ចូរកុំពន្យាពេល
ជាច្រើនឆ្នាំកន្លងទៅ ខ្ញុំបានចែកចាយដល់បងប្អូនសាច់ឆ្ងាយម្នាក់ អំពីព្រះសង្រ្គោះមួយអង្គ ដែលយើងម្នាក់ៗត្រូវការ។ ពេលគាត់មកលេងខ្ញុំ កាលពីពេលថ្មីៗនេះ ខ្ញុំក៏បានលើកទឹកចិត្តគាត់ម្តងទៀត ឲ្យទទួលជឿព្រះគ្រីស្ទ។ គាត់ក៏បានឆ្លើយតបភ្លាមៗថា គាត់ចង់ទទួលជឿព្រះយេស៊ូវ ហើយចង់ទៅព្រះវិហារ តែត្រូវរង់ចាំសិន។ គាត់ថា គាត់កំពុងរស់នៅក្នុងចំណោមមនុស្សដែលមានជំនឿផ្សេងៗ។ បើគាត់មិនផ្លាស់ទីលំនៅជាមុនសិនទេ នោះគាត់មិនអាចជឿព្រះយេស៊ូវបានទេ។ គាត់ក៏បាននិយាយប្រាប់ខ្ញុំ អំពីការធ្វើទុក្ខបៀតបៀន ការសើចចម្អក និងការទទួលរងសំពាធពីមិត្តភក្តិ ដែលគាត់បានយកជាសេស ដើម្បីពន្យាពេលការសម្រេចចិត្តទទួលជឿព្រះ។
ការភ័យខ្លាចរបស់គាត់មានហេតុផល តែខ្ញុំបានបញ្ជាក់គាត់ថា ទោះជាមានអ្វីកើតឡើងក៏ដោយ ព្រះទ្រង់នឹងមិនដែលបោះបង់ចោលគាត់ឡើយ។ ខ្ញុំក៏បានលើកទឹកចិត្តគាត់ កុំឲ្យពន្យាពេលឡើយ តែឲ្យទទួលជឿព្រះ ដើម្បីទទួលសេចក្តីសង្រ្គោះ ការថែរក្សា និងការពារពីទ្រង់។ គាត់ក៏ឈប់ប្រកែកទៀត ហើយក៏បានទទួលស្គាល់ថា គាត់ត្រូវការការអត់ទោសបាបរបស់ព្រះយេស៊ូវ បានជាគាត់ទទួលទ្រង់ជាព្រះអម្ចាស់ និងព្រះសង្រ្គោះផ្ទាល់ខ្លួនតែម្តង។
ពេលព្រះយេស៊ូវត្រាសហៅគេឲ្យដើរតាមទ្រង់ ក៏មានអ្នកយកលេសមិនព្រមដើរតាមទ្រង់ផងដែរ ដោយពួកគេសុទ្ធតែជាប់រវល់តែនឹងការខ្វល់ខ្វាយនៃលោកិយនេះប៉ុណ្ណោះ(លូកា ៩:៥៩-៦២)។ ព្រះអម្ចាស់ទ្រង់ក៏បានឆ្លើយតបថា អ្នកណាដែលដាក់ដៃកាន់នង្គ័ល ហើយងាកបែរទៅមើលក្រោយ អ្នកនោះមិនគួរនឹងនគរព្រះទេ។ ការឆ្លើយតបនេះ(ខ.៦០-៦២) បានជំរុញចិត្តយើង កុំឲ្យយកលេស ឬលើកហេតុផលមិនព្រមដើរតាមទ្រង់ឡើយ ព្រោះវានឹងធ្វើឲ្យយើងបាត់ឱកាសទទួលការដែលសំខាន់បំផុតក្នុងជីវិត ដែលជាសេចក្តីសង្រ្គោះដល់វិញ្ញាណយើង។
តើអ្នកបានឮព្រះទ្រង់ត្រាសហៅអ្នក ឲ្យថ្វាយជីវិតដាច់ដល់ទ្រង់ឬទេ?
