កិច្ចការដែលដៃយើងធ្វើ
ពេលខ្ញុំកំពុងធ្វើដំណើរតាមរថភ្លើង កាត់តាមទីវាលដ៏មានជីជាតិ នៅតាមបណ្តោយឆ្នេរនៃតំបន់មីឈីហ្គិនខាងលិច ខ្ញុំបានឃើញរុក្ខជាតិទាំងឡាយបានចាប់ផ្តើមចេញផ្លែ បន្ទាប់ពីរដូវផ្ការីកទើបតែបានប្រែទៅជារដូវក្តៅ។ កសិករកំពុងលត់ជង្គង់នៅលើទឹកសន្សើមនាពេលព្រឹក ដើម្បីបេះផ្លែស្រ្តបឺរីដែលបានទំហើយ។ ដើមប្លូបឺរី ដែលដុះជាគុម្ពៗ កំពុងតែទទួលពន្លឺថ្ងៃដែលបានបញ្ចេញពីលើមេឃមក ហើយកំពុងស្រូបយកជីវជាតិពីក្នុងដី។ បន្ទាប់ពីធ្វើដំណើរកាត់តាមចំការ ដែលមានផ្លែឈើទុំ យើងក៏បានទៅដល់គំនរច្រេះចាប់ ដែលមានលោហធាតុដែលគេបោះបង់ចោល។ រូបភាពដ៏អាក្រក់នៃដែកច្រេះពណ៌ក្រហមមួយគំនរធំនៅលើដី គឺផ្ទុយពីទេសភាពចំការពណ៌បៃតងខ្ចី ដែលមានរុក្ខជាតិលូតលាស់។ ដែកច្រេះចាប់ទាំងនោះត្រូវគេទុកចោលមិនអាចបង្កើតផលអ្វី តែផ្ទុយទៅវិញ ផ្លែឈើដែលបានធំឡើង ហើយទុំ បានក្លាយជាអាហារដ៏មានជីវជាតិសម្រាប់មនុស្សដែលស្រេកឃ្លាន។
ភាពខុសគ្នារវាងផ្លែឈើ និងដែកច្រេះចាប់នោះ បានធ្វើឲ្យខ្ញុំនឹកចាំអំពីបទទំនាយ ដែលព្រះបានមានបន្ទូល អំពីទីក្រុងទាំងឡាយ ដែលមានដូចជាទីក្រុងដាម៉ាសជាដើម(មើល អេសាយ ១៧:១,១១)។ ព្រះអង្គមានបន្ទូលថា “ពីព្រោះឯងបានភ្លេចព្រះដែលជួយសង្គ្រោះឯង … ព្រឹកឡើង ឯងបានធ្វើឲ្យពូជឯងបែកចេញជាប៉ិច តែឯចម្រូតវិញ នោះនឹងរំលងបាត់ទៅក្នុងគ្រាមានទុក្ខវេទនា ហើយសង្រេងយ៉ាងសហ័ស”(ខ.១០-១១)។
បទទំនាយនេះក៏បានផ្តល់ការដាស់តឿនដល់មនុស្សសម័យបច្ចុប្បន្ន អំពីគ្រោះថ្នាក់ និងភាពឥតប្រយោជន៍នៃការគិតថា យើងអាចបង្កើតផលផ្លែអ្វីមួយ ដោយខ្លួនឯងបាន។ បើយើងដាច់ចេញចេញពីព្រះ នោះកិច្ចការដែលដៃយើងបានធ្វើ នឹងក្លាយជាគំនរបាក់បែក។ ប៉ុន្តែ ពេលដែលយើងចូលរួមជាមួយព្រះ នៅក្នុងកិច្ចការ ដែលព្រះហស្តព្រះអង្គធ្វើ ព្រះអង្គនឹងប្រទានពរឲ្យយើងបានទទួលផលច្រើនជាពហុគុណ ហើយផ្តល់នូវការចំអែតខាងវិញ្ញាណដល់មនុស្សជាច្រើន។-Julie Ackerman Link
ការស្វែងរកលោកសាខេ
លោកអាលហ្វ៍ ខ្លក(Alf Clark) បានដើរតាមដងវិធីនៅទីក្រុង ដើម្បីស្វែងរកលោកសាខេ។ ត្រង់ចំណុចនេះ គាត់មិនមែនកំពុងស្វែងរកលោកសាខេ នៅក្នុងព្រះគម្ពីរទេ ដ្បិតព្រះយេស៊ូវបានរកលោកសាខេឃើញ តាំងពីយូរណាស់មកហើយ។ តែលោកអាលហ្វ៍ និងមិត្តភ័ក្រមួយចំនួន ដែលបានធ្វើការបម្រើព្រះនៅទីប្រជុំជន បានយកគំរូតាមការអ្វី ដែលព្រះយេស៊ូវបានធ្វើ ក្នុងព្រះគម្ពីរលូកា ជំពូក១៩។ ពួកគេបានធ្វើដំណើរក្នុងទីក្រុង ក្នុងគោលបំណងដើម្បីជួប និងជួយអ្នកដែលកំពុងត្រូវការជំនួយ ដូចលោកសាខេ។
