គេបានបង់ថ្លៃជំនួសហើយ
មានពេលមួយ លោកហ្សៀល(Zeal) ដែលជាអ្នកធ្វើជំនួញ នៅប្រទេសនីហ្សេរីយ៉ា បានទៅសួរសុខទុក្ខយុវជនម្នាក់ ដែលកំពុងសម្រាកព្យាបាលក្នុងមន្ទីរពេទ្យ នៅទីក្រុងឡូហ្កូស បន្ទាប់ពីត្រូវគេបាញ់ចំភ្លៅ។ ពេលដែលយុវជនរូបនេះមានភាពធូរស្បើយល្មមនឹងវិលត្រឡប់ទៅផ្ទះវិញ គេមិនបានអនុញ្ញាតឲ្យគាត់ចេញពីពេទ្យឡើយ ទាល់តែគាត់បានបង់ថ្លៃពេទ្យជាមុនសិន។ នេះជាគោលនយោបាយ ដែលមន្ទីរពេទ្យរដ្ឋជាច្រើន ក្នុងតំបន់នេះបានអនុវត្តតាម។ បន្ទាប់ពីលោកហ្សៀលបានប្រឹក្សាយោបលជាមួយអ្នកធ្វើការមនុស្សធម៌ម្នាក់ហើយ គាត់ក៏បានបង់ថ្លៃពេទ្យទាំងអស់ឲ្យយុវជននោះ ជាលក្ខណៈអនាមិក ដោយប្រើមូលនិធិមនុស្សធម៌ ដែលគាត់បានរៃអង្គាសបានកាលពីពេលកន្លងមក។ គាត់ធ្វើដូចនេះ គឺដើម្បីបង្ហាញសេចក្តីជំនឿរបស់គាត់ ដែលជាគ្រីស្ទបរិស័ទ។ គាត់ក៏សង្ឃឹមផងដែរថា អ្នកដែលបានទទួលអំណោយសប្បុរសធម៌នេះ នឹងជួយយកអសារអ្នកដទៃ នៅថ្ងៃក្រោយផងដែរ។
ក្នុងព្រះគម្ពីរទាំងមូល មានខគម្ពីរជាច្រើន ដែលបានចែងអំពីការធ្វើអំណោយដល់អ្នកដទៃ ដោយប្រើធនធានដែលព្រះទ្រង់ប្រទាន។ ឧទាហរណ៍ កាលលោកម៉ូសេបង្រៀនពួកអ៊ីស្រាអែល អំពីរបៀបរស់នៅក្នុងទឹកដីសន្យា គាត់បានប្រាប់ពួកគេឲ្យថ្វាយទៅព្រះជាម្ចាស់ ជាទីមួយ (មើលចោទិយកថា ២៦:១-៣) ហើយត្រូវទំនុកបម្រុងដល់អ្នកខ្វះខាត ដែលជាជនបរទេស ក្មេងកំព្រា និងស្រ្តីមេម៉ាយ(ខ.១២)។ ដោយសារពួកគេកំពុងតែរស់នៅ ក្នុងទឹកដីដែល “មានទឹកដោះ និងទឹកឃ្មុំហូរហៀរ”(ខ.១៥) នោះពួកគេត្រូវបង្ហាញចេញនូវសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់ ដល់អ្នកទាល់ក្រ។
យើងក៏អាចនាំឲ្យគេស្គាល់សេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់ តាមរយៈការចែករំលែកធនធានរបស់យើង ទោះតិចឬច្រើនក្តី។ យើងប្រហែលជាមិនមានឱកាសចែករំលែកធនធានដោយផ្ទាល់ ដូចលោកហ្សៀលទេ ប៉ុន្តែ យើងអាចទូលសូមឲ្យព្រះជាម្ចាស់បង្ហាញ ឲ្យយើងដឹង អំពីរបៀបចែករំលែក ឬដឹងថា នរណាខ្លះកំពុងត្រូវការជំនួយយើង។—AMY BOUCHER PYE
សេចក្តីសន្យាតាំងពីសម័យបុរាណ
