ពាក្យលើកទឹកចិត្តសម្រាប់អ្នកមានទុក្ខលំបាក
នៅបច្ចិមប្រទេស មានពាក្យចាស់មួយឃ្លាពោលថា “ចូរកុំខាំចំណីលើសពីលទ្ធភាពដែលខ្លួនអាចទំពារបាន”។ មានន័យថា បើយើងឆ្លាត ចូរយើងកុំទទួលកិច្ចការដែលច្រើន លើសពីលទ្ធភាពដែលយើងអាចទទួលរ៉ាប់រងរួច។ ទោះជាយ៉ាងណាក៏ដោយ ពេលខ្លះ យើងមានអារម្មណ៍ថា ខ្លួនកំពុងទទួលបន្ទុកធ្ងន់ពេក ដោយសារទំហំ និងការពិបាកនៃកិច្ចការ ដែលយើងព្រមទទួលខុសត្រូវ។
ការនេះក៏អាចកើតឡើង ក្នុងដំណើរជីវិតខាងវិញ្ញាណក្នុងព្រះគ្រីស្ទផងដែរ គឺនៅពេលដែលការប្តេជ្ញាចិត្ត ដែលយើងមានចំពោះព្រះ ហាក់ដូចជាច្រើនពេក មិនអាចទ្រាំទ្របាន។ ប៉ុន្តែ ព្រះអម្ចាស់មានព្រះបន្ទូលលើកទឹកចិត្តសម្រាប់យើង ពេលដែលជំនឿយើងមានការរង្គោះរង្គើ។
អ្នកនិពន្ធព្រះគម្ពីរហេព្រើបានលើកទឹកចិត្តអ្នកអានរបស់គាត់ ឲ្យនឹកចាំអំពីសេចក្តីក្លាហាន ដែលពួកគេបានបង្ហាញចេញមក កាលពីដើម(១០:៣២-៣៣)។ ទោះបីជាមានការជេរប្រមាថ និងការបៀតបៀនក្តី ក៏ពួកគេនៅតែជួយគ្រីស្ទបរិស័ទដែលកំពុងជាប់ឃុំ ហើយពួកគេសុខចិត្តឲ្យគេរឹបអូសទ្រព្យសម្បត្តិរបស់ខ្លួន ដោយអំណរ(ខ.៣៣-៣៤)។ បានជាគាត់មានប្រសាសន៍ថា “កុំឲ្យបោះបង់ចោលសេចក្តីក្លាហានរបស់អ្នករាល់គ្នា ដែលមានរង្វាន់ជាធំនោះឡើយ ដ្បិតអ្នករាល់គ្នាត្រូវការនឹងសេចក្តីអត់ធ្មត់ ដើម្បីឲ្យបានទទួលសេចក្តីដែលបានសន្យា ដោយធ្វើតាមព្រះហឫទ័យព្រះ”(ខ.៣៥-៣៦)។
យើងមិនត្រូវទុកចិត្តលើខ្លួនឯងទេ តែត្រូវទុកចិត្តលើព្រះយេស៊ូវ និងព្រះបន្ទូល ដែលព្រះអង្គបានសន្យាថា នឹងយាងមកវិញ តាមពេលដែលព្រះអង្គបានកំណត់(ខ.៣៧)។
អំណាចចេស្តារបស់ព្រះ ជួយឲ្យយើងអាចបន្តដើរដោយជំនឿ។ ការនឹកចាំអំពីភាពស្មោះត្រង់ ដែលព្រះមានចំពោះយើងកាលពីមុន បណ្តាលឲ្យយើងមានទំនុកចិត្តលើព្រះអង្គ នៅក្នុងពេលបច្ចុប្បន្ន។-David McCasland
គ្រឹះរបស់យើង
នៅទីក្រុងបាវ៉ារា(Bavaria) នៃប្រទេសអាឡឺម៉ង់ សង្កាត់ណូតលីងជិនមានលក្ខណៈពិសេសខុសគេ។ វាមានទីតាំង នៅត្រង់ចំណុចកណ្តាលនៃតំបន់រេស ក្រេធ័រ ដែលជាទំនាប ដែលមានសណ្ឋានដីដូចបាតខ្ទះដ៏ធំ ដែលជាស្នាមរណ្តៅអាច់ម៍ផ្កាយយក្ស ដែលបានធ្លាក់តាំងពីយូរណាស់មកហើយ។ កម្លាំងធ្លាក់ដ៏ខ្លាំងមហិមារបស់អាច់ម៍ផ្កាយនោះ បានបណ្តាលឲ្យកើតមានថ្មគ្រីស្តាល់ចម្លែកៗ និងគ្រាប់ពេជ្យតូចល្អិតរាប់លាន។ ក្នុងសតវត្សរ៍ទី១៣ ថ្មដែលចាំងផ្លេកៗទាំងនោះ ត្រូវបានគេប្រើប្រាស់ ក្នុងការសាងសង់ព្រះវិហារសេន ចច។ អ្នកដែលមកទស្សនាព្រះវិហារនោះ អាចឃើញគ្រីស្តាល់ដ៏ស្រស់ស្អាត ដែលបានបង្កប់នៅក្នុងគ្រឹះ និងជញ្ជាំងនៃព្រះវិហារ។ អ្នកខ្លះនិយាយថា ព្រះវិហារនោះមានគ្រឹះស្អាត ដូចនៅស្ថានសួគ៌។
