Month: March 2020

សក្តិសមជាកូនរបស់ព្រះ

កាល​ខ្ញុំ​រៀន នៅ​មហា​វិទ្យាល័យ មាន​ពេល​មួយ ខ្ញុំ​បាន​ទៅ​លេង​ផ្ទះ នៅ​ពេល​វិស្សម​កាល។ ឪពុក​ម្តាយ​ខ្ញុំ​ក៏​បាននាំ​ខ្ញុំ​ទៅ​ញាំ​អាហារ​ពេល​ល្ងាច នៅ​ភោជនី​ដ្ឋាន​មួយ។ ខ្ញុំ​មិន​បាន​នៅ​ផ្ទះ​មួយ​រយៈ​ ដូច​នេះ ខ្ញុំ​មាន​អារម្មណ៍​ចម្លែក ពេល​ដែល​ពួក​គាត់​ប៉ាវ​ខ្ញុំ​ញាំ​អាហារ​ក្រៅ​ផ្ទះ។ ពេល​ខ្ញុំ​ញាំ​អាហារ​រួច ខ្ញុំក៏​បាន​ដាក់​កន្សែង​ជូត​មាត់​នៅ​លើ​តុ​ភោជនីដ្ឋាន ហើយ​ក៏​បាន​អរ​គុណ​ប៉ា​ខ្ញុំ សម្រាប់​អាហារ​ពេល​ល្ងាច។ ប៉ា​ខ្ញុំ​ក៏​បាន​ប្រាប់​ខ្ញុំ​ថា​ ខ្ញុំ​មិន​ចាំ​បាច់​ត្រូវ​អរគុណ​គាត់គ្រប់​រឿង​នោះ​ទេ។ គាត់​ដឹង​ថា ខ្ញុំ​បាន​ចេញ​ទៅ​រស់​នៅ​ក្នុង​សង្គម ដោយ​ខ្លួន​ឯង តែ​ខ្ញុំ​នៅ​តែ​ជា​កូន​ស្រី​របស់​គាត់ និងជា​ផ្នែក​មួយ​នៃ​គ្រួសារ​យើង។ ខ្ញុំ​ក៏​បាន​ញញឹម ហើយ​និយាយ​ថា “អរគុណ ប៉ា”។

ក្នុង​គ្រួសារ​ខ្ញុំ ខ្ញុំ​មិន​បាន​ធ្វើ​អ្វី​មួយ ដើម្បី​ទទួល​សេចក្តី​ស្រឡាញ់​ពី​ឪពុក​ម្តាយ​របស់​ខ្ញុំ ឬ​ដើម្បី​ឲ្យ​ពួក​គាត់ ធ្វើ​អ្វី​មួយសម្រាប់​ខ្ញុំ​នោះ​ទេ។ ប៉ុន្តែ ប្រសាសន៍​របស់​ប៉ា​ខ្ញុំ បាន​រំឭក​ខ្ញុំ​ថា ខ្ញុំ​ក៏​មិន​បាន​ធ្វើ​អ្វី​មួយ ដើម្បី​ឲ្យ​ខ្លួន​ខ្ញុំ​សក្តិ​សម​នឹង​ធ្វើជា​ផ្នែក​មួយ​នៃ​មហា​គ្រួសារ​របស់​ព្រះ​ដែរ។

ក្នុង​កណ្ឌ​គម្ពីរ​អេភេសូរ សាវ័ក​ប៉ុល​បាន​ប្រាប់​អ្នក​អាន​របស់​គាត់​ថា ព្រះ​ជា​ម្ចាស់​បាន​ជ្រើស​រើស​ពួក​គេ “ប្រយោជន៍​ឲ្យ​ពួកគេ​បាន​បរិសុទ្ធ ហើយ​ឥត​កន្លែង​បន្ទោស​បាន”(១:៤ ៥:២៥-២៧)។ តែ​ការ​នេះ​អាច​សម្រេច​ទៅ​បាន តាម​រយៈ​ព្រះ​យេស៊ូវ ដែល​ក្នុង​ទ្រង់ យើង​បាន​សេចក្តី​ប្រោស​លោះ​ ដោយសារ​ព្រះលោហិត​ទ្រង់ គឺ​ជា​សេចក្តី​ប្រោស​ឲ្យ​រួច ពី​ទោស តាម​ព្រះគុណ​ដ៏​ធ្ងន់​ក្រៃលែង​នៃ​ទ្រង់ (១:៧)។ យើង​មិន​អាច​ធ្វើ​ការ​ល្អ​ណា​មួយ ដើម្បី​ឲ្យ​បាន​ព្រះ​គុណព្រះ ការ​អត់​ទោស​បាប ឬ​ផ្លូវ​ចូល​ទៅ​ក្នុង​មហា​គ្រួសារ​របស់​ព្រះ​អង្គ​ឡើយ។ តែ​យើង​គ្រាន់​តែ​ទទួល​យក អំណោយនេះ ដោយ​ឥត​គិត​ថ្លៃ។​

ពេល​ណា​យើង​ថ្វាយ​ជីវិត​យើង​ដល់​ព្រះ​យេស៊ូវ យើង​ក្លាយ​ជា​កូន​ព្រះ…

នំប៉័ងដែលព្រះអង្គបានប្រទានពរ

ពេល​ដែល​កូន​ច្បង​របស់​ខ្ញុំ ចូល​ដល់​វ័យ​ជំទង់ ខ្ញុំ និង​ភរិយា​ខ្ញុំ​បាន​ប្រគល់​សៀវភៅ​កំណត់​ហេតុ​មួយ​ក្បាល​ឲ្យ​នាង ដែល​យើង​បាន​សរសេរ​តាំង​ពី​នាង​ចាប់​កំណើត។ យើង​បាន​កត់​ត្រា អំពី​អ្វី​ដែល​នាង​ចូល​ចិត្ត និង​មិន​ចូល​ចិត្ត ក៏​ដូច​ជា​ការ​អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍ និង​គួរ​ឲ្យ​ចង​ចាំ។ នៅ​ត្រង់​ចំណុច​ខ្លះ សំណេរ​របស់​យើង​មាន​លក្ខណៈ​ដូច​សំបុត្រ ដោយ​វា​បាន​ពិពណ៌នា អំពី​អ្វី​ដែល​យើង​បាន​មើល​ឃើញ​មាន​ក្នុង​ជីវិត​នាង និង​ឃើញ​របៀប​ដែល​ព្រះ​អង្គកំពុង​ធ្វើ​ការ​ក្នុង​ជីវិត​នាង។ ពេល​យើង​ឲ្យ​សៀវ​ភៅ​នោះ​ទៅ​នាង ពេល​នាង​មាន​អាយុ​១៣​ឆ្នាំ នាង​មាន​ការ​ជក់​ចិត្តនឹង​វា​យ៉ាង​ខ្លាំង។ វា​ជា​អំណោយ ដែល​បាន​ជួយ​ឲ្យ​នាង​ដឹង អំពី​ផ្នែក​ដ៏​សំខាន់​មួយ នៃ​ដើម​កំណើត​នៃ​អត្ត​សញ្ញាណ​របស់​នាង។

