងឡើង ដោយផ្អែកទៅលើព្រះគម្ពីរបរិសុទ្ធ ហើយគេបានប្រើរូបភាព និងពាក្យចុងចួន ដែលផ្អែកទៅលើព្រះគម្ពីរ ដើម្បីជួយឲ្យកុមារទាំងឡាយរៀនអានអក្សរ។ ក្នុងសៀវភៅនោះ ក៏មានលំនាំនៃការអធិស្ឋាន ដែលមានដូចជា : “សូមព្រះអម្ចាស់ជួយថែររក្សាវិញ្ញាណទូលបង្គំ ពេលដែលទូលបង្គំចូលដំណេក។ បើទូលបង្គំត្រូវអស់ជីវិត មិនបានក្រោកវិញទេ នោះសូមព្រះអង្គទទួលយកវិញ្ញាណទូលបង្គំផង”។
ក្នុងទឹកដីអាមេរិក សម័យអាណានិគមអង់គ្លេស គេបានប្រើសៀវភៅរៀនអាននេះ ដើម្បីនាំមនុស្សជំនាន់ក្រោយឲ្យបន្តជំនឿព្រះយេស៊ូវពីអ្នកជំនាន់មុន។ ការនេះគឺត្រូវតាមបំណងព្រះទ័យ ដែលព្រះទ្រង់មានចំពោះជនជាតិអ៊ីស្រាអែល នៅសម័យបុរាណ ដែលជារាស្ត្ររបស់ព្រះអង្គ ដូចដែលមានចែងក្នុងបទគម្ពីរចោទិយកថា ៦:៦-៧ ថា “សេចក្តីទាំងនេះដែលអញបង្គាប់ដល់ឯងនៅថ្ងៃនេះ នោះត្រូវនៅជាប់ក្នុងចិត្តឯងចុះ ត្រូវឲ្យប្រិតប្រៀនសេចក្តីទាំងនេះដល់កូនចៅឯង ព្រមទាំងនិយាយដំណាល ក្នុងកាលដែលអង្គុយនៅក្នុងផ្ទះហើយដើរតាមផ្លូវ ក្នុងកាលដែលដេក ហើយក្រោកឡើងផង”។
យើងចាំបាច់ត្រូវនិយាយប្រាប់មនុស្សជំនាន់ក្រោយ ឲ្យដឹងថា ព្រះទ្រង់ជានរណា ព្រះអង្គបានធ្វើការអ្វីខ្លះសម្រាប់យើង ហើយតើព្រះអង្គសព្វព្រះទ័យឲ្យយើងស្រឡាញ់ និងស្តាប់បង្គាប់ព្រះអង្គ ដោយរបៀបណា ហើយទន្ទឹមនឹងនោះ យើងត្រូវរស់នៅជាគំរូល្អ ដើម្បីនាំមនុស្សជំនាន់ក្រោយឲ្យបន្តសេចក្តីជំនឿលើព្រះ។ យើងអាចធ្វើជាឧបករណ៍បង្រៀន ដែលព្រះនឹងប្រើ ដើម្បីជួយអ្នកដទៃ ក្នុងការដែលពួកគេដើរជាមួយព្រះអង្គ។-Dennis Fisher
ថ្មស្រែកជំនួស
គេសង្កេតឃើញថា គេបានប្រើពិធីបុណ្យណូអែល សម្រាប់ផ្សាយពាណិជ្ជកម្មកាន់តែច្រើន ពីមួយឆ្នាំទៅមួយឆ្នាំ។ សូម្បីតែនៅក្នុងប្រទេសដែលប្រជាជនភាគច្រើនបានប្រកាសថា ខ្លួនជា “គ្រីស្ទបរិស័ទ” ក៏រដូវកាលនៃបុណ្យណូអែល បានក្លាយជារដូវកាលនៃការដើរទិញឥវ៉ាន់កាន់តែច្រើន