សត្វចៀមដែលបានបាត់
មានពេលមួយ ឡរ៉ា(Laura) បានលើកសត្វពពែមួយក្បាល និងសត្វចៀមមួយក្បាលដាក់នៅលើរទេះសណ្តោង បន្ទាប់ពីនាងបានខ្ចីសត្វទាំងនោះពីកសិករ យកទៅព្រះវិហារ សម្រាប់ហាត់សមការសម្តែងរឿង អំពីព្រះរាជកំណើតព្រះយេស៊ូវ។ សត្វទាំងនោះក៏បានជល់គ្នា ហើយក៏បានដេញគ្នា ហើយមួយសន្ទុះក្រោយមក ពួកវាក៏មានសភាពស្ងប់ស្ងាត់ឡើងវិញ។ ឡរ៉ាក៏បានចាប់ផ្តើមដឹកពួកវាទៅព្រះវិហារ តែនាងត្រូវឈប់ចាក់សាំង។ ពេលនាងកំពុងចាក់សាំង នាងឃើញសត្វពពែកំពុងឈរ នៅចំណតឡាន តែមិនឃើញសត្វចៀមសោះ។ មុននោះ ពេលនាងព្យាយាមយ៉ាងវក់វី ដើម្បីធ្វើឲ្យពួកវានៅស្ងៀម នាងបានភ្លេចចាក់គន្លឹះទ្វាររទេះសណ្តោង។ នាងក៏បានទូរស័ព្ទទៅតំរួតប្រចាំតំបន់ និងមិត្តភក្តិមួយចំនួន ឲ្យជួយស្វែងរកវា នៅក្បែរហាងនានា និងរកមើលក្នុងចំការពោត និងក្នុងព្រៃរហូតដល់ថ្ងៃលិច។ មានមនុស្សជាច្រើនបានអធិស្ឋាន ឲ្យនាងរកឃើញសត្វចៀមនោះវិញ។
នៅពេលព្រឹកថ្ងៃបន្ទាប់ ឡរ៉ា និងមិត្តភក្តិរបស់នាងម្នាក់ ក៏បានដើរបិទក្រដាសប្រកាសតាមរក “ចៀមដែលបាត់” នៅតាមហាងនានា ក្នុងតំបន់។ ពួកគេក៏បានឈប់សម្រាកនៅកន្លែងចាក់សាំង។ មានភ្ញៀវម្នាក់នៅកន្លែងចាក់សាំងនោះ បានឮពួកគេនិយាយគ្នាជាមួយអ្នកគិតលុយ អំពីការបិទប្រកាសស្វែងរកចៀមនោះ ហើយក៏បានប្រាប់ពួកគេថា គាត់ដឹងថា សត្វចៀមនោះនៅកន្លែងណា។ សត្វចៀមនោះបានដើរវង្វេង ចូលទៅក្នុងកសិដ្ឋានរបស់អ្នកជិតខាងគាត់ ហើយអ្នកជិតខាងគាត់ក៏បានចាប់វាដាក់ក្នុងជង្រុកមួយយប់ហើយ។
រឿងនេះបានធ្វើឲ្យខ្ញុំនឹកចាំថា ព្រះយេស៊ូវទ្រង់ក៏មានព្រះទ័យទុកដាក់ចំពោះសត្វចៀមដែលវង្វេងបាត់ ដែលរាប់បញ្ចូលទាំងអ្នក និងខ្ញុំផងដែរ។ ព្រះយេស៊ូវបានយាងចុះពីស្ថានសួគ៌មក ដើម្បីបង្ហាញសេចក្តីស្រឡាញ់របស់ទ្រង់ និងប្រទានសេចក្តីសង្រ្គោះ(យ៉ូហាន ៣:១៦)។ ទ្រង់បានធ្វើការលះបង់គ្រប់យ៉ាង ដើម្បីស្វែងរកយើង(លូកា ១៩:១០)។
ពេលឡរ៉ារកឃើញសត្វចៀមនោះវិញ នាងក៏បានដាក់រហ័សនាមឲ្យវាថា…
ការនឹកចំាអំពីព្រះបន្ទូលព្រះ