កាល​ព្រះ​យេស៊ូវ​លើក​នំប៉័ង​ឡើង ដើម្បី​ប្រទាន​ពរ គឺ​ព្រះ​អង្គ​កំពុង​តែ​បង្ហាញ​អត្ត​សញ្ញាណ​របស់​វា។ ព្រះ​អង្គ​បានបង្កើត​វា និង​អ្វី​ៗ​ទាំង​អស់​មក ដើម្បី​ឆ្លុះ​បញ្ចាំង អំពី​សិរី​ល្អ​របស់​ព្រះ។ ខ្ញុំ​ជឿ​ថា​ ព្រះ​យេស៊ូវ​ក៏​កំពុង​តែ​ចង្អុល​បង្ហាញ អំពី​អនាគត​នៃ​ពិភព​លោក​ផង​ដែរ។ ថ្ងៃ​ណា​មួយ ស្នា​ព្រះ​ហស្ត​ទាំង​អស់​របស់​ព្រះ​ជាម្ចាស់ នឹង​ពេញ​ទៅ​ដោយ​សិរីល្អ​របស់​ព្រះ។ ដូច​នេះ ពេល​ព្រះ​យេស៊ូវ​ប្រទាន​ពរ​ដល់​នំប៉័ង​នោះ​(ម៉ាថាយ ២៦:២៦) គឺ​ព្រះអង្គ​កំពុង​តែ​ចង្អុលបង្ហាញ អំពីដើម​កំណើត និងជោគ​វាសនា នៃ​ស្នា​ព្រះ​ហស្ត​ព្រះ​អង្គ(រ៉ូម ៨:២១-២២)។

អ្នក​ប្រហែល​ជា​មាន​អារម្មណ៍​ថា “ដើម​ដំបូង”នៃ​ឆាក​ជីវិត​របស់​អ្នក ហាក់​ដូច​ជា​មាន​ភាព​រញេរញ៉ៃ។ អ្នក​ប្រហែល​គិត​ថា អ្នក​មិន​មាន​អនាគត​វែង​ឆ្ងាយ​ទេ។ ប៉ុន្តែ រឿង​នៃ​ជីវិត​របស់​អ្នក នៅ​វែង​ឆ្ងាយ​ជាង​នេះ​ទៀត។ វា​ជា​រឿង ដែល​និយាយ​អំពី​ព្រះ​មួយ​អង្គ ដែល​បាន​បង្កើត​អ្នក ដោយ​មាន​គោល​បំណង និង​ដើម្បី​បំពេញ​គោល​បំណង ហើយ​ព្រះអង្គ​ស្រឡាញ់​អ្នក។ វា​ជា​រឿង​ដែល​និយាយ​អំ​ពី​ព្រះ​ដែល​បាន​យាង​មក​សង្រ្គោះ​អ្នក​(ម៉ាថាយ ២៦:២៨) និង​បាន​ដាក់​វិញ្ញាណ​ព្រះ​អង្គ​ក្នុង​អ្នក ដើម្បី​ឲ្យ​អ្នក​ប្រែ​ជា​ថ្មី​ឡើង…

ប្រភពនៃកម្លាំង និងជីវិត

មាន​ពេល​មួយ ខ្ញុំ​បាន​ឃើញ​គេ​លក់​របស់​មួយ​ទឹក ដើម្បី​រៃ​អង្គាស​ប្រាក់។ ខ្ញុំ​ក៏​បាន​ឃើញ​ចង្កៀង​អគ្គី​សនី ដែល​ហាក់​ដូច​ជា​មាន​ភាព​ល្អ​ឥតខ្ចោះ សម្រាប់​ការិយា​ល័យ​ក្នុង​ផ្ទះ​ខ្ញុំ ដោយ​វា​មាន​ពណ៌ ទំហំ និង​តម្លៃ​ដែល​សម​នឹង​បន្ទប់​នោះ​ណាស់។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ពេល​ខ្ញុំ​ទៅ​ដល់​ផ្ទះ ខ្ញុំ​ក៏​បាន​យក​ឌុយ​វា​ទៅ​ដោត​ចូល​ព្រី តែ​មិន​ឃើញ​មាន​អ្វីកើត​ឡើង​សោះ។ អំពូល​វា​មិន​ភ្លឺ គឺ​គ្មាន​ភ្លើង​ចូល​វា​សោះ។

ស្វាមី​របស់​ខ្ញុំ​ក៏​បាន​ប្រាប់​ខ្ញុំ​ថា គាត់​អាច​ជួស​ជុល​វា​បាន គឺ​មិន​ពិបាក​ទេ។ ពេល​គាត់​បើក​មើល​គ្រឿង​ក្នុង​របស់​ចង្កៀង​នោះ ហើយ​ក៏​បាន​ដឹង​អំពី​មូល​ហេតុ​ដែល​វា​មិន​ភ្លឺ។ ខ្សែ​របស់​វា​មិន​បាន​តភ្ជាប់​នឹង​អ្វី​ទេ។ បើ​ចង្កៀង​នោះ​មិនបាន​តភ្ជាប់​នឹង​ប្រភព​ថាម​ពល​អគ្គី​សនី​ទេ នោះ​ចង្កៀង​ដែល​ហាក់​ដូច​ជា​ល្អ​ឥត​ខ្ចោះ​នេះ គ្មាន​ប្រយោជន៍​អ្វី​ទេ។​