កាលពីឆ្នាំ១៩៧៩ លោកបណ្ឌិត គេប្រៀល បាខេយ(Gabriel Barkay) និងក្រុមការងាររបស់គាត់ បានរកឃើញក្រាំងប្រាក់ពីរ ក្នុងទីបញ្ចុះសពមួយ នៅក្រៅទីក្រុងយេរូសាឡិម ដែលជាទីក្រុងដ៏ចំណាស់។ ក្នុងឆ្នាំ២០០៤ បន្ទាប់ពីការស្រាវជ្រាវយ៉ាងម៉ត់ចត់ អស់២៥ឆ្នាំ អ្នកជំនាញបានបញ្ជាក់ថា នៅក្នុងក្រាំងនោះ មានអត្ថបទព្រះគម្ពីរដែលមានចំណាស់បំផុត ដែលគេបានកប់ទុកក្នុងឆ្នាំ៦០០ មុនគ្រីស្ទសករាជ។ អ្វីដែលខ្ញុំចាប់អារម្មណ៍បំផុតនោះ គឺក្រាំងទាំងនោះមានកត់ទុកនូវសេចក្តីអធិស្ឋានសូមព្រះពររបស់ពួកសង្ឃ ដែលព្រះជាម្ចាស់សព្វព្រះទ័យឲ្យពួកគេថ្លែងទៅកាន់រាស្រ្តរបស់ព្រះអង្គថា “សូមឲ្យព្រះយេហូវ៉ាប្រទានពរ ហើយរក្សាឯង សូមឲ្យព្រះយេហូវ៉ាធ្វើឲ្យព្រះភក្ត្រទ្រង់ភ្លឺមកដល់ឯង ព្រមទាំងផ្តល់ព្រះគុណដល់ឯងផង”(ជនគណនា ៦:២៤-២៥)។
ត្រង់ចំណុចនេះ ព្រះជាម្ចាស់បានបង្ហាញលោកអើរ៉ុន និងពួកកូនប្រុសរបស់គាត់(តាមរយៈលោកម៉ូសេ) អំពីរបៀបអធិស្ឋានសូមព្រះពរ សម្រាប់រាស្រ្តព្រះអង្គ ក្នុងនាមជាតំណាងរបស់ព្រះអង្គ។ អ្នកដឹកនាំទាំងនេះ ត្រូវទន្ទេញឲ្យចាំពាក្យពេចន៍ទាំងអស់ ដែលព្រះអង្គប្រាប់ឲ្យថ្លែងទៅកាន់ពួកបណ្តាជនតាមបំណងព្រះទ័យព្រះអង្គ។ សូមចាំថា ពាក្យពេចន៍ក្នុងបទគម្ពីរនេះ បានសង្កត់ធ្ងន់ថា ព្រះជាម្ចាស់ជាអ្នកប្រទានព្រះពរ ព្រោះបទគម្ពីរនេះបានប្រើពាក្យ “ព្រះយេហូវ៉ា” បីដង ហើយប្រើពាក្យ “ឯង”៦ដង គឺបានឆ្លុះបញ្ចាំងថា ព្រះជាម្ចាស់សព្វព្រះទ័យឲ្យរាស្រ្តព្រះអង្គទទួលសេចក្តីស្រឡាញ់ និងជំនួយមកពីព្រះអង្គ។
ចូរយើងចំណាយពេលបន្តិច ដើម្បីជញ្ជឹងគិត អំពីបទគម្ពីរនេះ ដែលបានប្រាប់យើងថា ព្រះជាម្ចាស់សព្វព្រះទ័យនឹងប្រទានពរយើង។ បទគម្ពីរនេះក៏បានរំឭកយើង អំពីសេចក្តីស្រឡាញ់ដែលគ្មានព្រំដែនរបស់ព្រះជាម្ចាស់ និងរំឭកយើងថា ព្រះអង្គសព្វព្រះទ័យនឹងមានទំនាក់ទំនងជាមួយយើងខ្លាំងប៉ុណ្ណា។ បើអ្នកមានអារម្មណ៍ថា អ្នកកំពុងតែដាច់ឆ្ងាញពីព្រះអង្គនៅថ្ងៃនេះ នោះចូរតោងឲ្យជាប់សេចក្តីសន្យា ដែលមានចែងក្នុងបទគម្ពីរដ៏បុរាណនេះ។…
ការបង្ហាញចេញនូវព្រះគុណ
ថ្មីៗនេះ ភរិយារបស់លោកគ្រូគង្វាល អេរិក ហ្វ៊ីតជើរ៉ល(Erik Fitzgerald) បានបាត់បង់ជីវិត នៅក្នុងគ្រោះថ្នាក់ចរាចរណ៍ ដែលបណ្តាលមកពីអ្នកពន្លត់អគ្គីភ័យម្នាក់ងោកងុយ ដោយភាពហត់នឿយយ៉ាងខ្លាំង ពេលបើកបរត្រឡប់មកផ្ទះវិញ ហើយតុលាការចង់ដឹងថា តើគាត់ចង់ឲ្យបុរសនោះទទួលទោសឲ្យបានធ្ងន់បំផុតឬយ៉ាងណា? លោកគ្រូគង្វាលក៏បានសម្រេចចិត្តសម្តែងចេញនូវការអត់ឱនទោស