មិនបានអរគុណសូម្បីតែបន្តិច
នៅពេលរសៀលថ្ងៃមួយ ផ្លូវថ្នល់មានការចង្អៀតយ៉ាងខ្លាំង ហើយអ្នកធ្វើដំណើរម្នាក់ៗកំពុងមានការតប់ប្រម៉ល់នឹងអាកាសធាតុដ៏ក្តៅហែង។ ពេលនោះខ្ញុំបានកត់សំគាល់យុវជនពីរនាក់ ដែលនៅក្នុងរថយន្តមួយគ្រឿង កំពុងព្យាយាមបត់ចូលផ្លូវដ៏មមាញឹក ចេញពីផ្លូវរបស់ភោជនីយដ្ឋានអាហាររហ័ស។ ឡានដែលនៅខាងមុខខ្ញុំក៏បានទុកផ្លូវឲ្យពួកគេបត់ចូល។ ខ្ញុំក៏គិតថា នេះជាការល្អណាស់។ ប៉ុន្តែ ពេលដែលយុវជនទាំងពីរនាក់នោះ មិនបានងក់ក្បាល ឬគ្រវីដៃ ដើម្បីសម្តែងការអរគុណដាក់គាត់ គាត់ក៏ប្រែជាមានកំហឹង។ ដំបូង គាត់បើកកញ្ចក់ទ្វារឡានគាត់ រួចស្រែកគំហកដាក់យុវជនទាំងពីរ។ បន្ទាប់មក គាត់ក៏បើកឡានស្ទុះទៅមុខ គឺហាក់ដូចជាចង់បើកបំបុកឡានរបស់គេពីក្រោយ ទាំងចុចស៊ីផ្លេ ហើយបន្តស្រែកដាក់គេទៀត ដើម្បីបញ្ចេញកំហឹង។ ក្នុងចំណោមពួកគេ តើនរណា “ខុសខ្លាំងជាងគេ”? តើការបញ្ចេញកំហឹងរបស់គាត់ជាការត្រឹមត្រូវឬទេ ពេលដែលយុវជននោះមិនបានសម្តែងការអរគុណចំពោះគាត់? តើយុវជននោះបានជំពាក់ការអរគុណ ចំពោះគាត់ឬទេ?
ជាការពិតណាស់ ពេលដែលបុរសកើតឃ្លង់ទាំង១០នាក់ បានទទួលការប្រោសឲ្យជាពីព្រះយេស៊ូវ ពួកគេបានជំពាក់ការដឹងគុណចំពោះព្រះអង្គ។ តើហេតុអ្វីបានជាក្នុងចំណោមពួកគេ មានតែម្នាក់ប៉ុណ្ណោះតែបានត្រឡប់មកអរព្រះគុណព្រះអង្គ? ពេលនោះព្រះអង្គក៏បានឆ្លើយតបថា “តើឃើញមានតែសាសន៍ដទៃ១នេះ វិលមកសរសើរដល់ព្រះទេឬ”(លូកា ១៧:១៨)។ ព្រះអង្គជាស្តេចលើអស់ទាំងស្តេច តែបានទទួលការអរព្រះគុណពីមនុស្សម្នាក់ ក្នុងចំណោម១០នាក់ ដែលព្រះអង្គបានប្រោសឲ្យជា ចុះទំរាំតែយើងដែលជាមនុស្សធម្មតា តើយើងចង់រំពឹងឲ្យមនុស្សប៉ុន្មាននាក់ដឹងគុណយើង? ដូចនេះ យកល្អ យើងគួរធ្វើការល្អ ដើម្បីថ្វាយព្រះកិត្តិនាមដល់ព្រះ ហើយបម្រើអ្នកដទៃ ជាជាងធ្វើការទាំងនោះ ដើម្បីឲ្យគេដឹងគុណ ឬសរសើរយើង។
សូមឲ្យគេបានឃើញព្រះគុណព្រះនៅក្នុងយើង ទោះបីជាគេមិនបានអគុណយើងក៏ដោយ។-Randy Kilgore
ព្រះអង្គមិនបានភ្លេចខ្ញុំទេ
ការរង់ចាំ តែងតែមានការពិបាក ទោះជានៅពេលណាក៏ដោយ ប៉ុន្តែ យើងងាយនឹងមានអារម្មណ៍ថា ព្រះទ្រង់បានភ្លេចយើង កាលណាពេលវេលាបានកន្លងផុតទៅ ជាច្រើនថ្ងៃ ច្រើនអាទិត្យ ឬច្រើនខែ ហើយការអធិស្ឋានរបស់យើងហាក់ដូចជាគ្មានការឆ្លើយតបពីព្រះទេនោះ។ ការរង់ចាំមានការពិបាកនៅពេលយប់ ខ្លាំងជាងពេលថ្ងៃ។ ដោយសារនៅពេលថ្ងៃមានកិច្ចការជាច្រើនដែលយើងធ្វើ ដែលធ្វើឲ្យយើងមិនសូវគិតអំពីការរង់ចាំនោះ តែនៅពេលយប់ យើងពិតជាមានការពិបាកនៅក្នុងការជម្នះអារម្មណ៍អន្ទះសារ។ ការព្រួយបារម្ភក៏បានគ្របសង្កត់ចិត្តយើងកាន់តែខ្លាំង ហើយយើងហាក់ដូចជាស្ថិតក្នុងពិភពងងឹតដែលមិនចេះចប់។ យើងក៏ប្រែជាខ្សោះអស់កម្លាំង គឺហាក់ដូចជាមិនអាចប្រឈមមុខនឹងថ្ងៃស្អែកបានឡើយ។
យ៉ាងណាមិញ អ្នកនិពន្ធទំនុកដំកើង ក៏មានអារម្មណ៍ខ្សោះល្វើយ នៅក្នុងការរង់ចាំផងដែរ(ទំនុកដំកើង ១៣:១)។ គាត់មានអារម្មណ៍ថា គេបានបោះបង់គាត់ចោល គឺហាក់ដូចជាពួកសត្រូវកំពុងតែមានប្រៀបមកលើខ្លួនហើយ(ខ.២)។ យើងងាយនឹងបាក់ទឹកចិត្ត ពេលដែលយើងកំពុងរង់ចាំព្រះដោះស្រាយបញ្ហាដ៏ពិបាកណាមួយ ឬរង់ចាំព្រះអង្គឆ្លើយតបការអធិស្ឋានដែលយើងបានទូលសូមព្រះអង្គជាច្រើនដង។
សាតាំងបានខ្សិបថា ព្រះបានភ្លេចយើងហើយ ហើយអ្វីៗមិនអាចល្អប្រសើរឡើងវិញឡើយ។ ការល្បួងប្រហែលជានាំឲ្យយើងអស់សង្ឃឹម។ ស្ថិតក្នុងពេលបែបនោះ យើងប្រហែលជាឆ្ងល់ថា តើយើងត្រូវអានព្រះគម្ពីរ ឬអធិស្ឋានធ្វើអ្វីទៀត? ហេតុអ្វីបានជាយើងចាំបាច់ត្រូវព្យាយាមទៅថ្វាយបង្គំព្រះ ជាមួយនឹងគ្រីស្ទបរិស័ទដទៃទៀត? ប៉ុន្តែ យើងត្រូវដឹងថា យើងត្រូវការភាពរស់រវើកខាងវិញ្ញាណជាទីបំផុត ពេលដែលយើងកំពុងរង់ចំា។ យើងត្រូវបន្តអធិស្ឋាន អានព្រះគម្ពីរ និងធ្វើកិច្ចការខាងវិញ្ញាណដទៃទៀត ដើម្បីឲ្យយើងមានភាពនឹងន នៅក្នុងការបង្ហូរចេញនូវសេចក្តីស្រឡាញ់របស់ព្រះ ហើយដើម្បីឲ្យយើងងាយនឹងឆ្លើយតប ចំពោះការដឹកនាំរបស់ព្រះវិញ្ញាណ។
អ្នកនិពន្ធទំនុកដំកើងមានដំណោះស្រាយមួយ។ គឺគាត់បានជញ្ជឹងគិតអំពីសេចក្តីស្រឡាញ់របស់ព្រះ ដោយរំឭកខ្លួនឯង អំពីព្រះពរដែលគាត់ធ្លាប់ទទួលកាលពីមុន ហើយសរសើរដំកើងព្រះអស់ពីចិត្ត ដែលព្រះអង្គមិនដែលភ្លេចគាត់ឡើយ។ ដូចនេះ…
ការលះបង់ដ៏ធំបំផុត
ពេលដែលលោកដេង ជីនជេ(Deng Jinjie) ឃើញមនុស្សកំពុងប្រវេប្រវា ក្នុងទឹកទន្លេស៊ុនស៊ី ក្នុងខេត្តហួរណាម ប្រទេសចិន គាត់មិនបានដើរបង្ហួសឡើយ។ គាត់បានលោតចូលទៅក្នុងទឹកដោយចិត្តក្លាហាន ហើយក៏បានជួយសង្រ្គោះមនុស្សបួននាក់ ដែលជាសមាជិកនៃគ្រួសារមួយ។ តែគួរឲ្យស្តាយណាស់ បន្ទាប់ពីគាត់បានជួយសង្រ្គោះហើយ ក្រុមគ្រួសារនោះក៏បានចាកចេញពីកន្លែងកើតហេតុនោះ ពេលដែលគាត់កំពុងនៅក្នុងទឹកនៅឡើយ។ លោកជីនជេក៏បានខ្សោះអស់កម្លាំង ដោយសារការប្រឹងជួយសង្រ្គោះពួកគេ ហើយមិនអាចហែលទឹកទៀតបាន ក៏បានត្រូវចរន្តទឹកទន្លេគួចនាំទៅ ធ្វើឲ្យគាត់លង់ទឹកស្លាប់។
ពេលដែលយើងកំពុងលិចលង់ នៅក្នុងអំពើបាបរបស់យើង ព្រះយេស៊ូវបានលះបង់ព្រះជន្ម ដើម្បីជួយសង្រ្គោះយើង។ យើងជាអ្នកដែលព្រះអង្គបានយាងមកជួយសង្រ្គោះ។ ព្រះអង្គបានយាងចុះមកពីស្ថានសួគ៌ ហើយបាននាំយកយើងទៅកន្លែងដែលមានសុវត្ថិភាព។ ព្រះអង្គបានជួយសង្រ្គោះយើង ដោយទទួលទោស និងទណ្ឌកម្មនៃអំពើបាបរបស់យើង ដោយសុគតនៅលើឈើឆ្កាង(១ពេត្រុស ២:២៤) ហើយបីថ្ងៃក្រោយមក ព្រះអង្គក៏បានមានព្រះជន្មរស់ឡើងវិញ។ ព្រះគម្ពីរបានចែងថា “ដោយសារសេចក្តីនេះ យើងរាល់គ្នាបានស្គាល់សេចក្តីស្រឡាញ់ គឺដោយទ្រង់បានស៊ូប្តូរព្រះជន្មទ្រង់ជំនួសយើង ដូច្នេះ គួរឲ្យយើងប្តូរជីវិតយើងជំនួសបងប្អូនដែរ”(១យ៉ូហាន ៣:១៦)។ សេចក្តីស្រឡាញ់ដែលព្រះយេស៊ូវបានប្រទាន ដោយការលះបង់ចំពោះយើង អាចបណ្តាលចិត្តយើងឲ្យបង្ហាញក្តីស្រឡាញ់ដ៏ពិត “ដោយការប្រព្រឹត្ត និងសេចក្តីពិត”(ខ.១៨) ចំពោះអ្នកដទៃ ដែលនៅជុំវិញយើង។
បើសិនជាយើងមើលរំលងការលះបង់របស់ព្រះយេស៊ូវ ដែលព្រះអង្គបានធ្វើជំនួសយើង នោះយើងនឹងមិនបានស្គាល់ និងពិសោធសេចក្តីស្រឡាញ់របស់ព្រះអង្គឡើយ។ នៅថ្ងៃនេះ ចូរពិចារណា អំពីទំនាក់ទំនងរវាងការលះបង់ និងសេចក្តីស្រឡាញ់ ដែលព្រះអង្គមានចំពោះអ្នកចុះ។ ព្រះអង្គបានយាងមក ដើម្បីជួយសង្រ្គោះអ្នក។-Jennifer Benson…
ការហ៊ានអនុវត្តភ្លាមៗ
ពេលដែលសត្វកំប្រុកដី បានចាប់ផ្តើមកកេរជញ្ជាំងបន្ទប់ដាក់ឡានរបស់ខ្ញុំ ខ្ញុំក៏បានទិញអន្ទាក់មកដាក់ចាប់វាឲ្យបានទាំងរស់ ដោយមានគម្រោងយកវាទៅលែង នៅឧទ្យានជាតិណាមួយ។ ខ្ញុំក៏បានយកនំឆ្ងាញ់ៗមកធ្វើជានុយបញ្ឆោតវា ហើយបើកចំហរទ្វាអន្ទាក់។ នៅពេលព្រឹកថ្ងៃបន្ទាប់ ខ្ញុំមានចិត្តរំភើបរីករាយ ពេលបានឃើញសត្វដ៏តូចនោះ ជាប់ក្នុងទ្រុងរបស់ខ្ញុំ តែពេលចូលមើលជិត ទើបដឹងថា វាមិនមែនជាសត្វកំប្រុកដីទេ។ តាមពិត ខ្ញុំចាប់បានសត្វស្កាំង ដែលចេះបាញ់សាជាតិស្អុយដូចផោមឲ្យជាប់ខ្លួនយើង បើសិនជាយើងទៅក្បែរវាពេក។
ខ្ញុំក៏បានស្រាវជ្រាវពត៌មាននៅតាមបណ្តាញអ៊ីនធើណែត អំពីរបៀបដោះសត្វនោះ ចេញពីអន្ទាក់ ព្រោះបើមិនចេះដោះវាទេ ខ្ញុំមុខជាត្រូវវាបាញ់ក្លិនឲ្យស្អុយជាប់ខ្លួនជាមិនខាន។ ខ្ញុំក៏បានរកឃើញដំណោះស្រាយមួយចំនួន នៅតាមបណ្តាញអ៊ីនធើណិត ដែលបានណែនាំឲ្យយើងមានការប្រុងប្រយ័ត្នខ្ពស់ នៅក្នុងការពារខ្លួនយើង ពេលដែលយើងដោះវាចេញពីអន្ទាក់។ គឺយើងត្រូវមានថង់ផ្លាស្ទិច ស្រោមដៃ តង់កៅស៊ូ ភួយ និងវែនតាការពារភ្នែក។ កិច្ចការនេះមើលទៅគួរឲ្យញញើត និងគ្រោះថ្នាក់ផង។