ចូរកុំពន្យាពេលឡើយ។ “មើលឥឡូវនេះជាវេលាដែលគាប់ព្រះហឫទ័យទ្រង់ មើល ថ្ងៃនេះជាថ្ងៃសង្គ្រោះហើយ”(២កូរិនថូស ៦:២)។-Lawrence Darmani
ដើម្បីឲ្យដឹងថាពិតឬអត់
មានសត្វពីងពាងពិសដ៏សាហាវមួយ បានផ្លាស់ទីចូលទៅក្នុងទឹកដីសហរដ្ឋអាមេរិក ហើយវាកំពុងសម្លាប់មនុស្សម្នា។ នេះជាដំណឹងដែលគេបានផ្ញើមកខ្ញុំ និងអ្នកដទៃទៀត ដែលមានក្នុងបញ្ជីឈ្មោះអ៊ីមេលរបស់ខ្ញុំ។ រឿងនេះហាក់ដូចជាគួរឲ្យជឿ ដោយសារវាបានប្រើឈ្មោះបែបវិទ្យាសាស្ត្រ និងនិយាយអំពីស្ថានភាពនៃជីវិតពិត។ ប៉ុន្តែ ពេលដែលខ្ញុំពិនិត្យរកមើលវា នៅក្នុងគេហទំព័រ ដែលគួរឲ្យទុកចិត្តបាន ខ្ញុំក៏បានដឹងថា រឿងនេះមិនពិតទេ គឺវាគ្រាន់តែជាពត៌មានបោកប្រាស់តាមអ៊ីនធើណិតប៉ុណ្ណោះ។ គេអាចដឹងថា ពត៌មានណាមួយពិតឬក៏អត់ ដោយផ្ទៀតផ្ទាត់ជាមួយនឹងប្រភពពត៌មានដែលគួរឲ្យទុកចិត្ត។
នៅសតវត្សរ៍ទី១ គ្រីស្ទបរិស័ទមួយក្រុម ដែលកំពុងរស់នៅក្នុងនគរម៉ាសេដូន មានការយល់ដឹងអំពីសារៈសំខាន់នៃការបញ្ជាក់ អំពីសេចក្តីអ្វីដែលពួកគេកំពុងស្តាប់។ ជាក់ស្តែង ពួកអ្នកនៅក្រុងបេរ៉ា “ប្រុងប្រៀបសព្វគ្រប់នឹងទទួលព្រះបន្ទូល ក៏ពិចារណាមើលគម្ពីររាល់តែថ្ងៃ ឲ្យបានដឹងជាសេចក្តីទាំងនោះត្រូវឬមិនត្រូវ”(កិច្ចការ ១៧:១១)។ កាលនោះ ពួកគេកំពុងស្តាប់សាវ័កប៉ុលចែកចាយព្រះបន្ទូល ហើយចង់ដឹងឲ្យច្បាស់ថា ការបង្រៀនរបស់គាត់ មានភាពសមស្រមនឹងការបង្រៀន ក្នុងព្រះគម្ពីរសញ្ញាចាស់ឬអត់។ គាត់ប្រហែលជាកំពុងប្រាប់ពួកគេថា មានភស្តុតាងក្នុងព្រះគម្ពីរសញ្ញាចាស់ ដែលបានបញ្ជាក់ថា ព្រះមែស៊ីនឹងរងទុក្ខ ហើយសុគត់ដើម្បីលោះបាបមនុស្ស។ បានជាពួកគេចាំបាច់ត្រូវយកបទគម្ពីរសញ្ញាចាស់មកផ្ទៀតផ្ទាត់ ឲ្យដឹងថា ការបង្រៀនរបស់គាត់ត្រឹមត្រូវឬអត់។
ពេលយើងបានទទួលការបង្រៀនខាងវិញ្ញាណដែលរំខានចិត្តយើង យើងចាំបាច់ត្រូវមានការប្រុងប្រយ័ត្ន។ យើងអាចពិនិត្យមើលក្នុងព្រះគម្ពីរ ដោយខ្លួនឯងបាន ដោយស្តាប់តាមប្រភពនៃការបង្រៀនដែលអាចទុកចិត្តបាន ហើយស្វែងរកប្រាជ្ញាពីព្រះយេស៊ូវ ដ៏ជាព្រះអម្ចាស់នៃយើង។-Dave Branon
កូនក្មេងរៀនដើរ
ពេលកូនខ្ញុំរៀនដើរ ខ្ញុំត្រូវកាន់ដៃនាង ហើយនាងក៏បានតោងម្រាមដៃខ្ញុំជាប់ ព្រោះនាងនៅមិនទាន់ចេះទប់ខ្លួន។ នាងខ្លាចរអិលដួល តែខ្ញុំនៅចាំជួយទប់នាង ហើយមើលថែរនាងផង។ ពេលនាងដើរដោយមានជំនួយពីខ្ញុំ កែវភ្នែករបស់នាងបានបញ្ចេញពន្លឺនៃការដឹងគុណ ការសប្បាយចិត្ត និងសុវត្ថិភាព។ ប៉ុន្តែ ជួនកាល នាងយំ ពេលខ្ញុំបណ្តោយឲ្យនាងដើរតាមផ្លូវដែលមានគ្រោះថ្នាក់ ដោយនាងមិនបានដឹងទេថា ខ្ញុំកំពុងការពារនាង។
