Month: March 2018

ការដើរនៅលើទឹក

ក្នុង​អំឡុង​ពេល​រដូវ​រងា​ដែល​អាកាស​ធាតុ​ត្រជាក់​ខ្លាំង ខ្ញុំ​បាន​ធ្វើ​ដំណើរ ទៅ​កាន់​បឹង​មីឈីហ្គិន ដែល​ជា​បឹង​ធំ​ជាង​គេ​ទី៥​ ក្នុង​ពិភព​លោក ដើម្បី​ទៅ​មើល​ទឹក​បឹង​នោះ​កក។ ថ្ងៃ​នោះ ខ្ញុំ​បាន​ពាក់​ខោ​អាវ​រងា​ក្រាស់​ៗ ហើយ​ក៏​បាន​នៅ​មាត់​បឹង មើល​ទិដ្ឋ​ភាព​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍ ដែល​តាម​ធម្មតា ខ្ញុំ​ចូល​ចិត្ត​ទៅ​ទទួល​ពន្លឺ​ថ្ងៃ​នៅ​ទីនោះ។ ទឹក​បឹង​នោះ​ពិត​ជា​បាន​កក ក្នុង​រូប​ភាព​ជា​ទឹក​រលក បង្កើត​ជា​ស្នាដៃ​សីល្បៈ​ទឹកកក​ដ៏​ស្រស់​ស្អាត។

ដោយ​សារ​ទឹក​បាន​កក នៅ​ក្បែរ​ច្រាំង ខ្ញុំ​ក៏​មាន​ឱកាស “ដើរ​នៅ​លើ​ទឹក”។ ទោះ​ខ្ញុំ​ដឹង​ថា ទឹក​កក​មាន​កំរាស់​ល្មម​នឹង​ទ្រទម្ងន់​ខ្លួន​ខ្ញុំ​ក៏​ដោយ ក៏​ខ្ញុំ​នៅតែ​ដើរ​ពីរ​បី​ជំហាន​ដំបូង យ៉ាង​ប្រុង​ប្រយ័ត្ន។ ខ្ញុំ​ខ្លាច​ទឹកកក​មិន​អាច​​ទ្រ​ទម្ងន់​ខ្ញុំ​បាន​ទៀត​។ ខណៈ​ពេល​ដែល​ខ្ញុំ​បាន​ពិនិត្យ​មើល​ផ្ទៃ​ទឹក​កក ដែល​ខ្ញុំ​មិន​ទាន់​ស្គាល់​ច្បាស់ ខ្ញុំ​ក៏​បាន​នឹក​ចាំ​ អំពី​ការ​ដែល​ព្រះយេស៊ូវ​បាន​ឲ្យ​លោក​ពេត្រុស​ចុះ​ពី​ទូក ហើយ​ដើរ​នៅ​លើ​ទឹក​សមុទ្រ​កាលីឡេ។

ពេល​ដែល​ពួក​សាវ័ក​បាន​ឃើញ​ព្រះ​យេស៊ូវ​ដើរ​នៅ​លើ​ទឹក ពួក​គេ​មាន​ការ​ភ័យ​ខ្លាច។ ប៉ុន្តែ ព្រះ​យេស៊ូវ​មាន​បន្ទូល​ថា “ចូរ​សង្ឃឹម​ឡើង គឺ​ខ្ញុំ​ទេ​តើ កុំ​ឲ្យ​ភ័យ​ឡើយ”(ម៉ាថាយ ១៤:២៧)។ សា​វ័ក​ពេត្រុស​អាច​ជម្នះ​ការ​ភ័យ​ខ្លាច​របស់​គាត់ ហើយ​បោះ​ជំហាន​ចេញ​ពី​ទូក ហើយ​ដើរ​នៅ​លើ​ទឹក ព្រោះ​គាត់​ដឹង​ថា ព្រះ​យេស៊ូវ​មាន​ព្រះ​វត្ត​មាន​នៅ​ទីនោះ។ ពេលដែល​ការ​បោះ​ជំហាន​ដ៏​ក្លាហាន​របស់​គាត់ បាន​រេរា ដោយ​សារ​តែ​ខ្យល់ និង​ទឹក​រលក លោក​ពេត្រុស​ក៏​បាន​ស្រែក​ឲ្យ​ព្រះ​យេស៊ូវ​ជួយ។ ព្រះ​យេស៊ូវ​ទ្រង់​មាន​ព្រះ​វត្ត​មាន​នៅ​ក្បែរ​គាត់​ដដែល ល្មម​នឹង​ឈោង​ព្រះ​ហស្ត​ទ្រង់ ទៅ​រក​គាត់ ដើម្បី​ជួយ​សង្រ្គោះ។

បើ​អ្នក​កំពុង​ជួប​ប្រទះ​រឿង​អ្វី​មួយ នៅ​ថ្ងៃ​នេះ ដែល​ព្រះ​យេស៊ូវ​បាន​ត្រាស់​ហៅ​ឲ្យអ្នក​ធ្វើ​ ដែល​ហាក់​ដូច​ជា​មិន​អាច​ធ្វើ​បាន មិន​ខុស​ពី​ការ​ដើរ​លើ​ទឹក នោះ​ចូរ​មាន​ចិត្ត​ក្លា​ហាន​ចុះ។ ព្រះ​ដែល​ត្រាស់​ហៅ​អ្នក ទ្រង់​នៅ​តែ​គង់​នៅ​ក្បែរ​អ្នក​ជា​និច្ច។—LISA SAMRA

រដូវកាលដ៏ល្អ

ថ្ងៃ​នេះ ជា​ថ្ងៃ​ទី​មួយនៃ​រដូវ​ផ្កា​រីក ក្នុង​តំបន់​ខាង​ជើង នៃ​ពិភព​លោក។ បើ​អ្នក​កំពុង​រស់​នៅ ក្នុង​ប្រទេស​អូស្រ្តាលី ថ្ងៃ​នេះជា​ថ្ងៃ​ទី​មួយ នៃ​រដូវ​ស្លឹក​ឈើ​ជ្រុះនៅ​តំបន់​ខាង​ត្បូង​នៃ​ពិភព​លោក។ នៅ​ថ្ងៃ​នេះ ព្រះ​អាទិត្យ​បញ្ចេញ​ពន្លឺ​ចំ​ពី​លើ​ខ្សែបន្ទាត់​អេក្វា​ទ័រ ហើយ​ម៉ោង​នៅ​ពេល​ថ្ងៃ និង​ម៉ោង​នៅ​ពេល​យប់ ស្ទើរ​តែ​មាន​ចំនួន​ស្នើ​គ្នា នៅ​ទូទាំង​ពិភព​លោក។

