សេចក្ដីស្រឡាញ់ដែលមិនប្រែប្រួល
កាលខ្ញុំរៀននៅវិទ្យាល័យ ខ្ញុំបានលេងកីឡាវាយកូនបាល់តិន្និស នៅក្នុងក្រុមខ្លាំង ប្រចាំសាលា។ ខ្ញុំបានចំណាយពេលជាច្រើនម៉ោង ក្នុងវ័យជំទង់របស់ខ្ញុំ ដើម្បីហ្វឹកហាត់ឲ្យមានជំនាញកាន់តែប្រសើរឡើង នៅទីលានដែលមានវាលលេងតិន្និសបួនកន្លែង ដែលក្រាលដោយបេតុង ដែលស្ថិតនៅចម្ងាយផ្លូវបត់ពីរកន្លែង ពីផ្ទះខ្ញុំ។
ពេលខ្ញុំបានទៅលេងទីក្រុងនោះ កាលពីលើកមុន កិច្ចការទីមួយដែលខ្ញុំបានធ្វើ គឺខ្ញុំបើកឡានទៅកាន់ទីលានវាយតិន្នីស ដោយសង្ឃឹមថា នឹងបានមើលអ្នកដទៃលេង និងរំឭកអនុស្សាវរីយ៍ ដែលខ្ញុំធ្លាប់មាន។ ប៉ុន្តែ ខ្ញុំមិនឃើញទីលានចាស់ៗ ដែលខ្ញុំនៅចាំ។ នៅកន្លែងនោះ មានតែវាលទំនេរចោល ដែលមានតែរុក្ខជាតិតូចៗដុះ ហើយយោលយោកយ៉ាងស្ងាត់ស្ងៀម តាមកម្លាំងខ្យល់បក់។
រឿងដែលខ្ញុំបានជួបពេលរសៀលថ្ងៃនោះ បានដិតជាប់ក្នុងគំនិតរបស់ខ្ញុំ ធ្វើឲ្យខ្ញុំនឹកចាំ អំពីភាពខើចខ្លីនៃជីវិតមនុស្ស។ កន្លែងមួយក្នុងចំណោមកន្លែង ដែលខ្ញុំបានចំណាយកម្លាំងយុវវ័យដ៏ល្អបំផុតរបស់ខ្ញុំ នោះលែងមានទៀតហើយ! ក្រោយមក ពេលដែលខ្ញុំពិចារណា អំពីបទពិសោធន៍ទាំងនោះ ខ្ញុំក៏បាននឹកចាំអំពីសេចក្តីពិត ដែលស្ដេចដាវីឌបានពិពណ៌នា កាលទ្រង់មានវ័យចាស់ថា “ចំណែកឯមនុស្ស ថ្ងៃអាយុរបស់គេធៀបដូចជាស្មៅ គេរីកឡើងដូចជាផ្កានៅទីវាល ដ្បិតកាលណាខ្យល់បក់មកត្រូវ នោះក៏សូន្យបាត់ទៅ ហើយកន្លែងនោះមិនស្គាល់វាទៀត តែសេចក្តីសប្បុរសនៃព្រះយេហូវ៉ាស្ថិតស្ថេរនៅ តាំងពីអស់កល្បដរាបដល់អស់កល្បជានិច្ច ចំពោះអស់អ្នកដែលកោតខ្លាចដល់ទ្រង់” (ទំនុកដំកើង ១០៣:១៥-១៧)។
នៅពេលដែលយើងមានវ័យកាន់តែចាស់ ហើយពិភពលោកដែលនៅជុំវិញយើងក៏អាចមានការផ្លាស់ប្តូរ ប៉ុន្តែ សេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់ មិនចេះប្រែប្រួលឡើយ។ យើងនៅតែអាចទុកចិត្តទ្រង់ជានិច្ច ព្រោះទ្រង់តែងតែថែរក្សាអស់អ្នកណា ដែលបែរមករកទ្រង់។—James Banks
ពង្រឹងកម្លាំងក្នុងពេលទន់ខ្សោយ
អ្នកប្រកួតសាច់ដុំ សុទ្ធតែបានលត់ដំខ្លួនឯង ដោយការហ្វឹកហាត់ ដ៏តឹងរឹង និងទៀងទាត់។ ក្នុងអំឡុងពេលប៉ុន្មានខែដំបូង ការហ្វឹកហាត់របស់ពួកគេ សង្កត់ធ្ងន់ទៅលើការពង្រីកមាឌ និងបង្កើនកម្លាំង។ នៅពេលដែលការប្រកួត ជិតចូលមកដល់ ពួកគេផ្តោតអារម្មណ៍ ទៅលើការសម្រកខ្លាញ់ ដែលបានគ្របបាំងសាច់ដុំ។ នៅថ្ងៃចុងក្រោយ មុនការប្រកួត ពួកគេក៏បានផឹកទឹកតិចជាងធម្មតា ដើម្បីឲ្យសាច់ដុំរបស់ពួកគេលេចមកកាន់តែច្បាស់។ ដោយសារតែការកាត់បន្ថយរបបអាហារូបត្ថម្ភ ពេលថ្ងៃប្រកួតមកដល់ អ្នកប្រកួតទាំងនោះ មានកម្លាំងខ្សោយជាងពេលធម្មតា ទោះបីជាមើលទៅ ពួកគេហាក់ដូចជារឹងមាំក៏ដោយ។