ព្រះយេស៊ូវបានយាងចុះពីស្ថានសួគ៌ មកក្នុងលោកិយនេះ(យ៉ូហាន ៣:១៣)។ ពេលព្រះអង្គយាងត្រឡប់ទៅនគរស្ថានសួគ៌វិញ បន្ទាប់ពីព្រះអង្គសុគត និងមានព្រះជន្មឡើងវិញ ព្រះអង្គបានឲ្យអ្នកដើរតាមព្រះអង្គ ធ្វើជា “ព្រះវិហារដ៏រស់” របស់ព្រះ ដែលមានព្រះអង្គជាគ្រឹះ។ សាវ័កប៉ុលបានមានប្រសាសន៍ថា “ដ្បិតគ្មានអ្នកណាអាចនឹងដាំជើងជញ្ជាំងណាផ្សេងទៀត ក្រៅពីជើងដែលបានដាំរួចហើយនោះបានទេ គឺជាព្រះយេស៊ូវគ្រីស្ទ”(១កូរិនថូស ៣:១១)។
ព្រះវិហារដែលនៅក្រុងបាវ៉ារា ត្រូវបានសាងសង់ឡើង ពីបំណែកនៃថ្មដែលបានធ្លាក់ចុះពីលើមេឃមក។ ប៉ុន្តែ អ្នកជឿព្រះគ្រីស្ទគ្រប់រូប ជាព្រះវិហារខាងវិញ្ញាណ ដែលត្រូវបានសង់ឡើង នៅលើគ្រឹះដែលមកពីស្ថានសួគ៌ គឺអង្គព្រះយេស៊ូវគ្រីស្ទ(អេសាយ ២៨:១៦ ១កូរិនថូស ១០:៣-៤)។ សូមសរសើរដំកើងព្រះ ដែលបានប្រទានសេចក្តីសង្រ្គោះដល់យើងយ៉ាងជាក់ច្បាស់ តាមរយៈការអ្វីដែលព្រះយេស៊ូវបានធ្វើ។-Dennis Fisher
ដើរតាមម្ចាស់
មានពេលមួយ ខ្ញុំបានទស្សនាសត្វឆ្កែ ឈ្មោះត្រេវរ(Trevor) កំពុងសម្តែងនៅលើឆាក នៅក្នុងកម្មវិធីការតាំងបង្ហាញសត្វឆ្កែនៅក្បែរផ្ទះខ្ញុំ។ វាជាពូជឆ្កែតឿរបស់ជនជាតិវេលស៍។ វាបានរត់ជាច្រើនម៉ែត្រ ចេញទៅហើយត្រឡប់មកវិញ តាមបញ្ជារបស់ម្ចាស់វា វាបានលោតរំលងរបង ហើយវាទៅរកវត្ថុផ្សេងៗ ដោយប្រើច្រមុះតាមហិតក្លិន។ បន្ទាប់ពីបញ្ចប់វគ្គនីមួយៗហើយ វាមកអង្គុយនៅក្បែរជើងម្ចាស់វា ហើយរង់ចាំការបញ្ជាបន្ទាប់ទៀត។
ពេលខ្ញុំឃើញសត្វឆ្កែត្រេវរស្តាប់តាមបង្គាប់របស់ម្ចាស់វា យ៉ាងប្រុងប្រយ័ត្នដូចនេះ ខ្ញុំក៏បាននឹកចាំអំពីការដែលព្រះទ្រង់ សព្វព្រះទ័យឲ្យរាស្រ្តព្រះអង្គមានការប្តេជ្ញាចិត្តចំពោះព្រះអង្គ ក្នុងអំឡុងពេលដែលពួកគេកំពុងដើរតាមព្រះអង្គ កាត់វាលរហោស្ថាន។ ព្រះទ្រង់ដឹកនាំ តាមរបៀបដ៏វិសេស។ ព្រះវត្តមានព្រះអង្គបានបង្ហាញចេញមកជាពពក។ បើសិនជាពពកហោះឡើងលើ គឺមានន័យថា ព្រះអង្គសព្វព្រះទ័យឲ្យរាស្រ្តព្រះអង្គផ្លាស់ទី ទៅតំបន់ផ្សេងទៀត។ បើពពកចុះមកក្រោម ពួកគេត្រូវនៅមួយកន្លែង។ គឺដូចដែលមានសេចក្តីចែងថា “គឺតាមតែបង្គាប់ព្រះយេហូវ៉ា ដែលគេដំឡើងត្រសាល ហើយក៏តាមបង្គាប់ព្រះយេហូវ៉ា ដែលគេចេញដំណើរទៅ”(ជនគណនា ៩:២៣)។ ពួកអ៊ីស្រាអែលបានអនុវត្តតាមរបៀបនេះ ជារៀងរាល់យប់ថ្ងៃ ទោះបីជាពួកគេត្រូវឈប់សម្រាកនៅកន្លែងណាមួយ យូរប៉ុណ្ណាក៏ដោយ។
