Month: December 2016

ចំពេលល្អណាស់

មានពេលមួយ អ្នកដឹកនាំក្រុមចម្រៀង បានឈរនៅពីមុខឆាក ដោយភ្នែកពិនិត្យមើលក្រុមចម្រៀង និងក្រុមភ្លេង។  ក្រុមចម្រៀងក៏បានបើកក្រដាស់ចម្រៀង  និងចូលទៅកាន់កន្លែងដែលខ្លួនត្រូវឈរ រួចកាន់ក្រដាស់ចម្រៀង ដោយលើកវាឲ្យខ្ពស់ល្មមនឹងអាចមើលឃើញអ្នកដឹកនាំក្រុមចម្រៀងនៅខាងមុខ។ ក្រុមភ្លេងក៏បានដាក់ក្រដាស់ភ្លេងនៅលើទម្រ ហើយសម្រួលឥរិយ៉ាបថនៅលើកន្លែងអង្គុយរៀងខ្លួន រួចពួកគេអង្គុយស្ងៀម ដោយរង់ចាំការបញ្ជាពីអ្នកដឹកនាំក្រុមចម្រៀង។ រីឯអ្នកដឹកនាំក្រុមចម្រៀងវិញ  គាត់រង់ចាំ  ទាំងមើលទៅពួកគេទាំងអស់គ្នា ដើម្បីឲ្យដឹងថា ពួកគេរួចរាល់ហើយឬនៅ។ បន្ទាប់មក  គាត់ក៏បានលើកចង្គិះបញ្ជា ហើយសម្លេងដ៏ពិរោះនៃបទ “សូមស្វាគមន៍ព្រះមែស៊ី” ក៏បានបន្លឺឡើងយ៉ាងគ្រលួច ក្នុងព្រះវិហារធំ។

សម្លេងដ៏ពិរោះរណ្តំដែលនៅជុំវិញខ្លួនខ្ញុំនៅថ្ងៃនោះ បានធ្វើឲ្យខ្ញុំមានអារម្មណ៍រំភើបរីករាយ ចំពោះពិធីបុណ្យណូអែល ដែលបានចាប់ផ្តើមឡើង ចំពេលវេលាដ៏ល្អ ដោយព្រះមែស៊ីបានយាងមកប្រសូត្រជាមនុស្ស កាលពីជាង២ពាន់ឆ្នាំមុន ដែលព្រះអង្គជា “សំដេចសង្ឃ ខាងឯសេចក្តីល្អដែលត្រូវមក”(ហេព្រើ ៩:១១)។

ជារៀងរាល់ពេលបុណ្យណូអែល ពេលដែលយើងអបអរការយាងមក ជាលើកទីមួយនៃព្រះគ្រីស្ទ ដោយការប្រគុំតន្រ្តីដ៏រុងរឿង ខ្ញុំបាននឹកចាំថា រាស្រ្តរបស់ព្រះអង្គកំពុងតែត្រៀមខ្លួនជាស្រេច សម្រាប់ការឲ្យសញ្ញា   ដែលបញ្ជាក់ថា   ព្រះគ្រីស្ទនឹងយាងមកវិញ   គឺមិនខុសពីសមាជិកនៃក្រុមចម្រៀង និងក្រុមភ្លេង ដែលត្រៀមខ្លួនជាស្រេចសម្រាប់ការបញ្ជារបស់អ្នកដឹកនាំក្រុមតន្ត្រី។ នៅថ្ងៃនោះ យើងនឹងបានចូលរួមជាមួយព្រះអង្គ នៅក្នុងព្រឹត្តិការណ៍ចុងក្រោយនៃការប្រោសលោះ ដែលនឹងធ្វើឲ្យអ្វីៗទាំងអស់ប្រែជាថ្មីឡើង(វិវរណៈ ២១:៥)។ ភ្នែករបស់យើងត្រូវផ្តោតទៅលើព្រះដែលជាអ្នកដឹកនាំយើង ហើយត្រូវប្រាកដថា យើងបានត្រៀមខ្លួនហើយ។-Julie Ackerman Link

