សំបុត្រផ្ញើមកពីសមរភូមិ
អស់រយៈពេលជាង២ទសវត្សរ៍មកហើយ ដែលលោកអេនឌ្រូ ខារ៉ូល(Andrew Carroll) បានជំរុញអ្នកដទៃ កុំឲ្យបោះចោលសំបុត្រ ដែលសមាជិកគ្រួសារ ឬមិត្តភក្តិបានសរសេរផ្ញើមក ក្នុងសម័យសង្រ្គាម។ លោកខារ៉ូល ជានាយកនៃមជ្ឈមណ្ឌល ដើម្បីលិខិតក្នុងសម័យសង្រ្គាមអាមេរិក នៅសកលវិទ្យាល័យឆាបមិន ក្នុងរដ្ឋកាលីហ្វូញ៉ា។ គាត់បានចាត់ទុកសំបុត្រទាំងនោះ ជាចំណងទាក់ទងមិនអាចជំនួសបាន ដែលចងភ្ជាប់ក្រុមគ្រួសារ ហើយនាំឲ្យមានការយោគយល់គ្នា។ លោកខារ៉ូលបានមានប្រសាសន៍ថា “ពេលក្មេងជំនាន់ក្រោយបានអានសំបុត្រទាំងនោះ ពួកគេនឹងមានសំណួរ និងនិយាយថា ពួកគេបានយល់អំពីការពិបាក និងការលះបង់ដែលយើងបានឆ្លងកាត់”។
ពេលសាវ័កប៉ុលកំពុងជាប់ឃុំ ក្នុងមន្ទីរឃុំឃាំង នៅទីក្រុងរ៉ូម គាត់ដឹងថា ជីវិតគាត់នឹងត្រូវអស់ ក្នុងពេលដ៏ខ្លីខាងមុខ បានជាគាត់សរសេរសំបុត្រមួយច្បាប់ ទៅកាន់យុវជនម្នាក់ឈ្មោះ ធីម៉ូថេ ដែលគាត់បានចាត់ទុកជា “កូនក្នុងជំនឿ”។ សាវ័កប៉ុលបានបង្ហាញពីជម្រៅចិត្តរបស់គាត់ ដូចជាទាហានកំពុងនៅសមរភូមិ គឺដូចដែលគាត់ប្រាប់លោកធីម៉ូថេថា “ដ្បិតខ្ញុំកំពុងតែត្រូវច្រួចចេញ ឯពេលវេលាដែលខ្ញុំត្រូវលាទៅ ក៏បានមកដល់ហើយ ខ្ញុំបានតយុទ្ធយ៉ាងល្អ ខ្ញុំបានរត់ប្រណាំងជាស្រេច ខ្ញុំបានរក្សាសេចក្តីជំនឿទៅហើយ ពីនេះទៅមុខ នឹងមានមកុដនៃសេចក្តីសុចរិត បំរុងទុកឲ្យខ្ញុំ ដែលព្រះអម្ចាស់ដ៏ជាចៅក្រមសុចរិត ទ្រង់នឹងប្រទានមកខ្ញុំនៅថ្ងៃនោះ មិនមែនដល់ខ្ញុំតែម្នាក់ប៉ុណ្ណោះ គឺដល់អស់អ្នកណាដែលចូលចិត្តនឹងដំណើរទ្រង់យាងមកវិញនោះដែរ”(២ធីម៉ូថេ ៤:៦-៨)។
ពេលយើងអានសំបុត្រ ក្នុងព្រះគម្ពីរ ដែលវីរៈបុរសនៃជំនឿគ្រីស្ទបរិស័ទ បានបន្សល់ទុកឲ្យយើង ហើយដឹងអំពីទុក្ខលំបាកដែលពួកគេបានទទួលរង ដោយសារសេចក្តីស្រឡាញ់ដែលពួកគេមានចំពោះព្រះគ្រីស្ទ យើងទទួលបាននូវសេចក្តីក្លាហាន ក្នុងការយកគំរូតាមពួកគេ…
ពាក្យសម្តីដែលឆាបឆេះ
នៅភាគខាងជើងនៃប្រទេសហ្កាណា ដែលជាស្រុកកំណើតរបស់ខ្ញុំ ភ្លើងឆេះព្រៃបានកើតឡើងជាទៀងទាត់ ក្នុងរដូវប្រាំង ចាប់ពីខែធ្នូដល់ខែមិនា។ ខ្ញុំបានឃើញផ្ទៃដីរបស់កសិដ្ឋានរាប់ហិចតា ត្រូវភ្លើងឆេះ ដោយសារខ្យល់ដែលបានបក់នាំកំទេចភ្លើងតូចៗ ពីភ្នក់ភ្លើង ឬពីកន្ទុយបារី ដែលអ្នកដំណើរបានចោលនៅតាមផ្លូវ ដោយគ្មានការប្រុងប្រយ័ត្ន។ ផ្កាភ្លើងតែបន្តិច អាចដុតបញ្ឆេះរុក្ខជាតិដែលក្រៀមក្រោះ នៅទីវាល ហើយរាលដាលកើតជាភ្លើងឆេះព្រៃវិនាសហិនហោចបាន។
