កុំព្រួយបារម្ភ!
លោកចច បឺន(George Burns) ជាសីល្បៈករជនជាតិអាមេរិក និងអ្នកនិពន្ធរឿងកំប្លែង បានមានប្រសាសន៍ថា “បើអ្នកសួរថា តើអ្វីជាគន្លឹះសំខាន់បំផុត ដើម្បីឲ្យមានអាយុវែង? ខ្ញុំនឹងឆ្លើយប្រាប់ថា ដើម្បីឲ្យមានអាយុវែង យើងត្រូវជៀសវាងការព្រួយបារម្ភ ភាពតប់ប្រមល់ និងភាពតានតឹងក្នុងចិត្ត។ ហើយទោះអ្នកមិនសួរខ្ញុំ ក៏ខ្ញុំនៅតែឆ្លើយប្រាប់ដូចនេះ”។ លោកបឺនបានរស់នៅដល់អាយុ១០០ឆ្នាំ។ គាត់ចូលចិត្តធ្វើឲ្យគេសើច ហើយធ្វើតាមយោបលគាត់។
ប៉ុន្តែ តើធ្វើដូចម្តេចឲ្យយើងអាចជៀសវាងការព្រួយបារម្ភបាន នៅពេលដែលជីវិតយើងមានភាពមិនច្បាស់លាស់ មានបញ្ហា និងមានតម្រូវការជាច្រើនយ៉ាងនេះ? សាវ័កពេត្រុសបានលើកទឹកចិត្ត ឲ្យអ្នកដើរតាមព្រះយេស៊ូវឈប់មានការព្រួយបារម្ភ ខណៈពេលដែលពួកគេរស់នៅរាយប៉ាយ ដោយសារការបៀតបៀន ក្នុងតំបន់អាស៊ី ក្នុងសតវត្សរ៍ទី១។ គឺដូចដែលគាត់មានប្រសាសន៍ថា “ដូច្នេះ ចូរឲ្យអ្នករាល់គ្នាបន្ទាបខ្លួន នៅក្រោមព្រះហស្តដ៏ពូកែរបស់ព្រះចុះ ដើម្បីឲ្យទ្រង់បានដំកើងអ្នករាល់គ្នាឡើង នៅវេលាកំណត់ ហើយចូរផ្ទេរគ្រប់ទាំងសេចក្តីទុក្ខព្រួយរបស់អ្នករាល់គ្នាទៅលើទ្រង់ ដ្បិតទ្រង់តែងយកព្រះទ័យទុកដាក់នឹងអ្នករាល់គ្នា”(១ពេត្រុស ៥:៦-៧)។
ត្រង់ចំណុចនេះ សាវ័កពេត្រុសមិនបានបង្រៀនគេ ឲ្យខំជៀសចេញពីសេចក្តីទុក្ខនោះឡើយ(ខ.៩) ផ្ទុយទៅវិញ គាត់បានបង្រៀនគេឲ្យរកឃើញសន្តិភាព និងកម្លាំង ដើម្បីឈ្នះការវាយប្រហាររបស់សាតាំង(ខ.៨-១០)។ យើងមិនត្រូវបណ្តោយខ្លួនឲ្យមានការថប់បារម្ភ និងភ័យព្រួយឡើយ ព្រោះព្រះទ្រង់បានប្រោសយើងឲ្យរួច ដើម្បីឲ្យបានអរសប្បាយនឹងសេចក្តីស្រឡាញ់ ដែលទ្រង់មានចំពោះយើង ហើយបង្ហាញសេចក្តីស្រឡាញ់របស់ទ្រង់ ដល់គ្នាទៅវិញទៅមក។
យើងមិនត្រូវដាក់គោលដៅថា យើងនឹងរស់នៅឲ្យបានប៉ុន្មានឆ្នាំឡើយ តែផ្ទុយទៅវិញ យើងត្រូវដាក់គោលដៅថា នឹងរស់នៅ ដោយជីវិតពេញបរិបូរ ក្នុងការបម្រើព្រះអម្ចាស់…
យកការអធិស្ឋានជាទីមួយ
ពេលដែលខ្ញុំ និងស្វាមីខ្ញុំ មើលកូនប្រុសរបស់យើង ហាត់លេងព្យាណូតាមមេរៀន យើងក៏បានអធិស្ឋានសូមឲ្យព្រះទ្រង់ជួយយើង។ យើងបានអធិស្ឋានជាមុន ព្រោះខ្ញុំ និងស្វាមីខ្ញុំសុទ្ធតែមិនចេះរៀនព្យាណូដូចគ្នា។ យើងទាំងបីនាក់ក៏បានយល់ អំពីអត្ថន័យនៃសម្លេងដាច់ និងសម្លេងជាប់ ហើយក៏បានដឹងថា ពេលណាយើងត្រូវចុចខ្ទង់ពណ៌ខ្មៅ។