លោកឆេម ផូថូក(Chaim Potok) ដែលជាអ្នកនិពន្ធសៀវភៅដែលលក់ដាច់បំផុត បាននិពន្ធរឿងប្រលោមលោក មានចំណងជើងថា អ្នកដែលត្រូវបានជ្រើសរើស ដោយរៀបរាប់ អំពីការប្រកួតកីឡាវាយបាល់បេសប៊ល រវាងក្រុមកីឡាករពីក្រុម ដែលមានដើមកំណើតជនជាតិយូដា ក្នុងទីក្រុងញូយ៉ក។ លោករ៉ូវិន ម៉ាលធ័រ(Reuven Malter) ដែលជាតួឯកក្នុងរឿងនេះ បានកត់សំគាល់ឃើញថា ឯកសណ្ឋានរបស់គួរប្រកួតរបស់ខ្លួន មានចំណុចពិសេសខុសគេ នៅត្រង់ខ្សែរំយោលបួនខ្សែ នៅជាយអាវរបស់ពួកគេម្នាក់ៗ។ លោករ៉ូវិន ក៏បាននឹកចាំថា រំយោងទាំងបួនខ្សែនោះ ដែលជាសញ្ញាបញ្ជាក់អំពីការស្តាប់បង្គាប់ដ៏តឹងរឹង តាមក្រឹត្យវិន័យរបស់ព្រះ ក្នុងព្រះគម្ពីរសញ្ញាចាស់។
ប្រវត្តិនៃការដាក់រំយោលនៅជាយអាវរបស់ជនជាតិយូដា គឺបានចាប់ផ្តើម តាំងពីពេលដែលព្រះទ្រង់មានបន្ទូល តាមរយៈលោកម៉ូសេ ឲ្យរាស្រ្តរបស់ទ្រង់ធ្វើរំយោល ដែលមានលាយខ្សែអំបោះពណ៌ផ្ទៃមេឃ ហើយភ្ជាប់នឹងជ្រុងទាំងបួន នៃជាយអាវរបស់ពួកគេ(ជនគណនា ១៥:៣៨)។ ព្រះអម្ចាស់បានមានបន្ទូលថា “នោះនឹងបានសំរាប់ជារំយោល ឲ្យឯងរាល់គ្នាមើល ដើម្បីឲ្យនឹកចាំពីអស់ទាំងបញ្ញត្តនៃព្រះយេហូវ៉ា ព្រមទាំងប្រព្រឹត្តតាមផង”(ខ.៣៩)។
នៅសម័យសញ្ញាចាស់ ព្រះទ្រង់បានប្រើរំយោលអាវ ដើម្បីឲ្យប្រជាជនអ៊ីស្រាអែលនឹកចាំអំពីក្រឹត្យវិន័យរបស់ទ្រង់។ នៅសម័យបច្ចុប្បន្ន យើងក៏មានវិធីនឹកចាំពីព្រះបន្ទូលរបស់ព្រះផងដែរ។ យើងអាចមើលទៅព្រះគ្រីស្ទ ដែលបានធ្វើជាគំរូ ដោយស្តាប់បង្គាប់ព្រះវរបិតារបស់ទ្រង់ជានិច្ច(យ៉ូហាន ៨:២៩)។ បានជាយើង “ត្រូវប្រដាប់ខ្លួន ដោយព្រះអម្ចាស់យេស៊ូវគ្រីស្ទវិញ ហើយកុំឲ្យផ្គត់ផ្គង់ ដើម្បីនឹងបំពេញសេចក្តីប៉ងប្រាថ្នា ខាងឯសាច់ឈាមឡើយ”(រ៉ូម ១៣:១៤)។ ពេលយើងផ្តោតភ្នែករបស់យើង ទៅរកព្រះរាជបុត្រានៃព្រះ យើងនឹងបានថ្វាយព្រះកិត្តិនាមដល់ព្រះវរបិតានៃយើងដែលគង់នៅស្ថានសួគ៌។-Jennifer…
បរាជ័យមិនធ្វើឲ្យយើងអស់ផ្លូវ
ក្នុងអំឡុងពេលសង្រ្គាមលោកលើកទី២ លោកនាយករដ្ឋមន្ត្រីវីនស្តុន ឈើឈីល(Winston Churchill) បានធ្វើការកំឡាចិត្តជនជាតិអង់គ្លេស ដែលកំពុងមានការភ័យខ្លាច នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ១៩៤០ ព្រោះអ៊ីត្លែ ដែលជាសត្រូវរបស់ពួកគេដឹងថា អាឡឺម៉ង់ត្រូវវាយអង់គ្លេសឲ្យបាក់ស្បាត ដើម្បីឈ្នះសង្រ្គាម ពុំនោះទេ អាឡឺមង់នឹងចាញ់សង្រ្គាមមិនខាន ដូចនេះ គាត់ក៏បានប្រាប់ពួកគេឲ្យប្រុងប្រៀបខ្លួន ដើម្បីប្រយុទ្ធដល់ទីបញ្ចប់ ហើយចងចាំថា បើចក្រភពអង់គ្លេសមានអាយុកាល១ពាន់ឆ្នាំ នោះគេនឹងថា ពេលនេះជាពេលដែលល្អបំផុតរបស់ប្រជាជនអង់គ្លេស។
