ការរំពៃមើលសិរីល្អព្រះ ជាថ្មីម្តងទៀត
រៀងរាល់ពេលរដូវក្ដៅ មានអ្នកទស្សនារាប់ពាន់នាក់ នៃកម្មវិធី អរុណសួស្តី អាមេរិកាំង (Good Morning America) បាននាំគ្នាបោះឆ្នោតជ្រើសរើស “ទីកន្លែងស្អាតបំផុតនៅសហរដ្ឋអាមេរិក”។ ខ្ញុំមានសេចក្តីរីករាយយ៉ាងខ្លាំង ពេលដែលបានឮគេប្រកាសថា ទីកន្លែងស្អាតជាងគេ នៅសហរដ្ឋអាមេរិក ក្នុងឆ្នាំ២០១១ គឺឧទ្យានជាតិមាត់បឹងSleeping Bear Dunes ដែលស្ថិតនៅក្នុងរដ្ឋរបស់ខ្ញុំ គឺរដ្ឋមីឈីហ្គិន។ តាមពិតទៅ ខ្ញុំមិនដែលបានរំពឹងថា គេនឹងដាក់ចំណាត់ថ្នាក់លេខ១ ឲ្យឧទ្យានជាតិ ដែលមានទីតាំងនៅខាងក្រោយផ្ទះរបស់ខ្ញុំនោះទេ។ ការនេះបានធ្វើឲ្យខ្ញុំនឹកឃើញកាលដែលខ្ញុំ និងភរិយាខ្ញុំ គឺម៉ាទី(Martie) បានទៅលេងទឹកជ្រោះណៃអាការ៉ា(Niagara Falls)។ កាលនោះ បុរសម្នាក់ដែលនៅជិតនោះ បានសង្កេតមើលភាពរីករាយរបស់ភ្ញៀវទេសចរណ៍របស់យើង ហើយបាននិយាយលេងថា “វាគ្មាអ្វីអស្ចារ្យទេ។ ខ្ញុំឃើញទឹកជ្រោះហ្នឹងរាល់តែថ្ងៃ។”
យើងរាល់គ្នាងាយនឹងស៊ាំជាមួយនឹងអ្វីៗ ដែលនៅជុំវិញខ្លួនយើង ហើយងាយនឹងមានអារម្មណ៍ធម្មតា ចំពោះអ្វីយើងបានស្គាល់ហើយ ទោះទីកន្លែង ឬបទពិសោធន៍នោះ ធ្លាប់នាំមកនូវភាពរីករាយយ៉ាងណាក៏ដោយ។ ទោះបីជាសិរីល្អរបស់ព្រះ បានសម្តែងមកយ៉ាងច្បាស់នៅជុំរិញយើងក៏ដោយ ក៏ពេលខ្លះភាពមមាញឹកក្នុងការរស់នៅប្រចាំថ្ងៃ បានបាំងពីមុខយើង ធ្វើឲ្យយើងមើលមិនឃើញសិរីល្អរបស់ទ្រង់។ យើងទទួលយកផលប្រយោជន៍ ពីការអស្ចារ្យរបស់ទ្រង់ក្នុងជីវិតយើង ដោយមិនបានដឹងគុណទ្រង់។ យើងលែងមានការកោតស្ញប់ស្ញែង ចំពោះឈើឆ្កាងទ្រង់។ យើងបានភ្លេចថា យើងមានឯកសិទ្ធិធ្វើជាកូនរបស់ព្រះ។ យើងប្រែជាមិនមានអំណរ ពេលចូលព្រះវត្តមានទ្រង់ ហើយក៏មើលរំលងភាពស្រស់ស្អាត នៃស្នាព្រះហស្តរបស់ទ្រង់ទៀត។
អ្នកនិពន្ធព្រះគម្ពីរទំនុកដំកើងបានថ្លែងថា…
ពូកែវោហារ តែចេះបន្ទាបខ្លួន
ខ្ញុំកោតសរសើរ អ្នកដែលពូកែចែកចាយ អំពីសេចក្តីជំនឿរបស់ខ្លួន ហើយចេះបញ្ចុះបញ្ចូលអ្នកដទៃ ដោយសំនួនវោហាររបស់ខ្លួន។ អ្នកខ្លះថា អ្នកនោះមាន ”អំណោយទាននិយាយ” ឬ “ចេះប្រើពាក្យសម្តីបានល្អ”។ អ្នកខ្លះទៀតថា អ្នកនោះ “ពូកែវោហារ”។