គឺដូចដែលគាត់បាននិយាយ នៅក្នុងការអធិប្បាយជាញឹកញាប់ អំពីការអត់ឱនទោស។ ពិតជាគួរឲ្យភ្ញាក់ផ្អើលណាស់ ទីបំផុត បុរសទំាងពីរក៏បានរាប់អានគ្នាជាមិត្តភក្តិ។ ក្រោយមក គាត់ក៏បានមានប្រសាសន៍ថា “នៅពេលដែលមានសោកនាដកម្ម ឬរឿងដ៏ឈឺចាប់កើតឡើង គឺយើងមានឱកាសសម្រេចចិត្តថា យើងនឹងបង្ហាញចេញនូវព្រះគុណព្រះ ឬយើងសងសឹកគេ”។
លោកគ្រូគង្វាលអេរីក បានបង្ហាញចេញនូវព្រះគុណ ដែលគាត់បានទទួលពីព្រះជាម្ចាស់ ដែលទ្រង់បានអត់ទោសអំពើបាបរបស់គាត់ទាំងអស់។ គំរូដ៏ល្អរបស់គាត់ បានធ្វើឲ្យខ្ញុំនឹកចាំអំពីពាក្យពេចន៍របស់ហោរាមីកា ដែលបានសរសើរដំកើងព្រះ សម្រាប់ការអត់ទោសបាបឲ្យយើង ពេលដែលយើងបានធ្វើខុសទាស់នឹងទ្រង់(មីកា ៧:១៨)។ ហោរាមីកាបានពាក្យប្រៀបប្រដូច ដើម្បីពិពណ៌នា អំពីរបៀបដែលព្រះជាម្ចាស់អត់ឱនទោសឲ្យរាស្រ្តព្រះអង្គ។ គឺដូចដែលគាត់បានពោលថា “ទ្រង់នឹងមានសេចក្តីអាណិតអាសូរ ដល់យើងរាល់គ្នាទៀត ទ្រង់នឹងកំរាបសេចក្តីទុច្ចរិតរបស់យើង នៅក្រោមព្រះបាទ ហើយនឹងបោះអស់ទាំងអំពើបាបរបស់យើងទៅក្នុងសមុទ្រជ្រៅ”(ខ.១៩)។ នៅថ្ងៃនោះ អ្នកពន្លត់អគ្គីភ័យបានទទួលសេរីភាពរួចពីទោសកំហុស ដែលគាត់បានធ្វើដោយអចេតនា គឺប្រៀបដូចជាការទទួលអំណោយដ៏ពិសេស ដែលនាំឲ្យគាត់ចូលទៅជិតព្រះជាម្ចាស់។
ទោះយើងជួបការលំបាកយ៉ាងណាក៏ដោយ យើងត្រូវដឹងថា ព្រះជាម្ចាស់តែងតែស្វាគមន៍យើង ចូលទៅក្នុងរង្វង់ព្រះពាហុនៃសេចក្តីស្រឡាញ់របស់ព្រះអង្គ ដែលតែងតែបើកចំហរទទួលយើងជានិច្ច។ ព្រះអង្គតែងតែសព្វព្រះទ័យ នឹងបង្ហាញចេញនូវសេចក្តីមេត្តាកុរណាចំពោះយើងជានិច្ច(ខ.១៨)។ កាលណាយើងទទួលសេចក្តីស្រឡាញ់ និងព្រះគុណព្រះអង្គ នោះព្រះអង្គក៏ចម្រើនកម្លាំងយើង…
អំណោយណូអែល នៅក្នុងគុក
កាលពីល្ងាចថ្ងៃណូអែល ឆ្នាំ១៩៤៤ បុរសម្នាក់ ដែលគេបានដាក់រហ័សនាមឲ្យថា “អូល ប្រ៊ីងឃ័រ(Old Brinker)” កំពុងតែដេកឈឺជិតស្លាប់ នៅក្នុងមន្ទីរពេទ្យ នៃមន្ទីរឃុំឃាំងមួយ ដោយរង់ចាំកម្មវិធីបុណ្យណូអែលតូចមួយ ដែលត្រូវបានដឹកនាំ ដោយអ្នកទោសដទៃទៀត នៅក្នុងមន្ទីរឃុំឃាំងម៉ុនតុក នៅកោះស៊ូម៉ាត្រា។ គាត់ក៏បានសួរលោកវីលៀម មែកដូហ្គល(William McDougall) ដែលជាអ្នកទោសដូចគាត់ដែរថា “តើគេនឹងចាប់ផ្តើមច្រៀង នៅពេលណា?”។ លោកវីលៀមក៏បានឆ្លើយថា “បន្តិចទៀត គេចាប់ផ្តើមហើយ”។ បុរសដែលជិតស្លាប់នោះក៏បានតបថា “ល្អណាស់។ ពេលនោះ ខ្ញុំនឹងអាចប្រៀបធៀបក្រុមចម្រៀងនោះ នឹងពួកទេវតានៅស្ថានសួគ៌ បន្ទាប់ពីខ្ញុំស្លាប់ទៅ”។