រដូវ​ថ្មី​មាន​សារៈ​សំខាន់​ចំពោះ​មនុស្ស​ជា​ច្រើន។ អ្នក​ខ្លះ​បាន​រាប់​ថយ​ក្រោយ នូវ​ចំនួន​ថ្ងៃដែល​នៅ​សល់ ព្រោះ​ពួក​គេ​សង្ឃឹម​ថានឹង​បាន​អ្វី​មួយ ពេល​រដូវ​កាល​ថ្មី​មក​ដល់។ អ្នក​ខ្លះ​ប្រហែល​ជា​បាន​គូស​ចំណាំ ពី​លើ​ប្រតិ​ទិន សម្រាប់​រដូវ​ផ្ការីក នៅ​រដ្ឋ​វីសខុនស៊ីន ដែល​ជា​សញ្ញា​បញ្ជាក់​អំពី​ការ​បញ្ចប់ ​នៃ​រដូវ​រងា។ ពុំ​នោះ​ទេ សម្រាប់​អ្នក​ដែល​រស់​នៅ​ក្នុង​ទី​ក្រុងមេល​បូន ពួក​គេ​កំពុង​រង់​ចាំ​រដូវ​ស្លឹក​ឈើជ្រុះ​យ៉ាង​អន្ទះ​សារ ដែល​នឹង​មកបញ្ចប់​រដូវ ដែល​មាន​កម្តៅ​ព្រះអាទិត្យ​ដ៏​ក្តៅ​នៅប្រទេស​អូស្រ្តាលី។

យើង​ក៏​ឆ្លង​កាត់​រដូវ​កាល​នៃ​ជីវិត ដែល​មិន​ជាប់​ទាក់​ទង​នឹង​អាកាស​ធាតុ​។ អ្នក​និពន្ធ​កណ្ឌ​គម្ពីរ​សាស្តា​បាន​ប្រាប់​យើង​ថា មាន​រដូវ​កាល​សម្រាប់​សកម្ម​ភាព​នីមួយ​ៗ នៅ​ក្រោម​ពន្លឺ​ថ្ងៃ គឺ​ពេល​ដែល​ព្រះ​ទ្រង់​បាន​កំណត់​ទុក សម្រាប់​ឲ្យ​ជីវិត​យើង​រស់​នៅ(៣:១-១១)។

លោក​ម៉ូសេ​បាន​មាន​ប្រសាសន៍ អំពី​រដូវ​កាល​ថ្មី​មួយ ក្នុង​ជីវិត​គាត់ បន្ទាប់​ពី​គាត់​បាន​ដឹក​នាំ​រាស្រ្ត​អ៊ីស្រា​អែល កាត់​តាម​វាល​រហោស្ថាន​(ចោទិយកថា ៣១:២) ហើយ​គាត់​ត្រូវ​ប្រគល់​ការ​ដឹក​នាំ​របស់​គាត់ ឲ្យ​លោក​យ៉ូស្វេ។ ចំណែក​លោក​ប៉ុល​វិញ គាត់​បាន​ជួប​រដូវ​កាល​ដ៏​ឯក​កោ ខណៈ​ពេល​ដែល​គាត់​កំពុង​ជាប់​នៅ​ក្នុង​ការ​ឃុំ​ខ្លួន​ក្នុង​ផ្ទះ នៅ​ទី​ក្រុង​រ៉ូម ដោយគាត់​បាន​សូម​ឲ្យ​គេ​មក​សួរ​សុខ​ទុក្ខ​គាត់ តែ​គាត់​ក៏​បាន​ដឹង​ផង​ដែរ​ថា ព្រះ​ទ្រង់​បាន​គង់​នៅ​ក្បែរ​គាត់​ជា​និច្ច(២ធីម៉ូថេ ៤:១៧)។

ទោះ​ជីវិត​យើង​ស្ថិត​ក្នុង​រដូវ​កាល​ណា​ក៏​ដោយ ចូរ​យើង​អរ​ព្រះ​គុណ​ព្រះ សម្រាប់​ភាព​ធំ​ប្រសើរ ជំនួយ និង​ព្រះ​វត្ត​មានដែល​យាង​ទៅ​ជា​មួយ​យើង​ជា​និច្ច។—DAVE BRANON

សីល្បៈនៃការមានចិត្តដែលដឹងគុណ

នៅ​ថ្ងៃ​ដែល​ខ្ញុំ​និង​ម៉ាធី(Martie)រៀប​ការ ខ្ញុំ​បាន​និយាយ​ពាក្យ​សម្បថ ដោយ​ចិត្ត​រីក​រាយ​ថា នឹង​ស្មោះ​ត្រង់​ចំពោះ​នាង “ទោះ​ល្អ ឬ​អាក្រក់ ទោះ​ឈឺ​ឬ​ជា ទោះ​មាន​ឬ​ក្រ”។ ស្តាប់​មើល​ទៅ វា​ដូច​ជា​ចម្លែក​បន្តិច ដែល​នៅ​ថ្ងៃ​មង្គល​ការ ពាក្យ​សម្បថ​របស់​យើង​បាន​និយាយ អំពី​ការ​អាក្រក់​ដែល​កើត​មាន​ក្នុង​ជីវិត​ពិត ដែល​មាន​ដូច​ជា ការ​អាក្រក់ ជម្ងឺ និង​ភាពក្រីក្រ។ ប៉ុន្តែ ពាក្យ​សម្បថ​នេះ​បាន​គូស​បញ្ជាក់ អំពី​ការ​ពិត ដែល​ថា ជីវិត​របស់​មនុស្ស​ច្រើន​តែ​ជួប​ការ​អាក្រក់​ជា​ញឹក​ញាប់។