ជីវិត​ខាង​វិញ្ញាណ​របស់​យើង​ក៏​មាន​លក្ខណៈ​ដូច​នេះ​ផង​ដែរ។ ព្រះ​យេស៊ូវ​បាន​ប្រាប់​ពួក​សិស្ស​ព្រះអង្គ​ថា “ខ្ញុំ​ជា​គល់ អ្នក​រាល់​គ្នា​ជា​ខ្នែង អ្នក​ណា​ដែល​នៅ​ជាប់​នឹង​ខ្ញុំ ហើយ​ខ្ញុំ​ជាប់​នឹង​អ្នក​នោះ នោះ​ទើប​នឹង​បង្កើត​ផល​ឡើង​ជា​ច្រើន”។ បន្ទាប់​មក ព្រះ​អង្គ​ក៏​បាន​រំឭក​ថា “​បើ​ដាច់​ពី​ខ្ញុំ​ចេញ នោះ​អ្នក​រាល់​គ្នា​ពុំ​អាច​នឹង​ធ្វើ​អ្វី​បាន​ទេ”(យ៉ូហាន ១៥:៥)។

ព្រះ​អង្គ​បាន​ប្រទាន​សេចក្តី​បង្រៀន​នេះ នៅ​ក្នុង​តំបន់​ដែល​គេ​ដាំ​ដុះ​ដំណាំ​ទំពាំង​បាយ​ជូរ ដូច​នេះ ពួក​សិស្ស​របស់ព្រះ​អង្គ​មិន​ពិបាក​យល់​ទេ។ ដើម​ទំពាំង​បាយ​ជូរ​ជា​ដំណាំ​ដែល​ធន់​ណាស់ ហើយ​មែក​របស់វា​អាច​​ទ្រាំ​ទ្រ​ការ​លួស​ជា​ញឹកញាប់​។ ​បើ​យើង​កាត់​មែក​វា​ចេញ​ពី​ដើម ដែល​ជា​ប្រភព​នៃ​ជីវិត​វា នោះ​មែក​នោះ​នឹង​ក្លាយ​ជា​ឈើ​ដែល​គ្មាន​ជីវិត គ្មាន​តម្លៃ។ យើង​ក៏​អញ្ចឹង​ដែរ។

កាល​ណា​យើង​នៅ​ជាប់​ក្នុង​ព្រះ​យេស៊ូវ ហើយ​នៅ​ជាប់​ក្នុង​ព្រះ​បន្ទូល​ព្រះ​អង្គ នោះ​មាន​ន័យ​ថា យើង​បាន​តភ្ជាប់​ជីវិត​យើង នឹង​ព្រះ​យេស៊ូវ ដែល​ជា​ប្រភព​នៃ​ជីវិត។ ព្រះ​យេស៊ូវ​មាន​បន្ទូល​ថា “ព្រះវរបិតា​ខ្ញុំ​បាន​ដំកើង​ឡើង ដោយ​សេចក្តី​នេះ​ឯង គឺ​ដោយ​អ្នក​រាល់​គ្នា​បង្កើត​ផល​ជា​ច្រើន យ៉ាង​នោះ​អ្នក​រាល់​គ្នា​នឹង​ធ្វើ​ជា​សិស្ស​ខ្ញុំ​មែន” ​(ខ.៨)។ ដើម្បី​ឲ្យយើង​បង្កើត​ផល​ផ្លែ​បាន​ច្រើន…

ការបាត់បង់ដ៏តូច

នៅ​ឆ្នាំ​មួយ​នោះ កាល​ខ្ញុំ​កំពុង​រៀន​នៅ​មហា​វិទ្យា​ល័យ ខ្ញុំ​បាន​ទៅ​កាប់​ឈើ ចង់​ជា​បាច់ ហើយ​ដាក់​លក់ និង​ដឹក​ឲ្យ​គេ​ដល់​កន្លែង។ វា​ជា​ការងារ​ដ៏​ពិបាក ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​អាណឹត​អ្នក​កាប់​ឈើដ៏​កំសត់ ក្នុង​រឿង ដែល​មាន​ចែង​ ក្នុង​បទ​គម្ពីរ ២​ពង្សាវ​តាក្សត្រ ជំពូក​៦។​

ក្នុង​រឿង​នេះ ថ្នាក់​បណ្តុះ​បណ្តាល ដែល​លោក​អេលីសេ​បង្កើត​សម្រាប់​ពួក​ហោរា មាន​ការ​រីក​ចម្រើន​កាន់​តែ​ខ្លាំង ហើយ​កន្លែង​ជួប​ជុំ​របស់​ពួក​គេ​ក៏កាន់​តែ​ចង្អៀត។ ពួក​គេ​ម្នាក់​ក៏​បាន​ឲ្យ​យោបល​ថា ពួក​គេ​គួរ​តែ​ចូល​ទៅ​ក្នុង​ព្រៃ​កាប់ឈើ ដើម្បី​ពង្រីក​ទី​កន្លែង​របស់​ពួក​គេ។ លោក​អេលីសេ​ក៏​បាន​យល់​ព្រម ហើយ​ក៏​បាន​រួម​ដំណើរ​ជា​មួយ​ពួក​គេ។ ពេល​ដែល​អ្វី​ៗ​កំពុង​មាន​ដំណើរ​ការ​ល្អ មាន​ពួក​គេ​ម្នាក់​បាន​របូត​ផ្លែ​ពូថៅ​ធ្លាក់​ចូល​ទៅ​ក្នុង​ទឹក(ខ.៥)។  លោក​អេលីសេ​ក៏​បាន​បោះ​មែក​ឈើ​១​កំណាត់ ចូល​ទៅ​ក្នុង​ទឹក ហើយ​ផ្លែ​ពូថៅ​ក៏​បាន​អណ្តែត​ឡើង​មក។ នេះជា​ការ​អស្ចារ្យ ដែល​ព្រះ​ហស្ត​ទ្រង់​បាន​ធ្វើ ដោយ​ធ្វើ​ឲ្យ​ផ្លែ​ពូថៅ​អណ្តែត​ឡើង ដើម្បី​ឲ្យ​អ្នក​នោះ​អាច​លូក​ដៃ​ចាប់​ស្រង់​វា​ពី​ក្នុង​ទឹក(ខ.៦-៧)។