រឿងនេះបានធ្វើឲ្យខ្ញុំនឹកចាំ អំពីការពិពណ៌នារបស់សាវ័កយ៉ាកុប អំពីអណ្តាតរបស់មនុស្ស ដោយប្រៀបធៀបទៅនឹងផ្កាភ្លើង យ៉ាងដូចនេះថា “អណ្តាតក៏ជាភ្លើងដែរ គឺជាលោកីយ៍ដ៏ពេញដោយសេចក្តីទុច្ចរិត ជាគ្រឿងរាប់បញ្ចូលជា១នឹងអវយវៈឯទៀតរបស់យើង ជារបស់ដែលធ្វើឲ្យរូបកាយទាំងមូលស្មោកគ្រោក ក៏បញ្ឆេះទាំងផ្លូវជីវិតផង ហើយភ្លើងឆេះនោះមកពីស្ថាននរកដែរ”(យ៉ាកុប ៣:៦)។ ការនិយាយខុស ឬការនិយាយដើមពីក្រោយខ្នង ក៏ដូចជាការនិយាយស្តីដោយគ្មានការពិចារណា អាចបំផ្លាញទំនាក់ទំនងបាន។ គឺដូចដែលបទគម្ពីរ សុភាសិត ១២:១៨ បានចែងថា “មានគេដែលពោលពាក្យឥតបើគិត ដូចជាចាក់ដោយដាវ តែសំដីរបស់មនុស្សប្រាជ្ញជាថ្នាំផ្សះវិញ”។ “អណ្តាតមានអំណាចនៃជីវិត និងសេចក្តីស្លាប់”(១៨:២១) គឺមិនខុសពីភ្លើងដែលអាចបំផ្លាញ ហើយក៏អាចមានប្រយោជន៍។
ដើម្បីឲ្យការសន្ទនាឆ្លុះបញ្ចាំងអំពីព្រះវត្តមានព្រះ ក្នុងជីវិតយើង ហើយជាទីសព្វព្រះទ័យដល់ទ្រង់ យើងត្រូវឲ្យពាក្យសម្តីយើង “ប្រកបដោយព្រះគុណ”ជានិច្ច(កូល៉ុស ៤:៦)។ ពេលយើងបង្ហាញពីទស្សនៈរបស់យើង ពេលមានការមិនចុះសម្រុងគ្នា ចូរយើងទូលសូមឲ្យព្រះជួយ ឲ្យយើងប្រើភាសា ដែលថ្វាយព្រះកិត្តនាមដល់ទ្រង់។-Lawrence Darmani
ការកាត់ទោស និងការអត់ទោស
ក្រុមចម្រៀង សង់ អូឡូហ្វ(St. Olaf Choir) នៅក្រុងនតហ្វៀល រដ្ឋមីននេសូតា ជាក្រុមចម្រៀងដែលល្បីផ្នែកផលិតបទចម្រៀងដ៏ពិរោះៗជាច្រើន។ មូលហេតុដែលពួកគេអាចច្រៀងបទចម្រៀងបានយ៉ាងល្អប្រសើរ គឺដោយសារពួកគេជ្រើសរើសអ្នកចម្រៀងបានល្អ។ ពេលពួកគេជ្រើសរើសបេកជនចូលក្រុមចម្រៀង គេមិនគ្រាន់តែពិនិត្យមើលថា តើអ្នកនោះអាចច្រៀងបានល្អប៉ុណ្ណាទេ តែគេក៏បានមើលផងដែរថា តើសម្លេងរបស់គាត់ត្រូវនឹងសម្លេងរបស់ក្រុមទាំងមូលឬអត់។ មូលហេតុមួយទៀត ដែលពួកគេច្រៀងបានល្អ គឺដោយសារសមាជិកក្រុមចម្រៀងម្នាក់ៗ សុទ្ធតែបានសម្រេចចិត្តយកក្រុមចម្រៀងជាអាទិភាព ហើយមានការប្តេជ្ញាចិត្ត ចំពោះការហាត់សម និងចំពោះកាលវិភាគនៃការឡើងច្រៀង។
ខ្ញុំមានការចាប់អារម្មណ៍យ៉ាងខ្លាំង ចំពោះការអ្វីដែលបានកើតឡើង ពេលពួកគេហាត់សម។ ពេលណាសមាជិកក្រុមចម្រៀងណាម្នាក់ធ្វើអ្វីខុស ពួកគេលើកដៃឡើង។ ពួកគេមិនបានព្យាយាមលាក់បាំងកំហុសរបស់ខ្លួនទេ តែផ្ទុយទៅវិញ ពួកគេបានបើកបង្ហាញឲ្យក្រុមរបស់ខ្លួនបានដឹង។ ការនេះបាននាំឲ្យអ្នកដឹកនាំក្រុម អាចជួយអ្នកចម្រៀងម្នាក់ៗនៅក្នុងក្រុម ឲ្យរៀនអំពីផ្នែកដែលពិបាកៗ ហើយធ្វើឲ្យការឡើងច្រៀងមានកំហុសតិចបំផុត។