បទគម្ពីរ របាក្សត្រខ្សែទី២ ជំពូក២០ បានចែងអំពីភាពផ្ទុយគ្នាពីរយ៉ាង ដែលកើតមាន ពេលដែលយើងទទួលស្គាល់ភាពកម្សោយរបស់យើង ដើម្បីទទួលបានកម្លាំងមកពីព្រះជាម្ចាស់។ នៅសម័យនោះ ពួកបណ្តាជនបានទូលស្ដេចយ៉ូសាផាតថា “កងទ័ពដ៏ធំកំពុងតែសម្រុកចូលមក ប្រឆាំងទាស់នឹងទ្រង់ហើយ” ដូច្នេះ “ទ្រង់ប្រកាសពីការតមអាហារ សំរាប់ពួកយូដាទាំងអស់” (ខ.៣) បានសេចក្តីថា ទ្រង់ និងប្រជារាស្រ្តរបស់ទ្រង់ទាំងអស់ ត្រូវដាច់អាហាររូបត្ថម្ភ ក្នុងមួយរយៈពេលនោះ។ បន្ទាប់មក ពួកគេបានទូលសូមជំនួយពីព្រះជាម្ចាស់។ នៅពេលដែលស្ដេចយ៉ូសាផាតរៀបក្បួនទ័ពរួចរាល់ហើយ ទ្រង់ក៏បានដាក់ក្រុមចម្រៀងសរសើរដំកើងព្រះ ឲ្យនាំមុខកងទ័ពរបស់ទ្រង់(ខ.២១)។ កាលគេចាប់តាំងច្រៀង ហើយសរសើរឡើង “នោះព្រះយេហូវ៉ាទ្រង់បង្កប់ទ័ពទាស់នឹងពួកទាហានម្ខាងទៀត ... ដែលមកឈ្លានពានពួកយូដា ហើយពួកទាហាននោះក៏ចាញ់” (ខ.២២)។
ការដែលស្តេចយ៉ូសាផាតសម្រេចព្រះទ័យ អនុវត្តដូចនេះ គឺបានបង្ហាញឲ្យឃើញជំនឿដ៏មុតមាំចំពោះព្រះ។ ទ្រង់បានជ្រើសរើសមិនពឹងផ្អែកលើសមត្ថភាពរបស់មនុស្ស…
ការសង់ស្ពាន
នៅក្នុងតំបន់ដែលខ្ញុំរស់នៅ មានរបងបេតុងខ្ពស់ៗ ព័ទ្ធជុំវិញផ្ទះរបស់យើង។ របងបេតុងទាំងនេះ មានបំពាក់ទៅដោយខ្សែភ្លើងសម្រាប់ឆក់ នៅខាងលើ។ តើក្នុងគោលបំណងអ្វី? គឺដើម្បីការពារ កុំឲ្យចោរចូលលួច ឬប្លន់។
ការដាច់ចរន្តអគ្គិសនីជាញឹកញាប់ ក៏ជាបញ្ហា នៅក្នុងសហគមន៍របស់យើងផងដែរ។ ការដាច់ចរន្តអគ្គិសនី បានធ្វើឲ្យគេមិនអាចប្រើកណ្ដឹងនៅខ្លោងទ្វារខាងមុខបាន។ ដោយសាររបងព័ទ្ធជុំវិញផ្ទះយើង នោះភ្ញៀវរបស់យើងត្រូវឈររង់ចាំនៅខាងក្រៅ ក្រោមកម្តៅថ្ងៃស្ទើរលាកស្បែក ឬឈររងារ ពេលភ្លៀងធ្លាក់ខ្លាំង ក្នុងអំឡុងពេលដាច់ចរន្តអគ្គិសនីម្ដងៗ។ តែសូម្បីតែនៅពេលដែលកណ្ដឹងដំណើរការ ក៏យើងត្រូវមើលឲ្យច្បាស់ថា ភ្ញៀវនោះជានរណា មុនឲ្យគាត់ចូលក្នុង។ យើងសង់របងខ្ពស់ៗ ក្នុងគោលបំណងល្អទេ ប៉ុន្តែ វាអាចក្លាយទៅជារបងនៃការរើសអើង ទោះភ្ញៀវនោះមិនមែនជាជនបង្កគ្រោះថ្នាក់ក៏ដោយ។