យើងច្រើនតែត្រូវការនរណាម្នាក់ មើលថែរយើង ដឹកនាំ និងជួយទប់យើងមិនឲ្យដួល នៅក្នុងការដើរខាងវិញ្ញាណ គឺមិនខុសពីកូនស្រីដ៏តូចរបស់ខ្ញុំទេ។ ហើយយើងមានព្រះដ៏ជាព្រះវរបិតានៃយើង នៅចាំជួយកូនទ្រង់រៀនដើរ នាំយើងដើរម្តងមួយជំហានៗ កាន់ដៃយើង ហើយនាំឲ្យយើងដើរតាមផ្លូវដ៏ត្រឹមត្រូវ។
យ៉ាងណាមិញ ស្តេចដាវីឌជ្រាបយ៉ាងច្បាស់ថា ទ្រង់ត្រូវការព្រះមើលថែរទ្រង់ ក្នុងការរស់នៅ។ ក្នុងបទគម្ពីរទំនុកដំកើង ជំពូក១៨ ទ្រង់បានរៀបរាប់ អំពីការដែលព្រះទ្រង់ប្រទានឲ្យយើងមានកម្លាំង និងការនាំផ្លូវ ពេលយើងវង្វេង ឬភ័ន្តច្រឡំ(ខ.៣២)។ ទ្រង់បានទប់ជើងយើងឲ្យនឹង ដូចជើងសត្វក្តាន់ ដែលអាចឡើងទៅកន្លែងខ្ពស់ៗបាន ដោយមិនរអិល(ខ.៣៣)។ ហើយបើយើងរអិល នោះព្រះហស្តទ្រង់ នឹងទប់យើង(ខ.៣៥)។
ទោះយើងជាអ្នកជឿថ្មី ដែលទើបតែរៀនដើរ ក្នុងជំនឿ ឬយើងបានដើរជាមួយព្រះ ជាយូរមកហើយក្តី យើងគ្រប់គ្នាសុទ្ធតែត្រូវការការដឹកនាំ និងព្រះហស្តដ៏រឹងមាំរបស់ទ្រង់។-Keila Ochoa
វីរៈបុរសដែលមិនធ្វើឲ្យយើងខកចិត្ត
សៀវភៅរឿងដែលខ្ញុំបានអានកាលពីពេលថ្មីៗនេះ និយាយបែបប្រឌិតអំពីតួអង្គ ក្នុងបរិបទនៃប្រវត្តិសាស្រ្តអាមេរិក ដែលក្នុងនោះ តួអង្គដែលជាអ្នកប្រដាប់ដោយកាំភ្លើង មានឈ្មោះវីយ៉ាត អៀប(Wyatt Earp) និងម្នាក់ទៀតជាមនុស្សខ្ជិល ឈ្មោះដក់ ហូលីដេ(Doc Holliday)។ នៅក្នុងកម្មវិធីសម្ភាសរបស់វិទ្យុជាតិសាធារណៈ អ្នកនិពន្ធបានមានប្រសាសន៍ អំពីតួអង្គឈ្មោះអៀបនោះថា “នៅក្នុងជីវិតពិត លោកអៀប មិនបានធ្វើអ្វីដែលគួរឲ្យកត់សំគាល់ទាល់តែសោះ”។ អស់រយៈពេលជាច្រើនឆ្នាំមកហើយ ដែលពួកគេបានក្លាយជាវីវរៈបុរសតែនៅក្នុងសៀវភៅ និងខ្សែភាពយន្តហូលីវូដប៉ុណ្ណោះ ព្រោះកំណត់ត្រាប្រវត្តិសាស្ត្រមិនបានបង្ហាញថា ពួកគេជាវីវរៈបុរសនោះឡើយ។
ប៉ុន្តែ ព្រះគម្ពីរមិនមានលក្ខណៈប្រឌិតយ៉ាងដូចនេះទេ។ ព្រះគម្ពីរបានចែងអំពីមនុស្សជាច្រើន ដែលមានចំណុចខ្វះខាត ច្រើន តែបានក្លាយជាវីវរៈបុសដ៏ពិត។ ប៉ុន្តែយើងមិនត្រូវមើលរំលង ប្រភពនៃសកម្មភាពដ៏អង់អាចរបស់ពួកគេឡើយ។ ពួកគេបានជឿលើព្រះអម្ចាស់ ដែលបានជ្រើសរើសមនុស្សដែលមិនគ្រប់លក្ខណ៍ ដើម្បីបំពេញគោលបំណងដ៏គួរឲ្យកត់សំគាល់របស់ទ្រង់។ លោកម៉ូសេស្ថិតក្នុងចំណោមវីរៈបុរសដែលលេចធ្លោជាងគេ ក្នុងព្រះគម្ពីរ។ យើងច្រើនតែភ្លេចថា គាត់ធ្លាប់សម្លាប់មនុស្ស និងជាអ្នកដឹកនាំដែលមានការស្ទាក់ស្ទើរ ដែលធ្លាប់ប្រកែកជាមួយព្រះថា “ហេតុអ្វីបានជាទ្រង់ធ្វើទុក្ខដល់ទូលបង្គំ ជាអ្នកបំរើទ្រង់ដូច្នេះ … គឺទ្រង់បានផ្ទុកមនុស្សទាំងនេះជាបន្ទុកលើទូលបង្គំវិញ តើទូលបង្គំជាឪពុកនៃមនុស្សទាំងនេះឬ តើទូលបង្គំបានបង្កើតគេមកឬអី?”(ជនគណនា ១១:១១-១២)។
ដូចនេះលោកម៉ូសេពិតជាមានចំណុចខ្វះខាតច្រើនណាស់! តែព្រះគម្ពីរហេព្រើបានរំឭកយើងថា “លោកម៉ូសេក៏ស្មោះត្រង់ នៅក្នុងដំណាក់នៃទ្រង់ទាំងមូលមែន ទុកដូចជាអ្នកបំរើ សំរាប់ជាទីបន្ទាល់ ពីការដែលត្រូវថ្លែងប្រាប់មកតាមក្រោយ”(ហេព្រើ ៣:៥)។ វីរបុរសដ៏ពិត នាំឲ្យយើងងាកទៅរកព្រះដ៏ជាវីវរៈបុរស ដែលមិនដែលធ្វើឲ្យយើងខកចិត្តឡើយ។ “ព្រះយេស៊ូវទ្រង់សក្តិសមនឹងទទួលសិរីល្អ លើសលោកម៉ូសេទៀត”(ខ.៣)។-Tim…
គោលបំណងនៃសកម្មភាពដដែលៗ
មានពេលមួយ ខ្ញុំបានទៅទស្សនានៅសារៈមន្ទីររបស់ចក្រភពអង់គ្លេស។ ខ្ញុំមានការភ្ញាក់ផ្អើល ពេលបានឃើញនាឡិការដែលដំណើរការដោយគ្រាប់ឃ្លីដែកដែលរមាលចុះឡើងៗ ឥតឈប់ឈរ។ គ្រាប់ឃ្លីដែកនោះរមាលតាមចង្អូរ នៅលើបន្ទះដែកបះបើកមួយបន្ទះ រហូតទៅប៉ះនឹងគន្លឹះនៅចុងម្ខាងទៀត។ បន្ទះដែកនោះក៏បះឡើង នៅចុងម្ខាងទៀត ធ្វើឲ្យគ្រាប់ឃ្លីនោះរមាលធ្លាក់មកខាងនោះវិញ ហើយធ្វើឲ្យទ្រនិចនាឡិការដើរបានមួយនាទី។ រៀងរាល់ឆ្នាំ គ្រាប់ឃ្លីដែកនោះ បានធ្វើដំណើរចុះឡើងៗដដែលៗ ចម្ងាយសរុប ៤០២៣គីឡូម៉ែត្រ នៅលើបន្ទះដែកនោះដដែលៗ មិនដែលបានទៅកន្លែងណាផ្សេងឡើយ។
យើងម្នាក់ៗងាយនឹងមានអារម្មណ៍ថា ជាប់ខ្លួនទៅណាមិនរួច ដោយសារសកម្មភាពដដែលៗប្រចាំថ្ងៃ ដែលហាក់ដូចជាគ្មានអ្វីប្លែក ពេលដែលយើងមិនអាចមើលឃើញគោលបំណងដែលធំជាងនោះ។ សាវ័កប៉ុលមានចិត្តប្រាថ្នាចង់មានប្រសិទ្ធិភាពក្នុងការប្រកាសដំណឹងល្អ នៃព្រះគ្រីស្ទ។ គាត់មានប្រសាសន៍ថា “បានជាខ្ញុំខំរត់យ៉ាងដូច្នោះ មិនមែនបែបដូចជាមិនស្គាល់ផ្លូវទេ ខ្ញុំក៏ខំប្រដាល់យ៉ាងដូច្នោះដែរ មិនមែនដូចជាដាល់ខ្យល់ទេ”(១កូរិនថូស ៩:២៦)។ កិច្ចការអ្វីក៏អាចមានភាពច្រំដែល ដូចជាការធ្វើដំណើរ ការអធិប្បាយព្រះបន្ទូល ការបង្រៀន និងជាពិសេស គឺការនៅជាប់ក្នុងពន្ធធនាគា។ តែសាវ័កប៉ុលជឿថា គាត់អាចបម្រើព្រះគ្រីស្ទ ដែលជាព្រះអម្ចាស់ នៅគ្រប់ស្ថានភាពទាំងអស់។