ក្រុមចម្រៀងនេះ បានធ្វើឲ្យខ្ញុំនឹកចាំអំពីសហគមន៍ដែលព្រះយេស៊ូវបានបង្កើត ដែលផ្តោតទៅលើការជួយសង្រ្គោះ ជាជាងផ្តោតទៅលើការកាត់ទោស គឺដូចដែលទ្រង់មានបន្ទូលទៅកាន់លោកនីកូដេមថា ព្រះទ្រង់មិនបានចាត់ព្រះរាជបុត្រាទ្រង់ ឲ្យមកក្នុងលោកីយ៍ ដើម្បីនឹងជំនុំជំរះលោកីយ៍នោះទេ គឺឲ្យលោកីយ៍បានសង្គ្រោះ ដោយសារទ្រង់វិញ (យ៉ូហាន ៣:១៧)។ បន្ទាប់ពីទ្រង់បានមានបន្ទូលមិនទាន់បានយូរប៉ុន្មានផង ទ្រង់ក៏បានជួបស្រ្តីសាសន៍សាំម៉ារីម្នាក់ នៅក្បែរអណ្តូងទឹកសាធារណៈមួយកន្លែង។ ទ្រង់បានមានបន្ទូលទៅកាន់នាង ធ្វើឲ្យនាងអាចទទួលស្គាល់កំហុស ឬអំពើបាបរបស់នាងយ៉ាងងាយស្រួល ដោយទ្រង់សន្យាថា ទ្រង់នឹងប្រទានជីវិតថ្មី ដែលល្អជាងមុន ដែលនាងអាចអរសប្បាយនឹងការអត់ទោសរបស់ទ្រង់(យ៉ូហាន ៤)។
ក្នុងនាមយើងជាផ្នែកមួយនៃរូបកាយព្រះគ្រីស្ទ នៅលើផែនដីនេះ យើងមិនគួរមានការភ័យខ្លាច…
ព្រះគ្រីស្ទ ជាព្រះដ៏ប្រោសលោះ
នៅទីក្រុងរីអូ ដឺ ចេនេរ៉ូ(Rio de Janeiro) មានរូបចម្លាក់ព្រះគ្រីស្ទ ជាព្រះដ៏ប្រោសលោះ ដ៏ធំសម្បើម ដែលខ្ពស់ត្រដែតនៅលើភ្នំ ទតមើលមកទីក្រុងនោះ នៅខាងក្រោម។ រូបចម្លាក់ដ៏ល្បីល្បាញមួយនេះ ជារូបចម្លាក់ព្រះយេស៊ូវលាតសន្ធឹងព្រះហស្តទាំងសងខាង ដែលយើងមើលទៅតួខ្លួននៃរូបចម្លាក់នោះទាំងមូល មានរាង្គជាឈើឆ្កាង។ លោកហេតទ័រ ដឺ ស៊ីលវ៉ា ខូស្តា(Heitor de Silva Costa) ដែលជាស្ថាបត្យករប្រេស៊ីល បានរចនារូបចម្លាក់មួយនេះ។ គាត់បានស្រមៃថា ពេលពលរដ្ឋនៅទីក្រុងនោះ ក្រោកពីព្រលឹម ពួកគេនឹងបានឃើញរូបចម្លាក់ព្រះយេស៊ូវ លេចឡើង ចេញពីភាពងងឹតមុនគេ នៅពេលពេលទៀបភ្លឺ។ គាត់ក៏សង្ឃឹមផងដែរថា ពេលថ្ងៃលិច អ្នកក្រុងរីអូ នឹងបានឃើញពន្លឺព្រះអាទិត្យលិច ពីក្រោយព្រះកេសរូបចម្លាក់ព្រះយេស៊ូវ។
ជាការពិតណាស់ យើងមិនថ្វាយបង្គំរូបចម្លាក់របស់ព្រះយេស៊ូវទេ តែរូបចម្លាក់របស់ទ្រង់ ដែលគេបានសាងសង់ នៅទីក្រុងរីអូ ប្រទេសប្រេស៊ីល បានធ្វើឲ្យខ្ញុំនឹកចាំថា ជារៀងរាល់ថ្ងៃ យើងចាំបាច់ត្រូវមើលទៅព្រះសង្រ្គោះយើង ដែលជាព្រះដ៏ពិត ជារៀងរាល់ថ្ងៃ ក្នុងពេលដែលយើងមានសេចក្តីសុខ ក៏ដូចជានៅពេលយើងមានទុក្ខលំបាក។ ពេលលោកយ៉ូបកំពុងរងទុក្ខវេទនា គាត់មានប្រសាសន៍ថា “ឯខ្ញុំៗដឹងថា អ្នកដែលលោះខ្ញុំទ្រង់មានព្រះជន្មរស់នៅ ហើយដល់ជាន់ក្រោយ ទ្រង់នឹងមកឈរនៅលើផែនដី”(យ៉ូប ១៩:២៥)។