លោកអាលហ្វ៍ បានដើរពីផ្ទះមួយ ទៅផ្ទះមួយទៀត ក្នុងតំបន់ដែលគាត់រស់នៅ។ គាត់បានគោះទ្វារផ្ទះទាំងនោះ ហើយពេលគេបើកទ្វារឲ្យគាត់ គាត់និយាយទៅកាន់គេថា “សួស្តី ខ្ញុំឈ្មោះអាលហ្វ៍។ តើអ្នកមានខ្វះខាតអ្វី ដែលចង់ឲ្យខ្ញុំអធិស្ឋានឲ្យទេ?” នេះជាវិធីសាស្រ្ត ដែលគាត់បានប្រើ ដើម្បីចាប់ផ្តើមការទំនាក់ទំនង ហើយស្វែងរកឱកាសផ្តល់ការប្រឹក្សាយោបល និងនាំឲ្យគេជឿព្រះ ហើយរស់នៅដោយមានក្តីសង្ឃឹម ដែលនេះជាអ្វីដែលព្រះយេស៊ូវបានធ្វើ សម្រាប់លោកសាខេ ដែលជាអ្នកយកពន្ធ។
សូមយើងកត់សំគាល់ការអ្វីដែលព្រះយេស៊ូវបានធ្វើ ដូចតទៅ : ព្រះគម្ពីរលូកាបានចែងថា ព្រះយេស៊ូវ “បានយាងកាត់ទីក្រុងយេរីខូ”(លូកា ១៩:១)។ ជាការពិតណាស់ ពេលដែលព្រះយេស៊ូវយាងទៅដល់ទីក្រុង តាមធម្មតា មនុស្សទាំងហ្វូងបានមកផ្តុំគ្នាទទួលព្រះអង្គ។ ដោយសារលោកសាខេជាមនុស្សទាប គាត់ក៏បានឡើងដើមឈើ ដើម្បីឲ្យបានឃើញព្រះអង្គ។ ខណៈពេលដែលព្រះយេស៊ូវកំពុងយាងកាត់តាមនោះ ព្រះអង្គក៏បានយាងទៅរកដើមឈើដែលគាត់ឡើងនោះ ហើយប្រាប់គាត់ថា ព្រះអង្គសព្វព្រះទ័យនឹងទៅលេងផ្ទះគាត់។ ថ្ងៃនោះ សេចក្តីសង្រ្គោះបានមកដល់ផ្ទះរបស់លោកសាខេ។…
ព្រះអង្គបានហៅផ្កាយតាមឈ្មោះរបស់វា
នៅលើតំបន់ខ្ពង់រាបក្នុងវាលរហោស្ថាន អាតាកាម៉ា នៅប្រទេសឈីលី មានកែវយឺតមើលផ្កាយមួយ ដែលស្ថិតក្នុងចំណោមកែវយឺតមើលផ្កាយដ៏ធំបំផុតក្នុងពិភពលោក ដែលប្រើរលកវិទ្យុ។ កែវយឺតនោះផ្តល់ឲ្យក្រុមអ្នកតារាសាស្រ្ត នូវរូបភាពនៃចក្រវាឡ ដែលគេមិនធ្លាប់បានឃើញពីមុនមក។ ក្នុងអត្ថបទកាសែត Associated Press លោកលូវីស អនដ្រេស ហេណាវ(Luis Andres Henao) បានមានប្រសាសន៍ថា អ្នកវិទ្យាសាស្រ្ត នៅតាមបណ្តាប្រទេសជាច្រើន “កំពុងស្វែងរកតំរុយ នៃដើមកំណើតនៃចក្រវាឡ ដោយស្រាវជ្រាវឧស្ម័នដែលត្រជាក់បំផុត និងលម្អងធូលី ដែលមានការផ្សំគ្នាជាបណ្តុំផ្កាយហ្កាឡាក់ស៊ី ហើយផ្កាយទាំងឡាយកើតឡើងពីថាមពល ដែលកើតឡើងពីបន្ទុះប៊ីក ប៊ែង”។
