អង្គុយនៅក្បែរ
មានពេលមួយ មិត្តភក្តិរបស់ខ្ញុំម្នាក់ កំពុងឆ្លងកាត់ទុក្ខលំបាកជាច្រើន ក្នុងជីវិត និងគ្រួសារគាត់។ ខ្ញុំក៏បានប្រាប់គាត់ថា ខ្ញុំមិនដឹងថា ត្រូវនិយាយ ឬធ្វើអ្វីឡើយ។ គាត់ក៏បានមើលមុខខ្ញុំ ហើយប្រាប់ខ្ញុំឲ្យគ្រាន់តែអង្គុយនៅក្បែរគាត់បានហើយ។ ខ្ញុំក៏បាននៅក្បែរគាត់ ហើយក្រោយមក យើងក៏បានចាប់ផ្តើមជជែកគ្នា អំពីសេចក្តីស្រឡាញ់របស់ព្រះ។
ជារឿយៗ ពេលដែលអ្នកដទៃកំពុងសោកសង្រេង យើងមិនដឹងថា ត្រូវឆ្លើយតបយ៉ាងដូចម្តេចទេ ហើយពេលខ្លះ ការនិយាយស្តីទៅកាន់ពួកគេ អាចធ្វើឲ្យពួកគេមានទុក្ខកាន់តែខ្លាំង។ ការបម្រើអ្នកដទៃតម្រូវឲ្យយើងយល់ចិត្តពួកគេ ដោយដឹងថា ពួកគេត្រូវការអ្វី។
ជាញឹកញាប់ យើងអាចជួយពួកគេ ដោយបំពេញតម្រូវការជាក់ស្តែងរបស់ពួកគេ។ ប៉ុន្តែ ការអង្គុយនៅក្បែរ ស្តាប់ពួកគេនិយាយ អាចស្ថិតក្នុងចំណោមដំណោះស្រាយដ៏ល្អបំផុត ដើម្បីលើកទឹកចិត្តពួកគេ។ ព្រះទ្រង់គង់នៅក្បែរយើង ពេលយើងស្រែកអំពាវនាវរកទ្រង់។ គឺដូចដែលអ្នកនិពន្ធទំនុកដំកើង បានពោលឡើងថា “ឯមនុស្សសុចរិត គេអំពាវនាវ ហើយព្រះយេហូវ៉ាទ្រង់ទទួលស្តាប់ ទ្រង់ក៏ប្រោសគេឲ្យរួចពីគ្រប់សេចក្តីលំបាករបស់គេ ព្រះយេហូវ៉ាទ្រង់គង់ជិតបង្កើយនឹងអស់អ្នក ដែលមានចិត្តសង្រេង ហើយទ្រង់ជួយសង្គ្រោះដល់អស់អ្នក ដែលមានវិញ្ញាណទន់ទាប”(ទំនុកដំកើង ៣៤:១៧-១៨)។
យើងអាចជួយអ្នកដែលកំពុងមានការឈឺចាប់ ដោយយល់ចិត្ត ហើយបង្ហាញក្តីអាណិតចំពោះពួកគេ។ យើងអាចអង្គុយនៅក្បែរពួកគេ ដូចដែលព្រះគង់នៅជាមួយយើងដែរ។ ហើយព្រះវិញ្ញាណបរិសុទ្ធនឹងប្រទានឲ្យយើងមានពាក្យសម្រាប់និយាយទៅកាន់ពួកគេ បើសិនជាចាំបាច់។-Keila Ochoa
ការបម្រើដ៏ស្មោះត្រង់
ដោយសារលោកស៊ី អេស លូអ៊ីស(C.S. Lewis) ធ្លាប់បានបម្រើក្នុងជួរទ័ព កាលពីសម័យសង្រ្គាមលោកទី១ នោះគាត់ក៏បានដឹងអំពីភាពតប់ប្រម៉ល់ នៃការងារជាទាហាន។ ក្នុងការថ្លែងសន្ទរកថាជាសាធារណៈ ក្នុងអំឡុងពេលសង្រ្គាមលោកលើកទី២ គាត់បានពិពណ៌នាយ៉ាងប៉ិនប្រសប់ អំពីទុក្ខលំបាក ដែលទាហានទាំងឡាយត្រូវជួបប្រទះ យ៉ាងដូចនេះថា “ការភ័យខ្លាច ដែលយើងមានចំពោះទុក្ខលំបាកគ្រប់យ៉ាង គឺប្រៀបបាននឹងទុក្ខលំបាកបានប្រមូលផ្តុំ នៅក្នុងជីវិតរបស់ទាហាន ដែលកំពុងបម្រើយ៉ាងសកម្ម នៅសមរភូមិ។ ជម្ងឺជាទុក្ខលំបាកដែលបានធ្វើឲ្យយើងខ្លាចការឈឺចាប់ និងសេចក្តីស្លាប់។ ភាពក្រីក្រីបានធ្វើឲ្យយើងខ្លាចការខ្វះខាត ភាពរងារ ភាពក្តៅហួតហែង និងការស្រេកឃ្លាន”។ ភាពជាទាសករ បានធ្វើឲ្យយើងខ្លាចការនឿយហត់ ភាពអន់ថោក ភាពអយុត្តិធម៌ និងការគៀបសង្កត់។ ការនិរទេសបានកាត់ផ្តាច់អ្នក ចេញពីមនុស្សជាទីស្រឡាញ់”។
