លាងស្អាតទាំងស្រុង
មានពេលមួយប៊ិកពណ៌ខៀវមួយដើម បានបង្កប់ខ្លួន នៅក្នុងផ្នត់កន្សែងពោះគោពណ៌សររបស់ខ្ញុំ។ ពេលដែលម៉ាស៊ីនបោកខោអាវកំពុងតែបោកគក់កន្សែងពោះគោ ប៊ិកនោះមិនបានខូចទេ តែវាក៏បានផ្ទុះខ្ទេច ក្នុងម៉ាស៊ីនសំងួតខោអាវ។ ពេលនោះ ទឹកប៊ិកពណ៌ខៀវបានប្រឡាក់ពេញក្នុងម៉ាស៊ីនសំងួត។ កន្សែងពោះគោពណ៌សររបស់ខ្ញុំបានខូចអស់។ ទោះខ្ញុំប្រើសាប៊ូច្រើនយ៉ាងណា នៅតែមិនអាចបោកវាឲ្យជ្រះស្នាមប្រឡាក់នោះបានដដែល។
ពេលដែលខ្ញុំយកកន្សែងពោះគោនោះ ទៅដាក់នៅលើគំនរកន្ទប ខ្ញុំក៏បាននឹកចាំ អំពីលោកយេរេមា ដែលជាហោរានៅសម័យសញ្ញាចាស់ ដែលបានពោលទំនួញ អំពីផលវិបាកដ៏ហិនហោច នៃអំពើបាប។ ដោយសារពួកបណ្តាជនបានបដិសេធព្រះជាម្ចាស់ ហើយងាកមករកការថ្វាយបង្គំរូបព្រះ(យេរេមា ២:១៣) លោកយេរេមា ក៏បានប្រកាស់ថា ប្រជាជនអ៊ីស្រាអែលបានបណ្តាលឲ្យមានស្នាមប្រឡាក់ នៅក្នុងទំនាក់ទំនងជាមួយព្រះជាម្ចាស់។ គឺដូចដែលគាត់មានប្រសាសន៍ថា “ដ្បិតទោះបើឯងលាងខ្លួនដោយក្បុង ហើយប្រើសាប៊ូជាច្រើនក៏ដោយ គង់តែព្រះអម្ចាស់យេហូវ៉ាទ្រង់មានព្រះបន្ទូលថា អំពើទុច្ចរិតរបស់ឯង នៅមានកត់ជាប់ចំពោះអញនៅឡើយដែរ”(ខ.២២)។ ពួកគេគ្មានអំណាចអ្វី ដើម្បីជួសជុលការខូចខាត ដែលពួកគេបានធ្វើនោះឡើយ។
បើយើងពឹងផ្អែកលើសមត្ថភាពខ្លួនឯង នោះយើងមិនអាចដកស្នាមប្រឡាក់នៃអំពើបាបចេញពីខ្លួនឯងបានឡើយ។ ប៉ុន្តែ ព្រះយេស៊ូវបានធ្វើអ្វីដែលយើងមិនអាចធ្វើបាន។ តាមរយៈអំណាចនៃការសុគត និងការមានព្រះជន្មរស់ឡើងវិញរបស់ទ្រង់ ទ្រង់បាន “សំអាតយើងរាល់គ្នា ពីគ្រប់អំពើបាបទាំងអស់”(១យ៉ូហាន ១:៧)។
គេប្រហែលជាពិបាកនឹងជឿថា ទ្រង់អាចសម្អាតបាបរបស់យើងបាន តែយើងត្រូវប្រកាន់ខ្ជាប់នូវសេចក្តីពិតដែលថា គ្មានទោសនៃអំពើបាបណា ដែលព្រះយេស៊ូវមិនអាចដកចេញទាំងស្រុងនោះទេ។ ព្រះជាម្ចាស់សព្វព្រះទ័យ និងត្រៀមជាស្រេចដើម្បីលាងសម្អាតទោសនៃអំពើបាប សម្រាប់អស់អ្នកដែលស្ម័គ្រចិត្តងាកបែរមករកទ្រង់(ខ.៩)។ តាមរយៈព្រះគ្រីស្ទ យើងអាចរស់នៅជារៀងរាល់ថ្ងៃ ដោយសេរីភាព និងក្តីសង្ឃឹម។—LISA SAMRA
ទោសដែលបានលើកលែង
