តើមានសង្ឃឹមទេ?
ពេលដែលខ្ញុំកំពុងរង់ចាំពិធីបញ្ចុះអដ្ឋិធាតុរបស់ម្តាយខ្ញុំ ខ្ញុំក៏បានអង្គុយយ៉ាងស្ងាត់ស្ងៀមនៅក្បែរផ្នូររបស់ឪពុកខ្ញុំ។ អ្នកដឹកនាំកម្មវិធីបុណ្យសព ក៏បានកាន់កោដដាក់ធាតុម្តាយខ្ញុំមក។ ចិត្តខ្ញុំបានស្លុត ហើយគំនិតខ្ញុំក៏រកគិតអ្វីមិនឃើញ។ ក្នុងរយៈពេលតែ៣ខែសោះ ខ្ញុំត្រូវបាត់បង់ម្តាយខ្ញុំម្នាក់ទៀតហើយ តើឲ្យខ្ញុំកាត់ចិត្តយ៉ាងដូចម្តេចបាន? ពេលនោះ ខ្ញុំមានអារម្មណ៍បាត់បង់ និងឯកកោ នៅក្នុងសេចក្តីទុក្ខជាទម្ងន់ ហើយក៏មានអារម្មណ៍ថាអស់សង្ឃឹមបន្តិចបន្តួចផង ក្នុងការប្រឈមមុខនឹងពេលអនាគត ដោយគ្មានពួកគាត់។
បន្ទាប់មកលោកគ្រូគង្វាលក៏បានអានបទគម្ពីរ ដែលនិយាយអំពីកន្លែងបញ្ចុះសពរបស់ព្រះយេស៊ូវ យ៉ាងដូចនេះថា : នៅថ្ងៃទីមួយនៃសប្តាហ៍ ពួកសិស្សស្រីៗបានទៅផ្នូរព្រះអង្គទាំងព្រឹកព្រលឹម ដើម្បីអប់សពព្រះអង្គ(ម៉ាថាយ ២៨:១ និងលូកា ២៤:១)។ ខណៈពេលដែលពួកគេកំពុងមានការងឿងឆ្ងល់ ដោយឃើញផ្នូរនៅចំហរ មានទេវតាមួយអង្គបានលេចមកមានបន្ទូលថា “កុំឲ្យភ័យអី”(ម៉ាថាយ ២៨:៥)។ ពួកគេមិនចាំបាច់ត្រូវមានការភ័យខ្លាច ដោយសារផ្នូរនៅទទេរ ឬខ្លាចទេវតាឡើយ ដ្បិតទេវតាមានដំណឹងល្អ សម្រាប់ប្រាប់ពួកគេ។
ពួកគេក៏មានសង្ឃឹមឡើង ពេលដែលបានឮទេវតាមានបន្ទូលថា “តែទ្រង់មិនគង់នៅទីនេះទេ ដ្បិតទ្រង់មានព្រះជន្មរស់ឡើងវិញហើយ ដូចជាទ្រង់បានមានព្រះបន្ទូលទុក ចូរមកមើលកន្លែងដែលទ្រង់បានផ្ទំចុះ”(ខ.៦)។ ដោយសារព្រះយេស៊ូវបានមានព្រះជន្មឡើងវិញ នោះព្រះអង្គបានឈ្នះសេចក្តីស្លាប់ហើយ! ព្រះយេស៊ូវបានរំឭកពួកសិស្សព្រះអង្គ មុនពេលព្រះអង្គសុគតថា “ដោយព្រោះខ្ញុំរស់ នោះអ្នករាល់គ្នានឹងរស់ដែរ”(យ៉ូហាន ១៤:១៩)។
ទោះបីជាយើងបានសោកសង្រេង ចំពោះការបាត់បង់មនុស្សជាទីស្រឡាញ់ក៏ដោយ ក៏យើងនៅតែអាចរកឃើញក្តីសង្ឃឹម តាមរយៈការមានព្រះជន្មឡើងវិញរបស់ព្រះយេស៊ូវ និងតាមរយៈការដែលព្រះអង្គបានសន្យាថា បន្ទាប់ពីយើងស្លាប់ទៅ យើងនឹងបានទៅរស់នៅអស់កល្បជានិច្ចជាមួយព្រះអង្គ។-Anne Cetas
រឿងប្រៀបប្រដូច អំពីទ្រនិចឃ្មុំ
កាលពី៥០ឆ្នាំមុន មានពេលមួយខ្ញុំត្រូវសត្វឃ្មុំមួយហ្វូងដេញតាម បានជាខ្ញុំរត់គេច ទៅរកផ្ទះលោកចេយ អេលាត(Jay Elliott) ដោយទម្លាយទ្វារខាងមុខផ្ទះគាត់ ធ្វើឲ្យគាត់មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ រួចខ្ញុំក៏បានរត់គេចចេញតាមទ្វារក្រោយ ហើយក៏បានដឹងថា សត្វឃ្មុំលែងដេញតាមខ្ញុំទៀតហើយ។ តាមពិត ខ្ញុំបាននាំហ្វូងឃ្មុំចូលផ្ទះគាត់។ មួយសន្ទុះក្រោយមក ខ្ញុំក៏បានឃើញគាត់រត់យ៉ាងលឿនចេញតាមទ្វារក្រោយ ដោយមានសត្វឃ្មុំដេញតាមពីក្រោយ។