លោកអ័ប៉ុឡូសក៏មានអំណោយទាននេះផងដែរ។ ព្រះគម្ពីរបានចែងថា គាត់ជា “អ្នកមានវោហារ ហើយក៏ចេះស្ទាត់ក្នុងគម្ពីរ”(កិច្ចការ ១៨:២៤)។ ប៉ុន្តែ ទោះបីជាគាត់បានបង្រៀន យ៉ាងត្រឹមត្រូវអំពីព្រះគ្រីស្ទពិតមែនក៏ដោយ ក៏គាត់បានអធិប្បាយតែអំពីការទទួលបុណ្យជ្រមុជទឹករបស់លោកយ៉ូហាន ដែលជាការទទួលបុណ្យជ្រមុជទឹក ខាងឯការប្រែចិត្តចេញពីអំពើបាបតែប៉ុណ្ណោះ(ខ.២៥ ១៩:៤)។
លោកអ័ប៉ុឡូសបានចេះចាំសេចក្តីបង្រៀន របស់ព្រះយេស៊ូវ តែប្រហែលជាមិនបានដឹងអំពីការសុគត និងការមានព្រះជន្មឡើងវិញរបស់ទ្រង់ និងអំពីការដែលព្រះវិញ្ញាណបានយាងមកនោះទេ(កិច្ចការ ២) ការបង្រៀនរបស់គាត់នៅមានការខ្វះចន្លោះ ព្រោះគាត់មិនបានដឹង អំពីការពេញដោយព្រះវិញ្ញាណបរិសុទ្ធ ដែលប្រទានអំណាចជារៀងរាល់ថ្ងៃ។
ហេតុនេះហើយបានមិត្តភ័ក្ររបស់សាវ័កប៉ុល គឺលោកអ័គីឡា និងនាងព្រីស៊ីល ជាភរិយា បានអញ្ជើញលោកអ័ប៉ុឡូស ឲ្យមកឯផ្ទះរបស់ពួកគេ ដើម្បីកែតម្រង់ការបង្រៀនរបស់គាត់ឲ្យបានត្រឹមត្រូវឡើង។ ទោះបីជាលោកអ័ប៉ុឡូសរៀនសូត្របានជ្រៅជ្រះ និងចេះគម្ពីរបានច្រើនយ៉ាងណាក៏ដោយ ក៏គាត់នៅតែទទួលការបង្រៀនពីពួកគេ ដោយបន្ទាបខ្លួន។ ទីបំផុត លោកអ័ប៉ុឡូសក៏អាចបន្តការងារបម្រើព្រះរបស់ខ្លួន ដោយការយល់ដឹងថ្មី។
បទគម្ពីរទំនុកដំកើង ២៥:៩ បានរំឭកយើងថា ព្រះទ្រង់នឹង “នាំមនុស្សសុភាពក្នុងសេចក្តីយុត្តធម៌ ហើយនឹងបង្រៀនមនុស្សរាបទាប ឲ្យស្គាល់ផ្លូវទ្រង់”។ បើសិនជាយើងមានវិញ្ញាណដែលបន្ទាបខ្លួន នោះព្រះអាចបង្រៀនយើង ហើយនឹងប្រើប្រាស់យើង…
សេចក្ដីស្រឡាញ់ដែលយើងអាចទុកចិត្តបាន
ពាក្យសម្តីដែលធ្វើឲ្យឈឺចាប់បំផុត ប្រហែលជាពាក្យ ដែលនិយាយថា “ខ្ញុំមិនស្រឡាញ់អ្នកទៀតទេ”។ ពាក្យសម្តីនេះធ្វើឲ្យទំនាក់ទំនងត្រូវបញ្ចប់ ធ្វើឲ្យខូចចិត្ត ហើយធ្វើឲ្យក្តីស្រមៃរលាយបាត់បង់។ ជាញឹកញាប់ មនុស្សដែលធ្លាប់ត្រូវបានគេក្បត់ តែងតែការពារខ្លួន កុំឲ្យឈឺចាប់នៅពេលក្រោយទៀត ដោយសម្រេចចិត្តឈប់ជឿជាក់ លើសេចក្តីស្រឡាញ់របស់អ្នកផ្សេងទៀត។ ជាងនេះទៅទៀត ការតាំងចិត្តបែបនោះ ក៏អាចធ្វើឲ្យអ្នកនោះមិនជឿជាក់លើសេចក្តីស្រឡាញ់របស់ព្រះផងដែរ។
សេចក្តីស្រឡាញ់ដែលព្រះមានចំពោះយើង មានលក្ខណៈដ៏គួរឲ្យកត់សម្គាល់ ត្រង់ចំណុចដែលទ្រង់បានសន្យាថា សេចក្តីស្រឡាញ់របស់ទ្រង់ នឹងមិនចេះចប់ឡើយ។ លោកហោរាយេរេមា ធ្លាប់បានឆ្លងកាត់ស្ថានភាពដ៏ជូរចត់ដែលបានធ្វើឲ្យគាត់ធ្លាក់ទឹកចិត្តយ៉ាងខ្លាំង(បរិទេវ ៣:១៣-២០)។ កាលនោះ ពួកសាសន៍របស់គាត់បានបដិសេធមិនព្រមស្តាប់តាម ពេលគាត់អំពាវនាវម្តងហើយម្តងទៀត ឲ្យពួកគេឆ្លើយតប នឹងសេចក្តីស្រឡាញ់របស់ព្រះ ហើយឲ្យវិលមកដើរតាមទ្រង់វិញ។ គាត់ក៏បានធ្លាក់ចូលក្នុងសភាពត្រដាបត្រដួសបំផុត បានជាគាត់ថ្លែងថា “កំឡាំងរបស់ខ្ញុំសូន្យបាត់អស់ទៅ សេចក្តីសង្ឃឹមរបស់ខ្ញុំក៏ផុតចាកពីព្រះយេហូវ៉ាហើយ(ខ.១៨)។
