ចូរចូលមករកព្រះយេស៊ូវ
កាលព្រះយេស៊ូវកំពុងមានព្រះជន្មគង់នៅ ក្នុងលោកិយនេះ ទ្រង់បានត្រាស់ហៅមនុស្សជាច្រើន ឲ្យចូលមករកទ្រង់ ហើយសព្វថ្ងៃនេះ ទ្រង់នៅតែបន្តត្រាស់ហៅមនុស្សជាច្រើនទៀត(យ៉ូហាន ៦:៣៥)។ តើព្រះយេស៊ូវ និងព្រះវរបិតានៃទ្រង់ដែលគង់នៅស្ថានសួគ៌ មានអ្វីខ្លះដែលយើងត្រូវការ? អ្វីដែលយើងត្រូវការនោះ មានដូចតទៅ
សេចក្តីសង្រ្គោះ : ព្រះយេស៊ូវជាផ្លូវតែមួយ សម្រាប់ឲ្យយើងទទួលការអត់ទោសបាប និងទទួលសេចក្តីសន្យាថា យើងនឹងបានទៅនៅនគរស្ថានសួគ៌។ គឺដូចមានសេចក្តីចែងថា “អស់អ្នកដែលទទួលជឿទ្រង់ មិនត្រូវវិនាសឡើយ គឺឲ្យមានជីវិតអស់កល្បជានិច្ចវិញ”(យ៉ូហាន ៣:១៥)។
គោលបំណង : យើងត្រូវថ្វាយចិត្ត វិញ្ញាណ គំនិត និងកម្លាំងរបស់យើង ដល់ព្រះយេស៊ូវ ដើម្បីដើរតាមទ្រង់។ គឺដូចដែលទ្រង់បានមានបន្ទូលថា “អ្នកណាដែលចង់មកតាមខ្ញុំ ត្រូវឲ្យអ្នកនោះលះកាត់ចិត្តខ្លួនឯងចោល ទាំងផ្ទុកឈើឆ្កាងខ្លួនមកតាមខ្ញុំចុះ”(ម៉ាកុស ៨:៣៤)។
ការកម្សាន្តចិត្ត : ពេលមានការពិបាក ឬទុក្ខព្រួយ “ព្រះវរបិតាដ៏មានសេចក្តីមេត្តាករុណា ជាព្រះដ៏កំសាន្តចិត្តគ្រប់ជំពូក ដែលទ្រង់កំសាន្តចិត្តយើងរាល់គ្នា ក្នុងគ្រប់ទាំងសេចក្តីវេទនា”(២កូរិនថូស ១:៣-៤)។
ប្រាជ្ញា : យើងត្រូវការប្រាជ្ញាមកពីព្រះ ដើម្បីធ្វើការសម្រេចចិត្តឲ្យបានត្រឹមត្រូវ។ “តែបើអ្នករាល់គ្នាណាមួយខ្វះប្រាជ្ញា មានតែសូមដល់ព្រះ …នោះទ្រង់នឹងប្រទានឲ្យ”(យ៉ាកុប ១:៥)។
កម្លាំង : ពេលយើងអស់កម្លាំង “ព្រះអម្ចាស់ទ្រង់នឹងចំរើនកំឡាំងដល់រាស្ត្រទ្រង់”(ទំនុកដំកើង ២៩:១១)។
ជីវិតពេញបរិបូរ…
សិលាចារិករបស់ស្តេចស៊ីរូស
ក្នុងឆ្នាំ ១៨៧៩ ក្រុមបុរាណវត្ថុវិទូ បានរកឃើញវត្ថុតូចមួយ ដែលមានលក្ខណៈដ៏គួរឲ្យកត់សម្គាល់ ក្នុងតំបន់មួយ ដែលសព្វថ្ងៃ នេះគេហៅថា ប្រទេសអ៊ីរ៉ាក់(ក្នុងសម័យសញ្ញាចាស់ គេហៅថា ចក្រភពបាប៊ីឡូន)។ គេបានដាក់ឈ្មោះសិលាចារិក ដែលមានប្រវែងប្រហែល ២២សង់ទីម៉ែត្រនោះថា Cyrus Cylinder(ប្រែមកថាស៊ីឡាំង របស់ស្តេចស៊ីរូស)។ សិលាចារិកនោះបានកត់ត្រាអំពីការអ្វី ដែលស្តេចស៊ីរូស នៃចក្រភពពើរស៊ីបានធ្វើកាលពី ២៥០០ឆ្នាំមុន។ សិលាចារិកនោះបានចែងថា ស្តេចស៊ីរូសបានអនុញ្ញាតឲ្យមនុស្សមួយក្រុម វិលត្រឡប់ទៅស្រុកកំណើតរបស់ខ្លួន ដើម្បីកសាង “ទីក្រុងបរិសុទ្ធ”របស់ខ្លួនឡើងវិញ។