ថ្ងៃនោះ ខ្ញុំត្រូវសត្វឃ្ញុំទិចបួនដប់ទ្រនិច មិនមានអ្វីធ្ងន់ធ្ងរទេ តែលោកចេយ មានបទពិសោធន៍ខុសពីខ្ញុំ។ ទោះបីជាគាត់ត្រូវសត្វឃ្មុំទិចតែពីរបីទ្រនិចក៏ដោយ ក៏ភ្នែក និងកររបស់គាត់បានឡើងហើមប៉ោង ដោយសារមានប្រតិកម្មដ៏ឈឺចាប់នឹងជាតិពិស។ សកម្មភាពរបស់ខ្ញុំបានបណ្តាលឲ្យមានការឈឺចាប់ ដល់មិត្តភក្តិរបស់ខ្ញុំ។
រឿងនេះបានឆ្លុះបញ្ចាំង អំពីការពិត ដែលកើតមានក្នុងទំនាក់ទំនងដែលយើងមានជាមួយអ្នកដទៃផងដែរ។ យើងអាចធ្វើឲ្យអ្នកដទៃមានការឈឺចាប់ ដូចត្រូវសត្វទិច ដោយសារទង្វើរបស់យើង ដែលមិនមានលក្ខណៈដូចព្រះគ្រីស្ទ។ ទោះយើងបានសុំទោសគេហើយក្តី ក៏“ទ្រនិច”នៃកំហុសរបស់យើង នៅតែជាប់ក្នុងចិត្តគេ។
គេគួរតែរំពឹងថា គ្រីស្ទបរិស័ទមិនមានភាពកាច ឬគ្រោកគ្រាត និងភាពឆេវឆាវទេ។ យើងប្រហែលជាភ្លេចហើយថា ជួនកាល អ្នកដែលមានការពិបាក នៅក្នុងសេចក្តីជំនឿ ឬក្នុងការរស់នៅ បានមើលមកគ្រីស្ទបរិស័ទ ដោយការរំពឹងគិតជាច្រើន។ ពួកគេរំពឹងថា គ្រីស្ទបរិស័ទជាមនុស្សដែលមានកំហឹងតិច តែមានក្តីមេត្តាច្រើន មានការថ្កោលទោសតិច តែមានក្តីអាណិតច្រើន និងមានការរិះគន់តិច តែមានការលើកទឹកចិត្តច្រើន។ ព្រះយេស៊ូវបានប្រាប់យើងឲ្យរស់នៅឲ្យបានល្អ ដើម្បីថ្វាយសិរីល្អដល់ព្រះ(ម៉ាថាយ ៥:១៦ ១ពេត្រុស ២:១២)…
ទឹកភ្លៀងដែលផ្តល់នូវជីវិត
ក្នុងអំឡុងពេលដែលអាកាសធាតុក្តៅខ្លាំង នៅខែសីហា ឆ្នាំ១៨៩១ លោកអ.ជី. ឌីរេនហ្វ៊ត(R.G. Dyrenforth) បានធ្វើដំណើរមកដល់ទីក្រុងមិឌលែន រដ្ឋតិចសាស់ ដោយមានការតាំងចិត្តថា គាត់នឹងធ្វើឲ្យមានបន្ទុះចេញជាទឹកភ្លៀងធ្លាក់ពីលើមេឃមក។ គាត់ និងក្រុមរបស់គាត់ក៏បានបង្ហោះ ហើយបំផ្ទុះបាឡុងធំៗ ដែលមានពេញដោយឧស្ម័នផ្ទុះ ហើយប្រើកាណុងបាញ់ភ្លើង ព្រមទាំងបំផ្ទុះរំសេវ នៅលើដី ដែលបណ្តាលឲ្យមានការកក្រើកទាំងផ្ទៃមេឃ និងផែនដី។ អ្នកខ្លះជឿថា គាត់បានធ្វើឲ្យមានភ្លៀងបន្តិចបន្តួចដែរ តែមនុស្សភាគច្រើនបាននិយាយថា គាត់បានធ្វើឲ្យមានសំលេងរំខានជាខ្លាំង។ កម្លាំងផ្ទុះនោះពិតជាគួរឲ្យភ្ញាក់ផ្អើលមែន តែមិនមានប្រសិទ្ធភាពនៅក្នុងការបង្កើតទឹកភ្លៀងទេ។