យើងយកការអធិស្ឋានជាអាទិភាព ជាពិសេស នៅពេលដែលយើងដឹងថា យើងត្រូវការជំនួយរបស់ព្រះ។ ស្តេចដាវីឌត្រូវការជំនួយរបស់ព្រះ ក្នុងស្ថានភាពដ៏គ្រោះថ្នាក់ ពេលដែលទ្រង់ពិចារណា អំពីការប្រយុទ្ធនឹងពួកភីលីស្ទីន ក្នុងក្រុងកៃឡា។ មុនពេលចូលប្រយុទ្ធ ស្តេចដាវីឌទូលសួរព្រះយេហូវ៉ាថា “តើត្រូវឲ្យទូលបង្គំទៅវាយពួកភីលីស្ទីននោះឬទេ?”(១សាំយ៉ូអែល ២៣:២)។ ព្រះទ្រង់ក៏បានយល់ព្រមតាមសេចក្តីសំណូមរបស់ស្តេចដាវីឌ។ ទោះជាយ៉ាងណាក៏ដោយ កងទព័របស់ស្តេចដាវីឌមានការភ័យខ្លាចចំពោះពួកភីលីស្ទីន។ ស្តេចដាវីឌក៏បានអធិស្ឋានម្តងទៀត មុនពេលការប្រយុទ្ធចាប់ផ្តើម។ ព្រះទ្រង់ក៏បានសន្យាថា នឹងប្រទានជ័យជម្នះ ហើយក្រោយមកទ្រង់ក៏បានឈ្នះពួកសត្រូវ(ខ.៤)។
តើការអធិស្ឋានដឹកនាំជីវិតយើងជារៀងរាល់ថ្ងៃ ឬយើងគ្រាន់តែអធិស្ឋាន នៅពេលដែលមានបញ្ហា? ជួនកាល យើងមានទម្លាប់ធ្វើផែនការហើយ រួចសិមអធិស្ឋានសូមឲ្យព្រះទ្រង់ប្រទានពរ ផែនការយើងជាក្រោយ ឬមានទម្លាប់អធិស្ឋាន តែនៅពេលទាល់ច្រក។ ព្រះទ្រង់ពិតជាសព្វព្រះទ័យឲ្យយើង ងាកមករកទ្រង់ ពេលដែលយើងមានបញ្ហា ប៉ុន្តែ ទ្រង់ក៏សព្វព្រះទ័យឲ្យយើងនឹកចាំថា យើងត្រូវការទ្រង់គ្រប់ពេលទាំងអស់(សុភាសិត ៣:៥-៦)។-Jennifer Benson Schuldt
ប្រភពនៃអ្វីៗគ្រប់យ៉ាង
ទន្លេនីល ស្ថិតនៅទ្វីបអាហ្វ្រិក លាតសន្ធឹងប្រវែង៦៦៥០គីឡូម៉ែត្រ ហើយហូរពីត្បូងទៅជើង កាត់ប្រទេសមួយចំនួន ក្នុងភាគខាងជើងនៃទ្វីបអាហ្វ្រិក។ អស់រយៈពេលជាច្រើនសតវត្សរ៍មកហើយ ដែលទន្លេនីលបានផ្តល់ឲ្យនូវការទ្រទ្រង់ជីវិត និងជីវភាព ដល់ប្រជាពលរដ្ឋរាប់លាននាក់ ក្នុងប្រទេសដែលទន្លេនេះហូរកាត់។ ថ្មីៗនេះ ប្រទេសអេធីយ៉ូពីកំពុងសាងសង់ទំនប់វារីអគ្គីសនីធំជាងគេបំផុតរបស់ទ្វីបអាហ្រ្វិក តាមបណ្តោយទន្លេនីល។ ទំនប់វារីអគ្គីសនីនេះនឹងក្លាយជាធនធានដ៏សំខាន់ សម្រាប់តំបន់នោះ។
កាលពីសម័យដើម ស្តេចផារ៉ោននៃនគរអេស៊ីព្ទ បានអៈអាងថា ខ្លួនជាម្ចាស់ និងជាអ្នកបង្កើតទន្លេនីល។ ស្តេចអង្គនេះ និងប្រជាជនអេស៊ីព្ទបានអួតថា “ទន្លេនេះជារបស់ផងអញ អញបានបង្កើតសំរាប់តែខ្លួនអញទេ”(អេសេគាល ២៩:៣,៩)។ ពួកគេមិនបានទទួលស្គាល់ថា មានតែព្រះមួយអង្គគត់ ដែលបានប្រទាននូវធនធានធម្មជាតិទាំងអស់។ ហេតុនេះហើយ បានជាទ្រង់សន្យាថា នឹងដាក់ទោសនគរអេស៊ីព្ទ(ខ.៨-៩)។