ប៉ុន្តែ ទោះគាត់ស្ថិតក្នុងស្ថានភាពខ្មៅងងឹតយ៉ាងណាក៏ដោយ ក៏គាត់នៅតែពិចារណាអំពីសេចក្តីស្រឡាញ់ដ៏ឋិតថេររបស់ព្រះ បានជាគាត់សរសេរថា “កុំតែមានសេចក្តីសប្បុរសរបស់ព្រះយេហូវ៉ា នោះយើងបានសូន្យបាត់អស់រលីងទៅហើយ ឯសេចក្តីមេត្តាករុណារបស់ទ្រង់ នោះមិនចេះផុតឡើយ។ សេចក្តីនោះ ចេះតែថ្មីឡើងរាល់តែព្រឹកជានិច្ច សេចក្តីស្មោះត្រង់របស់ទ្រង់ធំណាស់។ ព្រលឹងខ្ញុំបានពោលថា ព្រះយេហូវ៉ាជាចំណែកនៃខ្ញុំ ហេតុនោះខ្ញុំនឹងសង្ឃឹមដល់ទ្រង់!”(បរិទេវ ៣:២២-២៤)។ មនុស្សអាចសច្ចាថានឹងស្រឡាញ់យើងជារៀងរហូត ប៉ុន្តែ ក៏អាចក្បត់ពាក្យសន្យានោះផងដែរ។ យ៉ាងណាមិញ សេចក្តីស្រឡាញ់របស់ព្រះ នឹងនៅតែឋិតថេរ ហើយពិតប្រាកដជានិច្ច។ គឺដូចដែលមានសេចក្តីចែងថា “ដ្បិតគឺព្រះយេហូវ៉ា ជាព្រះនៃឯង ដែលយាងទៅជាមួយនឹងឯង។…
ចូរអរព្រះគុណ
នៅទីក្រុងឡែនស៊ីង(Lansing) រដ្ឋមីឈីហ្គិន ក្នុងអំឡុងពេលរដូវរងា យើងមិនសូវមានថ្ងៃរះប៉ុន្មានទេ។ ប៉ុន្តែ ឆ្នាំមុន ព្រះទ្រង់បានប្រទានពរ ឲ្យយើងមានថ្ងៃដ៏ស្រស់បំព្រង ហើយខ្ញុំសង្កេតឃើញថា មនុស្សស្ទើរតែគ្រប់គ្នាបានអរព្រះគុណព្រះ លើកលែងតែខ្ញុំម្នាក់ប៉ុណ្ណោះ។ នៅពេលខ្ញុំចេញពីធ្វើការ មានបុរសម្នាក់បាននិយាយថា “ថ្ងៃនេះជាថ្ងៃដ៏អស្ចារ្យមែន ជាអំណោយដែលព្រះប្រទាន!” ខ្ញុំក៏បានឆ្លើយតបថា “មែនហើយ ប៉ុន្តែ ព្រឹលនឹងធ្លាក់នៅសប្តាហ៍ក្រោយទៀត”។ ត្រង់ចំណុចនេះ ខ្ញុំគួរតែអរព្រះគុណព្រះ គឺមិនត្រូវរមិលគុណយ៉ាងដូចនេះទេ។
យ៉ាងណាមិញ សាវ័កប៉ុលបានសរសេរសំបុត្រទៅកាន់ពួកជំនុំសម័យដើម ដើម្បីឲ្យពួកគេរៀនដឹងគុណព្រះ។ គាត់បាននិយាយអំពីការអរព្រះគុណ ក្នុងសំបុត្ររបស់គាត់ គឺបានច្រើនជាងអ្នកនិពន្ធនៃកណ្ឌគម្ពីរសញ្ញាថ្មីដទៃទៀត។ ជាក់ស្តែង គាត់បានប្រើពាក្យអរព្រះគុណ២៣ដង ដែលក្នុងនោះ យើងអាចទទួលសេចក្តីបង្រៀនអំពីការអរព្រះគុណ។
ជានិច្ចជាកាល ព្រះគម្ពីរបានបង្រៀនឲ្យយើងថា្វយការអរគុណដល់ព្រះ ជាជាងអរគុណមនុស្ស។ មនុស្សគឺជាអំណោយមកពីព្រះ ហើយសាវ័កប៉ុលបានអរព្រះគុណព្រះ ដែលបានប្រទានពរឲ្យពួកគេមានការរីកលូតលាស់ មានសេចក្តីស្រឡាញ់ និងសេចក្តីជំនឿ(១កូរិនថូស ១:៤ ១ថែស្សាឡូនីច ១:២)។