ពេលដែលពួកជំនុំដំបូងត្រូវការអ្នកមើលការខុសត្រូវ ពួកគេបានស្វែងរកមនុស្ស ដែលមានសមត្ថភាពខុសៗគ្នា។ ពួកគេបានជ្រើសរើស “មនុស្សប្រុស៧នាក់ ដែលមានឈ្មោះល្អ ពេញដោយព្រះវិញ្ញាណបរិសុទ្ធ និងប្រាជ្ញា”(កិច្ចការ ៦:៣) ដើម្បីឲ្យគ្រប់គ្រងការចែកអាហារ ជារៀងរាល់ថ្ងៃ។ ក្នុងចំណោមអ្នកទាំងនោះ មានលោកស្ទេផាន “ដែលពេញដោយសេចក្តីជំនឿ និងព្រះចេស្តា គាត់ក៏ធ្វើការអស្ចារ្យ និងទីសំគាល់យ៉ាងធំនៅក្នុងពួកជន”(ខ.៨)។ ពេលដែលមានជម្លោះកើតឡើង ពួកអ្នកដែលមកជជែកដេញដោលនឹងលោកស្ទេផាន “ពុំអាចទប់ទល់នឹងប្រាជ្ញា ហើយនិងព្រះវិញ្ញាណ ដែលគាត់អាងនឹងនិយាយនោះបានទេ”(ខ.១០)។
ព្រះគម្ពីរបានចែងយ៉ាងច្បាស់ថា លោកស្តេផានមានប្រសិទ្ធិភាព ក្នុងកិច្ចការខាងវិញ្ញាណ ដោយសារគាត់បានពេញដោយព្រះវិញ្ញាណបរិសុទ្ធ ដែលបានប្រទានឲ្យគាត់ មានភាពពេញខ្នាតនៃសេចក្តីជំនឿ ប្រាជ្ញា និងអំណាច។ ព្រះវិញ្ញាណនៃព្រះ ដែលគង់ក្នុងជីវិតយើងសព្វថ្ងៃ បានជំនួសសម្លេងដ៏ខ្លាំងនៃភាពអាត្មានិយម និងអំណួត ដោយទឹកភ្លៀងដ៏ស្រទន់របស់ព្រះអង្គ…
គំរូដែលលើកទឹកចិត្ត
មានរឿងមួយដំណាលថា នៅចុងទសវត្សរ៍ឆ្នាំ១៨០០ មានគ្រូគង្វាលជនជាតិអឺរ៉ុបមួយក្រុម បានទៅចូលរួមសន្និសិទព្រះគម្ពីរ របស់លោក ឌី អែល មូឌី (D.L. Moody) នៅក្នុងរដ្ឋម៉ាសាឈូសេត សហរដ្ឋអាមេរិក។ ក្នុងការស្នាក់នៅឯសណ្ឋាគារ ពួកគេបានដាក់ស្បែកជើង នៅក្រៅបន្ទប់សណ្ឋាគារ មុនពេលចូលគេង តាមប្រពៃណីរបស់ខ្លួន ដោយរំពឹងថា អ្នកធ្វើការនៅសណ្ឋាគារនឹងសម្អាតស្បែកជើងឲ្យពួកគេ។ ពេលលោកមូឌីឃើញស្បែកជើងនៅក្រៅបន្ទប់ដូចនោះ គាត់ក៏បានប្រាប់អ្នកដទៃទៀតឲ្យបានដឹង អំពីតម្រូវការរបស់ពួកគេ ព្រោះគាត់យល់ពីប្រពៃណីរបស់ពួកគេ។ ប៉ុន្តែ គ្មាននរណាម្នាក់ឆ្លើយតបសោះ។
លោកមូឌីក៏បានដើរប្រមូលស្បែកជើងទាំងអស់នោះមកសម្អាតដោយខ្លួនឯង។ មានមិត្តភក្តិរបស់គាត់ម្នាក់បានមកជួបគាត់នៅក្នុងបន្ទប់គាត់ ដោយមិនបានប្រាប់គាត់ជាមុន ក៏បានដឹងអំពីរឿងនេះ ហើយក៏បាននិយាយប្រាប់គេ អំពីការអ្វីដែលលោកមូឌីបានធ្វើនោះ។ រឿងនោះក៏បានឮតៗគ្នា ហើយពីរបីយប់ក្រោយមក អ្នកដទៃទៀតបានដាក់វេនគ្នាជួយសម្អាតស្បែកជើងរបស់ក្រុមគ្រូគង្វាលអឺរ៉ុប។