ត្រង់ចំណុចនេះ ការស្រែកយំរបស់លោកយ៉ូប កំពុងនាំចិត្តយើង ឲ្យមើលទៅព្រះយេស៊ូវ…
ការជួយសង្រ្គោះអ្នកដែលស្ទាក់ស្ទើរ
ជាច្រើនឆ្នាំកន្លងទៅ ក្នុងអំឡុងពេលនៃការសិក្សា អំពីសុវត្ថិភាពនៅក្នុងទឹក ខ្ញុំបានទទួលការបណ្តុះបណ្តាលពីរបៀបជួយសង្រ្គោះមនុស្សលង់ទឹក ដែលរើបំរាស់ខ្លាំង ធ្វើឲ្យគេពិបាកជួយ។ គ្រូបង្វឹកបានប្រាប់យើងឲ្យហែល “ទៅជួយអ្នកនោះពីក្រោយខ្នងគាត់។ ដោយយកដៃមួយចំហៀងឱបពីលើទ្រូង និងពីលើដៃរបស់គាត់ដែលកំពុងប្រវេប្រវា រួចហែលនាំគាត់ទៅរកទីសុវត្ថិភាព។ បើយើងហែលទៅជួយគាត់ពីខាងមុខ នោះគាត់នឹងកញ្ឆក់ទាញយើង ឲ្យលង់ទឹកជាមួយគាត់មិនខាន”។ ត្រង់ចំណុចនេះ ភាពស្លន់ស្លោ និងការភ័យខ្លាចអាចធ្វើឲ្យមនុស្សបាត់បង់សមត្ថភាពគិត និងធ្វើសកម្មភាព ឲ្យបានត្រឹមត្រូវ។
ពេលព្រះទ្រង់ចាត់ទេវតាពីរអង្គ ឲ្យមកជួយសង្រ្គោះលោកឡុត និងក្រុមគ្រួសារគាត់ ឲ្យរួចពីសេចក្តីហិនវិនាស ដែលហៀបនឹងកើតឡើង នៅក្រុងសូដុំម និងកូម៉ូរ៉ា(លោកុប្បត្តិ ១៩:១២-១៣) ពួកគេបានជួបនឹងការប្រឆាំង។ កូនប្រសាររបស់លោកឡុតគិតថា ការដាស់តឿនរបស់ទេវតា ជាការនិយាយលេង(ខ.១៤)។ ពេលពួកទេវតាប្រាប់លោកឡុតឲ្យប្រញាប់ចាកចេញ គាត់មានការស្ទាក់ស្ទើរ(ខ.១៥)។ ពេលនោះ ទេវតាទាំងពីរអង្គក៏បាន “ចាប់ដៃគាត់ និងដៃប្រពន្ធ ហើយនឹងកូនស្រីគាត់ទាំង២ នាំចេញទៅលែងឯក្រៅទីក្រុង ដ្បិតព្រះយេហូវ៉ាទ្រង់មេត្តាប្រណីដល់គាត់”(ខ.១៦)។
ពេលយើងគិតឡើងវិញ អំពីការធ្វើដំណើរ ក្នុងសេចក្តីជំនឿ ដែលយើងមានក្នុងព្រះគ្រីស្ទ យើងអាចនឹកចាំ អំពីភាពស្មោះត្រង់របស់ព្រះ នៅក្នុងការជួយយើង ពេលដែលយើងមានការស្ទាក់ស្ទើរ និងប្រឆាំងនឹងទ្រង់។ ពេលយើងជួបមនុស្សដែលកំពុងលិចលង់ ក្នុងភាពអស់សង្ឃឹម និងការភ័យខ្លាចក្នុងវិញ្ញាណ យ៉ាងធ្ងន់ធ្ងរ នោះយើងអាចសូមប្រាជ្ញាពីព្រះដើម្បីបង្ហាញក្តីស្រឡាញ់ចំពោះពួកគេ ក៏ដូចជាដល់អ្នកដែលមានការស្ទាក់ស្ទើរ នៅក្នុងការទទួលសេចក្តីសង្រ្គោះរបស់ទ្រង់។-David Mccasland
សម្លេងនៅពេលយប់