យើងត្រូវអរព្រះគុណព្រះ ដោយនូវព្រះនាមព្រះយេស៊ូវគ្រីស្ទ សម្រាប់គ្រប់ការទាំងអស់ (កូល៉ុស ៣:១៥,១៧)។ សាវ័កប៉ុលជឿថា អ្នកដើរតាមព្រះយេស៊ូវអាចអរព្រះគុណព្រះ សម្រាប់គ្រប់ការទាំងអស់ ពីព្រោះព្រះទ្រង់មានអំណាចគ្រប់គ្រង ហើយទ្រង់កំពុងធ្វើការរបស់ទ្រង់ ដើម្បីជាប្រយោជន៍ដល់អ្នកជឿទ្រង់(១ថែស្សាឡូនីច ៥:១៨)។
សូមឲ្យយើងរាល់គ្នាមានចិត្តចង់ដឹង អំពីអំណោយដែលព្រះប្រទានមក នៅជុំវិញយើង ហើយឆ្លើយតប ដោយការដឹងគុណ។…
ថ្ងៃនៃចម្រូត
នៅពេលរសៀលថ្ងៃមួយ នារដូវរំហើយ ខ្ញុំបានបើកឡានកាត់ចំការមួយ ហើយក៏បានឃើញកសិករម្នាក់ចតគ្រឿងម៉ាស៊ីនធំៗមួយចំនួន នៅតាមចិញ្ចើមថ្នល់។ ខ្ញុំក៏បានឃើញមានផ្លាកសញ្ញាគ្រោះថ្នាក់ ដែលមានផ្ទៃពណ៌លឿង និងមានអក្សរសរសេរពីលើថា “ការប្រមូលផលកំពុងដំណើរការ”។ គ្រាន់តែក្រលេកមើលចំការនោះតែបន្តិច ខ្ញុំក៏អាចដឹងភ្លាម ថាម្ចាស់ចំការនោះ បានយកអ្វីមកដាំកាលពីបួនប្រាំខែមុន គឺគាត់បានយកគ្រាប់ពោតតូចៗមកដាំ។ បានជាខ្ញុំអាចដឹងយ៉ាងដូចនេះ ព្រោះខ្ញុំឃើញគាត់កំពុងរៀប ចំបើកបរម៉ាស៊ីនច្រូតកាត់ដើមពោត ដែលកំពុងពេញផ្លែ ក្នុងផ្ទៃដីរាប់ហិចតា។
ថ្វីដ្បិតតែយើង សុទ្ធតែបានដឹងច្បាស់ហើយថា ផ្លែពោត គឺកើតចេញដើមពោត ដែលគេបានដាំ ប៉ុន្តែ ពេលខ្លះយើងមិនព្រមទទួលស្គាល់លទ្ធផល ដែលច្រូតកាត់បានពីការសាបព្រោះ ខាងឯវិញ្ញាណរបស់យើងឡើយ។ លោកសាវ័កប៉ុលចែងថា “កុំឲ្យច្រឡំឡើយ . . . ដ្បិតពូជណាដែលមនុស្សព្រោះចុះ នោះនឹងច្រូតបានពូជនោះឯងវិញ”(កាឡាទី ៦:៧)។ ការរស់នៅដែលបំពេញសេចក្តីប៉ងប្រាថ្នារបស់សាច់ឈាម នាំឲ្យទទួលផលជាសេចក្តីពុករលួយ មានន័យថា យើងកំពុងចង់បានអ្វីដែលមិនមែនជារបស់ផងខ្លួន ដោយគិតតែប្រយោជន៍ផ្ទាល់ខ្លួន ហើយថែមទាំងធ្វើការអាក្រក់ជាច្រើនទៀត(៥:១៩-២១)។ ការដើរតាមការដឹកនាំនៃព្រះវិញ្ញាណ នាំឲ្យបង្កើតផលជាសេចក្តីមេត្រីភាព សប្បុរស ហើយដឹងខ្នាត(៥:២២-២៣)។ ដោយសារព្រះគុណរបស់ព្រះ នោះយើងអាចសម្រេចចិត្ត“ព្រោះគ្រាប់ពូជខាងព្រះវិញ្ញាណ” រួចច្រូតបានជីវិតអស់កល្បជានិច្ច(៦:៨)។
ឧបមាថា ព្រះយេស៊ូវប្រកាសថា ថ្ងៃនេះជា “ថ្ងៃនៃចម្រូត” នៅក្នុងជីវិតរបស់យើង ហើយទ្រង់ឲ្យយើងប្រមូលផលដែលកើតចេញពីការសម្រេចចិត្ត ដែលយើងមានជាប្រចាំថ្ងៃ អស់រយៈពេលជាច្រើនឆ្នាំកន្លងមក។ តើយើងនឹងបង្ហាញផលផ្លែអ្វីខ្លះដល់ទ្រង់?—Jennifer Benson Schuldt