ខណៈពេលដែលការថ្វាយបង្គំព្រះមានកាន់តែតិចទៅៗ។ សម្ពាធដែលជំរុញឲ្យគេដើរទិញអំណោយ និងរៀបចំពិធីជប់លៀង បានបណ្តាលឲ្យគេកាន់តែមានការពិបាក នៅក្នុងការផ្តោតចិត្តទៅលើអត្ថន័យដ៏ពិត នៃពិធីបុណ្យណូអែល ដែលជាថ្ងៃខួបនៃការយាងមកយកកំណើតរបស់ព្រះយេស៊ូវ ដែលជាព្រះរាជបុត្រានៃព្រះតែមួយ ជាព្រះសង្រ្គោះនៃពិភពលោក។ ប៉ុន្តែ ជារៀងរាល់ពេលពិធីបុណ្យណូអែលមកដល់ ខ្ញុំក៏បានឮគេផ្សាយដំណឹងល្អ នៅតាមកន្លែងដែលគួរឲ្យភ្ញាក់ផ្អើលជាច្រើន ដូចជានៅផ្សារទំនើប ដែលគេបានប្រើបុណ្យណូអែល សម្រាប់ផ្សាយពាណិជ្ជកម្មជាច្រើន។
ពេលខ្ញុំឮបទចម្រៀង “អំណរដល់លោក ព្រះបុត្រកើតហើយ” ដែលបានបន្លឺឡើងចេញពីប្រព័ន្ធបំពងសម្លេងនៅទីសាធារណៈ នៅសហរដ្ឋអាមេរិក ខ្ញុំក៏បាននឹកចាំ អំពីព្រះបន្ទូល ដែលព្រះយេស៊ូវបានមាន ទៅកាន់ពួកផារិស៊ី ពេលដែលពួកគេឲ្យព្រះអង្គប្រាប់ពួកបណ្តាលជន ឲ្យនៅស្ងៀម លែងសរសើរដំកើងព្រះអង្គទៀត។ កាលនោះព្រះអង្គមានបន្ទូលទៅគេថា “ខ្ញុំប្រាប់អ្នករាល់គ្នាថា បើអ្នកទាំងនេះនៅស្ងៀម នោះថ្មនឹងស្រែកឡើងវិញ”(លូកា ១៩:៤០)។
ដូចនេះ ក្នុងរដូវកាលបុណ្យណូអែល យើងក៏បានឮសម្លេងច្រៀង ចេញពីម៉ាស៊ីនបំពងសម្លេង ដែលគេបំពាក់នៅតាមជញ្ជាំងថ្ម គឺប្រៀបដូចជាថ្មដែលស្រែកឡើងជំនួសមនុស្ស។ សូម្បីតែអ្នកដែលបានស្លាប់ខាងវិញ្ញាណ ក៏បានច្រៀងទំនុកសរសើរ នៅថ្ងៃបុណ្យណូអែល ដែលគ្រីស្ទបរិស័ទបាននិពន្ធតាំងពីយូរមកហើយ ដែលការនេះបានរំឭកយើងថា ទោះបីជាមនុស្សព្យាយាមបំបិតសម្លេងព្រះរាជសារដ៏ពិតនៃពិធីបុណ្យណូអែលយ៉ាងណាក៏ដោយ ក៏ពួកគេនៅតែមិនបានទទួលជោគជ័យដដែល។
ទោះបីជាការប្រើពិធីបុណ្យណូអែលដើម្បីផ្សាយពាណិជ្ជកម្ម បានព្យាយាមបំប្លែងព្រះរាជសារនៃកំណើតព្រះគ្រីស្ទក៏ដោយ ក៏ព្រះទ្រង់នឹងនៅតែឲ្យដំណឹងល្អរបស់ព្រះអង្គ បានផ្សាយទៅដល់កន្លែងណាក៏ដោយ “ដែលមានបណ្តាសានៃអំពើបាប”។-Julie Ackerman…
ការប្រណាំងរបស់ចននី
ពេលដែលយុវជនឈ្មោះ ចននី អ័ហ្កា(Johnny Agar) ដែលមានអាយុ១៩ឆ្នាំ បានចូលរួមរត់ប្រណាំចម្ងាយ៥គីឡូម៉ែត្រ មានមនុស្សជាច្រើនបានគាំទ្រគាត់ ដែលមានដូចជាក្រុមគ្រួសារ និងមិត្តភ័ក្តិគាត់ ដែលអបអរសាទរជ័យជម្នៈរបស់គាត់។
ចននីមានជម្ងឺពិការខួរក្បាលពីកំណើត ដែលបានបណ្តាលឲ្យគាត់ពិបាកធ្វើសកម្មភាពផ្សេងៗ។ ប៉ុន្តែ លោកចេហ្វ(Jeff) ដែលជាឪពុករបស់គាត់ បានចូលរួមរត់ប្រណាំងជាក្រុមជាមួយគាត់ ដើម្បីប្រកួតនៅក្នុងការរត់ប្រណាំជាច្រើន ដោយបុរសដែលជាឪពុករុញចននីដែលនៅលើរទេះរុញ។ ប៉ុន្តែ ថ្ងៃមួយ ចននីចង់រត់ឲ្យដល់ទីដោយខ្លួនឯង។ ពេលដែលពួកគេបានទៅដល់ពាក់កណ្តាលទីហើយ ឪពុករបស់គាត់ក៏បានដាក់គាត់ចុះពីរទេះ ជួយទប់ឲ្យគាត់ដើរទៅមុខ ហើយចាំជួយទប់គាត់ ពេលដែលគាត់បញ្ចប់ការរត់ប្រណាំងដោយជើងទាំងពីររបស់គាត់។ ការនេះបាននាំឲ្យមានកម្មវិធីអបអរសាទរដ៏ធំសម្រាប់គាត់ ដែលមានមិត្តភ័ក្តិ និងក្រុមគ្រួសារមកអបអរជ័យជម្នះរបស់គាត់។ ចននីបានថ្លែងទៅកាន់អ្នកយកពត៌មានថា “ការគាំទ្ររបស់ពួកគេ ធ្វើឲ្យខ្ញុំកាន់តែមានភាពងាយស្រួល នៅក្នុងការប្រកួត។ ការលើកទឹកចិត្តរបស់ពួកគេបានជម្រុញចិត្តខ្ញុំ”។
សម្រាប់យើងដែលជាគ្រីស្ទបរិស័ទ តើនេះមិនមែនជាការអ្វី ដែលយើងត្រូវធ្វើសម្រាប់គ្នាទៅវិញទៅមកទេឬ? គឺដូចដែលបទគម្ពីរហេព្រើ ១០:២៤ បានរំឭកយើងថា “ត្រូវឲ្យយើងពិចារណាមើលគ្នាទៅវិញទៅមកដែរ ដើម្បីនឹងបណ្តាលឲ្យមានសេចក្តីស្រឡាញ់ ហើយឲ្យប្រព្រឹត្តការល្អផង”។ ពេលដែលយើងស្រឡាញ់គ្នាទៅវិញទៅមក តាមគំរូព្រះសង្រ្គោះនៃយើង(យ៉ូហាន ១៣:៣៤-៣៥) នោះសូមយើងស្រមៃ អំពីភាពខុសប្លែកដែលអាចកើតឡើង ពេលដែលយើងលើកទឹកចិត្តគ្នាទៅវិញទៅមក ដោយយើងដឹងថា នៅពីក្រោយយើង គឺមានមិត្តភ័ក្តិមួយក្រុមដែលគាំទ្រ និងអបអរយើង។ បើយើងគិតឲ្យបានស៊ីជម្រៅ អំពីសេចក្តីបង្រៀន ដែលបានប្រាប់យើងឲ្យ “កម្សាន្តចិត្ត និងស្អាងគ្នាទៅវិញទៅមក”(១ថែស្សាឡូនិច ៥:១១) នោះការរត់ប្រណាំងខាងវិញ្ញាណ…