លោកមូឌីមានគំរូនៃភាពជាអ្នកដឹកនាំ ដែលមានការបន្ទាបខ្លួន ដែលបានបញ្ឆេះចិត្តអ្នកដទៃ ឲ្យយកតម្រាប់តាមគំរូរបស់គាត់។ សាវ័កប៉ុលបានរំឭកលោកធីម៉ូថេថា “ចូរមានកំឡាំងឡើងដោយសារព្រះគុណ ដែលនៅក្នុងព្រះគ្រីស្ទយេស៊ូវ ឯអស់ទាំងសេចក្តីដែលអ្នកបានឮអំពីខ្ញុំ នៅមុខស្មរបន្ទាល់ជាច្រើន នោះក៏ត្រូវផ្ញើទុកនឹងមនុស្សស្មោះត្រង់ ដែលអាចនឹងបង្វឹកបង្រៀនតទៅអ្នកឯទៀតដែរ(២ធីម៉ូថេ ២:១-២)។ ពេលដែលយើងនឹកចាំថា កម្លាំងរបស់យើងបានមកពីព្រះគុណព្រះ នោះការនឹកចាំដូចនេះ នឹងជួយឲ្យយើងមានការបន្ទាបខ្លួន។ បន្ទាប់មក យើងចែកចាយអំពីសេចក្តីពិតរបស់ព្រះ ដល់អ្នកដទៃ ដោយការបន្ទាបខ្លួន ដោយធ្វើគំរូ ដែលលើកទឹកចិត្ត និងបញ្ឆេះចិត្តអ្នកដទៃ ឲ្យយកតម្រាប់តាម។
ព្រះយេស៊ូវជាគំរូនៃភាពជាអ្នកបម្រើ សម្រាប់យើងរាល់គ្នា។…
អំណាចនៃភាពសាមញ្ញ
មានមនុស្សមិនច្រើនទេ ដែលបានចំណាយពេលសិក្សាច្បាប់ ស្តីអំពីការបង់ពន្ធប្រាក់ចំណូល នៅសហរដ្ឋអាមេរិក។ ទស្សនាវដ្តីហ្វូបេ បានចេញផ្សាយថា ក្នុងឆ្នាំ២០១៣ ច្បាប់ស្តីអំពីការបង់ពន្ធ ត្រូវបានគេតាក់តែងមក ដោយសរសេរលើស៤លានពាក្យ។ តាមពិត ច្បាប់ពន្ធដានៅសហរដ្ឋអាមេរិក បានប្រែជាមានភាពស្មុគ្រស្មាញយ៉ាងខ្លាំង បានជាសូម្បីតែអ្នកជំនាញផ្នែកច្បាប់ ក៏មានការពិបាកនៅក្នុងការស្វែងយល់ អំពីច្បាប់ពន្ធដារឲ្យបានគ្រប់ជ្រុងជ្រោយដែរ។ ដូចនេះ ភាពស្មុគ្រស្មាញនេះគឺជាបន្ទុក ដែលធ្វើឲ្យគេពិបាកយល់ និងអនុវត្តតាម។
អ្នកដឹកនាំសាសនានៅនគរអ៊ីស្រាអែលសម័យបុរាណ ក៏បាននាំឲ្យប្រជាជនមានបញ្ហាដូចនេះ នៅក្នុងទំនាក់ទំនងជាមួយព្រះផងដែរ។ ពួកគេបានធ្វើឲ្យក្រឹត្យវិន័យ មានភាពស្មុគ្រស្មាញកាន់តែខ្លាំង។ ក្រឹត្យវិន័យសាសនារបស់ពួកគេ បានប្រែក្លាយជាបន្ទុកកាន់តែធ្ងន់ បានជាអ្នកជំនាញខាងក្រឹត្យវិន័យរបស់លោកម៉ូសេ មានការពិបាកនៅក្នុងការស្វែងយល់ អំពីចំណុចសំខាន់នៃក្រឹត្យវិន័យទាំងនោះ។ ពេលដែលអ្នកដឹកនាំសាសនាប្រភេទនោះ សួរព្រះយេស៊ូវថា តើក្រឹត្យវិន័យណាដែលសំខាន់ជាងគេ ព្រះអង្គក៏បានឆ្លើយថា “ឯងត្រូវស្រឡាញ់ ដល់ព្រះអម្ចាស់ ជាព្រះនៃឯង ឲ្យអស់អំពីចិត្ត អស់អំពីព្រលឹង អស់អំពីគំនិត ហើយអស់អំពីកំឡាំងនៃឯង» នោះហើយជាបញ្ញត្តទី១។ ឯបញ្ញត្តទី២ ក៏បែបដូចគ្នា គឺថា «ត្រូវឲ្យស្រឡាញ់អ្នកជិតខាងដូចខ្លួនឯង» គ្មានបញ្ញត្តណាទៀត ធំជាងបទទាំង២នេះទេ”(ម៉ាកុស ១២:៣០-៣១)។
ក្រឹត្យវិន័យរបស់លោកម៉ូសេជាបន្ទុកសម្រាប់អ្នកកាន់តាម តែសេចក្តីជំនឿលើព្រះគ្រីស្ទ មានភាពសាមញ្ញ ហើយ “បន្ទុកព្រះអង្គក៏ស្រាល”(ម៉ាថាយ ១១:៣០) ព្រោះព្រះទ្រង់បានសព្វព្រះទ័យនឹងអត់ទោសឲ្យយើង ហើយស្រឡាញ់យើង។ សព្វថ្ងៃនេះ ព្រះអង្គជួយឲ្យយើងស្រឡាញ់ព្រះអង្គ និងអ្នកជិតខាងរបស់យើង។-Bill…