ក្នុងព្រះនាមព្រះយេស៊ូវ

ខ្ញុំចូលចិត្តប្រមូលទុកនូវរូបថតញាំអាហារពេលល្ងាច ជាលក្ខណៈគ្រួសារ។ ខ្ញុំបានរក្សាទុករូបថតទាំងនោះ នៅក្នុងសៀវភៅរូបថតមួយក្បាល ដែលក្នុងរូបថតទាំងនោះ មានរូបឪពុកខ្ញុំ បងប្អូនប្រុសរបស់ខ្ញុំ និងភរិយារបស់ពួកគេ ព្រមទាំងចៅៗរបស់គាត់ ដែលបានមកជួបជុំគ្នានៅតុអាហារ ក្នុងពិធីបុណ្យអរព្រះគុណ និងអធិស្ឋានទូលអង្វរ។ ឪពុករបស់ខ្ញុំបានជួបគ្រោះថ្នាក់ដាច់សរសៃឈាមខួរក្បាលម្តងហើយម្តងទៀត ហើយមិនអាចនិយាយស្តីបានដូចធម្មតាទេ។ ប៉ុន្តែ ក្នុងអំឡុងពេលអធិស្ឋាន ខ្ញុំបានឮគាត់បន្លឺសម្លេងអស់ពីចិត្តថា “ទូលបង្គំសូមអធិស្ឋាន ក្នុងព្រះនាមព្រះយេស៊ូវ!” រយៈពេលមួយឆ្នាំក្រោយមក គាត់ក៏បានលាចាកលោក ទៅនៅក្នុងព្រះវត្តមាននៃព្រះ ដែលគាត់បានជឿ។

ព្រះយេស៊ូវបានបង្រៀនយើងឲ្យអធិស្ឋាន ដោយនូវព្រះនាមព្រះអង្គ។ នៅពេលយប់ មុនពេលគេយកព្រះអង្គទៅឆ្កាង ព្រះអង្គបានមានបន្ទូលសន្យាដល់ពួកសាវ័កថា “តាំងពីដើមមក អ្នករាល់គ្នាមិនបានសូមអ្វី ដោយនូវឈ្មោះខ្ញុំទេ ឥឡូវ ចូរសូមចុះ នោះអ្នករាល់គ្នានឹងបាន ដើម្បីឲ្យសេចក្តីអំណររបស់អ្នករាល់គ្នាបានពោរពេញពិត”(យ៉ូហាន ១៦:២៤)។ ប៉ុន្តែ មិនមែនមានន័យថា យើងអាចអធិស្ឋានទូលសូម ដោយនូវព្រះនាមព្រះអង្គ ដើម្បីឲ្យព្រះអង្គឆ្លើយតប តាមទំនើងចិត្តរបស់យើងនោះទេ។

នៅពេលព្រលប់ថ្ងៃនោះ ព្រះយេស៊ូវបានបង្រៀនថា ព្រះអង្គនឹងឆ្លើយតបចំពោះការអធិស្ឋានទូលសូម ដោយនូវព្រះនាមព្រះអង្គ ដើម្បីឲ្យព្រះអង្គថ្វាយសិរីល្អដល់ព្រះវរបិតា(យ៉ូហាន ១៤:១៣)។ ក្រោយមក នៅពេលយប់នោះ ព្រះអង្គក៏បានអធិស្ឋានដោយសេចក្តីទុក្ខជាខ្លាំងថា “ឱព្រះវរបិតានៃទូលបង្គំអើយ បើសិនជាបាន នោះសូមឲ្យពែងនេះកន្លងហួសពីទូលបង្គំទៅ ប៉ុន្តែ កុំតាមចិត្តទូលបង្គំឡើយ សូមតាមតែព្រះហឫទ័យទ្រង់វិញ”(ម៉ាថាយ ២៦:៣៩)។

ពេលដែលយើងអធិស្ឋាន យើងចុះចូលចំពោះប្រាជ្ញា…

បេះដូងនៃពិធីបុណ្យណូអែល

រឿងបទចម្រៀងបុណ្យណូអែល ជារឿងប្រលោមលោក ដែលលោកឆាលស៍ ឌីខិន(Charles Dickens)បាននិពន្ធ។ រឿងនេះបានចេញលក់ នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ១៩៤៣ ហើយគេបានបោះពុម្ភផ្សាយមិនដែលខាន តាំងពីសម័យនោះមក។ រឿងនេះបានដំណាលអំពីដំណើរជីវិតរបស់លោកអេបិននេស័រ ស្រ្គូជ(Ebenezer Scrooge) ដែលជាបុរសអ្នកមានស្តុកស្តម្ភម្នាក់ ដែលមានចិត្តកំណាញ់។ បុរសនោះបានពោលថា “អ្នកដែលនិយាយស្វាគមន៍ថា រីករាយថ្ងៃបុណ្យណូអែល ជាមនុស្សល្ងង់ ដែលគួរតែរលាកមាត់ ដោយសារបង្អែមរបស់ខ្លួន។ ប៉ុន្តែ នៅពេលល្ងាចថ្ងៃបុណ្យណូអែល គាត់ក៏បានប្រែចិត្ត ក្លាយជាមនុស្សសប្បុរស និងមានចិត្តរីករាយ។ សៀវភៅរឿងនេះមានលក្ខណៈកំប្លែង និងផ្តល់ការអប់រំជាច្រើន ដែលឆ្លុះបញ្ចាំងថា មនុស្សម្នាក់ៗសុទ្ធតែស្រេកឃ្លានសន្តិភាពនៅក្នុងចិត្ត។

