ភ្លៀងនៃការអស្ចារ្យ
ការរស់នៅមានការលំបាក សម្រាប់អ្នកភូមិទាំងឡាយ ដែលរស់នៅតំបន់ភ្នំ ក្នុងខេត្តយូណាននៃប្រទេសចិន។ ប្រភពអាហារជាចម្បងរបស់ពួកគេ គឺមានពោត និងស្រូវ។ ប៉ុន្តែ នៅខែ ឧសភាឆ្នាំ២០១២ មានគ្រោះរាំងស្ងួតដ៏ធ្ងន់ធ្ងរមួយបានវាយប្រហារតំបន់នោះ ហើយដំណាំទាំងឡាយត្រូវក្រៀមស្វិត។ មនុស្សគ្រប់គ្នាមានការខ្វល់ខ្វាយ ហើយគេក៏បានប្រារព្ធធ្វើពិធីផ្សេងៗ តាមអបីយជំនឿ ដើម្បីបញ្ឈប់គ្រោះរាំងស្ងួតនោះ។ ទោះពួកគេព្យាយាមបុណ្យស្រន់យ៉ាងណា ក៏មិនឃើញមានភ្លៀងធ្លាក់មក បានជាអ្នកភូមិក៏បានចាប់ផ្ដើមស្តីបន្ទោសឲ្យគ្រីស្ទបរិស័ទប្រាំនាក់ នៅក្នុងភូមិនោះថា ពួកគេបានធ្វើឲ្យវិញ្ញាណដូនតាខឹងសម្បារ។
គ្រីស្ទបរិស័ទទាំងប្រាំនាក់នោះបានជួបជុំគ្នាអធិស្ឋាន។ មិនយូរប៉ុន្មាន មេឃក៏ប្រែជាងងឹត ហើយផ្គរលាន់ក៏បន្លឺឡើង។ ភ្លៀងមួយមេធំបានបង្អុរធ្លាក់ចុះមក ចាប់តាំងពីថ្ងៃរសៀលរហូតដល់ពេញមួយយប់។ ដំណាំទាំងប៉ុន្មានក៏ត្រូវបានស្រោចស្រង់! ទោះបីជាអ្នកភូមិភាគច្រើនមិនជឿថា ព្រះទ្រង់បានបង្អុរភ្លៀងឲ្យធ្លាក់ចុះមកក្ដី ក៏មានអ្នកដទៃទៀតបានជឿថា ទ្រង់ពិតជាបានប្រទានទឹកភ្លៀងមែន ហើយក៏មានចិត្តចង់ស្វែងយល់បន្ថែមអំពីព្រះយេស៊ូវ។
នៅក្នុងព្រះគម្ពីរ ១ពង្សាវតាក្សត្រ ជំពូក១៧ និង១៨ យើងឃើញថា មានគ្រោះរាំងស្ងួតដ៏ធ្ងន់ធ្ងរមួយនៅក្នុងស្រុកអ៊ីស្រាអែល។ ប៉ុន្តែ ក្នុងករណីនោះ យើងដឹងថា គ្រោះរាំងស្ងួតនោះគឺជាការជំនុំជំរះរបស់ព្រះ មកលើរាស្រ្តរបស់ទ្រង់(១៧:១)។ កាលនោះ ពួកគេបានចាប់ផ្ដើមនាំគ្នាថ្វាយបង្គំព្រះបាល ដែលជាព្រះរបស់ពួកសាសន៍កាណាន ដោយមានជំនឿថា ព្រះមួយអង្គនេះអាចចាត់ឲ្យមានភ្លៀងស្រោចស្រប់ផលដំណាំរបស់ពួកគេ។ ក្រោយមក ព្រះទ្រង់ក៏បានប្រើលោកអេលីយ៉ាដែលជាហោរារបស់ទ្រង់ ឲ្យបង្ហាញឲ្យមនុស្សគ្រប់គ្នាបានដឹងច្បាស់ថា ព្រះអង្គគឺជាព្រះពិតតែ១អង្គគត់ ដែលអាចសម្រេច ថាតើភ្លៀងត្រូវធ្លាក់នៅពេលណា។
ព្រះដ៏មានគ្រប់អំណាចចេស្ដានៃយើង សព្វព្រះហឫទ័យព្រះសណ្ដាប់នូវការអធិស្ឋានរបស់យើង និងឆ្លើយតបពាក្យទូលអង្វររបស់យើងផងដែរ។ ហើយទោះបីជាយើងមិនយល់អំពីពេលវេលា និងបំណងព្រះហឫទ័យរបស់ទ្រង់…
ប្រសើរជាងការភ្ញាក់ពីសុបិនអាក្រក់
តើអ្នកធ្លាប់មានអារម្មណ៍ថា ជីវិតរបស់អ្នកត្រូវបានបំផ្លាញ ដោយសារតែអ្នកបានធ្វើអ្វីមួយ ដែលគួរឲ្យខ្មាស់អៀន ឬគួរឲ្យអាម៉ាស់ ឬក៏ជាបទឧក្រិដ្ឋជាដើម ប៉ុន្តែ ដល់ពេលភ្ញាក់ឡើង ទើបដឹងខ្លួនថា នោះគ្រាន់តែជាការយល់សប្តសោះ? ក៏ប៉ុន្តែ ចុះប្រសិនបើរឿងនេះមិនគ្រាន់តែជាសុបិនអាក្រក់វិញនោះ? ចុះបើសិនជាស្ថានភាពនោះ គឺពិតជាបានកើតឡើងមែន ចំពោះខ្លួនអ្នក និងចំពោះមនុស្សដែលអ្នកស្រឡាញ់ តើអ្នកនឹងធ្វើយ៉ាងណា?