សាវ័កប៉ុលបានពិពណ៌នាអំពីជីវិតរបស់ទាហាន ដែលត្រូវឆ្លងកាត់ទុក្ខលំបាកជាច្រើន ជាការប្រៀបប្រដូចទៅនឹងគ្រីស្ទបរិស័ទ ដែលអាចជួបទុក្ខលំបាក ក្នុងការបម្រើព្រះគ្រីស្ទ។ សាវ័កប៉ុលបានអត់ទ្រាំនឹងទុក្ខលំបាកដោយចិត្តស្មោះត្រង់ ដើម្បីដំណឹងល្អ រហូតដល់ចុងបញ្ចប់នៃជីវិតគាត់។ គាត់បានលើកទឹកចិត្តលោកធីម៉ូថេ ឲ្យមានការអត់ទ្រាំនឹងទុក្ខលំបាកផងដែរ គឺដូចដែលគាត់បានផ្តាំលោកធីម៉ូថេថា “ចូរឲ្យអ្នកទ្រាំទ្រទុក្ខលំបាក ដូចជាទាហានយ៉ាងល្អរបស់ព្រះយេស៊ូវគ្រីស្ទចុះ”(២ធីម៉ូថេ ២:៣)។
ការបម្រើព្រះគ្រីស្ទ តម្រូវឲ្យយើងមានចិត្តអំណត់។ យើងអាចជួបឧបស័គ្គដូចជា បញ្ហាសុខភាព ឬទំនាក់ទំនង ឬមួយជួបស្ថានភាពដែលពិបាកៗជាដើម។ តែក្នុងនាមជាទាហានដ៏ល្អ យើងត្រូវមមុលទៅមុខ ដោយពឹងផ្អែកលើកម្លាំងរបស់ព្រះ ព្រោះយើងបម្រើស្តេចលើអស់ទាំងស្តេច និងព្រះអម្ចាស់លើអស់ទាំងព្រះអម្ចាស់ ដែលបានលះបង់ព្រះជន្មដើម្បីយើងរាល់គ្នា!-Dennis Fisher
ការសរសើរព្រះដ៏មានព្រះជន្មរស់
កាលពីឆ្នាំ២០០៥ ពេលដែលអ្នកស្រីរ៉ូសា ផាកស៍(Rosa Parks) ដែលជាវីរនារីទាមទារសិទ្ធិពលរដ្ឋនៃសហរដ្ឋអាមេរិក បានទទួលមរណៈភាព អ្នកស្រីអូប្រាហ វីនហ្វ្រេយ(Oprah Winfrey) បានរាប់ថា ខ្លួនគាត់មានអភ័យឯកសិទ្ធិណាស់ ដែលបានពោលសរសើរអ្នកស្រីរ៉ូសា ក្នុងពិធីបុណ្យសពរបស់គាត់។ អ្នកស្រីអូប្រាហ បានមានប្រសាសន៍អំពីស្រ្តីគំរូម្នាក់នេះ ដែលមិនព្រមងើបចេញពីកៅអីអង្គុយក្នុងឡានក្រុង ដែលគេទុកសម្រាប់ឲ្យបុរសស្បែកសរអង្គុយ នៅឆ្នាំ១៩៥៥។ គឺដូចដែលគាត់មានប្រសាសន៍ថា “ជាញឹកញាប់ ខ្ញុំបានគិតអំពីការដែលគាត់មិនព្រមងើបចេញពីកៅអី ដែលគេទុកសម្រាប់តែជនជាតិស្បែកសរអង្គុយ ដោយគាត់ដឹងថា បរិយ៉ាកាសសង្គមនៅសម័យនោះ មានលក្ខណៈយ៉ាងដូចម្តេច ហើយមានអ្វីខ្លះអាចកើតឡើងចំពោះគាត់។ គាត់បានធ្វើការនេះ ដោយមិនខ្វល់ពីខ្លួនឯង ហើយក៏បានធ្វើឲ្យការរស់នៅមានភាពល្អប្រសើរឡើងសម្រាប់យើងរាល់គ្នា”។