មុនពេលសាវ័កប៉ុលទទួលជឿព្រះ គាត់ជាយុវជនម្នាក់ដែលប្រឆាំងនឹងព្រះយេស៊ូវ និងគ្រីស្ទបរិស័ទ ដោយវិញ្ញាណដែលតាមធ្វើទុក្ខបៀបបៀនគេ។ គាត់“បានធ្វើទុក្ខដល់ពួកជំនុំខ្លាំងណាស់ ដោយចូលគ្រប់តែផ្ទះ ចាប់ទាញអូសទាំងប្រុសទាំងស្រី បញ្ជូនទៅដាក់គុក”(កិច្ចការ ៨:៣)។ តែថ្ងៃមួយ គាត់បានជួបព្រះគ្រីស្ទ ដែលបានមានព្រះជន្មរស់ឡើងវិញ ហើយជីវិតគាត់ក៏បានផ្លាស់ប្រែ(៩:១-១៦)។

ក្នុងសំបុត្រដែលសាវ័កប៉ុលបានសរសេរផ្ញើទៅលោកធីម៉ូថេ ដែលជាកូនក្នុងជំនឿ គាត់បានរៀបរាប់អំពីហេតុការណ៍ដែលបានធ្វើឲ្យជីវិតផ្លាស់ប្រែ ដោយមានប្រសាសន៍ថា “ពីដើមខ្ញុំជាអ្នកប្រមាថ ធ្វើទុក្ខបៀតបៀន ហើយព្រហើនឈ្លានពាន … តែព្រះគុណរបស់ព្រះអម្ចាស់នៃយើង បានចម្រើនជាបរិបូរហូរហៀរឡើង ព្រមទាំងសេចក្តីជំនឿ និងសេចក្តីស្រឡាញ់ ដែលនៅក្នុងព្រះគ្រីស្ទយេស៊ូវផង”(១ធីម៉ូថេ ១:១៣-១៤)។

ព្រះយេស៊ូវបានយាងមកប្រសូត្រក្នុងលោកិយ ហើយបានលះបង់ព្រះជន្ម…

មិត្តភាព

លោកចន គ្រីសូសតុម(John Chrysostom  នៅឆ្នាំ៣៤៧ ដល់ ៤០៧) ជាអ្នកដឹកនាំគ្រីស្ទបរិស័ទដែលធំជាងគេ នៅទីក្រុងខុនស្ទិនទីនូបភល បានមានប្រសាសន៍អំពីមិត្តភាព យ៉ាងដូចនេះថា “មិត្តភាពនាំឲ្យយើងស្រឡាញ់ទីកន្លែង និងរដូវកាល ដ្បិត ដែលផ្ការុះរោយធ្លាក់ស្រទាប់ដ៏ក្រអូបមកលើដី នៅក្បែរគុលជាយ៉ាងណា នោះមិត្តភ័ក្តិនាំមកនូវគុណប្រយោជន៍ ដល់កន្លែងដែលខ្លួនរស់នៅ យ៉ាងនោះដែរ”។

ព្រះគម្ពីរបរិសុទ្ធបានចែងឲ្យយើងដឹងថា យ៉ូណាថាន និងដាវីឌបានបង្ហាញនូវអត្ថន័យដ៏ល្អ នៃមិត្តភាពដ៏ពិត ដែលជាចំណងទាក់ទងដ៏ជិតស្និទ្ធរវាងអ្នកទាំងពីរ(១សាំយ៉ូអែល ១៨:១)។ ពួកគេបានរក្សាមិត្តភាពឲ្យនៅគង់វង្ស ដោយបង្ហាញភាពស្មោះត្រង់ចំពោះគ្នាទៅវិញទៅមក(១៨:៣ ២០:១៦,៤២ ២៣:១៨) និងដោយការយកចិត្តទុកដាក់ចំពោះគ្នាទៅវិញទៅមក។ យ៉ូណាថាន បានឲ្យអំណោយដល់ដាវីឌ(១៨:៤) និងជួយការពារដាវីឌ ដោយឆ្លងកាត់ការលំបាកជាច្រើន(១៩:១-២ ២០:១២-១៣)។