យើងត្រូវថែររក្សាស្នាព្រះហស្តរបស់ព្រះ ហើយមិនត្រូវភ្លេចទេថា អ្វីៗដែលយើងមាន សុទ្ធតែមានប្រភពមកពីព្រះអម្ចាស់។ បទគម្ពីររ៉ូម ១១:៣៦ បានចែងថា “ដ្បិតរបស់សព្វសារពើបានកើតមកពីទ្រង់ ដោយសារទ្រង់ ហើយសំរាប់ទ្រង់ សូមឲ្យទ្រង់បានសិរីល្អនៅអស់កល្បជានិច្ច”។ ទ្រង់ក៏ជាអ្នកដែលបានប្រទានឲ្យមនុស្សជាតិ មានសមត្ថភាពផលិត និងឆ្នែបង្កើតនូវធនធាន ដែលជាស្នាដៃមនុស្ស។ ពេលណាយើងជជែកអំពីការល្អ ដែលយើងបានទទួល ឬអំពីកិច្ចការដែលយើងបានសម្រេច យើងចាំបាច់ត្រូវចាំព្រះបន្ទូលព្រះ ក្នុងបទគម្ពីរ អេសាយ ៤២:៨ ដែលបានចែងថា “អញជាយេហូវ៉ា នេះហើយជាឈ្មោះរបស់អញ អញមិនព្រមប្រគល់សិរីល្អរបស់អញដល់អ្នកណាទៀត ឬឲ្យសេចក្តីសរសើររបស់អញ ដល់រូបឆ្លាក់ឡើយ”។-Lawrence…
ពេលគេបោះបង់យើងចោល
នៅថ្ងៃទី៤ ខែសីហា ឆ្នាំ១៩៩១ នាវាដឹកអ្នកដឹកដំណើរខ្នាតធំ MTS Oceanos បានជួបខ្យល់ព្យុះដ៏អាក្រក់ នៅតំបន់ឆ្នេរសមុទ្រនៃប្រទេសអាហ្វ្រិកខាងត្បូង។ ពេលនាវានោះ ចាប់ផ្តើមលិច នាយនាវាក៏បានសម្រេចចិត្តបោះបង់នាវា ហើយចាកចេញជាមួយពួកនាវិករបស់គាត់ ដោយមិនបានប្រកាសអាសន្នដល់អ្នកដំណើរនៅលើនាវា។ មានអ្នកដំណើរម្នាក់ ឈ្មោះ ម៉ូស ហ៊ីល(Moss Hills) ដែលជាតន្រ្តីករជនជាតិអង់គ្លេស បានកត់សំគាល់ដឹងថា មានរឿងអ្វីកំពុងកើតឡើង ហើយក៏បានទាក់ទងទៅកងទ័ពការពារសមុទ្ររបស់ប្រទេសអាហ្វ្រិកខាងត្បូង ឲ្យមកជួយ។ បន្ទាប់មក លោកម៉ូស និងភរិយាឈ្មោះ ត្រេស៊ី(Tracy) ព្រមទាំងសីល្បៈករដទៃទៀត ដែលនៅលើនាវានោះ ក៏បានជួយរៀបចំការជំលាសអ្នកដំណើរទាំងអស់ចេញពីនាវា ដោយជួយនាំពួកគេឡើងឧទ្ធម្ភាចក្រ។
ជួនកាល អ្នកដែលយើងចង់ឲ្យដឹកនាំយើង អាចបោះបង់យើងចោល។ ពេលដែលស្តេចសូល និងមន្ត្រីរបស់ទ្រង់ ទទួលរងនូវការជេរប្រមាថ ពីកូលីយ៉ាតដែលជាយក្សរបស់សាសន៍ភីលីស្ទីន ពួកគេបានឆ្លើយតប ដោយការភ័យខ្លាច និងភាពអាម៉ាស(១សាំយ៉ូអែល ១៧:១១)។ ប៉ុន្តែ មានតន្រ្តីករវ័យក្មេងម្នាក់ ដែលជាក្មេងគង្វាល ឈ្មោះដាវីឌ មានជំនឿថា ព្រះទ្រង់អាចជួយដោះស្រាយបញ្ហានេះបាន។ ដាវីឌក៏បាននិយាយទៅកូលីយ៉ាតថា “ចំណែកឯង បានមកឯអញ ទាំងកាន់ដាវកាន់លំពែង ហើយនឹងដែកពួយផង តែឯអញវិញ អញមកឯឯងដោយនូវព្រះនាមរបស់ព្រះយេហូវ៉ានៃពួកពលបរិវារ”(ខ.៤៥)។ ដាវីឌក៏បានប្រយុទ្ធឈ្នះសត្រូវ ហើយក៏បានធ្វើឲ្យពួកអ៊ីស្រាអែលមានប្រៀបមកលើគូរសត្រូវវិញ(ខ.៥០)។ គាត់មិនបានរំពឹងទៅលើអ្នកដឹកនាំនៅលើផែនដី ដើម្បីឲ្យខ្លួនមានកម្លាំងឈ្នះសត្រូវឡើយ តែគាត់បានពឹងផ្អែកទៅលើព្រះដ៏មានព្រះជន្មរស់វិញ។…