ជាញឹកញាប់ យើងអាចនិយាយសរសើរអ្នកដទៃ នៅពិធីបុណ្យសពរបស់ពួកគេ តែយើងក៏អាចនិយាយសរសើរអ្នកដទៃ នៅកន្លែងផ្សេងទៀតផងដែរ។ ក្នុងបន្ទាត់ដំបូងនៃបទគម្ពីរអេភេសូរ សាវ័កប៉ុលបានពោលសរសើរព្រះដ៏មានព្រះជន្មរស់ថា “សូមសរសើរដល់ព្រះដ៏ជាព្រះវរបិតានៃព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើងរាល់គ្នា”។ គាត់បានប្រើពាក្យ “សូមសរសើរ” ដោយអញ្ជើញពួកជំនុំនៅក្រុងអេភេសូរ ឲ្យចូលរួមជាមួយគាត់ នៅក្នុងការសរសើរដំកើងព្រះ សម្រាប់ព្រះពរខាងវិញ្ញាណគ្រប់ប្រភេទ ដែលមានដូចជា : ព្រះបានជ្រើសរើស ហើយទទួលចិញ្ចឹមពួកគេ, ព្រះយេស៊ូវបានប្រោសលោះ អត់ទោស ហើយក៏បានបើកបង្ហាញពួកគេ ឲ្យស្គាល់អាថ៌កំបាំងនៃដំណឹងល្អ ហើយព្រះវិញ្ញាណក៏បានធានា និងដៅចំណាំពួកគេ។ សេចក្តីសង្រ្គោះដ៏អស្ចារ្យនេះ គឺជាព្រះរាជកិច្ចរបស់ព្រះ និងព្រះគុណរបស់ទ្រង់។
ចូរយើងបន្តផ្តោតគំនិតយើង ទៅលើព្រះពររបស់ព្រះ ដែលមានក្នុងព្រះគ្រីស្ទ…
តាមរបៀបរបស់ខ្ញុំ
មានក្មេងតូចពីរនាក់ កំពុងលេងល្បែងដ៏ស្មុគ្រស្មាញមួយ ដោយប្រើចង្កឹះ និងខ្សែ។ បន្ទាប់ពីលេងបានពីរបីនាទី ក្មេងប្រុសដែលមានអាយុច្រើនជាងគេ ក៏បានងាកមកមិត្តភក្តិដែលលេងជាមួយនោះ ហើយនិយាយដោយអំណួតថា “ឯងធ្វើមិនត្រូវទេ។ នេះជាល្បែងរបស់ខ្ញុំ ហើយយើងត្រូវលេងតាមរបៀបខ្ញុំ។ ឯងមិនអាចលេងទៀតទេ!” រឿងនេះបានបង្ហាញថា មនុស្សយើងចង់ឲ្យគេធ្វើអ្វីតាមចិត្តខ្លួន តាំងពីនៅតូច។
លោកណាម៉ាន់ជាមនុស្សដែលធ្លាប់តែឲ្យគេ ធ្វើអ្វីៗតាមចិត្តខ្លួន។ គាត់ជាមេទ័ពរបស់ស្តេចនៃនគរស៊ីរី។ តែលោកណាម៉ាន់ មានជម្ងឺមួយដែលមិនអាចព្យាបាលជា។ មានក្មេងស្រីម្នាក់ជាអ្នកបម្រើរបស់ភរិយាគាត់ ដែលជាឈ្លើយសឹក ដែលគេបាននាំមកពីនគរអ៊ីស្រាអែល។ មានពេលមួយនាងបានសុំឲ្យគាត់ទៅស្វែងរកការប្រោសឲ្យជា ពីលោកអេលីសេ ដែលជាហោរារបស់ព្រះ។ លោកណាម៉ាន់មានចិត្តអន្ទះសារចង់ទទួលការប្រោសឲ្យជាភ្លាមៗ តែគាត់ចង់ឲ្យលោកហោរាធ្វើដំណើរមករកគាត់។ គាត់ចង់ឲ្យគេប្រព្រឹត្តចំពោះគាត់ ដោយមានរបៀបរបបធំដុំ និងមានការគោរព។ ដូចនេះ ពេលលោកអេលីសេប្រាប់គាត់ឲ្យចុះទៅងូតទឹកទន្លេយ័រដាន់ប្រាំពីរដង គាត់ក៏មានការខឹងសម្បារ! គាត់មិនព្រមធ្វើតាមឡើយ(២ពង្សាវតាក្សត្រ ៥:១០-១២)។ ដូចនេះ ទាល់តែគាត់បានបន្ទាបខ្លួន ហើយធ្វើតាមរបៀបរបស់ព្រះ ទើបគាត់បានជាពីជម្ងឺឃ្លង់(ខ.១៣-១៤)។
