គេបានបង់ថ្លៃជំនួសហើយ
មានពេលមួយ លោកហ្សៀល(Zeal) ដែលជាអ្នកធ្វើជំនួញ នៅប្រទេសនីហ្សេរីយ៉ា បានទៅសួរសុខទុក្ខយុវជនម្នាក់ ដែលកំពុងសម្រាកព្យាបាលក្នុងមន្ទីរពេទ្យ នៅទីក្រុងឡូហ្កូស បន្ទាប់ពីត្រូវគេបាញ់ចំភ្លៅ។ ពេលដែលយុវជនរូបនេះមានភាពធូរស្បើយល្មមនឹងវិលត្រឡប់ទៅផ្ទះវិញ គេមិនបានអនុញ្ញាតឲ្យគាត់ចេញពីពេទ្យឡើយ ទាល់តែគាត់បានបង់ថ្លៃពេទ្យជាមុនសិន។ នេះជាគោលនយោបាយ ដែលមន្ទីរពេទ្យរដ្ឋជាច្រើន ក្នុងតំបន់នេះបានអនុវត្តតាម។ បន្ទាប់ពីលោកហ្សៀលបានប្រឹក្សាយោបលជាមួយអ្នកធ្វើការមនុស្សធម៌ម្នាក់ហើយ គាត់ក៏បានបង់ថ្លៃពេទ្យទាំងអស់ឲ្យយុវជននោះ ជាលក្ខណៈអនាមិក ដោយប្រើមូលនិធិមនុស្សធម៌ ដែលគាត់បានរៃអង្គាសបានកាលពីពេលកន្លងមក។ គាត់ធ្វើដូចនេះ គឺដើម្បីបង្ហាញសេចក្តីជំនឿរបស់គាត់ ដែលជាគ្រីស្ទបរិស័ទ។ គាត់ក៏សង្ឃឹមផងដែរថា អ្នកដែលបានទទួលអំណោយសប្បុរសធម៌នេះ នឹងជួយយកអសារអ្នកដទៃ នៅថ្ងៃក្រោយផងដែរ។
ក្នុងព្រះគម្ពីរទាំងមូល មានខគម្ពីរជាច្រើន ដែលបានចែងអំពីការធ្វើអំណោយដល់អ្នកដទៃ ដោយប្រើធនធានដែលព្រះទ្រង់ប្រទាន។ ឧទាហរណ៍ កាលលោកម៉ូសេបង្រៀនពួកអ៊ីស្រាអែល អំពីរបៀបរស់នៅក្នុងទឹកដីសន្យា គាត់បានប្រាប់ពួកគេឲ្យថ្វាយទៅព្រះជាម្ចាស់ ជាទីមួយ (មើលចោទិយកថា ២៦:១-៣) ហើយត្រូវទំនុកបម្រុងដល់អ្នកខ្វះខាត ដែលជាជនបរទេស ក្មេងកំព្រា និងស្រ្តីមេម៉ាយ(ខ.១២)។ ដោយសារពួកគេកំពុងតែរស់នៅ ក្នុងទឹកដីដែល “មានទឹកដោះ និងទឹកឃ្មុំហូរហៀរ”(ខ.១៥) នោះពួកគេត្រូវបង្ហាញចេញនូវសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់ ដល់អ្នកទាល់ក្រ។
យើងក៏អាចនាំឲ្យគេស្គាល់សេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់ តាមរយៈការចែករំលែកធនធានរបស់យើង ទោះតិចឬច្រើនក្តី។ យើងប្រហែលជាមិនមានឱកាសចែករំលែកធនធានដោយផ្ទាល់ ដូចលោកហ្សៀលទេ ប៉ុន្តែ យើងអាចទូលសូមឲ្យព្រះជាម្ចាស់បង្ហាញ ឲ្យយើងដឹង អំពីរបៀបចែករំលែក ឬដឹងថា នរណាខ្លះកំពុងត្រូវការជំនួយយើង។—AMY BOUCHER PYE
វិសេសជាងជីវិត
អ្នកស្រីម៉ារី(Mary) នៅតែស្រឡាញ់ព្រះយេស៊ូវ ទោះជីវិតមានការលំបាកយ៉ាងណាក៏ដោយ។ កូនប្រុសរបស់គាត់ពីរនាក់បានស្លាប់ចោលគាត់ ហើយក្រោយមក ចៅប្រុសពីរនាក់បានបាត់បង់ជីវិតទៀត។ ពួកគេសុទ្ធតែជនរងគ្រោះ នៃការបាញ់ប្រហារ។ ជាងនេះទៅទៀត អ្នកស្រីម៉ារីក៏មានជម្ងឺដាច់សរសៃឈាមខួរក្បាល ដែលបានបណ្តាលឲ្យគាត់ស្លាប់មួយចំហៀងខ្លួន។ ទោះជាយ៉ាងណាក៏ដោយ ពេលណាគាត់អាចទៅព្រះវិហារ តាមធម្មតា គាត់ខំប្រឹងបើកមាត់សរសើរដំកើងព្រះអម្ចាស់ ទាំងសំឡេងមិនច្បាស់ថា “វិញ្ញាណខ្ញុំស្រឡាញ់ព្រះយេស៊ូវ សូមឲ្យព្រះនាមព្រះអង្គប្រកបដោយព្រះពរ!”
ការសរសើរដំកើងរបស់អ្នកស្រីម៉ារី បានធ្វើឲ្យខ្ញុំនឹកចាំ អំពីពាក្យពេចន៍ ដែលស្តេចដាវីឌបានចែងក្នុងបទគម្ពីរទំនុកដំកើង ជំពូក៦៣។ តាមរយៈចំណងជើងនៃទំនុកដំកើងនេះ យើងអាចដឹងថា ស្តេចដាវីឌបាននិពន្ធទំនុកមួយនេះ នៅក្នុងវាលរហោស្ថាននៃស្រុកយូដា។ ទោះទ្រង់ស្ថិតនៅក្នុងស្ថានភាពមិនល្អ ឬទាល់ច្រកយ៉ាងណាក៏ដោយ ទ្រង់មិនបានអស់សង្ឃឹមឡើយ ព្រោះទ្រង់មានសង្ឃឹម ក្នុងព្រះជាម្ចាស់។ គឺដូចដែលទ្រង់បានមានបន្ទូលថា “ឱព្រះអង្គអើយ ទ្រង់ជាព្រះនៃទូលបង្គំ ទូលបង្គំនឹងស្វែងរកទ្រង់អស់ពីចិត្ត ព្រលឹងទូលបង្គំស្រេករកទ្រង់ រូបសាច់ទូលបង្គំរឭកចង់បានទ្រង់ នៅក្នុងស្រុករីងស្ងួត ហើយហួតហែង ដែលគ្មានទឹកសោះ”(ខ.១)។
អ្នកប្រហែលជាកំពុងតែស្ថិតក្នុងស្ថានភាពដ៏ពិបាក ដោយគ្មានទិសដៅច្បាស់លាស់ ឬធនធានគ្រប់គ្រាន់ឡើយ។ ស្ថានភាពដែលពិបាក អាចធ្វើឲ្យយើងមានការភ័ន្តភាំង ប៉ុន្តែ យើងមិនត្រូវបណ្តោយឲ្យវារុញច្រានយើង ឲ្យដើរតាមផ្លូវខុសឡើយ ព្រោះយើងចាំបាច់ត្រូវតោងឲ្យជាប់ ព្រះដែលស្រឡាញ់យើង(ខ.៣) ធ្វើឲ្យយើងស្កប់ចិត្ត(ខ.៥) ជួយយើង(ខ.៧) ហើយព្រះហស្តស្តាំរបស់ព្រះអង្គក៏ទ្រយើងផង(ខ.៨)។ ដោយសារសេចក្តីស្រឡាញ់របស់ព្រះវិសេសជាងជីវិត នោះយើងអាចបង្ហាញចេញនូវភាពស្កប់ចិត្តរបស់យើង តាមរយៈបបូរមាត់ ដែលសរសើរដំកើង និងថ្វាយសិរីល្អដល់ព្រះ(ខ.៣-៥)។—ARTHUR JACKSON
រៀនស្កប់ចិត្ត
មានពេលមួយលោកចេសិន(Jason) ត្រូវទទួលការវះកាត់ជាបន្ទាន់។ បន្ទាប់ពីការវះកាត់ដ៏ជោគជ័យ គាត់ក៏បានទទួលវិក័យប័ត្រជាច្រើន សម្រាប់ថ្នាំសណ្តំ ការវះកាត់ បន្ទប់វះកាត់ និងការចំណាយផ្សេងទៀតនៅមន្ទីរពេទ្យ។ គាត់ក៏បានត្អូញត្អែរថា “បន្ទាប់ពីក្រុមហ៊ុនធានារ៉ាបរងបានចេញថ្លៃពេទ្យហើយ យើងនៅជំពាក់លុយគេរាប់ពាន់ដុល្លាទៀត។ បើសិនជាយើងអាចបង់ថ្លៃចំណាយទាំងនោះឲ្យអស់ យើងនឹងរស់នៅបានស្រួល ហើយខ្ញុំក៏នឹងមានចិត្តស្កប់ស្កល់”។ គាត់មានអារម្មណ៍ថា គាត់ហាក់ដូចជាកំពុងតែលេងល្បែងវាយសត្វកំពីងដូង” ដែលក្នុងនោះ សត្វកំពីងដូងជ័រជាច្រើនក្បាល បានលេចចេញតាមរន្ធឆ្លាស់គ្នា ហើយគេត្រូវយកញញួរជ័រវាយវាឲ្យទាន់ ពេលវាអើតក្បាលចេញមកតាមរន្ធណាមួយ។