នេះគឺជាស្ថានភាពដែលតួអង្គម្នាក់បានជួបប្រទះ នៅក្នុងរឿងប្រលោមលោក នៅសតវត្សរ៍ទី១៩ ដែលលោក ចច ម៉ាកដូណាល់(George MacDonald) បាននិពន្ធ មានចំណងជើងថា ការភ្ញាក់រឭករបស់គ្រូជំនួយ ។ រឿងនេះ និយាយអំពីដំណើរជីវិតរបស់អ្នកបម្រើព្រះម្នាក់ ប្រចាំតំបន់មួយ ដែលភ្ញាក់ដឹងខ្លួនថា គាត់បានចែកចាយព្រះបន្ទូលព្រះ ទាំងមិនដឹងថា ខ្លួនឯងជឿព្រះពិតមែនឬអត់។ ក្រោយមក គេបានអញ្ជើញគាត់ ឲ្យនៅកំដរយុវជនម្នាក់ ដែលកំពុងវង្វេងស្មារតី និងកំពុងឈឺធ្ងន់ហៀបនឹងស្លាប់ ទាំងមានការភ័យខ្លាច ចំពោះឃាតកម្មដែលគាត់បានប្រព្រឹត្តកន្លងមក។
ហេតុការណ៍នៅពេលនោះ ក៏បានកែប្រែចិត្តរបស់អ្នកបម្រើព្រះរូបនេះ ធ្វើឲ្យគាត់ភ្ញាក់ដឹងខ្លួនថា មានការមួយដែលយើងម្នាក់ៗចាំបាច់ត្រូវដឹង។ ភាពធូរស្បើយ ដោយសារតែការភ្ញាក់ដឹងខ្លួនពីសុបិនអាក្រក់ គឺមិនអាចប្រៀបផ្ទឹមនឹងការដែលភ្ញាក់ដឹងខ្លួន នៅក្នុងការអត់ទោសបាបរបស់ព្រះ ដែលពីដើមយើងធ្លាប់គិតថាជារឿង មិនគួរឲ្យជឿនោះ។
តើយើងនឹងរកបានសេចក្តីមេត្តាករុណា នៅទីណា? សេចក្តីមេត្តាករុណា គឺមាននៅក្នុងអង្គព្រះយេស៊ូវ។ ពេលទ្រង់កំពុងជាប់ឆ្កាង ក្នុងចំណោមចោរពីរនាក់ដែលជាប់ឆ្កាងសង្ខាងទ្រង់ មានចោរម្នាក់បានបែរមកសូមឲ្យទ្រង់ជួយ ហើយទ្រង់ក៏បានមានបន្ទូលដោយសេចក្តីមេត្តាករុណាថា “ថ្ងៃនេះ…
យើងមានផ្លែឈើ!
ស្រ្ដីជាម្ដាយវ័យក្មេងបានដកដង្ហើមធំ ខណៈពេលដែលនាងកំពុងប្រមែលប្រមូលអាហារដែលមានតែបន្តិចបន្តួច សម្រាប់កូនស្រី អាយុ៣ឆ្នាំរបស់នាង។ នាងក៏បានមើលទៅកន្រ្តកផ្លែឈើ នៅលើតុក្នុងផ្ទះបាយដ៏តូចរបស់ខ្លួន មិនឃើញមានផ្លែឈើសូម្បីតែមួយផ្លែ នោះនាងក៏បានដកដង្ហើមធំ ហើយលាន់មាត់ថា “បើយើងមានត្រឹមតែផ្លែឈើមួយកន្រ្តកនេះ នោះខ្ញុំនឹងមានអារម្មណ៍ថា ខ្ញុំជាអ្នកមាន!” ពេលនោះ កូនស្រីរបស់នាងក៏បានស្ដាប់ឮ។