យើងប្រហែលជាធ្លាប់ទូលព្រះថា “ទូលបង្គំនឹងធ្វើ តាមរបៀបរបស់ទូលបង្គំ”។ ប៉ុន្តែ របៀបរបស់ទ្រង់ជារបៀបដែលល្អបំផុតជានិច្ច។ ដូចនេះ ចូរយើងសូមឲ្យព្រះប្រទានឲ្យយើងមានចិត្តបន្ទាបខ្លួន ដើម្បីនឹងស្ម័គ្រចិត្តជ្រើសរើសផ្លូវរបស់ទ្រង់ ជាជាងដើរតាមផ្លូវរបស់យើង។-Marion Stroud
ទឹកភ្នែកនៃក្តីអាណិត
ពេលខ្ញុំកំពុងអង្គុយជាមួយក្មេងជំទង់៤នាក់ និងបុរសអនាថា ដែលមានអាយុប្រហែល២០ឆ្នំា នៅកន្លែងចែកអាហារដល់អ្នកក្រ នៅរដ្ឋអាឡាស្កា ខ្ញុំមានការប៉ះពាល់ចិត្ត ដោយបានឃើញក្មេងជំទង់ទាំងនោះមានចិត្តអាណិតចំពោះបុរសអនាថានោះ។ ពួកគេបានស្តាប់យ៉ាងយកចិត្តទុកដាក់ ពេលគាត់និយាយអំពីជំនឿរបស់គាត់ ហើយបន្ទាប់មក ពួកគេក៏បានផ្សាយដំណឹងល្អដល់គាត់ ដោយចិត្តសុភាព ដោយផ្តល់ឲ្យគាត់នូវក្តីសង្ឃឹម ក្នុងព្រះយេស៊ូវ ដោយក្តីស្រឡាញ់។ គួរឲ្យស្តាយណាស់ ពេលនោះ បុរសនោះមិនចង់ស្តាប់ដំណឹងល្អទេ។
ពេលយើងកំពុងចាកចេញទៅ ក្នុងចំណោមក្មេងស្រីជំទង់ទាំងនោះ មានក្មេងស្រីម្នាក់ឈ្មោះ ហ្គ្រេស(Grace) បានបង្ហាញអារម្មណ៍ តាមរយៈទឹកភ្នែករបស់នាង ឲ្យគេដឹងថា នាងមិនចង់ឲ្យបុរសនោះ ស្លាប់ទៅដោយមិនបានស្គាល់ព្រះយេស៊ូវទេ។ នាងក៏បានទួញយំចេញពីចិត្ត សម្រាប់បុរសម្នាក់នេះ ដែលកំពុងតែបដិសេធន៍សេចក្តីស្រឡាញ់នៃព្រះសង្រ្គោះ នៅពេលនោះ។
ទឹកភ្នែករបស់ក្មេងជំទង់ម្នាក់នេះ បានរំឭកខ្ញុំអំពីសាវ័កប៉ុល ដែលបានបម្រើព្រះអម្ចាស់ ដោយការបន្ទាបខ្លួន ហើយមានទុក្ខសោកនៅក្នុងចិត្ត ចំពោះជនរួមជាតិរបស់គាត់ ព្រោះគាត់ចង់ឲ្យពួកគេទទួលជឿព្រះគ្រីស្ទ(រ៉ូម ៩:១-៥)។ សេចក្តីអាណិតរបស់សាវ័កប៉ុល និងការដែលគាត់ខ្វល់ពីអ្នកដទៃ ប្រាកដជាបាននាំឲ្យគាត់ស្រក់ទឹកភ្នែកជាច្រើនដង។
បើយើងមានចិត្តខ្វល់ខ្វាយចំពោះអ្នកដទៃ ដែលមិនទាន់បានទទួលអំណោយនៃសេចក្តីសង្រ្គោះរបស់ព្រះ តាមរយៈព្រះគ្រីស្ទ យើងនឹងស្វែងរកវិធីចែកចាយអំពីសេចក្តីសង្រ្គោះរបស់ព្រះដល់ពួកគេមិនខាន។ ចូរយើងប្រើជំនឿ និងក្តីអាណិតរបស់យើង ដើម្បីនាំដំណឹងល្អទៅផ្សាយដល់អ្នកដែលត្រូវការព្រះសង្រ្គោះ។-Dave Branon
ឈ្មោះដែលបានដាក់ឲ្យ