រឿងនេះក៏មានចែង នៅក្នុងបទគម្ពីរ អែសរ៉ា ជំពូក១ផងដែរ។ គឺដូចមានសេចក្តីចែងថា “ព្រះយេហូវ៉ាទ្រង់បណ្តាលព្រះទ័យស៊ីរូស ជាស្តេចពើស៊ី ឲ្យទ្រង់បានចេញព្រះរាជឱង្ការ ផ្សាយទៅគ្រប់ក្នុងនគរទ្រង់”(ខ.១)។ ស្តេចស៊ីរូសបានមានបន្ទូលថា ទ្រង់នឹងដោះលែងពួកឈ្លើយសឹក ក្នុងចក្រភពបាប៊ីឡូន ឲ្យវិលត្រឡប់ទៅក្រុងយេរូសាឡិមវិញ ដើម្បីកសាងស្រុកកំណើត និងសង់ព្រះវិហាររបស់ខ្លួនឡើងវិញ(ខ.២-៥)។ ប៉ុន្តែរឿងនេះ មិនទាន់ចប់តែប៉ុណ្ណេះទេ។ ដានីយ៉ែលបានសារភាពអំពើបាបរបស់គាត់ និងអំពើបាបរបស់ប្រជាជនគាត់ ហើយក៏បានទូលអង្វរសូមឲ្យព្រះទ្រង់បញ្ចប់ភាពជាឈ្លើយសឹក ក្នុងចក្រភពបាប៊ីឡូន(ដានីយ៉ែល ៩)។ ព្រះទ្រង់ក៏បានឆ្លើយតប ដោយចាត់ទេវតា ឲ្យយាងចុះមកមានបន្ទូល ទៅកាន់ដានីយ៉ែល(ខ.២១)។ ក្រោយមក ទ្រងក៏បានធ្វើការក្នុងចិត្តស្តេចស៊ីរូស ដើម្បីឲ្យទ្រង់ដោះលែងជនជាតិហេព្រើរ។(មើល យេរមា ២៥:១១-១២ ៣៩:១០)។
សិលាចារិករបស់ស្តេចស៊ីរូស និងព្រះបន្ទូលព្រះសុទ្ធតែបានបង្ហាញយើងថា…
សំបុត្រផ្ញើមកពីសមរភូមិ
អស់រយៈពេលជាង២ទសវត្សរ៍មកហើយ ដែលលោកអេនឌ្រូ ខារ៉ូល(Andrew Carroll) បានជំរុញអ្នកដទៃ កុំឲ្យបោះចោលសំបុត្រ ដែលសមាជិកគ្រួសារ ឬមិត្តភក្តិបានសរសេរផ្ញើមក ក្នុងសម័យសង្រ្គាម។ លោកខារ៉ូល ជានាយកនៃមជ្ឈមណ្ឌល ដើម្បីលិខិតក្នុងសម័យសង្រ្គាមអាមេរិក នៅសកលវិទ្យាល័យឆាបមិន ក្នុងរដ្ឋកាលីហ្វូញ៉ា។ គាត់បានចាត់ទុកសំបុត្រទាំងនោះ ជាចំណងទាក់ទងមិនអាចជំនួសបាន ដែលចងភ្ជាប់ក្រុមគ្រួសារ ហើយនាំឲ្យមានការយោគយល់គ្នា។ លោកខារ៉ូលបានមានប្រសាសន៍ថា “ពេលក្មេងជំនាន់ក្រោយបានអានសំបុត្រទាំងនោះ ពួកគេនឹងមានសំណួរ និងនិយាយថា ពួកគេបានយល់អំពីការពិបាក និងការលះបង់ដែលយើងបានឆ្លងកាត់”។
ពេលសាវ័កប៉ុលកំពុងជាប់ឃុំ ក្នុងមន្ទីរឃុំឃាំង នៅទីក្រុងរ៉ូម គាត់ដឹងថា ជីវិតគាត់នឹងត្រូវអស់ ក្នុងពេលដ៏ខ្លីខាងមុខ បានជាគាត់សរសេរសំបុត្រមួយច្បាប់ ទៅកាន់យុវជនម្នាក់ឈ្មោះ ធីម៉ូថេ ដែលគាត់បានចាត់ទុកជា “កូនក្នុងជំនឿ”។ សាវ័កប៉ុលបានបង្ហាញពីជម្រៅចិត្តរបស់គាត់ ដូចជាទាហានកំពុងនៅសមរភូមិ គឺដូចដែលគាត់ប្រាប់លោកធីម៉ូថេថា “ដ្បិតខ្ញុំកំពុងតែត្រូវច្រួចចេញ ឯពេលវេលាដែលខ្ញុំត្រូវលាទៅ ក៏បានមកដល់ហើយ ខ្ញុំបានតយុទ្ធយ៉ាងល្អ ខ្ញុំបានរត់ប្រណាំងជាស្រេច ខ្ញុំបានរក្សាសេចក្តីជំនឿទៅហើយ ពីនេះទៅមុខ នឹងមានមកុដនៃសេចក្តីសុចរិត បំរុងទុកឲ្យខ្ញុំ ដែលព្រះអម្ចាស់ដ៏ជាចៅក្រមសុចរិត ទ្រង់នឹងប្រទានមកខ្ញុំនៅថ្ងៃនោះ មិនមែនដល់ខ្ញុំតែម្នាក់ប៉ុណ្ណោះ គឺដល់អស់អ្នកណាដែលចូលចិត្តនឹងដំណើរទ្រង់យាងមកវិញនោះដែរ”(២ធីម៉ូថេ ៤:៦-៨)។