កាលពីប៉ុន្មានទសវត្សរ៍មុន លោកប្រ៊ីងគ័រ បានឈប់ជឿព្រះ តែនៅថ្ងៃដែលគាត់ជិតស្លាប់ គាត់បានលន់តួបាបរបស់គាត់ ហើយក៏បានរកឃើញសន្តិភាពជាមួយព្រះអង្គ។ លោកវីលៀមក៏បានមានប្រសាសន៍ថា “គាត់មិនបានស្វាគមន៍អ្នកដទៃ ដោយទឹកមុខជូរទេ ផ្ទុយទៅវិញ គាត់បានញញឹមដាក់គេគ្រប់គ្នា។ ជីវិតគាត់បានផ្លាស់ប្រែហើយ”។
លោកប្រ៊ីងឃ័រក៏បានលាចាកលោកទៅ ដោយសន្តិភាព បន្ទាប់ពីក្រុមអ្នកទោសដ៏ស្គមស្គាំងទាំង១១នាក់ បានច្រៀងបទ “យប់ដ៏សុខសាន្ត” តាមសំណូមពររបស់គាត់។ លោកវីលៀមដឹងថា លោកប្រ៊ីងឃ័រ បានដើរតាមព្រះយេស៊ូវឡើងវិញហើយ ហើយគាត់នឹងបានទៅនៅជាមួយព្រះអង្គនៅនគរស្ថានសួគ៌។ លោកវីលៀមក៏បានមានប្រសាសន៍ថា “លោកអូល ប្រ៊ីងឃ័របានទទួលអំណោយដ៏ថ្លៃថ្លាបំផុត នៅថ្ងៃបុណ្យណូអែលឆ្នាំនោះ មុនពេលព្រះអង្គស្វាគមន៍គាត់ ទៅនៅនគរស្ថានសួគ៌”។
លោកប៊្រីងឃ័របានទន្ទឹងរង់ចាំ ការស្លាប់របស់គាត់…
អំណោយមកពីស្ថានលើ
រឿងបុរាណមួយបានដំណាលថា មានបុរសម្នាក់ឈ្មោះនីកូឡាស(Nicholas កើតនៅគ.ស ២៧០) បានឮគេនិយាយថា បុរសជាឪពុកម្នាក់មានភាពទាល់ក្រយ៉ាងខ្លាំង បានជាមិនអាចផ្គត់ផ្គង់អាហារដល់កូនស្រីរបស់ខ្លួនទាំងបីនាក់ ហើយរឹតតែគ្មានលុយសម្រាប់មង្គលការរបស់ពួកគេ នៅពេលអនាគតទៀត។ លោកនីកូឡាសចង់ជួយបុរសជាឪពុកនោះ តែគាត់មិនចង់ឲ្យគេដឹងថា គាត់ជាអ្នកជួយទេ។ គាត់ក៏បានបោះមាសមួយថង់ចូលតាមបង្អូចផ្ទះបុរសនោះ ដែលបើកចំហរ ហើយថង់មាសនោះក៏បានធ្លាក់ចូលទៅក្នុងស្រោមជើង ឬស្បែកជើងដែលបុរសនោះបានសម្ងួតនៅលើកម្រាលឥដ្ឋនៅមុខឡកំដៅក្នុងផ្ទះ។ គេក៏បានហៅសប្បុរសជនរូបនេះថា សេន នីកូឡាស់ ដែលក្រោយមកគេក៏បានប្រើឈ្មោះគាត់ ដើម្បីនិពន្ធរឿងប្រឌិត អំពីលោកសាន់តា ក្លូស ឬតាណូអែល។
ពេលដែលខ្ញុំស្តាប់រឿង ដែលនិយាយអំពីអំណោយ ដែលធ្លាក់ចុះពីលើមក ខ្ញុំក៏បានគិតអំពីព្រះវរបិតា ដែលមានសេចក្តីស្រឡាញ់ និងក្តីអាណឹតចំពោះមនុស្សទាំងអស់ បានជាទ្រង់ប្រទានព្រះរាជបុត្រាទ្រង់ ធ្វើជាអំណោយដ៏ល្អអស្ចារ្យបំផុត តាមរយៈការប្រសូត្រដោយការអស្ចារ្យ។ យោងតាមកណ្ឌគម្ពីរដំណឹងល្អម៉ាថាយ ព្រះយេស៊ូវបានសម្រេចបទទំនាយសញ្ញាចាស់ ដែលបានចែងថា ស្រ្តីព្រហ្មចារីម្នាក់នឹងមានផ្ទៃពោះ ហើយប្រសូត្របានបុត្រាមួយអង្គ ដែលគេនឹងហៅទ្រង់ថា អេម៉ាញូអែល ដែលមានន័យថា “ព្រះគង់ជាមួយយើងខ្ញុំ”(១:២៣)។