បន្ទាប់មក អេវីង កូនប្រសារប្រុសរបស់ខ្ញុំ ក៏បានចេញមកជួយខ្ញុំ។ គាត់គ្រាន់តែដើរទៅរកអន្ទាក់នោះ ដោយដៃទទេតែម្តង គាត់បើកទ្វារអន្ទាក់នោះ ហើយក៏លួងសត្វដែលមានសំបុរខ្មៅ លាយឆ្នូតពណ៌សរនោះ ឲ្យចេញទៅក្រៅ ដោយយកទុយោទឹកសម្រាប់ស្រោចផ្កា មកបាញ់ដាក់វាតែពីរបីច្រូច វាក៏ចេញទៅបាត់។
ជួនកាល ការភ័យខ្លាចរបស់យើង អាចធ្វើឲ្យយើងអសកម្ម។ យើងមានការព្រួយបារម្ភអំពីសុវត្ថិភាពផ្ទាល់ខ្លួនពេក បានជាយើងរកធ្វើអ្វីមិនកើត។ ពេលដែលស្តេចអេសាជ្រាបថា ព្រះអម្ចាស់សព្វព្រះទ័យឲ្យទ្រង់ដករូបព្រះចេញពីទឹកដីអ៊ីស្រាអែល “ទ្រង់ក៏មានព្រះទ័យក្លាហានឡើង”(២របាក្សត្រ ១៥:៨)។ ការបំបាត់រូបព្រះក្នុងទឹកដីអ៊ីស្រាអែល អាចនាំឲ្យមានការបះបោរប្រឆាំងនឹងទ្រង់ តែទ្រង់បានអនុវត្តតាមព្រះអម្ចាស់…
កិច្ចព្រមព្រៀង
មុនពេលខ្ញុំព្រមទទួលសេវ៉ាកម្ម ពីក្រុមហ៊ុនណាមួយ តាមប្រព័ន្ធអ៊ីនធើណែត ខ្ញុំកម្រអានកិច្ចព្រមព្រៀងរបស់ក្រុមហ៊ុននោះណាស់។ កិច្ចព្រមព្រៀងនោះមានច្រើនទំព័រ ហើយប្រើសុទ្ធតែពាក្យបច្ចេកទេសច្បាប់ ដែលភាគច្រើន ពិបាកឲ្យមនុស្សសាមញ្ញដូចខ្ញុំយល់។
ហេតុនេះហើយបានជាខ្ញុំមានការភ្ញាក់ផ្អើល ពេលដែលមិត្តភក្តិរបស់ខ្ញុំម្នាក់មកពីអាហ្រ្វិក បានឲ្យខ្ញុំអានកិច្ចព្រមព្រៀងដ៏ចម្លែក របស់សេវ៉ាកម្មលក់កម្មវិធីកំព្យូទ័រតាមប្រព័ន្ធអ៊ីនធើណែត។ កិច្ចព្រមព្រៀងនោះមិនបានប្រើពាក្យបច្ចេកទេសដែលពិបាកយល់នោះទេ តែផ្ទុយទៅវិញ ក្នុងកិច្ចព្រមព្រៀងនោះ អ្នកផលិតកម្មវិធីកំព្យូទ័រនោះបានជូនពរ ដោយលើកទឹកចិត្តគេឲ្យប្រើកម្មវីធីរបស់គាត់ ឲ្យមានប្រយោជន៍ យ៉ាងដូចនេះថា
“សូមលោកប្រើកម្មវិធីនេះ ដើម្បីធ្វើការល្អ មិនមែនធ្វើការអាក្រក់ឡើយ។ សូមលោកអ្នករកឃើញការអត់ទោសសម្រាប់ខ្លួនឯង និងអត់ទោសឲ្យអ្នកដទៃ។ សូមចែករំលែក ដោយចិត្តជ្រះថ្លា ហើយមិនត្រូវចង់បានអ្វីពីអ្នកដទៃ លើសពីអ្វីដែលខ្លួនបានឲ្យគេនោះឡើយ”។
គ្រាន់តែបានមើលកិច្ចព្រមព្រៀងនោះភ្លាម ខ្ញុំក៏បាននឹកស្រមៃថា បើសិនជាកិច្ចព្រមព្រៀងនៃសេវ៉ាកម្មជាច្រើនទៀត ត្រូវបានគេសរសេរជាពាក្យជូនពរ ជាជាងធ្វើជាឯកសារផ្នែកច្បាប់ មិនដឹងជាប្រសើរយ៉ាងណាទេ ។ បន្ទាប់មក ខ្ញុំក៏បាននឹកចាំថា កិច្ចព្រមព្រៀងដែលព្រះយេស៊ូវបានធ្វើជាមួយយើង ក៏មានលក្ខណៈសាមញ្ញ និងល្អដូចនេះផងដែរ។ ព្រះអង្គបានយល់ព្រមប្រទានការអត់ទោសបាប ផ្សះផ្សាយើងឲ្យជានឹងព្រះ ហើយប្រទាននូវព្រះវិញ្ញាណបរិសុទ្ធដល់យើង។ ហើយព្រះអង្គសព្វព្រះទ័យឲ្យយើងឆ្លើយតបវិញ ដោយព្រមទទួលជឿព្រះអង្គ(យ៉ូហាន ៣:១៦) ធ្វើការល្អ(កាឡាទី ៦:១០) អត់ទោសឲ្យគេ ដូចដែលព្រះអង្គបានអត់ទោសឲ្យយើងដែរ(លូកា ៦:៣៧) និងស្រឡាញ់អ្នកដទៃ ដូចដែលព្រះអង្គបានស្រឡាញ់យើង(យ៉ូហាន ១៣:៣៤)។
កិច្ចព្រមព្រៀង ដែលព្រះយេស៊ូវបានធ្វើជាមួយយើង ងាយស្រួលអាន ហើយយើងអាចធ្វើបាន ដោយពឹងផ្អែកលើព្រះអង្គ…
គំរូនៃការបន្ទាបខ្លួន
ក្នុងអំឡុងពេលរដូវកាល នៃពិធីបុណ្យព្រះគ្រីស្ទមានព្រះជន្មរស់ឡើងវិញ ខ្ញុំបានទៅចូលរួមកម្មវិធីថ្វាយបង្គំរបស់ព្រះវិហារមួយកន្លែង ជាមួយភរិយាខ្ញុំ ដែលនៅទីនោះ អ្នកចូលរួមទាំងឡាយអនុវត្តតាមគំរូ ដែលព្រះយេស៊ូវ និងពួកសាវ័កបានធ្វើនៅពេលយប់ មុនពេលគេយកព្រះអង្គទៅឆ្កាង។ ក្នុងកម្មវិធីថ្វាយបង្គំនៅថ្ងៃនោះ មានកម្មវិធីលៀងជើង ដែលនៅក្នុងនោះ បុគ្គលិកព្រះវិហារបានលាងជើងឲ្យអ្នកស្ម័គ្រចិត្តមួយចំនួន ដែលបម្រើការក្នុងពួកជំនុំ។ ខណៈពេលដែលខ្ញុំកំពុងមើលគេធ្វើកម្មវិធីនោះ ខ្ញុំក៏បានសួរខ្លួនឯងថា សព្វថ្ងៃនេះ តើការលាងជើងឲ្យអ្នកដទៃ និងការឲ្យគេលាងជើងយើង មួយណាមានការបន្ទាបខ្លួនជាង? អ្នកដែលកំពុងបម្រើគេ និងអ្នកដែលគេបម្រើ កំពុងតែបង្ហាញនូវអត្ថន័យនៃការបន្ទាបខ្លួនខុសពីគ្នា។
ពេលដែលព្រះយេស៊ូវ និងពួកសាវ័កកំពុងជួបជុំគ្នាធ្វើពិធីលៀងព្រះអម្ចាស់(យ៉ូហាន ១៣:១-២០) ព្រះយេស៊ូវបានលាងជើងពួកសាវ័ក ដោយការបន្ទាបខ្លួន ក្នុងភាពជាអ្នកបម្រើ។ ប៉ុន្តែ លោកស៊ីម៉ូន ពេត្រុសបានប្រកែកថា “ទ្រង់មិនត្រូវលាងជើងឲ្យទូលបង្គំសោះឡើយ”។ ព្រះយេស៊ូវមានព្រះបន្ទូលតបថា “បើខ្ញុំមិនលាងឲ្យអ្នក នោះអ្នកគ្មានចំណែកជាមួយនឹងខ្ញុំទេ”(១៣:៨)។ ការលាងជើងឲ្យពួកគេ មិនគ្រាន់តែជាការប្រតិបត្តិប៉ុណ្ណោះទេ តែក៏អាចឆ្លុះបញ្ចាំង ឲ្យយើងដឹងថា យើងត្រូវការការលាងសម្អាតរបស់ព្រះគ្រីស្ទ គឺការលាងសម្អាត ដែលតម្រូវឲ្យយើងស្ម័គ្រចិត្តបន្ទាបខ្លួន នៅចំពោះព្រះអង្គសង្រ្គោះ ពុំនោះទេ យើងមិនអាចស្អាតបានឡើយ។
ព្រះគម្ពីរយ៉ាកុបបានចែងថា “ព្រះទ្រង់ទាស់ទទឹងនឹងពួកមានឫកធំ តែទ្រង់ផ្តល់ព្រះគុណមកពួករាបសាវិញ”(យ៉ាកុប ៤:៦)។ យើងទទួលព្រះគុណព្រះ ពេលដែលយើងទទួលស្គាល់ភាពធំឧត្តម្ភរបស់ទ្រង់ ដែលបានបន្ទាបព្រះកាយ នៅលើឈើឆ្កាង(ភីលីព ២:៥-១១)។-Bill Crowder