ការចែករំលែកនំបឺរហ្គឺរ
លោកលី ហ្គេយប៊ីគ(Lee Geysbeek) ដែលជាប្រធាននៃអង្គការសេចក្តីអាណិតអន្តរជាតិ បានរៀបរាប់អំពីជីវិតរបស់ស្ត្រីម្នាក់ ដែលមានឱកាសធ្វើដំណើរទៅកាន់ទឹកដីដែលនៅឆ្ងាយ ដើម្បីទៅលេងក្មេងម្នាក់ ដែលនាងបានជួយឧបត្ថម្ភ។ នាងបានសម្រេចចិត្តនាំក្មេងទុរគតម្នាក់នោះ ទៅភោជ្ជនីយដ្ឋានមួយ។
ក្មេងប្រុសនោះក៏បានហៅនំហ៊ែមបឺរហ្គឺរមួយមក ហើយអ្នកឧបត្ថម្ភបានហៅម្ហូបសាឡាត់។ ពេលគេលើកអាហារនោះមកដាក់លើតុ ក្មេងប្រុសម្នាក់នោះ ក៏បានពិនិត្យមើលនំបឺរហ្គឺរនោះ ដោយគេមិនដែលបានញាំអាហារដូចនេះក្នុងជីវិតឡើយ។ វាក៏បានមើលទៅនំបឺរហ្គឺរដ៏ធំរបស់វា ហើយក៏បានមើលទៅម្ហូបសាឡាត់ដ៏តិចតួចរបស់អ្នកឧបត្ថម្ភ។ បន្ទាប់មក វាក៏បានយកកាំបិតមកកាត់នំបឺរហ្គឺរនោះជាពីរ ហើយក៏ចែកឲ្យអ្នកឧបត្ថម្ភនោះពាក់កណ្តាល រួចយកដៃអង្អែលក្បាលពោះខ្លួនឯង ហើយសួរគាត់ថា“អ្នកឃ្លានទេ?”
កុមារម្នាក់ដែលស្ទើរតែគ្មានអ្វីសោះក្នុងជីវិត មានចិត្តចង់ចែករំលែករបស់ដែលវាមាន ឲ្យទៅគេពាក់កណ្តាល ដោយគិតថាគេប្រហែលជាត្រូវការចំណែកនោះ។ សូមយើងនឹកចាំអំពីក្មេងប្រុសម្នាក់នេះ ពេលយើងជួបនរណាម្នាក់ ដែលកំពុងមានសេចក្តីត្រូវការផ្លូវកាយ ផ្លូវចិត្ត ឬផ្លូវវិញ្ញាណ។ ក្នុងនាមជាអ្នកដើរតាមព្រះយេស៊ូវ ក្តីជំនឿដែលយើងមានចំពោះទ្រង់ គួរតែបង្ហាញចេញមក តាមរយៈសកម្មភាពរបស់យើង(យ៉ាកុប ២:១៧)។
ជារៀងរាល់ថ្ងៃ យើងប្រហែលជាជួបមនុស្សដែលមានតម្រូវការផ្សេងៗ ទោះពួកគេកំពុងនៅតំបន់ផ្សេងៗ ក្នុងពិភពលោក ឬក៏កំពុងនៅក្បែរផ្ទះយើងក្តី។ អ្នកខ្លះកំពុងត្រូវការអាហារក្តៅៗ ខ្លះទៀតត្រូវការពាក្យសម្តីដ៏ពិរោះ។ ក្នុងនាមជាអ្នកដើរតាមព្រះគ្រីស្ទ ដែលបានស្គាល់សេចក្តីស្រឡាញ់ទ្រង់ តើយើងអាចនាំឲ្យមានការផ្លាស់ប្តូរប៉ុណ្ណា ពេលដែលយើងធ្វើការល្អ ហើយចែករំលែកដល់អ្នកដទៃ(ហេព្រើ ១៣:១៦)។-Dave Branon
ថ្លុកភក់