ពេលយើងអានសំបុត្រ ក្នុងព្រះគម្ពីរ ដែលវីរៈបុរសនៃជំនឿគ្រីស្ទបរិស័ទ បានបន្សល់ទុកឲ្យយើង ហើយដឹងអំពីទុក្ខលំបាកដែលពួកគេបានទទួលរង ដោយសារសេចក្តីស្រឡាញ់ដែលពួកគេមានចំពោះព្រះគ្រីស្ទ យើងទទួលបាននូវសេចក្តីក្លាហាន ក្នុងការយកគំរូតាមពួកគេ…
ពាក្យសម្តីដែលឆាបឆេះ
នៅភាគខាងជើងនៃប្រទេសហ្កាណា ដែលជាស្រុកកំណើតរបស់ខ្ញុំ ភ្លើងឆេះព្រៃបានកើតឡើងជាទៀងទាត់ ក្នុងរដូវប្រាំង ចាប់ពីខែធ្នូដល់ខែមិនា។ ខ្ញុំបានឃើញផ្ទៃដីរបស់កសិដ្ឋានរាប់ហិចតា ត្រូវភ្លើងឆេះ ដោយសារខ្យល់ដែលបានបក់នាំកំទេចភ្លើងតូចៗ ពីភ្នក់ភ្លើង ឬពីកន្ទុយបារី ដែលអ្នកដំណើរបានចោលនៅតាមផ្លូវ ដោយគ្មានការប្រុងប្រយ័ត្ន។ ផ្កាភ្លើងតែបន្តិច អាចដុតបញ្ឆេះរុក្ខជាតិដែលក្រៀមក្រោះ នៅទីវាល ហើយរាលដាលកើតជាភ្លើងឆេះព្រៃវិនាសហិនហោចបាន។
រឿងនេះបានធ្វើឲ្យខ្ញុំនឹកចាំ អំពីការពិពណ៌នារបស់សាវ័កយ៉ាកុប អំពីអណ្តាតរបស់មនុស្ស ដោយប្រៀបធៀបទៅនឹងផ្កាភ្លើង យ៉ាងដូចនេះថា “អណ្តាតក៏ជាភ្លើងដែរ គឺជាលោកីយ៍ដ៏ពេញដោយសេចក្តីទុច្ចរិត ជាគ្រឿងរាប់បញ្ចូលជា១នឹងអវយវៈឯទៀតរបស់យើង ជារបស់ដែលធ្វើឲ្យរូបកាយទាំងមូលស្មោកគ្រោក ក៏បញ្ឆេះទាំងផ្លូវជីវិតផង ហើយភ្លើងឆេះនោះមកពីស្ថាននរកដែរ”(យ៉ាកុប ៣:៦)។ ការនិយាយខុស ឬការនិយាយដើមពីក្រោយខ្នង ក៏ដូចជាការនិយាយស្តីដោយគ្មានការពិចារណា អាចបំផ្លាញទំនាក់ទំនងបាន។ គឺដូចដែលបទគម្ពីរ សុភាសិត ១២:១៨ បានចែងថា “មានគេដែលពោលពាក្យឥតបើគិត ដូចជាចាក់ដោយដាវ តែសំដីរបស់មនុស្សប្រាជ្ញជាថ្នាំផ្សះវិញ”។ “អណ្តាតមានអំណាចនៃជីវិត និងសេចក្តីស្លាប់”(១៨:២១) គឺមិនខុសពីភ្លើងដែលអាចបំផ្លាញ ហើយក៏អាចមានប្រយោជន៍។
ដើម្បីឲ្យការសន្ទនាឆ្លុះបញ្ចាំងអំពីព្រះវត្តមានព្រះ ក្នុងជីវិតយើង ហើយជាទីសព្វព្រះទ័យដល់ទ្រង់ យើងត្រូវឲ្យពាក្យសម្តីយើង “ប្រកបដោយព្រះគុណ”ជានិច្ច(កូល៉ុស ៤:៦)។ ពេលយើងបង្ហាញពីទស្សនៈរបស់យើង ពេលមានការមិនចុះសម្រុងគ្នា ចូរយើងទូលសូមឲ្យព្រះជួយ ឲ្យយើងប្រើភាសា ដែលថ្វាយព្រះកិត្តនាមដល់ទ្រង់។-Lawrence Darmani