បរិសុទ្ធ បរិសុទ្ធ បរិសុទ្ធ
គេចូលចិត្តនិយាយថា “ពេលដែលយើងសប្បាយរីករាយ ជាពេលដែលកន្លងផុតទៅលឿនណាស់”។ តាមពិតពេលវេលានៅតែមានល្បឿនថេរជានិច្ច មិនមែនម្តងដើរយឺត ម្តងហោះហើរនោះទេ ប៉ុន្តែ តាមបទពិសោធន៍របស់យើង យើងច្រើនតែយល់ថា ពេលវេលាហាក់ដូចជាកន្លងផុតទៅលឿនណាស់។ ពេលដែលខ្ញុំកំពុងសប្បាយនឹងកិច្ចការអ្វីមួយ ឬអរសប្បាយនឹងមនុស្សជាទីស្រឡាញ់ ពេលវេលាហាក់ដូចជាលឿនណាស់។
បទពិសោធន៍ប្រភេទនេះ បានធ្វើឲ្យខ្ញុំមានការយល់ដឹងថ្មីមួយ អំពីព្រឹត្តិការណ៍ដែលបទគម្ពីរវិវរណៈ ជំពូក៤ បានរៀបរាប់។ កាលពីមុន ពេលខ្ញុំពិចារណា អំពីសត្វទាំងបួន ដែលអង្គុយនៅជុំវិញបល្ល័ង្កព្រះ ដែលពោលពាក្យពីរបីម៉ាត់ដដែលៗរហូតអស់កល្បជានិច្ច ខ្ញុំក៏បានគិតថា សត្វទាំងនោះពិតជាមានជីវិតដែលគួរឲ្យធុញទ្រាន់មែន! តែសព្វថ្ងៃនេះ ខ្ញុំមិនគិតអញ្ចឹងទៀតទេ។ ព្រោះខ្ញុំបានគិតអំពីព្រឹត្តិការណ៍ដែលសត្វទាំងនោះ បានឃើញដោយភ្នែកជាច្រើនគូររបស់ពួកវា(ខ.៨)។ ខ្ញុំក៏បានពិចាណាអំពីទិដ្ឋភាព ដែលពួកគេបានមើលឃើញ ពីបល្ល័ង្ករបស់ព្រះ(ខ.៦)។ តើពួកគេមានចិត្តស្ងើចសរសើរយ៉ាងណា ចំពោះព្រះដ៏ខ្ពស់បំផុត ដែលមានទំនាក់ទំនងជាមួយមនុស្សលោក ដោយប្រាជ្ញា និងសេចក្តីស្រឡាញ់? តើសត្វទាំងនោះអាចមានការឆ្លើយតបអ្វី ដែលប្រសើរជាងការសរសើរដំកើងទៀតនោះ? តើមានអ្វីដែលត្រូវនិយាយ ក្រៅពីពោលថា “បរិសុទ្ធ បរិសុទ្ធ បរិសុទ្ធ”?
តើយើងមានការធុញទ្រាន់ទេ បើសិនជាយើងត្រូវនិយាយពាក្យដដែលៗឥតឈប់ឈរនោះ? តែបើសិនជាយើងនៅចំពោះមុខអ្នកដែលយើងស្រឡាញ់ នោះយើងមិនចេះធុញទ្រាន់ឡើយ។ ហើយបើសិនជាយើងកំពុងធ្វើការល្អណាមួយ ដែលព្រះអង្គបានតម្រូវឲ្យយើងធ្វើការនោះ នោះយើងក៏នឹងមិនមានការធុញទ្រាន់ដែរ។
ព្រះទ្រង់បានរចនាយើងមក ឲ្យសរសើរដំកើងព្រះអង្គ គឺមិនខុសពីសត្វទាំងបួននោះទេ។ ជីវិតយើងនឹងមិនមានការធុញទ្រាន់ឡើយ បើសិនជាយើងផ្តោតចិត្តទៅលើព្រះអង្គ ហើយបំពេញបំណងព្រះទ័យព្រះអង្គនោះ។-Julie Ackerman Link
ស្វែងរកផ្លូវរបស់ព្រះ