មានពេលមួយ មិត្តភក្តិខ្ញុំម្នាក់ ឈ្មោះ អេឌ(Ed) បាននិយាយប្រាប់ខ្ញុំ អំពីរឿងកូនប្រុសដ៏តូចច្រម៉ក់របស់គាត់។ វាបានទៅឈរលេងក្នុងទឹកថ្លុក ហើយលោកអេឌក៏បានប្រាប់ឲ្យវាដើរចេញ។ តែកូនប្រុសគាត់មិនស្តាប់គាត់ ផ្ទុយទៅវិញ វាបានរត់ចុះឡើង ក្នុងថ្លុកនោះ។ គាត់ក៏ប្រាប់ឲ្យវាឈប់រត់លេង។ ក្មេងប្រុសនោះក៏បានចាប់ផ្តើមដើរក្នុងថ្លុកនោះម្តង។ ពេលលោកអេឌប្រាប់វា មិនឲ្យដើរ វាក៏ឈរចំទើតជើង ក្នុងថ្លុក ដោយធ្វើមុខឌឺដាក់គាត់ទៀត។ ក្មេងម្នាក់នេះដឹងថា ឪពុកវាចង់ឲ្យវាធ្វើអី តែវាមិនចង់ធ្វើតាមគាត់។
ជួនកាល ខ្ញុំក៏ក្បាលរឹង មិនខុសពីក្មេងប្រុសម្នាក់នេះឡើយ។ ខ្ញុំដឹងថា អ្វីដែលខ្ញុំកំពុងធ្វើ មិនបានធ្វើឲ្យព្រះទ្រង់សព្វព្រះទ័យទេ តែខ្ញុំនៅតែធ្វើវា។ ព្រះទ្រង់បានប្រាប់ពួកកូនចៅអ៊ីស្រាអែល ឲ្យស្តាប់បង្គាប់តាមព្រះអម្ចាស់ជាព្រះនៃពួកគេ ដោយប្រុងប្រយ័ត្ន(ចោទិយកថា ២៨:១) តែពួកគេបានធ្វើខុសនឹងទ្រង់ម្តងហើយម្តងទៀត។ ក្នុងទំនុកដំកើង ជំពូក១១៩ អ្នកនិពន្ធបទគម្ពីរទំនុកដំកើង ក៏បានទទួលស្គាល់ការពិត នៅក្នុងការស្តាប់បង្គាប់ព្រះថា “ឱបើសិនណាជាផ្លូវទាំងប៉ុន្មានរបស់ទូលបង្គំ បានរៀបចំទៅអេះ ដើម្បីឲ្យបានកាន់តាមច្បាប់ទ្រង់”(ខ.៥)។
ការច្រណែន ការស្អប់ និងការមិនស្តាប់បង្គាប់ បានកើតមានជាញឹកញាប់ពេកហើយ។ តែព្រះទ្រង់បានប្រទានដល់យើង នូវការប្រោសលោះ តាមរយៈការលះបង់របស់ព្រះរាជបុត្រាទ្រង់ ព្រះនាមយេស៊ូវគ្រីស្ទ។ ព្រះវិញ្ញាណបរិសុទ្ធជួយយើង ពេលដែលយើងត្រូវល្បួង(១កូរិនថូស ១០:១៣) ហើយពេលដែលយើងសារភាពកំហុសរបស់យើង ព្រះទ្រង់បានសន្យាថា នឹងអត់ទោសឲ្យយើង(១យ៉ូហាន ១:៩)។
បើសិនជាអ្នកចេះតែត្រឡប់មករត់ក្នុងថ្លុកភក់នៃជីវិត ម្តងហើយម្តងទៀត ដូចខ្ញុំដែរ…
ដើមឈើបង្ហាញផ្លូវ
ក្នុងរយៈពេលពីរបីឆ្នាំនេះ កូនស្រីខ្ញុំមានការជក់ចិត្តនឹងប្រវត្តិសាស្រ្តនៃជនជាតិដើម ដែលរស់នៅប៉ែកខាងជើងនៃរដ្ឋមីឈីហ្គិន ជាតំបន់ដែលនាងរស់នៅ។ នៅពេលរសៀលថ្ងៃមួយ នារដូវក្តៅ ពេលខ្ញុំទៅលេងនាង នាងបានបង្ហាញឲ្យខ្ញុំស្គាល់ផ្លូវមួយ ដែលមានផ្លាកសញ្ញា ដែលគេសរសេរថា “ដើមឈើបង្ហាញផ្លូវ”។ នាងក៏បានពន្យល់ខ្ញុំថា កាលពីយូរមកហើយ គេជឿថា ជនជាតិដើមអាមេរិក បានពត់ដើមឈើឲ្យចង្អុលទៅរកទិសដៅណាមួយ ពេលពួកវានៅតូច បានជាដើមឈើទាំងនោះលូតលាស់ទៅជាមានរូបរាង្គចម្លែកៗ។