យើងម្នាក់ៗសុទ្ធតែចង់ឲ្យគេនឹកចាំ អំពី “ពេលដែលល្អបំផុត”របស់យើង។ សម្រាប់សាវ័កពេត្រុសវិញ ពេលដែលល្អបំផុតរបស់គាត់ ប្រហែលជាពេលដែលគាត់បានប្រកាសថា “យើងខ្ញុំក៏បានជឿ ហើយដឹងថា ទ្រង់ជាព្រះគ្រីស្ទ ជាព្រះរាជបុត្រានៃព្រះដ៏មានព្រះជន្មរស់ពិត”(យ៉ូហាន ៦:៦៩)។ ទោះជាយ៉ាងណាក៏ដោយ ជួនកាល យើងឲ្យតម្លៃខ្លួនឯង ដោយផ្អែកទៅលើកំហុសរបស់យើង។ បន្ទាប់ពីលោកពេត្រុសបានប្រកែកជាច្រើនដងថា គាត់មិនស្គាល់ព្រះយេស៊ូវ គាត់ក៏បានចេញទៅ ហើយក៏ទួញយំ ដោយចិត្តដ៏ល្វីងជូរចត់(ម៉ាថាយ ២៦:៧៥ យ៉ូហាន ១៨)។
យើងម្នាក់ៗសុទ្ធតែមានចំណុចខ្វះខាត ក្នុងទំនាក់ទំនង ក្នុងការតយុទ្ធនឹងអំពើបាប និងក្នុងភាពស្មោះត្រង់ចំពោះព្រះ គឺមិនខុសពីលោកពេត្រុសទេ។ ប៉ុន្តែ ពេលយើងមានកំហុស ឬបរាជ័យ គឺមិនមានន័យថា យើងអស់ផ្លូវកែនោះទេ។ ជាក់ស្តែង ព្រះយេស៊ូវបានអត់ទោសឲ្យលោកពេត្រុស បន្ទាប់ពីគាត់បានប្រែចិត្ត(យ៉ូហាន ២១) ហើយក៏បានប្រើគាត់…
ពាក្យសម្តីប្រកបដោយប្រាជ្ញា
តើសាច់ដុំអ្វី ដែលខ្លំាងជាងគេ ក្នុងរាង្គកាយមនុស្ស? អ្នកខ្លះឆ្លើយថា សាច់ដុំអណ្តាតខ្លាំងជាងគេ តែយើងពិបាកនឹងកំណត់ថា សាច់ដុំណា ដែលខ្លាំងជាងគេ ព្រោះសាច់ដុំនីមួយៗ មិនធ្វើការតែម្នាក់ឯងទេ។
ប៉ុន្តែ យើងអាចដឹងថា អណ្តាតជាសាច់ដុំដ៏ខ្លាំង។ វាជាសាច់ដុំដ៏តូចទេ តែអាចធ្វើឲ្យមានការខូចខាតជាច្រើន។ សរីរាង្គដ៏តូច និងសកម្មមួយនេះជួយឲ្យយើងញាំអាហារ លេប ដឹងរស់ជាតិ ហើយចាប់ផ្តើមការរំលាយអាហារ តែយើងចេះតែប្រើវា ដើម្បីនិយាយអ្វីដែលយើងមិនគួរនិយាយ។ គេបានប្រើអណ្តាត ដើម្បីនិយាយបញ្ជោរ ជេរ កុហក់ អួត និងវាយប្រហារអ្នកដទៃ ។ល។
ដូចនេះ តើអណ្តាតជាសាច់ដុំ ដែលគ្រោះថ្នាក់ណាស់មែនទេ? ប៉ុន្តែ គេក៏អាចប្រើអណ្តាត ធ្វើការល្អជាច្រើន។ ពេលយើងបានទទួលការដឹកនាំពីព្រះវិញ្ញាណបរិសុទ្ធ អណ្តាតអាចផ្លាស់ប្រែទៅជាឧបករណ៍ដ៏ល្អក្រៃលែង។ យើងអាចប្រើអណ្តាត ដើម្បីនិយាយអំពីភាពសុចរិត(ទំនុកដំកើង ៣៥:២៨) និងភាពយុត្តិធម៌របស់ព្រះ(៣៧:៣០)។ យើងអាចប្រើអណ្តាត និយាយអំពីសេចក្តីពិត(១៥:២) បង្ហាញសេចក្តីស្រឡាញ់(១យ៉ូហាន ៣:១៨) និងសារភាពបាបនៅចំពោះព្រះ(១យ៉ូហាន ១:៩)។