ផ្លូវក្រោមបាតសមុទ្រឆេននល ធូននល(Channel Tunnel) ត្រូវបានគេបើកឲ្យប្រើប្រាស់ នៅថ្ងៃទី៦ ខែឧសភា ឆ្នាំ១៩៩៤។ កាលពីជិតពីរសតវត្សរ៍មុន គឺនៅឆ្នាំ១៨០២ លោកអាល់បឺត ម៉ាធា(Albert Mathieu) ដែលជាវិស្វកររបស់ស្តេចណាប៉ូលេអុង(Napoleon) បានស្នើឲ្យសាងសង់ផ្លូវក្រោមបាតសមុទ្រនោះ។ សព្វថ្ងៃនេះ មនុស្សរាប់ពាន់នាក់ រួមទាំងឡានតូចធំ បានធ្វើដំណើរតាមរថភ្លើងជារៀងរាល់ថ្ងៃ នៅតាមផ្លូវក្រោមបាតសមុទ្រ ដែលតភ្ជាប់ប្រទេសអង់គ្លេស និងប្រទេសបារាំង ដែលមានចម្ងាយ៥០គីឡូម៉ែត្រ។ មុនពេលគេសាងសង់ផ្លូវក្រោមបាតសមុទ្រនេះ មនុស្សម្នាបានធ្វើដំណើរតាមនាវា ឆ្លងកាត់ដៃសមុទ្រនៅចន្លោះប្រទេសអង់គ្លេស និងប្រទេសបារាំង អស់រយៈពេលជាច្រើនសតវត្សរ៍។
ព្រះទ្រង់ក៏បានរៀបផែនការ ដើម្បីឲ្យរាស្រ្តរបស់ព្រះអង្គ មានផ្លូវដែលល្អហួសពីការរំពឹងទុកផងដែរ គឺដូចដែលមានចែងក្នុងបទគម្ពីរនិក្ខមនំ ១៤:១០-២២។ កាលនោះ ពួកគេកំពុងប្រឈមមុខនឹងសេចក្តីស្លាប់។ បើមិនត្រូវកងទ័ពស្តេចផារ៉ោនសម្លាប់ទេ ក៏ត្រូវលង់ទឹកស្លាប់ដែរ ដូចនេះ ពួកគេស្ថិតក្នុងភាពតក់ស្លុត។ ប៉ុន្តែ ព្រះទ្រង់បានញែកសមុទ្រក្រហម ដើម្បីឲ្យពួកគេអាចដើរឆ្លងទៅត្រើយម្ខាងទៀត ពីលើបាតសមុទ្រដែលព្រះអង្គបានធ្វើឲ្យក្លាយជាដីគោកនោះ។ ជាច្រើនឆ្នាំក្រោយមក លោកអេសាភ ដែលជាអ្នកនិពន្ធទំនុកដំកើង បានលើកឡើងថា ព្រឹត្តិការណ៍ដ៏អស្ចារ្យនោះ គឺជាភស្តុតាងបញ្ជាក់ថា ព្រះអង្គពិតជាមានអំណាចចេស្តាមែន គឺដូចដែលមានសេចក្តីចែងថា “ផ្លូវដែលទ្រង់យាង នោះនៅក្នុងសមុទ្រ ហើយផ្លូវច្រករបស់ទ្រង់ ក៏នៅទីមានទឹកច្រើន ឥតមានអ្នកណាឃើញដានព្រះបាទទ្រង់ឡើយ។ ទ្រង់បាននាំរាស្ត្រទ្រង់ ដូចជាហ្វូងចៀម គឺដោយដៃរបស់ម៉ូសេ និងអើរ៉ុន”(ទំនុកដំកើង ៧៧:១៩-២០)។…
មេដៃដែលពិតត្រង់
មានរឿងល្បើករបស់ជនជាតិអាហ្វ្រិកមួយ បានដំណាលថា មានម្រាមដៃបួន និងមេដៃមួយ បានរស់នៅជាមួយគ្នា នៅលើដៃមួយចំហៀង។ ពួកគេជាមិត្តភក្តិដែលគ្មានអ្វីបំបែកបានឡើយ។ ថ្ងៃមួយ ពួកគេបានឃើញជញ្ជៀនមាសមួយវង់ នៅក្បែរពួកគេ ហើយបានផ្សំគំនិតគ្នាយកចិញ្ជៀននោះឲ្យបាន។ មេដៃនិយាយថា ពួកគេមិនត្រូវលួចចិញ្ជៀនទេ តែម្រាមដៃទាំងបួនបានថាឲ្យមេដៃថាជាជនកំសាក ដែលគិតថាខ្លួនឯងសុចរិត ហើយក៏បានឈប់រាប់អានមេដៃទៀត។ មេដៃមិនថាអីទេ ព្រោះខ្លួនមិនចង់ជាប់ពាក់ព័ន្ធនឹងអំពើអាក្រក់របស់ពួកគេទេ។ ហេតុនេះហើយបានជា ជនជាតិអាហ្រិកនៅតំបន់ខ្លះ បានជឿថា តាំងពីពេលនោះមក មេដៃនៅតែឈរម្នាក់ឯង មិននៅជាប់នឹងម្រាមដៃទាំងបួន។