កាលនោះ ព្រះអង្គមិនគ្រាន់តែកំពុងល្បងលពួកអ៊ីស្រាអែលប៉ុណ្ណោះទេ តែថែមទាំងដឹកនាំពួកគេ ទៅកាន់ទឹកដីសន្យា(១០:២៩)។ ព្រះអង្គសព្វព្រះទ័យនឹងនាំពួកគេ ទៅកន្លែងដែលល្អជាងមុន។ ដូចនេះ ពេលព្រះអង្គឲ្យយើងដើរតាមព្រះអង្គ ព្រះអង្គក៏មានព្រះទ័យដូចនេះផងដែរ។ ព្រះអង្គសព្វព្រះទ័យនឹងនាំយើង ទៅកន្លែងដែលយើងនឹងមានការប្រកបស្និទ្ធស្នាល ជាមួយព្រះអង្គ។ ព្រះបន្ទូលព្រះអង្គបានធានាថា ព្រះអង្គមានក្តីស្រឡាញ់ និងស្មោះត្រង់នៅក្នុងការដឹកនាំអ្នកដែលដើរតាមព្រះអង្គ ដោយបន្ទាបខ្លួន។-Jennifer Benson Schuldt
តើមាននរណាច្រៀងទេ?
មានពេលមួយ លោកគ្រីស ហាដហ្វៀល(Chris Hadfield) ដែលជាអាកាសយានិកជនជាតិកាណាដា និងជាមេបញ្ជាការនៃស្ថានីយអវកាសអន្តរជាតិ បានចូលរួមនៅក្នុងការច្រៀង ជាមួយនឹងសិស្សសាលាមួយក្រុម ដែលកំពុងនៅក្នុងស្ទូឌីយ៉ូមួយ នៅផែនដី ខណៈពេលដែលគាត់កំពុងស្ថិតនៅក្នុងស្ថានីយអវកាស ដែលមានកំពស់៣២១គីឡូម៉ែត្រពីផែនដី។ ពួកគេបានច្រៀងជាមួយគ្នា នូវបទ “តើមាននរណាច្រៀងទេ” ដែលជាស្នាដៃនិពន្ធរួមរបស់លោកហាដហ្វៀល ជាមួយនឹងលោកអេឌ រ៉ូមបឺតសិន(Ed Robertson)។
ក្នុងបទចម្រៀងនោះ ខ្ញុំបានចាប់អារម្មណ៍នឹងឃ្លាមួយ ដែលគេច្រៀងថា “អ្នកមិនអាចដាក់ព្រំប្រទល់ នៅលើទីអវកាសបានឡើយ”។ មនុស្សនៅលើផែនដី បានគូសខ្សែបន្ទាត់ព្រំដែនជាច្រើន ដើម្បីញែកខ្លួនចេញពីគ្នា ដោយមានជាតិសាសន៍ ប្រទេស និងមនោគមវិជ្ជាផ្សេងគ្នា ប៉ុន្តែ បទចម្រៀងនេះបានរំឭកខ្ញុំថា ព្រះអង្គមិនបានសព្វព្រះទ័យឲ្យយើងមានការបែងចែកគ្នាដូចនេះទេ។ អ្វីដែលសំខាន់នោះ គឺព្រះអង្គសព្វព្រះទ័យឲ្យយើងស្រឡាញ់ព្រះអង្គ និងស្រឡាញ់គ្នាទៅវិញទៅមក(ម៉ាកុស ១២:៣០-៣១)។
ព្រះអង្គជាឪពុកដែលមានក្តីស្រឡាញ់ ដូចនេះ ព្រះអង្គសព្វព្រះទ័យឲ្យក្រុមគ្រួសាររបស់ព្រះអង្គ មានការរួបរួមគ្នាតែមួយ។ យើងមិនអាចសម្រេចកិច្ចការដែលព្រះអង្គឲ្យយើងធ្វើបានឡើយ បើសិនជាយើងបដិសេធមិនព្រមផ្សះផ្សាគ្នា។ នៅពេលយប់ មុនពេលគេយកព្រះអង្គទៅឆ្កាង ព្រះអង្គបានទូលអង្វរដល់ព្រះវរបិតា សូមឲ្យអ្នកដើរតាមព្រះអង្គមានការរួបរួមគ្នា។ គឺដូចដែលព្រះអង្គបានអធិស្ឋានថា “ឱព្រះវរបិតាអើយ ដូចជាទ្រង់គង់ក្នុងទូលបង្គំ ហើយទូលបង្គំនៅក្នុងទ្រង់ដែរ គឺឲ្យអ្នកទាំងនោះបានរួមគ្នាតែមួយ នៅក្នុងយើង”(យ៉ូហាន ១៧:២១)។