ដូច​នេះ តើ​យើង​ត្រូវ​ធ្វើ​ដូច​ម្តេច ពេល​ដែល​យើង​ជួប​ទុក្ខ​លំបាក ដែល​មិន​អាច​ជៀស​រួច ក្នុង​ជីវិត? ត្រង់​ចំណុច​នេះ សាវ័ក​ប៉ុល​បាន​ជម្រុញ​យើង ឲ្យ“​អរ​ព្រះគុណ​ក្នុង​គ្រប់​ការ​ទាំង​អស់” ក្នុង​ព្រះ​នាម​ព្រះ​យេស៊ូវ​(១ថែស្សាឡូនិច ៥:១៨)។ ការ​អរ​ព្រះ​គុណ​ព្រះ នៅ​ពេល​មាន​ទុក្ខ ​គឺ​មិន​ងាយ​ស្រួល​ឡើង ប៉ុន្តែ សូម​យើង​ស្វែង​យល់​អំពី​មូល​ហេតុ ដែលព្រះ​ទ្រង់​បាន​លើក​ទឹក​ចិត្ត​យើង ឲ្យ​មាន​វិញ្ញាណ​ដែល​អរ​ព្រះ​គុណ។ ការ​ដឹង​គុណ​ព្រះ គឺ​មាន​មូល​ដ្ឋាន​នៅ​ក្នុង​សេចក្តី​ពិត ដែល​ថា ព្រះ​អម្ចាស់​យើង “ទ្រង់​ល្អ” ហើយ “សេចក្តី​ស្រឡាញ់​ទ្រ​ង់ស្ថិ​ត​ស្ថេរ​ជា​ដរាប”(ទំនុកដំកើង ១១៨:១)។ ទ្រង់​គង់​នៅ​ជា​មួយ​យើង ហើយ​ចម្រើន​កម្លាំង​យើង នៅ​ពេល​យើង​មាន​ទុក្ខ​លំបាក(ហេព្រើរ ១៣:៥-៦) ហើយ ដោយ​សារ​សេចក្តី​ស្រឡាញ់ ទ្រង់​បាន​ប្រើ​ទុក្ខ​លំបាក​របស់​យើង ដើម្បី​ជួយ​យើង​ឲ្យ​មាន​ចរិយា​សម្បត្តិ​ដែល​កាន់​តែ​ល្អ​ឡើង កាន់​តែ​ដូច​ទ្រង់(រ៉ូម ៥:៣-៤)។

ពេល​ដែល​ជីវិត​យើង​ជួប​ការ​លំបាក ចូរ​យើង​សម្រេច​ចិត្ត​ដឹង​គុណ​ព្រះ ដោយ​ផ្តោត​ចិត្ត​របស់​យើង…

សំបុត្រផ្ញើមកផ្ទះ

នៅ​សម័យ​សង្រ្គាម​លោក​លើក​ទី​២ មាន​យុវជន​អាមេរិក​ជា​ច្រើន​នាក់ ត្រូវ​បាន​ជ្រើស​រើស​ឲ្យ​ចូល​ក្នុង​ជួរ​ទ័ព។ នៅ​ក្នុងការ​ហ្វឹក​ហាត់​មូល​ដ្ឋាន នៅ​ប្រទេស​ឆ្ងាយ​ពី​ស្រុក​កំណើត ពួក​គេ​ក៏​បាន​ប្រែ​ជា​មាន​ការ​លេង​សើច និង​មាន​ទំនាក់​ទំនង​តាម​សំបុត្រ ដើម្បី​ជម្នះ​នឹង​ការ​លំបាក​ដែល​ពួក​គេ​ជួប​ប្រទះ។ ពេល​ដែល​យុវជន​ម្នាក់​បាន​សរសេរ​សំបុត្រ​មួយ​ច្បាប់​ផ្ញើទៅ​ផ្ទះ គាត់​បាន​ពិពណ៌​នា អំពី​ដំណើរ​ការ​នៃ​ការ​ចាក់​វ៉ាក់​សាំង ដោយ​ការ​និយាយ​បំភ្លើស ដ៏​គួរ​ឲ្យ​អស់​សំណើច​ថា “មាន​មន្ត្រី​ពេទ្យ​យោធា​ពីនាក់​បាន​ដេញ​ចាប់​យើង  ដោយ​ប្រើ​ស្ន។ ពួក​គេ​បាន​ចាប់​យើង​ទាំង​កញ្ឆក់ ហើយ​ផ្តួល​ទៅ​លើកម្រាល​ឥដ្ឋ ហើយ​ក៏​បាន​យក​ស្ន​ចាក់​ដៃ​របស់​យើង”។

ប៉ុន្តែ មាន​ទាហាន​ម្នាក់​បាន​ចាប់​ផ្តើម​ដឹង​ខ្លួន​ថា ការ​លេង​សើច​នេះ ដូច​ជា​ជ្រុល​បន្តិច​។ បន្ទាប់​មក​គាត់​ក៏​ទទួល​បានព្រះ​គម្ពីរ​មួយ​ក្បាល។ គាត់​ក៏​បាន​សរសេរ​នៅ​ក្នុង​សំបុត្រ​គាត់​ថា “ខ្ញុំ​ចូល​ចិត្ត​អាន​ព្រះ​គម្ពីរ​មួយ​ក្បាល​នេះ​ខ្លាំង​ណាស់ ហើយ​ខ្ញុំ​បាន​អាន​ព្រះ​គម្ពីរ​នេះ​ជា​រៀង​រាល់​យប់។ ខ្ញុំ​មិន​ដែល​ដឹង​ថា ខ្ញុំ​អាច​រៀន​សូត្រ​ពី​ព្រះ​គម្ពីរ បាន​ច្រើន​យ៉ាង​នេះ​សោះ”។

កាល​ពី​យូរ​មក​ហើយ ប្រជា​ជន​យូដា​ដែល​គេ​បាន​និរទេស បាន​វិល​ត្រឡប់​មក​ស្រុក​កំណើត​វិញ បន្ទាប់​ពី​បាន​រស់​នៅជា​ទាសករ​អស់​ជា​ច្រើន​ឆ្នាំ នៅ​ចក្រ​ភព​បាប៊ីឡូន។ ខណៈ​ពេល​ដែល​ពួក​គេ​ខិត​ខំ​កសាង​កំផែង​ក្រុង​យេរូសាឡិម​ឡើង​វិញ ពួក​គេ​ក៏​បាន​ជួប​ការ​ប្រឆាំង​ជា​ច្រើន ពី​ពួក​ខ្មាំង​សត្រូវ ភាព​អត់​ឃ្លាន និង​អំពើ​បាប​របស់​ខ្លួន​ឯង។ ក្នុង​ពេល​ដែល​ពួក​គេ​កំពុង​ជួប​ទុក្ខ​លំបាក ពួក​គេ​ក៏​បាន​ងាក​បែរ​ទៅ​រក​ព្រះ​បន្ទូល​ព្រះ។ ពួក​គេ​ក៏​មាន​ការ​ភ្ញាក់​ផ្អើល ចំពោះ​ការ​អ្វី​ដែលពួក​គេ​បាន​រៀន​ពី​ព្រះ​គម្ពីរ។ ពេល​ដែល​ពួក​សង្ឃ​របស់​ព្រះ អាន​កណ្ឌ​គម្ពីរ​ក្រឹត្យ​វិន័យ​របស់​ព្រះ ពួក​បណ្តា​ជន​ក៏​បាន​ប៉ះ​ពាល់​ចិត្ត ហើយ​ក៏​នាំ​គ្នា​យំ(នេហេមា ៨:៩)។ ប៉ុន្តែ ពួក​គេ​ក៏​រក​បាន​នូវ​ការ​កម្សាន្ត​ចិត្ត​ផង​ដែរ។ លោក​នេហេមា​ ដែល​ជា​អភិបាល​ក្រុង ក៏​បាន​ប្រាប់​ពួក​គេ​ថា “ក៏​កុំ​ឲ្យ​មាន​ចិត្ត​ព្រួយ​ឡើយ ពី​ព្រោះ​សេចក្តី​អំណរ​របស់​ព្រះយេហូវ៉ា​ជា​កំឡាំង​នៃ​អ្នក​រាល់​គ្នា”(ខ.១០)។