រយៈពេលប៉ុន្មានសប្តាហ៍កន្លងផុតទៅ។ ព្រះទ្រង់បានផ្គត់ផ្គង់គ្រួសារដ៏តូចមួយនេះ។ ប៉ុន្តែ ម្ដាយដ៏កំសត់ម្នាក់នេះ នៅតែមានការព្រួយបារម្ភ។ ថ្ងៃមួយ កូនស្រីតូចរបស់នាងបានចូលក្នុងផ្ទះបាយ ។ នាងក៏បានចង្អុលទៅកន្រ្តកពេញដោយផ្លែឈើនៅលើតុ ទាំងលាន់មាត់ថា “ម៉ាក់ មើលហ្ន យើងជាអ្នកមានហើយ!” គ្រួសារនេះមិនបានប្រែក្លាយជាអ្នកមានទ្រព្យសម្បត្តិច្រើននោះទេ។ ពួកគេគ្រាន់តែបានទិញផ្លែប៉ោមមួយស្បោងដាក់នៅលើតុបាយប៉ុណ្ណោះ។
នៅពេលលោកយ៉ូស្វេ ដែលជាអ្នកដឹកនាំពួកអ៊ីស្រាអែល ជិតដល់ពេលលាចាកលោក គាត់បានចែកចាយព្រះបន្ទូលមកពីព្រះអម្ចាស់ ដោយបានរំឭកឡើងវិញ អំពីអស់ទាំងការដែលព្រះអង្គបានធ្វើសម្រាប់ពួកគេ។ ហើយគាត់ក៏បាននិយាយសង្កត់ធ្ងន់ថា “អ្នករាល់គ្នាបានរស់នៅក្នុងទីរហោស្ថានអស់រយៈពេលយ៉ាងយូរ” (យ៉ូស្វេ ២៤:៧) ព្រះទ្រង់បានឲ្យស្រុក១ដល់អ្នករាល់គ្នា ដែលឯងមិនបានប្រកបការអ្វីសោះ ហើយទីក្រុងដែលឯងមិនបានសង់ផង សព្វថ្ងៃអ្នករាល់គ្នាបាននៅក្នុងទីក្រុងទាំងនោះ ហើយក៏បរិភោគផ្លែទំពាំងបាយជូរ និងផ្លែអូលីវដែលអ្នករាល់គ្នាមិនបានដាំផងដែរ”(ខ.១៣)។ លោកយ៉ូស្វេក៏បានបញ្ឈរថ្មធំមួយ ទុកជាការរំឭកដល់ពួកអ៊ីស្រាអែល អំពីការផ្គត់ផ្គង់របស់ព្រះ (ខ.២៦)។
ក្រោយពេលមានការលំបាក និងខ្វះខាតជាច្រើន ឥឡូវនេះ គ្រួសារមួយនេះ កំពុងរស់នៅក្នុងទីកន្លែងមួយផ្សេងទៀត ដែលមានដើមឈើហូបផ្លែ នៅក្នុងទីធ្លាធំទូលាយ ដែលម្ចាស់ផ្ទះមុនបានដាំទុកយូរមកហើយ គឺមិនខុសពីពួកកូនចៅអ៊ីស្រាអែលបានចូលទឹកដីសន្យាឡើយ។ ប្រសិនបើអ្នកបានទៅលេងពួកគេ នោះអ្នកនឹងឃើញចានធំពេញដោយផ្លែឈើនៅក្នុងផ្ទះបាយរបស់ពួកគេ។…
យើងអាចដឹងច្បាស់
ខណៈពេលដែលខ្ញុំកំពុងអង្គុយនៅលើរថភ្លើង ធ្វើដំណើរឆ្ពោះទៅរកការណាត់ជួបដ៏សំខាន់មួយ ខ្ញុំក៏បានចាប់ផ្ដើមឆ្ងល់ថា តើខ្ញុំកំពុងតែស្ថិតនៅលើរថភ្លើងដែលខ្ញុំត្រូវជិះឬទេ? ខ្ញុំមិនធ្លាប់ធ្វើដំណើរតាមផ្លូវនោះ ពីមុនមកទេ ហើយក៏មិនបានសួរគេថា រថភ្លើងនេះទៅណាដែរ។ ទីបំផុត ខ្ញុំក៏រួចផុតពីមន្ទឹលសង្ស័យ ពេលខ្ញុំបានមកដល់ស្ថានីយបន្ទាប់ ដោយដឹងថា ខ្ញុំពិតជាមិនបានឡើងជិះរថភ្លើងខុសទេ!