ការច្រៀងរួមគ្នា បង្ហាញអំពីការរួបរួម ដោយមានទំនុកចម្រៀង ទំនុកភ្លេង និងចង្វាក់តែមួយ។ ការច្រៀងក៏អាចលើកកម្ពស់ការរួបរួម …
អ្នកផ្សាយដំណឹង
លោកភីត ភីធ័រសិន(Pete Peterson) បានទៅប្រទេសវៀតណាមជាលើកទី១ ក្នុងសម័យសង្រ្គាមវៀតណាម។ ក្នុងអំឡុងពេលគាត់បើកយន្តហោះទម្លាក់គ្រាប់បែក ក្នុងឆ្នាំ១៩៦៦ យន្តហោះរបស់គាត់ត្រូវគេបាញ់ធ្លាក់ ហើយគាត់ក៏បានក្លាយជាអ្នកទោសសង្រ្គាម និងបានទទួលទារុណកម្មយ៉ាងវេទនា។ ជាង៣០ឆ្នាំក្រោយមក គាត់ក៏បានត្រឡប់មកប្រទេសវៀតណាមវិញ ក្នុងថានៈជាឯកអគ្គរដ្ឋទូតអាមេរិកប្រចាំប្រទេសវៀតណាម។ មានអត្ថបទសារពត៌មានមួយ បានដាក់រហ័សនាមឲ្យគាត់ថា “អ្នកប្រកាសដំណឹង ដែលនាំមកនូវការផ្សះផ្សា”។ គាត់បានដឹងខ្លួនថា ជាច្រើនឆ្នាំកន្លងទៅ ព្រះបានសង្រ្គោះជីវិតគាត់ មិនមែនដើម្បីឲ្យគាត់បន្តរស់នៅ ក្នុងកំហឹងទៀតទេ។ ហេតុនេះហើយ គាត់ក៏បានប្រើជីវិតដែលគាត់នៅសេសសល់ និងមុខតំណែងរបស់គាត់ ដើម្បីធ្វើឲ្យមានការខុសប្លែក ដោយជំរុញឲ្យមានការថែរទាំកុមារនៅប្រទេសវៀតណាម ឲ្យការរស់នៅមានសុវត្ថិភាព តាមស្តង់តាដែលល្អខ្ពស់ជាងមុខ។
យើងនឹងមានការទទួលខុសត្រូវ និងកត្តិយសខ្លាំងណាស់ បើសិនជាបានទទួលការតែងតាំងឲ្យធ្វើជាដំណាងរបស់ប្រទេសយើង នៅប្រទេសដទៃទៀត។ ក្នុងនាមជាអ្នកដើរតាមព្រះគ្រីស្ទ យើងជា “ទូតរបស់ព្រះគ្រីស្ទ”(២កូរិនថូស ៥:២០)។ ព្រះបានចាត់ព្រះគ្រីស្ទ ឲ្យយាងមកផ្សះផ្សាយើងឲ្យជានឹងព្រះអង្គ(ខ.១៨) ដូចនេះ យើងក៏មានភារៈកិច្ច “ផ្សះផ្សា”ផងដែរ(ខ.១៩)។ យើងត្រូវចេញទៅប្រកាសប្រាប់គេថា មនុស្សគ្រប់គ្នាសុទ្ធតែអាចទទួលការប្រោសលោះ ក្នុងព្រះគ្រីស្ទ ដ្បិតព្រះអង្គ “ដែលមិនបានស្គាល់បាបសោះ នោះទ្រង់បានធ្វើឲ្យត្រឡប់ជាតួបាប ជំនួសយើងរាល់គ្នាវិញ ដើម្បីឲ្យយើងរាល់គ្នាបានត្រឡប់ទៅជាសេចក្តីសុចរិតរបស់ព្រះ ដោយនូវព្រះអង្គនោះឯង”(ខ.២១)។
ដើម្បីឆ្លើយតបចំពោះសេចក្តីស្រឡាញ់របស់ព្រះយេស៊ូវ ដែលបានផ្សះផ្សាយើង ឲ្យជានឹងព្រះ យើងត្រូវតែចែករំលែកសេចក្តីស្រឡាញ់របស់ព្រះអង្គដល់អ្នកដទៃ។ ចូរយើងបំពេញតួនាទីរបស់យើង ឲ្យអស់ពីចិត្ត។ ទោះបីជាព្រះទ្រង់ដាក់យើងនៅកន្លែងណាក៏ដោយ ក្នុងលោកិយនេះ ក៏ព្រះអង្គនៅតែអាចប្រើយើង …
តើមានសង្ឃឹមទេ?