យើង​អាច​ស្តាប់​ព្រះ​បន្ទូល​ព្រះ​បាន​គ្រប់​ពេល គឺ​មិន​ចាំ​បាច់​ទាល់​តែ​មាន​បញ្ហា​នោះ​ឡើយ។ តាម​រយៈ​ព្រះ​គម្ពីរ យើង​អាច​រៀន​សូត្រ​អំពី​ចរិយា​សម្បត្តិ ការ​អត់​ទោស​បាប…

ពាក្យដែលនិយាយខ្សិបៗ

យុវ​ជន​ម្នាក់​មាន​ការ​រសាប់​រសល់ ខណៈ​ពេល​ដែល​គាត់​កំពុង​អង្គុយ​ក្នុង​យន្ត​ហោះ ត្រៀម​ចេញ​ដំណើរ។ ភ្នែក​គាត់​មើល​ទៅ​បង្អួច​យន្ត​ហោះ​ចុះ​ឡើង​ៗ។ បន្ទាប់​មក គាត់​ក៏​បាន​បិទ​ភ្នែក ហើយ​ដក​ដង្ហើម​វែង​ៗ ដើម្បី​រម្ងាប់​អារម្មណ៍ ប៉ុន្តែ គាត់​នៅ​តែ​រសាប់​រសល់។ ពេល​ដែល​យន្ត​ហោះ​ឡើង​ផុត​ពី​ដី គាត់​ក៏​បាន​យោល​ខ្លួន​ចុះ​ឡើង​ៗ។ មាន​ស្ត្រី​ម្នាក់​ដែល​មាន​វ័យ​ចំណាស់​ជាង​គាត់ កំពុង​អង្គុយ​នៅ​លើ​កៅ​អី​ក្បែរ​គាត់ រំលង​ផ្លូវ​ដើរ​ក្នុង​យន្ត​ហោះ បាន​ដាក់​ដៃ​ពី​លើ​ដៃ​គាត់ ហើយ​ក៏​បាន​នាំ​គាត់​សន្ទ​នា​គ្នា យ៉ាង​សុភាព ដើម្បី​បង្វែរ​អារម្មណ៍​គាត់​ឲ្យ​ចេញ​ពី​ភាព​តាន​តឹង។ គាត់​ខ្សិប​ដាក់​យុវជន​ម្នាក់​នោះ​ថា “អ្នក​ឈ្មោះ​អី?” “​អ្នក​មក​ពី​ណា?” “យើង​នឹង​មិន​មាន​បញ្ហា​អ្វី​ទេ” ហើយ “អ្នក​សុខ​សប្បាយ​ទេ​តើ”។ គាត់​អាច​មាន​អារម្មណ៍​ទើស​ទាល់ ឬ​ធ្វើ​មិន​ខ្វល់​ពី​យុវជន​នោះ ប៉ុន្តែ គាត់​បាន​ជ្រើស​រើស​ការ​ប៉ះដៃ​ និង​និយាយ​ពាក្យ​ពីរ​បី​ម៉ាត់។ ទាំង​នេះ​សុទ្ធ​តែ​ជា​កិច្ច​ការ​ដ៏​តូច ប៉ុន្តែ បី​ម៉ោង​ក្រោយ​មក ពេល​យន្ត​ហោះ​ចុះ​ចត យុវ​ជន​នោះ​ក៏​បាន​និយាយ​ថា “ខ្ញុំ​សូម​អរគុណ​អ្នក​ខ្លាំង​ណាស់ សម្រាប់​ការ​ជួយ​ខ្ញុំ”។

រូប​ភាព​ដ៏​ស្រស់​ស្អាត នៃ​ភាព​ស្លូត​បូត និង​ការ​ខ្វល់​ពី​អ្នក​ដទៃ​យ៉ាង​ដូច​នេះ គឺ​មិន​ងាយ​នឹង​រក​បាន​ឡើយ។ ភាព​សប្បុរស​មិន​មក​រក​យើង ដោយ​ឯក​ឯង​ទេ ព្រោះ​មនុស្ស​យើង​ច្រើន​តែ​គិត​អំពី​ខ្លួន​ឯង​ជា​ទី​មួយ។ ប៉ុន្តែ សាវ័ក​ប៉ុល​បាន​លើក​ទឹក​ចិត្ត​យើង​ថា “ចូរ​មាន​ចិត្ត​សប្បុរស​នឹង​គ្នា​ទៅ​វិញ​ទៅ​មក ព្រម​ទាំង​មាន​ចិត្ត​ទន់​សន្តោស”(អេភេសូរ ៤:៣២)។ ត្រង់​ចំណុច​នេះ គាត់​មិន​បាន​និយាយ​ថា ភាព​សប្បុរស និង​ទន់​សន្តោស អា​ស្រ័យ​ទៅ​លើ​យើង​នោះ​ឡើយ។ បន្ទាប់​ពី​យើង​បាន​ទទួល​ជីវិត​ថ្មី ដោយ​សេចក្តី​ជំនឿ​លើ​ព្រះ​យេ​ស៊ូវ ព្រះ​វិញ្ញាណ​ក៏​បាន​ចាប់​ផ្តើម​ធ្វើ​ឲ្យ​ជីវិត​យើង​ផ្លាស់​ប្រែ។ ភាព​សប្បុរស គឺ​ជា​កិច្ច​ការ​របស់​ព្រះ​វិញ្ញាណ ដែល​កែ​ប្រែ​ចិត្ត…