យើងអាចប្រើអណ្តាតឲ្យមានប្រយោជន៍បំផុត គឺដូចដែលបទគម្ពីរសុភាសិត ១២:១៨ បានចែងថា “សម្តីរបស់មនុស្សប្រាជ្ញជាថ្នាំផ្សះវិញ”។ ព្រះទ្រង់បានបង្កើតអណ្តាតយើងមក ដើម្បីនាំមកនូវការប្រោសឲ្យជា ដល់អ្នកដទៃ មិនមែនដើម្បីបង្កររបួសដល់ពួកគេឡើយ។ កាលណាយើងប្រើអណ្តាតត្រូវតាមបំណងព្រះទ័យទ្រង់ គឺមានន័យថា យើងកំពុងថ្វាយសិរីល្អដល់ទ្រង់ហើយ។-Dave Branon
យុថ្ការបស់យើង
បន្ទាប់ពីអ្នកស្រីអេស្តេឡា ភីហ្វ្រម(Estella Pyfrom) បានចូលនិវត្តន៍ ក្នុងអាជីពជាគ្រូបង្រៀន គាត់បានទិញឡានក្រុងមួយគ្រឿង។ គាត់ក៏បានដំឡើងតុ សម្រាប់ដាក់កំព្យូទ័រជាច្រើនគ្រឿង នៅក្នុងឡានក្រុងនោះ។ សព្វថ្ងៃនេះ គេបានដាក់ឈ្មោះឲ្យឡានក្រុងរបស់គាត់ថា “ឡានក្រុងដែលមានគំនិតភ្លឺថ្លា” ដោយសារគាត់បានបើកបរវា ទៅរកក្មេងៗដែលងាយរងគ្រោះ ក្នុងខ័ណ្ឌផាម ប៊ីច រដ្ឋផ្លូរីដា ដើម្បីឲ្យពួកគេធ្វើកិច្ចការដែលគ្រូដាក់ឲ្យ និងសិក្សាអំពីបច្ចេកវិទ្យាក្នុងឡានគាត់។ អ្នកស្រីអេស្តេឡាកំពុងជួយឲ្យក្មេងទាំងនោះមានលំនឹង និងក្តីសង្ឃឹមក្នុងជីវិត ដើម្បីកុំឲ្យពួកគេបោះបង់ចោលក្តីស្រមៃ សម្រាប់ពេលអនាគត។
ក្នុងសតវត្សរ៍ទី១ សហគមន៍គ្រីស្ទបរិស័ទបានទទួលរងការគំរាមកំហែង ដោយទុក្ខវេទនា និងការបាក់ទឹកចិត្ត។ បានជាអ្នកនិពន្ធព្រះគម្ពីរហេព្រើបានសរសេរសំបុត្របង្រៀន និងលើកទឹកចិត្តគ្រីស្ទបរិស័ទទាំងនោះ កុំឲ្យបោះបង់ចោលសេចក្តីជំនឿ ដែលជាក្តីសង្ឃឹមចំពោះពេលអនាគត(២:១)។ ក្តីសង្ឃឹមរបស់ពួកគេ គឺជាជំនឿលើព្រះ ដែលនាំឲ្យបានសេចក្តីសង្រ្គោះ និងចូលនគរស្ថានសួគ៌ ហើយអាចរកបាន ក្នុងអង្គព្រះយេស៊ូវគ្រីស្ទ និងក្នុងការលះបង់របស់ទ្រង់។ ពេលដែលព្រះយេស៊ូវយាងឡើងស្ថានសួគ៌ បន្ទាប់ពីទ្រង់មានព្រះជន្មរស់ឡើងវិញ គឺមានន័យថា ទ្រង់បានការពារក្តីសង្ឃឹម សម្រាប់ពេលអនាគត(៦:១៩-២០)។ ការសុគត ការមានព្រះជន្មរស់ឡើងវិញ និងការវិលត្រឡប់របស់ទ្រង់ ទៅនគរស្ថានសួគ៌វិញ បានផ្តល់នូវការធានា និងលំនឹងដល់ជីវិតគ្រីស្ទបរិស័ទ គឺដូចជាយុថ្កា ដែលគេបានទំលាក់ចុះ នៅក្នុងសមុទ្រ ដើម្បីការពារនាវាមិនឲ្យរសាត់អណ្តែតទៅឆ្ងាយ។ ក្តីសង្ឃឹមដែលទ្រង់ប្រទាន សម្រាប់ពេលអនាគត នឹងមិនអាចបាត់បង់ទៅណាឡើយ។
ព្រះយេស៊ូវជាយុថ្កានៃវិញ្ញាណយើង ដើម្បីកុំឲ្យយើងរសាត់ចេញ ពីក្តីសង្ឃឹមក្នុងទ្រង់។-Marvin Williams…
មើលទៅឯភ្នំ!