រឿងនេះធ្វើឲ្យខ្ញុំនឹកចាំអំពីការសង្ស័យ ដែលអាចប្លន់យកសេចក្តីសុខ និងទំនុកចិត្តពីយើង។ មានពេលមួយ ខ្ញុំមានការពិបាក ដោយមិនដឹងច្បាស់ថា ខ្លួនពិតជាបានទទួលសេចក្តីសង្រ្គោះមែនឬអត់ ប៉ុន្តែ ព្រះទ្រង់បានជួយខ្ញុំឲ្យអាចឈ្នះការសង្ស័យនេះ។ ក្រោយមក បន្ទាប់ពីខ្ញុំបានចែកចាយទីបន្ទាល់ អំពីការដែលខ្ញុំបានប្រែចិត្តទទួលជឿព្រះយេស៊ូវ និងអំពីការដឹងច្បាស់ថា ខ្ញុំនឹងបានទៅនគរស្ថានសួគ៌ នោះស្រាប់តែមានគេសួរខ្ញុំថា “តើធ្វើដូចម្តេចឲ្យអ្នកអាចដឹងច្បាស់ថា អ្នកពិតជាបានសង្រ្គោះ ហើយនឹងបានទៅនៅនគរស្ថានសួគ៌មែន?” ខ្ញុំក៏បានឆ្លើយតប ដោយមានទំនុកចិត្ត និងការបន្ទាបខ្លួន ហើយបង្ហាញខគម្ពីរដែលព្រះទ្រង់បានប្រើ ដើម្បីជួយឲ្យខ្ញុំដឹងច្បាស់ក្នុងចិត្ត គឺខគម្ពីរដែលបានចែងថា “ខ្ញុំបានសរសេរសេចក្ដីទាំងនេះ ផ្ញើមកអ្នករាល់គ្នា ដែលជឿដល់ព្រះនាមព្រះរាជបុត្រានៃព្រះ ដើម្បីឲ្យអ្នករាល់គ្នាបានដឹងថា អ្នករាល់គ្នាមានជីវិតអស់កល្បជានិច្ចហើយ” (១យ៉ូហាន ៥:១៣)។
ព្រះទ្រង់សន្យាថា ដោយសារសេចក្តីជំនឿលើព្រះយេស៊ូវ ជាព្រះរាជបុត្រានៃព្រះ នោះយើងមានជីវិតអស់កល្បជានិច្ច។ គឺដូចមានសេចក្តីចែងថា “ព្រះអង្គបានប្រទានឲ្យយើងមានជីវិតអស់កល្បជានិច្ច ហើយជីវិតនោះគឺនៅក្នុងព្រះរាជបុត្រារបស់ទ្រង់”(ខ.១១)។ ការដឹងច្បាស់ថា ខ្លួនបានសង្រ្គោះ ជួយពង្រឹងសេចក្តីជំនឿរបស់យើង ហើយក៏ស្អាងចិត្តរបស់យើងឡើង នៅពេលដែលយើងធ្លាក់ទឹកចិត្ត ព្រមទាំងផ្ដល់ឲ្យយើងមានសេចក្តីក្លាហាន ក្នុងពេលដែលមានការសង្ស័យ។-LAWERENCE DARMANI
សេចក្តីស្រឡាញ់ជាអ្វី
កាលពីប៉ុន្មានឆ្នាំមុន ខ្ញុំបានជួបបុរសម្នាក់ ដែលបានភ្ជាប់ពាក្យ ជិតដល់ពេលរៀបការ។ ខ្ញុំក៏បានសួរគាត់ថា “តើធ្វើដូចម្តេចឲ្យអ្នកដឹងថា អ្នកពិតជាស្រឡាញ់នាងមែន?” នេះមិនមែនជាសំណួរដែលស្រួលឆ្លើយឡើយ តែវាបានជួយឲ្យគាត់ពិនិត្យមើលចិត្តខ្លួនឯង សម្រាប់មង្គលការ ដែលកំពុងរំគិលមកដល់។ បន្ទាប់ពីបានគិតមួយសន្ទុះហើយ គាត់ក៏បានឆ្លើយតបថា “ខ្ញុំដឹងថា ខ្ញុំពិតជាស្រឡាញ់នាងមែន ព្រោះខ្ញុំចង់ចំណាយពេលមួយជីវិត ដើម្បីធ្វើឲ្យនាងសប្បាយចិត្ត”។ យើងក៏បានពិភាក្សាគ្នា អំពីអត្ថន័យនៃការស្វែងរកសុភមង្គល ឲ្យមនុស្សម្នាក់ ដោយមិនគិតពីប្រយោជន៍ផ្ទាល់ខ្លួន ជាជាងយកខ្លួនឯងជាទីមួយ។ សេចក្តីស្រឡាញ់ដ៏ពិត ត្រូវមានការលះបង់ខ្ពស់។