ល្អជាងមុន
កាលកូនៗរបស់ខ្ញុំ នៅជាទារក ស្បែករបស់ពួកគេស្ទើរតែល្អឥតខ្ចោះ។ សាច់របស់ពួកគេទន់ ដោយកែងដៃពួកគេមិនទាន់មានស្បែកក្រិន ហើយកែងជើងក៏មិនទាន់ប្រេះបែកដែរ។ ស្បែកពួកគេខ្ចី ហើយរលោង ខុសពីស្បែកខ្ញុំ ដែលមានស្នាមសម្លាកច្រើន ដោយសារមិនបានថែទាំឲ្យបានដិតដល់។
ក្នុងនាមជាអ្នកប្រយុទ្ធ និងមេទ័ពដ៏ខ្លាំងក្លានៃកងទ័ពស៊ីរី លោកណាម៉ានមានស្នាមឆ្កូត និងសម្លាកជាច្រើននៅលើស្បែក ដោយសារការធ្វើសឹកសង្រ្គាម ប៉ុន្តែ ទន្ទឹមនឹងនោះ គាត់ថែមទាំងមានជម្ងឺឃ្លង់ ដែលជាជម្ងឺសើរស្បើកដ៏ធ្ងន់ធ្ងរ។ ពេលដែលអ្នកបម្រើគាត់ជម្រាប់គាត់ថា លោកហោរាអេលីសេអាចជួយឲ្យគាត់ជាពីជម្ងឺបាន គាត់ក៏បានទៅជួបលោកហោរា។ គាត់ក៏បានធ្វើតាមការណែនាំរបស់លោកអេលីសេ ហើយស្បែកដែលមានជម្ងឺរបស់គាត់ “ក៏បានដុះឡើងជាថ្មី ដូចជាសាច់របស់ក្មេង”(២ពង្សាវតាក្សត្រ ៥:១៤)។ ការជាសះស្បើយនេះ បានជួយឲ្យរូបកាយ និងវិញ្ញាណគាត់មានភាពល្អប្រសើរឡើង។ បន្ទាប់ពីបានទទួលការប្រោសឲ្យជា គាត់ក៏បានប្រកាស់ថា “មើលឥឡូវនេះខ្ញុំដឹងថា នៅផែនដីទាំងមូល គ្មានព្រះឯណាសោះ វៀរតែព្រះនៃសាសន៍អ៊ីស្រាអែល១ប៉ុណ្ណោះ”(ខ.១៥)។ តាមរយៈបទពិសោធន៍នៃការអស្ចារ្យនេះ គាត់ក៏បានដឹងថា ព្រះពិតគឺមានតែមួយ(១កូរិនថូស ៨:៦)។
យើងក៏អាចស្គាល់ព្រះកាន់តែច្បាស់ តាមរយៈបទពិសោធន៍នៃជីវិតរបស់យើង ដូចលោកណាម៉ានផងដែរ។ ការទទួលព្រះពរអាចបង្ហាញឲ្យយើងស្គាល់សេចក្តីមេត្តាករុណា និងសេចក្តីល្អរបស់ព្រះអង្គ(ម៉ាថាយ ៧:១១)។ ការឆ្លងផុត ឬទ្រាំអត់នៅក្នុងទុក្ខលំបាក អាចជួយឲ្យយើងស្គាល់ជំនួយ និងការមើលថែររបស់ព្រះ។ ការស្គាល់ព្រះអង្គកាន់តែច្បាស់ ហើយមានការលូតលាស់(២ពេត្រុស ៣:១៨) តែងតែជួយឲ្យយើងមានការលូតលាស់ខាងវិញ្ញាណ កាន់តែប្រសើរឡើងជានិច្ច។-Jennifer Benson Schuldt