ស្ដ្រីសាសន៍សាម៉ារី ដែលព្រះយេស៊ូវបានជួបនៅអណ្ដូងទឹក ក៏មានការពិបាកស្រដៀងនឹងខ្ញុំផងដែរ ដោយសារបញ្ហានៃការរើសអើង។ សាសន៍យូដាមិនមានទំនាក់ទំនងអ្វី ជាមួយសាសន៍សាម៉ារីទេ។ នៅពេលដែលព្រះយេស៊ូវបានសុំទឹកនាង នាងនិយាយថា “លោកជាសាសន៍យូដា ម្តេចក៏លោកសូមទឹកខ្ញុំពិសារ ដែលខ្ញុំជាស្រីសាសន៍សាម៉ារីដូច្នេះ?”(យ៉ូហាន ៤:៩)។ នៅពេលដែលនាងចាប់ផ្តើមបើកចិត្តទទួលជឿព្រះយេស៊ូវ នាងក៏បានទទួលបទពិសោធន៍ ដែលធ្វើឲ្យជីវិតផ្លាស់ប្រែ ដែលជះឥទ្ធិពលជាវិជ្ជមាន ដល់ខ្លួននាង ក៏ដូចជាអ្នកជិតខាងរបស់នាង (ខ.៣៩-៤២)។ ព្រះយេស៊ូវបានធ្វើជាស្ពាន ដែលបានរំលំជញ្ជាំង នៃភាពជាសត្រូវ និងការប្រកាន់ពូជសាសន៍។
ការល្បួងឲ្យមានការរើសអើង គឺពិតជាមានមែន បានជាយើងត្រូវជៀសវាងការរើសអើង នៅក្នុងជីវិតរស់នៅប្រចាំថ្ងៃរបស់យើង។ យើងអាចឈោងទៅរកមនុស្សគ្រប់គ្នា ដោយមិនប្រកាន់សញ្ជាតិ វណ្ណៈ…
លើសពីការសិក្សាអំពីផ្កាយ
កាលពីឆ្នាំ ២០១១ សមាគមជាតិ អវកាស និងលំហអាកាស ដែលហៅកាត់ថា អង្គការណាសា(NASA) បានអបអរសាទរខួប៣០ឆ្នាំ នៃការស្រាវជ្រាវអវកាសរបស់ខ្លួន។ ក្នុងរយៈពេលបីទសវត្សរ៍កន្លងមកនេះ គេបានបាញ់បង្ហោះយានចម្លង ដើម្បីដឹកជញ្ជូនមនុស្សជាង៣៥៥នាក់ ទៅកាន់លំហអាកាស និងជួយសាងសង់ស្ថានីយអវកាសអន្តរជាតិ។ បន្ទាប់ពីយាន្តចម្លង៥គ្រឿង ត្រូវបានដាក់ឲ្យឈប់ដំណើរការ អង្គការណាសាបានងាកមកផ្តោតទៅលើការរុករក ក្នុងលំហអវកាស ក្នុងរយៈចម្ងាយឆ្ងាយវិញម្តង។
ដើម្បីសិក្សាស្រាវជ្រាវ អំពីវិសាលភាពនៃចក្រវាល នៅក្រៅភពផែនដី មនុស្សជាតិបានចំណាយពេលវេលា និងថវិកាដ៏ច្រើនសន្ធឹក ហើយអវកាសយាន្តនិកមួយចំនួន ក៏បានពលីជីវិត។ ប៉ុន្តែ ចក្រវាលទាំងមូល មានពេញទៅដោយភស្តុតាងនៃភាពធំប្រសើររបស់ព្រះជាម្ចាស់ នៅគ្រប់ទីកន្លែង លើសពីលទ្ធភាពដែលយើងអាចវាស់វែងបានទៅទៀត។
ពេលដែលយើងពិចារណាអំពីព្រះ ដែលជាអ្នកបង្កើត ហើយទ្រទ្រង់ចក្រវាលទាំងមូល ដោយទ្រង់ស្គាល់ឈ្មោះផ្កាយនីមួយៗ (អេសាយ ៤០:២៦) យើងអាចយល់មូលហេតុ ដែលស្ដេចដាវីឌ ដែលជាអ្នកនិពន្ធ ព្រះគម្ពីរទំនុកដំកើង បានពោលសរសើរ ភាពអស្ចារ្យរបស់ព្រះជាម្ចាស់(ទំនុកដំកើង ៨:១)។ ស្នាមអង្គុលីរបស់ព្រះអម្ចាស់ បាននៅជាប់ពីលើ “ព្រះច័ន្ទ និងផ្កាយទាំងប៉ុន្មាន ដែលទ្រង់បានដាក់ឲ្យនៅកន្លែងរបស់វា”(ខ.៣)។ ព្រះដែលបានបង្កើតផ្ទៃមេឃ និងផែនដី ទ្រង់គ្រប់គ្រងលើអ្វីៗទាំងអស់ ប៉ុន្តែ ទ្រង់តែងតែគង់នៅជិតកូនស្ងួនភ្ញារបស់ទ្រង់ ព្រមទាំងថែរក្សាពួកគេម្នាក់ៗ យ៉ាងជិតស្និទ្ធ ហើយផ្ទាល់ៗខ្លួន(ខ.៤)។ ដោយព្រោះសេចក្ដីស្រឡាញ់ នោះព្រះទ្រង់បានប្រទាន ឲ្យយើងរាល់គ្នាមានអំណាច…