យ៉ាងណាមិញ ព្រះគម្ពីរបានចែងអំពីអំណាចដ៏អស្ចារ្យ និងប្រាជ្ញាដែលគ្មានដែនកំណត់របស់ព្រះ ដែលបានបង្កើតចក្រវាល ឲ្យមានផ្កាយ និងភពទាំងអស់ ហើយព្រះអង្គ “រាប់ចំនួននៃអស់ទាំងផ្កាយ ក៏ហៅបានតាមឈ្មោះទាំងអស់”(ទំនុកដំកើង ១៤៧:៤)។ ព្រះអង្គបានបង្កើតរបស់សព្វសារពើមក ដោយអំណាចចេស្តា និងក្តីស្រឡាញ់របស់ព្រះអង្គ ដូចនេះ ព្រះអង្គមិនមែនជាអំណាចដែលនៅដាច់ឆ្ងាយពីយើង ដែលមិនបានខ្វល់ពីយើងសោះនោះទេ តែជាព្រះវរបិតាដែលគង់នៅស្ថានសួគ៌ ដែលមានក្តីស្រឡាញ់ និង “ប្រោសអស់អ្នកដែលមានចិត្តសង្រេងឲ្យបានជា ក៏រុំរបួសឲ្យគេផង”(ខ.៣)។ ព្រះអង្គជ្រុំជ្រែងមនុស្សរាបសា(ខ.៦) ហើយ “សព្វព្រះហឫទ័យតែនឹងអស់អ្នក ដែលកោតខ្លាចទ្រង់ ហើយនឹងអស់អ្នកដែលសង្ឃឹមដល់សេចក្តីសប្បុរសរបស់ទ្រង់”(ខ.១១)។ ព្រះអង្គស្រឡាញ់យើងខ្លាំងណាស់ បានជាទ្រង់ប្រទានព្រះរាជបុត្រាទ្រង់តែ១ ដើម្បីឲ្យអ្នកណាដែលជឿដល់ព្រះរាជបុត្រានោះ មិនត្រូវវិនាសឡើយ គឺឲ្យមានជីវិតអស់កល្បជានិច្ចវិញ(យ៉ូហាន ៣:១៦)។
លោកយេ…
ការគ្រវីទង់ជ័យស
ថ្មីៗនេះ ពេលដែលខ្ញុំកំពុងមើលវីដេអូ ដែលបង្ហាញអំពីកម្មវីធីថ្វាយបង្គំព្រះ របស់ពួកជំនុំមួយកន្លែង នៅតំបន់អាមេរិកខាងត្បូង ខ្ញុំមានការប៉ះពាល់ចិត្តយ៉ាងខ្លាំង។ ពេលដែលលោកគ្រូគង្វាលថ្លែងព្រះបន្ទូលដោយចិត្តឆេះឆួល ទៅកាន់ពួកជំនុំដែលជាហ្វូងចៀមរបស់ខ្លួន ឲ្យថ្វាយជីវិតដាច់ដល់ព្រះយេស៊ូវ ពួកជំនុំរបស់គាត់ក៏បានឆ្លើយតប ដោយបង្ហាញចេញនូវការចុះចូលចំពោះព្រះយេស៊ូវទាំងស្រុង ដោយការអធិស្ឋានទាំងស្រក់ទឹកភ្នែក។
ព្រឹត្តិការណ៍នេះ បានធ្វើឲ្យខ្ញុំចង់ដឹងថា តើមានការអ្វីផ្សេងទៀត ដែលខ្ញុំអាចរៀនបានពីការចុះចូលរបស់ពួកគេឬទេ? ខ្ញុំយល់ថា ពួកគេកំពុងតែគ្រវីទុងជ័យស ដាក់ព្រះ ដែលជាការចុះចូលចំពោះព្រះអង្គ ដោយក្តីស្រឡាញ់។ ពេលដែលព្រះអង្គប្រាប់រាស្រ្តរបស់ព្រះអង្គថា “ចូរស្រឡាញ់ព្រះអម្ចាស់ ជាព្រះនៃឯង”(ចោទិយកថា ៦:៥) គឺព្រះអង្គកំពុងមានបន្ទូល ក្នុងបរិបទ ដែលជំរុញពួកគេឲ្យថ្វាយជីវិតរបស់ខ្លួន ដល់ព្រះអង្គ។
ព្រះអង្គសព្វព្រះទ័យឲ្យយើងដឹងថា ការរស់នៅក្នុងព្រះអង្គ គឺមិនគ្រាន់តែជាការខិតខំធ្វើឲ្យខ្លួន ក្លាយជាមនុស្សល្អប៉ុណ្ណោះទេ តែជាជីវិតដែលមានទំនាក់ទំនងជាប្រចាំជាមួយព្រះអង្គ ដែលក្នុងនោះ យើងត្រូវចុះចូលនឹងព្រះអង្គ ដើម្បីបង្ហាញពីការដឹងគុណចំពោះព្រះអង្គ។ ដោយសារព្រះយេស៊ូវមានសេចក្តីស្រឡាញ់ដ៏អស្ចារ្យចំពោះយើង នោះព្រះអង្គបានលះបង់ព្រះជន្មនៅលើឈើឆ្កាង ដើម្បីរំដោះយើង ឲ្យរួចពីចំណងនៃអំពើបាប ហើយឲ្យយើងធ្វើដំណើរឆ្ពោះទៅរកការគ្រប់យ៉ាង ដែលល្អថ្លៃថ្លា។