គ្រួសារភាគច្រើនមានរឿងផ្សេងៗប្រចំាគ្រួសារ។ ជាក់ស្តែង ក្រុមគ្រួសារខ្ញុំក៏មានរឿងមួយ ដែលប្រាប់ពីរបៀបដែលឪពុកម្តាយខ្ញុំបានដាក់ឈ្មោះឲ្យខ្ញុំ។ ក្នុងអំឡុងពេលដំបូង នៃជីវិតអាពាហ៍ពិពាហ៍របស់ឪពុកម្តាយខ្ញុំ ពួកគាត់ប្រហែលជាមានការមិនយល់ស្របគ្នា នៅក្នុងការដាក់ឈ្មោះឲ្យកូនប្រុសដំបូងរបស់ពួកគាត់។ ម្តាយរបស់ខ្ញុំចង់បានកូនប្រុសម្នាក់ ដែលមានឈ្មោះដូចឪពុករបស់ខ្ញុំ តែឪពុកខ្ញុំមិនចង់ឲ្យកូនប្រុសគាត់មានឈ្មោះដូចគាត់ទេ។ បានជាបន្ទាប់ពីមានការពិភាក្សាជាច្រើនមក ពួកគាត់ក៏បានព្រមព្រមគ្នាថា បើកូនប្រុសពួកគាត់ កើតនៅថ្ងៃដូចឪពុកខ្ញុំ ពួកគាត់នឹងដាក់ឈ្មោះឲ្យដូចឪពុកខ្ញុំ។ ខ្ញុំក៏បានកើតនៅចំថ្ងៃកំណើតរបស់ឪពុកខ្ញុំ។ រឿងនេះ ពិតជាអស្ចារ្យណាស់។ ហើយខ្ញុំក៏មានឈ្មោះដូចគាត់ ដោយគ្រាន់តែបន្ថែមឈ្មោះពីក្រោយថា “ជូនា”(Junior) ដែលប្រែមកថា “តូច”។
ការដាក់ឈ្មោះឲ្យកូន ក៏ជាការសំខាន់ផងដែរ ដែលមានតាំងពីសម័យដើមមក។ ពេលលោកយ៉ូសែបបានទទួលដំណឹងថា នាងម៉ារា ដែលជាគូដណ្តឹងមានផ្ទៃពោះ គាត់មានការពិបាកចិត្តយ៉ាងខ្លាំង។ ពេលនោះ មានទេវតាមួយអង្គបានយាងមកជួបគាត់ ដើម្បីប្រាប់គាត់ អំពីព្រះទ័យព្រះវរបិតា នៅក្នុងការដាក់ឈ្មោះឲ្យបុត្រដែលនឹងប្រសូត្រនោះ ដោយមានបន្ទូលថា “នាងនឹងប្រសូតបុត្រា១ ហើយអ្នកត្រូវថ្វាយព្រះនាមថា «យេស៊ូវ» ព្រោះបុត្រនោះនឹងជួយសង្គ្រោះរាស្ត្រទ្រង់ ឲ្យរួចពីបាប”(ម៉ាថាយ ១:២១)។ ត្រង់ចំណុចនេះ ទេវតាមិនគ្រាន់តែបានប្រាប់ឲ្យដាក់ឈ្មោះបុត្រតូចនោះថា យេស៊ូវប៉ុណ្ណោះទេ តែព្រះនាមទ្រង់បញ្ជាក់ប្រាប់ពីមូលហេតុ ដែលទ្រង់យាងមកក្នុងលោកិយ : គឺដើម្បីទទួលទោសនៃអំពើបាប ដែលយើងសក្តិសមនឹងទទួល។ គោលបំណងដែលទ្រង់បានយាងមកប្រសូត្រ នៅក្នុងក្រោលសត្វ គឺបានបង្ហាញ នៅក្នុងព្រះនាមរបស់ទ្រង់ ដែលជាព្រះនាមលើអស់ទាំងនាម។
សូមឲ្យចិត្តយើងប៉ងប្រាថ្នាចង់រស់នៅ តាមរបៀបដែលថ្វាយព្រះកិត្តិយស ដល់ព្រះនាមដ៏អស្ចារ្យរបស់ទ្រង់!-Bill Crowder…
ចិត្តដែលផ្លាស់ប្រែ
ក្នុងអំឡុងដើមទសវត្សរ៍ឆ្នាំ ១៩៧០ នៅប្រទេសហ្កាណា មានបណ្ណប្រកាស ដែលមានចំណងជើងថា “ចិត្តរបស់មនុស្ស” ត្រូវបានគេបិទនៅតាមជញ្ជាំងអគារជាច្រើន និងនៅលើក្តារខៀនបិទប្រកាសសាធារណៈ។ នៅលើបណ្ណប្រកាសនោះ គេឃើញមានរូបសត្វល្មូនគ្រប់ប្រភេទ (ជានិមិត្តរូបតំណាងឲ្យសេចក្តីអាក្រក់ ដែលគួរឲ្យស្អប់ខ្ពើម) នៅក្នុងរូបគំនូរបេះដូង ដែលនៅខាងលើមានក្បាលបុរសម្នាក់ដែលមិនសប្បាយចិត្តសោះ។ នៅក្នុងរូបមួយទៀត គេឃើញមានរូបបេះដូង ដែលស្អាត ហើយស្រគត់ស្រគំ ហើយនៅពីលើមានរូបក្បាលមនុស្សប្រុសម្នាក់ដែលមានការស្កប់ចិត្ត។