ពេលដែលខ្ញុំកំពុងរង់ចាំពិធីបញ្ចុះអដ្ឋិធាតុរបស់ម្តាយខ្ញុំ ខ្ញុំក៏បានអង្គុយយ៉ាងស្ងាត់ស្ងៀមនៅក្បែរផ្នូររបស់ឪពុកខ្ញុំ។ អ្នកដឹកនាំកម្មវិធីបុណ្យសព ក៏បានកាន់កោដដាក់ធាតុម្តាយខ្ញុំមក។ ចិត្តខ្ញុំបានស្លុត ហើយគំនិតខ្ញុំក៏រកគិតអ្វីមិនឃើញ។ ក្នុងរយៈពេលតែ៣ខែសោះ ខ្ញុំត្រូវបាត់បង់ម្តាយខ្ញុំម្នាក់ទៀតហើយ តើឲ្យខ្ញុំកាត់ចិត្តយ៉ាងដូចម្តេចបាន? ពេលនោះ ខ្ញុំមានអារម្មណ៍បាត់បង់ និងឯកកោ នៅក្នុងសេចក្តីទុក្ខជាទម្ងន់ ហើយក៏មានអារម្មណ៍ថាអស់សង្ឃឹមបន្តិចបន្តួចផង ក្នុងការប្រឈមមុខនឹងពេលអនាគត ដោយគ្មានពួកគាត់។
បន្ទាប់មកលោកគ្រូគង្វាលក៏បានអានបទគម្ពីរ ដែលនិយាយអំពីកន្លែងបញ្ចុះសពរបស់ព្រះយេស៊ូវ យ៉ាងដូចនេះថា : នៅថ្ងៃទីមួយនៃសប្តាហ៍ ពួកសិស្សស្រីៗបានទៅផ្នូរព្រះអង្គទាំងព្រឹកព្រលឹម ដើម្បីអប់សពព្រះអង្គ(ម៉ាថាយ ២៨:១ និងលូកា ២៤:១)។ ខណៈពេលដែលពួកគេកំពុងមានការងឿងឆ្ងល់ ដោយឃើញផ្នូរនៅចំហរ មានទេវតាមួយអង្គបានលេចមកមានបន្ទូលថា “កុំឲ្យភ័យអី”(ម៉ាថាយ ២៨:៥)។ ពួកគេមិនចាំបាច់ត្រូវមានការភ័យខ្លាច ដោយសារផ្នូរនៅទទេរ ឬខ្លាចទេវតាឡើយ ដ្បិតទេវតាមានដំណឹងល្អ សម្រាប់ប្រាប់ពួកគេ។
ពួកគេក៏មានសង្ឃឹមឡើង ពេលដែលបានឮទេវតាមានបន្ទូលថា “តែទ្រង់មិនគង់នៅទីនេះទេ ដ្បិតទ្រង់មានព្រះជន្មរស់ឡើងវិញហើយ ដូចជាទ្រង់បានមានព្រះបន្ទូលទុក ចូរមកមើលកន្លែងដែលទ្រង់បានផ្ទំចុះ”(ខ.៦)។ ដោយសារព្រះយេស៊ូវបានមានព្រះជន្មឡើងវិញ នោះព្រះអង្គបានឈ្នះសេចក្តីស្លាប់ហើយ! ព្រះយេស៊ូវបានរំឭកពួកសិស្សព្រះអង្គ មុនពេលព្រះអង្គសុគតថា “ដោយព្រោះខ្ញុំរស់ នោះអ្នករាល់គ្នានឹងរស់ដែរ”(យ៉ូហាន ១៤:១៩)។
ទោះបីជាយើងបានសោកសង្រេង ចំពោះការបាត់បង់មនុស្សជាទីស្រឡាញ់ក៏ដោយ ក៏យើងនៅតែអាចរកឃើញក្តីសង្ឃឹម តាមរយៈការមានព្រះជន្មឡើងវិញរបស់ព្រះយេស៊ូវ និងតាមរយៈការដែលព្រះអង្គបានសន្យាថា បន្ទាប់ពីយើងស្លាប់ទៅ យើងនឹងបានទៅរស់នៅអស់កល្បជានិច្ចជាមួយព្រះអង្គ។-Anne Cetas
រឿងប្រៀបប្រដូច អំពីទ្រនិចឃ្មុំ
កាលពី៥០ឆ្នាំមុន មានពេលមួយខ្ញុំត្រូវសត្វឃ្មុំមួយហ្វូងដេញតាម បានជាខ្ញុំរត់គេច ទៅរកផ្ទះលោកចេយ អេលាត(Jay Elliott) ដោយទម្លាយទ្វារខាងមុខផ្ទះគាត់ ធ្វើឲ្យគាត់មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ រួចខ្ញុំក៏បានរត់គេចចេញតាមទ្វារក្រោយ ហើយក៏បានដឹងថា សត្វឃ្មុំលែងដេញតាមខ្ញុំទៀតហើយ។ តាមពិត ខ្ញុំបាននាំហ្វូងឃ្មុំចូលផ្ទះគាត់។ មួយសន្ទុះក្រោយមក ខ្ញុំក៏បានឃើញគាត់រត់យ៉ាងលឿនចេញតាមទ្វារក្រោយ ដោយមានសត្វឃ្មុំដេញតាមពីក្រោយ។