ខ្ញុំចូលចិត្តដើរតាមផ្លូវលំមួយខ្សែ ក្នុងឧទ្យាន នៅក្បែរផ្ទះខ្ញុំ។ មានកន្លែងមួយដែលខ្ញុំដើរទៅដល់ មានទេសភាពថ្មខ្សាច់ពណ៌ក្រហម ដែលនៅខាងក្រោយ មានកំពូលភ្នំស្រួចៗដ៏ធំសម្បើម កម្ពស់ជាង ៤៣០០ម៉ែត្រ។ ជួនកាល ពេលខ្ញុំដើរកាត់កន្លែងនោះ ដោយមានបញ្ហាជាច្រើននៅក្នុងចិត្ត ខ្ញុំក៏បានមើលទៅផ្លូវលំដ៏ធំ និងរៀបស្មើនោះ។ បើសិនជាគ្មាននរណាម្នាក់ នៅក្បែរនោះទេ ខ្ញុំនឹងឈប់ ហើយសូត្រទំនុករបស់ស្តេចដាវីឌឮៗ។
គេដាក់ចំណងជើងឲ្យទំនុកនេះថា “ចម្រៀងនៃអ្នកឡើងភ្នំ”(ទំនុកដំកើង ១២០-១៣៤) ដែលកាលពីសម័យបុរាណ ប្រជាជនអ៊ីស្រាអែលតែងតែច្រៀងទំនុកមួយនេះ ខណៈពេលដែលពួកគេដើរតាមផ្លូវ ទៅទីក្រុងយេរូសាឡិម ដើម្បីចូលរួមពិធីបុណ្យធំៗទាំងបីរបស់អ៊ីស្រាអែល ដែលគេតែងប្រារព្ធធ្វើរៀងរាល់ឆ្នាំ។ ទំនុកដំកើង ជំពូក ១២១ បានចាប់ផ្តើម ដោយពាក្យថា “ខ្ញុំនឹងងើបភ្នែកមើលទៅឯភ្នំ តែសេចក្តីជំនួយជួយដល់ខ្ញុំមកពីណា សេចក្តីជំនួយរបស់ខ្ញុំមកតែពីព្រះយេហូវ៉ាទេ គឺជាព្រះដែលបង្កើតផ្ទៃមេឃ និងផែនដី”(ខ.១-២)។ ព្រះអាទិករទ្រង់មិនមែនជាអង្គបុគ្គលដែលគង់នៅឆ្ងាយពីយើងទេ តែទ្រង់ជាអ្នករួមដំណើរជាមួយយើង ដែលតែងតែគង់នៅជាមួយយើង ហើយមិនដែលងោកងុយ ក៏មិនដែលផ្ទំលក់ ទោះយើងស្ថិតក្នុងស្ថានភាពបែបណាក៏ដោយ(ខ.៣-៧) ទ្រង់ដឹកនាំ ហើយការពារយើង ក្នុងដំណើរជីវិត “ក្នុងពេលបច្ចុប្បន្ន និងជារៀងរាបដរាប”(ខ.៨)។
ក្នុងវិថីជីវិតដ៏វែងឆ្ងាយ ភ្នែករបស់យើង ត្រូវផ្តោតទៅលើព្រះ ដែលជាប្រភពនៃជំនួយរបស់យើង។ ពេលដែលយើងបាក់ទឹកចិត្ត យើងអាចនិយាយឮៗថា “ចូរមើលទៅឯភ្នំ ជំនួយខ្ញុំគឺមកពីព្រះអម្ចាស់!”-David McCasland
រៀនមិនចេះឈប់
សឺរល(Sheryl) ចូលចិត្តអានសៀវភៅខ្លាំងណាស់។ ពេលដែលអ្នកដទៃកំពុងរវល់មើលទូរទស្សន៍ ឬលេងហ្គេមវីដេអូ ភ្នែករបស់នាងបានផ្តោតទៅលើទំព័រសៀវភៅយ៉ាងជក់ចិត្ត។ នាងមានភាពឧស្សាហ៍ដូចនេះតាំងពីក្មេង។ ជាញឹកញាប់ ឪពុកម្តាយរបស់នាង បាននាំនាងទៅលេងម្តាយមីងរបស់ពួកគាត់ដែលជាម្ចាស់បណ្ណាគារមួយ។ នៅទីនោះ សឺរលតែងអង្គុយលើភ្លៅលោកតាអេឌ(Ed) ហើយគាត់ក៏បានអានសៀវភៅឲ្យស្តាប់ ដោយណែនាំនាងឲ្យស្គាល់ភាពអស្ចារ្យ និងភាពសប្បាយរីករាយ ដែលមានក្នុងសៀវភៅទាំងឡាយ។