ការផ្តោតទៅលើភាពអស្ចារ្យ

មនុស្ស​ខ្លះ​ចេះ​តែ​មើល​ទៅ​លោកិយ ឃើញ​តែ​បញ្ហា។ លោក​ដេវីត ចូនស៍(DeWitt Jones) ជា​ជាង​ថត​របស់​ទូរទស្សន៍​ប៉ុស្ទ នេសិននល ជីអូក្រាហ្វ៊ីក។ គាត់​បាន​ប្រើ​អាជីព​របស់​គាត់ ដើម្បី​បង្ហាញ​នូវ​ចំណុច​ល្អ​ៗ របស់​ពិភព​លោក​។ មុន​នឹង​គាត់​ថត​រូប គាត់​រង់​ចាំ​មើល​ពន្លឺ ដែល​ភ្លឺ​ល្អ ដែល​នាំ​ឲ្យ​គាត់​មើល​ឃើញ​រូប​ភាព​ដ៏​អស្ចារ្យ​ ដែល​បានបង្កប់​ខ្លួន នៅ​ទីនោះ​ជា​យូរ​មក​ហើយ។ គាត់​បាន​ប្រើ​ម៉ាស៊ីន​ថត​រូប​របស់​គាត់ ដើម្បី​ស្វែង​រក​សម្រស់​ ដែល​លេច​ឡើងនៅ​លើ​ផ្ទៃ​មុខ​មនុស្ស និង​ធម្ម​ជាតិ​ដ៏​សាមញ្ញ។

មនុស្ស​ជា​ច្រើន​មាន​ហេតុ​ផល ដែល​ត្រូវ​ផ្តោត​ទៅ​លើ​ចំណុច​អវិជ្ជ​មាន​របស់​ពិភព​លោក ដែល​ក្នុង​នោះ ក៏​មាន​លោក​យ៉ូប​ផង​ដែរ។ បន្ទាប់​ពី​គាត់​បាន​បាត់​បង់​អ្វី​ៗ​គ្រប់​យ៉ាង ដែល​នាំ​ឲ្យ​គាត់​មាន​អំណរ សូម្បី​តែ​មិត្ត​ភក្តិ​គាត់​ក៏​បាន​ក្លាយ​ជាអ្នក​ចោទ​ប្រកាន់​មក​លើ​គាត់​ផង​ដែរ។ ពួក​គេ​ក៏​បាន​ប្រាប់​លោក​យ៉ូប​ថា គាត់​មាន​ទុក្ខ​វេទនា​ខ្លាំង​យ៉ាង​នោះ គឺ​ដោយ​សារ​អំពើ​បាប​ដែល​គាត់​បាន​លាក់​ទុក។ ពេល​លោក​យ៉ូប​ស្រែក​រក​ព្រះ ទ្រង់​នៅ​តែ​ស្ងាត់​ស្ងៀម មិន​ឃើញ​ឆ្លើយ​តប​ចំពោះ​គាត់។

ទី​បំផុត នៅ​ក្នុង​ភាព​វឹក​វរ​នៃ​ខ្យល់​ព្យុះ​កំបុត​ត្បូង និង​ភាព​ងងឹត​នៃ​ជីវិត​របស់​លោក​យ៉ូប ព្រះ​ទ្រង់​ក៏​បាន​ឲ្យ​គាត់ ពិចារណា​អំពី​ភាព​អស្ចារ្យ​ក្នុង​ធម្មជាតិ ដែល​បាន​ឆ្លុះ​បញ្ចាំង ឲ្យ​ឃើញ​ប្រាជ្ញា និង​អំណាចរបស់ទ្រង់ ​ដែល​យើង​មិន​មាន​ដល់​ទ្រង់(យ៉ូប ៣៨:២-៤)។

បើ​យើង​កំពុង​តែ​មាន​គំនិត​អវិជ្ជ​មាន តើ​ទ្រង់​នឹង​មិន​ឲ្យ​យើង​ពិចារណា អំពី​ភាព​អស្ចារ្យ​នៃ​ធម្មជាតិ​ដែរ​ទេ​ឬ? ចុះ​ចំណែក​ឯ​ធម្ម​ជាតិ​នៃ​សត្វ​បក្សី​ដែល​ហើរ​លើ​អាកាស ស្លឹក​ឈើ​ដែល​បក់​រវិច ឬ​វាល​ស្មៅ​ដ៏​ធំ​ល្វឹង​ល្វើយ តើ​យើង​នឹង​រក​ឃើញ​ភាព​អស្ចារ្យ​ដែរ​ឬ​ទេ? នៅ​ក្នុង​ពេល​ដ៏​ឈឺ​ចាប់ តើ​យើង​នឹង​ពិចារ​ណា អំពី​ភាព​អស្ចារ្យ​នៃ​ស្នា​ព្រះ​ហស្ត​របស់​ព្រះ​អាទិករ ហើយ​គិត​ឃើញ​គំនិត និង​ព្រះ​ទ័យ​របស់​ទ្រង់ ដែល​បាន​គង់​នៅ​ជា​មួយ​យើង តាំង​ពី​យូរ​មក​ហើយឬ​ទេ? ពេល​យើង​មើល​ឃើញ​ភាព​អស្ចារ្យ​របស់​ទ្រង់​ហើយ យើង​អាច​សរសើរ​ដំកើង…

បើកបង្ហាញ ដើម្បីឲ្យបានប្រោសឲ្យជា

កាល​នៅ​ពី​ក្មេង ខ្ញុំ​មើល​ឪពុក​ខ្ញុំ​ភ្ជួរ​ស្រែ ដែល​គេ​មិន​ដែល​ដាំ​ដុះ​អ្វី​ពី​មុន​មក។ នៅ​ក្នុង​ការ​ភ្ជួរ​ជើង​ទី​មួយ ផ្លែ​នង្គ័ល​ក៏​បានប៉ះ​ថ្ម​ធំ​ៗ​របើក​ចេញ​ពី​ក្នុង​ដី ហើយ​គាត់​ក៏​បាន​យក​ថ្ម​ទាំង​នោះ​ចេញ។ រួច​គាត់​ក៏​បាន​ភ្ជួរ​ស្រែ​កន្លែង​ដដែល​នោះ​ម្តងហើយ ម្តង​ទៀត ដើម្បី​បំបែក​ដី​បន្ថែម​ទៀត។ ក្នុង​ការ​ភ្ជួរ​ដី ក្នុង​ជើង​នីមួយ​ៗ គាត់​ក៏​បាន​គាស់​ថ្ម​ផ្សេង​ទៀត គឺ​ថ្ម​ដែល​តូច​ជាង​មុន ដែល​គាត់​ត្រូវ​គ្រវែង​ចោល។ ដំណើរ​ការ​នៃ​ការ​ភ្ជួរ​ដី​នេះ​ក៏​បាន​បន្ត ដែល​ទាម​ទារ​ឲ្យ​មាន​ការ​ភ្ជួរ​ជា​ច្រើន​ជើង ពេញ​ក្នុង​វាល​នោះ។