ថ្ងៃនោះ ខ្ញុំត្រូវសត្វឃ្ញុំទិចបួនដប់ទ្រនិច មិនមានអ្វីធ្ងន់ធ្ងរទេ តែលោកចេយ មានបទពិសោធន៍ខុសពីខ្ញុំ។ ទោះបីជាគាត់ត្រូវសត្វឃ្មុំទិចតែពីរបីទ្រនិចក៏ដោយ ក៏ភ្នែក និងកររបស់គាត់បានឡើងហើមប៉ោង ដោយសារមានប្រតិកម្មដ៏ឈឺចាប់នឹងជាតិពិស។ សកម្មភាពរបស់ខ្ញុំបានបណ្តាលឲ្យមានការឈឺចាប់ ដល់មិត្តភក្តិរបស់ខ្ញុំ។
រឿងនេះបានឆ្លុះបញ្ចាំង អំពីការពិត ដែលកើតមានក្នុងទំនាក់ទំនងដែលយើងមានជាមួយអ្នកដទៃផងដែរ។ យើងអាចធ្វើឲ្យអ្នកដទៃមានការឈឺចាប់ ដូចត្រូវសត្វទិច ដោយសារទង្វើរបស់យើង ដែលមិនមានលក្ខណៈដូចព្រះគ្រីស្ទ។ ទោះយើងបានសុំទោសគេហើយក្តី ក៏“ទ្រនិច”នៃកំហុសរបស់យើង នៅតែជាប់ក្នុងចិត្តគេ។
គេគួរតែរំពឹងថា គ្រីស្ទបរិស័ទមិនមានភាពកាច ឬគ្រោកគ្រាត និងភាពឆេវឆាវទេ។ យើងប្រហែលជាភ្លេចហើយថា ជួនកាល អ្នកដែលមានការពិបាក នៅក្នុងសេចក្តីជំនឿ ឬក្នុងការរស់នៅ បានមើលមកគ្រីស្ទបរិស័ទ ដោយការរំពឹងគិតជាច្រើន។ ពួកគេរំពឹងថា គ្រីស្ទបរិស័ទជាមនុស្សដែលមានកំហឹងតិច តែមានក្តីមេត្តាច្រើន មានការថ្កោលទោសតិច តែមានក្តីអាណិតច្រើន និងមានការរិះគន់តិច តែមានការលើកទឹកចិត្តច្រើន។ ព្រះយេស៊ូវបានប្រាប់យើងឲ្យរស់នៅឲ្យបានល្អ ដើម្បីថ្វាយសិរីល្អដល់ព្រះ(ម៉ាថាយ ៥:១៦ ១ពេត្រុស ២:១២)…
ទឹកភ្លៀងដែលផ្តល់នូវជីវិត
ក្នុងអំឡុងពេលដែលអាកាសធាតុក្តៅខ្លាំង នៅខែសីហា ឆ្នាំ១៨៩១ លោកអ.ជី. ឌីរេនហ្វ៊ត(R.G. Dyrenforth) បានធ្វើដំណើរមកដល់ទីក្រុងមិឌលែន រដ្ឋតិចសាស់ ដោយមានការតាំងចិត្តថា គាត់នឹងធ្វើឲ្យមានបន្ទុះចេញជាទឹកភ្លៀងធ្លាក់ពីលើមេឃមក។ គាត់ និងក្រុមរបស់គាត់ក៏បានបង្ហោះ ហើយបំផ្ទុះបាឡុងធំៗ ដែលមានពេញដោយឧស្ម័នផ្ទុះ ហើយប្រើកាណុងបាញ់ភ្លើង ព្រមទាំងបំផ្ទុះរំសេវ នៅលើដី ដែលបណ្តាលឲ្យមានការកក្រើកទាំងផ្ទៃមេឃ និងផែនដី។ អ្នកខ្លះជឿថា គាត់បានធ្វើឲ្យមានភ្លៀងបន្តិចបន្តួចដែរ តែមនុស្សភាគច្រើនបាននិយាយថា គាត់បានធ្វើឲ្យមានសំលេងរំខានជាខ្លាំង។ កម្លាំងផ្ទុះនោះពិតជាគួរឲ្យភ្ញាក់ផ្អើលមែន តែមិនមានប្រសិទ្ធភាពនៅក្នុងការបង្កើតទឹកភ្លៀងទេ។