ពេលដែលបុរសម្នាក់បានដំឡើងកាំមីរ៉ាសុវត្ថិភាព នៅក្រៅផ្ទះរបស់គាត់ គាត់បានពិនិត្យមើលលក្ខណៈរបស់វីដេអូ ដើម្បីឲ្យប្រាកដថា ប្រព័ន្ធកាំមីរ៉ាសុវត្ថិភាពនោះ ពិតជាដំណើរការមែន។ ពេលនោះ គាត់ក៏បានឃើញមនុស្សដែលមានស្មាធំដែលពាក់ខោអាវពណ៌ក្រមៅ កំពុងតែដើរទៅមកក្នុងទីធ្លាក្រៅផ្ទះគាត់។ គាត់ក៏បានតាមដានមើល តើបុរសនោះបំរុងធ្វើអ្វី។ ទោះជាយ៉ាងណាក៏ដោយ គាត់ដូចជាធ្លាប់ស្គាល់បុរសក្នុងវីដេអូនោះ។ ទីបំផុត គាត់ក៏បានដឹងថា គាត់មិនមែនកំពុងតែមើលជនចម្លែក កំពុងដើរទៅមកក្នុងទីធ្លាផ្ទះគាត់ទេ តែតាមពិត គាត់គឺជាបុរសក្នុងវីដេអូនោះ ដែលកាំមីរ៉ានោះបានថតទុកកាលពីពេលកន្លងទៅ។
តើយើងនឹងមើលឃើញអ្វី បើសិនជាយើងអាចចេញពីក្នុងខ្លួនយើង ហើយសង្កេតមើលខ្លួនឯង ក្នុងស្ថានភាពណាមួយ? ពេលដែលដាវីឌមានការបាក់ទឹកចិត្ត ហើយទ្រង់ត្រូវផ្លាស់ប្តូរទស្សនៈជាថ្មី គឺទស្សនៈដែលកោតខ្លាចព្រះ បន្ទាប់ពីទ្រង់បានប្រព្រឹត្តអំពើផឹតក្បត់ជាមួយនាងបាតសេបា ទ្រង់ក៏បានឲ្យណាថានជួយ(២សាំយ៉ូអែល ១២)។
ណាថានក៏បាននិទានរឿងមួយឲ្យដាវីឌស្តាប់។ រឿងនោះនិយាយអំពីបុរសអ្នកមានម្នាក់ ដែលបានប្លន់យកចៀមតែមួយ របស់បុរសអ្នកក្រម្នាក់។ ទោះអ្នកមាននោះមានចៀមទាំងហ្វូងក្តី គាត់នៅតែយកចៀមតែមួយរបស់អ្នកក្រនោះ ទៅសម្លាប់ធ្វើម្ហូប។ ពេលដែលណាថានបានបង្ហាញថា រឿងនេះបានឆ្លុះបញ្ចាំងអំពីទង្វើរអាក្រក់របស់ស្តេចដាវីឌ ទ្រង់ក៏បាននឹកចាំ អំពីអំពើដែលទ្រង់បានធ្វើមកលើអ៊ូរី។ ណាថានក៏បានពន្យល់អំពីលទ្ធផលដែលទ្រង់ត្រូវទទួល ប៉ុន្តែ ដែលសំខាន់ជាងនេះទៀតនោះ គាត់បានធានាដល់ដាវីឌថា “ព្រះអម្ចាស់លើកលែងទោសនៃអំពើបាបរបស់ទ្រង់ហើយ”(ខ.១៣)។
បើព្រះជាម្ចាស់បើកបង្ហាញអំពើបាប នៅក្នុងជីវិតយើង បំណងព្រះទ័យរបស់ទ្រង់ គឺមិនមែនដើម្បីថ្កោលទោសយើងឡើយ តែដើម្បីស្អាងយើងឡើងវិញ ហើយជួយយើងឲ្យផ្សះផ្សាជាមួយអ្នកដែលយើងបានធ្វើឲ្យឈឺចាប់។ ការប្រែចិត្តបើកផ្លូវឲ្យយើងមានភាពជិតស្និទ្ធជាមួយព្រះជាម្ចាស់ឡើងវិញ តាមរយៈអំណាចនៃការអត់ទោសបាប និងព្រះគុណទ្រង់។—JENNIFER BENSON SCHULDT
វាំងននដែលបានរហែកជាពីរ
ថ្ងៃមួយ នៅជាងក្រុងយេរូសាឡិម ផ្ទៃមេឃបានប្រែជាងងឹត។ មានបុរសម្នាក់បាននាំឲ្យមនុស្សទាំងហ្វូងៗ ចង់ដើរតាមគាត់ កាលពីបីរឆ្នាំមុន។ តែនៅថ្ងៃនោះ គាត់ត្រូវបានគេចាប់យកទៅឆ្កាង ដោយភាពអាម៉ាស់ និងការឈឺចាប់បំផុត។ ពេលនោះ មានអ្នកខ្លះបានទួញយំ ដោយទុក្ខសោកជាខ្លាំង។ ពន្លឺថ្ងៃមិនបានបំភ្លឺផ្ទៃមេឃនៅពេលរសៀលនោះទេ។ ហើយការឈឺចាប់ដ៏ខ្លាំងរបស់បុរសនោះ នៅលើឈើឆ្កាងបានបញ្ចប់ ពេលដែលគាត់ស្រែកឡើង ដោយសម្លេងឮៗថា “កិច្ចការបានចប់សព្វគ្រប់ហើយ”(ម៉ាថាយ ២៧:៥០ និង យ៉ូហាន ១៩:៣០)។