កាលពីប៉ុន្មានសតវត្សរ៍មុន មានយុវជនម្នាក់ឈ្មោះ ធីម៉ូថេ បានទទួលការដឹកនាំ ឲ្យដើរតាមផ្លូវនៃការរៀនសូត្រ។ ក្នុងសំបុត្រចុងក្រោយរបស់សាវ័កប៉ុល គាត់បានទទួលស្គាល់ថា លោកធីម៉ូថេបានទទួលការណែនាំពីជីដូន និងម្តាយរបស់គាត់ ឲ្យសិក្សាព្រះគម្ពីរ(២ធីម៉ូថេ ១:៥)។ បន្ទាប់មក សាវ័កប៉ុលក៏បានលើកទឹកចិត្តធីម៉ូថេ ឲ្យបន្តរៀន និងនៅជាប់ក្នុងព្រះបន្ទូលព្រះ ព្រោះគាត់បានស្គាល់បទគម្ពីរទាំងប៉ុន្មាន តាំងពីក្មេង(២ធីម៉ូថេ ៣:១៤-១៥)។
សម្រាប់អ្នកជឿព្រះ យើងមិនគួរឈប់រៀនសូត្រខាងវិញ្ញាណឡើយ ព្រោះវាជួយឲ្យយើងមានអំណរ និងលូតលាស់ក្នុងជីវិតខាងវិញ្ញាណ។ ការអាន និងការរៀនព្រះគម្ពីរអាចជាផ្នែកដ៏ធំមួយ នៅក្នុងការរៀនសូត្រខាងវិញ្ញាណ តែយើងក៏ត្រូវការអ្នកដទៃលើកទឹកចិត្ត និងបង្រៀនយើងផងដែរ។
តើនរណាជួយឲ្យអ្នកលូតលាស់ខាងវិញ្ញាណ? ហើយតើមាននរណាខ្លះ ដែលអ្នកអាចជួយឲ្យលូតលាស់ខាងវិញ្ញាណ? កាលណាយើងជួយអ្នកដទៃឲ្យលូតលាស់ គឺមានន័យថា យើងកំពុងមានការដឹងគុណ និងសរសើរដំកើងព្រះ ហើយពង្រឹងទំនាក់ទំនងរបស់យើងជាមួយទ្រង់ ឲ្យកាន់តែរឹងមាំឡើង។-Dennis Fisher
អំណោយ នៃព្រះគុណព្រះ
ព្រះទ្រង់បានយាងចុះមកក្នុងលោកិយនេះ ដោយយកកំណើតជាមនុស្ស ហើយមានព្រះនាមថា យេស៊ូវ។ នេះពិតជា អំណោយដ៏អស្ចារ្យណាស់! តាមពិត ទ្រង់ជា អំណោយ ដ៏ល្អឥតខ្ចោះ មកពីព្រះ។ ការពីរយ៉ាង ដែលធ្វើឲ្យអំណោយនេះ ពិតជាអស្ចារ្យ គឺ : អំណោយទ្រង់ សម្រាប់ឲ្យយើងទទួល ដោយឥតគិតថ្លៃ ហើយក៏សម្រាប់មនុស្សគ្រប់គ្នា។ ព្រះយេស៊ូវមិនបាន យាងមក ដើម្បីជួយសង្រ្គោះ តែក្រុមមនុស្សណាមួយ តែក្នុងអំឡុងពេលដ៏ជាក់លាក់មួយ នោះឡើយ។ ទ្រង់បានយាងមក ដើម្បីជួយសង្រ្គោះមនុស្សទាំងអស់ នៅគ្រប់សម័យកាល។ ហើយក៏គ្មានការទាមទាអ្វីដែរ គឺគ្រាន់តែជឿទ្រង់ប៉ុណ្ណោះ យើងនឹងបានសង្រ្គោះហើយ។
តើអំពល់អ្វីដល់អ្នក?