ការ​អស្ចារ្យ​ដ៏​សាមញ្ញ​នេះ បាន​បង្រៀន​យើង​ថា​ ព្រះ​ជា​ម្ចាស់​ក៏​យក​ព្រះ​ទ័យ​ទុក​ដាក់​ចំពោះ​រឿង​តូច​ៗ ក្នុង​ជីវិត​យើង ដែល​មាន​ដូច​ជា ផ្លែ​ពូថៅ​ដែល​បាន​បាត់ កូន​សោរ​ដែល​រក​មិន​ឃើញ វ៉ែនតា​ដែល​យើង​វង្វេង​ដៃ ឬ​ទូរស័ព្ទ​ដែល​បានជ្រុះ​បាត់​ជា​ដើម ដែល​សុទ្ធ​តែ​ជា​រឿង​តូច​ៗ ដែល​អាច​ធ្វើ​ឲ្យ​មាន​ការ​ព្រួយ​បារម្ភ។ ព្រះ​អង្គ​មិន​តែង​តែ​ឲ្យ​យើង​រកឃើញ​របស់​ដែល​បាន​បាត់​នោះ​ឡើយ ប៉ុន្តែ ព្រះ​អង្គ​ជ្រាប​អំពី​បញ្ហា​របស់​យើង ហើយ​កម្សាន្ត​ចិត្ត​យើង ក្នុង​ពេលដែល​ពិបាក។

ព្រះ​ជា​ម្ចាស់​បាន​មាន​បន្ទូល​ធានា អំពី​សេចក្តី​សង្រ្គោះ​របស់​យើង ហើយ​ព្រះ​អង្គ​ក៏​បាន​ធានា​ផង​ដែរ​ថា ព្រះ​អង្គ​យកព្រះ​ទ័យ​ទុក​ដាក់​ចំពោះ​យើង​ជា​និច្ច។ បើ​សិន​ជា​គ្មាន​ការ​ធានា​នោះ​ទេ យើង​នឹង​មាន​អារម្មណ៍​ឯកោ ក្នុង​លោកិយនេះ ដោយ​មាន​ការ​ព្រួយ​បារម្ភ​ជា​ច្រើន។ វា​ជា​ការ​ល្អ ដែល​យើង​ដឹង​ថា ព្រះ​អង្គ​យក​ព្រះ​ទ័យ​ទុក​ដាក់​ចំពោះ​យើង និង​ក៏​អាណឹត​យើង…

ការឃ្លាតចេញដ៏វិសេស

កាល​ពី​ឆ្នាំ​២០១៨ អ្នក​ស្រី​លីហ្ស សេហ្វឺត(Liz Shepherd) ដែល​ជា​ជាង​ចម្លាក់ បាន​បើក​ការ​តាំង​ពិពណ៌​មួយ ក្រោម​ចំណង​ជើង​ថា ការ​រង់​ចាំ ។ អ្នក​នាំ​ពាក្យ​របស់​សារ​ពត៌​មាន​បូស្តុន ក្លូប បាន​ពិពណ៌នា​ថា ការ​តាំង​ពិពណ៌​នេះបាន​ធ្វើ​ឲ្យ​យើង​នឹក​ចាំ អំពី​សេចក្តី​អ្វី​ដែល​មាន​តម្លៃ ដែល​បាន​បង្ហាញ​ចេញ​មក និង​លើស​ពី​ធម្មតា។ អ្នក​ស្រី​សេហ្វឺត បាន​ទទួល​ការ​បណ្តាល​ចិត្ត ឲ្យ​ធ្វើ​ការ​តាំង​ពិពណ៌​នេះ នៅ​ពេល​ដែល​គាត់​កំពុង​តែ​ចំណាយ​ពេល​ជា​មួយ​ឪពុក​របស់​គាត់​ដែល​ជិត​ផុត​ដង្ហើម។ ដូច​នេះ ការ​តាំង​ពិពណ៌​នេះ ត្រូវ​បាន​ធ្វើ​ឡើង ក្នុង​បំណង​ដើម្បី​ឆ្លុះ​បញ្ចាំង អំពី​ការ​សោក​ស្តាយ និង​ការ​បាត់​បង់ ក៏​ដូច​ជា​ចិត្ត​ដែល​ប្រេះ​ស្រាំ ដោយសារ​មនុស្ស​ជា​ទី​ស្រឡាញ់​បាន​ឃ្លាត​ចេញ​ទៅ។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ការ​យល់​ឃើញ​ថា សេចក្តី​ស្លាប់​ជា​សេចក្តី​ដែល​មាន​តម្លៃ​ដ៏​វិសេស គឺ​ហាក់​ដូច​ជា​ផ្ទុយ​នឹង​សុភាវគតិ​របស់​មនុស្ស​ដែល​ចូល​ចិត្ត​គិត​ផ្ទុយ​ពី​នេះ ប៉ុន្តែ បទ​គម្ពីរ​ទំនុក​ដំកើង​បាន​ប្រកាស់​ថា “ការ​ស្លាប់​របស់​ពួក​អ្នក​បរិសុទ្ធ​នៃ​ព្រះយេហូវ៉ា​ជា​ការ​វិសេស​ដល់​ព្រះនេត្រ​ទ្រង់”(ទំនុកដំកើង ១១៦:១៥)។ ព្រះ​ជា​ម្ចាស់​ចាត់​ទុក សេចក្តី​ស្លាប់​របស់​រាស្រ្ត​ទ្រង់ ជា​សេចក្តី​ដែល​មាន​តម្លៃ​ដ៏​វិសេស ព្រោះវា​ជា​ពេល​ដែល​ព្រះ​អង្គ​ស្វាគមន៍​ពួក​គេ​ចូល​ផ្ទះ ដែល​ព្រះ​អង្គ​បាន​រៀប​ចំ​សម្រាប់​ពួក​គេ នៅ​នគរ​ស្ថាន​សួគ៌។

តើ​ពួក​អ្នក​បរិសុទ្ធ ឬ​ពួក​ស្មោះ​ត្រង់​នោះ ជា​នរណា? យោង​តាម​បទ​គម្ពីរ​ទំនុក​ដំកើង​នេះ ពួក​គេ​គឺ​ជា​អ្នក​ដែល​បម្រើព្រះ​ជា​ម្ចាស់ ដោយ​ចិត្ត​ដែល​ដឹង​គុណ​ព្រះ​អង្គ សម្រាប់​ការ​រំដោះ​របស់​ព្រះ​អង្គ និង​ជា​អ្នក​ដែល​អំពាវ​នាវ​ដល់​ព្រះ​នាម​ព្រះ​អង្គ ហើយ​គោរព​ពាក្យ​សម្តី​ដែល​ខ្លួន​បាន​និយាយ នៅ​ចំពោះ​ព្រះ​អង្គ​(ទំនុកដំកើង ១១៦:១៦-១៨)។ ការ​ប្រព្រឹត្ត​ដូច​នេះ គឺ​បាន​បង្ហាញ​ថា ពួក​គេ​បាន​សម្រេច​ចិត្ត​ដើរ​ជា​មួយ​ព្រះ ទទួល​យក​សេរីភាព​ដែល​ព្រះ​អង្គ​ប្រទាន ​និង​ប្រកប​ស្និទ្ធស្នាល​ជា​មួយ​ព្រះ​អង្គ។