ក្នុងបទគម្ពីរ ១សាំយ៉ូអែល ២៣:១៦ មិត្តភាពរបស់ពួកគេក៏បានឈានដល់ដំណាក់កាលខ្លាំងបំផុត។  ពេលដែលដាវីឌកំពុងរត់គេចពីស្តេចសូល  “ឯយ៉ូណាថាន ជាបុត្រាសូល ក៏ចេញទៅឯដាវីឌនៅក្នុងព្រៃ ជួយចម្រើនឲ្យមានសេចក្តីសង្ឃឹមក្នុងព្រះឡើង”។ មិត្តភ័ក្តិអាចជួយឲ្យយើងរកឃើញកម្លាំងក្នុងព្រះ ក្នុងអំឡុងពេលដែលជីវិតយើងធ្លាក់ចុះខ្លាំងបំផុត។ ក្នុងលោកិយនេះ ទំនាក់ទំនងភាគច្រើនផ្តោតទៅលើការទទួល ជាជាងការចែករំលែក  តែសូមយើងធ្វើជាមិត្តភ័ក្តិ   ដែលផ្តោតទៅលើការចែករំលែកវិញ។ ព្រះយេស៊ូវជាមិត្តល្អបំផុតរបស់យើង ដែលបានបង្ហាញសេចក្តីស្រឡាញ់ដ៏ធំបំផុត  ដោយអនុវត្តតាមព្រះបន្ទូល  ដែលចែងថា “គ្មានអ្នកណាមានសេចក្តីស្រឡាញ់ធំជាងនេះ គឺដែលអ្នកណានឹងប្តូរជីវិត ជំនួសពួកសំឡាញ់របស់ខ្លួននោះទេ”(យ៉ូហាន ១៥:១៣)។-Poh Fang Chia

ការរីកចម្រើន

គេបានចាត់ទុកលោកប៉ាប្លូ ខាសាលស៍(Pablo Casals) ជាអ្នកលេងវីយូឡុងធំដែលល្បីល្បាញជាងគេ ក្នុងអំឡុងពេលពាក់កណ្តាលទីមួយ នៃសតវត្សរ៍ទី២០។ ពេលដែលគាត់កំពុងលេងវីយូឡុងធំរបស់គាត់ ក្នុងវ័យ៩៥ឆ្នាំ មានអ្នកយកពត៌មានវ័យក្មេងម្នាក់ បានសួរគាត់ថា “លោកខាសាលស៍ លោកមានអាយុ៩៥ឆ្នាំ ហើយលោកជាអ្នកលេវវីយូឡុងធំដ៏អស្ចារ្យបំផុត ក្នុងប្រវត្តិសាស្រ្ត។ ប៉ុន្តែ តើហេតុអ្វីបានជាលោកនៅតែអនុវត្តការលេងវីយូឡុងធំ មួយថ្ងៃ៦ម៉ោង?”

លោកខាសាលស៍ក៏បានឆ្លើយថា “បានជាខ្ញុំនៅតែបន្តអនុវត្តច្រើនម៉ោងដូចនេះ ព្រោះខ្ញុំយល់ថា ការអនុវត្តនេះបានធ្វើឲ្យខ្ញុំមានការរីកចម្រើនថែមទៀត”។

លោកខាសាលស៍ពិតជាមានទស្សនៈត្រឹមត្រូវណាស់។ សម្រាប់យើងដែលជាអ្នកជឿព្រះគ្រីស្ទ យើងមិនគួរគិតថា ខ្លួនបានឈានដល់ចំណុចកំពូលនៃជោគជ័យខាងព្រលឹងវិញ្ញាណ ហើយឈប់ប្រឹងប្រែងតទៅទៀតនោះទេ ប៉ុន្តែ ផ្ទុយទៅវិញ យើងត្រូវបន្ត  “ចម្រើនឡើងក្នុងព្រះគុណ    ហើយក្នុងការស្គាល់ដល់ព្រះយេស៊ូវគ្រីស្ទជាព្រះអម្ចាស់ ជាព្រះអង្គសង្គ្រោះនៃយើងរាល់គ្នា”(២ពេត្រុស ៣:១៨)។ ព្រះយេស៊ូវបានរំឭកយើង នៅក្នុងបទគម្ពីរយ៉ូហាន ១៥:១៦ ថា ព្រះអង្គបានរើសយើងរាល់គ្នា “ទាំងតាំងឲ្យយើងបង្កើតផលផង”។ ការលូតលាស់បានល្អ គឺជាការបន្តបង្កើតផលផ្លែខាងវិញ្ញាណ អស់មួយជីវិត។ ព្រះអម្ចាស់បានសន្យាថា “ខ្ញុំជាគល់ អ្នករាល់គ្នាជាខ្នែង អ្នកណាដែលនៅជាប់នឹងខ្ញុំ ហើយខ្ញុំជាប់នឹងអ្នកនោះ នោះទើបនឹងបង្កើតផលឡើងជាច្រើន”(ខ.៥)។

យើងចាំបាច់ត្រូវបន្តលូតលាស់ឥតឈប់ឈរ ដោយស្មោះត្រង់ ដើម្បីឲ្យមានលក្ខណៈកាន់តែដូចព្រះ ដែលយើងស្រឡាញ់ និងបម្រើ ដោយយើងអាចទុកចិត្តថា “ព្រះអង្គដែលទ្រង់បានចាប់តាំងធ្វើការល្អក្នុងអ្នករាល់គ្នា  ទ្រង់នឹងធ្វើឲ្យកាន់តែពេញខ្នាតឡើង ទាល់តែដល់ថ្ងៃនៃព្រះយេស៊ូវគ្រីស្ទ”(ភីលីព ១:៦)។-Cindy Hess Kasper