បទគម្ពីរទំនុកដំកើង ជំពូក ១៣៤ មានតែ៣ខទេ តែវាជាភស្តុតាងបញ្ជាក់ថា កិច្ចការដ៏តូចអាចមានន័យច្រើនសន្ធឹក។ ក្នុងជំពូកនេះ ពីរខដំបូងនិយាយអំពីការលើកទឹកចិត្តដល់ពួកសង្ឃដែលធ្វើការបម្រើ ក្នុងដំណាក់ព្រះ រៀងរាល់យប់។ អគារព្រះវិហារងងឹត ហើយហាក់ដូចនៅទទេ គ្មានអ្វីដែលគួរឲ្យកត់សំគាល់ទេ។ តែអ្នកបម្រើព្រះទាំងនេះបានទទួលការលើកទឹកចិត្តឲ្យ “ប្រណម្យដៃទៅឯទីបរិសុទ្ធ ហើយសូមឲ្យព្រះយេហូវ៉ាបានព្រះពរ”(ខ.២)។ រីឯខ.៣វិញ គឺជាសម្លេងរបស់ពួកជំនុំ ដែលបន្លឺឡើង ក្នុងពេលយប់ងងឹត និងឯកកោនោះថា “សូមឲ្យព្រះយេហូវ៉ា ដែលទ្រង់បង្កើតផ្ទៃមេឃ និងផែនដី ទ្រង់ប្រទានពរដល់អ្នករាល់គ្នា ពីក្រុងស៊ីយ៉ូនមកផង”។
ការនេះបានធ្វើឲ្យខ្ញុំនឹកចាំ អំពីអ្នកបម្រើព្រះអម្ចាស់ដទៃទៀត ក្នុងពេលសព្វថ្ងៃ ដែលមានដូចជាគ្រូគង្វាល និងក្រុមគ្រួសាររបស់ពួកគេ ដែលកំពុងបម្រើព្រះក្នុងព្រះវិហារតូចៗ នៅតំបន់ដាច់ស្រយ៉ាល។ ជាញឹកញាប់ ពួកគេច្រើនតែមានការបាក់ទឹកចិត្ត ត្រូវល្បួងឲ្យអស់សង្ឃឹម ខណៈពេលដែលពួកគេប្រឹងប្រែងអស់ពីចិត្ត ទំាងធ្វើការបម្រើដោយគ្មានគេចាប់អារម្មណ៍ និងឲ្យរង្វាន់។ ជួនកាល ពួកគេឆ្ងល់ថា តើមាននរណាខ្វល់អំពីការអ្វីដែលពួកគេកំពុងធ្វើទេ? តើមាននរណាគិតពីពួកគេ អធិស្ឋានឲ្យពួកគេ ឬចាត់ទុកពួកគេជាផ្នែកមួយនៃជីវិតខ្លួនដែរឬទេ?
សម្រាប់អ្នកដែលមានអារម្មណ៍ឯកកោ ឬគិតថាខ្លួនគ្មានសារៈសំខាន់ ខ្ញុំសូមលើកទឹកចិត្តថា ទោះបីជាកិច្ចការរបស់អ្នកមានទំហំតូចមែន តែខ្លួនអ្នកជាព្រះវិហារបរិសុទ្ធរបស់ព្រះ។ ព្រះអាទិករដែលបានបង្កើតផ្ទៃមេឃ និងផែនដី ទ្រង់កំពុងធ្វើការនៅក្នុង និងតាមរយៈអ្នក។ ចូរ “ប្រណម្យដៃឡើង” ហើយសរសើរដំកើងព្រះអង្គចុះ។-David Roper
ដំណឹងល្អទាំងមូល
កាលពីពេលថ្មីៗនេះ ដាឡាស់(Dallas) ចៅប្រុសរបស់ខ្ញុំ ដែលមានអាយុ៥ឆ្នាំ បានសួរខ្ញុំថា “ហេតុអ្វីបានជាព្រះយេស៊ូវសុគតនៅលើឈើឆ្កាង?” ពេលឮគាត់សួរដូចនោះ ខ្ញុំក៏បាននាំគាត់ជជែកគ្នាបន្តិចអំពីសំណួរនេះ។ ខ្ញុំក៏បានពន្យល់គាត់ពីអំពើបាប និងការដែលព្រះយេស៊ូវស្ម័គ្រព្រះទ័យលះបង់ព្រះជន្ម ដើម្បីលោះបាបយើង។ បន្ទាប់មក គាត់ក៏បានទៅរត់លេង ជាមួយបងប្អួនរបស់គាត់។ ពីរបីនាទីក្រោយមក ខ្ញុំក៏បានឮគាត់និយាយគ្នាជាមួយខេធី(Katie) ដែលជាបងប្អូនជីដូនមួយរបស់គាត់ មានអាយុដំណាលគាត់ដែរ។ គាត់បានប្រាប់នាង អំពីមូលហេតុដែលព្រះយេស៊ូវបានសុគត។ ខេធីក៏បានតបទៅគាត់វិញថា “ព្រះយេស៊ូវមិនបានសុគតទេ”។ ដាឡាស់ក៏បានតបថា “បាទ ទ្រង់សុគតមែន លោកតាបានប្រាប់ខ្ញុំថា ទ្រង់បានសុគតលើឈើឆ្កាង”។