រឿងនិទាននេះមិនមែនជារឿងពិតទេ តែបានរំឭកខ្ញុំថា មានពេលខ្លះ យើងប្រហែលជាមានអារម្មណ៍ថា យើងកំពុងតែឈរម្នាក់ឯង ពេលដែលយើងមិនព្រមចូលរួមធ្វើការអាក្រក់ជាមួយមនុស្សនៅជុំវិញយើង។ ក្នុងសម័យលោកណូអេ ផែនដីមានពេញដោយអំពើហឹង្សា ហើយគំនិតរបស់មនុស្សម្នាក់ៗ សុទ្ធតែ“អាក្រក់ជានិច្ច”(លោកុប្បត្តិ ៦:៥,១១)។ តែ“លោកណូអេបានប្រកបដោយព្រះគុណ នៅចំពោះព្រះអម្ចាស់” (ខ.៨)។ លោកណូអេមានការប្តូរផ្តាច់ទាំងស្រុងចំពោះព្រះ ហើយគាត់ក៏បានសង់ទូកធំតាមបង្គាប់ព្រះអង្គ។ ពេលទឹកជំនន់មកដល់ ព្រះអម្ចាស់ក៏បានការពារជីវិតគាត់ និងក្រុមគ្រួសារគាត់។
ព្រះអង្គក៏បានបង្ហាញព្រះគុណដល់យើងរាល់គ្នា តាមរយៈព្រះជន្ម ការសុគត និងការមានព្រះជន្មឡើងវិញរបស់ព្រះរាជបុត្រាព្រះអង្គ។ យើងមានមូលហេតុ ដែលត្រូវថ្វាយព្រះកិត្តិនាមដល់ព្រះអង្គ ហើយឈរឲ្យមាំមួនថ្វាយព្រះអង្គ ក្នុងការរស់នៅជារៀងរាល់ថ្ងៃ។ ព្រះអង្គតែងតែគង់ជិតយើង ហើយថែមទាំងនៅជាប់ជាមួយយើងផង ដូចនេះ យើងមិនដែលឈរនៅម្នាក់ឯងទេ។ “ព្រះកាណ៍ព្រះអង្គតែងតែប្រុងស្តាប់សម្រែករបស់យើង”(ទំនុកដំកើង ៣៤:១៥)។-Jennifer Benson Schuldt
មនុស្សដែលពិបាក
ក្នុងសៀវភៅដែលមានចំណងជើងថា ព្រះនៅក្នុងកន្លែងកាត់ក្តី លោកស៊ីអេស លូអីស(C.S. Lewis) បានរៀបរាប់អំពីប្រភេទមនុស្ស ដែលយើងពិបាកនឹងមានការចុះសម្រុងនឹងពួកគេ។ ភាពអាត្មានិយម កំហឹង ការច្រណែន ឬអត្តចរិកអាក្រក់ដទៃទៀត ច្រើនតែបំផ្លាញទំនាក់ទំនងដែលយើងមានជាមួយពួកគេ។ ជួនកាល យើងគិតថា ការរស់នៅរបស់យើងនឹងមានភាពងាយស្រួលជាងមុន បើសិនជាយើងមិនចាំបាច់ត្រូវជួបមនុស្សពិបាកៗទាំងនោះទេ។
តែលោកលូអ៊ីសបានបង្ហាញទស្សនៈផ្ទុយពីយើង ដោយលើកឡើងថា ព្រះទ្រង់ក៏មានការអត់ទ្រាំ នឹងយើងជារៀងរាល់ថ្ងៃ។ គាត់មានប្រសាសន៍ថា យើងក៏ជាប្រភេទមនុស្សដែលពិបាកឲ្យគេចូលចិត្តផងដែរ។ បុគ្គលិកលក្ខណៈរបស់យើងមានចំណុចខ្វះខាតដ៏គ្រោះថ្នាក់។ ក្តីសង្ឃឹម និងផែនការរបស់យើង អាចនឹងត្រូវរលាយ ដោយសារអត្តចរិកមិនល្អរបស់អ្នកដទៃ តែក្តីសង្ឃឹម និងផែនការរបស់អ្នកដទៃ ក៏អាចរលាយដោយសារអត្តចរិកមិនល្អរបស់យើងផងដែរ។