នៅពីក្រោមរូបទាំងពីរនោះ គេបានសរសេរអក្សរថា “តើចិត្តរបស់អ្នកមានសណ្ឋានដូចរូបមួយណា?” ក្នុងបទគម្ពីរ ម៉ាថាយ ១៥:១៨-១៩ ព្រះយេស៊ូវបានពន្យល់ អំពីការអ្វីដែលធ្វើឲ្យមនុស្សស្មោកគ្រោក។ គឺដូចដែលទ្រង់មានបន្ទូលថា “ឯសេចក្តីដែលចេញពីមាត់មក នោះមកអំពីចិត្តវិញ គឺសេចក្តីទាំងនោះហើយ ដែលធ្វើឲ្យមនុស្សស្មោកគ្រោក ដ្បិតគឺពីក្នុងចិត្តនោះឯងដែលចេញអស់ទាំងគំនិតអាក្រក់ គឺការកាប់សំឡាប់គេ ផិតគ្នា សហាយស្មន់ លួចប្លន់ ធ្វើបន្ទាល់ក្លែងក្លាយ ហើយនិងជេរប្រមាថ”។ នោះហើយជាសណ្ឋាននៃចិត្ត ដែលបែកចេញពីព្រះ គឺសណ្ឋាននៃចិត្តរបស់ជនជាតិអ៊ីស្រាអែល ពេលដែលអំពើបាបរបស់ពួកគេបានបង្ខំឲ្យពួកគេនិរទេសចេញពីស្រុកកំណើត(អេសេគាល ៣៦:២៣)។
ព្រះទ្រង់បានសន្យា ក្នុងបទគម្ពីរ អេសេគាល ៣៦:២៦ ថា “អញនឹងឲ្យឯងមានចិត្តថ្មី ហើយនឹងដាក់វិញ្ញាណថ្មីនៅក្នុងឯងដែរ អញនឹងដកចិត្តដែលរឹងដូចថ្ម ពីរូបសាច់ឯងចេញ រួចនឹងឲ្យមានចិត្តជាសាច់វិញ”(សូមមើល ១១:១៩ ផងដែរ)។ ព្រះទ្រង់នឹងដកចេញនូវចិត្តរឹងរូស ដែលបានបង្ខូចដោយការអាក្រក់គ្រប់យ៉ាង ហើយប្រទានដល់យើង នូវចិត្តដែលស្អាតស្អំ…
អ្នកថែរបំប៉នខាងវិញ្ញាណ
លោកហ្វ្រានស៊ីស អេឡិន(Francis Allen) បាននាំឲ្យខ្ញុំទទួលជឿព្រះយេស៊ូវ ហើយសព្វថ្ងៃនេះ លោកហ្វ្រានស៊ីសជិតដល់ពេលដែលគាត់ត្រូវទៅជួបព្រះយេស៊ូវមុខទល់នឹងមុខហើយ។ ខ្ញុំក៏បានទៅលេងផ្ទះគាត់ ពេលដែលគាត់កាន់តែជិតដល់ពេលជម្រាបលាយើងរាល់គ្នាទៅនៅនគរស្ថានសួគ៌។ ខ្ញុំចង់និយាយទៅកាន់គាត់ នូវការអ្វីដែលគួរឲ្យចងចាំ និងមានន័យ។
ខ្ញុំបានឈរនៅក្បែរគ្រែគេងរបស់គាត់ អស់រយៈពេលជិត១ម៉ោង។ គាត់បានអស់សំណើច ពេលខ្ញុំនិយាយរឿងរបស់ខ្ញុំឲ្យគាត់ស្តាប់។ បន្ទាប់មក គាត់ក៏អស់កម្លាំង ហើយយើងក៏និយាយសាច់ការណ៍វិញម្តង ដោយគាត់ចំណាយកម្លាំង ដើម្បីនិយាយប្រាប់ខ្ញុំ អំពីចំណុចខ្វះខាតដែលគាត់នៅឃើញមាន ក្នុងជីវិតខ្ញុំ។ ខ្ញុំក៏បានស្តាប់គាត់និយាយ ទាំងខំព្យាយាមនឹករកពាក្យសម្រាប់និយាយលាគាត់ជាលើកចុងក្រោយ។ គាត់ក៏បានកាត់សម្តីខ្ញុំ មុនពេលខ្ញុំមានឱកាសនិយាយលាគាត់។ គាត់ថា “រេនឌី(Randy) អ្នកចាំអ្វីដែលខ្ញុំបានប្រាប់អ្នកទេ? យើងគ្មានអ្វីដែលត្រូវខ្លាច នៅក្នុងរឿងនៃជីវិតរបស់យើងឡើង ព្រោះយើងដឹងថា