ការកាត់ទោស និងការអត់ទោស
ក្រុមចម្រៀង សង់ អូឡូហ្វ(St. Olaf Choir) នៅក្រុងនតហ្វៀល រដ្ឋមីននេសូតា ជាក្រុមចម្រៀងដែលល្បីផ្នែកផលិតបទចម្រៀងដ៏ពិរោះៗជាច្រើន។ មូលហេតុដែលពួកគេអាចច្រៀងបទចម្រៀងបានយ៉ាងល្អប្រសើរ គឺដោយសារពួកគេជ្រើសរើសអ្នកចម្រៀងបានល្អ។ ពេលពួកគេជ្រើសរើសបេកជនចូលក្រុមចម្រៀង គេមិនគ្រាន់តែពិនិត្យមើលថា តើអ្នកនោះអាចច្រៀងបានល្អប៉ុណ្ណាទេ តែគេក៏បានមើលផងដែរថា តើសម្លេងរបស់គាត់ត្រូវនឹងសម្លេងរបស់ក្រុមទាំងមូលឬអត់។ មូលហេតុមួយទៀត ដែលពួកគេច្រៀងបានល្អ គឺដោយសារសមាជិកក្រុមចម្រៀងម្នាក់ៗ សុទ្ធតែបានសម្រេចចិត្តយកក្រុមចម្រៀងជាអាទិភាព ហើយមានការប្តេជ្ញាចិត្ត ចំពោះការហាត់សម និងចំពោះកាលវិភាគនៃការឡើងច្រៀង។
ខ្ញុំមានការចាប់អារម្មណ៍យ៉ាងខ្លាំង ចំពោះការអ្វីដែលបានកើតឡើង ពេលពួកគេហាត់សម។ ពេលណាសមាជិកក្រុមចម្រៀងណាម្នាក់ធ្វើអ្វីខុស ពួកគេលើកដៃឡើង។ ពួកគេមិនបានព្យាយាមលាក់បាំងកំហុសរបស់ខ្លួនទេ តែផ្ទុយទៅវិញ ពួកគេបានបើកបង្ហាញឲ្យក្រុមរបស់ខ្លួនបានដឹង។ ការនេះបាននាំឲ្យអ្នកដឹកនាំក្រុម អាចជួយអ្នកចម្រៀងម្នាក់ៗនៅក្នុងក្រុម ឲ្យរៀនអំពីផ្នែកដែលពិបាកៗ ហើយធ្វើឲ្យការឡើងច្រៀងមានកំហុសតិចបំផុត។
ក្រុមចម្រៀងនេះ បានធ្វើឲ្យខ្ញុំនឹកចាំអំពីសហគមន៍ដែលព្រះយេស៊ូវបានបង្កើត ដែលផ្តោតទៅលើការជួយសង្រ្គោះ ជាជាងផ្តោតទៅលើការកាត់ទោស គឺដូចដែលទ្រង់មានបន្ទូលទៅកាន់លោកនីកូដេមថា ព្រះទ្រង់មិនបានចាត់ព្រះរាជបុត្រាទ្រង់ ឲ្យមកក្នុងលោកីយ៍ ដើម្បីនឹងជំនុំជំរះលោកីយ៍នោះទេ គឺឲ្យលោកីយ៍បានសង្គ្រោះ ដោយសារទ្រង់វិញ (យ៉ូហាន ៣:១៧)។ បន្ទាប់ពីទ្រង់បានមានបន្ទូលមិនទាន់បានយូរប៉ុន្មានផង ទ្រង់ក៏បានជួបស្រ្តីសាសន៍សាំម៉ារីម្នាក់ នៅក្បែរអណ្តូងទឹកសាធារណៈមួយកន្លែង។ ទ្រង់បានមានបន្ទូលទៅកាន់នាង ធ្វើឲ្យនាងអាចទទួលស្គាល់កំហុស ឬអំពើបាបរបស់នាងយ៉ាងងាយស្រួល ដោយទ្រង់សន្យាថា ទ្រង់នឹងប្រទានជីវិតថ្មី ដែលល្អជាងមុន ដែលនាងអាចអរសប្បាយនឹងការអត់ទោសរបស់ទ្រង់(យ៉ូហាន ៤)។
ក្នុងនាមយើងជាផ្នែកមួយនៃរូបកាយព្រះគ្រីស្ទ នៅលើផែនដីនេះ យើងមិនគួរមានការភ័យខ្លាច…
ខ្ញុំមកថ្វាយខ្លួន