រកឃើញផ្លូវត្រឡប់មកផ្ទះវិញ
ជួនកាល ដំណើរជីវិតរស់នៅប្រចាំថ្ងៃ អាចមានការលំបាកខ្លាំង ដែលធ្វើឲ្យយើងមានអារម្មណ៍ថា មិនអាចទ្រាំទ្ររួច ហើយភាពងងឹត ហាក់ដូចជាគ្មានទីបញ្ចប់សោះ។ ក្នុងអំឡុងពេលដែលជីវិតគ្រួសាររបស់ខ្ញុំ កំពុងស្ថិតក្នុងស្ថានភាពបែបនេះ នៅពេលព្រឹកថ្ងៃមួយ ភរិយារបស់ខ្ញុំបានចេញពីការចំណាយពេលស្ងាត់ស្ងៀមជាមួយព្រះជាម្ចាស់ ដោយនាំមកនូវមេរៀនថ្មីមួយដែលគាត់រៀនបាន។ គាត់គិតថា ពេលយើងបានចេញពីភាពងងឹត ចូលក្នុងពន្លឺហើយ ព្រះជាម្ចាស់មិនចង់ឲ្យយើងភ្លេចអ្វី ដែលយើងបានរៀនក្នុងពេលដ៏ងងឹតនោះឡើយ”។
រឿងនេះបានធ្វើឲ្យខ្ញុំនឹកចាំ អំពីសំបុត្រដែលសាវ័កប៉ុលបានសរសេរ ផ្ញើទៅពួកជំនុំនៅក្រុងកូរិនថូស(២កូរិនថូស ១) បន្ទាប់ពីបានរៀបរាប់ អំពីការលំបាកទាំងប៉ុន្មាន ដែលគាត់ និងក្រុមការងាររបស់គាត់ បានស៊ូទ្រាំនៅតំបន់អាស៊ី។ លោកប៉ុលចង់ឲ្យពួកជំនុំនៅក្រុងកូរិនថូស យល់ពីរបៀបដែលព្រះអាចប្រោសលោះយើង ទោះយើងស្ថិតក្នុងពេលដ៏ងងឹតបំផុតក៏ដោយ។ គាត់មានប្រសាសន៍ថា យើងបានទទួលការកម្សាន្តចិត្ត ដូច្នេះ យើងអាចរៀនកម្សាន្តចិត្តអ្នកដទៃ(ខ.៤)។ កាលនោះ ព្រះទ្រង់កំពុងបង្រៀនលោកប៉ុល និងក្រុមរបស់គាត់ ក្នុងអំឡុងពេលដែលពួកគេកំពុងមានទុក្ខលំបាក ប្រយោជន៍ឲ្យពួកគាត់អាចប្រើបទពិសោធន៍ទាំងនេះ ដើម្បីជួយកម្សាន្តចិត្ត និងទូន្មានដល់ពួកជំនុំក្រុងកូរិនថូស ពេលពួកគេជួបប្រទះការពិបាក។ ព្រះជាម្ចាស់ក៏ធ្វើយ៉ាងដូច្នេះ សម្រាប់យើងផងដែរ ប្រសិនបើយើងបើកចិត្តស្តាប់ទ្រង់។ ទ្រង់នឹងជួយរំដោះយើង ឲ្យរួចពីទុក្ខលំបាក ដោយបង្រៀនយើង ឲ្យចេះប្រើអ្វីដែលយើងបានរៀន ពីការរងទុក្ខនោះ ដើម្បីបម្រើអ្នកដទៃ។
តើពេលនេះ អ្នកកំពុងស្ថិតនៅក្នុងភាពងងឹតមែនទេ? សូមទទួលបានការលើកទឹកចិត្ត តាមរយៈការបង្រៀន និងបទពិសោធន៍របស់សាវ័កប៉ុលចុះ។ ចូរទុកចិត្តថា ឥឡូវនេះ ព្រះទ្រង់កំពុងតែដឹកនាំជំហានរបស់អ្នក ហើយទ្រង់ក៏កំពុងបោះត្រាសេចក្តីពិតរបស់ទ្រង់ ឲ្យជាប់ក្នុងចិត្តអ្នក…
កម្លាំងសម្រាប់ការធ្វើដំណើររបស់អ្នក