ជួនកាល ខ្ញុំអាចមានការបាក់ទឹកចិត្ត នៅក្នុងការខិតខំសម្រេចគោលដៅ ពេលដែលបានដឹងថា អ្នកដទៃបានសម្រេចគោលដៅនោះបានមុន ឬបានទទួលលទ្ធផលល្អជាងខ្ញុំ។ ខ្ញុំងាយនឹងមានការបាក់ទឹកចិត្តដូចនេះ ហេតុនេះហើយ ខ្ញុំក៏បានរំឭកខ្លួនឯងឲ្យបានញឹកញាប់ថា ព្រះទ្រង់បានប្រទានដល់ខ្ញុំ នូវអ្វីៗគ្រប់យ៉ាងដែលខ្ញុំត្រូវការ ដើម្បីសម្រេចនូវកិច្ចការ ដែលទ្រង់សព្វព្រះទ័យឲ្យខ្ញុំធ្វើ។
បានសេចក្តីថា ខ្ញុំមិនចាំបាច់ត្រូវមានថវិការច្រើនជាងមុន ឬចាំបាច់ត្រូវមានការធានាថា ខ្ញុំនឹងទទួលជោគជ័យនោះឡើយ។ ខ្ញុំក៏មិនចាំបាច់ត្រូវមានបរិយាកាសការងារល្អជាងមុខ ឬមានការងារថ្មីដែរ។ ខ្ញុំក៏មិនត្រូវការការយល់ព្រម ឬការអនុញ្ញាតពីអ្នកដទៃ ហើយក៏មិនត្រូវការសុខភាពល្អ ឬពេលវេលាច្រើនជាងមុនទេ។ ព្រះទ្រង់អាចប្រទានឲ្យខ្ញុំនូវរបស់ទាំងនេះ តែខ្ញុំមានអ្វីៗដែលខ្ញុំត្រូវការហើយ ដ្បិតកាលណាទ្រង់ចាត់ឲ្យខ្ញុំ បំពេញកិច្ចការអ្វីមួយ នោះទ្រង់ក៏ប្រទាននូវធនធាន មិនឲ្យខ្ញុំខ្វះអ្វីឡើយ។ អ្វីដែលខ្ញុំត្រូវធ្វើនោះ គឺត្រូវប្រើពេលវេលា និងអំណោយទាន ដែលទ្រង់បានប្រទាន ដើម្បីធ្វើជាព្រះពរដល់អ្នកដទៃ និងថ្វាយសិរីល្អដល់ទ្រង់។
ព្រះយេស៊ូវ និងលោកពេត្រុសក៏ធ្លាប់បានសន្ទនាគ្នា អំពីបញ្ហានេះផងដែរ។ បន្ទាប់ពីបានចម្អិនអាហារពេលព្រឹក នៅលើឆ្នេរសមុទ្រកាលីឡេ ព្រះយេស៊ូវបានប្រាប់លោកពេត្រុស អំពីការអ្វីដែលនឹងកើតឡើង នៅចុងបញ្ចប់នៃជីវិតគាត់។ លោកពេត្រុសក៏បានចង្អុលទៅសាវ័កម្នាក់ទៀតរបស់ទ្រង់ ដោយទូលសួរទ្រង់ថា “តើអ្នកនោះនឹងបានដូចម្តេចទៅ?” ព្រះយេស៊ូវទ្រង់ក៏បានឆ្លើយថា “តើអំពល់អ្វីដល់អ្នក?” នេះជាសំណួរដែលខ្ញុំចាំបាច់ត្រូវសួរខ្លួនឯង នៅពេលណាខ្ញុំប្រៀបធៀបខ្លួនឯង និងអ្នកដទៃ។ ហើយខ្ញុំត្រូវឆ្លើយប្រាប់ខ្លួនឯងថា “វាមិនមែនជាអ្វីដែលខ្ញុំត្រូវខ្វល់ទេ”។ កិច្ចការដែលខ្ញុំត្រូវធ្វើនោះ គឺត្រូវដើរតាមព្រះយេស៊ូវ ដោយចិត្តស្មោះត្រង់ជានិច្ច។-Julie Ackerman Link