រឿងនេះបានធ្វើឲ្យខ្ញុំនឹកចាំថា ព្រះគម្ពីរសញ្ញាចាស់ក៏មានតួនាទីនាំផ្លូវមនុស្សផងដែរ។ មានក្រឹត្យវិន័យ និងសេចក្តីបង្រៀនជាច្រើន ក្នុងព្រះគម្ពីរ បានដឹកនាំចិត្តយើង ឲ្យទៅតាមផ្លូវ និងទិសដៅ ដែលព្រះទ្រង់សព្វព្រះទ័យឲ្យយើងរស់នៅ។ ជាក់ស្តែង ក្រឹត្យវិន័យដប់ប្រការ ជាការបង្ហាញផ្លូវដ៏អស្ចារ្យ សម្រាប់ឲ្យគេរស់នៅតាម។ ម្យ៉ាងទៀត ពួកហោរានៅគ្រាសញ្ញាចាស់ បានចង្អុលបង្ហាញផ្លូវ ទៅរកការយាងមកនៃព្រះមែស៊ី។ រយៈពេលរាប់ពាន់ឆ្នាំ មុនពេលព្រះយេស៊ូវយាងមក ពួកហោរាបានថ្លែងទំនាយថា ព្រះយេស៊ូវនឹងយាងមកប្រសូត្រនៅភូមិបេថ្លេហិម(មើលមីកា ៥:២ និងម៉ាថាយ ២:១-៦)។ ពួកគេក៏បានថ្លែងទំនាយ ដោយពិពណ៌នាជាលម្អឹត អំពីការសុគតរបស់ព្រះយេស៊ូវ(មើល ទំនុកដំកើង ២២:១៤-១៨ និងយ៉ូហាន ១៩:២៣-២៤)។ ហើយបទគម្ពីរអេសាយ ៥៣:១-១២ ក៏បានចែងទុកជាមុន អំពីការលះបង់ ដែលព្រះយេស៊ូវទ្រង់នឹងធ្វើ នៅពេលដែលទ្រង់បានទំលាក់អំពើទុច្ចរិតរបស់យើងទាំងអស់គ្នាទៅលើអង្គទ្រង់(ខ.៦ មើល លូកា ២៣:៣៣)។
អស់រយៈពេលរាប់ពាន់ឆ្នាំមកហើយ ដែលអ្នកបម្រើព្រះនៅគ្រាសញ្ញាចាស់…
ការក្លែងសម្លេង
នៅសម័យដំបូង នៃវិស័យខ្សែភាពយន្ត ក្រុមសីល្បៈករហ្វូលេយ(Foley)បានរកឃើញវិធីបង្កើតសម្លេង ដើម្បីបញ្ចូលក្នុងខ្សែភាពយន្ត។ ពួកគេបានយកថង់ស្បែកច្រកម្សៅពោត ហើយច្របាច់ថង់នោះ បង្កើតជាសម្លេងព្រឹល ដែលលាន់ប្រឹបៗ ហើយពួកគេយកស្រោមដៃមួយគូមករលាស់ ធ្វើជាសម្លេងបក្សីរលាស់ស្លាបហើរ។ ម្យ៉ាងទៀត ពួកគេបានយករំពាត់មកគ្រវាត់ចុះឡើង បង្កើតសម្លេង វូហ វូហ។ ដើម្បីឲ្យខ្សែភាពយន្តមើលទៅមានលក្ខណៈធម្មជាតិពិតៗ សីល្បៈករទាំងនេះបានប្រើបច្ចេកទេសដ៏ប៉ិនប្រសប់ ដើម្បីបង្កើតសម្លេងឲ្យដូចធម្មជាតិ។
គេក៏អាចក្លែងសារ ឲ្យមានលក្ខណៈដូចសារដើមផងដែរ គឺមិនខុសពីការធ្វើសម្លេង សម្រាប់បញ្ចូលក្នុងកុនឡើយ។ វិធីសាស្រ្តមួយ ក្នុងចំណោមវីធីសាស្រ្តដែលសាតាំងបានប្រើញឹកញាប់បំផុត ដើម្បីបោកបញ្ឆោតយើង គឺវាបានក្លែងព្រះរាជសារព្រះ តាមរបៀបដែលនាំឲ្យគ្រោះថ្នាក់ខាងវិញ្ញាណ។ បានជាសាវ័កប៉ុលបានដាស់តឿនពួកជំនុំ ក្នុងបទគម្ពីរ ២កូរិនថូស ១១:១៣-១៤ ថា “ដ្បិតមនុស្សយ៉ាងនោះជាសាវ័កក្លែងក្លាយជាអ្នកឆបោក ដែលក្លែងខ្លួនធ្វើជាសាវ័កនៃព្រះគ្រីស្ទទេ ហើយសេចក្តីនោះមិនជាអស្ចារ្យឡើយ ព្រោះអារក្សសាតាំងក៏ក្លែងខ្លួនធ្វើជាទេវតានៃពន្លឺដែរ”។ សាវ័កប៉ុលបានដាស់តឿនយើង អំពីពួកគ្រូបង្រៀនក្លែងក្លាយ ដែលនាំឲ្យយើងវង្វេងចេញពីព្រះយេស៊ូវគ្រីស្ទ និងចេញពីព្រះរាជសារនៃព្រះគុណរបស់ទ្រង់។