រឿងជើងសត្វក្តាន់ញីជាន់នៅលើទីខ្ពស់ គឺជារឿងប្រៀបប្រដូច អំពីជីវិតគ្រីស្ទបរិស័ទ ដែលផ្អែកលើបទគម្ពីរ ហាបាគុក ៣:១៩។ រឿងនេះនិយាយអំពីដំណើរជីវិតរបស់តួអង្គឈ្មោះម៉ាច់ អាហ្វ្រេត(ប្រែថា ខ្លាចច្រើន) ដែលបានធ្វើដំណើរ ជាមួយអ្នកគង្វាល។ ប៉ុន្តែ ម៉ាច់ អាហ្រេតមានការភ័យខ្លាច ទើបនាងសុំឲ្យអ្នកគង្វាលបីនាង។
អ្នកគង្វាលក៏បានឆ្លើយតប ដោយក្ដីសប្បុរសថា “ខ្ញុំអាចបីឯងឡើងរហូតដល់ទីខ្ពស់ ដោយមិនទុកឲ្យឯងដើរឡើង ដោយខ្លួនឯងក៏បាន។ ប៉ុន្តែ បើខ្ញុំបន្តធ្វើដូច្នេះ ឯងនឹងមិនអាចហ្វឹកហាត់ជើងឯងឲ្យរឹងមាំ ដូចជើងក្តាន់ ហើយឯងក៏មិនអាចអមដំណើរខ្ញុំ និងទៅណាមកណាជាមួយខ្ញុំបានឡើយ”។
តួរអង្គ ម៉ាច់ អាហ្រ្វេត ធ្វើឲ្យខ្ញុំនឹកឃើញ សំណួររបស់ហោរាហាបាគុក ក្នុងព្រះគម្ពីរសញ្ញាចាស់ (ហើយនិយាយតាមត្រង់ នោះក៏ជាសំណួរ ដែលខ្ញុំធ្លាប់សួរផងដែរ)។ លោកហាបាគុកសួរថា “ហេតុអ្វីខ្ញុំត្រូវរងការឈឺចាប់?” “ហេតុអ្វីបានជា ការធ្វើដំណើររបស់ខ្ញុំពិបាកយ៉ាងនេះ?”
ហោរាហាបាគុករស់នៅស្រុកយូដា នៅចុងសតវត្សរ៍ទី៧ មុនគ្រីស្ទសករាជ មុនពេលដែលជនជាតិអ៊ីស្រាអែលត្រូវនិរទេសខ្លួន។ លោកហាបាគុកកត់សម្គាល់ឃើញថា សង្គមដែលគាត់រស់នៅ បានមើលរំលងអំពើអយុត្ដិធម៌ ហើយត្រូវបានញាំញីដោយការភ័យខ្លាច ចំពោះការឈ្លានពាន ពីចក្រភពបាប៊ីឡូន(ហាបាគុក ១:២-១១)។ គាត់បានទូលសូមឲ្យព្រះអម្ចាស់ ធ្វើអន្ដរាគមន៍ និងដកទុក្ខវេទនាចេញ(១:១៣)។ ព្រះទ្រង់ក៏បានឆ្លើយតបថា ទ្រង់នឹងសម្រេចសេចក្តីយុត្តិធម៌ ប៉ុន្តែ តាមពេលកំណត់របស់ទ្រង់(២:៣)។
ដោយសារសេចក្ដីជំនឿ នោះលោកហាបាគុក បន្តទុកចិត្តព្រះអម្ចាស់។ ទោះបីជាការរងទុក្ខវេទនា…
ទឹកចិត្តរបស់លោកមីកលីយ៉ូ
ពេលដែលលោកប៉ូលីស មីកលីយ៉ូ(Miglio) ត្រឡប់មកការិយាល័យប៉ូលីសវិញ គាត់ក៏បានផ្អែកទៅលើជញ្ជាំង ដោយមានការនឿយហត់ពេក។ មុននោះបន្តិច មានគេទូរស័ព្ទមកប្តឹងពីអំពើហិង្សាក្នុងគ្រួសារ។ ហើយដោយព្រោះតែរឿងក្ដីនេះ គាត់ត្រូវចំណាយពេលអស់ពាក់កណ្ដាលវេណធ្វើការរបស់គាត់។ អំពើហិង្សានោះបណ្តាលឲ្យបុរសដែលជាមិត្តប្រុសត្រូវនគរបាលឃាត់ខ្លួន ចំណែកឯកូនស្រីតូច ត្រូវស្ថិតនៅក្នុងបន្ទប់សង្គ្រោះបន្ទាន់។ ហើយស្រ្តីជាម្ដាយដែលកំពុងភ័យញ័រ មានការភ័ន្តភាំង ដោយឆ្ងល់ថា ហេតុអ្វីបានជាគាត់ត្រូវជួបរឿងបែបនេះ។ ការប្តឹងតាមទូរស័ព្ទនេះ បានធ្វើឲ្យអំពល់ទុក្ខដល់មន្រ្តីនគរបាលវ័យក្មេងរូបនេះ អស់រយៈពេលយ៉ាងយូរ។