ពេលខ្ញុំកំពុងអង្គុយនៅក្នុងមហោស្រព ខ្ញុំក៏បាននឹកឃើញអនុស្សាវរីយ៍ល្អៗជាច្រើន។ ពេលនោះ អ្នកដឹកនាំក្រុមចម្រៀងទើបតែបានប្រាប់ចំណងជើងបទចម្រៀង ដែលពួកគេរៀបនឹងច្រៀង គឺបទ “ខ្ញុំមកថ្វាយខ្លួន”(ក្នុងសៀវភៅទំនុកដំកើង លេខ២០១)។ ការនេះបានធ្វើឲ្យខ្ញុំនឹកចាំថា នៅចុងបញ្ចប់នៃការអធិប្បាយរបស់គ្រូគង្វាលខ្ញុំ គាត់បានប្រាប់អ្នកមកចូលរួម ឲ្យដើរមកខាងមុខ ខណៈពេលដែលយើងកំពុងច្រៀងចម្រៀងមួយបទនោះ ដែលការនេះបានបង្ហាញថា ពួកគេចង់ទទួលការអត់ទោសបាបរបស់ព្រះគ្រីស្ទ។ ប៉ុន្តែ អ្នកដឹកនាំក្រុមចម្រៀងនៅមហាស្រពបានមានប្រសាសន៍ថា គាត់ចង់ច្រៀងបទនេះជាមួយយើងម្តងទៀត នៅពេលក្រោយ គឺនៅពេលដែលគាត់លាចាកលោក ទៅនៅជាមួយព្រះអម្ចាស់ ដែលនៅថ្ងៃនោះ គាត់នឹងច្រៀងថ្វាយព្រះអង្គ នៅនគរស្ថានសួគ៌ ដោយចិត្តកត្តុញ្ញូថា :
ខ្ញុំមកថ្វាយខ្លួន ឥតមានអ្វីអាង
អាងតែឈាមទ្រង់ហូរលើឈើឆ្កាង
នឹងព្រះបន្ទូលជាទីសំអាង
ឱព្រះសង្រ្គោះអើយ ខ្ញុំមក!
រយៈពេលជាច្រើនឆ្នាំ មុនពេលអ្នកស្រីឆាឡុត អេលាត(Charlotte Elliott) និពន្ធទំនុកមួយនេះ គាត់បានសួរអ្នកដឹកនាំគ្រីស្ទបរិស័ម្នាក់ អំពីរបៀបទទួលជឿព្រះ។ គាត់ក៏បានប្រាប់នាង ឲ្យចូលទៅរកព្រះអង្គ ទោះជាជីវិតនាងមានសណ្ឋានបែបណាក៏ដោយ។ នាងក៏បានចូលទៅរកព្រះអង្គ ហើយក្រោយមក ពេលនាងកំពុងបាក់ទឹកចិត្តដោយសារមានជម្ងឺ នាងក៏បាននិពន្ធបទចម្រៀងទំនុកដំកើងមួយបទនេះ ដែលនិយាយអំពីថ្ងៃដែលនាងទទួលជឿព្រះគ្រីស្ទ ហើយព្រះអង្គបានអត់ទោសបាបឲ្យនាង។
ព្រះអម្ចាស់បានលើកទឹកចិត្តយើង ឲ្យស្វែងរកព្រះអង្គ គឺដូចដែលមានចែងក្នុងព្រះបន្ទូលព្រះអង្គថា “ចូរស្វែងរកព្រះយេហូវ៉ា ក្នុងកាលដែលអាចនឹងរកទ្រង់ឃើញ ហើយអំពាវនាវដល់ទ្រង់ ក្នុងកាលដែលទ្រង់គង់នៅជិតចុះ”(អេសាយ ៥៥:៦)។ ព្រះអង្គបានមានបន្ទូលមកកាន់ចិត្តយើងថា “អស់អ្នកដែលស្រេកអើយ ចូរមកឯទីទឹកចុះ … ចូរស្តាប់ចុះ…
សញ្ញាសំគាល់របស់គ្រួសារ
ប្រជុំកោះអារ៉ាន មានទីតាំងនៅឆ្នេរខាងលិច នៃប្រទេសអៀរឡង់។ នៅទីនោះមានភាពល្បីល្បាញ ដោយសារប្រជាជននៅទីនោះ ពូកែចាក់អាវរងាពីរោមចៀមយ៉ាងស្រស់ស្អាត។ ភាគច្រើននៃអាវចាក់ទាំងនោះ មានការផ្សាភ្ជាប់នឹងវប្បធម៌ និងរឿងនិទាននៅប្រជុំកោះតូចៗទាំងនោះ ប៉ុន្តែ អាវចាក់ខ្លះមានលក្ខណៈជាបុគ្គល។ គ្រួសារនីមួយៗ នៅលើកោះនោះ មានរចនាបថនៃការចាក់អាវរៀងៗខ្លួន ដែលមានសញ្ញាសំគាល់ពិសេសខុសៗគ្នា បានជានៅពេលដែលមានអ្នកនេសាទណាលង់ទឹកស្លាប់ គេអាចពិនិត្យដឹងអត្តសញ្ញាណរបស់សព ដោយគ្រាន់តែមើលរចនាបថនៃអាវចាក់ ដែលសពនោះបានពាក់ក៏បាន។