ការស្គាល់សណ្ឋានពិតរបស់ខ្លួនឯង អាចជំរុញចិត្តយើង ឲ្យបង្ហាញចេញនូវការអត់ធ្មត់ និងការទទួលយក ចំពោះអ្នកដទៃ ដូចដែលព្រះបានបង្ហាញចំពោះយើងជារៀងរាល់ថ្ងៃដែរ។ ក្នុងបទគម្ពីរអេភេសូរ សាវ័កប៉ុលបានលើកទឹកចិត្តយើង ឲ្យមានទំនាក់ទំនងល្អជាមួយអ្នកដទៃ ដោយ “មានចិត្តសុភាព ហើយស្លូតបូតគ្រប់ជំពូកទាំងអត់ធ្មត់ ហើយទ្រាំទ្រគ្នាទៅវិញទៅមក ដោយស្រឡាញ់”(៤:២)។ អ្នកដែលមានការអត់ធ្មត់ អាចទ្រាំទ្រមនុស្សដែលពិបាកៗ ដោយមិនមានកំហឹង និងការសងសឹកអ្វីឡើយ។ ម្យ៉ាងទៀត គាត់អាចអត់ធន់ ដោយបង្ហាញចេញនូវការអត់ឱន ចំពោះអាកប្បកិរិយ៉ាអាក្រក់។
តើមានមនុស្សពិបាកៗណាខ្លះ ក្នុងជីវិតរបស់អ្នក? ចូរទូលសូមឲ្យព្រះបង្ហាញសេចក្តីស្រឡាញ់ តាមរយៈអ្នកចុះ។-Dennis Fisher
បាក់បែក តែស្រស់ស្អាត
ថ្មីៗនេះ កូនស្រីរបស់ខ្ញុំ បានយកអំបែងកែវមានពណ៌ស្អាតៗជាច្រើន ដែលនាងបានរើសនៅមាត់សមុទ្រ មកបង្ហាញខ្ញុំ។ អំបែងកែវទាំងនោះមានពណ៌ផ្សេងៗគ្នា ដែលខ្លះជាអំបែងក្អមឆ្នាំងដែលគេបានសូន តែភាគច្រើនជាអំបែងដប។ គេបានផលិតក្អមឆ្នាំ និងដប ដោយមានគោលបំណងខុសៗគ្នា តែជួនកាល ពួកវាត្រូវគេបោះចោល ហើយបែកក្លាយជាអំបែង។
បើសិនជាអំបែងដែលគេបោះចោលនោះ បានទៅដល់សមុទ្រ វាក៏ចាប់ផ្តើមការធ្វើដំណើររបស់វា។ វាត្រូវចរន្តទឹក និងទឹកជោរបក់បោកចុះឡើងៗ ហើយមុខស្រួចៗរបស់វាក៏ត្រូវរីករិលអស់ ដោយសារដីខ្សាច់ និងទឹករលក។ មិនយូរប៉ុន្មានក៏ប្រែជារលោង ហើយប្តូររូបរាង្គទៅជាមូល ធ្វើឲ្យវាប្រែជាវត្ថុដ៏ស្រស់ស្អាត។ អំបែងកែវដែលល្អដូចគ្រឿងអលង្កា ក៏បានមានជីវិតថ្មី ហើយអ្នកដែលចូលចិត្តប្រមូលវាទុក និងសិល្បៈករទាំងឡាយ បានឲ្យតម្លៃវា។
យ៉ាងណាមិញ ជីវិតដែលប្រេះស្រាំ ក៏អាចប្រែជាថ្មីឡើង ពេលបានទទួលការប៉ះពាល់ពីសេចក្តីស្រឡាញ់ និងព្រះគុណព្រះ។ ក្នុងព្រះគម្ពីរសញ្ញាចាស់ យើងឃើញថា ពេលដែលលោកហោរាយេរេមា បានមើលជាងស្នូនម្នាក់កំពុងធ្វើការ គាត់បានកត់សំគាល់ឃើញថា បើកាលណាភាជនៈដែលគាត់កំពុងធ្វើពីដីឥដ្ឋបានខូចនៅដៃគាត់ នោះក៏ធ្វើឡើងជាភាជនៈផ្សេងទៀតវិញ តាមដែលគាត់យល់ឃើញថាគួរ(យេរេមា ១៨:១-៦)។ ត្រង់ចំណុចនេះ ព្រះអម្ចាស់ក៏បានបកស្រាយថា ពួកអ៊ីសា្រអែលនៅសម័យដើម គឺដូចជាដីឥដ្ឋដែលនៅក្នុងព្រះហស្តព្រះអង្គ ហើយព្រះអង្គនឹងសូនពួកគេឲ្យមានរូបរាង្គថ្មី តាមបំណងព្រះទ័យព្រះអង្គ។
ទោះជីវិតយើងមានការប្រេះបែកខ្លាំងយ៉ាងណាក៏ដោយ ក៏ព្រះទ្រង់នៅតែអាចធ្វើឲ្យយើងមានរូបរាង្គថ្មីដ៏ស្រស់ស្អាត។ ព្រះអង្គស្រឡាញ់យើង ទោះបីជាយើងមិនល្អឥតខ្ចោះ ហើយមានកំហុសកាលពីមុនយ៉ាងណាក៏ដោយ ហើយព្រះអង្គសព្វព្រះទ័យនឹងធ្វើឲ្យយើងមានជីវិតដែលប្រសើរឡើង។-Cindy Hess Kasper