កាល​ណា​យើង​បាន​អនុវត្ត​ដូច​នេះ​ហើយ គឺ​មាន​ន័យ​ថា…

នឹងបានឃើញសេចក្តីសង្រ្គោះ

នៅ​ពេល​ដែលអ្នក​ស្រី​សុនយ៉ា (Sonia)​មាន​អាយុ​៥៣​ឆ្នំា គាត់​ចង់​បោះ​បង់​មុខ​ជំនួញ​របស់​គាត់ និង​ទៅ​រស់​នៅ​ប្រទេស​ក្រៅ។ វា​ជា​រឿង​ចុង​ក្រោយ ដែល​គាត់​ចង់​ធ្វើ ដើម្បី​ចូល​រួម​ជា​មួយ​អ្នក​ស្វែង​រក​សិទ្ធិ​ជ្រក​កោន​មួយ​ក្រុម ដែល​កំពុង​ធ្វើ​ដំណើរ​ចូល​ទឹក​ដី​ថ្មី។ បន្ទាប់​ពី​ពួក​ជន​ពាល​សម្លាប់​ក្មួយ​ប្រុស​របស់​គាត់ ហើយ​ព្យាយាម​បង្ខំ​កូន​ប្រុស​គាត់​ដែល​មាន​អាយុ​១៧​ឆ្នាំ ឲ្យ​ចូល​ក្រុម​របស់​ពួក​គេ អ្នក​ស្រី​សុនយ៉ា​ជឿ​ថា ការ​ភាស​ខ្លួន គឺ​ជា​ជម្រើស​តែ​មួយ​គត់​។ គាត់​ថា គាត់​បាន​អធិស្ឋាន​ទៅ​កាន់​ព្រះ​ជា​ម្ចាស់​ថា គាត់​នឹង​ធ្វើ​អ្វី​ក៏​ដោយ ដែល​ចាំ​បាច់ ដើម្បី​កុំ​ឲ្យ​គាត់ និង​កូន​ប្រុស​គាត់​ស្លាប់ ដោយ​សារ​ភាព​អត់​ឃ្លាន … គាត់​សុខ​ចិត្ត​ឲ្យ​កូន​គាត់​ពិបាក ក្នុង​ទឹក​ដី​ថ្មី ជា​ជាង​ឲ្យ​គេ​សម្លាប់​ច្រក​ថង់ ឬ​បណ្តែត​ទឹក​ចោល។​

តើ​ព្រះ​គម្ពីរ​មាន​ព្រះ​បន្ទូល​លើក​ទឹក​ចិត្ត​អ្វី​ខ្លះ សម្រាប់​អ្នក​ស្រី​សុន​យ៉ា និង​កូន​ប្រុស​គាត់ ក៏​ដូច​ជា​មនុស្ស​ជា​ច្រើន ដែល​បាន​ជួប​រឿង​អយុត្តិធម៌ និង​ជីវិត​ខ្លោច​ផ្សារ? ពេល​ដែល​លោក​យ៉ូហាន បាទីស្ទ​ប្រកាស់​អំពី​ការ​យាង​មក​ដល់ នៃព្រះយេស៊ូវ គាត់​ក៏​បាន​ប្រកាស់​ដំណឹង​ល្អ ដល់​មនុស្ស​ទាំង​អស់ ដែល​បូក​រួម​ទាំង​អ្នក​ស្រី​សុនយ៉ា និង​យើង​រាល់​គ្នា​ផង​ដែរ។ គាត់​បាន​ប្រកាស់​ថា “ចូរ​រៀប​ចំ​ផ្លូវ​ថ្វាយ​ព្រះ​អម្ចាស់”(លូកា ៣:៤)។ ត្រង់​ចំណុច​នេះ គាត់​ចង់​សង្កត់​ធ្ងន់​ថា ពេល​ដែល​ព្រះ​យេស៊ូវ​យាង​មក​ចាប់​កំណើត ព្រះ​ជា​ម្ចាស់​នឹង​ប្រទាន​នូវ​សេចក្តី​សង្រ្គោះ​ដ៏​មាន​អំណាច ដែល​មនុស្ស​អាច​យល់​បាន។

សេចក្តី​សង្រ្គោះក៏​បាន​រាប់​បញ្ចូល​ការ​ប្រោស​ឲ្យ​ជា សម្រាប់​ចិត្ត​ដែល​មាន​បាប និង​ការ​ប្រោស​ឲ្យ​ជា សម្រាប់​ការ​អាក្រក់​ទាំង​អស់​នៃ​លោកកិយ នៅ​ថ្ងៃ​ណា​មួយ។ ព្រះ​ជា​ម្ចាស់​បាន​ប្រទាន​ព្រះ​រាជ​កិច្ច​នៃ​ការ​ផ្លាស់​ប្រែ សម្រាប់​គ្រប់​រឿង គ្រប់​ប្រព័ន្ធ​របស់​មនុស្ស និង​សម្រាប់​មនុស្ស​ម្នាក់​ៗ។ លោក​យ៉ូហាន​បាន​មាន​ប្រសាសន៍​ថា “​គ្រប់​ទាំង​មនុស្ស​នឹង​ឃើញ​សេចក្តី​សង្គ្រោះ​របស់​ព្រះ”(ខ.៦)។