នៅពេលនោះ សម្លេងមួយទៀត បានបន្លឺឡើង ចេញពីព្រះវិហារដ៏ធំ នៅក្នុងទីក្រុង គឺសម្លេងក្រណាត់រហែក។ ផ្ទាំងក្រណាត់ដ៏ក្រាស់ដែលបានចែកខណ្ឌទីបរិសុទ្ធ ឲ្យដាច់ពីទីធ្លាខាងក្រៅព្រះវិហារ ក៏បានរហែកជាពីរ ពីលើចុះមកក្រោម ដោយការអស្ចារ(ម៉ាថាយ ២៧:៥១)។
វាំងននដែលបានរហែកនោះ ជានិមិត្តរូបតំណាងឲ្យភាពពិតនៃឈើឆ្កាង ដែលមានន័យថា មានផ្លូវថ្មីមួយ ដែលបានបើកទៅរកព្រះជាម្ចាស់ហើយ! ព្រះយេស៊ូវ គឺជាព្រះ និងជាបុរសដែលបានជាប់ឆ្កាង និងសុគតនៅថ្ងៃនោះ។ ព្រះលោហិតទ្រង់បានហូរ ជាយញ្ញបូជាចុងក្រោយ ជាយញ្ញបូជាដ៏ពិត និងគ្រប់គ្រាន់(ហេព្រើរ ១០:១០) ដែលបានអនុញ្ញាតឲ្យអ្នកដែលជឿទ្រង់ បានអរសប្បាយនឹងការអត់ទោសបាប និងចូលទៅក្នុងទំនាក់ទំនងជាមួយព្រះជាម្ចាស់(រ៉ូម ៥:៦-១១)។
នៅក្នុងភាពងងឹត នៅថ្ងៃសុក្រដ៏ប្រសើរនោះ យើងបានទទួលនូវដំណឹងល្អដែលមិនធ្លាប់មាន ដែលបានប្រកាសថា ព្រះយេស៊ូវបានបើកផ្លូវឲ្យយើង បានទទួលសេចក្តីសង្រ្គោះ រួចពីបាប…
ពេលចុងក្រោយ
មានពេលមួយខ្ញុំបានជួបគ្រោះថ្នាក់។ ពេលគេលើកខ្ញុំចូលឡានសង្រ្គោះបន្ទាន់ ហើយរៀបនឹងបិទទ្វារឡាន កូនប្រុសរបស់ខ្ញុំ កំពុងតែទាក់ទងទៅភរិយាខ្ញុំតាមទូរស័ព្ទ នៅក្រៅឡានសង្រ្គោះបន្ទាន់។ ខ្ញុំក៏បានហៅឈ្មោះគាត់ ទាំងស្រវាំងភ្នែក ដែលបានបណ្តាលមកពីការប៉ះទង្គិចក្បាល។ កាលនោះគាត់នៅចាំថា ខ្ញុំបាននិយាយយឺតៗទៅកាន់គាត់ ដោយឲ្យគាត់ប្រាប់ម្តាយគាត់ថា ខ្ញុំស្រឡាញ់នាងណាស់។
កាលនោះ ខ្ញុំប្រហែលជាគិតថា ខ្ញុំត្រូវលាចាកលោកនេះហើយ ហើយខ្ញុំចង់ឲ្យវាក្លាយជាពាក្យផ្តាំផ្ញើចុងក្រោយ។ ស្ថិតក្នុងពេលបែបនោះ ពាក្យបណ្តាំចុងក្រោយ គឺជាពាក្យសម្តីដែលសំខាន់បំផុតចំពោះខ្ញុំ។
ខណៈពេលដែលព្រះយេស៊ូវស្ថិតក្នុងពេលដែលខ្មៅងងឹតបំផុត ទ្រង់មិនគ្រាន់តែបានប្រាប់យើងថា ទ្រង់ស្រឡាញ់យើងប៉ុណ្ណោះទេ តែថែមទាំងបានបង្ហាញសេចក្តីស្រឡាញ់របស់ទ្រង់ តាមរបៀបដ៏ជាក់លាក់។ ទ្រង់បានបង្ហាញក្តីស្រឡាញ់ទ្រង់ ដល់ទាហានដែលចម្អកឲ្យទ្រង់ និងបានយកដែកគោលមកដំពីលើទ្រង់ជាប់នឹងឈើឆ្កាង។ គឺដូចដែលទ្រង់បានមានបន្ទូលថា “ឱព្រះវរបិតាអើយ សូមអត់ទោសដល់អ្នកទាំងនេះផង ដ្បិតគេមិនដឹងជាគេធ្វើអ្វីទេ”(លូកា ២៣:៣៤)។ ទ្រង់បានប្រទានក្តីសង្ឃឹមដល់ឧក្រិដ្ឋជន ដែលបានជាប់ឆ្កាងនៅក្បែរទ្រង់ថា “ខ្ញុំប្រាប់អ្នកជាប្រាកដថា ថ្ងៃនេះ អ្នកនឹងនៅក្នុងស្ថានបរមសុខជាមួយនឹងខ្ញុំដែរ”(ខ.