សំបុត្រទីមួយរបស់សាវ័កយ៉ូហាន បានពិពណ៌នាអំពីសញ្ញាសំគាល់របស់អ្នកដែលជាសមាជិកនៃគ្រួសារព្រះ។ ក្នុង១យ៉ូហាន ៣:១ សាវ័កយ៉ូហានបានបញ្ជាក់ថា យើងជាផ្នែកមួយនៃគ្រួសាររបស់ព្រះ គឺដូចដែលគាត់បានមានប្រសាសន៍ថា “មើល សេចក្តីស្រឡាញ់យ៉ាងណាហ្ន៍ ដែលព្រះវរបិតាបានផ្តល់មកយើងរាល់គ្នា ឲ្យយើងបានហៅថាជាកូនរបស់ព្រះដូច្នេះ”។ បន្ទាប់មក គាត់ក៏បានរៀបរាប់អំពីសញ្ញាសំគាល់របស់អ្នកដែលជាកូនរបស់ព្រះថា “ពួកស្ងួនភ្ងាអើយ យើងត្រូវស្រឡាញ់គ្នាទៅវិញទៅមក ដ្បិតសេចក្តីស្រឡាញ់មកពីព្រះ ឯអស់អ្នកណាដែលមានសេចក្តីស្រឡាញ់ នោះឈ្មោះថាមកពីព្រះ ហើយក៏ស្គាល់ទ្រង់ដែរ”(៤:៧)។
ដោយសារ “សេចក្តីស្រឡាញ់មកពីព្រះ” នោះវិធីដ៏ល្អបំផុត ដើម្បីឆ្លុះបញ្ចាំងឲ្យគេស្គាល់បំណងព្រះទ័យព្រះវរបិតា គឺយើងត្រូវបង្ហាញចេញនូវសេចក្តីស្រឡាញ់ ដែលជាលក្ខណៈសម្បត្តិរបស់ព្រះអង្គ។ ចូរយើងអនុញ្ញាតឲ្យសេចក្តីស្រឡាញ់ព្រះអង្គ ឈោងចាប់អ្នកដទៃ តាមរយៈយើង ដ្បិតសេចក្តីស្រឡាញ់ជាសញ្ញាសំគាល់របស់គ្រួសារយើង។-Dennis Fisher
ចូលទៅរកព្រះអង្គដោយចិត្តក្លាហាន
កោះម៉ន់ សង់ មីកែល ជាកោះដែលមានទឹកជោរដ៏គ្រោះថ្នាក់ ដែលមានទីតាំងប្រហែលជិតមួយគីឡូម៉ែត្រពីឆ្នេរសមុទ្រនៃខេត្តនរមែនឌី ប្រទេសបារាំង។ កោះមួយនេះបានធ្វើជាព្រះវិហារ និងកន្លែងស្នាក់នៅរបស់សង្ឃកាតូលិក អស់រយៈពេលជាច្រើនសតវត្សរ៍មកហើយ ហើយក៏បានទាក់ទាញអ្នកធ្វើធម្មយាត្រាជាច្រើនឲ្យមកទីនោះ។ មុនពេលគេធ្វើស្ពានដ៏វែងសម្រាប់ឆ្លងទៅកោះនោះ គេបានឮល្បីថា ផ្លូវទៅកាន់កោះនោះមានគ្រោះថ្នាក់ណាស់ បានជាមានអ្នកធម្មយាត្រាខ្លះបានបាត់បង់ជីវិត។ នៅពេលទឹកនាច កោះនោះត្រូវបានហ៊ុមព័ទ្ធដោយច្រាំងខ្សាច់ជាច្រើន ហើយពេលទឹកជោរ កោះនោះត្រូវបានហ៊ុមព័ទ្ធដោយទឹក បានជាគេមានការភ័យខ្លាចនៅក្នុងការឆ្លងទៅរកកោះនោះ។
នៅសម័យគ្រាសញ្ញាចាស់ ជនជាតិយូដាមានការភ័យខ្លាច នៅក្នុងការចូលទៅរកព្រះ។ ពេលដែលព្រះអង្គមានបន្ទូលជាផ្គរលាន់ នៅលើភ្នំស៊ីណៃ ពួកបណ្តាជនមានការភ័យខ្លាច មិនហ៊ានចូលទៅក្បែរព្រះអង្គ(និក្ខមនំ ១៩:១០-១៦)។ ក្រោយមក ព្រះអង្គក៏បានអនុញ្ញាត ឲ្យពួកគេចូលទៅចំពោះព្រះអង្គ តាមរយៈសម្តេចសង្ឃ ដោយអនុវត្តតាមក្រឹត្យវិន័យដ៏ជាក់លាក់មួយចំនួន(លេវីវិន័យ ១៦:១-៣៤)។ ហើយសេចក្តីស្លាប់អាចកើតមានភ្លាមៗ ចំពោះអ្នកដែលច្រឡំប៉ះហិបនៃសេចក្តីសញ្ញា ដែលតំណាងឲ្យព្រះវត្តមានដ៏បរិសុទ្ធ របស់ព្រះ(មើល ២សាំយ៉ូអែល ៦:៧-៨)។