លោកនាយរបស់គាត់បានមានប្រសាសន៍ ដោយក្ដីអាណិតអាសូរថា “ក្នុងរឿងនេះ អ្នកមិនអាចធ្វើអ្វីបានទេ”។ ប៉ុន្តែ វាមិនពិតដូចពាក្យគាត់និយាយទេ។ មន្ត្រីនគរបាលខ្លះ ហាក់ដូចជាអាចទុកការងារចោល នៅពេលដែលដល់ម៉ោងចេញពីធ្វើការ។ ប៉ុន្តែ លោកវិគ មីកលីយ៉ូមិនធ្វើដូច្នោះទេ ជាពិសេសចំពោះករណីដ៏លំបាកមួយនេះ។
ទឹកចិត្តរបស់លោកមីកលីយ៉ូ បានធ្វើឲ្យខ្ញុំនឹកចាំ អំពីសេចក្ដីមេត្ដាករុណារបស់ព្រះយេស៊ូវ។ មានពេលមួយ ពួកសិស្សរបស់ទ្រង់បានមករកទ្រង់ ហើយសួរទ្រង់ថា “តើអ្នកណាធំជាងគេ ក្នុងនគរស្ថានសួគ៌?”(ម៉ាថាយ ១៨:១)។ នៅពេលនោះ ទ្រង់បានហៅកូនក្មេងតូចម្នាក់ មកឯទ្រង់ រួចទ្រង់មានបន្ទូលប្រាប់ពួកសិស្សទ្រង់ថា “បើអ្នករាល់គ្នាមិនផ្លាស់គំនិត ហើយត្រឡប់ដូចជាកូនតូចនេះ នោះនឹងចូលទៅក្នុងនគរស្ថានសួគ៌ពុំបានឡើយ” (ខ.៣)។ បន្ទាប់មក ទ្រង់បានដាស់តឿនយ៉ាងច្បាស់ថា មិនត្រូវឲ្យនរណា ធ្វើឲ្យកូនតូចណាម្នាក់រវាតចិត្តឡើយ(ខ.៦)។ តាមពិតទៅ កូនក្មេងតូចៗពិសេសណាស់ បានជាព្រះយេស៊ូវប្រាប់យើងថា “ទេវតារបស់វា ដែលនៅស្ថានសួគ៌តែងតែឃើញព្រះភក្រ្តព្រះវរបិតាខ្ញុំជានិច្ច ដែលទ្រង់គង់នៅស្ថានសួគ៌” (ខ.១០)។…
ការអំពាវនាវសុំជំនួយ
កាលពីឆ្នាំ ២០១៦ មានគ្រោះថ្នាក់ក្នុងជណ្ដើរយន្ត នៅទីក្រុងញូយ៉ក បានបណ្តាលឲ្យមនុស្ស៥នាក់បាត់បង់ជីវិត និង៥១នាក់រងរបួស។ ក្រោយមក អាជ្ញាធរទីក្រុងញូយ៉កក៏បានបើកយុទ្ធនាការផ្សព្វផ្សាយ ដើម្បីអប់រំប្រជាជន អំពីរបៀបរក្សាភាពស្ងប់ស្ងាត់ ហើយស្វែងរកសុវត្ថិភាព។ ករណីដែលគ្រោះថ្នាក់បំផុត នៅក្នុងជណ្តើរយន្ត គឺនៅពេលដែលមនុស្សខំព្យាយាមជួយខ្លួនឯង នៅពេលដែលមានបញ្ហាកើតឡើង។ អាជ្ញាធរបានផ្តល់ការណែនាំថា ដំណោះស្រាយល្អបំផុត គឺគ្រាន់តែ “ចុកកណ្ដឹង រួចនៅឲ្យស្ងៀម ហើយរង់ចាំ”។ អាជ្ញាធរទទួលបន្ទុកផ្នែកសំណង់អគារ បានប្ដេជ្ញាថា នឹងធ្វើអន្តរាគមន៍ភ្លាមៗ ដើម្បីការពារប្រជាជន ឲ្យរួចផុតពីការរងរបួស ហើយស្រោចស្រង់ពួកគេ ពីស្ថានភាពគ្រោះថ្នាក់។
នៅក្នុងព្រះគម្ពីរកិច្ចការ សាវ័កពេត្រុសបានអធិប្បាយព្រះបន្ទូល អំពីកំហុសឆ្គងនៃការព្យាយាមជួយសង្រ្គោះខ្លួនឯង។ លោកលូកា ដែលជាអ្នកនិពន្ធកណ្ឌកិច្ចការ បានកត់ត្រាអំពីព្រឹតិ្តការណ៍ដ៏គួរឲ្យកត់សម្គាល់មួយចំនួន ដែលក្នុងនោះ ពួកអ្នកជឿ ព្រះយេស៊ូវគ្រីស្ទ ចាប់តាំងនិយាយជាភាសា ដែលពួកគេមិនចេះនិយាយ(កិច្ចការ ២:១-១២)។ នៅពេលនោះ សាវ័កពេត្រុសក៏ក្រោកឡើង ហើយពន្យល់ដល់ពួកបងប្អូនសាសន៍យូដាថា អ្វីដែលពួកគេកំពុងតែឃើញនេះ គឺបានសម្រេចបទទំនាយ ដែលមានតាំងពីសម័យបុរាណមក (យ៉ូអែល ២:២៨-៣២) ដែលនិយាយអំពីការចាក់បង្ហូរព្រះវិញ្ញាណ និងថ្ងៃនៃសេចក្តីសង្រ្គោះ។ នៅថ្ងៃនោះ មនុស្សអាចមើលឃើញ គេទទួលព្រះពរនៃព្រះវិញ្ញាណបរិសុទ្ធ គឺបានឃើញនៅក្នុងអ្នកដែលបានទទួលជឿព្រះនាមព្រះយេស៊ូវ ដើម្បីឲ្យបានសង្រ្គោះ រួចពីអំពើបាប ព្រមទាំងរួចពីលទ្ធផលនៃអំពើបាប។ បន្ទាប់មក សាវ័កពេត្រុសក៏បានប្រាប់ពួកគេថា សេចក្តីសង្រ្គោះនោះ…
ផ្ទះនៅលើថ្មដា
បន្ទាប់ពីមិត្តភក្តិរបស់ខ្ញុំបានរស់នៅ ក្នុងផ្ទះរបស់ខ្លួន អស់រយៈពេលជាច្រើនឆ្នាំ ពួកគេក៏បានរកឃើញថា បន្ទប់ទទួលភ្ញៀវបានស្រុត ដោយមានស្នាមប្រេះ នៅលើជញ្ជាំង ហើយបង្អួចក៏បើកលែងបានទៀត។ ក្រោយមក ពួកគេក៏បានដឹងថា កាលពីមុន គេបានសាងសង់បន្ទប់នោះបន្ថែម ដោយគ្មានគ្រឹះ។ ការកែលម្អសំណង់ដែលគេបានសង់ ដោយខ្វះការប្រុងប្រយ័ត្នដូចនេះ ត្រូវការពេលវេលារាប់ខែ ព្រោះជាងត្រូវចាក់គ្រឹះថ្មី។
ពួកគេក៏បានឲ្យជាងជួសជុលរួចរាល់ ហើយពេលខ្ញុំបានទៅលេងផ្ទះរបស់ពួកគេ ខ្ញុំមិនឃើញបន្ទប់នោះមានភាពខុសប្លែកអ្វីច្រើនទេ ទោះស្នាមប្រេះលែងឃើញមានទៀត ហើយបង្អួចក៏អាចបិទបើកឡើងវិញក្តី។ ទោះជាយ៉ាងណាក៏ដោយ ខ្ញុំបានយល់ឃើញថា ការមានគ្រឹះរឹងមាំ គឺពិតជាសំខាន់ណាស់។
ជីវិតរបស់យើង ក៏មានលក្ខណៈដូចនេះផងដែរ។
ព្រះយេស៊ូវបានមានបន្ទូលជារឿងប្រៀបប្រដូច អំពីអ្នកសង់ផ្ទះដែលឈ្លាសវៃ និងអ្នកសង់ផ្ទះម្នាក់ទៀត ដែលមានភាពល្ងង់ខ្លៅ(លូកា ៦:៤៦-៤៩)។ អស់អ្នកណាដែលស្ដាប់ព្រះបន្ទូលទ្រង់ ហើយប្រព្រឹត្តតាម គឺធៀបដូចជាមនុស្សមានប្រាជ្ញា ដែលសង់ផ្ទះរបស់ខ្លួន នៅលើគ្រឹះរឹងមាំ គឺខុសពីអ្នកណាដែលស្ដាប់ព្រះបន្ទូលរបស់ទ្រង់ ហើយមិនស្តាប់បង្គាប់តាម។ សម្រាប់អ្នកដែលស្ដាប់ទ្រង់ ហើយប្រព្រឹត្តតាម ព្រះយេស៊ូវបានបញ្ជាក់យ៉ាងច្បាស់ថា កាលណាមានព្យុះភ្លៀងបោកបក់មក នោះផ្ទះរបស់ពួកគេនឹងជាប់រឹងមាំដដែល។ សេចក្តីជំនឿរបស់ពួកគេ នឹងមិនត្រូវរង្គើឡើយ។
យ៉ាងណាមិញ យើងក៏អាចរកបានសន្តិភាពក្នុងចិត្ត ដោយដឹងថា កាលណាយើងស្ដាប់ព្រះបន្ទូលរបស់ព្រះយេស៊ូវ ហើយប្រព្រឹត្តតាម ទ្រង់នឹងសង់គ្រឹះរឹងមាំសម្រាប់ជីវិតរបស់យើង។ យើងអាចពង្រឹងសេចក្តីស្រឡាញ់របស់យើង ចំពោះទ្រង់ តាមរយៈការអានព្រះគម្ពីរ ការអធិស្ឋាន និងការរៀនសូត្រ ពីអ្នកជឿដទៃទៀត។ ដូច្នេះហើយ…
ទ្រង់បានស្រឡាញ់ទូលបង្គំដែរទេ?