ទោះ​យើង​កំពុង​តែ​ជួប​ការ​អាក្រក់​អ្វី​ក៏​ដោយ ឈើ​ឆ្កាង…

នេះជាពេលអធិស្ឋានម្តងទៀត

មាន​ពេល​មួយ ខ្ញុំ​បាន​បត់​ឡាន​ចូល​តាម​ផ្លូវ​ក្នុង​ទីធ្លា​ផ្ទះ​ខ្ញុំ ដោយ​បោយ​ដៃ​ដាក់​អ្នក​ស្រី​ម៉ារាម(Mariam) និង​កូន​ស្រី​តូច​របស់​គាត់ ឈ្មោះ​អេឡេហ្សាប៊ែត(Elizabeth) ដែល​ជា​អ្នក​ជិត​ខាង​របស់​ខ្ញុំ។ ខ្ញុំ​និង​អ្នក​ស្រី​ម៉ារាម​ច្រើន​តែ​ជជែកគ្នា​លេង ដោយ​មិន​បាន​ព្រៀង​ទុក ដោយ​សន្យា​ថា យើង​នឹង​ជែក​គ្នា​តែ​ពីរ​បី​នាទី​ទេ តែ​ជា​ញឹក​ញាប់ យើង​បាន​ជជែកលើស​ពីរ​បី​នាទី។ ប៉ុន្មាន​ឆ្នាំ​កន្លង​មក​នេះ អេឡេហ្សាប៊ែត​បាន​ទម្លាប់​ខ្លួន​នឹង​ការ​ជជែក​គ្នា​លេង ដែល​មិន​បាន​ព្រៀង​ទុក​នេះ ដែល​ជា​ញឹក​ញាប់ វា​បាន​ប្រែ​ក្លាយ​ជា​ការ​ជួប​ជុំ​គ្នា​អធិស្ឋាន។ នាង​ឡើង​ដើម​ឈើ ដែល​បាន​ដុះ​នៅ​ចំ​កណ្តាល​ទី​ធ្លា​មុខ​ផ្ទះ​របស់​នាង ដោយ​សំយ៉ុង​ជើង​នៅ​លើ​មែក​ឈើ ហើយ​រវល់​លេង​តែ​ម្នាក់​ឯង ខណៈ​ពេល​ដែល​ខ្ញុំ និង​ម្តាយ​នាង​ជជែក​គ្នា។ មួយ​សន្ទុះ​ក្រោយ​មក អេលីហ្សាប៊ែត​ក៏​បាន​លោត​ចុះ​ពី​លើ​ដើម​ឈើ​នោះ ហើយ​រត់​មក​កន្លែង​ដែល​យើង​កំពុង​តែ​ឈរ។ នាង​ក៏​បាន​ចាប់​ដៃយើង ដោយ​ទឹក​មុខ​ញញឹម ហើយ​បន្លឺ​សម្លេង​ដែល​ស្ទើរ​តែ​ពិរោះ​ដូចបទ​ចម្រៀង​ថា “តោះ​យើង​អធិស្ឋាន​ទៀត” ។ អេលីហ្សាប៊ែត​នៅ​ក្មេង តែ​ហាក់​ដូច​ជា​ដឹង​ថា ការ​អធិស្ឋាន​មាន​សារៈ​សំខាន់​ប៉ុណ្ណា ក្នុង​ទំនាក់​ទំនង​របស់​យើង។​

សាវ័ក​ប៉ុល​បាន​លើក​ទឹក​ចិត្ត​អ្នក​ជឿ ឲ្យ “មាន​កំឡាំង​ឡើង​ក្នុង​ព្រះអម្ចាស់ ដោយ​ឫទ្ធិបារមី​របស់​ព្រះចេស្តា​ទ្រង់” (អេភេសូរ ៦:១០) ហើយ​បន្ទាប់​មក គាត់​ក៏​បាន​លើក​ឡើង អំពី​តួនាទី​ដ៏​សំខាន់ នៃ​ការ​អធិស្ឋាន​ជាប់​ជា​និច្ច។ គាត់​បានពិពណ៌នា អំពី​ភាព​ចាំ​បាច់​នៃ​គ្រឿង​សឹក ដែល​រាស្រ្ត​របស់​ព្រះ​ត្រូវ​ការ ក្នុង​ការ​ដើរ​ជា​មួយ​ព្រះ​អម្ចាស់ ដែល​ទ្រង់ប្រទាន​នូវ​ការ​ការពារ ការ​យល់​ដឹង និង​ជំនឿ ក្នុង​សេចក្តី​ពិត​របស់​ព្រះ​អង្គ(ខ.១១-១៧)។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ គាត់​បាន​និយាយ​សង្កត់​ធ្ងន់​ថា កម្លាំង​ដែល​ព្រះ​អង្គ​ប្រទាន គឺ​កើត​ចេញ​ពី​ការ​អធិស្ឋាន ជា​អំណោយ​ដែល​នាំ​មក​នូវ​ជីវិត(ខ.១៨-២០)។

ព្រះ​ជា​ម្ចាស់​ស្តាប់ និង​យក​ព្រះ​ទ័យ​ទុក​ដាក់…

បរាជ័យដែលមានប្រយោជន៍

តាំង​ពី​ក្មេង​មក ជែក​សិន(Jackson) បាន​ស្រមៃ​ថា គាត់​នឹង​ក្លាយ​ជា​កង​ទ័ព​ពិសេស នេវិ សៀល របស់​អាមេរិក គឺ​ជា​ក្តី​ប្រាថ្នា​ធំ​មួយ ដែល​បាន​នាំ​ឲ្យ​គាត់​មាន​ការ​លត់​ដុំ​ផ្លូវ​កាយ និង​ការ​លះ​បង់​ផ្ទាល់​ខ្លួន អស់​ជា​ច្រើន​ឆ្នាំ។ ទី​បំផុត​ គាត់​ក៏​បាន​ឆ្លង​កាត់​ការ​ប្រឡង​កម្លាំង និង​ការ​សូទ្រាំ ដែល​ពិបាក និង​ហត់​នឿយ​យ៉ាង​ខ្លាំង បាន​ជា​អ្នក​ហ្វឹក​ហាត់​ទាំង​ឡាយ បាន​ដាក់​រហ័ស​នាម ឲ្យ​ការ​ប្រឡង​នោះ​ថា “សប្តាហ៍​នរក”។

ជេកសិន​មិន​មាន​សមត្ថ​ភាព​ផ្លូវ​កាយ​គ្រប់​គ្រាន់ ដើម្បី​បញ្ចប់​ការ​ហ្វឹក​ហាត់​ដ៏​ហត់​នឿយ​នេះ​ឡើយ ហើយ​ក៏​បាន​ចុច​កណ្តឹង ដោយ​ការ​ស្ទាក់​ស្ទើរ ឲ្យ​មេ​បញ្ជា​ការ និង​អ្នក​ហ្វឹក​ហាត់​ដទៃ​ទៀត​ដឹង​ថា គាត់​បាន​សម្រេច​ចិត្ត​ចាក​ចេញ​ពី​កម្ម​វិធី​នេះ​ហើយ។ មនុស្ស​ភាគ​ច្រើន​ប្រហែល​ជា​គិត​ថា នេះ​ជា​បរា​ជ័យ​របស់​គាត់។ ជែក​សិន​មាន​ការ​ខក​ចិត្ត​យ៉ាង​ខ្លាំង​នៅ​ពេល​នោះ តែ​ក្រោយ​មក គាត់​ក៏​បាន​ដឹង​ថា បរាជ័យ​ក្នុង​ការ​ហ្វឹក​ហាត់​ធ្វើ​ទាហាន​នេះ ​បាន​រៀប​ចំ​ខ្លួន​គាត់ សម្រាប់​ការងារ​ប្រចាំ​ជីវិត​របស់​គាត់។

សាវ័ក​ពេត្រុស​ក៏​ធ្លាប់​ឆ្លង​កាត់​បរាជ័យ​ផ្ទាល់​ខ្លួន​ផង​ដែរ។ គាត់​បាន​ប្រកាស់ ដោយ​ចិត្ត​ក្លាហាន​ថា គាត់​នឹង​នៅ​តែស្មោះ​ត្រង់​ចំពោះ​ព្រះ​យេស៊ូវ​ជា​និច្ច ទោះ​គាត់​ត្រូវ​ជាប់​គុក ឬ​ស្លាប់​ក៏​ដោយ​(លូកា ២២:៣៣)។ តែ​ក្រោយ​មក គាត់​ក៏​បាន​ទួញ​យំ ដោយ​ចិត្ត​ល្វីង​ជូរ​ចត់​យ៉ាង​ខ្លាំង បន្ទាប់​ពី​គាត់​បាន​បដិសេធ​នៅ​ចំពោះ​មុខ​គេ​ថា គាត់​មិន​ស្គាល់​ព្រះ​យេស៊ូវ(ខ.៦០-៦២)។ ប៉ុន្តែ ព្រះជា​ម្ចាស់​មាន​ផែន​ការ​សម្រាប់​គាត់ គឺ​មិន​គ្រាន់​តែ​បាន​ឲ្យ​គាត់​ឆ្លង​កាត់​បរាជ័យ​នេះ​ប៉ុណ្ណោះ​ឡើយ។ មុន​ពេល​លោក​ពេត្រុស​បដិសេធ​ព្រះ​យេស៊ូវ ព្រះ​អង្គ​បាន​ប្រាប់​គាត់​ថា “អ្នក​ឈ្មោះ​ពេត្រុស ខ្ញុំ​នឹងតាំង​ពួក​ជំនុំ​ខ្ញុំ​នៅ​លើ​ថ្ម​ដា​នេះ ហើយ​ទ្វារ​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់​នឹង​មិន​ដែល​ឈ្នះ​ពួក​ជំនុំ​ឡើយ​”(ម៉ាថាយ ១៦:១៨ និង លូកា ២២:៣១-៣២)។

តើ​អ្នក​កំពុង​តែ​ជួប​បរាជ័យ…

ការជួបជុំ ទាំងទឹកភ្នែក ដោយអំណរ

មាន​ពេល​មួយ ក្មេង​ប្រុស​តូច​ម្នាក់​បាន​បើក​ប្រអប់​អំណោយ​ធំ​មួយ ដែល​ឪពុក​របស់​គាត់​​ជា​ទាហាន បាន​ផ្ញើ​មក​។ គាត់​គិត​ថា ឪពុក​របស់​គាត់​មិន​បាន​ត្រឡប់​មក​ផ្ទះ​វិញ ដើម្បី​ធ្វើ​បុណ្យ​ខួប​កំណើត​ឲ្យ​គាត់​ទេ។ ក្នុង​ប្រអប់​នោះ ​មាន​ប្រអប់​អំណោយ​មួយ​ទៀត ហើយ​ក្នុង​ប្រអប់​នោះ ក៏​មាន​ប្រអប់​មួយ​ទៀត ដែល​នៅ​ខាង​ក្នុង មាន​ក្រដាស់​មួយ​សន្លឹក មាន​អក្សរ​សរសេរ​ពី​លើ​ថា “ភ្ញាក់​ផ្អើល​ទេ!” ក្មេង​នោះ​ក៏​មាន​ការ​ភាន់​ភាំង ហើយ​ក៏​បាន​ងើយ​ក្បាល​ឡើង ឃើញ​ឪពុក​របស់​គាត់ ដើរ​ចូល​មក​ក្នុង​បន្ទប់។ កូន​ប្រុស​ម្នាក់​នេះ ក៏​បាន​លោត​ឡើង ចូល​ទៅ​ក្នុង​រង្វង់​ដៃ​របស់​ឪពុក​គាត់ ហើយ​និយាយ​ថា “ប៉ា កូន​នឹក​ប៉ា។ កូន​ស្រឡាញ់​ប៉ា”។

ការ​ជួប​ជុំ​គ្រួសារ​នោះ មាន​ការ​សម្រក់​ទឹក​ភ្នែក ដោយ​អំណរ ហើយ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ អំពី​ខ្លឹមសារ​នៃ​ការ​ពិពណ៌​នា ក្នុង​បទ​គម្ពីរ​វិវរណៈ ជំពូក​២១ អំពី​ពេល​ដ៏​រុង​រឿង ដែល​ក្នុង​នោះ កូន​ៗ​របស់​ព្រះ​បាន​ឃើញ​ព្រះ​អង្គ​មុខ​ទល់​នឹង​មុខ គឺ​បាន​ឃើញ​ព្រះ​វរបិតា​ដែល​ស្រឡាញ់​ពួក​គេ នៅ​ក្នុង​ស្នា​ព្រះ​ហស្ត​ដែល​ព្រះ​អង្គ​បាន​ស្អាង ឲ្យ​ថ្មី​ឡើង​វិញ​យ៉ាង​ពេញ​លេញ។ នៅ​ទី​នោះ ព្រះ​ជា​ម្ចាស់​នឹង​ជូត​ទឹក​ភ្នែក​ពួក​គេ​ចេញ។ យើង​នឹង​មិន​មាន​ការ​ឈឺ​ចាប់ ឬ​ទុក្ខ​ព្រួយ​ទៀត​​ឡើយ ព្រោះ​យើង​នឹង​បាន​ទៅ​នៅ​ជា​មួយ​ព្រះ​វរបិតា​នៃ​យើង ដែល​គង់​នៅ​ស្ថាន​សួគ៌។ បទ​គម្ពីរ​វិវរណៈ​ជំពូក​២១ បាន​ចែង​ថា​ ​“មាន​ឮ​សំឡេង​១​យ៉ាង​ខ្លាំង ចេញ​ពី​ស្ថានសួគ៌​មក​ថា មើល​រោង​ឧបោសថរបស់​ព្រះ បាន​នៅ​ជា​មួយ​នឹង​មនុស្ស​ហើយ ទ្រង់​នឹង​គង់​នៅ​ជា​មួយ​នឹង​គេ” (ខ.៣-៤) ។