សេចក្តីបង្រៀននេះ មានភាពសមស្របតាមព្រះគម្ពីរ។ ក្នុងព្រះគម្ពីរ មានសេចក្តីស្រឡាញ់ជាច្រើនប្រភេទ ដែលត្រូវបានសរសេរ ដោយប្រើពាក្យខុសៗគ្នា ក្នុងភាសាក្រិក ប៉ុន្តែ អាហ្កាពេ ជាប្រភេទនៃសេចក្តីស្រឡាញ់ដែលប្រសើរជាងគេ ដែលបង្ហាញចេញ និងបណ្តាលឡើង ដោយការលះបង់ផ្ទាល់ខ្លួន។ សេចក្តីស្រឡាញ់ដែលព្រះវរបិតា ដែលគង់នៅស្ថានសួគ៌មានចំពោះយើង គឺជាសេចក្តីស្រឡាញ់ដ៏ពិត ដែលគ្មានអ្វីអាចប្រៀបផ្ទឹមបានឡើយ។ ព្រះអង្គបានឲ្យតម្លៃយើងខ្ពស់បំផុត។ គឺដូចដែលសាវ័កប៉ុលបានលើកឡើងថា “តែឯព្រះ ទ្រង់សំដែងសេចក្តីស្រឡាញ់របស់ទ្រង់ ដល់យើងរាល់គ្នាឲ្យឃើញច្បាស់ ដោយព្រះគ្រីស្ទបានសុគតជំនួសយើងរាល់គ្នា នោះគឺក្នុងកាលដែលយើងនៅមានបាបនៅឡើយផង”(រ៉ូម ៥:៨)។
ការលះបង់ជាភស្តុតាង ដ៏ពិតនៃសេចក្តីស្រឡាញ់ ដូចនេះគ្មានអំណោយអ្វី ដែលមានតម្លៃជាងព្រះយេស៊ូវឡើយ។ “ដ្បិតព្រះទ្រង់ស្រឡាញ់មនុស្សលោក ដល់ម៉្លេះបានជាទ្រង់ប្រទានព្រះរាជបុត្រាទ្រង់តែ១ ដើម្បីឲ្យអ្នកណាដែលជឿដល់ព្រះរាជបុត្រានោះ មិនត្រូវវិនាសឡើយ គឺឲ្យមានជីវិតអស់កល្បជានិច្ចវិញ”(យ៉ូហាន ៣:១៦)។-Bill Crowder
តន្រ្តី និងឧបករណ៍ចាក់តន្រ្តី
លោកគ្រីស្តូហ្វ័រ ឡក់(Christopher Locke) បានទិញឧបករណ៍ភ្លេងសម្រាប់ផ្លុំចាស់ៗ ដែលមានដូចជាត្រែ ត្រែទាញ និងស្នែងបារាំង ហើយបានកែឆ្នែឧបករណ៍ភ្លេងទាំងនោះ ឲ្យក្លាយជាអំភ្លី សម្រាប់ប្រើជាមួយទូរស័ព្ទអាយហ្វូន និងអាយផេត។ គាត់បានបង្កើតឧបករណ៍នោះ ឲ្យមានរូបរាង្គដូចឧបករណ៍បំពងសម្លេងដែលមានរាង្គដូចត្រែ ដែលគេបានប្រើ ក្នុងការចាក់សម្លេងស្តាប់ជាលើកទីមួយ ក្នុងប្រវត្តិសាស្រ្ត នៅចុងទសវត្សរ៍ឆ្នាំ ១៨០០។ ភ្លេងដែលគេបានចាក់ស្តាប់ ដោយប្រើអំភ្លីរបស់លោកគ្រីស្តូហ្វ័រ មានសម្លេង “ឮជាង ច្បាស់ជាង ងុំជាង ហើយជ្រៅជាង”ឧបករណ៍បំពងសម្លេង ឬអូប៉ាល័រតូចៗ ដែលគេប្រើជាមួយឧបករណ៍ឌីជីធល ដូចជាទូរស័ព្ទទំនើបជាដើម។ ឧបករណ៍របស់គាត់មិនគ្រាន់តែជាស្នាដៃសីល្បៈដ៏គួរឲ្យចាប់អារម្មណ៍នោះទេ តែថែមទាំងមិនត្រូវការថាមពលអគ្គីសនី ពេលដែលគេប្រើវាជាអំភ្លី សម្រាប់ចាក់តន្ត្រីដែលគេចូលចិត្តស្តាប់។
យ៉ាងណាមិញ សំបុត្រដែលសាវ័កប៉ុលបានសរសេរផ្ញើទៅកាន់ពួកជំនុំនៅក្រុងកូរិនថូស ឲ្យរំឭកយើងនៅថ្ងៃនេះថា ពេលយើងរស់នៅថ្វាយព្រះគ្រីស្ទ និងនិយាយប្រាប់គេ អំពីព្រះអង្គ យើងមិនមែនជាតន្ត្រីទេ តែយើងជាឧបករណ៍ចាក់តន្រ្តី។ គឺដូចដែលគាត់បានមានប្រសាសន៍ថា “យើងខ្ញុំមិនប្រកាសប្រាប់ពីខ្លួនយើងខ្ញុំទេ គឺពីព្រះគ្រីស្ទយេស៊ូវ ជាព្រះអម្ចាស់វិញ ហើយក៏រាប់ខ្លួនយើងខ្ញុំ ថាជាបាវបំរើរបស់អ្នករាល់គ្នា ដោយព្រោះព្រះយេស៊ូវដែរ”(២កូរិនថូស ៤:៥)។ គោលបំណងរបស់យើង គឺមិនមែនដើម្បីធ្វើជាព្រះរាជសាររបស់ព្រះអង្គឡើយ តែធ្វើជាអ្នកនាំព្រះរាជសារព្រះអង្គ ទៅប្រាប់គេ តាមរយៈទីបន្ទាល់នៃការរស់នៅ និងតាមរយៈបបូរមាត់របស់យើង។ គឺដូចមានសេចក្តីចែងថា “យើងមានទ្រព្យសម្បត្តិនេះនៅក្នុងភាជនៈដី ដើម្បីឲ្យឥទ្ធិឫទ្ធិលើសលប់បានមកពីព្រះ មិនមែនពីយើងខ្ញុំទេ”(ខ.៧)។