៤៣)។ មុនពេលទ្រង់ហៀបនឹងអស់ព្រះជន្ម ព្រះយេស៊ូវក៏ឃើញមាតាទ្រង់ និងសិស្សម្នាក់ដែលទ្រង់ស្រឡាញ់ កំពុងឈរនៅទីនោះ រួចទ្រង់មានព្រះបន្ទូលទៅមាតាថា “មាតាអើយ នុ៎ះន៏ កូនរបស់មាតា”។ រួចទ្រង់មានព្រះបន្ទូលទៅសិស្សនោះថា “នុ៎ះន៏ ម្តាយអ្នក”(យ៉ូហាន ១៩:២៦-២៧)។ បន្ទាប់មក ពេលដែលទ្រង់ជិតអស់ព្រះជន្ម ទ្រង់ក៏បានបង្ហាញសេចក្តីស្រឡាញ់ចុងក្រោយ ដោយការទុកចិត្តព្រះវរបិតា ដោយអធិស្ឋានថា “ឱព្រះវរបិតាអើយ ទូលបង្គំសូមប្រគល់វិញ្ញាណដល់ព្រះហស្តទ្រង់វិញ”(លូកា ២៣:៤៦)។
ព្រះយេស៊ូវបានជ្រើសរើសការសុគតនៅលើឈើឆ្កាង ដោយស្ម័គ្រព្រះទ័យ…
ចម្រើនឡើងដូចផ្កា
ចៅប្រុសរបស់ខ្ញុំ ដែលក្មេងជាងគេ ទើបតែមានអាយុ២ខែប៉ុណ្ណោះ ប៉ុន្តែ រៀងរាល់ពេលដែលខ្ញុំបានឃើញគាត់ ខ្ញុំបានកត់សំគាល់ឃើញការផ្លាស់ប្តូរតូចៗ។ ថ្មីៗនេះ ពេលដែលខ្ញុំធ្វើសម្លេងដូចសត្វព្រាប គាត់ក៏បានងើយឡើងលើ ហើយញញឹមដាក់ខ្ញុំ។ ភ្លាមៗនោះ ខ្ញុំក៏បានចាប់ផ្តើមយំ។ ខ្ញុំប្រហែលជាយំ ដោយសារក្តីអំណរ លាយជាមួយនឹងការនឹកចាំ អំពីស្នាមញញឹមជាលើកទីមួយរបស់កូនៗខ្ញុំ ដែលខ្ញុំបានឃើញតាំងពីយូរមកហើយ តែមានអារម្មណ៍ដូចទើបតែកើតឡើងនៅថ្ងៃម្សិលមិញ។ មានអនុស្សាវរីយ៍ខ្លះធ្វើឲ្យយើងមានអារម្មណ៍សប្បាយ ដែលពិបាកនឹងពន្យល់។
ក្នុងបទគម្ពីរ ទំនុកដំកើង ១០៣ ស្តេចដាវីឌបាននិពន្ធបទចម្រៀង ដែលសរសើរដំកើងព្រះជាម្ចាស់ ហើយទន្ទឹមនឹងនោះ ទ្រង់ក៏បានជញ្ជឹងគិត អំពីពេលដ៏មានអំណរក្នុងជីវិតយើង ដែលបានកន្លងផុតទៅយ៉ាងឆាប់រហ័ស បានជាទ្រង់សរសេរថា “ចំណែកឯមនុស្ស ថ្ងៃអាយុរបស់គេធៀបដូចជាស្មៅ គេរីកឡើងដូចជាផ្កានៅទីវាល ដ្បិតកាលណាខ្យល់បក់មកត្រូវ នោះក៏សូន្យបាត់ទៅ(ខ.១៥-១៦)។
ស្តេចដាវីឌបានទទួលស្គាល់អំពីភាពរួញខ្លីនៃជីវិតមនុស្ស តែទន្ទឹមនឹងនោះ ទ្រង់ក៏បានពិពណ៌នាថា ជីវិតមនុស្សដូចជាផ្កា ដែលមានពេលលូតលាស់បានល្អ ឬចេញផ្កា។ ទោះផ្កានីមួយៗបានរីក ហើយរុះរោយយ៉ាងឆាប់រហ័ស ក្លិន និងពណ៌ ព្រមទាំងសម្រស់របស់វា បាននាំមកនូវក្តីអំណរដ៏អស្ចារ្យ។ ហើយផ្កានីមួយៗអាចត្រូវគេបំភ្លេចចោលយ៉ាងឆាប់រហ័សក្តី ដោយ “កន្លែងនោះមិនស្គាល់វាទៀត”(ខ.១៦) តែព្រះអង្គបានធានាចំពោះយើងថា “សេចក្តីសប្បុរសនៃព្រះយេហូវ៉ាស្ថិតស្ថេរនៅ តាំងពីអស់កល្បដរាបដល់អស់កល្បជានិច្ច ចំពោះអស់អ្នកដែលកោតខ្លាចដល់ទ្រង់”(ខ.១៧)។
យើងអាចអរសប្បាយ និងមានការចម្រើនឡើង តែមួយរយៈពេល ដូចជាផ្កា តែយើងក៏អាចអរសប្បាយនឹងសេចក្តីពិត ដែលថាព្រះអង្គនឹងនៅតែនឹកចាំ…
អរសប្បាយនឹងភាពប៉ិនប្រសប់