ប៉ុន្តែ ដោយសារការសុគត និងមានព្រះជន្មរស់ឡើងវិញរបស់ព្រះយេស៊ូវ នោះយើងអាចចូលទៅជិតព្រះ ដោយគ្មានការភ័យខ្លាច។ ព្រះយេស៊ូវបានបង់ថ្លៃលោះបាបយើងចប់សព្វគ្រប់ហើយ ហើយព្រះអង្គបានអញ្ជើញយើងឲ្យចូលក្នុងព្រះវត្តមានព្រះអង្គ។ គឺដូចដែលព្រះអង្គមានបន្ទូលថា “ត្រូវឲ្យយើងរាល់គ្នា មកដល់បល្ល័ង្កនៃព្រះគុណ ដោយក្លាហាន ដើម្បីនឹងទទួលសេចក្តីមេត្តា ហើយរកបានព្រះគុណសម្រាប់នឹងជួយដល់ពេលត្រូវការចុះ”(ហេព្រើ ៤:១៦)។
ដោយព្រោះព្រះយេស៊ូវ នោះយើងអាចចូលទៅរកព្រះ តាមរយៈការអធិស្ឋាន ទោះជានៅទីណា និងនៅពេលណាក៏ដោយ ដោយគ្មានការភ័យខ្លាច។-Dennis Fisher
សេចក្តីក្លាហាន និងការអនុវត្តន៍ជាទៀតទាត់
មានពេលមួយ ខ្ញុំបានអានជីវប្រវត្តិសង្ខេបរបស់លោកយូជីន ផាតធ័រសិន(Eugene Patterson) ដែលជាអ្នកទទួលជ័យលាភីភូលីហ្សឺរ ផ្នែកកែសម្រួលអត្ថបទ នៃរដ្ឋធម្មនុញ្ញរបស់រដ្ឋអាត់លេនតា ពីឆ្នាំ១៩៦០ ដល់ឆ្នាំ១៩៦៨។ ជីវប្រវត្តិរបស់គាត់មានការពីរយ៉ាង ដែលបានធ្វើឲ្យខ្ញុំមានការភ្ញាក់ផ្អើល។ ទីមួយ លោកផាតធ័រសិនជាអ្នកហ៊ានបញ្ចេញមតិ ដោយគ្មានការភ័យខ្លាច ក្នុងការទាមទាសិទ្ធិនៃពលរដ្ឋ ក្នុងអំឡុងពេលដែលមានមនុស្សជាច្រើន ប្រឆាំងនឹងការឲ្យពូជសាសន៍ទាំងឡាយមានសិទ្ធិស្មើគ្នា។ ទីពីរ គាត់បានសរសេរអត្ថបទ ចុះផ្សាយក្នុងខ្ទង់ កាសែតជារៀងរាល់ថ្ងៃ អស់រយៈពេល៨ឆ្នាំ។ ជាសរុប អត្ថបទរបស់គាត់ត្រូវបានគេចុះផ្សាយនៅលើទំព័រកាសែតបាន២៩២២ខ្ទង់។ ពីមួយថ្ងៃទៅមួយថ្ងៃ ពីមួយឆ្នាំទៅមួយឆ្នាំ សេចក្តីក្លាហាន និងការអនុវត្តជាទៀតទាត់ បានក្លាយជាកត្តាគន្លឹះ នៃឥទ្ធិពលនៃការរស់នៅរបស់គាត់។
យ៉ាងណាមិញ សាវ័កប៉ុលក៏មានបុគ្គលិកលក្ខណៈសម្បត្តិដូចនេះផងដែរ។ បទគម្ពីរ កិច្ចការ ជំពូក ១៣-២៨ បានកត់ទុកអំពីសេចក្តីក្លាហាន ដែលគាត់មាន ក្នុងស្ថានភាពដ៏ពិបាកម្តងហើយម្តងទៀត។ មានពេលមួយ គាត់បានជួបគ្រោះថ្នាក់សំពៅលិច ក្នុងការធ្វើដំណើរទៅទទួលការជំនុំជម្រះទោសពីស្តេចសេសារ ហើយគាត់ក៏បានទៅដល់ត្រើយខាងត្បូងនៃទីក្រុងរ៉ូម ដែលនៅទីនោះមានបងប្អូនរួមជំនឿជាច្រើនបានមកជួបគាត់(កិច្ចការ ២៨:១១-១៥)។ ពេលសាវ័កប៉ុលឃើញគេ នោះក៏អរព្រះគុណដល់ព្រះ ហើយមានចិត្តសង្ឃឹមឡើង(ខ.១៥)។ ក្នុងអំឡុងពេល២ឆ្នាំបន្ទាប់ ក្នុងនាមជាអ្នកទោស គេបានអនុញ្ញាតឲ្យគាត់ជាប់ឃុំក្នុងផ្ទះ ដែលគាត់ជួល ដែលនៅទីនោះ “គាត់បានទទួលអស់អ្នកណាដែលមកឯគាត់ ទាំងប្រកាសប្រាប់ពីនគរព្រះ ហើយបង្រៀនគ្រប់ទាំងសេចក្តី ពីព្រះអម្ចាស់យេស៊ូវគ្រីស្ទតាមចិត្ត ឥតមានអ្នកណាឃាត់ឃាំងឡើយ”(ខ.៣០-៣១)។