ព្រះយេស៊ូវបានមានបន្ទូលថា គោលបំណងដែលព្រះវិញ្ញាណបរិសុទ្ធគង់នៅក្នុងយើង គឺដើម្បី “កាលណាព្រះអង្គនោះ គឺជាព្រះវិញ្ញាណនៃសេចក្តីពិតបានមកដល់ នោះទ្រង់នឹងនាំអ្នករាល់គ្នាចូលក្នុងគ្រប់ទាំងសេចក្តីពិត”(យ៉ូហាន ១៦:១៣)។ ដោយមានជំនួយ និងការដឹកនាំនៃព្រះវិញ្ញាណបរិសុទ្ធ នោះយើងអាចរកឃើញសេចក្តីពិត ក្នុងលោកិយ ដែលមានពេញដោយការក្លែងបន្លំសារ។-Bill Crowder
ការសម្រេចចិត្តច្បាស់លាស់
ឪពុករបស់ខ្ញុំជាអ្នកធ្លាប់ឲ្យតម្លៃ ចំពោះព្រះរបស់បុព្វបុរសគាត់។ ពេលគាត់មានអាយុ៩០ ជិតដល់ពេលបញ្ចប់នៃជីវិតគាត់ គាត់បានប្រឹងមានប្រសាសន៍ដ៏គួរឲ្យកត់សំគាល់ថា “ពេលខ្ញុំស្លាប់ សូមឲ្យពួកជំនុំជាអ្នកចាត់ចែងពិធីបុណ្យសពខ្ញុំ គឺមិនត្រូវប្រគល់កិច្ចការនេះ ឲ្យអ្នកផ្សេងទៀតធ្វើឡើយ។ កុំរកគ្រូទាយ កុំសែនអីឲ្យខ្ញុំ កុំធ្វើបុណ្យបែបសាសនា។ ជីវិតខ្ញុំនៅក្នុងព្រះហស្តព្រះយេស៊ូវគ្រីស្ទហើយ ដូចនេះ ការស្លាប់របស់ខ្ញុំក៏ស្ថិតក្នុងព្រះហស្តទ្រង់ផងដែរ”។
ឪពុកខ្ញុំបានសម្រេចចិត្តជ្រើសរើសផ្លូវរបស់ព្រះគ្រីស្ទ ក្នុងវ័យចាស់ ដោយយាងព្រះយេស៊ូវឲ្យចូលគង់ក្នុងជីវិតគាត់ ជាព្រះអម្ចាស់ និងជាព្រះសង្រ្គោះ។ ចាស់ៗជំនាន់គាត់បានចំអកឲ្យគាត់ថា “មនុស្សចាស់ដូចឯង មិនគួរទៅព្រះវិហារទេ!” តែឪពុកខ្ញុំបានសម្រេចចិត្តយ៉ាងច្បាស់ថា នឹងដើរតាម និងថ្វាយបង្គំព្រះដ៏ពិត ដូចពួកបណ្តាជន នៅគ្រាសញ្ញាចាស់ នៅពេលដែលយ៉ូស្វេបានលើកទឹកចិត្តពួកគេថា “ចូររើសយកព្រះណា ដែលអ្នករាល់គ្នាចង់គោរពប្រតិបត្តិតាមនៅថ្ងៃនេះចុះ តែឯខ្ញុំ និងគ្រួសារខ្ញុំ យើងទាំងអស់គ្នានឹងគោរពប្រតិបត្តិដល់ព្រះអម្ចាស់តែមួយប៉ុណ្ណោះ”(យ៉ូស្វេ ២៤:១៥)។ ពួកគេក៏បានឆ្លើយតប ដោយការប្តេជ្ញាចិត្តថា នឹងថ្វាយបង្គំព្រះអម្ចាស់តែមួយប៉ុណ្ណោះ។ ទោះបីជាលោកយ៉ូស្វេបានដាស់តឿនពួកគាត់ ឲ្យដឹងអំពីការលៈបង់ ក្នុងការដើរតាមទ្រង់ក៏ដោយ(ខ.១៩-២០) ក៏ពួកគេនៅតែប្តេជ្ញាចិត្តថា នឹងដើរតាមព្រះអម្ចាស់ ដោយនឹកចាំ អំពីពេលដែលទ្រង់បានរំដោះពួកគេឲ្យរួចពីនគរអេស៊ីព្ទ ទ្រង់បានផ្គត់ផ្គង់ ហើយការពារពួកគេ(ខ.១៦-១៧,២១)។