កាលពីខ្ញុំនៅវ័យជំទង់នៅឡើយ ខ្ញុំធ្លាប់ឆ្លងកាត់ដំណាក់កាលនៃការរឹងចចេស ទាស់នឹងម្ដាយរបស់ខ្ញុំ។ ឪពុករបស់ខ្ញុំបានទទួលមរណភាព តាំងពីមុនពេលដែលខ្ញុំឈានចូលវ័យជំទង់ ដូចនេះ ម្តាយរបស់ខ្ញុំត្រូវទទួលបន្ទុកដឹកនាំនាវាគ្រួសារ ឆ្លងកាត់សាគរដែលមានព្យុះភ្លៀងតែម្នាក់ឯង ដោយគ្មានជំនួយពីឪពុកខ្ញុំ។។
ខ្ញុំនៅចាំថា កាលនោះ ខ្ញុំធ្លាប់គិតថា ម្តាយខ្ញុំមិនចង់ឲ្យខ្ញុំមានការសប្បាយ ហើយតាមមើលទៅ គាត់ប្រហែលជាមិនស្រឡាញ់ខ្ញុំទេ។ បានជាខ្ញុំគិតដូចនេះ ព្រោះគាត់ច្រើនតែហាមខ្ញុំ ជាញឹកញាប់ មិនឲ្យធ្វើនេះ ឬធ្វើនោះ។ ក្រោយមក ទើបខ្ញុំដឹងថា គាត់បានហាមឃាត់ ចំពោះតែសកម្មភាពណា ដែលមិនល្អសម្រាប់ខ្ញុំប៉ុណ្ណោះ ព្រោះ គាត់ស្រឡាញ់ខ្ញុំ។
ពួកកូនចៅអ៊ីស្រាអែលក៏ធ្លាប់បានចោទសួរថា ព្រះទ្រង់បានស្រឡាញ់ពួកគេឬអត់ គឺដោយសារកាលនោះ ពួកគេបានជាប់ក្នុងភាពជាឈ្លើយសឹក នៅក្នុងចក្រភពបាប៊ីឡូន។ ប៉ុន្តែ ព្រះទ្រង់បានឲ្យពួកគេធ្លាក់ចូលភាពជាឈ្លើយសឹកនោះ គឺដើម្បីកែតម្រង់ពួកគេ ដោយសារពួកគេបន្តបះបោរទាស់នឹងទ្រង់។ ដូចនេះ ព្រះទ្រង់ក៏បានចាត់ហោរាម៉ាឡាគី ឲ្យមកឯពួកគេ។ ទ្រង់ក៏បានចាប់ផ្តើមមានព្រះបន្ទូល ដោយប្រាប់ពួកគេថា ទ្រង់បានស្រឡាញ់ពួកគេរាល់គ្នា (ម៉ាឡាគី ១:២)។ ពួកអ៊ីស្រាអែលបានឆ្លើយតប ដោយចិត្តសង្ស័យ ចំពោះសេចក្តីស្រឡាញ់របស់ទ្រង់ គឺហាក់ដូចជាចង់សួរថា “តើទ្រង់ពិតជាស្រឡាញ់ពួកគេមែនឬ?” ប៉ុន្តែ ព្រះទ្រង់បានរំឭកពួកគេ តាមរយៈហោរាម៉ាឡាគីថា ទ្រង់បានសំដែងចេញនូវសេចក្តីស្រឡាញ់របស់ទ្រង់ ដោយទ្រង់បានជ្រើសរើសពួកគេ ជាជាងជ្រើសរើសពួកសាសន៍អេដំម។
យើងរាល់គ្នាសុទ្ធតែធ្លាប់ឆ្លងកាត់ដំណាក់កាលដ៏លំបាកនៃជីវិត។ ការល្បួងអាចនាំឲ្យយើងចោទសួរ ដោយការសង្ស័យថា តើព្រះទ្រង់បានស្រឡាញ់យើង ក្នុងពេលដ៏ពិបាកនោះឬទេ។…