អ្នក​ដើរ​តាម​ព្រះ​យេស៊ូវ អាច​ស្គាល់​សេចក្តី​ស្រឡាញ់ និង​ក្តី​អំណរ​ដ៏​ប្រសើរ ជា​មួយ​នឹង​ព្រះ​ជា​ម្ចាស់ ក្នុង​ការ​រស់​នៅ​លើ​ផែនដី។ គឺ​ដូច​ដែល​បទ​គម្ពីរ…

រូបភាពនៃភាពអស់សង្ឃឹម

នៅ​សម័យ​វិបត្តិ​សេដ្ឋ​កិច្ច ក្នុង​ទសវត្សរ៍​ឆ្នាំ ១៩៣០ នៅ​អាមេរិក អ្នក​ស្រី​ដូរ៉ូធា លេង(Dorothea Lange) ដែល​ជាជាង​ថត​រូប​ដ៏​ល្បី​ល្បាញ បាន​ថត​រូប​អ្នក​ស្រី​ផ្លូរិន អូវិន ថមសិន(Florence Owens Thompson) ជា​មួយ​កូន​ៗរបស់​គាត់។ រូប​ថត​មួយ​សន្លឹក​នេះ​ក៏​បាន​មាន​ភាព​ល្បី​ល្បាញ ហើយ​គេ​បាន​ដាក់​ចំណង​ជើង​ឲ្យ​ថា ម្តាយ​អន្តោ​ប្រវេសន៍ ។ រូប​ថត​នេះ គឺ​ជា​រូប​ភាព​របស់​ស្រ្តី​ជា​ម្តាយ​ម្នាក់ ដែល​ស្ថិត​ក្នុង​ភាព​អស់​សង្ឃឹម បន្ទាប់​ពី​ការ​ប្រមូល​ផល​សណ្តែក​ខៀវ​បាន​ទទួល​បរាជ័យ។ អ្នក​ស្រី​លេង​ក៏​បាន​យក​រូប​ថត​នោះ ទៅ​ទីក្រុង​នីប៉ូម៉ូ រដ្ឋ​កាលីហ្វូញ៉ា ខណៈ​ពេលដែល​គាត់​កំពុង​តែ​ធ្វើ​ការ ​ឲ្យ​រដ្ឋ​បាល​សុវត្ថិ​ភាព​កសិដ្ឋាន ដោយ​សង្ឃឹម​ថា គេ​នឹង​មាន​ការ​យល់​ដឹង អំពី​តម្រូវ​ការរបស់​កសិករ​ដែល​ធ្វើ​ស្រែ​ចម្កា​តាម​រដូវ ដែល​កំពុង​តែ​ស្ថិត​ក្នុង​ភាព​ទាល់​ច្រក។

កណ្ឌ​គម្ពីរ​បរិទេវ​បាន​ឆ្លុះ​បញ្ចាំង អំពី​ភាព​អស់​សង្ឃឹម​មួយ​បែប​ទៀត ដែល​នគរ​យូដា​បាន​ជួប​ប្រទះ បន្ទាប់​ពី​ទី​ក្រុងយេរូសាឡិម​ត្រូវ​បាន​គេ​បំផ្លិច​បំផ្លាញ។ មុន​ពេល​កង​ទ័ព​របស់​ស្តេច​នេប៊ូក្នេសា​សម្រុក​ចូល​ ហើយ​បំផ្លិច​បំផ្លាញ​ទី​ក្រុង​នេះ ប្រជាជន​ក្នុង​ទីក្រុង​នេះ​បាន​ជួប​ភាព​អត់​ឃ្លាន​រួច​ជា​ស្រេច​ហើយ ដោយ​សារ​ការ​ឡោម​ព័ទ្ធ​របស់​សត្រូវ​(២ពង្សាតាក្សត្រ ២៤:១០-១១)។ ពួក​គេ​បាន​ជួប​ទុក្ខ​វេទនា​នេះ គឺ​ដោយ​សារ​តែ​ការ​មិន​ស្តាប់​បង្គាប់​ព្រះ​អស់​ជា​ច្រើន​ឆ្នាំមក​ហើយ តែ​លោក​យេរេមា ដែល​ជាអ្នក​និពន្ធ​កណ្ឌ​គម្ពីរ​បរិទេវ​បាន​ស្រែក​អំពាវ​នាវ​ដល់​ព្រះ​ជា​ម្ចាស់ ជំនួស​ពួក​គេ​(បរិទេវ ២:១១-១២)។

អ្នក​និពន្ធ​បទ​គម្ពីរ​ទំនុក​ដំកើង ជំពូក១០៧ ក៏​បាន​ពិពណ៌នា អំពី​គ្រា​អាសន្ន​អន្ធ​ក្រ ក្នុង​ប្រវត្តិ​សាស្រ្ត​អ៊ីស្រាអែល​ផងដែរ​(គឺ​ក្នុង​អំឡុង​ពេល​ដែល​ពួក​អ៊ីស្រាអែល​រស់​នៅ​វិល​វល់ ក្នុង​វាល​រហោស្ថាន, ខ.៤៥) ប៉ុន្តែ គាត់​បាន​ងាក​មក​ផ្តោត​ទៅ​លើ​ដំណោះ​ស្រាយ​ជា​ជំហាន​ៗ សម្រាប់​ពេល​ដ៏​ពិបាក​នោះ ដែល​ក្នុង​នោះ ពួក​គេ “បាន​ស្រែក​អំពាវ​នាវ​ដល់ព្រះ​អម្ចាស់ ក្នុង​ពេល​មាន​ទុក្ខ”(ខ.៦)។ ហើយ​ពួក​គេ​ក៏​បាន​ទទួល​លទ្ធ​ផល​ដ៏​អស្ចារ្យ…