ពិធីបុណ្យណូអែលនៅប្រទេសអ៊ុយក្រែន

ប្ជាជននៅប្រទេសអ៊ុយក្រែន បានរាប់បញ្ចូលធាតុផ្សំដ៏អស្ចារ្យជាច្រើន នៅក្នុងការប្រារព្ធពិធីបុណ្យណូអែល។ ជួនកាល ពួកគេបានយកចំប៊ើង មកតម្រៀបនៅលើតុអាហារពេលល្ងាច ដើម្បីរំឭកអំពីស្នូកសត្វ ដែលព្រះយេស៊ូវបានផ្ទុំ នៅភូមិបេថ្លេហិម។ ការប្រារព្ធធ្វើមួយទៀត បានរំឭកអំពីព្រឹត្តិការណ៍ជាច្រើន ដែលបានកើតឡើង នៅពេលយប់ដែលព្រះសង្រ្គោះបានយាងចុះមកយកកំណើតក្នុងលោកិយ។  បន្ទាប់ពីការអធិស្ឋានសម្រាប់ពិធីបុណ្យណូអែល ត្រូវបានធ្វើឡើងហើយ  បុរសជាឪពុកនៃគ្រួសារក៏បានពោលឡើងថា   “ព្រះគ្រីស្ទបានប្រសូត្រហើយ!” ហើយក្រុមគ្រួសារក៏បានឆ្លើយតបថា “ចូរយើងថ្វាយសិរីល្អដល់ព្រះអង្គ!”

ពាក្យពេចន៍ដែលគេបានពោលឡើងនេះ បាននាំឲ្យខ្ញុំនឹកចាំ អំពីទិដ្ឋភាពនៃទេវតា ដែលនៅលើមេឃ នៅភូមិបេថ្លេហិម នៅពេលយប់ដែលព្រះគ្រីស្ទបានប្រសូត្រ។ យប់នោះ ទេវតានៃព្រះអម្ចាស់បានប្រកាសថា “ដ្បិតនៅថ្ងៃនេះ មានព្រះអង្គសង្គ្រោះ១អង្គ ប្រសូតដល់អ្នករាល់គ្នានៅក្រុងហ្លួងដាវីឌ គឺជាព្រះគ្រីស្ទដ៏ជាព្រះអម្ចាស់”(លូកា ២:១១)។ ពួកទេវតាក៏បានបន្ទរថា “សួស្តីដល់ព្រះនៅស្ថានដ៏ខ្ពស់បំផុត ហើយសេចក្តីសុខសាន្តនៅផែនដី នៅកណ្តាលមនុស្ស ដែលជាទីគាប់ព្រះហឫទ័យដល់ទ្រង់”(ខ.១៤)។

នេះជាពាក្យពេចន៍ដ៏មានន័យ សម្រាប់រដូវកាលដ៏អស្ចារ្យប្រចាំឆ្នាំនីមួយៗ។ ព្រះសង្រ្គោះបានយាងមកហើយ ដើម្បីនាំការអត់ទោសបាប និងក្តីសង្ឃឹម ហើយព្រះអង្គសក្តិសមនឹងទទួលការថ្វាយបង្គំ ពីយើងរាល់គ្នា។

សូមឲ្យអស់អ្នក ដែលបានស្គាល់ភាពអស្ចារ្យនៃជីវិតអស់កល្បជានិច្ច ចូលរួមជាមួយពួកទេវតា ដោយប្រកាសឡើងថា “សូមថ្វាយសិរីល្អដល់ព្រះដ៏ខ្ពស់បំផុត”។-Bill Crowder

អ្នកធ្វើតាមបណ្តាំបានល្អ

មានមនុស្សជាច្រើន បានខិតខំប្រឹតប្រៀង ដើម្បីឲ្យធនធានរបស់ខ្លួនមានប្រយោជន៍ បន្ទាប់ពីខ្លួនបានស្លាប់ទៅ។ ពួកគេក៏បានរៀបចំធនធានទាំងនោះ និងសរសេរពាក្យបណ្តាំ ហើយបង្កើតមូលនិធិ ដើម្បីធានាថា នឹងមានអ្នកបន្តប្រើប្រាស់ទ្រព្យសម្បត្តិរបស់ពួកគេ ដើម្បីបំពេញគោលបំណងដ៏ល្អ បន្ទាប់ពីជីវិតរបស់ពួកគេ នៅលើផែនដីនេះត្រូវបញ្ចប់។ ដូចនេះ ពួកគេចង់ឲ្យមានអ្នកបន្តកាន់កាប់ទ្រព្យសម្បត្តិនោះ ឲ្យបានល្អ។