យើងមិនមានពាក្យគ្រប់គ្រាន់ ដើម្បីនឹងទូលព្រះអង្គថា យើងស្រឡាញ់ព្រះអង្គខ្លាំងប៉ុណ្ណាទេ! ដូចនេះ សូមយើងបង្ហាញសេចក្តីស្រឡាញ់ចំពោះព្រះអង្គ ដោយថ្វាយចិត្ត និងជីវិត ដើម្បីដើរតាមព្រះអង្គ។-Joe Stowell
វិប្បដិសារីដ៏យូរអង្វែង
មានពេលមួយ ខ្ញុំបានជួបអ្នកលេងព្យាណូដ៏ជំនាញម្នាក់។ ពេលយើងកំពុងជជែកគ្នា នាងក៏បានសួរថា តើខ្ញុំចេះលេងឧបករណ៍តន្រ្តីណាមួយឬទេ? ខ្ញុំក៏បានឆ្លើយថា “ខ្ញុំចេះបើកវិទ្យុស្តាប់តន្រ្តី”។ នាងក៏អស់សំណើច ហើយក៏បានសួរថា តើខ្ញុំចង់ចេះលេងឧបករណ៍តន្រ្តីណាមួយឬទេ? ខ្ញុំក៏បានឆ្លើយដោយការអៀនខ្មាស់ថា “កាលនៅក្មេង ខ្ញុំធ្លាប់រៀនព្យាណូ តែខ្ញុំរៀនបានតែបន្តិច ហើយក៏ឈប់រៀនទៅ”។ សព្វថ្ងៃនេះ ខ្ញុំធំពេញវ័យហើយ ខ្ញុំមានការស្តាយក្រោយ ដែលមិនបានរៀនព្យាណូឲ្យចេះដូចគេ។ ខ្ញុំចូលចិត្តតន្រ្តី បើសិនជាខ្ញុំអាចលេងភ្លេងនៅថ្ងៃនេះ មិនដឹងជាល្អយ៉ាងណាទេ។
ការសន្ទនានៅថ្ងៃនោះ បានរំឭកខ្ញុំថា ក្នុងការរស់នៅ យើងមានការសម្រេចចិត្តជាញឹកញាប់ ហើយមានការសម្រេចចិត្តខ្លះ បាននាំមកនូវការស្តាយក្រោយ។ ការសម្រេចចិត្តខ្លះបាននាំមកនូវវិប្បដិសារីដែលកាន់តែធ្ងន់ធ្ងរ និងឈឺចាប់ជាមុនទៀត។ ស្តេចដាវីឌបានជួបបញ្ហានេះ ពេលដែលទ្រង់សម្រេចព្រះទ័យប្រព្រឹត្តអំពើផឹតក្បត់ជាមួយប្រពន្ធរបស់បុរសម្នាក់ ដែលក្រោយមក ទ្រង់ថែមទាំងបានសម្លាប់បុរសនោះទៀត។ ទ្រង់ក៏បានរៀបរាប់អំពីទោសកំហុសមួយនេះ ដែលធ្វើឲ្យទ្រង់មានសេចក្តីទុក្ខយ៉ាងខ្លាំង។ គឺដូចដែលទ្រង់បានមានបន្ទូលថា “កាលទូលបង្គំបានស្ងៀមនៅ នោះឆ្អឹងទូលបង្គំបានខ្សោះទៅ ដោយសារដំងូរដែលទូលបង្គំថ្ងូរជាដរាបរាល់ថ្ងៃ ដ្បិតព្រះហស្តនៃទ្រង់បានសង្កត់លើទូលបង្គំជាធ្ងន់ ទាំងយប់ទាំងថ្ងៃ ធាតុទឹករបស់ទូលបង្គំបានត្រឡប់ទៅជារីងហួតដូចជារដូវក្តៅ”(ទំនុកដំកើង ៣២:៣-៤)។ ប៉ុន្តែ ស្តេចដាវីឌបានទទួលស្គាល់ និងសារភាពអំពើបាបរបស់ទ្រង់ នៅចំពោះព្រះ ហើយក៏បានទទួលការអត់ទោសបាប(ខ.៥)។