បើអំណោយរបស់លោកនីកូឡាសល្អយ៉ាងនេះហើយ តើអំណោយរបស់ព្រះយេស៊ូវមានភាពអស្ចារ្យជាងអម្បាលម្មាន។ ទ្រង់បានយាងចុះពីស្ថានសួគ៌ មកប្រសូត្រជាមនុស្ស ទ្រង់បានសុគត ហើយមានព្រះជន្មរស់ឡើងវិញ ហើយទ្រង់ជាព្រះដែលគង់នៅជាមួយយើង។ ទ្រង់ប្រទានការកម្សាន្តចិត្ត ពេលដែលយើងមានការឈឺចាប់ និងពិបាកចិត្ត។ ទ្រង់លើកទឹកចិត្តយើង ពេលដែលយើងបាក់ទឹកចិត្ត។ ទ្រង់បង្ហាញសេចក្តីពិតដល់យើង ដើម្បីកុំឲ្យយើងចាញ់ការបោកបញ្ឆោត។—AMY BOUCHER PYE
ស្វែងរកជម្រកក្នុងពេលព្យុះភ្លៀង
មានរឿងមួយដំណាលថា កាលពីឆ្នាំ ១៧៦៣ អ្នកបម្រើព្រះវ័យក្មេងម្នាក់ បានធ្វើដំណើរតាមផ្លូវ នៅលើជ្រោះមួយ ក្នុងខេត្តសូមើសេត ប្រទេសអង់គ្លេស។ គាត់ក៏បានប្រញាប់ចូលទៅក្នុងរូងភ្នំមួយ ដើម្បីរត់គេចពីផ្លេកបន្ទោរ និងភ្លៀងដែលកំពុងធ្លាក់ជោគជាំ។ ពេលដែលគាត់មើលពីលើជ្រោះនោះ ឃើញជ្រលងភ្នំសេដា ជច នៅក្បែរភូមិសេដា គាត់ក៏បានជញ្ជឹងគិតអំពីអំណោយដែលព្រះទ្រង់បានប្រទាន ដោយឲ្យគាត់រកឃើញជម្រក និងសន្តិភាពក្នុងទ្រង់។ គាត់ក៏បានរង់ចំានៅទីនោះ ដោយចាប់ផ្តើមនិពន្ធបទចម្រៀងទំនុកដំកើង ដែលមានចំណងជើងថា “ព្រះយេស៊ូវទ្រង់ប្រោសយើងហើយ”(បទទំនុកដំកើង លេខ១២) ដោយសរសេរនៅឃ្លាខាងដើមថា “ព្រះយេស៊ូវទ្រង់ប្រោសលោះយើងហើយ សូមជ្រកនៅទ្រង់ ឥតឃ្លាតឡើយ”។
អ្នកបម្រើវ័យក្មេងនោះ មានឈ្មោះថា អូគូសទ័ស ថូផ្លាឌី(Augustus Toplady)។ យើងមិនដឹងថា ពេលដែលគាត់បាននិពន្ធចម្រៀងទំនុកដំកើងនេះ គាត់បានគិតអំពីរឿងដែលលោកម៉ូសេបានជួប នៅក្នុងរូងភ្នំ ឬយ៉ាងណាទេ(និក្ខមនំ ៣៣:២២) ប៉ុន្តែ គាត់ប្រហែលជាបានគិតអំពី។ កណ្ឌគម្ពីរនិក្ខមនំបានចែងអំពីការដែលលោកម៉ូសេស្វែងរកការធានា និងការឆ្លើយតបរបស់ព្រះជាម្ចាស់ នៅក្នុងរូងភ្នំ។ ពេលដែលលោកម៉ូសេទូលសូមព្រះជាម្ចាស់បើកបង្ហាញសិរីល្អរបស់ទ្រង់ ឲ្យគាត់បានឃើញ ទ្រង់ក៏បានឆ្លើយតប ដោយព្រះទ័យសណ្តោសថា មនុស្សដែលបានឃើញទ្រង់ នឹងត្រូវស្លាប់មិនខាន(ខ.២០)។ ទ្រង់ក៏បានដាក់គាត់នៅក្នុងក្រហែងថ្មមួយ រួចទ្រង់ក៏បានយាងកាត់ពីមុខគាត់ ហើយគាត់មើលឃើញតែខ្នងទ្រង់ប៉ុណ្ណោះ។ ពេលនោះ លោកម៉ូសេក៏បានដឹងថា ព្រះជាម្ចាស់គង់នៅជាមួយគាត់។