មានសត្វជំពុលទឹក ឬជែលីហ្វ៊ីសដ៏កម្រមួយក្បាល បានរេរាំតាមចរន្តទឹកសមុទ្ធ ក្នុងជម្រៅទឹកប្រហែល ១២០០ ម៉ែត្រ នៅក្បែរឆ្នេរបាចា រដ្ឋកាលីហ្វូញ៉ា។ ខ្លួនរបស់វាបានបញ្ចេញពន្លឺផ្លេកៗ ពណ៌ខៀវ ស្វាយ និងស៊ីជម្ពូរ និងបញ្ចេញពន្លឺភ្លឺ នៅក្នុងទឹកដ៏ងងឹត។ ព្រុយរបស់វាបក់ទៅមក យ៉ាងស៊ីសង្វាក់ ជាមួយនឹងរំញោចពីមួករបស់វាដែលមានរាងដូចជួង។ ខណៈពេលដែលខ្ញុំបានមើលវីដេអូដ៏អស្ចារ្យ ដែលបង្ហាញអំពីជីវិត សត្វជំពុលទឹក ហេលីត្រេផេស ម៉ាស៊ីមួយក្បាលនេះ នៅក្នុងកម្មវិធីផ្សាយរបស់ប៉ុស្ទនេសិននល ជីអូក្រាហ្វ៊ី ខ្ញុំក៏បានគិតអំពីការដែលព្រះជាម្ចាស់បានជ្រើសរើសការរចនា សម្រាប់សត្វដ៏ស្រស់ស្អាតមួយនេះ។ ទ្រង់ក៏បានរចនា និងបង្កើតសត្វជំពុលទឹក២ពាន់ប្រភេទទៀត ដែលអ្នកវិទ្យាសាស្រ្តបានរកឃើញ រហូតមកដល់ខែតុលា ឆ្នាំ២០១៧។
បើយើងបានទទួលស្គាល់ថា ព្រះជាម្ចាស់ជាព្រះអាទិករ តើយើងបានឈប់បង្អង់ ដើម្បីគិតអំពីសេចក្តីពិតដ៏អស្ចារ្យ ដែលមានក្នុងជំពូកទី១ នៃព្រះគម្ពីរបរិសុទ្ធឬទេ? ព្រះដ៏អស្ចារ្យរបស់យើង បាននាំមកនូវពន្លឺ និងជីវិត ចូលទៅក្នុងពិភពលោក ដែលមានពេញដោយភាវៈចម្រុះ ដោយអំណាចចេស្តានៃព្រះបន្ទូលទ្រង់។ ទ្រង់បានរចនា និងបង្កើត “ឲ្យមានមច្ឆាជាតិរវើកនៅក្នុងទឹកជាបរិបូរ”(លោកុប្បត្តិ ១:២១)។ តែអ្នកវិទ្យាសាស្រ្តបានរកឃើញសត្វដ៏អស្ចារ្យតែមួយផ្នែកតូច ក្នុងចំណោមសត្វទំាងអស់ដែលព្រះអម្ចាស់បានបង្កើត តាំងពីដើមដំបូងមក។
ព្រះជាម្ចាស់ក៏បានរចនាមនុស្សម្នាក់ៗ ក្នុងពិភពលោក ដោយមានបំណងព្រះទ័យ សម្រាប់ឲ្យយើងរស់នៅជារៀងរាល់ថ្ងៃ តាំងពីមុនពេលយើងដកដង្ហើមជាលើកទី១(ទំនុកដំកើង ១៣៩:១៣-១៦)។ ខណៈពេលដែលយើងសរសើរដំកើងភាពប៉ិនប្រសប់របស់ព្រះអម្ចាស់ យើងក៏អាចអរសប្បាយនឹងជំនួយរបស់ព្រះអង្គ ដែលបានជួយឲ្យយើងមានក្តីស្រមៃ និងការបង្កើតថ្មីជាមួយទ្រង់…
សញ្ញាសំគាល់នៃមិត្តភាព
កាលនៅតូច ពេលខ្ញុំកំពុងចម្រើនវ័យធំឡើង ក្នុងប្រទេសហ្កាណា ខ្ញុំចូលចិត្តកាន់ដៃឪពុករបស់ខ្ញុំ ដើរនៅក្នុងកន្លែងដែលមានមនុស្សច្រើនកុះករ។ គាត់ជាឪពុក និងជាមិត្តសំឡាញ់របស់ខ្ញុំ។ តាមវប្បធម៌នៅប្រទេសខ្ញុំ ការកាន់ដៃគ្នា គឺជាសញ្ញាសំគាល់នៃមិត្តភាព។ ខណៈពេលដែលយើងកំពុងដើរ យើងបានជជែកគ្នា អំពីប្រធានបទផ្សេងៗ។ ពេលណាខ្ញុំមានអារម្មណ៍ថា ឯកកោ ខ្ញុំរកបានការកម្សាន្តចិត្ត ពីឪពុករបស់ខ្ញុំ។ ខ្ញុំពិតជាឲ្យតម្លៃ ចំពោះមិត្តភាពនេះណាស់!