ទោះជាយ៉ាងណាក៏ដោយ នៅក្នុងជីវិតរបស់យើង យើងក៏ចាំបាច់ត្រូវអនុវត្តតាមបណ្តាំរបស់ព្រះ ឲ្យបានល្អផងដែរ។ ព្រះទ្រង់មិនគ្រាន់តែបានបង្គាប់ជនជាតិអ៊ីស្រាអែល ឲ្យបង្រៀនកូនរបស់ខ្លួនអំពីក្រឹត្យវិន័យរបស់ព្រះអង្គប៉ុណ្ណោះទេ តែថែមទាំងបានឲ្យបង្រៀនពួកគេ ឲ្យស្គាល់ប្រវត្តិសាស្រ្តនៃគ្រួសាររបស់ខ្លួនផងដែរ។ ជនជាតិអ៊ីស្រាអែលដែលជាឪពុកម្តាយ និងជីដូនជីតា មានការទទួលខុសត្រូវ នៅក្នុងការប្រាប់កូនចៅរបស់ខ្លួនអំពីរឿងរ៉ាវ ឬប្រវត្តិកាលពីមុន ដើម្បីឲ្យពួកគេដឹង អំពីរបៀបដែលព្រះបានជួយសង្រ្គោះពួកគេ(ចោទិយកថា ៤:១-១៤)។

ព្រះបានប្រទានឲ្យយើងម្នាក់ៗមានរឿងនៃជីវិត ខុសពីគ្នា។ ផែនការដែលព្រះអង្គមានចំពោះជីវិតយើងម្នាក់ៗ គឺមានលក្ខណៈពិសេសរៀងៗខ្លួន។ តើអ្នកដទៃដឹងថា អ្នកមានជំនឿលើអ្វី ហើយដឹងពីមូលហេតុដែលអ្នកមានជំនឿឬទេ? តើគេដឹងថា អ្នកបានទទួលជឿព្រះដោយរបៀបណាទេ ហើយតើព្រះអង្គបានធ្វើការក្នុងជីវិតអ្នកយ៉ាងដូចម្តេចខ្លះ ដើម្បីពង្រឹងជំនឿរបស់អ្នក? តើពួកគេដឹងថា ព្រះអង្គមានព្រះទ័យស្មោះត្រង់យ៉ាងណា ហើយបានជួយអ្នកយ៉ាងណាខ្លះ ពេលអ្នកមានការសង្ស័យ និងការខកចិត្ត?

យើងមានអភ័យឯកសិទ្ធិ នៅក្នុងការចែកចាយអំពីរឿង ឬប្រវត្តិនៃភាពស្មោះត្រង់របស់ព្រះ ដល់អ្នកជំនាន់ក្រោយ ឬអ្នកដទៃ។ ចូរយើងកត់ទុកនូវរឿងនៃភាពស្មោះត្រង់របស់ព្រះអង្គ ហើយចែករំលែករឿងនោះដល់អ្នកដទៃ។ ចូរយើងធ្វើតាមបណ្តាំព្រះអង្គឲ្យបានល្អ ដោយចែកចាយរឿងដែលព្រះអង្គកំពុងតាក់តែង តាមរយៈជីវិតយើង។-Julie Ackerman Link

 

កំណើតដ៏ពិសេស

ក្នុងព្រះគម្ពីរបរិសុទ្ធ មានទំព័រដែលនិយាយ អំពីកំណើតរបស់ក្មេងប្រុសមួយចំនួន ដែលមានលក្ខណៈគួរឲ្យកត់សំគាល់ណាស់។ លោកកាអ៊ីន ជាកូនដំបូងបំផុត  ដែលបានកើតពីលោកអ័ដាំម និងនាងអេវ៉ា។  លោកអ៊ីសាក់បានកើតមក  ធ្វើជាក្តីសង្ឃឹមនៃអនាគតរបស់ជនជាតិអ៊ីស្រាអែល។ រីឯការចាប់កំណើតរបស់លោកសាំយ៉ូអែលវិញ គឺជាការឆ្លើយតបរបស់ព្រះ ចំពោះម្តាយគាត់ ដែលបានអធិស្ឋានឥតឈប់ឈរ។ កំណើតរបស់ពួកគេសុទ្ធតែសំខាន់យ៉ាងខ្លាំង ហើយមានការរំពឹងទុក ដោយក្តីរីករាយ។ អ្នកនិពន្ធព្រះគម្ពីរពិពណ៌នា អំពីកំណើតរបស់ពួកគេ តាមរបៀបដូចៗគ្នាថា ម្តាយរបស់ពួកគេនឹងមានផ្ទៃពោះ ហើយកើតបានកូនប្រុសមួយ(លោកុប្បត្តិ ៤:១ ២១:២-៣ ១សាំយ៉ូអែល ១:២០)។