យើងក៏អាចទុកចិត្តផងដែរថា យើងអាចរកឃើញការជ្រកកោននៅក្នុងទ្រង់ គឺដូចដែលទ្រង់បានមានបន្ទូលមកលោកម៉ូសេថា ព្រះវត្តមានទ្រង់ នឹងយាងទៅជាមួយគាត់ជានិច្ច(ខ.១៤)។…
ហាក់ដូចជាគ្មានអ្វីប្លែក
ពេលខ្ញុំគយគន់ទេសភាពភ្នំទាបៗពណ៌បៃតង ក្នុងខេត្តលែនខាសៀរ នៅភាគខាងជើងនៃប្រទេសអង់គ្លេស ខ្ញុំក៏បានសង្កេតឃើញរបងថ្ម ដែលហ៊ុមព័ទ្ធសត្វចៀមមួយចំនួន ដែលនៅរប៉ាត់រប៉ាយ នៅតំបន់ភ្នំទៀបៗនោះ។ ពេលនោះ ពពកមូលៗកំពុងតែរសាត់នៅលើផ្ទៃមេឃភ្លឺស្រឡះ ហើយខ្ញុំក៏បានដកដង្ហើមចូលឲ្យបានជ្រៅ ដោយជក់ចិត្តនឹងទស្សនីយភាពនេះ។ ពេលដែលខ្ញុំនិយាយសរសើរទេសភាពដ៏ស្រស់ស្អាតនេះ ឲ្យស្រ្តីម្នាក់ស្តាប់ ដែលគាត់កំពុងតែធ្វើការ នៅក្នុងមជ្ឈមណ្ឌលលំហែរកាយមួយ ដែលខ្ញុំកំពុងតែចូលសួរសុខទុក្ខ គាត់ក៏បានប្រាប់ខ្ញុំថា គាត់មិនដែលកត់សំគាល់ អំពីរឿងនេះទេ គឺមានតែភ្ញៀវដែលមកកន្លែងគាត់ប៉ុណ្ណោះ ដែលនិយាយប្រាប់គាត់ពីរឿងនេះ។ ពួកគាត់រស់នៅទីនេះអស់ជាច្រើនឆ្នាំហើយ ហើយពួកគាត់ជាកសិករ ទេសភាពដ៏ស្រស់ស្អាតនោះ គ្រាន់តែជាការិយាល័យរបស់គាត់ប៉ុណ្ណោះ។
រឿងនេះបានបង្រៀនខ្ញុំថា យើងងាយនឹងមើលរំលងអំណោយដែលនៅពីមុខយើង ជាពិសេសសម្រស់ ដែលជាផ្នែកមួយនៃជីវិតប្រចាំថ្ងៃរបស់យើង។ យើងក៏ងាយនឹងមើលរំលេងការដ៏ប្រសើរ ដែលព្រះជាម្ចាស់បានធ្វើ នៅក្នុង និងនៅជុំវិញខ្លួនយើង ជារៀងរាល់ថ្ងៃ។ ប៉ុន្តែ យើងដែលជាអ្នកជឿព្រះយេស៊ូវ អាចសូមឲ្យព្រះវិញ្ញាណព្រះ បើកភ្នែកខាងវិញ្ញាណយើង ដើម្បីឲ្យយើងអាចដឹងថា ទ្រង់កំពុងតែធ្វើការទ្រង់។ សាវ័កប៉ុលបានសរសេរអំពីរឿងនេះ ក្នុងសំបុត្រផ្ញើទៅពួកជំនុំ នៅក្រុងអេភេសូរ។ សាវ័កប៉ុលចង់ឲ្យព្រះទ្រង់ប្រទានពួកគេ នូវប្រាជ្ញា និងការបើកសម្តែង ឲ្យបានស្គាល់ទ្រង់កាន់តែច្បាស់(អេភេសូរ ១:១៧)។ គាត់បានអធិស្ឋានសូមឲ្យចិត្តពួកគេបានភ្លឺឡើង ដើម្បីឲ្យពួកគេបានស្គាល់សេចក្តីសង្ឃឹមរបស់ព្រះ អនាគតដែលទ្រង់បានសន្យា និងអំណាចចេស្តាទ្រង់(ខ.១៨-១៩)។
ព្រះវិញ្ញាណនៃព្រះ ដែលជាអំណោយដែលទ្រង់ប្រទាន អាចធ្វើឲ្យយើងនឹកចាំ អំពីកិច្ចការដែលទ្រង់ធ្វើក្នុងយើង និងតាមរយៈយើង។ មានទីកន្លែងជាច្រើន ដែលហាក់ដូចជាគ្មានអ្វីដែលគួរឲ្យកត់សំគាល់ តែដោយសារយើងមានទ្រង់…
តើអ្នកនៅជាប់នឹងដើមទេ?