ពេលនោះ ខ្ញុំក៏បានដឹងថា ខ្ញុំមិនបានប្រាប់គាត់ឲ្យអស់សេចក្តីទេ។ ដូចនេះ ខ្ញុំក៏បានជជែកជាមួយគាត់ម្តងទៀត ដោយពន្យល់ប្រាប់គាត់ឡើងវិញ អំពីការសុគតរបស់ព្រះយេស៊ូវ ហើយប្រាប់គាត់ថា ព្រះយេស៊ូវបានមានព្រះជន្មរស់ឡើងវិញ បន្ទាប់ពីទ្រង់បានសុគតបីថ្ងៃ។ គាត់ក៏បានដឹងថា ព្រះយេស៊ូវមានព្រះជន្មរស់នៅសព្វថ្ងៃ ទ្រង់មិនបានសុគតជារហូតទេ។
ការនេះបានរំឭកខ្ញុំថា ពេលយើងផ្សាយដំណឹងល្អ យើងត្រូវផ្សាយឲ្យចប់ចុងចប់ដើម។ ពេលដែលបុរសម្នាក់មកពីនគរអេធីយ៉ូពី សួរលោកភីលីព អំពីបទគម្ពីរមួយផ្នែក ដែលគាត់មើលមិនយល់ លោកភីលីពក៏បានបកស្រាយបទគម្ពីរនោះឲ្យគាត់ស្តាប់ ហើយក៏បានផ្សាយដំណឹងល្អអំពីព្រះយេស៊ូវ ដល់គាត់”(កិច្ចការ ៨:៣៥)។
ពេលយើងផ្សាយដំណឹងល្អអំពីព្រះយេស៊ូវ យើងអាចប្រាប់គេថា យើងរាល់គ្នាជាមនុស្សមានបាប យើងត្រូវការសេចក្តីសង្រ្គោះ តែព្រះរាជបុត្រានៃព្រះដែលគ្មានបាបសោះ បានយាងមកសុគត ដើម្បីជួយសង្រ្គោះយើង ឲ្យរួចពីបាប…
អាថ៌កំបាំងដែលមើលមិនឃើញ
មានបាតុភូតជាច្រើនដែលបានកើតឡើង ក្នុងចក្រវាលដែលធំឥតព្រំដែន តែភាគច្រើន យើងមិនដឹងថា មានអ្វីកើតឡើងខ្លះទេ។ មានរបស់ជាច្រើន ដែលមានរូបរាង្គតូចពេក ឬផ្លាស់ទីលឿនពេក ឬយឺតពេក ដែលធ្វើឲ្យយើងមិនអាចមើលឃើញ។ ទោះជាយ៉ាងណាក៏ដោយ ដោយសារមានបច្ចេកវិទ្យាទំនើប នោះលោកលូអ៊ីស ស្វាតបឺក(Luis Schwartzberg) ដែលជាអ្នកបង្កើតខ្សែភាពយន្ត អាចបង្ហាញនូវវីដេអូស្តីអំពីរបស់ដែលតូចៗទាំងនោះ ដែលមានដូចជាមាត់របស់សត្វដង្កូវមេអំបៅ ភ្នែករបស់សត្វរុយ និងការលូតលាស់របស់ដើមផ្សិតជាដើម។
ដោយសារសមត្ថភាពយើងមានកំណត់ នោះយើងមិនអាចមើលភាពលម្អិតនៃវត្ថុទាំងឡាយ ក្នុងពិភពខាងសាច់ឈាមឲ្យបានគ្រប់ជ្រុងជ្រោយឡើយ តែការនេះបានរំឭកយើងផងដែរថា សមត្ថភាពខាងវិញ្ញាណរបស់យើងក៏មានដែនកំណត់ផងដែរ ពោលគឺយើងមិនអាចដឹងអំពីអ្វីៗទាំងអស់ ដែលកំពុងកើតឡើង ក្នុងពិភពខាងវិញ្ញាណបានឡើយ។ ព្រះទ្រង់កំពុងធ្វើកិច្ចការរបស់ទ្រង់នៅជុំវិញខ្លួនយើង តាមរបៀបដ៏អស្ចារ្យហួសពីការស្មាន។ ប៉ុន្តែ ភ្នែកខាងវិញ្ញាណរបស់យើង មានដែនកំណត់ បានជាយើងមិនអាចមើលឃើញការអ្វីដែលទ្រង់កំពុងធ្វើ។ ទោះជាយ៉ាងណាក៏ដោយ ហោរាអេលីសេ ពិតជាបានមើលឃើញនូវកិច្ចការដ៏អស្ចារ្យ ដែលព្រះទ្រង់កំពុងធ្វើ។ ព្រះទ្រង់ថែមទាំងបានបើកភ្នែកអ្នកបម្រើរបស់គាត់ ដែលមានពេញដោយការកោតខ្លាច ឲ្យបានមើលឃើញកងទ័ពនៃស្ថានសួគ៌ ដែលទ្រង់បានចាត់ឲ្យមកប្រយុទ្ធជួសពួកគេ(២ពង្សាវតាក្សត្រ ៦:១៧)។