ការចាំយាម និងការរង់ចាំ
នៅក្នុងព្រះគម្ពីរអេសាយ ជំពូក ១៨ យើងឃើញថា លោកីយទាំងមូលហាក់ដូចជាបានលើកគ្នា មកច្បាំងនឹងរាស្រ្តរបស់ព្រះ។ ប៉ុន្តែ តើព្រះដ៏មានគ្រប់ព្រះចេស្តាទ្រង់បានឆ្លើយតបយ៉ាងដូចម្តេចខ្លះ ចំពោះការនេះ? កាលនោះ ទ្រង់បានមានបន្ទូលថា “អញនឹងនៅតែស្ងៀម ហើយពិចារណាមើលពីទីលំនៅរបស់អញ”(ខ.៤)។ យើងក៏ប្រហែលជាយល់ថា ព្រះទ្រង់ហាក់ដូចជាមិនមានការតបត នឹងការអាក្រក់ដែលគេកំពុងនាំគ្នាធ្វើនោះទេ បានជាទ្រង់នៅស្ងៀមយ៉ាងដូចនេះ។ ប៉ុន្តែ នេះជាការយល់ខុសហើយ។ តាមពិត យើងត្រូវចាំថា ព្រះទ្រង់នឹងធ្វើការរបស់ទ្រង់ តាមពេលវេលាដែលទ្រង់កំណត់ ឬធ្វើឲ្យត្រូវពេល តាមបំណងព្រះហឫទ័យទ្រង់។
ការនេះបានធ្វើឲ្យខ្ញុំគិតអំពីកាលដែលព្រះយេស៊ូវបានពន្យាពេលអស់៤ថ្ងៃ ក្នុងការរង់ចាំ ខណៈដែលគេបានបញ្ចុះសពលោកឡាសារនៅក្នុងផ្នូរហើយ(យ៉ូហាន ១១:៣៩)។ តើទ្រង់មិនបានជ្រាបថាគាត់បានស្លាប់ហើយទេឬ? តើទ្រង់មិនយកព្រះទ័យទុកដាក់ ចំពោះគាត់ទេឬ? ជាការពិតណាស់ ទ្រង់ពិតជាបានយកព្រះទ័យទុកដាក់មែន! កាលនោះ ទ្រង់គ្រាន់តែកំពុងរង់ចាំពេលដ៏ល្អបំផុត សម្រាប់ធ្វើការអស្ចារ្យ និងបង្រៀនសេចក្តីដែលទ្រង់សព្វព្រះហឫទ័យនឹងបង្រៀនដល់គេប៉ុណ្ណោះ។
ព្រះគម្ពីរបានចែងអំពី “ការពន្យារពេល” របស់ព្រះ ដែលយើងច្រើនតែពិបាកយល់ តាមគំនិតរបស់យើង។ ប៉ុន្តែ ការពន្យារពេលរបស់ទ្រង់ សុទ្ធតែកើតចេញមកពីជម្រៅនៃប្រាជ្ញា និងសេចក្តីស្រឡាញ់របស់ទ្រង់។ តាមពិត ការពន្យាពេលរបស់ទ្រង់ អាចនាំឲ្យយើងមានលក្ខណៈសម្បត្តិស្រគត់ស្រគំ ដែលមានដូចជា ការបន្ទាបខ្លួន ការអត់ធ្មត់ ការទ្រាំទ្រ និងសេចក្តីខ្ជាប់ខ្ជួន ជាពិសេស នៅពេលដែលយើងរង់ចាំពេលដែលទ្រង់ឆ្លើយតប។
តើលោកអ្នកកំពុងមានទុក្ខព្រួយឬ? តើព្រះអម្ចាស់ហាក់ដូចជានៅឆ្ងាយ និងដាច់ចេញពីអ្នកឬ?…
លេខដែលមិនបានប្រើ
កង់ទីមួយរបស់ខ្ញុំ មានលីពដែលអាចដាក់លេខបានតែមួយលេខទេ។ ដូចនេះ ខ្ញុំបានប្រើតែលេខមួយនោះ មិនថាតែពេលជិះលឿនឬយឺត ឡើងទួលឬចុះទួលឡើយ។ កង់ទីពីរបស់ខ្ញុំអាចដាក់លេខបានបីលេខ គឺលេខសម្រាប់ជិះលើផ្ទៃរាបស្មើ សម្រាប់ឡើងទួល ហើយមួយទៀតសម្រាប់ចុះទួល។ កង់ទីបីរបស់ខ្ញុំអាចដាក់លេខបានដល់ទៅដប់លេខ ដូចនេះ ខ្ញុំមានជម្រើសកាន់តែច្រើន។ ទោះបីជាកង់ចុងក្រោយរបស់ខ្ញុំ អាចដាក់លេខច្រើនយ៉ាងណាក៏ដោយ ក៏ខ្ញុំមិនបានប្រើឲ្យបានគ្រប់លេខ ជារៀងរាល់ពេលដែលខ្ញុំជិះវានោះឡើយ។ លេខខ្លះសមនឹងប្រើ នៅពេលចាប់ផ្តើមចេញដំណើរ និងពេលឡើងទួល រីឯលេខផ្សេងទៀតទុកសម្រាប់បង្កើនល្បឿន ហើយលេខដទៃទៀតសមបំផុតសម្រាប់ការជិះលំហែ។ ប៉ុន្តែ ខ្ញុំចង់បញ្ជាក់ថា ទោះបីខ្ញុំមិនបានប្រើលេខឲ្យអស់ នៅពេលណាដែលខ្ញុំជិះកង់ក៏ដោយ ក៏មិនមានន័យថា ខ្ញុំនឹងមិនដែល ត្រូវការប្រើលេខទាំងនោះឡើយ។
បញ្ហាដូចនេះក៏អាចកើតមាន នៅពេលយើងប្រើអំណោយទាន និងសមត្ថភាពខាងវិញ្ញាណផងដែរ។ ក្នុងអំឡុងពេលដែលព្រះទ្រង់មិនបានប្រើខ្ញុំ ឲ្យធ្វើកិច្ចការណាមួយ ដែលខ្ញុំធ្លាប់ធ្វើពីមុនមក នោះខ្ញុំមិនមានអារម្មណ៍ថា ខ្លួនឯងជាមនុស្សឥតប្រយោជន៍ ឬគ្មានតំលៃនោះឡើយ ផ្ទុយទៅវិញ ខ្ញុំបានអរព្រះគុណព្រះ សម្រាប់“អំណោយទាន” ដែលខ្ញុំអាចប្រើ នៅពេលបច្ចុប្បន្ន។ ជំនាញដែលយើងមិនត្រូវការប្រើ នៅពេលនេះ អាចមានប្រយោជន៍ចំពោះយើងនៅពេលក្រោយ។
អំណោយទានខាងវិញ្ញាណរបស់យើង សុទ្ធតែមានភាពចាំបាច់ តាមបែបផ្សេងពីគ្នា និងសម្រាប់ប្រើនៅពេលខុសគ្នា។ សេចក្តីត្រូវការ និងកាលៈទេសៈនឹងមានការផ្លាស់ប្តូរ ដោយមិនអាចដឹង និងទាយស្មានជាមុន។ ហេតុនេះហើយបានជាលោកសាវ័កប៉ុល បានរំឭកលោកទីតុស ថា “ចូរប្រុងប្រៀបធ្វើគ្រប់ទាំងការល្អ”(ទីតុស ៣:១)។…
តើព្រះបានធ្វើអ្វីខ្លះសម្រាប់ខ្ញុំ នៅពេលថ្មីៗនេះ?
ខ្ញុំបានជួបបុរសម្នាក់ ដែលបានជឿជាក់ថា ព្រះពិតជាមិនអាចអត់ទោសឲ្យគាត់ ចំពោះអ្វីដែលគាត់បានប្រព្រឹត្តឡើយ។ មានបុរសចំណាស់ម្នាក់បានជួយលើកទឹកចិត្តគាត់ ហើយខ្ញុំមានចិត្តរីករាយ ពេលបានដឹងថា មួយឆ្នាំក្រោយមក គាត់មិនគ្រាន់តែបានទទួលព្រះយេស៊ូវ ជាព្រះអង្គសង្រ្គោះផ្ទាល់ខ្លួនរបស់គាត់ប៉ុណ្ណោះទេ ប៉ុន្តែ ថែមទាំងមានចិត្តស្រេកឃ្លានចំពោះព្រះបន្ទូល ក្នុងបទគម្ពីរថែមទៀតផង។ទោះជាយ៉ាងណាក៏ដោយ បីឆ្នាំក្រោយមក នៅពេលខ្ញុំបានជួបនិយាយជាមួយគាត់ ខ្ញុំបានកត់សំគាល់ឃើញថា ភាពក្លៀវក្លារបស់គាត់ក៏លែងមាន ហើយគាត់ប្រែជារអ៊ូរទាំថា “ខ្ញុំមិនយល់ទាល់តែសោះ ថាហេតុអ្វីបានជាព្រះអនុញ្ញាត ឲ្យមនុស្សអាក្រក់ចម្រុងចម្រើន ខណៈដែលកូនៗរបស់ទ្រង់ជាច្រើន (រួមទាំងខ្លួនគាត់ផង) កំពុងជួបការខ្វះខាតយ៉ាងត្រដាបត្រដួស”។ ដូចនេះ ការរអ៊ូរទាំបានស៊ីបំផ្លាញអំណរនៃសេចក្តីជំនឿរបស់គាត់ហើយ។