ជីវិតយើងនឹងបញ្ចប់ដោយរបៀបណា។ ខ្ញុំមិនមានការភ័យខ្លាចទេ។ អ្នកទៅធ្វើអ្វី ដែលខ្ញុំបានប្រាប់អ្នកចុះ”។ ពាក្យជម្រុញចិត្តនេះ បានរំឭកខ្ញុំ អំពីការអ្វីដែលសាវ័កប៉ុលបាននិយាយ ទៅកាន់អ្នកជឿព្រះ នៅក្រុងភីលីពថា “សេចក្តីអ្វីដែលអ្នករាល់គ្នាបានរៀន បានទទួល បានឮ ហើយឃើញក្នុងខ្ញុំ នោះចូរឲ្យប្រព្រឹត្តតាមសេចក្តីទាំងនោះចុះ”(ភីលីព ៤:៩)។
លោកហ្វ្រង់ស៊ីសមានពន្លឺ នៅក្នុងកែវភ្នែកគាត់ នៅថ្ងៃចុងក្រោយដែលខ្ញុំជួបគាត់ ដូចកាលថ្ងៃទីមួយ ដែលខ្ញុំជួបគាត់។ គាត់គ្មានការភ័យខ្លាចនៅក្នុងចិត្តគាត់ទេ។ ពាក្យពេចន៍ជាច្រើនដែលខ្ញុំបានសរសេរ រឿងដែលខ្ញុំបាននិយាយប្រាប់ និងមនុស្សដែលខ្ញុំបានបម្រើ គឺខ្ញុំបានធ្វើដោយការលើកទឹកចិត្តពីលោកហ្រ្វង់ស៊ីស។ ពេលដែលយើងធ្វើដំណើរឆ្លងកាត់ជីវិតនេះ សូមយើងចងចាំអំពីអ្នកដែលបានផ្តល់ឲ្យយើង នូវការលើកទឹកចិត្តខាងវិញ្ញាណ។-Randy…
ការងាកចេញពីភាពបាត់បង់
អ្នកនិពន្ធម្នាក់ ឈ្មោះលោកវីលៀម ហ្ស៊ីនស័រ(William Zinsser) បានពិពណ៌នា អំពីការទៅមើលផ្ទះរបស់គាត់ជាលើកចុងក្រោយ។ គាត់បានចម្រើនវ័យធំឡើង ក្នុងផ្ទះនោះ ជាកន្លែងដែលគាត់ស្រឡាញ់យ៉ាងខ្លាំង កាលពីវ័យកុមារ។ ពេលគាត់ និងភរិយាគាត់បានធ្វើដំណើរមកដល់កូនភ្នំមួយ ដែលគេអាចឈរមើលតំបន់ឆកសមុទ្រម៉ានហាសសេត(Manhasset Bay) និងតំបន់ឡង អាយឡិន សោន(Long Island Sound) ពួកគេក៏បានដឹងថា ផ្ទះនោះត្រូវបានគេរុះរើចោលហើយ នៅសល់តែរណ្តៅដ៏ធំមួយប៉ុណ្ណោះ។ ពួកគេក៏ដើរទៅកាន់ជញ្ជាំងការពារទឹកសមុទ្រ ដែលនៅក្បែរនោះ ដោយការបាក់ទឹកចិត្ត។ លោកវីលៀមក៏បានមើលទៅឆ្នេរសមុទ្រ ដែលមានសម្លេង និងទេសភាពដ៏ស្រស់ស្អាត។
ក្រោយមក គាត់ក៏បានសរសេរអំពីបទពិសោធន៍មួយនេះ នៅក្នុងសៀវភៅរបស់គាត់ថា “ខ្ញុំមានអារម្មណ៍ធូរស្បើយ ហើយគ្រាន់តែមិនសប្បាយចិត្តបន្តិច។ ទេសភាពមាត់សមុទ្រនៅតែល្អស្អាតដូចមុន : គឺទេសភាពដី និងសមុទ្រដែលព្រះបានតុបតែងយ៉ាងពិសេស ដែលខ្ញុំនៅតែចងចាំយ៉ាងច្បាស់ បានជាខ្ញុំនៅតែស្រមៃឃើញនៅក្នុងចិត្ត”។
អ្នកនិពន្ធបទគម្ពីរទំនុកដំកើង ក៏បានសរសេរនៅក្នុងបទគម្ពីរទំនុកដំកើង អំពីពេលដ៏វេទនា ដែលព្រលឹងគាត់មិនព្រមក្សាន្តទុក្ខ ហើយវិញ្ញាណគាត់ក៏ល្វើយទៀត(ទំនុកដំកើង ៧៧:២-៣)។ ប៉ុន្តែ ក្នុងពេលមានទុក្ខយ៉ាងនេះ គាត់ឈប់ផ្តោតទៅលើសេចក្តីទុក្ខរបស់គាត់ ហើយងាកមកផ្តោតចិត្តទៅលើព្រះសង្រ្គោះរបស់គាត់វិញ ដោយថ្លែងថា “ទូលបង្គំនឹងរឭកពីអស់ទាំងការនៃព្រះយេហូវ៉ា ដ្បិតទូលបង្គំនឹកឃើញអស់ទាំងការអស្ចារ្យ ដែលទ្រង់បានធ្វើកាលពីដើម”(ខ.១១)។