ក្នុងរដូវផ្ការីក បន្ទាប់ពីរដូវរងាដ៏គួរឲ្យធុញថប់បានកន្លងផុតទៅ អ្នកស្រីអេម៉ាបានជួយថែទាំសមាជិកគ្រួសារម្នាក់ ដែលកំពុងមានជម្ងឺជាយូរមកហើយ។ ពេលនោះ គាត់បានរកឃើញការលើកទឹកចិត្ត រៀងរាល់ពេលដែលគាត់ដើរកាត់តាមដើមសេរីហ្សមួយដើម នៅក្បែរផ្ទះគាត់ ក្នុងក្រុងខេមប្រីជ ប្រទេសអង់គ្លេស។ ដើមសេរីហ្សនោះបានចេញផ្កាពណ៌ស៊ីជំពូរីកស្គុះស្គាយ ដោយមានផ្កាពណ៌សនៅចុងរបស់វា។ អ្នកថែសួនដ៏ឆ្លាតវ័យម្នាក់បានយកមែកដែលមានផ្កាពណ៌ស មកបំបៅជាប់នឹងដើមមួយនេះ ។ ពេលដែលអ្នកស្រីអេម៉ាដើរកាត់តាមដើមសេរីហ្សដ៏ចម្លែកមួយនេះ គាត់ក៏បានគិតអំពីព្រះបន្ទូលព្រះយេស៊ូវ ដែលនិយាយអំពីព្រះអង្គទ្រង់ ដែលជាដើម និងអ្នកដើរតាមទ្រង់ ដែលជាខ្នែង(យ៉ូហាន ១៥:១-៨)។
នៅគ្រាសញ្ញាចាស់ ដើមទំពាំងបាយជូរជានិមិត្តរូបតំណាងឲ្យរាស្រ្តរបស់ព្រះ(ទំនុកដំកើង ៨០:៨-៩ និង ហូសេ ១០:១)។ ប៉ុន្តែ នៅគ្រាសញ្ញាថ្មីព្រះយេស៊ូវប្រើនិមិត្តរូបនេះ ជាតំណាងឲ្យព្រះអង្គទ្រង់ ដោយមានបន្ទូលថា ទ្រង់ជាដើមទំពាំងបាយជូរ ហើយអ្នកដើរតាមទ្រង់ ជាខ្នែង ឬមែកដែលត្រូវបានបំបៅជាប់នឹងទ្រង់។ ហើយដរាបណាពួកគេនៅជាប់នឹងទ្រង់ ដោយទទួលជីវជាតិ និងកម្លាំងពីទ្រង់ ពួកគេនឹងបង្កើតផលផ្លែ(យ៉ូហាន ១៥:៥)។
ខណៈពេលដែលអ្នកស្រីអេម៉ាកំពុងតែជួយថែទាំសមាជិកគ្រួសារដែលមានជម្ងឺ គាត់ត្រូវការការរំឭកថា គាត់កំពុងតែនៅជាប់នឹងព្រះយេស៊ូវ។ ពេលដែលគាត់ឃើញមែកដែលមានផ្កាពណ៌ស នៅជាប់នឹងដើមដែលមានផ្កាពណ៌ស៊ីជម្ពូរ គាត់ក៏បាននឹកចាំ អំពីសេចក្តីពិតដែលថា គាត់នៅជាប់នឹងដើម ដូចនេះ គាត់បានទទួលជីវជាតិពីព្រះអង្គ។
ជំនឿរបស់យើងកាន់តែរឹងមាំ និងមានការចម្រើនឡើង ពេលដែលយើងជាអ្នកជឿព្រះយេស៊ូវ ប្រកាន់ខ្ជាប់នូវជំនឿថា យើងជាខ្នែង ដែលត្រូវនៅជាប់នឹងទ្រង់ ដែលជាដើម។—AMY BOUCHER PYE
តើជីវិតអ្នកបានផ្លាស់ប្រែយ៉ាងដូចម្តេច?
លោកស្ទីហ្វិន(Stephen) បានចម្រើនវ័យធំឡើង ក្នុងតំបន់ដ៏អាក្រក់ នៅក្នុងផ្នែកខាងកើតនៃទីក្រុងឡុង ហើយគាត់ក៏បានធ្លាក់ខ្លួនចូលទៅក្នុងអំពើឧក្រឹដ្ឋ ពេលដែលគាត់មានអាយុ១០ឆ្នាំ។ គាត់ថា ពេលដែលគាត់ឃើញគេលក់គ្រឿងញៀន ឬលួចប្លន់ ឬក៏ក្លែងបន្លំ គាត់ក៏បានទៅចូលរួមជាមួយគេ ព្រោះវាជារឿងធម្មតាទៅហើយ។ ប៉ុន្តែ ពេលដែលគាត់មានអាយុ២០ឆ្នាំ គាត់ក៏មានសុបិន្តមួយ ដែលបានធ្វើឲ្យជីវិតគាត់ផ្លាស់ប្តូរ។ គាត់ថា “ក្នុងសុបិន្តនោះ គាត់ឮព្រះជាម្ចាស់មានបន្ទូលថា គាត់ត្រូវទៅសារភាព ព្រោះគាត់បានសម្លាប់មនុស្ស”។ ការយល់សប្តិនេះ គឺជាការព្រមាន ហើយគាត់ក៏បានងាកមករកព្រះយេស៊ូវ ហើយក៏បានទទួលជឿទ្រង់ជាព្រះសង្រ្គោះ។ ព្រះវិញ្ញាណបរិសុទ្ធក៏បានកែប្រែជីវិតគាត់។