គ្រីស្ទបរិស័ទម្នាក់ៗអាចធ្វើជាអ្នកទទួលសេចក្តីក្លាហានពីព្រះ និងនាំអ្នកដទៃឲ្យមានចិត្តក្លាហានផងដែរ។…
ទស្សនៈរបស់ព្រះ
មានពេលមួយ ចេសិន(Jason) បានធ្វើដំណើរ ទៅទីក្រុងញូយ៉ក ក្នុងអំឡុងពេលសម្រាក ក្នុងរដូវផ្ការីក។ នៅពេលល្ងាច គាត់និងមិត្តភក្តិគាត់មួយចំនួន បានឡើងជិះឡានតាក់ស៊ីបញ្ជ្រៀតគ្នា ឆ្ពោះទៅរកអគារអ៊ីមផាយអឺ ស្តេត ដែលជាអគាខ្ពស់ជាងគេនៅទីក្រុងញូយ៉ក។ ចេសិនយល់ថា ការជិះឡាននៅតាមផ្លូវថ្នល់ ហាក់ដូចជាគ្មានសណ្តាប់ធ្លាប់ ហើយគ្រោះថ្នាក់។ ប៉ុន្តែ ពេលដែលគាត់បានឡើងទៅឈរនៅលើកន្លែងសង្កេតមើលទីក្រុង នៅលើអគារដ៏ខ្ពស់នោះ ហើយសម្លឹងមើលមកផ្លូវរបស់ទីក្រុង នៅខាងក្រោម គាត់មានការភ្ញាក់ផ្អើលណាស់ ពេលបានឃើញថា ផ្លូវទាំងនោះមានការរចនា និងការរៀបចំយ៉ាងមានរបៀបរៀបរយ។ ដូចនេះ ទស្សនៈរបស់គាត់ក៏បានផ្លាស់ប្តូរយ៉ាងឆាប់រហ័ស។
លោកហាបាគុកក៏បានរៀនសូត្រ ពីបទពិសោធន៍ដែលស្រដៀងនឹងចេសិនផងដែរ។ ពេលគាត់ពិចារណាអំពីជីវិតមនុស្ស តាមទស្សនៈរបស់លោកិយ គាត់យល់ថា ព្រះហាក់ដូចជាមិនអើពើចំពោះអំពើអាក្រក់ ដែលកំពុងកើតឡើងក្នុងសង្គមទេ(ហាបាគុក ១:២-៤)។ ប៉ុន្តែ ព្រះបានប្រទានឲ្យគាត់មានទស្សន:ដូចព្រះអង្គដែរ ហើយបានបង្ហាញគាត់ថា ជីវិតមនុស្សគឺលើសពីអ្វីដែលគាត់យល់ដឹង។ ការប្រព្រឹត្តរបស់មនុស្ស មិនអាចរារាំងបំណងព្រះទ័យព្រះបានឡើយ(២:៣)។
អ្នកដែលមិនកោតខ្លាចព្រះ ហាក់ដូចជាមានភាពសម្បូរសប្បាយ ក្នុងពេលចប្ចុប្បន្ន ប៉ុន្តែ ព្រះទ្រង់នឹងជំនុំជម្រះការអាក្រក់ទាំងអស់ដែលមនុស្សប្រព្រឹត្ត។ ព្រះអង្គមានអំណាចគ្រប់គ្រងលើអ្វីៗទាំងអស់ ដែលបានកើតឡើង ដើម្បីឲ្យគ្រប់ការទាំងអស់ផ្សំគ្នា សម្រាប់បំពេញបំណងព្រះទ័យព្រះអង្គ។ ផែនការរបស់ព្រះ នឹងបានសម្រេចយ៉ាងពិតប្រាកដ តាមពេលដែលព្រះអង្គបានកំណត់(ខ.៣)។
យើងមិនអាចមានការយល់ដឹង អំពីជីវិតរបស់មនុស្សឲ្យបានច្បាស់ តាមទស្សនៈរបស់លោកិយបានឡើយ គឺមានតែព្រះទេដែលអាចយល់ច្បាស់។ ដូចនេះ ចូរយើងបន្តរស់នៅ ដោយជំនឿ មិនមែនដោយការមើលឃើញទេ។…