បើសិនជាត្រែចាស់ៗ អាចធ្វើជាអំភ្លីចាក់ភ្លេងយ៉ាងពិរោះបាន…
ស្រមោល
ថ្ងៃមួយ ខ្ញុំមានអារម្មណ៍ថា មាននរណាម្នាក់កំពុងដើរតាមពីក្រោយខ្ញុំ។ ពេលខ្ញុំកំពុងដើរតាមផ្លូវដើរនៅក្រៅបន្ទប់ ដែលមិនសូវមានពន្លឺ ខ្ញុំក៏បានបត់តាមជ្រុងបន្ទប់ ទៅរកជណ្តើរឡើងជាន់លើ ហើយខ្ញុំក៏ឈរត្រឹងនៅមួយកន្លែង ដោយសារខ្ញុំភ្ញាក់នឹងអ្វីដែលខ្ញុំឃើញដើរតាមខ្ញុំ។ ពីរបីថ្ងៃក្រោយមក រឿងនេះក៏បានកើតឡើងម្តងទៀត ពេលខ្ញុំដើរនៅខាងក្រោយហាងកាហ្វេ ដែលខ្ញុំចូលចិត្ត ហើយក៏បានឃើញរូបរាង្គមនុស្សមាឌធំម្នាក់ កំពុងដើរមករកខ្ញុំ។ ប៉ុន្តែ ហេតុការណ៍ទាំងពីរលើកនេះ សុទ្ធតែបានបញ្ចប់ទៅវិញដោយការញញឹម ពេលដែលខ្ញុំដឹងថា តាមពិតវាគ្រាន់តែជាស្រមោលរបស់ខ្ញុំសោះ គឺគ្មានអ្វីដែរគួរឲ្យខ្លាចទេ។
លោកហោរាយេរេមា បានមានប្រសាសន៍ អំពីភាពខុសគ្នា រវាងការភ័យខ្លាចពិតប្រាកដ និងការភ័យខ្លាចក្នុងក្តីស្រមៃ។ មនុស្សមួយក្រុម ដែលជាបងប្អូនរួមជាតិរបស់គាត់ បានសួរគាត់ថា តើព្រះអម្ចាស់សព្វព្រះទ័យ ឲ្យពួកគេបន្តរស់នៅ ក្នុងទីក្រុងយេរូសាឡិម ឬរត់គេច ទៅនគរអេស៊ីព្ទ ដ្បិតពួកគេភ័យខ្លាចស្តេចនៃចក្រភពបាប៊ីឡូន(យេរេមា ៤២:១-៣)។ លោកយេរេមា បានប្រាប់ពួកគេថា បើសិនជាពួកគេបន្តនៅក្រុងយេរូសាឡិមទៀត ហើយទុកចិត្តព្រះ នោះពួកគេមិនចាំបាច់ត្រូវមានការភ័យខ្លាចទេ(ខ.១០-១២)។ ប៉ុន្តែ បើពួកគេរត់គេចទៅនគរអេស៊ីព្ទ ស្តេចបាប៊ីឡូន នឹងតាមរកពួកគេឃើញ(ខ.១៥-១៦)។
ក្នុងពេលដែលមានការភ័យខ្លាច ចំពោះគ្រោះថ្នាក់ដែលនឹងកើតមាន ព្រះទ្រង់បានប្រាប់ពួកអ៊ីស្រាអែល អំពីមូលហេតុដែលពួកគេអាចបន្តនៅទីក្រុងយេរូសាឡិម ដោយទុកចិត្តព្រះអង្គ។ ព្រោះកាលពីមុន ព្រះអង្គបានរំដោះពួកគេ ឲ្យរួចពីនគរអេស៊ីព្ទម្តងមកហើយ ដូចនេះ ព្រះអង្គក៏អាចរំដោះពួកគេឲ្យរួចពីចក្រភពបាប៊ីឡូនផងដែរ។ ជាច្រើនសតវត្សរ៍ក្រោយមកទៀត ព្រះម៊ែស៊ីដែលពួកគេបានរង់ចាំតាំងពីយូរមកហើយ បានយាងមកប្រសូត្រ ហើយបានសុគត ដើម្បីលោះបាបយើង…
ខំធ្វើការដើម្បីខ្យល់