គាត់ភ្លេចហើយថា ខ្លួនត្រូវការព្រះគុណរបស់ព្រះគ្រីស្ទខ្លាំងប៉ុណ្ណា គឺមិនខុសពីគ្រីស្ទបរិស័ទជាច្រើនទៀតឡើយ។ គាត់បានដឹងគុណព្រះ ពេលគាត់ទទួលព្រះអម្ចាស់ជាលើកដំបូង តែការដឹងគុណនោះបានបាត់បង់អស់ហើយ។ ការនេះបានរំឭកយើង អំពីពួកឈ្នួលនៅចំការទំពាំងបាយជូរ ដែលព្រះយេស៊ូវបានមានបន្ទូលក្នុងរឿងប្រៀបប្រដូច(ម៉ាថាយ ២០:១-១៦)។ ពួកឈ្នួលទាំងនោះ បានងាកមកផ្តោតអារម្មណ៍ទៅលើការអ្វីដែលអ្នកដទៃបានទទួល ជាជាងដឹងគុណចៅហ្វាយរបស់ខ្លួន(ខ.១០-១២)។
ព្រះទ្រង់មិនដែលជំពាក់យើង ក្នុងការអ្វីឡើយ តែទ្រង់បានប្រទានសេចក្តីសង្រ្គោះដល់យើង ដោយមិនគិតថ្លៃ ពេលដែលយើងទទួលព្រះគ្រីស្ទ គឺដូចដែលទ្រង់បានសន្យា។ រួចទ្រង់បានបន្ថែមពីលើសេចក្ដីសប្បុរសរបស់ទ្រង់ ដោយចាត់ព្រះវិញ្ញាណរបស់ទ្រង់ ឲ្យមកជួយយើងក្នុងជីវិតនេះ ខណៈដែលយើងកំពុងត្រៀមខ្លួន ទទួលសេចក្តីអំណរដ៏នៅអស់កល្បជានិច្ច ជា មួយទ្រង់។ ពេលយើងជួបការអ្វីដែលហាក់ដូចជាអយុត្តិធម៌ ក្នុងជីវិតនេះ នោះចូរយើងសម្លឹងមើលទៅឯទ្រង់ និងព្រះបន្ទូលរបស់ទ្រង់ ជាជាងសម្លឹងមើលអ្នកដទៃ។ —Randy Kilgore
មុនដើមដំបូង
កាលស្ទីវ(Steve) នៅវ័យជំទង់ គាត់បានសួរនូវសំណួរមួយ ដែលស្ថិតក្នុងចំណោមសំណួរ ដែលខ្ញុំចាំបាច់ត្រូវខំរកចម្លើយ ក្នុងនាមជាឳពុករបស់គាត់។ កាលនោះគាត់បានសួរខ្ញុំថា “ប៉ា បើព្រះពិតជាបានគង់នៅតាំងពីមុនអស់កល្បជានិច្ចមែន តើទ្រង់កំពុងធ្វើអ្វីខ្លះ មុនពេលដែលទ្រង់បានបង្កើតសកលលោកទាំងមូល?”
ដូចនេះ តើមានអ្វីខ្លះកើតឡើង ក្នុងរយៈពេលដ៏វែង មុនពេលដែល “ព្រះបានបង្កើតផ្ទៃមេឃ និងផែនដី?”(លោកុប្បត្តិ ១:១)។ ទីមួយ យើងអាចដឹងថា ព្រះទ្រង់មាន “ប្រាជ្ញា”ជាស្រេច មុននឹងបង្កើតរបស់សព្វសារពើ គឺប្រាជ្ញាដែលមានក្នុងបុគ្គលិកលក្ខណៈទ្រង់ផ្ទាល់។ ក្នុងបទគម្ពីរសុភាសិត ៨:២៣ ប្រាជ្ញាបានថ្លែងថា ព្រះទ្រង់បានសិតអញ(ប្រាជ្ញា)តាំងពីអស់កល្បរៀងមក គឺពីកាលនៅដើមឡើយ មុនដែលមានផែនដីផង។