 

យ៉ាង​ណា​មិញ ការ​លូត​លាស់ ក្នុង​ព្រះ​គុណ​ព្រះ ក៏​អាច​មាន​លក្ខណៈ​ស្រដៀង​នឹង​ការ​ភ្ជួរ​ស្រែ​របស់​ឪពុក​ខ្ញុំ​ផង​ដែរ។ ពេល​ដែល​យើង​ទើប​តែ​ក្លាយ​ជា​គ្រីស្ទ​បរិស័ទ អំពើ​បាប​ធំ​ៗ មួយ​ចំនួន អាច​ត្រូវ​បាន​បង្ហាញ​ចេញ​មក។ យើង​ក៏​បាន​សារ​ភាព​អំពើ​បាប​ទាំង​នោះ នៅ​ចំពោះ​ព្រះ ហើយ​ទទួល​ការ​អត់​ទោស​បាប​របស់​ទ្រង់។ ប៉ុន្តែ ជា​ច្រើន​ឆ្នាំ​ក្រោយ​មក ពេល​ដែល​ព្រះ​បន្ទូល​ព្រះ​បាន​ជ្រាប​ចូល​ជ្រៅ​បំផុត ក្នុង​ជីវិត​យើង ព្រះ​វិញ្ញាណ​បរិសុទ្ធ​ក៏​បាន​បើក​បង្ហាញ​ឲ្យ​យើង​ឃើញ​ អំពើ​បាប​ដទៃ​ទៀត ដែល​កប់​ទុក​ក្នុង​ជីវិត​យើង។ យើង​ប្រហែល​ជា​គិត​ថា អំពើ​បាប​ទាំង​នោះ ជា​អំពើ​បាប​តូច​តាច គ្មាន​អ្វី​ធំ​ដំ​ទេ ប៉ុន្តែ ព្រះ​ទ្រង់​ក៏​បាន​បើក​បង្ហាញ​ឲ្យ​យើង​ដឹង​ថា វា​ជា​អំពើ​បាប​ដ៏​អាក្រក់ ដែល​ជា​អាកប្បកិរិយ៉ា​ និង​ទង្វើដែល​បង្ខូច​បំផ្លាញ។ អំពើ​បាប​ទាំង​នោះ មាន​ដូច​ជា​សេចក្តី​អំណួត ការ​រអ៊ូ​រទាំ ការ​ព្រួយ​បារម្ភ បុរេ​វិន្និច្ឆ័យ ការ​ព្យាបាទ ការ​បំពេញ​ការ​សប្បាយ​ជ្រុល។
ព្រះ​ទ្រង់​បើក​បង្ហាញ​អំពើ​បាប​នីមួ​យៗ ដើម្បី​ឲ្យ​យើង​អនុញ្ញាត​ឲ្យ​ទ្រង់ បោះ​អំពើ​បាប​ទាំង​នោះ​ចោល។ ទ្រង់​បើក​បង្ហាញ ដើម្បី​ប្រោស​យើង​ឲ្យ​ជា។ ពេល​ដែល​អាកប្ប​កិរិយ៉ា ដែល​ជា​អំពើ​បាប​ដ៏​គ្រោះ​ថ្នាក់​បាន​លេច​ចេញ​មក​ យើង​អាច​អធិស្ឋាន​តាម​លំនាំ​របស់​ស្តេច​ដាវីឌ​ថា…

ការឲ្យអំណោយនៃការអធិស្ឋានឲ្យ

មាន​ពេល​មួយ​ឡរ៉ា(Laura) បាន​និយាយ​ថា “កាល​ពី​មុន ខ្ញុំ​មិន​បាន​ដឹង​ទេ​ថា ដំណឹង​ល្អ​ជា​អំណោយ​ដ៏​អស្ចារ្យ។ តែពេល​ដែល​បង​ប្រុស​ខ្ញុំ​ឈឺ អ្នក​ទាំង​អស់​គ្នា​បាន​អធិស្ឋាន​ឲ្យ​គាត់។ ការ​អធិស្ឋាន​របស់​អ្នក​ទាំង​អស់​គ្នា ពិត​ជា​បាន​ធ្វើឲ្យ​ខ្ញុំ មាន​ការ​កម្សាន្ត​ចិត្ត​ណាស់”។ កាល​នោះ ឡរ៉ា​បាន​អរ​គុណ​ខ្ញុំ ទាំង​ទឹក​ភ្នែក​រលីង​រលោង គឺ​អរ​គុណ សម្រាប់​ការ​អធិ​ស្ឋាន​របស់​ពួក​ជំនុំ​របស់​យើង ឲ្យ​បង​ប្រុស​នាង ដែល​កំពុង​តែ​ឲ្យ​គ្រូ​ពេទ្យ​ពិនិត្យ​មើល​ជម្ងឺ​មហា​រីក។ គាត់​ក៏​បាន​និយាយ​ទៀត​ថា “ការ​អធិស្ឋាន​របស់​អ្នក​រាល់​គ្នា បាន​ជួយ​ឲ្យ​គាត់​មាន​កម្លាំង​ឡើង ក្នុង​ពេលដ៏​ពិបាក​នេះ ហើយ​ក៏​បាន​លើក​ទឹកចិត្ត​ក្រុម​គ្រួសារ​របស់​ខ្ញុំ​ទាំង​មូល”។