ពេលដែលការសម្រេចចិត្តរបស់យើង នាំមកនូវវិប្បដិសារីដ៏ឈឺចាប់ គឺមានតែព្រះទេដែលអាចប្រទាននូវព្រះគុណនៃការអត់ទោសបាប។ ហើយមានតែនៅក្នុងព្រះអង្គប៉ុណ្ណោះ ដែលយើងអាចរកឃើញប្រាជ្ញា ដើម្បីធ្វើការសម្រេចចិត្តឲ្យបានល្អជាងមុខ។-Bill Crowder
ទឹកដ៏រស់សម្រាប់លោកិយ
៧០ភាគរយនៃពិភពលោក ត្រូវបានគ្របដណ្តប់ដោយទឹក ប៉ុន្តែ ក្នុងនោះ មានតែទឹក១ភាគរយប៉ុណ្ណោះ ដែលអាចឲ្យមនុស្សផឹកបាន។ ការអភិរក្ស និងការរក្សាអនាម័យទឹក គឺជាកិច្ចការដ៏សំខាន់ ក្នុងតំបន់ជាច្រើននៃពិភពលោក ព្រោះជីវិតទាំងអស់ពឹងផ្អែកទៅលើទឹកស្អាត។
មានពេលមួយ ព្រះយេស៊ូវបានយាងចេញទៅណែនាំស្រ្តីបាត់បង់ម្នាក់ អំពីទឹកមួយប្រភេទទៀត ដែលផ្តល់ឲ្យនូវជីវិត។ ព្រះអង្គបានសម្រេចព្រះទ័យ យាងទៅទីក្រុងមួយ នៅស្រុកសាម៉ារី។ គ្រូបង្រៀនក្រឹត្យវិន័យដែលមានមុខមាត់នៅសម័យនោះ មិនចូលស្រុកនោះទេ។ តែព្រះអង្គបានយាងចូល ហើយក៏បានប្រាប់ស្ត្រីនោះ អំពី “ទឹកដ៏រស់”។ អ្នកដែលបានផឹកទឹកនោះហើយ “នឹងមិនស្រេកទៀតទេ”។ ទឹកដែលព្រះអង្គប្រទានឲ្យ “នឹងត្រឡប់ជារន្ធទឹកនៅក្នុងអ្នកដែលបានផឹកនោះ ដែលផុសឡើងដល់ទៅបានជីវិតអស់កល្បជានិច្ច”(យ៉ូហាន ៤:១៤)។
តាមពិតព្រះយេស៊ូវជាទឹកដ៏រស់នោះឯង។ អ្នកណាដែលទទួលព្រះអង្គ គឺមានជីវិតអស់កល្បជានិច្ច(ខ.១៤)។ ប៉ុន្តែ ទឹកដ៏រស់ដែលព្រះអង្គប្រទាន មានតួនាទីមួយទៀត។ គឺដូចដែលព្រះយេស៊ូវមានបន្ទូលថា អ្នកណាដែលជឿព្រះអង្គ នោះនឹងមានទន្លេទឹករស់ហូរចេញពីចិត្តរបស់អ្នកនោះមក”(៧:៣៨)។ ទឹកដ៏រស់ដែលជួយឲ្យយើងមានជីវិតថ្មីឡើង ក៏ជួយឲ្យអ្នកដទៃមានជីវិតថ្មីផងដែរ។
តំបន់នីមួយៗក្នុងពិភពលោក មិនមានទឹកសាបច្រើនដូចគ្នាទេ។ យ៉ាងណាមិញ តំបន់ទាំងនោះក៏មិនបានទទួលទឹកដ៏រស់ ឲ្យស្មើគ្នាដែរ។ មានមនុស្សជាច្រើនដែលមិនបានស្គាល់អ្នកដើរតាមព្រះយេស៊ូវ តែព្រះអង្គពិតជាយកព្រះទ័យទុកដាក់ចំពោះពួកគេណាស់។ យើងមានអភ័យឯកសិទ្ធិ សម្រាប់ផ្សាយដំណឹងល្អដល់ពួកគេ។ សរុបមក ព្រះគ្រីស្ទជាទឹកដ៏រស់ សម្រាប់អស់អ្នកដែលកំពុងស្រេកទឹក។-C.P.HIA
មធ្យោបាយដ៏តូច នៅកន្លែងដ៏តូច