ប៉ុន្តែ មានកំណើតរបស់កូនប្រុសមួយទៀត ដែលយើងត្រូវពិចារណាផងដែរ។ ការពិពណ៌នាអំពីកំណើតរបស់កូនប្រុសម្នាក់នេះ គឺមានភាពលម្អិតជាងគេ ព្រោះពាក្យតែពីរបីម៉ាត់មិនអាចមានភាពច្បាស់លាស់  ល្មមនឹងអាចនិយាយ  អំពីកំណើតរបស់បុត្រនោះឡើយ។ ដែលមានព្រះនាមថា យេស៊ូវ។ ព្រះគម្ពីរមីកា បានចែងអំពីទីកន្លែងដែលព្រះអង្គប្រសូត្រ គឺនៅបេថ្លេហិម(៥:២)។ ព្រះគម្ពីរអេសាយក៏បានចែងផងដែរថា មាតារបស់ព្រះអង្គជាស្ត្រីព្រហ្មចារី(៧:១៤) ហើយទ្រង់បានយាងមក ដើម្បីសង្រ្គោះមនុស្សឲ្យរួចពីបាប(ជំពូក ៥៣)។

ជាងនេះទៅទៀត ព្រះគម្ពីរសញ្ញាថ្មីបានផ្តល់នូវពត៌មានគន្លឹះ អំពីព្រះនាមរបស់ព្រះអង្គ និងអំពីមូលហេតុដែលព្រះអង្គមានព្រះនាមថា យេស៊ូវ(ម៉ាថាយ ១:២១) និងអំពីទីកន្លែងដែលព្រះអង្គប្រសូត្រមក ដែលជាការសម្រេចបទទំនាយ(២:៦) ហើយក៏បានរៀបរាប់ផងដែរថា មាតាបង្កើត និងឪពុកចិញ្ចឹមរបស់ព្រះអង្គ គឺជាផ្នែកដ៏សំខាន់មួយនៃផែនការរបស់ព្រះ(១:១៦)។

កំណើតរបស់ព្រះយេស៊ូវមានភាពធំប្រសើរ លើសកំណើតរបស់មនុស្សទាំងអស់។ ការយាងមករបស់ព្រះអង្គ បានកែប្រែពិភពលោក…

វីវរៈបុរសម្នាក់ទៀត នៃបុណ្យណូអែល

កាលពីមុនមក ខ្ញុំមិនបានគិតដល់សារៈសំខាន់នៃតួនាទីរបស់លោកយ៉ូសែប នៅក្នុងរឿងបុណ្យណូអែលទេ។ ប៉ុន្តែ បន្ទាប់ពីខ្ញុំបានក្លាយជាស្វាមី និងឪពុកម្នាក់ ខ្ញុំក៏បានឲ្យតម្លៃកាន់តែខ្លាំង ចំពោះបុគ្គលិកលក្ខណៈដ៏សុភាពរបស់លោកយ៉ូសែប។ ពេលដែលលោកយ៉ូសែបបានដឹងថា នាងម៉ារាមានផ្ទៃពោះ គាត់បានសម្រេចចិត្តថា គាត់នឹងមិនធ្វើឲ្យនាងខ្មាស់គេ ឬដាក់ទោសនាងឡើយ(ម៉ាថាយ ១:១៩)។

ខ្ញុំមានការស្ងើចសរសើរចំពោះការស្តាប់បង្គាប់ និងការបន្ទាបខ្លួនរបស់គាត់ ដ្បិតគាត់មិនគ្រាន់តែបានធ្វើតាមបង្គាប់របស់ព្រះប៉ុណ្ណោះទេ(ខ.២៤) ប៉ុន្តែ ថែមទាំងមិនបានរួមដំណេកជាមួយនឹងនាងម៉ារា មុនពេលដែលព្រះយេស៊ូវប្រសូត្រឡើយ(ខ.២៥)។ យើងដឹងទៀតថា ក្រោយមក លោកយ៉ូសែបបានស្ម័គ្រចិត្តភៀសខ្លួនចេញពីទីលំនៅរបស់ខ្លួន ដើម្បីការពារព្រះឱរសយេស៊ូវ(២:១៣-២៣)។