ការ​អធិ​ស្ឋាន​ឲ្យ​អ្នក​ដទៃ ស្ថិត​ក្នុង​ចំណោម​មធ្យោ​បាយ​ដ៏​ល្អ​បំផុត ដែល​យើង​អាច​បង្ហាញ​សេចក្តី​ស្រឡាញ់​ដល់​ពួក​គេ។ ជាក់​ស្តែង  ព្រះ​យេស៊ូវ​បាន​ធ្វើ​ជា​គំរូ​ដ៏​ល្អ​បំផុត នៅ​ក្នុង​រឿង​នេះ។ ព្រះ​គម្ពីរ​សញ្ញា​ថ្មី បាន​ចែង​ថា ព្រះ​យេស៊ូវ​បានអធិស្ឋាន​ឲ្យ​អ្នក​ដទៃ ជា​ញឹក​ញាប់ ហើយ​ថែម​ទាំង​បាន​បង្ហាញ​ឲ្យ​យើង​ដឹង​ថា ទ្រង់​បាន​បន្ត​ចូល​ទៅ​រក​ព្រះ​វរបិតា​ជួសយើង។ គឺ​ដូច​ដែល​បទ​គម្ពីរ  រ៉ូម ៨:៣៤ បាន​ចែង​ថា “ទ្រង់​ក៏​គង់​នៅ​ខាង​ស្តាំ​នៃ​ព្រះ ហើយ​ជា​អ្នក​អង្វរ​ជំនួស​យើង​រាល់​គ្នា​ដែរ”។ ព្រះ​អម្ចាស់​យេស៊ូវ​គ្រីស្ទ បាន​បង្ហាញ​សេចក្តី​ស្រឡាញ់ ដែល​មិន​គិត​ប្រយោជន៍​ខ្លួន​ឯង នៅ​លើ​ឈើ​ឆ្កាង​រួចហើយ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ បន្ទាប់​ពី​ទ្រង់​បាន​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ ទ្រង់​នៅ​តែ​បន្ត​បង្ហាញ​ការ​យក​ព្រះ​ទ័យ​ទុក​ដាក់​ចំពោះ​យើង ដោយ​អធិស្ឋាន​ឲ្យ​យើង ក្នុង​ពេល​ឥឡូវ​នេះ។

យើង​ចាំ​បាច់​ត្រូវ​យក​គំរូ​តាម​ព្រះ​យេស៊ូវ ហើយ​បង្ហាញ​សេចក្តី​ស្រឡាញ់​ដល់​អ្នក​ដទៃ ដោយ​ការ​អធិស្ឋាន​ឲ្យ​ពួក​គេ សូម​ឲ្យ​ព្រះ​ទ្រង់​ធ្វើ​ជា​ជំនួយ​ដល់​ពួក​គេ នៅ​ក្នុង​ការ​រស់​នៅ។ យើង​អាច​សូម​ឲ្យ​ព្រះ​ទ្រង់​ជួយ​ឲ្យ​យើង​អធិស្ឋាន ឲ្យ​ពួក​គេ ហើយ​ទ្រង់​នឹង​ជួយ​យើង​មិន​ខាន! សូម​ឲ្យ​ព្រះ​អម្ចាស់​នៃ​សេចក្តី​ស្រឡាញ់ ចម្រើន​កម្លាំង​យើង ដើម្បី​យើង​ឲ្យ​អំណោយ​នៃ​ការ​អធិ​ស្ឋាន…

ការជួយយិតយោងគ្នា

ហេតុ​អ្វី​ជា​រៀង​រាល់​ឆ្នាំ មាន​មនុស្ស​៥​លាន​នាក់  បាន​បង់​លុយ​ឲ្យ​គេ ដើម្បី​ឲ្យ​បាន​ចូល​រួម​ការ​រត់​ប្រណាំង ជា​ច្រើន គីឡូ​ម៉ែត្រ ដោយ​ឆ្លង​កាត់​ឧប​ស័គ្គ​ជា​ច្រើន​ដំណាក់ ដែល​មាន​ដូច​ជា ការ​ឡើង​ជញ្ជាំង​ចោទ​ៗ ការ​លុយ​ភក់ និង​ឡើងតាម​បំពង់​បញ្ឈរ​ដ៏​ធំ​មួយ ដែល​មាន​ទឹក​ធ្លាក់​មក​លើ​ពួក​គេ​ជា​ដើម? អ្នក​ខ្លះ​យល់​ថា ការ​ធ្វើ​ដូច​នេះ គឺ​ជា​ការ​តស៊ូ​ផ្ទាល់​ខ្លួន ដើម្បី​ជំរុញ​ខ្លួន​ឯង​ឲ្យ​មាន​ការ​អត់​ធន់​កាន់​តែ​ខ្លាំង ឬ​ដើម្បី​ជម្នះ​ការ​ភ័យ​ខ្លាច​របស់​ខ្លួន​ឯង។ អ្នក​ខ្លះ​ទៀត ចាប់​អារម្មណ៍​នឹង​ការ​រួប​រួម​គ្នា​ជា​ក្រុម ដែល​ក្នុង​នោះ អ្នក​ប្រ​កួត​ទាំង​ឡាយ​ជួយ និង​ទ្រទ្រង់​គ្នា​ទៅ​វិញ​ទៅ​មក។ មាន​មនុស្ស​ម្នាក់​បាន​ហៅ​ការ​ប្រកួត​នោះ​ថា “តំបន់​ដែល​គ្មាន​ការ​កាត់​ទោស” ដែល​ក្នុង​នោះ មនុស្ស​ដែល​មិន​ធ្លាប់​ស្គាល់​គ្នា បាន​ឈោង​ទៅ​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក ដើម្បី​រត់​ទៅ​ឲ្យ​ដល់​ទី​ទាំង​អស់​គ្នា(Stephanie Kanowitz, The Washington Post)។

ព្រះ​គម្ពីរ​បាន​ជំរុញ​យើង ឲ្យ​ខិត​ខំ​ធ្វើ​ការ​ជា​ក្រុម ធ្វើ​ជា​គំរូ​នៃសេច​ក្តី​ជំនឿ ក្នុង​ព្រះ​យេស៊ូវ។ គឺ​ដូច​មាន​សេចក្តី​ចែង​ថា “ត្រូវ​ឲ្យ​យើង​ពិចារណា​មើល​គ្នា​ទៅ​វិញ​ទៅ​មក​ដែរ ដើម្បី​នឹង​បណ្តាល​ឲ្យ​មាន​សេចក្តី​ស្រឡាញ់ ហើយ​ឲ្យ​ប្រព្រឹត្ត​ការ​ល្អ​ផង  ឥត​លែង​ប្រជុំ​គ្នា ដូច​ជា​អ្នក​ខ្លះ​ធ្លាប់​នោះ​ឡើយ ត្រូវ​ឲ្យ​កំឡា​ចិត្ត​គ្នា​វិញ ឲ្យ​កាន់​តែ​ខ្លាំង​ឡើង​ផង តាម​ដែល​ឃើញ​ថា​ថ្ងៃ​នោះ​ជិត​មក​ដល់​ហើយ”(ហេព្រើរ ១០:២៤-២៥)។