លោកស្ទីហ្វិនក៏បានបើកអង្គការមួយ ដែលបង្រៀនក្មេងៗក្រីក្រ ក្នុងទីក្រុង អំពីការលត់ដំ សីលធម៌ និងការគោរព តាមរយៈការលេងកីឡា។ គាត់ក៏បានសរសើរដំកើងព្រះជាម្ចាស់ សម្រាប់ជោគជ័យដែលគាត់ទទួលបាន ខណៈពេលដែលគាត់បានអធិស្ឋាន និងបង្រៀនក្មេងៗទំាងនោះ។ គាត់ថា គាត់កំពុងតែនាំក្មេងៗទាំងនោះ ឲ្យមានក្តីស្រមៃដ៏ត្រឹមត្រូវឡើងវិញ។
កាលណាយើងស្វែងរកព្រះទ័យព្រះ ហើយលះចោលអតីតកាលរបស់យើង គឺមានន័យថា យើងបានអនុវត្តតាមការបង្រៀនរបស់សាវ័កប៉ុល ដែលបានបង្គាប់ពួកជំនុំនៅទីក្រុងអេភេសូរ ឲ្យឱបក្រសោបយកជីវិតថ្មី។ ទោះជីវិតចាស់របស់យើង តែងតែខូចទៅ តាមសេចក្តីប៉ងប្រាថ្នារបស់សេចក្តីឆបោកមែន ជារៀងរាល់ថ្ងៃ យើងអាចខិតខំ “ប្រដាប់ខ្លួនដោយមនុស្សថ្មី” ដែលត្រូវបានបង្កើតមក តាមភាពព្រះ(អេភេសូរ ៤:២២,២៤)។ គ្រីស្ទបរិស័ទទាំងអស់ចាំបាច់ត្រូវឱបក្រសោបយកការផ្លាស់ប្រែ ដែលត្រូវបន្តទៅមុខ ដោយយើងត្រូវសូមព្រះជាម្ចាស់ ជួយយើងឲ្យមានលក្ខណៈកាន់តែដូចព្រះអង្គ តាមរយៈព្រះវិញ្ញាណបរិសុទ្ធ។…
អត់ធ្មត់ដើម្បីព្រះជាម្ចាស់
អ្នកដែលបានចម្រើនវ័យធំឡើងក្នុងភូមិមួយ នៅប្រទេសអង់គ្លេស ជាមួយលោកវីលៀម ខារេយ(William Carey ឆ្នាំ១៧៦១ ដល់ ១៨៣៤) ប្រហែលជាបានគិតថា គាត់នឹងមិនអាចសម្រេចកិច្ចការអ្វីច្រើនទេ ប៉ុន្តែ សព្វថ្ងៃនេះ គាត់ត្រូវបានគេស្គាល់ថា ជាបិតានៃបេសកកម្ម ក្នុងសម័យទំនើប។ ឪពុកម្តាយគាត់ គឺជាជាងតម្បាញ ហើយគាត់ក៏បានក្លាយជាគ្រូបង្រៀន និងជាងដេរស្បែកជើង ដែលមិនសូវមានជោគជ័យប៉ុន្មានទេ ខណៈពេលដែលគាត់កំពុងរៀនភាសាក្រិក ហេព្រើរ និងឡាតំាងដោយខ្លួនឯង។ ជាច្រើនឆ្នាំក្រោយមក គាត់ក៏បានសម្រេចក្តីស្រមៃរបស់គាត់ ដែលចង់ក្លាយជាបេសកជននៅប្រទេសឥណ្ឌា។ ប៉ុន្តែ គាត់បានប្រឈមមុខនឹងទុក្ខលំបាកជាច្រើន ដែលក្នុងនោះរួមមាន កូនរបស់គាត់បានបាត់បង់ជីវិត ភរិយាគាត់មានជម្ងឺផ្លូវចិត្ត ហើយគាត់មិនបានទទួលការឆ្លើយតប អស់ជាច្រើនឆ្នាំ ពីអ្នកដែលគាត់បានធ្វើការបម្រើ។
តើមានអ្វីដែលជួយឲ្យគាត់បន្តធ្វើការងារបម្រើព្រះ ក្នុងពេលដែលមានទុក្ខលំបាក ខណៈពេលដែលគាត់បានបកប្រែព្រះគម្ពីរទាំងមូល បានប្រាំមួយភាសា ហើយបានបកប្រែផ្នែកខ្លះនៃព្រះគម្ពីរ បាន២៩ភាសាផ្សេងទៀត? គាត់បានមានប្រសាសន៍ថា គាត់អាចអត់ធ្មត់ នៅក្នុងការងារនីមួយៗ ដែលគាត់ខិតខំធ្វើថ្វាយព្រះជាម្ចាស់។ គាត់បានប្តេជ្ញាចិត្តបម្រើព្រះជាម្ចាស់ ទោះគាត់បានជួបប្រទះទុក្ខលំបាកយ៉ាងណាក៏ដោយ។
ការប្តូរផ្តាច់របស់គាត់ ចំពោះព្រះគ្រីស្ទ បានធ្វើឲ្យខ្ញុំនឹកចាំ អំពីការបង្រៀនក្នុងព្រះគម្ពីរហេព្រើរ។ អ្នកនិពន្ធកណ្ឌហេព្រើរបានដាស់តឿនអ្នកអានសំបុត្ររបស់គាត់ កុំឲ្យ “ខ្ជិល”(ហេព្រើរ ៦:១២) ប៉ុន្តែ ត្រូវបង្ហាញចេញនូវចិត្តឧស្សាហ៍ដល់ទីបញ្ចប់(ខ.១១) ដើម្បីថ្វាយសិរីល្អដល់ព្រះ។ គាត់ក៏បានធានាពួកគេថា ព្រះជាម្ចាស់ នឹងមិនភ្លេចការដែលពួកគេបានធ្វើ…