កុំអស់សង្ឃឹម
ការធ្វើម្ហូប អាចក្លាយជាកិច្ចការដ៏គួរឲ្យធុញទ្រាន់ បើសិនជាខ្ញុំធ្វើវាមួយថ្ងៃបីដង ជារៀងរាល់ថ្ងៃ ពីមួយសប្តាហ៍ ទៅមួយសប្តាហ៍។ ខ្ញុំអាចនឿយហត់ នឹងការបកសម្បក ចិត កាត់ ហាន់ និងលាយគ្រឿង រួចរង់ចាំឲ្យម្ហូបឆ្អិន។ ប៉ុន្តែ ខ្ញុំមិនដែលហត់នឿយនឹងការញាំអាហារទេ! តាមពិត ការញាំអាហារគឺជាអ្វីដែលមនុស្សជាទូទៅចូលចិត្ត ទោះបីជាយើងត្រូវធ្វើជារៀងរាល់ថ្ងៃក៏ដោយ។
សាវ័កប៉ុលបានបង្រៀនអំពីការសាបព្រោះ និងច្រូតកាត់ផល ព្រោះគាត់បានដឹងថា យើងអាចមានការនឿយណាយ នឹងធ្វើការល្អ(កាឡាទី ៦:៧-១០)។ គឺដូចដែលគាត់បានមានប្រសាសន៍ថា “កុំឲ្យយើងណាយចិត្តនឹងធ្វើការល្អឡើយ ដ្បិតបើមិនរសាយចិត្តទេ នោះដល់កំណត់ យើងនឹងច្រូតបានហើយ”(ខ.៩)។ ការស្រឡាញ់ខ្មាំងសត្រូវ ការប្រៀនប្រដៅកូន ឬអធិស្ឋានឥតឈប់ឈរ មិនមែនជាការងាយស្រួលទេ។ ទោះជាយ៉ាងណាក៏ដោយ ការច្រូតកាត់ផលល្អ ដែលយើងសាបព្រោះ គឺមិនគួរឲ្យធុញទ្រាន់ទេ! តើយើងនឹងមានអំណរប៉ុណ្ណា ពេលយើងឃើញសេចក្តីស្រឡាញ់ឈ្នះទុក្ខព្រួយ ឬឃើញក្មេងៗដើរតាមផ្លូវរបស់ព្រះ ឬបានដឹងថា ការអធិស្ឋានរបស់យើងបានទទួលការឆ្លើយតប។
ការចម្អិនអាហារអាចចំណាយពេលជាច្រើនម៉ោង ប៉ុន្តែ តាមធម្មតា ក្រុមគ្រួសាររបស់ខ្ញុំញាំអាហារជុំគ្នា ដោយចំណាយពេលយ៉ាងយូរ២០នាទី។ តែការទទួលផលខាងវិញ្ញាណ គឺមានរយៈពេលអស់កល្បជានិច្ច។ ដរាបណា យើងនៅមានពេលនៅឡើយ ចូរយើងធ្វើការល្អ ហើយរង់ចាំទទួលព្រះពរពីព្រះ តាមពេលដែលទ្រង់បានកំណត់។ នៅថ្ងៃនេះ ចូរកុំអស់សង្ឃឹម ក្នុងការធ្វើដំណើរតាមផ្លូវរបស់ព្រះឡើយ។ ចូរយើងចាំថា យើងនឹងបានច្រូតកាត់ផល ជាក្តីអំណរដ៏អស់កល្បជានិច្ច។-Keila…