សូមយើងស្រម៉ៃថា លោកយ៉ូសែប និងនាងម៉ារាបានទទួលសម្ពាធប៉ុណ្ណា ពេលដែលពួកគេដឹងថា ខ្លួនត្រូវមើលថែរ និងចិញ្ចឹមបីបាច់ព្រះយេស៊ូវ។ បើអ្នកជាពួកគេវិញ តើអ្នកនឹងមានអារម្មណ៍ស្មុគ្រស្មាញ និងទទួលរងសម្ពាធខ្លាំងប៉ុណ្ណា ពេលដែលព្រះរាជបុត្រានៃព្រះរស់នៅជាមួយអ្នក ជារៀងរាល់ថ្ងៃ ដោយអ្នកត្រូវសម្អាតខ្លួនជាបរិសុទ្ធជានិច្ច ដើម្បីនៅក្បែរព្រះអង្គ។ តើលោកយ៉ូសែបត្រូវមានលក្ខណៈជាមនុស្សល្អប៉ុណ្ណា ដើម្បីឲ្យអាចទទួលកិច្ចការដែលព្រះទ្រង់ឲ្យធ្វើនោះ? គាត់ពិតជាបានធ្វើជាគំរូដ៏ល្អ សម្រាប់ឲ្យយើងយកតម្រាប់តាម ទោះយើងកំពុងចិញ្ចឹមកូន ឬមើលថែរអ្នកដទៃ ដែលព្រះប្រទានមកក៏ដោយ។

សូមព្រះប្រទានឲ្យយើងមានកម្លាំង ឲ្យមានចិត្តស្មោះត្រង់ និងការស្តាប់បង្គាប់ ដូចលោកយ៉ូសែប ទោះបីជាយើងមិនយល់ច្បាស់ អំពីផែនការរបស់ព្រះអង្គក៏ដោយ។-Randy Kilgore

ចូលជ្រកក្នុងព្រះអង្គ

កាលនៅពីក្មេង ក្រុមគ្រួសាររបស់ខ្ញុំបានរស់នៅ ក្នុងផ្ទះមួយខ្នងដែលឪពុកខ្ញុំបានសង់ ក្នុងតំបន់ខាងលិច នៃទីក្រុងដាន់ខិនវីល រដ្ឋតិចសាស់។ ផ្ទះរបស់យើងមានផ្ទះបាយដ៏តូច ដែលមានតុសម្រាប់ញំាអាហារជុំគ្នា និងមានបន្ទប់គេងពីរ ហើយមានបន្ទប់ធំមួយ ដែលមានជើងក្រានកម្តៅផ្ទះដ៏ធំដែលធ្វើពីថ្ម ដែលយើងអាចដុតអុសដែលមានប្រវែងកន្លះម៉ែត្របាន។ ជើងក្រានកម្តៅផ្ទះនោះ ជាកន្លែងកម្តៅ ដែលសំខាន់ជាងគេនៅក្នុងផ្ទះយើង នៅរដូវរងា។

នៅក្នុងគ្រួសារខ្ញុំ មានមនុស្ស៥នាក់ ដែលមានឪពុក និងម្តាយរបស់ខ្ញុំ បងស្រី បងប្អូនជីដូនមួយ និងខ្ញុំ។ ដោយសារយើងមានបន្ទប់គេងតែពីរ ខ្ញុំក៏បានគេងនៅលើកម្រាលព្រុំ នៅលើវេរ៉ង់ដា ពេញមួយឆ្នាំ។  ការគេងនៅទីនោះ  មានភាពសប្បាយរីករាយ  នៅរដូវក្តៅ តែត្រជាក់ខ្លាំង នៅរដូវរងា។

ខ្ញុំនៅចាំថា ដោយសារអាកាសធាតុត្រជាក់ពេក ពេលខ្ញុំចេញពីបន្ទប់ទទួលភ្ញៀវដែលមានភាពកក់ក្តៅ ចូលទៅក្នុងវេរ៉ង់ដាម្តងៗ ខ្ញុំត្រូវរត់ ឬដើរជំទើតចុងជើងឲ្យលឿន ពីលើរនាបឈើដ៏ត្រជាក់ ដោយជើងទទេ ហើយលោតទៅលើគ្រែគេង និងកប់ខ្លួននៅក្រោមគំនរភួយ។ បន្ទាប់មក ពេលដែលមានទឹកកក់ធ្លាក់ ឬមានភ្លៀងធ្លាក់លាយទឹកកក ឬមួយព្រឹលធ្លាក់មកលើផ្ទះរបស់យើង ហើយខ្យល់បក់ថ្ងួចថ្ងូរខាងក្រោមដំបូលផ្ទះ ដូចសម្លេងសត្វឆ្កែចចកមួយហ្វូងកំពុងលូ  ខ្ញុំក៏បានសង្ងំនៅក្នុងជម្រកដ៏សុខសាន្តនោះ។  ម្តាយខ្ញុំធ្លាប់និយាយថា ខ្ញុំបានចូលសម្ងំ ដូចសត្វល្អិតជ្រកក្រោមកម្រាលព្រំ។ ត្រង់ចំណុចនេះ តើមានក្មេងណា ដែលមានអារម្មណ៍ថាកក់ក្តៅ និងមានសុវត្ថិភាពដូចនេះទេ។

សព្វថ្ងៃនេះ ខ្ញុំដឹងថា ខ្ញុំអាចរកឃើញសុវត្ថិភាពដ៏ប្រសើរបំផុត នៅក្នុងព្រះ។…