ពេលងងឹតបំផុតក្នុងជីវិត
លោកឆាល វិតថលស៊ី(Charles Whittlesey) ជាវីវរៈបុរសដែលល្បីល្បាញជាងគេ ក្នុងសង្រ្គាមលោកលើកទី១។ គាត់ជាអ្នកដឹកនាំ “កងវរសេនាតូចដែលបានវង្វេង” ក្នុងសង្រ្គាមដ៏ធំនោះ។ គាត់បានទទួលមេដាយកិត្តិយស សម្រាប់ភាពក្លាហាន នៅក្នុងការដឹកនាំកងទ័ពរបស់គាត់ ដែលបានជាប់នៅពីក្រោយខ្សែត្រៀមរបស់សត្រូវ។ បន្ទាប់ពីវិមានបញ្ចុះសពសម្រាប់ទាហានដែលគេមិនស្គាល់អត្តសញ្ញាណ ត្រូវបានគេសម្ភោធហើយ គេក៏បានជ្រើសរើសលោកឆាល ឲ្យបម្រើការជាអ្នកសែងមឈូសរបស់សពទាហានទីមួយ ដែលគេត្រូវបញ្ចុះនៅទីនោះ។ ពីរសប្តាហ៍ក្រោយមក គេបានសន្និដ្ឋានថា គាត់បានបញ្ចប់ជីវិតខ្លួនឯង ដោយលោតចុះពីលើនាវាកម្សាន្ត នៅកណ្តាលមហាសមុទ្រអាត្លង់ទិច។
លោកឆាលមានភាពរឹងមាំ នៅចំពោះមហាជន គឺមិនខុសពីលោកហោរាអេលីយ៉ាទេ(១ពង្សាវតាក្សត្រ ១៩:១-៧) ប៉ុន្តែ គេមិនដឹងទេថា ចិត្តរបស់គាត់មានពេញដោយភាពអស់សង្ឃឹម ក្នុងពេលដែលគាត់នៅស្ងាត់ស្ងៀមម្នាក់ឯង។ មនុស្សសព្វថ្ងៃច្រើនតែជួបបញ្ហា ដែលពួកគេគិតថាខ្លួនមិនអាចដោះស្រាយបាន។ ជួនកាល ការអស់សង្ឃឹមដែលយើងមានមួយរយៈពេល នាំឲ្យមានការនឿយហត់ខ្លាំង។ ជាក់ស្តែង លោកអេលីយ៉ាធ្លាប់ជួបបញ្ហានេះ បន្ទាប់ពីគាត់បានឈ្នះពួកហោរារបស់ព្រះបាល(១៨:២០-៤០)។ គាត់មានការភ័យខ្លាចសេចក្តីស្លាប់ ហើយក៏បានរត់គេចខ្លួនចូលវាលរហោស្ថាន(១៩:១-៣)។ ប៉ុន្តែ ជាញឹកញាប់ ការអស់សង្ឃឹមមានរយៈពេលវែង ហើយនាំឲ្យមានគ្រោះថ្នាក់កាន់តែខ្លាំង។ ហេតុនេះហើយ យើងចាំបាច់ត្រូវទូលដល់ព្រះ និងចែកចាយដល់អ្នកដទៃ អំពីការអស់សង្ឃឹមរបស់យើង។
ព្រះទ្រង់ប្រទាននូវព្រះវត្តមានរបស់ព្រះអង្គ ដល់យើង ក្នុងពេលដែលយើងជួបភាពងងឹតបំផុត ដើម្បីជួយកម្សាន្តចិត្តយើង ហើយដើម្បីឲ្យយើងអាចជួយអ្នកដទៃ ដែលមានការឈឺចាប់ នៅថ្ងៃក្រោយ តាមគំរូព្រះអង្គ។ ពេលដែលយើងស្រែករកជំនួយ ពីអ្នកដទៃ និងពីព្រះ អាចជាពេលដែលរឹងមាំបំផុត…
ការនាំផ្លូវខាងវិញ្ញាណ
សៀវភៅដែលមានចំណងជើងថា រយៈបណ្តោយ ជាស្នាដៃនិពន្ធរបស់លោកដាវ៉ា សូប៊ែល(Dava Sobel) ដែលបានទទួលពានរង្វាន់។ សៀវភៅនេះនិយាយអំពីបញ្ហា ដែលពួកនាវិកសម័យដើមជួបប្រទះ។ ពួកគេអាចវាស់ដឹងថា សំពៅរបស់ខ្លួនកំពុងស្ថិតនៅរយៈបណ្តោយខាងជើង ឬខាងត្បូង នៃខ្សែបន្ទាត់អេក្វាទ័រ ដោយសង្កេតមើលថា ថ្ងៃរៈយូរប៉ុណ្ណា ឬដោយមើលកម្ពស់ថ្ងៃ។ ប៉ុន្តែ ការវាស់រយៈបណ្តោយនៃទិសខាងកើត