ម៉្យាងទៀត យើងក៏អាចដឹងផងដែរថា ព្រះទ្រង់បានមានផែនការប្រទានសេចក្តីសង្រ្គោះ ដោយព្រះគុណទ្រង់ តាំងពីមុនពេលដែលទ្រង់បានដាក់ផែនដី នៅក្នុងកន្លែងរបស់វា។ បទគម្ពីរ ២ធីម៉ូថេ ១:៩ បានចែងថា ព្រះបានប្រទានព្រះគុណមកយើងក្នុងព្រះគ្រីស្ទយេស៊ូវ មុនអស់ទាំងកល្ប។ បទគម្ពីរ ទីតុស ១:២ ក៏បានចែងផងដែរថា ព្រះបានសន្យាប្រទានជីវិតអស់កល្បជានិច្ច តាំងពីមុនអស់ទាំងកល្ប។ ហើយយើងក៏ដឹងផងដែរថា ព្រះវរបិតាបានដំកើងព្រះយេស៊ូវឡើង ដោយសិរីល្អ ហើយព្រះវបិតាបានស្រឡាញ់ទ្រង់ “ក្នុងកាលដែលលោកីយមិនទាន់បានកើតនៅឡើយ”(យ៉ូហាន ១៧:៥ និងមើល ខ.២៤)។
ដូចនេះ យើងអាចដឹងអំពីការខ្លះដែលព្រះបានធ្វើ នៅមុនពេលទ្រង់បង្កើតផ្ទៃមេឃ និងផែនដី…
កុំឲ្យលើស កុំឲ្យខ្វះ
ថ្មីៗនេះ ខ្ញុំបានអានអត្ថបទមួយ ដែលនិយាយអំពីការដែលមនុស្សងាយប្រើព្រះបន្ទូល តាមរបៀបខុសឆ្គង។ យើងប្រហែលជាព្យាយាមកាត់ស្រាយបទគម្ពីរ ឲ្យស្របតាមទស្សនៈរបស់យើង ជាជាងបកស្រាយបទគម្ពីរនោះ តាមបំណងព្រះហឫទ័យព្រះ។ អ្នកខ្លះបានប្រើព្រះគម្ពីរ ដើម្បីការពាររឿងអ្វីមួយ ខណៈពេលដែលអ្នកដទៃបានប្រើព្រះគម្ពីរដើម្បីវាយប្រហារមកលើរឿងនោះទៅវិញ។ ភាគីទាំងសងខាងសុទ្ធតែដកស្រង់បទគម្ពីរ ដើម្បីគាំទ្រទស្សនៈរៀងៗខ្លួន ប៉ុន្តែ អ្នកទាំងពីរមិនអាចត្រូវទាំងពីរនាក់បានឡើយ។
ពេលយើងប្រើព្រះបន្ទូល យើងចាំបាច់ត្រូវប្តេជ្ញាចិត្តថា យើងនឹងមិនបន្ថែមបន្ថយអត្ថន័យ ដ៏ពិតនៃបទគម្ពីរ ដែលយើងកំពុងប្រើនោះឡើយ។ បើសិនជាយើងប្រើព្រះបន្ទូល មិនបានត្រឹមត្រូវ នោះមានន័យថា យើងក៏បានកាត់ស្រាយព្រះបន្ទូលខុស ដែលទីបំផុត យើងអាចឈានទៅរកការបង្រៀនខុស អំពីលក្ខណៈសម្បត្តិរបស់ព្រះ។
ហេតុនេះហើយ បានជាសាវ័កប៉ុលបានលើកទឹកចិត្តដល់លោកធីម៉ូថេថា “ចូរខំប្រឹងនឹងថ្វាយខ្លួនដល់ព្រះ ទុកជាមនុស្សដែលបានល្បងលជាប់ហើយ ជាអ្នកធ្វើការ ដែលមិនត្រូវខ្មាសឡើយ ដោយកាត់ស្រាយព្រះបន្ទូលនៃសេចក្តីពិតយ៉ាងត្រឹមត្រូវ”(២ធីម៉ូថេ ២:១៥)។ គន្លឹះជាអាទិភាព ដើម្បីឲ្យយើងអាចក្លាយជាអ្នកបម្រើ ដែលមិនត្រូវខ្មាស និងអាចទទួលយកបាន គឺយើងត្រូវតែបកស្រាយ(ឬ“កាត់ស្រាយ”) ព្រះបន្ទូលរបស់ព្រះឲ្យបានត្រឹមត្រូវ។ នៅពេលយើងសិក្សាព្រះបន្ទូល យើងត្រូវពឹងផ្អែកលើព្រះវិញ្ញាណ ដែលទ្រង់ជាអ្នកបណ្តាលឲ្យគេតែងព្រះគម្ពីរ ដើម្បីឲ្យយើងទទួលបានចំណេះដឹង និងប្រាជ្ញា។
យើងអាចប្រើពាក្យសម្តី និងការប្រព្រឹត្តរបស់យើង ជាឱកាស ដើម្បីបកស្រាយព្រះបន្ទូល តាមរបៀបដែលពិតជាអាចឆ្លុះបញ្ចាំង ឲ្យគេស្គាល់បំណងព្រះហឫទ័យ។ នេះជាឯកសិទ្ធិអស្ចារ្យបំផុតមួយ ក្នុងចំណោមឯកសិទ្ធិដ៏អស្ចារ្យទាំងឡាយ នៃជីវិតគ្រីស្ទបរិស័ទ។—Bill Crowder