មានពេលមួយ លោកហោវើត លេវីត(Howard Levitt) បានបាត់បង់ឡានហ្វារ៉ារីរបស់គាត់ ដែលមានតម្លៃ២០ម៉ឺនដុល្លា នៅក្នុងទឹកជំនន់ដែលជន់លិចផ្លូវធំនៅក្រុងតូរុនតូ។ ពីដំបូងគាត់បានបើកបរ កាត់តាមផ្លូវលិចទឹក ដែលហាក់ដូចជារាក់ទេ តែមិនយូរប៉ុន្មាន គាត់ក៏បានដឹងថា ទឹកបានជន់ឡើងយ៉ាងលឿន ហើយជ្រៅជាងការស្មានរបស់គាត់ទៅទៀត។ ពេលទឹកឡើងលិចកង់ឡានគាត់ ម៉ាស៊ីនឡានរបស់គាត់ ដែលមានកំឡាំង៤៥០សេះ ក៏បានរលត់។ តែអរព្រះគុណព្រះអង្គ គាត់អាចគេចចេញពីឡាន ហើយរត់ឡើងទួលដោយសុវត្ថិភាព។
ឡានស្ព័ររបស់លោកហោវើត ដែលបានលិចទឹកនោះ បានរំឭកខ្ញុំ អំពីការដែលស្តេចសាឡូម៉ូនបានមានបន្ទូលថា “ទ្រព្យសម្បត្តិនោះរមែងបាត់ទៅ ដោយគ្រោះអាក្រក់ណាមួយ”(សាស្តា ៥:១៤)។ គ្រោះធម្មជាតិ ចោរ និងគ្រោះថ្នាក់ អាចឆក់យករបស់ទ្រព្យរបស់យើង។ ទោះបីជាយើងព្យាយាមការពារទ្រព្យសម្បត្តិយើងក៏ដោយ ក៏យើងមិនអាចស្ពាយយកទៅស្ថានសួគ៌បានដែរ(ខ.១៥)។ សេ្តចសាឡូម៉ូនបានចោទជាសំណួរថា “ការដែលបានធ្វើដោយនឿយហត់ ជាអសារឥតការដូច្នេះ នោះតើមានប្រយោជន៍អ្វីដល់ខ្លួន?”(ខ.១៦)។ វាជាការឥតប្រយោជន៍ទេ ដែលយើងខំធ្វើការ ដើម្បីរកតែរបស់ទ្រព្យ ដែលនឹងបាត់បង់នៅទីបញ្ចប់នោះ។
តែមានរបស់ម្យ៉ាង ដែលមិនចេះពុកផុយ ហើយយើងអាច “យកទៅជាមួយយើង”បាន។ របស់នោះ គឺជាទ្រព្យសម្បត្តិនៅនគរស្ថានសួគ៌ ដែលយើងអាចសន្សំទុកបាន។ ចូរយើងដេញតាមភាពសប្បុរស(ម៉ាថាយ ១៩:២១) ការបន្ទាបខ្លួន(៥:៣) និងការអត់ធ្មត់ខាងវិញ្ញាណ(លូកា ៦:២២-២៣) ដែលនឹងនាំឲ្យយើងទទួលរង្វាន់ ជាទ្រព្យសម្បត្តិដ៏ស្ថិតស្ថេរ ដែលគ្មានអ្វីអាចបំផ្លាញឡើយ។ តើទ្រព្យសម្បត្តិ ដែលអ្នកកំពុងស្វែងរក នឹងមានភាពស្ថិតស្ថេរ…
មនុស្សថ្មីក្នុងគ្រួសារ
មានពេលមួយ ខ្ញុំបានធ្វើដំណើរ ទៅប្រទេសចាម៉ៃការ ជាមួយក្រុមចម្រៀងវិទ្យាល័យមួយក្រុម ដែលជាគ្រីស្ទបរិស័ទ ដើម្បីធ្វើការបម្រើព្រះនៅទីនោះ។ ពេលនោះ យើងបានឃើញការបង្ហាញនូវសេចក្តីស្រឡាញ់របស់ព្រះ តាមរយៈការប្រព្រឹត្ត។ នៅថ្ងៃដែលយើងទៅសួរសុខទុក្ខកុមារ និងយុវជនពិការ នៅមណ្ឌលកុមារកំព្រាមួយកន្លែង យើងក៏បានដឹងថា ដូណាល់(Donald) ដែលជាក្មេងប្រុសម្នាក់ ក្នុងចំណោមក្មេងប្រុសនៅទីនោះ ដែលកូនៗរបស់ខ្ញុំបានលេងជាមួយ ជាក្មេងដែលមានជម្ងឺពិការខួរក្បាល ដែលគេបំរុងនឹងយកទៅចិញ្ចឹម។
ពេលដែលឪពុកម្តាយចិញ្ចឹមបានមកដល់ កន្លែងដែលយើងកំពុងស្នាក់នៅ យើងមានអំណរនៅក្នុងការជជែកជាមួយពួកគេ អំពីដូណាល់។ តែអ្វីដែលនឹងកើតឡើងក្រោយមកទៀត បានធ្វើឲ្យយើងកាន់តែមានអំណរ។ ឪពុកម្តាយចិញ្ចឹមរបស់ដាណាល់បាននាំគាត់ពីមណ្ឌលកុមារកំព្រា មកកន្លែងយើងស្នាក់នៅ ។ ពេលដែលម្តាយចិញ្ចឹម បានឱបដូណាល់ ដែលជាកូនចិញ្ចឹម សិស្សរបស់ខ្ញុំក៏បានឈរជុំវិញពួកគេ ហើយច្រៀងសរសើរដំកើងព្រះ។ ទឹកភ្នែកនៃក្តីអំណរបានហូរចុះមក ហើយដូណាល់ក៏មានទឹកមុខញញឹមដោយអំណរ។