ទោះជាយ៉ាងណាក៏ដោយ ការសម្រេចចិត្តដ៏ច្បាស់លាស់នេះ តម្រូវឲ្យមានការប្រព្រឹត្តតាម ដ៏ច្បាស់លាស់ផងដែរ គឺដូចដែលលោកយ៉ូស្វេបានរំឭកគេ ដោយនិយាយសង្កត់ធ្ងន់ថា “ដូច្នេះចូរឯងរាល់គ្នាលះចោលអស់ទាំងព្រះដទៃ ដែលមាននៅក្នុងពួកឯងចេញទៅ ហើយផ្ចង់ចិត្តដំរង់ទៅឯព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែលវិញ”(ខ.២៣)។
តើអ្នកបានសម្រេចចិត្តរស់នៅ ថ្វាយព្រះហើយឬនៅ? –Lawrence…
នាឡិការរបស់ព្រះ
ខ្ញុំបានទៅសួរសុខទុក្ខស្រ្តីចំណាស់ពីរនាក់ យូរៗម្តង។ លោកយាយទីមួយមិនមានការព្រួយបារម្ភអំពីរឿងលុយកាក់ទេ ហើយគាត់កំពុងរស់នៅក្នុងផ្ទះខ្លួនឯង។ តែគាត់អាចនិយាយចេញនូវពាក្យសម្តីអវិជ្ជមាន មកកាន់ខ្ញុំជានិច្ច។ លោកយាយម្នាក់ទៀត មិនអាចទៅណារួច ដោយសារមានជម្ងឺសន្លាក់ធ្ងន់ធ្ងរ ហើយក៏ភ្លេចភ្លាំងខ្លាំងផង។ គាត់រស់នៅក្នុងកន្លែងស្នាក់នៅដ៏សាមញ្ញ ហើយគាត់មានក្រដាស់សម្រាប់សរសេរបិទលើជញ្ជាំង ដើម្បីកុំឲ្យគាត់ភ្លេចការណាត់ជួបជាមួយអ្នកដទៃ។ ប៉ុន្តែ ពេលណាមានគេមកលេងគាត់ គាត់តែងតែចាប់ផ្តើមនិយាយទៅកាន់គេ ដោយពាក្យថា ព្រះទ្រង់ល្អចំពោះគាត់ណាស់។ ខ្ញុំបានមើលក្រដាសកត់ត្រារបស់គាត់ ឃើញគាត់សរសេរ អំពីការមកសួរសុខទុក្ខរបស់ខ្ញុំថា “ថ្ងៃស្អែក ខ្ញុំនឹងបានចេញទៅញាំអាហារថ្ងៃត្រង់ហើយ! ពិតជាអស្ចារ្យណាស់! ខ្ញុំមានថ្ងៃដ៏សប្បាយរីករាយ មួយថ្ងៃទៀតហើយ”។
អ្នកស្រីអាណ ជាហោរាស្រីម្នាក់ ក្នុងសម័យដែលព្រះយេស៊ូវប្រសូត្រជាមនុស្ស ហើយគាត់កំពុងរស់នៅក្នុងស្ថានភាពដ៏ពិបាក(លូកា ២:៣៦-៣៧)។ គាត់ក្លាយជាស្រ្តីមេមាយ ក្នុងវ័យក្មេង ហើយប្រហែលមិនមានកូនទៀត ដូចនេះ គាត់ប្រហែលជាមានអារម្មណ៍ថា គ្មានគោលដៅ និងក្រតោកយ៉ាកណាស់។ ប៉ុន្តែ គាត់បានផ្តោតទៅលើព្រះ និងផ្តោតទៅលើការបម្រើទ្រង់។ គាត់បានទន្ទឹងរង់ចាំព្រះមែស៊ី តែទន្ទឹមនឹងនោះ គាត់ក៏ជាប់រវល់ធ្វើការបម្រើព្រះ ដោយអធិស្ឋាន តមអត់ និងបង្រៀនអ្នកដទៃ អំពីអ្វីដែលគាត់អាចរៀនពីទ្រង់។
ទីបំផុត ថ្ងៃនោះក៏បានមកដល់ ពេលដែលគាត់មានអាយុជាង៨០ឆ្នាំហើយ គាត់ក៏បានឃើញព្រះឱរស ដែលជាព្រះមែស៊ី នៅក្នុងដៃមាតាទ្រង់។ ការរង់ចាំរបស់គាត់ ដោយចិត្តអត់ធ្មត់ គឺមិនអត់ប្រយោជន៍ទេ។ ចិត្តគាត់ស្រែកច្រៀងដោយអំណរ ខណៈពេលដែលគាត់សរសើរដំកើងព្រះ ហើយក៏បានទៅប្រកាសដំណឹងនៃក្តីអំណរនេះ…