ឬខាងលិច នៅតែមានភាពស្មុគ្រស្មាញ ហើយមិនអាចទុកចិត្តបានឡើយ រហូតដល់ពេលដែលលោកចន ហារីសិន(John Harrison) ដែលជាអ្នកផលិតនាឡិការ បានឆ្នែបង្កើតឧបករណ៍ក្រូណូម៉ែត្រ សម្រាប់វាស់រយៈបណ្តោយក្នុងសមុទ្រ។ វាជា “នាឡិកា ដែលរាប់ពេលវេលាបានត្រឹមត្រូវ ចាប់តាំងពីពេលចេញដំណើរពីកំពុងផែរ … ទៅដល់កន្លែងដាច់ស្រយ៉ាលណាក៏ដោយ ក្នុងពិភពលោក” ដូចនេះ វាបានជួយឲ្យពួកនាវិក អាចកំណត់រយៈបណ្តោយរបស់ខ្លួន។
ពេលដែលយើងធ្វើដំណើរក្នុងសមុទ្រនៃជីវិត យើងក៏ត្រូវពឹងផ្អែកអ្នកនាំផ្លូវដែលយើងអាចទុកចិត្តបាន គឺព្រះគម្ពីរបរិសុទ្ធ។ គឺដូចដែលអ្នកនិពន្ធទំនុកដំកើងបានមានប្រសាសន៍ថា “ឱទូលបង្គំស្រឡាញ់ក្រឹត្យវិន័យរបស់ទ្រង់ណាស់ហ្ន៎ ទូលបង្គំរំពឹងគិតពីក្រឹត្យវិន័យនោះជាដរាបរាល់ថ្ងៃ”(ទំនុកដំកើង ១១៩:៩៧)។ គាត់មិនបានមើលព្រះបន្ទូលព្រះយូរៗម្តងទេ តែបានជញ្ជឹងគិតអំពីព្រះបន្ទូលព្រះអង្គ ជារៀងរាល់ថ្ងៃ ដើម្បីទទួលការដឹកនាំពីព្រះអង្គ បានជាគាត់មានប្រសាសន៍ថា គាត់បានរំពឹងគិតអំពីសេចក្តីបន្ទាល់ទ្រង់ជានិច្ច(ខ.៩៩)។ គាត់បានអនុវត្តដូចនេះ ដោយការប្តេជ្ញាចិត្តថា គាត់បានស្បថហើយ ក៏នឹងសម្រេចតាមថា គាត់នឹងកាន់តាមបញ្ញត្តដ៏សុចរិតរបស់ទ្រង់”(ខ.១០៦)។
ដូចនេះ យើងត្រូវការការនំាផ្លូវជាប់ជានិច្ច ក្នុងដំណើរជីវិតយើង ដើម្បីឲ្យយើងអាចរកឃើញផ្លូវ ហើយទៅតាមទិសដៅដែលត្រឹមត្រូវ គឺមិនខុសពីពួកនាវិកសម័យដើមឡើយ។…
លើសពីការរង់ចំា
នៅក្នុងតំបន់ដែលខ្ញុំរស់នៅ ពេលដែលខ្ញុំទូរស័ព្ទហៅជាង ឲ្យមកជួសជុលឧបករណ៍អ្វីមួយ នៅផ្ទះខ្ញុំ ក្រុមហ៊ុនបានឆ្លើយថា “ជាងនឹងទៅដល់ ក្នុងចន្លោះម៉ោង១រសៀល ដល់ម៉ោង៥ល្ងាច”។ ដោយសារខ្ញុំមិនដឹងច្បាស់ថា ជាងនឹងមកដល់ពេលណា ខ្ញុំគ្មានជម្រើសអ្វី ក្រៅពីបន្តរង់ចាំ រហូតដល់ពេលគាត់មកដល់។
យ៉ាងណាមិញ ព្រះយេស៊ូវបានប្រាប់ពួកសិស្សថា ព្រះអង្គនឹងយាងទៅនគរស្ថានសួគ៌វិញ ហើយពួកគេត្រូវរង់ចាំព្រះអង្គយាងត្រឡប់មកវិញ ក្នុងពេលឆាប់ៗ(យ៉ូហាន ១៦:១៦)។ បន្ទាប់ពីព្រះអង្គមានព្រះជន្មរស់ឡើងវិញ ពួកគេក៏បានជួបព្រះអង្គម្តងទៀត ហើយពួកគេសង្ឃឹមថា ព្រះអង្គនឹងតាំងនគរព្រះអង្គ នៅក្នុងលោកិយ ក្នុងពេលនោះតែម្តង។ ប៉ុន្តែ ព្រះអង្គបានប្រាប់ពួកគេថា “មិនត្រូវឲ្យអ្នករាល់គ្នាដឹងពេល ដឹងកំណត់ ដែលព្រះវរបិតាបានទុកនៅក្នុងអំណាចរបស់ទ្រង់នោះឡើយ”(កិច្ចការ ១:៧)។ ដូចនេះ ពួកគេនឹងត្រូវរង់ចំា អស់ពេលយូរទៀត។