ព្រះអម្ចាស់យេស៊ូវ បានហៅសិស្សទ្រង់ថា មិត្តសំឡាញ់ ហើយទ្រង់បានបង្ហាញពួកគេ នូវសញ្ញាសំគាល់នៃមិត្តភាពរបស់ទ្រង់។ គឺដូចដែលទ្រង់មានបន្ទូលថា “ខ្ញុំបានស្រឡាញ់អ្នករាល់គ្នា ដូចជាព្រះវរបិតា ទ្រង់ស្រឡាញ់ខ្ញុំដែរ”(យ៉ូហាន ១៥:៩) ហើយថែមទាំងបានលះបង់ព្រះជន្មទ្រង់ សម្រាប់ពួកគេទៀតផង(ខ.១៣)។ ទ្រង់បានបង្ហាញឲ្យពួកគេស្គាល់កិច្ចការនៅនគរស្ថានសួគ៌(ខ.១៥)។ ទ្រង់បានបង្រៀនពួកគេ អំពីអ្វីៗទាំងអស់ដែលព្រះវរបិតាបានប្រទានទ្រង់(ខ.១៥)។ ហើយទ្រង់ក៏បានប្រទានពួកគេ នូវឱកាសរួមចំណែកនៅក្នុងមហាបេសកកម្មរបស់ទ្រង់(ខ.១៦)។
ព្រះយេស៊ូវដើរជាមួយយើង ក្នុងនាមជាមិត្តសំឡាញ់អស់កល្បជានិច្ច។ ព្រះអង្គស្តាប់ និងជ្រាបអំពីការឈឺចាប់ និងបំណងចិត្តរបស់យើង។ ពេលណាយើងមានភាពឯកោ និងធ្លាក់ទឹកចិត្ត ព្រះយេស៊ូវជាមិត្តសំឡាញ់ ដែលរួមដំណើរជាមួយយើងជានិច្ច។
យើងរឹតចំណងមិត្តភាពដែលយើងមានជាមួយព្រះយេស៊ូវ កាន់តែខ្លាំង ពេលដែលយើងស្រឡាញ់គ្នាទៅវិញទៅមក ហើយស្តាប់បង្គាប់តាមព្រះរាជបញ្ជាទ្រង់(ខ.១០,១៧)។ ពេលណាយើងស្តាប់តាមព្រះរាជបញ្ជាទ្រង់ យើងនឹង “បង្កើតផលផ្លែដែលនឹងស្ថិតស្ថេរ”(ខ.១៦)។
ខណៈពេលដែលយើងដើរកាត់ផ្លូវដែលមានមនុស្សច្រើនកុះករ និងនៅតាមវិថីដ៏គ្រោះថ្នាក់ ក្នុងលោកិយដែលពេញដោយបញ្ហា យើងអាចពឹងផ្អែកលើមិត្តភាពដែលយើងមានជាមួយព្រះអម្ចាស់។ ការដែលព្រះអង្គដើរជាមួយយើង គឺជាសញ្ញាសំគាល់នៃមិត្តភាពរបស់ទ្រង់។—LAWRENCE DARMANI
ក្តីសង្ឃឹមមានឡើងវិញ
តើថ្ងៃរះនៅទិសខាងកើតឬ? តើផ្ទៃមេឃមានពណ៌ខៀវឬ? តើទឹកសមុទ្រមានរស់ជាតិប្រៃឬ? តើអាតូមរបស់អង្គធាតុកូបាល់ មានទម្ងន់៥៨,៩ឬ? ទោះអ្នកមានជំនាញផ្នែកវិទ្យាសាស្រ្ត ឬគ្រាន់តែចូលចិត្តស្វែងយល់ អំពីវិទ្យាសាស្រ្ត ជាការកម្សាន្តក្តី យើងត្រូវឆ្លើយថា “បាទ ឬចាស” ចំពោះសំណួរទាំងអស់នេះ។ តាមពិត សំណួរដូចនេះ មានបង្កប់ការចម្អក ព្រោះនរណាក៏ដឹងដែរថា ថ្ងៃរះនៅទិសខាងកើត។
បើយើងមិនប្រយ័ត្នទេ ជួនកាល ត្រចៀកដ៏ទាន់សម័យរបស់យើង ប្រហែលជាស្តាប់ឮការចម្អក នៅក្នុងសំណួររបស់ព្រះយេស៊ូវដែលបានសួរបុរសម្នាក់ថា “តើអ្នកចង់បានជាឬទេ?”(យ៉ូហាន ៥:៦)។ ហើយមនុស្សសម័យទំនើប ប្រហែលជាចង់ឆ្លើយថា “តើព្រះអង្គនិយាយលេងឬ? ទូលបង្គំចង់ឲ្យព្រះអង្គជួយ ប្រហែល៣៨ឆ្នាំហើយ!” ប៉ុន្តែ សំណួររបស់ព្រះអង្គគ្មានការចម្អកទេ។ នេះជាការពិតមែន។ ព្រះសូរសៀងរបស់ព្រះយេស៊ូវ តែងតែមានពេញដោយការអាណឹត ហើយសំណួររបស់ទ្រង់ តែងតែបានចោទសួរយើង ដើម្បីប្រយោជន៍យើងទាំងអស់។