គោល​ដៅ​របស់​យើង គឺ​មិន​មែន​ដើម្បី “ទៅ​ដល់​ទី” នៃ​សេចក្តី​ជំនឿ​ឲ្យ​បាន​មុន​គេ​នោះ​ទេ ប៉ុន្តែ គឺ​ត្រូវ​ឈោង​ទៅ​រក​គ្នា ដោយ​ការ​លើក​ទឹក​ចិត្ត​ទៅ​វិញ​ទៅ​មក ធ្វើ​ជា​គំរូ​ដ៏​ល្អ ហើយ​ផ្តល់​ជំនួយ​ដល់​គ្នា នៅ​តាម​ផ្លូវ​នៃ​ការ​រត់​ប្រណាំង​ខាង​វិញ្ញាណ​។

ថ្ងៃ​ណា​មួយ យើង​នឹង​បាន​ដល់​ទី​បញ្ចប់​នៃ​ជីវិត​យើង នៅ​លើ​ផែន​ដី​នេះ។ ទំរាំ​តែ​ដល់​ពេល​នោះ…

សេចក្តីជំនឿដែលបង្ហាញចេញដោយពាក្យបីម៉ាត់

កាល​ពី​មុន ដោយសារ​ខ្ញុំ​ងាយ​នឹង​មាន​គំនិត​អវិជ្ជ​មាន ខ្ញុំ​ប្រញាប់​ធ្វើ​ការ​សន្និ​ដ្ឋាន​ថា ស្ថាន​ភាព​នៃ​ជីវិត​ខ្ញុំ នឹង​មាន​លទ្ធ​ផល​ជា​អវិជ្ជ​មាន។ បើ​សិន​ជា​ខ្ញុំ​ទទួល​បរា​ជ័យ​ នៅ​ក្នុង​ការ​ងារ​ណា​មួយ ខ្ញុំ​ងាយ​នឹង​ជឿថា​ ការ​ងារ​ដទៃ​ទៀត ក៏​នឹង​មិន​មាន​ជោគ​ជ័យ​ផង​​ដែរ ទោះ​កា​រងា​រ​ទាំ​ងនោះ​មិនជា​ប់​ទាក់​ទ​ង​គ្នា​ទាល់​តែ​សោះ​ក៏​ដោយ។ ហើយ​មិន​យូរ​ប៉ុន្មាន ​ខ្ញុំ​ក៏​បាន​និយាយ​ថា “វេទនា​ហើ​យ​ខ្ញុំ ខ្ញុំ​ជា​ម្តាយ​មិន​ល្អ ធ្វើ​អ្វី​ក៏​មិន​កើត”។ ជា​ការ​ពិត​ណាស់ ខ្ញុំ​មិន​ត្រូវ​បណ្តោ​យ​ឲ្យប​រា​ជ័យ​នៅក្នុង​ផ្នែ​ក​ណា​មួយ មាន​ផល​ប៉ះពាល់​មក​លើ​អារម្មណ៍​របស់​ខ្ញុំ នៅ​ក្នុង​ការ​ធ្វើ​កិច្ច​ការ​ជា​ច្រើន​ទៀត​នោះ​ឡើយ។

រឿង​នេះ​បាន​ធ្វើ​ឲ្យ​ខ្ញុំ នឹក​ចាំ អំពី​របៀប​ដែល​ហោរា​ហាបាគុក​ឆ្លើយ​តប ចំពោះ​ការ​អ្វី​ដែល​ព្រះ​ទ្រង់​បាន​បើក​បង្ហាញ​ដល់គាត់។ គាត់​មាន​ហេតុ​នឹង​អស់​សង្ឃឹម​យ៉ាង​ខ្លាំង បន្ទាប់​ពី​បាន​ទទួល​ការ​បើក​សម្តែង​ឲ្យ​ឃើញ ការ​អាក្រក់​ដែល​នឹង​កើតឡើង​ចំពោះ​រាស្រ្ត​របស់​ទ្រង់ នៅ​ក្នុង​រយៈ​ពេល​ដ៏​យូរ និង​មាន​ទុក្ខ​វេទនា នៅ​ពេល​ខាង​មុខ។ អ្វី​ៗ​ពិត​ជា​មាន​សភាព​ក្រៀម​ក្រោះ​ណាស់ គឺ​គ្មាន​ផ្លែ​គ្មាន​ផ្ការ គ្មាន​សាច់​បរិភោគ និង​ការ​អ្វីដែ​លធ្វើ​ឲ្យ​កម្សាន្ត​ចិត្ត​ឡើយ។ ការ​គិត​អំពី​រឿង​ដ៏​ក្រៀម​ក្រំ​នេះ បាន​នាំ​ឲ្យ​ខ្ញុំ​មាន​គំនិត​អវិជ្ជ​មាន​ភ្លាម ដោយ​ការ​អស់​សង្ឃឹម ប៉ុន្តែ ខ្ញុំ​ក៏​បាន​ភ្ញាក់​ដឹង​ខ្លួន​ឡើង ពេល​ដែល​លោក​ហាបាគុក​និយាយ ដោយ​ប្រើ​ពាក្យ “គង់​តែ​ខ្ញុំ”។ គឺ​ដូច​ដែល​គាត់​មាន​ប្រសាសន៍​ថា “គង់​តែ​ខ្ញុំ​នឹង​រីករាយ ដោយសារ​ព្រះយេហូវ៉ា ខ្ញុំ​នឹង​អរ​សប្បាយ​ក្នុង​ព្រះ​ដ៏​ជួយ​សង្គ្រោះ​ខ្ញុំ​ដែរ”(ហាបាគុក ៣:១៨)។ ទោះ​លោក​ហាបាគុក​បាន​ដឹង​ថា ទុក្ខ​វេទ​នា​ទាំង​នោះ​នឹង​កើត​មាន​ក៏​ដោយ គង់​តែ​គាត់​នៅ​តែ​មាន​ហេតុ​នឹង​អរសប្បាយ ព្រោះ​គាត់​ដឹង​ថា ព្រះ​ទ្រង់​ជា​នរណា។

ខណៈ​ពេល​ដែល​យើង​ងាយ​នឹង​និយាយ​បំភ្លើស​ថា បញ្ហា​របស់​យើង​មាន​ការ​ពិបាក​ជ្រុល​ពេក យើង​ចាំ​បាច់​ត្រូវ​គិត​ថា លោក​ហាបាគុក​បាន​ជួប​ប្រទះ​បញ្ហា ដែល​ពិត​ជា​ពិបាក​មែន។ បើ​សិន​ជា​គាត់​អាច​ពោល​សរសើរ​ដំកើង​ព្រះ ក្នុង​ពេល​ដ៏​ពិបាក​នោះ យើង​ក៏​អាច​សរសើរ​ដំកើង​ទ្រង់…