ខ្ញុំបានជួបមនុស្សជាច្រើន ដែលធ្វើការបម្រើព្រះ ដោយគិតថា ខ្លួនហាក់ដូចជាកំពុងធ្វើការបម្រើព្រះ នៅកន្លែងតូចតាច តាមមធ្យោបាយដ៏ស្តួចស្តើង។ ពួកគេច្រើនតែបាក់ទឹកចិត្ត ដោយសារភាពឯកកោ នៅពេលដែលពួកគេមានអារម្មណ៍ថា កិច្ចការបម្រើរបស់ពួកគេមិនសំខាន់ចំពោះអ្នកដទៃ។ ពេលខ្ញុំឮពួកគេនិយាយដូចនេះ ខ្ញុំក៏បាននឹកចាំអំពីតួអង្គទេវតា នៅក្នុងសៀវភៅរឿងរបស់លោក ស៊ី អែស លូអីស(C. S. Lewis) ដែលមានចំណងជើងថា ក្នុងពិភពដ៏ស្ងាត់ស្ងៀម ។ តួអង្គទេវតានោះមានបន្ទូលដល់គេថា “ប្រជាជនរបស់ខ្ញុំមានច្បាប់មួយ ដែលហាមពួកគេមិនឲ្យនិយាយអំពីទំហំ ឬតួរលេខប្រាប់អ្នកឡើយ … ព្រោះការនេះបានធ្វើឲ្យអ្នកគិតថា ខ្លួនធំលើសអ្វីៗដែលពិតជាមានភាពអស្ចារ្យ”។
ជួនកាល នៅក្នុងវប្បធម៌របស់មនុស្ស គេយល់ថា អ្វីដែលមានទំហំកាន់តែធំគឺកាន់តែអស្ចារ្យ បានសេចក្តីថា ទំហំគឺជាខ្នាតរង្វាស់នៃជោគជ័យ។ ត្រង់ចំណុចនេះ ទាល់តែមនុស្សដែលមានភាពរឹងមាំ ទើបអាចជម្នះវប្បធម៌នេះបាន ជាពិសេស បើសិនជាពួកគេកំពុងធ្វើការបម្រើ នៅកន្លែងដ៏តូច។ ប៉ុន្តែ យើងមិនត្រូវ “មើលរំលងការអ្វី ដែលពិតជាអស្ចារ្យ”ឡើយ។
មិនមែនមានន័យថា តួរលេខមិនសំខាន់នោះទេ(ជាក់ស្តែង ពួកសាវ័កក៏បានរាប់ចំនួនមនុស្សដែលពួកគេបាននាំឲ្យជឿព្រះផងដែរ, មើលកិច្ចការ ២:៤១)។ តួរលេខរបស់ពួកគេ ឆ្លុះបញ្ចាំងអំពីមនុស្សដែលកំពុងរស់នៅ ដែលត្រូវការសេចក្តីសង្រ្គោះដ៏អស់កល្បជានិច្ច។ យើងគួរតែធ្វើការ និងអធិស្ឋានឲ្យមានចំនួនមនុស្សកាន់តែច្រើន ចូលនគរព្រះ ប៉ុន្តែ យើងមិនត្រូវយកតួរលេខជាមូលដ្ឋាន នៃការលើកទឹកចិត្តខ្លួនឯងឡើយ។
ព្រះមិនបានត្រាសហៅយើង ឲ្យស្វែងរកការស្កប់ចិត្ត នៅក្នុងបរិមាណ…
ព្រះអង្គមិនចេះប្រែប្រួល
កាលខ្ញុំនៅក្មេង ជីតារបស់ខ្ញុំចូលចិត្តនិទានរឿង ហើយខ្ញុំចិត្តស្តាប់គាត់ណាស់។ គាត់មានរឿងនិទានពីរប្រភេទ គឺ “រឿងប្រឌិតពន្លើស” និង “រឿងដំណើរផ្សងព្រេង”។ រឿងប្រឌិតពន្លើសមានបង្កប់ការពិតខ្លះៗ តែអ្នកនិទានរឿងបានកែប្រែសាច់រឿង នៅពេលគាត់និទានរឿងដដែលនោះនៅពេលក្រោយទៀត។ រឿងដំណើរផ្សងពេ្រង និយាយអំពីរឿងដែលពិតជាបានកើតឡើង តែអ្នកនិទានរឿងមិនកែប្រែសាច់រឿង នៅពេលគាត់និទានរឿងនោះលើកក្រោយទេ។ ថ្ងៃមួយជីតារបស់ខ្ញុំបាននិទានរឿងមួយ ដែលហាក់ដូចជាពិបាកឲ្យខ្ញុំជឿថា វាជារឿងពិត បានជាខ្ញុំលាន់ម៉ាត់ថា “លោកតា រឿងហ្នឹងជារឿងប្រឌិតពន្លើសមែនអត់?” តែគាត់ប្រាប់ខ្ញុំថា រឿងនោះជារឿងពិត។ ខ្ញុំនៅតែមិនអាចជឿគាត់ ទោះបីជាគាត់មិនបានកែសាច់រឿងនោះ នៅពេលក្រោយទៀតក៏ដោយ។ ដូចនេះ ខ្ញុំមានអារម្មណ៍ចម្លែកបន្តិច។