ព្រះយេស៊ូវជ្រាបថា បុរសនោះ ពិតជាចង់ជាពីជម្ងឺ។ ទ្រង់ក៏ជ្រាបផងដែរថា គេមិនបានខ្វល់ពីគាត់ តាំងពីយូរមកហើយ។ មុនពេលព្រះយេស៊ូវធ្វើការអស្ចារ្យមួយនេះ បំណងព្រះទ័យរបស់ទ្រង់ គឺដើម្បីប្រទានក្តីសង្ឃឹមដល់គាត់ឡើងវិញ។ ទ្រង់ក៏បានប្រទានក្តីសង្ឃឹម ដោយសួរសំណួរដ៏មានន័យនោះ ហើយបន្ទាប់មក ទ្រង់ក៏បានអនុញ្ញាតឲ្យគាត់ឆ្លើយតប ដោយប្រាប់គាត់ថា “ចូរក្រោកឡើង យកគ្រែអ្នកដើរទៅ”(ខ.៨)។ យើងម្នាក់ៗសុទ្ធតែមានផ្នែកណាមួយនៃជីវិតយើង ដែលក្តីសង្ឃឹមបានក្រៀមស្វិត ដូចបុរសពិការនោះដែរ។ តែទ្រង់បានទតឃើញយើង ហើយបានអញ្ជើញយើង ដោយព្រះទ័យអាណឹត…
តើព្រះអង្គគង់នៅទីនេះទេ?
ពេលដែលភរិយារបស់លោកមៃឃល(Michael)មានជម្ងឺ ដល់តំណាក់កាលចុងក្រោយ គាត់ចង់ឲ្យភរិយាគាត់ពិសោធនឹងសន្តិភាព ដែលគាត់បានទទួល តាមរយៈទំនាក់ទំនងជាមួយព្រះជាម្ចាស់។ គាត់ក៏បានចែកចាយអំពីជំនឿរបស់គាត់ ដល់នាង តែនាងមិនចាប់អារម្មណ៍សោះ។ ថ្ងៃមួយ ខណៈពេលដែលគាត់កំពុងដើរ ក្នុងបណ្ណាគារ ប្រចាំតំបន់ គាត់ក៏បានចាប់អារម្មណ៍ចំពោះសៀវភៅមួយក្បាល ដែលមានចំណងជើងថា ព្រះអង្គអើយ តើទ្រង់គង់នៅទីនេះទេ? គាត់មិនដឹងថា ភរិយាគាត់នឹងឆ្លើយតបយ៉ាងណា ចំពោះសៀវភៅនោះទេ បានជាគាត់ដើរចេញចូលៗ ក្នុងបណ្ណាគារនោះជាច្រើនដង ទំរាំតែគាត់សម្រេចចិត្តទិញវា នៅទីបញ្ចប់។ គាត់ក៏មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ពេលដែលនាងទទួលយកសៀវភៅនោះ។
សៀវភៅនោះបានធ្វើឲ្យនាងប៉ះពាល់ចិត្ត ហើយនាងក៏បានចាប់ផ្តើមអានព្រះគម្ពីរផងដែរ។ ពីរសប្តាហ៍ក្រោយមក ភរិយារបស់លោកមៃឃលក៏បានលាចាកលោក ដោយមានសន្តិភាពជាមួយព្រះជាម្ចាស់ ហើយបានសម្រាក ក្នុងការធានាថា ទ្រង់នឹងមិនចាកចេញ ឬបោះបង់ចោលនាងឡើយ។
ពេលដែលព្រះជាម្ចាស់ត្រាសហៅលោកម៉ូសេ ឲ្យដឹកនាំរាស្រ្តទ្រង់ ចេញពីនគរអេស៊ីព្ទ ទ្រង់មិនបានសន្យាថា ទ្រង់នឹងប្រទានអំណាចចេស្តាដល់គាត់ឡើយ។ ផ្ទុយទៅវិញ ទ្រង់បានសន្យាថា “ទ្រង់នឹងគង់នៅជាមួយគាត់ជានិច្ច”(និក្ខមនំ ៣:១២)។ មុនពេលព្រះយេស៊ូវសុគតនៅលើឈើឆ្កាង ទ្រង់បានមានបន្ទូលទៅកាន់ពួកសិស្សទ្រង់ ដោយសន្យាថា នឹងប្រទានព្រះវត្តមានដ៏អស់កល្បរបស់ព្រះ ដែលពួកគេអាចទទួលតាមរយៈព្រះវិញ្ញាណបរិសុទ្ធ(យ៉ូហាន ១៥:២៦)។