ពេលដែលពួកជំនុំដំបូងត្រូវការអ្នកមើលការខុសត្រូវ ពួកគេបានស្វែងរកមនុស្ស ដែលមានសមត្ថភាពខុសៗគ្នា។ ពួកគេបានជ្រើសរើស “មនុស្សប្រុស៧នាក់ ដែលមានឈ្មោះល្អ ពេញដោយព្រះវិញ្ញាណបរិសុទ្ធ និងប្រាជ្ញា”(កិច្ចការ ៦:៣) ដើម្បីឲ្យគ្រប់គ្រងការចែកអាហារ ជារៀងរាល់ថ្ងៃ។ ក្នុងចំណោមអ្នកទាំងនោះ មានលោកស្ទេផាន “ដែលពេញដោយសេចក្តីជំនឿ និងព្រះចេស្តា គាត់ក៏ធ្វើការអស្ចារ្យ និងទីសំគាល់យ៉ាងធំនៅក្នុងពួកជន”(ខ.៨)។ ពេលដែលមានជម្លោះកើតឡើង ពួកអ្នកដែលមកជជែកដេញដោលនឹងលោកស្ទេផាន “ពុំអាចទប់ទល់នឹងប្រាជ្ញា ហើយនិងព្រះវិញ្ញាណ ដែលគាត់អាងនឹងនិយាយនោះបានទេ”(ខ.១០)។
ព្រះគម្ពីរបានចែងយ៉ាងច្បាស់ថា លោកស្តេផានមានប្រសិទ្ធិភាព ក្នុងកិច្ចការខាងវិញ្ញាណ ដោយសារគាត់បានពេញដោយព្រះវិញ្ញាណបរិសុទ្ធ ដែលបានប្រទានឲ្យគាត់ មានភាពពេញខ្នាតនៃសេចក្តីជំនឿ ប្រាជ្ញា និងអំណាច។ ព្រះវិញ្ញាណនៃព្រះ ដែលគង់ក្នុងជីវិតយើងសព្វថ្ងៃ បានជំនួសសម្លេងដ៏ខ្លាំងនៃភាពអាត្មានិយម និងអំណួត ដោយទឹកភ្លៀងដ៏ស្រទន់របស់ព្រះអង្គ…
គំរូដែលលើកទឹកចិត្ត
មានរឿងមួយដំណាលថា នៅចុងទសវត្សរ៍ឆ្នាំ១៨០០ មានគ្រូគង្វាលជនជាតិអឺរ៉ុបមួយក្រុម បានទៅចូលរួមសន្និសិទព្រះគម្ពីរ របស់លោក ឌី អែល មូឌី (D.L. Moody) នៅក្នុងរដ្ឋម៉ាសាឈូសេត សហរដ្ឋអាមេរិក។ ក្នុងការស្នាក់នៅឯសណ្ឋាគារ ពួកគេបានដាក់ស្បែកជើង នៅក្រៅបន្ទប់សណ្ឋាគារ មុនពេលចូលគេង តាមប្រពៃណីរបស់ខ្លួន ដោយរំពឹងថា អ្នកធ្វើការនៅសណ្ឋាគារនឹងសម្អាតស្បែកជើងឲ្យពួកគេ។ ពេលលោកមូឌីឃើញស្បែកជើងនៅក្រៅបន្ទប់ដូចនោះ គាត់ក៏បានប្រាប់អ្នកដទៃទៀតឲ្យបានដឹង អំពីតម្រូវការរបស់ពួកគេ ព្រោះគាត់យល់ពីប្រពៃណីរបស់ពួកគេ។ ប៉ុន្តែ គ្មាននរណាម្នាក់ឆ្លើយតបសោះ។
លោកមូឌីក៏បានដើរប្រមូលស្បែកជើងទាំងអស់នោះមកសម្អាតដោយខ្លួនឯង។ មានមិត្តភក្តិរបស់គាត់ម្នាក់បានមកជួបគាត់នៅក្នុងបន្ទប់គាត់ ដោយមិនបានប្រាប់គាត់ជាមុន ក៏បានដឹងអំពីរឿងនេះ ហើយក៏បាននិយាយប្រាប់គេ អំពីការអ្វីដែលលោកមូឌីបានធ្វើនោះ។ រឿងនោះក៏បានឮតៗគ្នា ហើយពីរបីយប់ក្រោយមក អ្នកដទៃទៀតបានដាក់វេនគ្នាជួយសម្អាតស្បែកជើងរបស់ក្រុមគ្រូគង្វាលអឺរ៉ុប។