បន្ទាប់មក ថ្ងៃមួយ ពេលខ្ញុំកំពុងស្តាប់កម្មវិធីវិទ្យុ ខ្ញុំបានឮពិធីករនិទានរឿងមួយ ដែលបញ្ជាក់ថា រឿងនិទានដែលជីតាខ្ញុំនិទានប្រាប់ខ្ញុំ នៅថ្ងៃមុនជារឿងដំណើរផ្សងព្រេង ដែលនិយាយពីការពិតមែន។ ពេលនោះ ខ្ញុំក៏មានការប៉ះពាល់ចិត្ត ហើយក៏បានទុកចិត្តគាត់កាន់តែខ្លាំង។
ពេលដែលអ្នកនិពន្ធទំនុកដំកើងនិយាយ អំពីលក្ខណៈដែលមិនចេះប្រែប្រួលរបស់ព្រះ(ទំនុកដំកើង ១០២:២៧) គាត់បានកម្សាន្តចិត្តយើង ដោយឲ្យទុកចិត្តលើព្រះ ដែលមិនចេះប្រែប្រួល។ ត្រង់ចំណុចនេះ ព្រះគម្ពីរហេព្រើ ១៣:៨ ក៏បានចែងផងដែរថា “ព្រះយេស៊ូវគ្រីស្ទទ្រង់នៅតែដដែល គឺពីថ្ងៃម្សិល ថ្ងៃនេះ ហើយទៅដល់អស់កល្បជានិច្ចតទៅ”។ ការនេះអាចលើកទឹកចិត្តយើង ឲ្យឈ្នះទុក្ខលំបាកប្រចាំថ្ងៃ ដោយរំឭកយើងអំពីព្រះដែលមិនប្រែប្រួល ដែលអាចឲ្យយើងទុកចិត្តបាន ដែលគ្រប់គ្រងភាពវឹកវរ ក្នុងលោកិយដែលចេះតែប្រែប្រួល។-Randy Kilgore
ស្ពានជីវិត
ប្រជាជនដែលរស់នៅ ក្នុងក្រុងចេរាពុងជី ប្រទេសឥណ្ឌា បានរកឃើញវិធីសាស្រ្តដ៏ពិសេសមួយ សម្រាប់ឆ្លងស្ទឹង និងអូរជាច្រើន ក្នុងទឹកដីរបស់ពួកគេ។ ពួកគេបានសង់ស្ពានដោយប្រើឫសរបស់ដើមកៅស៊ូ។ ពួកគេបានដាំដើមកៅស៊ូ នៅតាមច្រាំងឲ្យដុះឫស ចេញជា “ស្ពានដែលមានជីវិត” ឆ្លងទៅត្រើយម្ខាង ដែលត្រូវចំណាយពេលពី១០ ទៅ១៥ឆ្នាំ ទំរាំតែដើមកៅស៊ូទាំងនោះធំពេញវ័យ។ តែពេលដែលដើមកៅស៊ូទាំងនោះ ដុះចេញជាស្ពានបានរឹងមាំហើយ ស្ពាននោះមានលំនឹងណាស់ ហើយគេក៏អាចប្រើប្រាស់វាបានរាប់រយឆ្នាំ។
យ៉ាងណាមិញ ព្រះគម្ពីរបានប្រៀបប្រដូចអ្នក ដែលទុកចិត្តព្រះ ទៅនឹង “ដើមឈើដាំនៅមាត់ទឹក ដែលចាក់ឫសទៅក្បែរទន្លេ”(យេរេមា ១៧:៨)។ ដោយសារឫសរបស់ដើមឈើនោះ បានស្រូបយកជីវជាតិបានល្អ នោះវាអាចបន្តមានជីវិត នៅពេលមានអាកាសធាតុក្តៅខ្លាំង។ ហើយក្នុងអំឡុងពេលរាំងស្ងួត វានៅតែបន្តចេញផ្លែផ្កា។
យើងអាចមានភាពរឹងមាំដូចដើមឈើដែលចាក់ឫសបានល្អ ពេលដែលយើងពឹងផ្អែកលើព្រះ ដោយមានភាពនឹងនរ និងភាពរឹងមាំ ទោះបីជាយើងស្ថិតក្នុងស្ថានភាពដ៏អាក្រក់បំផុតក៏ដោយ។ ផ្ទុយទៅវិញ អ្នកដែលទុកចិត្តលើមនុស្ស ច្រើនតែរស់នៅ ដោយគ្មានលំនឹង។ ព្រះគម្ពីរបានប្រៀបប្រដូចពួកគេ ទៅនឹងដើរឈើតូចៗនៅវាលរហោស្ថាន ដែលច្រើនតែខ្វះជីវជាតិ នឹងឈរនៅតែឯង(ខ.៦)។ ជីវិតខាងវិញ្ញាណរបស់អ្នកដែលលះចោលព្រះ គឺមានលក្ខណៈដូចនេះឯង។