ការភ័យខ្លាច ធ្វើឲ្យយើងមានអារម្មណ៍ទន់ខ្សោយ ហើយមិនអាចធ្វើអ្វីកើត ហើយធ្វើឲ្យយើងគិតថា យើងកំពុងតែនៅឯកកោក្នុងពិភពលោកនេះ។ ប៉ុន្តែ ព្រះទ្រង់បានធានាយើងថា ព្រះវិញ្ញាណនៃទ្រង់ ដែលគង់នៅក្នុងយើង ទ្រង់ធំជាងអំណាចទាំងអស់ នៅក្នុងលោកិយ(១យ៉ូហាន ៤:៤)។
ពេលដែលយើងមានការបាក់ទឹកចិត្ត ដោយសារការអាក្រក់ដែលយើងមើលមិនឃើញ យើងអាចគិតអំពីការល្អដែលទ្រង់កំពុងធ្វើ ដែលយើងមិនអាចមើលឃើញនោះ។-Julie Ackerman Link
កិច្ចការដ៏មានតម្លៃ
នៅចុងសតវត្សរ៍ទី៤ ចក្រភពរ៉ូមក៏បានឈប់ចាប់អ្នកដើរតាមព្រះគ្រីស្ទ យកទៅឲ្យសត្វតោស៊ី ឲ្យពលរដ្ឋរ៉ូម៉ាំងមើលកម្សាន្តទៀត។ ប៉ុន្តែ ល្បែងមរណៈនៅតែបន្តមាន ដោយគេនៅតែឲ្យអ្នកប្រយុទ្ធបន្តកាប់សម្លាប់គ្នា ឲ្យគេមើលកម្សាន្ត ក្នុងទីលានប្រកួតជាធម្មតា រហូតដល់ពេលមួយ មានមនុស្សម្នាក់បានលោតចេញពីកន្លែងទស្សនា ចូលទៅក្នុងទីលានប្រកួត ហើយក៏បានព្យាយាមឃាត់គូរប្រយុទ្ធទាំងពីរនាក់នោះ ឲ្យឈប់កាប់សម្លាប់គ្នាទៀត។ គាត់ឈ្មោះធេលេម៉ាកូស(Telemachus) ជាអ្នកបម្រើព្រះមកពីវាលរហោស្ថាន។ កាលនោះ គាត់មកលំហែកាយក្នុងទីក្រុងរ៉ូម តែគាត់មិនអាចអត់ទ្រាំនឹងការកាប់សម្លាប់គ្នា ដ៏ពេញនិយមនេះ។ តាមកំណត់ហេតុរបស់លោកធេអូដូរេត(Theodoret) ដែលជាអ្នកដឹកនាំពួកជំនុំ និងជាអ្នកប្រវត្តិសាស្ត្រ បានឲ្យដឹងថា លោកធេលេម៉ាកុសបានស្រែកអំពាវនាវ ឲ្យគេបញ្ឈប់អំពើហឹង្សានោះទៀត តែគាត់ត្រូវពួកបណ្តាជនសម្លាប់ដោយចោលនឹងថ្ម។ អធិរាជ ហូណូរាស(Honorius) ក៏បានដឹងអំពីសកម្មភាពដ៏ក្លាហានរបស់គាត់ ហើយក៏បានបញ្ជារឲ្យគេលុបបំបាត់ការប្រកួតនោះ។
អ្នកខ្លះប្រហែលជាចង់ចោទជាសំណួរថា “តើមានតែលោកធេលេម៉ាកុសទេឬ ដែលបានលះបង់ជីវិត ដើម្បីប្រឆាំងនឹងការអាក្រក់នោះ?” ការនេះបានធ្វើឲ្យខ្ញុំនឹកចាំ អំពីសាវ័កប៉ុល ដែលបានចោទសួរខ្លួនឯងថា “ហេតុអ្វីបានជាយើងមានសេចក្តីអន្តរាយ រាល់ពេលវេលាដែរ?”(១កូរិនថូស ១៥:៣០)។ ក្នុងបទគម្ពីរ ២កូរិនថូស ១១:២២-៣៣ គាត់បានពិពណ៌នា អំពីទុក្ខលំបាកដែលគាត់មាន ដោយសារសេចក្តីស្រឡាញ់ ចំពោះព្រះគ្រីស្ទ ដែលក្នុងចំណោមនោះ មានទុក្ខលំបាកជាច្រើន ដែលអាចធ្វើឲ្យគាត់បាត់បង់ជីវិត។ តើអ្វីដែលគាត់ធ្វើនោះ មានតម្លៃឬទេ?