ការធ្វើកិច្ចការច្រំដែលៗ អាចនាំឲ្យស្លាប់បាន នៅពេលដែលយើងមិនអាចមើលឃើញគោលបំណង នៅក្នុងការធ្វើកិច្ចការនោះ។ សាវ័កប៉ុលមានទស្សនវិស័យដែលមើលឃើញគោលបំណង ដោយជម្នះកាលៈទេសៈដែលលំបាកលំបិន ព្រោះគាត់កំពុងស្ថិតក្នុងការរត់ប្រណាំងនៃក្តីជំនឿ ដែលត្រូវបន្តរហូតដល់ទី។ សាវ័កប៉ុលបានអនុញ្ញាតឲ្យព្រះយេស៊ូវគង់នៅ ក្នុងគ្រប់ផ្នែកទាំងអស់នៃជីវិតគាត់ ធ្វើឲ្យគាត់រកឃើញអត្ថន័យនៃជីវិត ទោះជាត្រូវធ្វើកិច្ចការដដែលៗក៏ដោយ។ យើងក៏អាចធ្វើដូចគាត់ផងដែរ។-David McCasland
អំណាចនៃពាក្យសម្តី
លោកនែលសិន មែនឌែលឡា(Nelson Mandela) បានដឹកនាំការប្រឆាំងនឹងរបបបែងចែកពូជសាសន៍ នៅប្រទេសអាហ្វ្រិកខាងត្បូង ហើយក៏បានត្រូវគេដាក់គុក អស់រយៈពេលជាង៣ទសវត្សរ៍។ គាត់ស្គាល់ពីអំណាចនៃពាក្យសម្តី។ ដូចនេះជារឿយៗ គេបានដកស្រង់ពាក្យសម្តីរបស់គាត់ មកប្រើក្នុងពេលបច្ចុប្បន្ន តែពេលគាត់កំពុងស្ថិតក្នុងមន្ទីរឃុំឃាំង គេមិនអាចដកស្រង់ពាក្យសម្តីគាត់មកប្រើ ក្នុងប្រទេសអាហ្វ្រិកខាងត្បូង ដោយសារគេខ្លាចមានទោស។ បន្ទាប់ពីគេបានដោះលែងគាត់បាន ១ទសវត្សរ៍ គាត់ក៏បានមានប្រសាសន៍ថា “ខ្ញុំមិនដែលមានប្រពៃណីយប្រើពាក្យស្រាលៗទេ។ បើសិនជាការជាប់គុក២៧ឆ្នាំ បានធ្វើអ្វីម្យ៉ាងចំពោះយើង នោះគឺវាត្រូវប្រើភាពស្ងប់ស្ងាត់នៃភាពឯកកោ ដើម្បីធ្វើឲ្យយើងដឹងថា ពាក្យសម្តីមានតម្លៃប៉ុណ្ណា ហើយដឹងថា ពាក្យសម្តីដ៏ពិតមានផលប៉ះពាល់យ៉ាងណា មកលើការស្លាប់រស់របស់មនុស្ស”។
ស្តេចសាឡ៉ូម៉ូន ដែលបានអ្នកនិពន្ធខគម្ពីរភាគច្រើន ក្នុងព្រះគម្ពីរសុភាសិត បានមានបន្ទូលជាញឹកញាប់ អំពីអំណាចនៃពាក្យសម្តី។ គឺដូចដែលទ្រង់មានបន្ទូលថា “ទោះទាំងសេចក្តីស្លាប់ ហើយនឹងជីវិតក៏នៅក្នុងអំណាចនៃអណ្តាតដែរ”(សុភាសិត ១៨:២១)។ ពាក្យសម្តីមានអំណាច នាំឲ្យមនុស្សទទួលផលវិជ្ជមាន ក៏ដូចជាអវិជ្ជមាន(ខ.២០)។ ពាក្យសម្តីមានអំណាចផ្តល់ឲ្យនូវជីវិត តាមរយៈការលើកទឹកចិត្ត និងភាពស្មោះត្រង់ ឬវាយប្រហារ និងសម្លាប់ តាមរយៈការកុហក់ និងនិយាយដើម។ តើធ្វើដូចម្តេច ឲ្យយើងអាចប្រើពាក្យសម្តីល្អៗ ដែលនាំមកនូវលទ្ធផលវិជ្ជមាន? មានវិធីតែមួយគត់ គឺយើងត្រូវរក្សា ឬការពារចិត្តយើង : គឺដូចមានសេចក្តីចែងថា “ចូររក្សាចិត្ត ដោយអស់ពីព្យាយាម ដ្បិតអស់ទាំងផលនៃជីវិត សុទ្ធតែចេញពីក្នុងចិត្តមក”(៤:២៣)។
ព្រះយេស៊ូវអាចកែប្រែចិត្តយើង ដើម្បីឲ្យពាក្យសម្តីយើង…