មានការជាច្រើនដែលព្រះអាចប្រទានយើង ដើម្បីជួយឲ្យយើងអាចឆ្លងកាត់បញ្ហាប្រឈម ក្នុងជីវិត ដែលមានដូចជា ការកម្សាន្តចិត្តផ្នែកសម្ភារៈ ការប្រោសឲ្យជា និងដំណោះស្រាយភ្លាមៗសម្រាប់បញ្ហារបស់យើងជាដើម។ ប៉ុន្តែ អំណោយល្អបំផុត គឺព្រះវត្តមានរបស់ព្រះអង្គ។ យើងអាចមានការកម្សាន្តចិត្តដ៏ប្រសើរបំផុត…
ពិបាកដូចត្រូវភ្លើងឆេះ
លោកអូស ហ្គីណេស(Os Guinness) បាននិពន្ធសៀវភៅមានចំណងជើងថា ការត្រាសហៅ ។ ក្នុងសៀវភៅនេះ គាត់បានពិពណ៌នា អំពីពេលដែលលោកវីនស្ទុន ឆឺឈីល(Winston Churchill) បានទៅវិស្សមកាលជាមួយមិត្តភក្តិគាត់ នៅភាគខាងត្បូងនៃប្រទេសបារាំង ដោយអង្គុយនៅក្បែរកន្លែងដុតភ្លើង ដើម្បីកម្តៅខ្លួនគាត់ ក្នុងពេលយប់ដ៏រងា។ ពេលអតីតនាយករដ្ឋមន្រ្តីរូបនេះ មើលទៅភ្លើងដែលកំពុងតែឆេះ គាត់ក៏បានឃើញអង្កត់ឱសដើមស្រល់ ដែលកំពុងតែ “ប្រេះបែក ដោយបញ្ចេញសម្លេងឈីតៗ ហើយព្រោះជ័រចេញមកក្រៅ ដូចមនុស្សស្តោះទឹកមាត់។ ភ្លាមៗនោះ គាត់ក៏និយាយថា គាត់ដឹងថា ហេតុអ្វីបានជាអង្កត់ឱសនោះស្តោះទឹកមាត់ ព្រោះគាត់ដឹងថា ការដែលត្រូវភ្លើងឆេះមានការពិបាកប៉ុណ្ណា”។
ទុក្ខលំបាក ភាពអសង្ឃឹម គ្រោះថ្នាក់ ទុក្ខព្រួយ និងផលវិបាកនៃការប្រព្រឹត្តខុសរបស់យើង សុទ្ធតែអាចធ្វើឲ្យយើងមានអារម្មណ៍ពិបាកដូចត្រូវភ្លើងឆេះ។ កាលៈទេសៈដ៏ពិបាកធ្វើឲ្យចិត្តយើងបាត់បង់អំណរ និងសន្តិភាពបន្តិចម្តងៗ។ ពេលដែលស្តេចដាវីឌបានទទួលផលវិបាក នៃអំពើបាបដែលទ្រង់បានប្រព្រឹត្ត ទ្រង់ក៏បានសរសេរនៅក្នុងបទគម្ពីរទំនុកដំកើងថា “កាលទូលបង្គំបានស្ងៀមនៅ នោះឆ្អឹងទូលបង្គំបានខ្សោះទៅ ដោយសារដំងូរដែលទូលបង្គំថ្ងូរជាដរាបរាល់ថ្ងៃ… ធាតុទឹករបស់ទូលបង្គំបានត្រឡប់ទៅជារីងហួត ដូចជារដូវក្តៅ”(ទំនុកដំកើង ៣២:៣-៤)។
ក្នុងពេលដ៏ពិបាកបែបនេះ តើយើងត្រូវងាកទៅរកជំនួយ នៅទីណា? តើយើងទៅរកក្តីសង្ឃឹមនៅទីណា? សាវ័កប៉ុលបានជួបការលំបាកជាច្រើន នៅក្នុងការងារបម្រើព្រះ បានជាគាត់សរសេរថា “ដែលយើងខ្ញុំត្រូវគេសង្កត់សង្កិនគ្រប់ជំពូក តែមិនទ័លផ្លូវឡើយ មានសេចក្តីវិលវល់ តែមិនទ័លគំនិតទេ។ មានគេធ្វើទុក្ខ តែមិនមែនត្រូវចោលនៅម្នាក់ឯងទេ ត្រូវគេវាយដួលស្តូក…