ដូចនេះ យើងអាចសួរខ្លួនឯងថា តើយើងចាក់ឫសនៅកន្លែងណា? តើយើងបានចាក់ឫសនៅក្នុងព្រះយេស៊ូវឬទេ?(កូល៉ុស ២:៧) តើយើងជាស្ពានដែលចម្លងអ្នកដទៃ ឲ្យទៅរកព្រះអង្គឬទេ? បើយើងស្គាល់ព្រះគ្រីស្ទ នោះយើងនឹងធ្វើបន្ទាល់ចំពោះសេចក្តីពិតនេះថា មានពរហើយ អ្នកដែលទុកចិត្តលើព្រះអម្ចាស់(យេរេមា…
ល្អតែសម្បកក្រៅ
ថ្ងៃមួយ កូនស្រីរបស់ខ្ញុំបានលវ៉ែនតាការពារពន្លឺថ្ងៃ ដែលខ្ញុំទើបតែទិញថ្មីៗ។ នាងក៏បានប្រគល់វ៉ែនតានោះមកវិញ ហើយនិយាយលេងថា “ម៉ាក់ វ៉ែនតានេះ មិនមែនជាវ៉ែនតាការពារពន្លឺថ្ងៃទេ។ វាគ្រាន់តែជាវ៉ែនតាសម្រាប់ពាក់ឲ្យល្អមើលប៉ុណ្ណោះ។ តាមខ្ញុំស្មាន ម៉ាក់ទិញវ៉ែនតាហ្នឹង ដោយសារវាធ្វើឲ្យម៉ាក់មានសម្រស់ស្អាតហើយមែនទេ?”
ត្រង់ចំណុចនេះ ខ្ញុំទទួលស្គាល់ថា កូនស្រីខ្ញុំស្គាល់ចិត្តខ្ញុំ។ ពេលខ្ញុំទិញវ៉ែនតានោះ ខ្ញុំមិនបានគិតដល់ការការពារកាំរស្មីយ៉ូវី ឬគិតថា វ៉ែនតានោះពិតជាអាចការពារពន្លឺថ្ងៃមែនឬអត់ទេ។ ខ្ញុំគ្រាន់តែចូលចិត្ត ភាពស្រស់ស្អាត ដែលវាផ្តល់ឲ្យខ្ញុំប៉ុណ្ណោះ។
មនុស្សភាគច្រើនចូលចិត្តធ្វើឲ្យខ្លួនមានរូបសម្រស់ល្អ។ យើងចង់ឲ្យគេមើលមក ឃើញយើង“មានការរៀបចំខ្លួនបានល្អ” ដោយគ្មានការពិបាក ការភ័យខ្លាច ការល្បួង ឬការឈឺក្បាលអ្វីឡើយ។ ការព្យាយាមរក្សារូបសម្រស់សម្បកក្រៅ ក្នុងដំណើរជីវិតខាងវិញ្ញាណ មិនមានប្រយោជន៍អ្វីសម្រាប់ខ្លួនយើង ឬសម្រាប់អ្នករួមដំណើរជាមួយយើងទេ។ តែការចែករំលែកជីវិតយើង ជាមួយអ្នកដទៃ ក្នុងរូបកាយព្រះគ្រីស្ទ ផ្តល់ប្រយោជន៍ដល់យើង ក៏ដូចជាចំពោះអ្នកដទៃផងដែរ។ ពេលដែលយើងមានភាពស្មោះត្រង់កាន់តែខ្លាំង ដោយមិនខំធ្វើខ្លួនឲ្យល្អតែសម្បកក្រៅ នោះព្រះទ្រង់នឹងបើកភ្នែកយើងឲ្យមើលឃើញអ្នកដទៃ ដែលកំពុងតយុទ្ធក្នុងស្ថានភាពដែលស្រដៀងនឹងយើង។ ព្រះទ្រង់អាចប្រើយើងកាន់តែច្រើនឡើង ដើម្បីជួយអ្នកដទៃ ពេលដែលយើងអរសប្បាយនឹងការប្រកបទាក់ទង កាន់តែជិតស្និទ្ធជាមួយព្រះអង្គ ហើយមានការយល់ដឹងកាន់តែច្បាស់ អំពីភាពប្រេះបែក និងចំណុចខ្វះខាតរបស់ខ្លួនឯង។
ចូរយើងអនុញ្ញាតឲ្យព្រះដកយកចេញនូវការធ្វើពើ ដែលល្អតែសម្បកក្រៅ ហើយ “ត្រូវឲ្យយើងពិចារណាមើលគ្នាទៅវិញទៅមកដែរ ដើម្បីនឹងបណ្តាលឲ្យមានសេចក្តីស្រឡាញ់ ហើយឲ្យប្រព្រឹត្តការល្អផង”(ហេព្រើ ១០:២៤)។-Cindy Hess Kasper