ពេលដែលរឿងអាក្រក់កើតឡើង
ខគម្ពីរទីមួយ ដែលមនុស្សជាច្រើន ចូលចិត្តដកស្រង់ ពេលជួបរឿងអាក្រក់ គឺខគម្ពីរដែលចែងថា “គ្រប់ការទាំងអស់ផ្សំគ្នា សំរាប់សេចក្តីល្អដល់ពួកអ្នកដែលស្រឡាញ់ព្រះ គឺដល់ពួកអ្នកដែលទ្រង់ហៅមក តាមព្រះដំរិះទ្រង់”(រ៉ូម ៨:២៨)។ ប៉ុន្តែ ពេលយើងកំពុងជួបរឿងអាក្រក់ យើងពិបាកនឹងជឿថា ព្រះទ្រង់កំពុងផ្សំការទាំងអស់ សម្រាប់ជាសេចក្តីល្អដល់យើង។ ខ្ញុំធ្លាប់អង្គុយក្បែរបុរសម្នាក់ ដែលបានបាត់បង់ កូនប្រុសអស់បីនាក់ ជាបន្តបន្ទាប់ ហើយខ្ញុំក៏បានស្តាប់គាត់រៀបរាប់ពីទុក្ខលំបាករបស់គាត់ថា “តើព្រះប្រើសោកនាដកម្មនេះ សម្រាប់ជាប្រយោជន៍ដល់ខ្ញុំ ដោយរបៀបណា?” ខ្ញុំមិនដឹងថាត្រូវឆ្លើយប្រាប់គាត់យ៉ាងដូចម្តេចទេ នៅពេលនោះ គឺមានតែបន្តអង្គុយកំដរគាត់ យ៉ាងស្ងាត់ស្ងៀម ហើយកាន់ទុក្ខជាមួយគាត់។ ជាច្រើនឆ្នាំក្រោយមក គាត់បានអរព្រះគុណព្រះថា ទុក្ខព្រួយរបស់គាត់ កំពុងនាំគាត់ចូលទៅជិតព្រះកាន់តែខ្លាំង”។
យើងប្រហែលជាពិបាកយល់អត្ថន័យនៃបទគម្ពីរ រ៉ូម ៨:២៨ តែមានទីបន្ទាល់ជាច្រើនរាប់មិនអស់ ដែលបានបង្ហាញថា ព្រះទ្រង់ពិតជាបានប្រើទុក្ខលំបាក សម្រាប់ជាប្រយោជន៍ដល់យើងមែន។ ជាក់ស្តែង អ្នកស្រីហ្វេននី ក្រូសប៊ី(Fanny Crosby) ដែលជាអ្នកនិពន្ធទំនុកបរិសុទ្ធ បានលើកទីបន្ទាល់នៃជីវិតគាត់ ដែលព្រះបានប្រើសោកនាដកម្ម សម្រាប់ជាប្រយោជន៍ដល់គាត់។ គាត់បានពិការភ្នែក នៅអាយុ៥ឆ្នាំ។ នៅអាយុ៨ឆ្នាំ គាត់ក៏ចាប់ផ្តើមសរសេរបទកំណាព្យ និងទំនុកបរិសុទ្ធ។ គាត់បាននិពន្ធបទចម្រៀង៨០០០បទ សម្រាប់សរសើរដំកើង និងថ្វាយបង្គំព្រះ ដែលក្នុងនោះ ព្រះបានប្រទានពរដល់ពិភពលោក តាមរយៈបទចម្រៀងដ៏ល្បីល្បាញរបស់គាត់ ដែលមានដូចជាបទ “ខ្ញុំដឹងជាក់ច្បាស់ហើយ(បទលេខ…
ធ្វើដំណើរជាមួយអ្នកដែលមានទុក្ខ
ពេលដែលខារ៉ូល(Carole) ប្អូនស្រីខ្ញុំ ទៅពិនិត្យជម្ងឺរកឃើញថា នាងមានជម្ងឺមហារីកសុដន់ ក្រុមគ្រួសារយើងមានការព្រួយបារម្ភយ៉ាងខ្លាំង។ ការពិនិត្យជម្ងឺ ការវះកាត់ និងការព្យាបាលជម្ងឺនេះ នាំឲ្យយើងមានការបារម្ភពីសុខភាពនាង បានជាយើងនាំគ្នាអធិស្ឋានឲ្យនាង។ ជាច្រើនខែក្រោយមក យើងក៏បានទទួលដំណឹង អំពីការព្យាបាលដ៏ពិបាករបស់នាង។ ប៉ុន្តែ យើងទាំងអស់គ្នាក៏បានអបអរ ពេលបានដឹងថា ការវះកាត់ និងការព្យាបានទទួលជោគជ័យ។ ខារ៉ូលកំពុងធ្វើដំណើរតាមផ្លូវឆ្ពោះទៅរកការជាសៈស្បើយ!