សាវ័កប៉ុលបានរងទុក្ខលំបាកគ្រប់យ៉ាង ក្នុងការងារបម្រើព្រះ ហើយគាត់បានក្លាយជាអ្នកបម្រើព្រះដ៏ជោគជ័យ។ ការលះបង់អ្វីដែលមិនស្ថិតស្ថេរ ដើម្បីទទួលបាននូវព្រះពរដ៏អស់កល្បជានិច្ច ជាការបណ្តាក់ទុនដ៏ល្អ។ ក្នុងគ្រារស់ឡើងវិញ…
ដើរនៅលើទឹក
ពេលខ្ញុំរៀនបើកទូកក្តោង គេបានតម្រូវឲ្យខ្ញុំដើរលើបន្ទះក្តារ ដែលអណ្តែតលើទឹកឃ្លីងឃ្លោង ហើយឈោងឡើងកូនទូកក្តោង។ ខ្ញុំមិនចូលចិត្តដើរលើបន្ទះក្តានោះទេ ព្រោះខ្ញុំមិនពូកែទប់ខ្លួនឲ្យនឹង ហើយមិនចង់ធ្លាក់ចូលក្នុងទឹក នៅចន្លោះបន្ទះក្តារ និងទូកនោះ ពេលខ្ញុំព្យាយាមឈោងឡើង។ ខ្ញុំស្ទើរតែចង់បោះបង់ការរៀនបើកទូកក្តោង។ គ្រូបង្វឹកក៏បានប្រាប់ខ្ញុំ ឲ្យមើលទៅគាត់ ព្រោះគាត់នៅឈរចាំលើទូកនោះ ហើយគាត់នឹងជួយទប់ខ្ញុំ បើសិនជាខ្ញុំរអិលជើង។ ខ្ញុំក៏បានធ្វើតាមអ្វីដែលគាត់ប្រាប់ ហើយពេលនេះ ខ្ញុំមានសញ្ញាប័ត្រជំនាញបើកបរទូកក្តោងមូលដ្ឋាន ប្រកបដោយមោទនភាព។
ជាទូទៅ មនុស្សយើងមិនចូលចិត្តប្រថុយនឹងគ្រោះថ្នាក់ទេ។ មនុស្សជាច្រើនមានការស្ទាក់ស្ទើរ មិនហ៊ានបោះជំហានចេញពីកន្លែងស្រណុកស្រួល ព្រោះមិនចង់បរាជ័យ ទទួលរងការឈឺចាប់ ឬខ្លាចខ្មាសគេ។ ប៉ុន្តែ បើសិនជាយើងបណ្តោយឲ្យការភ័យខ្លាចចងរឹតយើងជាប់ នោះយើងមិនអាចធ្វើអ្វីកើតទេ។
គ្រូអធិប្បាយព្រះបន្ទូលជាច្រើន ចូលចិត្តលើកយករឿងលោកពេត្រុសដើរលើទឹក មកអធិប្បាយ ព្រមទាំងរៀបរាប់អំពីការដែលគាត់បរាជ័យ ដោយសារគាត់បានលិចទៅក្នុងទឹក(ម៉ាថាយ ១៤:២២-៣៣)។ ប៉ុន្តែ ខ្ញុំមិនដែលបានឮគេអធិប្បាយ អំពីអាកប្បកិរិយារបស់ពួកសាវ័កដទៃទៀត ពេលពួកគេឃើញលោកពេត្រុសដើរលើទឹកទេ។ ខ្ញុំយល់ថា ក្នុងរឿងនេះ គាត់បានទទួលជ័យជម្នះ។ ព្រោះគាត់បានសម្រេចចិត្តដើរឆ្លងកាត់គ្រោះថ្នាក់ ទៅរកព្រះយេស៊ូវ ទោះជាគាត់មានការភ័យខ្លាចក៏ដោយ។ ប្រហែលជាមានតែអ្នកដែលមិនដែលហ៊ានធ្វើសោះទេ ដែលជាមនុស្សបរាជ័យនោះ។
ព្រះយេស៊ូវបានឆ្លងកាត់គ្រោះថ្នាក់គ្រប់យ៉ាង ដើម្បីយើងរាល់គ្នា។ តើយើងបានត្រៀមខ្លួនប្រថុយនឹងគ្រោះថ្នាក់ ដើម្បីធ្វើអ្វីខ្លះថ្វាយទ្រង់?-Marion Stroud