លោកមូឌីមានគំរូនៃភាពជាអ្នកដឹកនាំ ដែលមានការបន្ទាបខ្លួន ដែលបានបញ្ឆេះចិត្តអ្នកដទៃ ឲ្យយកតម្រាប់តាមគំរូរបស់គាត់។ សាវ័កប៉ុលបានរំឭកលោកធីម៉ូថេថា “ចូរមានកំឡាំងឡើងដោយសារព្រះគុណ ដែលនៅក្នុងព្រះគ្រីស្ទយេស៊ូវ ឯអស់ទាំងសេចក្តីដែលអ្នកបានឮអំពីខ្ញុំ នៅមុខស្មរបន្ទាល់ជាច្រើន នោះក៏ត្រូវផ្ញើទុកនឹងមនុស្សស្មោះត្រង់ ដែលអាចនឹងបង្វឹកបង្រៀនតទៅអ្នកឯទៀតដែរ(២ធីម៉ូថេ ២:១-២)។ ពេលដែលយើងនឹកចាំថា កម្លាំងរបស់យើងបានមកពីព្រះគុណព្រះ នោះការនឹកចាំដូចនេះ នឹងជួយឲ្យយើងមានការបន្ទាបខ្លួន។ បន្ទាប់មក យើងចែកចាយអំពីសេចក្តីពិតរបស់ព្រះ ដល់អ្នកដទៃ ដោយការបន្ទាបខ្លួន ដោយធ្វើគំរូ ដែលលើកទឹកចិត្ត និងបញ្ឆេះចិត្តអ្នកដទៃ ឲ្យយកតម្រាប់តាម។
ព្រះយេស៊ូវជាគំរូនៃភាពជាអ្នកបម្រើ សម្រាប់យើងរាល់គ្នា។…
អំណាចនៃភាពសាមញ្ញ
មានមនុស្សមិនច្រើនទេ ដែលបានចំណាយពេលសិក្សាច្បាប់ ស្តីអំពីការបង់ពន្ធប្រាក់ចំណូល នៅសហរដ្ឋអាមេរិក។ ទស្សនាវដ្តីហ្វូបេ បានចេញផ្សាយថា ក្នុងឆ្នាំ២០១៣ ច្បាប់ស្តីអំពីការបង់ពន្ធ ត្រូវបានគេតាក់តែងមក ដោយសរសេរលើស៤លានពាក្យ។ តាមពិត ច្បាប់ពន្ធដានៅសហរដ្ឋអាមេរិក បានប្រែជាមានភាពស្មុគ្រស្មាញយ៉ាងខ្លាំង បានជាសូម្បីតែអ្នកជំនាញផ្នែកច្បាប់ ក៏មានការពិបាកនៅក្នុងការស្វែងយល់ អំពីច្បាប់ពន្ធដារឲ្យបានគ្រប់ជ្រុងជ្រោយដែរ។ ដូចនេះ ភាពស្មុគ្រស្មាញនេះគឺជាបន្ទុក ដែលធ្វើឲ្យគេពិបាកយល់ និងអនុវត្តតាម។
អ្នកដឹកនាំសាសនានៅនគរអ៊ីស្រាអែលសម័យបុរាណ ក៏បាននាំឲ្យប្រជាជនមានបញ្ហាដូចនេះ នៅក្នុងទំនាក់ទំនងជាមួយព្រះផងដែរ។ ពួកគេបានធ្វើឲ្យក្រឹត្យវិន័យ មានភាពស្មុគ្រស្មាញកាន់តែខ្លាំង។ ក្រឹត្យវិន័យសាសនារបស់ពួកគេ បានប្រែក្លាយជាបន្ទុកកាន់តែធ្ងន់ បានជាអ្នកជំនាញខាងក្រឹត្យវិន័យរបស់លោកម៉ូសេ មានការពិបាកនៅក្នុងការស្វែងយល់ អំពីចំណុចសំខាន់នៃក្រឹត្យវិន័យទាំងនោះ។ ពេលដែលអ្នកដឹកនាំសាសនាប្រភេទនោះ សួរព្រះយេស៊ូវថា តើក្រឹត្យវិន័យណាដែលសំខាន់ជាងគេ ព្រះអង្គក៏បានឆ្លើយថា “ឯងត្រូវស្រឡាញ់ ដល់ព្រះអម្ចាស់ ជាព្រះនៃឯង ឲ្យអស់អំពីចិត្ត អស់អំពីព្រលឹង អស់អំពីគំនិត ហើយអស់អំពីកំឡាំងនៃឯង» នោះហើយជាបញ្ញត្តទី១។ ឯបញ្ញត្តទី២ ក៏បែបដូចគ្នា គឺថា «ត្រូវឲ្យស្រឡាញ់អ្នកជិតខាងដូចខ្លួនឯង» គ្មានបញ្ញត្តណាទៀត ធំជាងបទទាំង២នេះទេ”(ម៉ាកុស ១២:៣០-៣១)។
ក្រឹត្យវិន័យរបស់លោកម៉ូសេជាបន្ទុកសម្រាប់អ្នកកាន់តាម តែសេចក្តីជំនឿលើព្រះគ្រីស្ទ មានភាពសាមញ្ញ ហើយ “បន្ទុកព្រះអង្គក៏ស្រាល”(ម៉ាថាយ ១១:៣០) ព្រោះព្រះទ្រង់បានសព្វព្រះទ័យនឹងអត់ទោសឲ្យយើង ហើយស្រឡាញ់យើង។ សព្វថ្ងៃនេះ ព្រះអង្គជួយឲ្យយើងស្រឡាញ់ព្រះអង្គ និងអ្នកជិតខាងរបស់យើង។-Bill…