បន្ទាប់មក មិនទាន់បាន១ឆ្នាំផង លីនដា(Linda) ប្អូនស្រីរបស់ខ្ញុំម្នាក់ទៀត ក៏បានជួបនឹងរឿងដូចគ្នានេះទៀត។ ភ្លាមៗនោះ ខារ៉ូលក៏បានមកក្បែរលីនដា ដើម្បីជួយឲ្យនាងយល់ អំពីការអ្វីខ្លះដែលត្រូវរំពឹងថា នឹងកើតឡើង និងពីរបៀបត្រៀមខ្លួនសម្រាប់រឿងដែលនាងត្រូវប្រឈមមុខ។ បទពិសោធន៍របស់ខារ៉ូលបានជួយឲ្យនាងមានលទ្ធភាព រួមដំណើរជាមួយលីនដី ជួយឲ្យនាងឆ្លងកាត់ការពិបាក។
យ៉ាងណាមិញ សាវ័កប៉ុលបានលើកទឹកចិត្តយើងឲ្យធ្វើយ៉ាងដូចនេះឯង គឺដូចដែលបទគម្ពីរ ២កូរិនថូស ១:៣-៤ បានចែងថា “សូមសរសើរដល់ព្រះដ៏ជាព្រះវរបិតានៃព្រះយេស៊ូវគ្រីស្ទ ជាអម្ចាស់នៃយើងរាល់គ្នា គឺជាព្រះវរបិតាដ៏មានសេចក្តីមេត្តាករុណា ជាព្រះដ៏កំសាន្តចិត្តគ្រប់ជំពូក ដែលទ្រង់កំសាន្តចិត្តយើងរាល់គ្នា ក្នុងគ្រប់ទាំងសេចក្តីវេទនា ប្រយោជន៍ឲ្យយើងអាចនឹងកំសាន្តចិត្តអ្នកឯទៀត ក្នុងអស់ទាំងសេចក្តីវេទនារបស់គេបានដែរ គឺដោយសារសេចក្តីក្សាន្តនោះឯង ដែលព្រះបានកំសាន្តចិត្តយើងស្រេចហើយ”។
សូមអរព្រះគុណព្រះអម្ចាស់ ដែលទ្រង់មិនបានខ្ជះខ្ជាយការអ្វីឡើយ។ ទ្រង់បានប្រើទុក្ខលំបាករបស់យើង ជាឱកាស ដើម្បីឲ្យយើងពិសោធន៍នឹងការកម្សាន្តចិត្តរបស់ទ្រង់ ហើយថែមទាំងបានបើកផ្លូវឲ្យយើង ចែកចាយការកម្សាន្តចិត្តនោះ ទៅដល់អ្នកដទៃ ដែលជួបការលំបាកផងដែរ។-Bill Crowder
បិទវាចោលសិន
កាលកូនៗរបស់ខ្ញុំនៅក្មេង យើងបានធ្វើដំណើរទៅលេងជីដូនជីតាខ្ញុំ នៅតំបន់វីសខុនស៊ីនខាងជើង។ នៅទីនោះ ទូរទស្សន៍របស់ពួកគាត់ចាប់ប៉ុស្តិ៍មិនសូវច្បាស់ ប៉ុន្តែ ទូរទស្សន៍មិនសូវសំខាន់សម្រាប់ពួកគាត់ទេ។ ខ្ញុំក៏បានឃើញស្កុត(Scott) កូនប្រុសខ្ញុំ កំពុងដូរប៉ុស្តិ៍ចុះឡើងៗ ហើយគាត់ក៏សួរខ្ញុំដោយចិត្តនឿយណាយថា “តើឲ្យកូនធ្វើដូចម្តេច បើទូរទស្សន៍នេះមើលបានតែប៉ុស្តិ៍ ដែលមានកម្មវិធីដែលកូនមិនចូលចិត្តមើល?” ខ្ញុំក៏និយាយទាំងញញឹមថា “កូនឯងបិទវាទៅ!”