ប៉ុន្តែ ពួកគេមិនមែនរង់ចាំ ដោយមិនធ្វើការអ្វីសោះនោះឡើយ។ ព្រះយេស៊ូវបានប្រាប់ពួកគេ ឲ្យ“ធ្វើជាទីបន្ទាល់ពីព្រះអង្គ នៅក្រុងយេរូសាឡិម ព្រមទាំងស្រុកយូដា និងស្រុកសាម៉ារីទាំងមូល ហើយរហូតដល់ចុងផែនដីបំផុតផង”(ខ.៨)។ ហើយព្រះអង្គបានប្រទានព្រះវិញ្ញាណបរិសុទ្ធ ដើម្បីជួយឲ្យពួកគេបំពេញមហាបេសកកម្មនេះ។
សព្វថ្ងៃនេះ យើងនៅបន្តរង់ចំាព្រះយេស៊ូវយាងមកវិញ។ ហើយខណៈពេលដែលយើងកំពុងរង់ចាំព្រះអង្គ យើងត្រូវពឹងផ្អែកលើអំណាចព្រះវិញ្ញាណ ដើម្បីប្រាប់អ្នកដទៃ ឲ្យស្គាល់ព្រះអង្គជានរណា ហើយឲ្យពួកគេដឹងថា ព្រះអង្គនឹងយាងមកវិញ តាមព្រះបន្ទូលសន្យា។-Anne Cetas
ការបាត់បង់ការចងចាំ
ជួនកាល ពេលដែលយើងកំពុងមានបញ្ហា យើងអាចបាត់បង់ការចងចាំខាងវិញ្ញាណ ដែលធ្វើឲ្យយើងភ្លេចព្រះគុណរបស់ព្រះ។ ប៉ុន្តែ មានវិធីដ៏ល្អមួយ ដើម្បីឲ្យយើងមានចិត្តដែលដឹងគុណព្រះឡើងវិញ គឺយើងរកពេលស្ងាត់ស្ងៀម ដើម្បីអធិស្ឋាន ដោយរំឭកឡើងវិញ នូវការផ្គត់ផ្គង់របស់ព្រះអង្គ ដែលយើងបានទទួលការពីមុន ហើយអរព្រះគុណព្រះអង្គ។
ពេលដែលពួកកូនចៅអ៊ីស្រាអែលបានទៅដល់វាលរហោស្ថាន ដែលក្តៅហួតហែង គ្មានជីជាតិ ពួកគេក៏បានភ្លេចព្រះគុណរបស់ព្រះ។ ពួកគេចង់វិលត្រឡប់ទៅនគរអេស៊ីព្ទវិញ ដើម្បីឲ្យបានបរិភោគអាហារឆ្ងាញ់ៗ ដូចមុន(និក្ខមនំ ១៦:២-៣) ហើយក្រោយមក ពួកគេក៏បានរំអ៊ូរទាំ អំពីការផ្គត់ផ្គង់ទឹក(១៧:២)។ ពេលនោះ ពួកគេបានភ្លេចការអស្ចារ្យ និងទីសំគាល់ដែលព្រះបានធ្វើ ពេលព្រះអង្គបានរំដោះពួកគេ និងបានប្រទានឲ្យពួកគេមានទ្រព្យសម្បត្តិជាច្រើនផង(១២:៣៦)។ ពួកគេរវល់តែខ្វល់ខ្វាយពីជីវិតក្នុងពេលបច្ចុប្បន្ន ហើយបានភ្លេចការផ្គត់ផ្គង់ ដែលព្រះអង្គបានប្រទានដោយព្រះទ័យមេត្តា កាលពីមុន។
អ្នកនិពន្ធទំនុកដំកើងបានលើកទឹកចិត្តយើងថា “ចូរអរព្រះគុណដល់ព្រះយេហូវ៉ា ដ្បិតទ្រង់ល្អ សេចក្តីសប្បុរសរបស់ទ្រង់ស្ថិតស្ថេរនៅជាដរាប”(ទំនុកដំកើង ១១៨:១)។ ព្រះអង្គមានព្រះទ័យសប្បុរស ដូចនេះព្រះអង្គក៏មាន “សេចក្តីស្រឡាញ់ដ៏ស្ថិតស្ថេរ” ហើយមានព្រះទ័យស្មោះត្រង់ផង។ ព្រះអង្គបានសន្យាថា នឹងគង់នៅក្បែរជានិច្ច ដើម្បីមើលថែរកូនរបស់ព្រះអង្គ។
ចូរយើងនឹកចាំ អំពីការផ្គត់ផ្គង់ដែលព្រះអង្គមានចំពោះយើង កាលពីមុន ដើម្បីឲ្យយើងអាចកែប្រែទស្សនៈរបស់យើងឲ្យល្អឡើងវិញ។ សេចក្តីស្រឡាញ់របស់ព្រះអង្គស្ថិតស្ថេរជាដរាប!-Dennis Fisher