ការប្រើមនុស្សដូចកូនអុក
ល្បែងអុក ឬចត្រង្គ គឺជាល្បែងយុទ្ធសាស្រ្តតាំងពីសម័យបុរាណ។ អ្នកលេងទាំងពីរនាក់ចាប់ផ្តើមលេង ដោយមានគ្រាប់អុក១៦គ្រាប់ម្នាក់ នៅលើក្តាអុក ដោយមានគោលដៅតាមព័ទ្ធចាប់ស្តេចរបស់គូប្រកួតខ្លួនឲ្យបាន។ នៅសម័យក្រោយមក គេក៏បានបង្កើតជាទម្រង់ផ្សេងៗនៃល្បែងអុក ដែលក្នុងនោះ មានល្បែងអុកមួយប្រភេទ ដែលឲ្យមនុស្សធ្វើជាគ្រាប់អុក។ លោកឆាល ម៉ាទែល(Charles Martel) ដែលជាចៅហ្វាយខេត្តអូស្រាសៀ បាននាំគេលេងអុកប្រភេទនេះមុខគេ នៅឆ្នាំ៧៣៥នៃគ្រីស្ទសគរាជ។ គាត់បានឲ្យមនុស្សម្នាក់ៗដែលធ្វើជាកូនអុក ស្លៀកពាក់ឯកសណ្ឋាន ដើម្បីបញ្ជាក់ថា ខ្លួនជាគ្រាប់អុកអ្វី នៅលើក្តាអុក។ គាត់បានលេងអុក ដោយឲ្យមនុស្សឈរតម្រៀបគ្នា ជាកូនអុកនៅលើក្តាអុកយក្ស ហើយឲ្យដើរពីក្រឡាមួយទៅក្រឡាមួយទៀត តាមបញ្ជា និងតាមចិត្តរបស់អ្នកលេងអុក។
ក្នុងជីវិតពិត តើមានមនុស្សដែលត្រូវគេប្រើដូចកូនអុក ដើម្បីសម្រេចបំណង ឬគោលដៅរបស់គេឬទេ? មានពេលខ្លះ យើងងាយនឹងមានការងប់ងល់នឹងគោលដៅរបស់យើងណាស់ បានជាយើងចង់ប្រើអ្នកដទៃ ដូចជាកូនអុក ដើម្បីសម្រេចបំណងយើង។ ទោះជាយ៉ាងណាក៏ដោយ ព្រះគម្ពីរបានបង្រៀនយើង ឲ្យមានទស្សនៈផ្សេងពីនេះ ចំពោះអ្នកដែលនៅជុំវិញយើង។ យើងត្រូវយល់ថា មនុស្សជាស្នារព្រះហស្តដែលព្រះអង្គបានបង្កើតឲ្យមានរូបភាពដូចព្រះអង្គ(លោកុប្បត្តិ ១:២៦)។ ព្រះអង្គស្រឡាញ់មនុស្សទាំងអស់(យ៉ូហាន ៣:១៦) ហើយយើងក៏ត្រូវស្រឡាញ់ពួកគេផងដែរ។
គឺដូចដែលសាវ័កយ៉ូហានបានមានប្រសាសន៍ថា “ពួកស្ងួនភ្ងាអើយ យើងត្រូវស្រឡាញ់គ្នាទៅវិញទៅមក ដ្បិតសេចក្តីស្រឡាញ់មកពីព្រះ ឯអស់អ្នកណាដែលមានសេចក្តីស្រឡាញ់ នោះឈ្មោះថាមកពីព្រះ ហើយក៏ស្គាល់ទ្រង់ដែរ”(១យ៉ូហាន ៤:៧)។ ដោយសារព្រះទ្រង់ស្រឡាញ់យើងជាមុន នោះយើងត្រូវឆ្លើយតបចំពោះព្រះអង្គវិញ ដោយស្រឡាញ់ព្រះអង្គ និងស្រឡាញ់មនុស្សដែលព្រះអង្គបានបង្កើត…