ដើម្បីជម្នះការបាក់ទឹកចិត្ត យើងត្រូវផ្តោតទៅលើព្រះ ជាជាងផ្តោតទៅលើការបាត់បង់។ ព្រះអម្ចាស់អញ្ជើញយើងឲ្យក្រឡេកមកមើលទ្រង់ ហើយឃើញទំហំនៃសេចក្តីល្អរបស់ទ្រង់ ព្រះវត្តមានដែលគង់នៅជាមួយយើង…
វាលរហោស្ថានខាងវិញ្ញាណ
តើវាលរហោស្ថានមានអ្វី ក្រៅពីភាពស្ងួតហួតហែង ដីហុយសំពោង ហើយនិងគ្រោះថ្នាក់នោះ។ វាជាកន្លែងដែលមានទឹកតិចតួច ពិបាកនឹងឲ្យមានជីវិតរស់នៅណាស់។ ដូចនេះ គ្មាននរណាចង់រស់នៅក្នុងវាលរហោស្ថានទេ។ ការរស់នៅក្នុងវាលរហោស្ថាន គឺពិបាកណាស់។ មានមនុស្សតិចតួចណាស់ ដែលជ្រើសរើសកន្លែងបែបនេះ។ តែជួនកាល យើងធ្លាក់ខ្លួន ចូលទៅក្នុងវាលរហោស្ថាន ដោយមិនអាចជៀសបាន។
នៅគ្រាសញ្ញាចាស់ យើងឃើញថា រាស្រ្តរបស់ព្រះបានធ្លាប់ឆ្លងកាត់ការរស់នៅ ក្នុងវាលរហោស្ថាន។ ភាគច្រើននៃទឹកដី នៅតំបន់មជ្ឈិមបូព៌ា រាប់បញ្ចូលទាំងអ៊ីស្រាអែល គឺជាវាលរហោស្ថាន លើកលែងតែតំបន់ជ្រលងភ្នំយ័រដាន់ និងតំបន់នៅជុំវិញសមុទ្រកាលីឡេ។ ព្រះទ្រង់សម្រេចព្រះទ័យ “កសាងមហាគ្រួសាររបស់ទ្រង់” ក្នុងតំបន់ ដែលហ៊ុមព័ទ្ធទៅដោយវាលរហោស្ថាន ជាកន្លែងដែលទ្រង់អាចសម្តែងចេញនូវសេចក្តីល្អ ដល់កូនរបស់ទ្រង់ ពេលដែលពួកគេទុកចិត្តលើការការពារ និងការផ្គត់ផ្គង់ជាប្រចាំថ្ងៃរបស់ទ្រង់(អេសាយ ៤៨:១៧-១៩)។
សព្វថ្ងៃនេះ មនុស្សភាគច្រើនមិនរស់នៅក្នុងវាលរហោស្ថានខាងសាច់ឈាមទេ តែជាញឹកញាប់ យើងបានឆ្លងកាត់ទុក្ខលំបាកក្នុងជីវិត ដែលប្រៀបបាននឹងការធ្វើដំណើរក្នុងវាលរហោស្ថាន។ ជួនកាល យើងធ្លាក់ខ្លួនចូលក្នុងស្ថានភាពបែបនោះ ដោយសារយើងមិនស្តាប់បង្គាប់ព្រះ។ នៅពេលខ្លះទៀត យើងត្រូវឆ្លងកាត់វាលរហោស្ថានខាងវិញ្ញាណ មិនមែនដោយសារការសម្រេចចិត្ត ឬទង្វើររបស់យើងទេ។ ពេលនរណាម្នាក់បោះបង់យើងចោល ឬមានជម្ងឺចូលលុកលុយក្នុងរាង្គកាយយើង យើងក៏មានអារម្មណ៍ថា ហាក់ដូចជាកំពុងស្ថិតនៅក្នុងវាលហោស្ថាន ដែលខ្វះអាហារ និងពិបាករស់នៅ។
ប៉ុន្តែ ទោះជាយើងស្ថិតនៅក្នុងវាលរហោស្ថានខាងសាច់ឈាម ឬខាងវិញ្ញាណក្តី ចូរយើងនឹកចាំថា យើងត្រូវពឹងផ្អែកលើព្រះ ដើម្បីឲ្យព្រះអង្គទ្រទ្រង់ជីវិតយើង ជាមេរៀនមួយ…