ក្រោយមក សិស្សរបស់ខ្ញុំម្នាក់បានប្រាប់ខ្ញុំថា រឿងនេះបានរំឭកគាត់ អំពីព្រឹត្តិការណ៍ ដែលកើតឡើង នៅនគរស្ថានសួគ៌ ពេលដែលនរណាម្នាក់បានទទួលសេចក្តីសង្រ្គោះ។ ពួកទេវតាអរសប្បាយ ពេលមាននរណាម្នាក់បានទទួលចិញ្ចឹម នៅក្នុងមហាគ្រួសារនៃព្រះ។ ជាការពិតណាស់ ការនេះបានឆ្លុះបញ្ចាំង អំពីក្តីអំណរនៃនគរស្ថានសួគ៌ ពេលដែលមាននរណាម្នាក់ទើបតែចូលរួម ក្នុងគ្រួសារដ៏អស់កល្បនៃស្ថានសួគ៌ ដោយសេចក្តីជំនឿលើព្រះគ្រីស្ទ។ ព្រះយេស៊ូវបានមានបន្ទូលអំពីព្រឹត្តិការណ៍ដ៏ធំនោះ យ៉ាងដូចនេះថា “នៅស្ថានសួគ៌ នឹងមានសេចក្តីអំណរយ៉ាងនោះដែរ ដោយសារមនុស្សបាបតែ១នាក់ ដែលប្រែចិត្តវិញ ជាជាងមនុស្សសុចរិត៩៩នាក់ ដែលមិនត្រូវការប្រែចិត្តទេ”(លូកា ១៥:៧)។…
ច្រៀងសរសើរទាំងអស់គ្នា
ភរិយាខ្ញុំមានព្យាណូមួយគ្រឿង ដែលពិបាកប្រគុំជាមួយនឹងចាប៉ីបង់ហ្សូរបស់ខ្ញុំ យូរៗម្តង អស់រយៈពេលជាច្រើនឆ្នាំ។ ក្រោយមក បន្ទាប់ពីនាងបានទិញហ្គីតាថ្មីមួយគ្រឿង ជាអំណោយថ្ងៃបុណ្យខួបកំណើតរបស់ខ្ញុំ នាងក៏បង្ហាញចំណាប់អារម្មណ៍ នៅក្នុងការរៀនលេងហ្គីតាចាស់របស់ខ្ញុំ។ នាងពិតជាតន្ត្រីករដ៏មានសមត្ថភាពមែន ហើយមិនយូរប៉ុន្មាន យើងក៏បានច្រៀងចម្រៀងសរសើរដំកើងព្រះ ដោយលេងហ្គីតារបស់យើងយ៉ាងពិរោះ។ ខ្ញុំចូលចិត្តគិតថា ផ្ទះរបស់យើងមាន “ការសរសើរដំកើង ដោយចិត្តផ្សាភ្ជាប់គ្នា” ដែលមិនធ្លាប់មានពីមុនមក។
ពេលដែលអ្នកនិពន្ធទំនុកដំកើង បានទទួលការបណ្តាលចិត្ត ឲ្យនិពន្ធអំពីការថ្វាយបង្គំព្រះ គាត់បានចាប់ផ្តើមសរសេរ ដោយការសរសើរដំកើងថា “ចូរឡើងសំឡេងដោយអំណរថ្វាយព្រះយេហូវ៉ា ឱផែនដីទាំងមូលអើយ ចូរទំលាយច្រៀងដោយអំណរ អើ ចូរច្រៀងសរសើរចុះ”(ទំនុកដំកើង ៩៨:៤)។ គាត់បានអំពាវនាវ ឲ្យយើង “ច្រៀងសរសើរដំកើងព្រះអម្ចាស់” ដោយឧបករណ៍តន្រ្តី ដែលមានដូចជា ស៊ុង ត្រែ និងស្នែងជាដើម(ខ.៥-៦)។ គាត់បានបង្គាប់ដល់ផែនដីទាំងមូលឲ្យ “ឡើងសំឡេងដោយអំណរ ថ្វាយព្រះអម្ចាស់”(ខ.៤)។ នៅក្នុងការប្រគុំតន្រ្តីសរសើរដំកើងដ៏មានអំណាច សមុទ្រនឹងស្រែកគ្រហឹមឡើងជាពាក្យសរសើរ ហើយទន្លេទះដៃបន្ទរ ហើយភ្នំក៏ស្រែកច្រៀង ដោយអំណរ។ មនុស្សជាតិ និងស្នាព្រះហស្តទាំងអស់របស់ព្រះអង្គ រួមគ្នាសរសើរដំកើងព្រះអម្ចាស់ ដោយច្រៀង “បទថ្មី ពីព្រោះទ្រង់បានធ្វើការយ៉ាងអស្ចារ្យ”(ខ.១)។
នៅថ្ងៃនេះ ចូរឲ្យចិត្តរបស់អ្នកតភ្ជាប់ជាមួយអ្នកដទៃ និងស្នាព្រះហស្តទាំងឡាយរបស់ព្រះអង្គ ដើម្បីសរសើរដំកើង ដល់ព្រះអាទិករដ៏មានគ្រប់ចេស្តា និងព្រះដ៏ប្រោសលោះ។-Dennis Fisher