នេះមិនមែនជាយោបលដែលគាត់សង្ឃឹមថា នឹងទទួលពីខ្ញុំឡើយ។ សព្វថ្ងៃនេះ ការធ្វើតាមយោបលមួយនេះ កាន់តែមានការពិបាក ខណៈពេលដែលយើងមានឧបករណ៍ជាច្រើន សម្រាប់កម្សាន្ត ទទួលពត៌មាន និងទំនាក់ទំនង ដែលកំពុងរំខានយើង។ ជួនកាល អ្វីដែលយើងត្រូវធ្វើ គឺគ្រាន់តែបិទឧបករណ៍ទាំងអស់នោះ ហើយសម្រាកគំនិតរបស់យើង មួយរយៈពេលខ្លីសិន និយាយឲ្យខ្លី យើងគ្រាន់តែចាំបាច់ត្រូវ “ដកខ្លួនចេញ” មួយរយៈសិន។ ជាញឹកញាប់ ព្រះយេស៊ូវបានដកខ្លួនចេញ មួយរយៈ ពេលដែលទ្រង់ត្រូវការចំណាយពេលស្ងាត់ស្ងៀមអធិស្ឋាន(ម៉ាថាយ ១៤:១៣)។ ទ្រង់បានលើកទឹកចិត្តពួកសាវ័កទ្រង់ ឲ្យទៅរកកន្លែងស្ងាត់ដោយឡែក មួយរយៈពេលខ្លីផងដែរ(ម៉ាកុស ៦:៣១)។ ការចំណាយពេលស្ងាត់ស្ងៀម ដើម្បីជញ្ជឹងគិត មានប្រយោជន៍សម្រាប់យើងម្នាក់ៗ។ ស្ថិតក្នុងពេលនោះ យើងអាចចូលទៅជិតព្រះ។
ចូរយើងយកគំរូតាមព្រះយេស៊ូវ និងប្រាជ្ញារបស់ទ្រង់។ ចូរដកខ្លួនចេញមួយរយៈ ហើយ “សម្រាកបន្តិចសិន”។ ការធ្វើដូចនេះ មានប្រយោជន៍សម្រាប់រូបកាយ គំនិត និងវិញ្ញាណរបស់អ្នក។ -Cindy Hess…
កិច្ចការដែលត្រូវធ្វើសម្រាប់គ្រួសារ
កាលពីសម័យសង្រ្គាមលោកលើកទី២ ឪពុករបស់ខ្ញុំបានរងរបួសជើងយ៉ាងធ្ងន់ធ្ងរ ដោយសារត្រូវគ្រាប់កំាភ្លើង ពេលគាត់ដឹកនំាទ័ព វាយដំណ្តើមទួល លេខ៦០៩ ក្នុងតំបន់អាហ្វ្រិកខាងជើង។ ចាប់តាំងពីពេលនោះមក គាត់មិនមានកាយសម្បទាមួយរយភាគរយទៀតឡើយ។ បួនប្រាំឆ្នំាក្រោយមក ខ្ញុំក៏បានចាប់កំណើត ហើយពេលខ្ញុំនៅក្មេង ខ្ញុំមិនដែលដឹងថា គាត់ធ្លាប់ត្រូវរបួសឡើយ ទាល់តែមានគេប្រាប់ខ្ញុំ នៅពេលក្រោយមកទៀត។ ទោះបីជាជើងគាត់មានការឈឺចាប់ជាប់ជានិច្ចក៏ដោយ ក៏គាត់មិនដែលត្អូញត្អែរ ហើយក៏មិនដែលយកវាជាលេស ដើម្បីគេចចេញពីការចិញ្ចឹមគ្រួសារនោះឡើយ។
ឪពុកម្តាយខ្ញុំស្រឡាញ់ព្រះដ៏ជាព្រះសង្រ្គោះ ហើយបានចិញ្ចឹមអប់រំខ្ញុំ ឲ្យស្រឡាញ់ ទុកចិត្ត និងបម្រើទ្រង់។ ពួកគាត់បានទុកចិត្តព្រះ ខិតខំធ្វើការ ហើយស្រឡាញ់ដោយគ្មានលក្ខខ័ណ្ឌ ទោះជាស្ថិតក្នុងពេលដ៏ពិបាកយ៉ាងណាក្តី។ បទគម្ពីរសុភាសិត ១៤:២៦ បានចែងថា “មនុស្សដែលកោតខ្លាចដល់ព្រះយេហូវ៉ា នោះមានទីពឹងមាំមួន ហើយកូនចៅរបស់គេនឹងបានទីពំនាក់ដែរ”។ ឪពុករបស់ខ្ញុំបានបំពេញនូវកិច្ចការទាំងនេះឯង សម្រាប់ក្រុមគ្រួសារ។ ទោះគាត់ជួបទុក្ខលំបាកអ្វីក៏ដោយ គាត់នៅតែផ្តល់កន្លែងដ៏មានសុវត្ថិភាពសម្រាប់យើង ទាំងខាងវិញ្ញាណ ខាងផ្លូវអារម្មណ៍ និងផ្លូវកាយ។
ឪពុកម្តាយរបស់ខ្ញុំអាចផ្តល់ឲ្យនូវកន្លែងដ៏សុខសាន្ត សម្រាប់ក្រុមគ្រួសារ ដោយសារជំនួយមកពីព្រះវរបិតា ដែលគង់នៅស្ថានសួគ៌ ដែលក្តីស្រឡាញ់ទ្រង់ មានភាពជ្រាលជ្រៅ ហើយស្ថិតស្ថេរអស់កល្បជានិច្ច។-Dave Branon