មានបញ្ហាជាច្រើនបានកើតឡើងក្នុងជីវិតយើង ដូចល្បែងកម្សាន្តមួយនេះដែរ។ សាវ័កប៉ុលបានមានប្រសាសន៍ថា គាត់ធ្លាប់ជួបការខ្វះខាត តែគាត់បានរៀនអំពីអាថ៌កំបាំងនៃការស្កប់ចិត្ត ក្នុងកាលៈទេសៈទាំងអស់(ភីលីព ៤:១២)។ អាថ៌កំបាំងនោះគឺ “ខ្ញុំអាចនឹងធ្វើគ្រប់ទាំងអស់បាន ដោយសារព្រះគ្រីស្ទដែលទ្រង់ចំរើនកំឡាំងដល់ខ្ញុំ”(ខ.១៣)។ ពេលណាខ្ញុំជួបការខ្វះខាត ហើយត្រូវការការស្កប់ចិត្ត ខ្ញុំក៏បាននឹកចាំអំពីខគម្ពីរទាំងនេះ ហើយខ្ញុំក៏បានសួរខ្លួនឯងថា បើខ្ញុំមិនរៀនស្កប់ចិត្ត ក្នុងរឿងនេះ នៅពេលឥឡូវនេះទេ តើធ្វើដូចម្តេចឲ្យខ្ញុំអាចស្កប់ចិត្ត នៅក្នុងរឿងផ្សេងបាន?
តើយើងអាចរៀនសម្រាក នៅក្នុងព្រះយេស៊ូវ ដោយរបៀបណា? យើងអាចរៀនសម្រាកក្នុងព្រះអង្គ ដោយផ្តោត ទៅលើការអរសប្បាយ និងការដឹងគុណ សម្រាប់ការល្អដែលព្រះអង្គប្រទាន។ ដោយស្វែងយល់បន្ថែម អំពីព្រះវរបិតា ដែលទ្រង់មានព្រះទ័យស្មោះត្រង់។ ដោយលូតលាស់ នៅក្នុងការទុកចិត្ត និងការអត់ធ្មត់។ ដោយទទួលស្គាល់ថា ជីវិតរបស់យើង គឺសម្រាប់រស់នៅថ្វាយព្រះ គឺមិនមែនសម្រាប់ខ្លួនឯង។ ដោយសូមឲ្យព្រះអង្គបង្រៀនយើង ឲ្យមានចិត្តស្កប់ស្កល់…
ទម្លាប់ទី៥
ការសន្ទនាជាមួយព្រះ
លោកវេជ្ជបណ្ឌិត ចេមស៍ អ៊ែម ហ៊ូស្តន់ (James M Houston) បានមានប្រសាសន៍ថា “ការអធិស្ឋាន គឺជាមិត្តភាព ជាមួយនឹងព្រះ”។ ខ្ញុំគិតថាគាត់គិតត្រូវ ព្រោះតាមន័យដ៏សាមញ្ញ ការអធិស្ឋាន គឺជារឿងដែលសំឡាញ់ពីរនាក់ជជែកគ្នា។
ការអធិស្ឋានគឺជាការសន្ទនា រវាងព្រះនិងយើង ដែលជាកូនរបស់ទ្រង់។ ការអធិស្ឋានមិនមែនជាការសន្ទនាតែម្ខាង ឬជាការនិយាយតែម្នាក់ឯងនោះទេ…
ទម្លាប់ទី៤
ការអធិស្ឋានដោយក្តីរំពឹង និងការអរព្រះគុណ
អ្នកប្រហែលជាឆ្ងល់ថា តើខ្ញុំនិងនិយាយអំពីទម្លាប់ល្អផ្សេងទៀតទេ ក្រៅពីអ្វីដែលទាក់ទងនឹងការអធិស្ឋាន? ខ្ញុំនឹងនិយាយ! ប៉ុន្តែ ខ្ញុំមានការបន្ទាន់ចង់និយាយ អំពីសារៈសំខាន់ និងសេចក្តីអំណរ ក្នុងការអនុវត្តតាមសេចក្តីអធិស្ឋាន ជាប្រចាំថ្ងៃ និងខ្ជាប់ខ្ជួន ហើយមានប្រសិទ្ធភាព។
គួរឲ្យកត់សំគាល់ថា “ បើខ្ញុំចង់ឲ្យនរណាម្នាក់បន្ទាបខ្លួន ខ្ញុំនឹងសួរ អំពីសេចក្តីអធិស្ឋានរបស់គាត់។ ខ្ញុំមិនដឹងថាមានអ្វីដែលអាចប្រៀបនឹងប្រធានបទនេះបានទេ ព្រោះការអធិស្ឋានជាការសារភាពអំពើបាប…
ទម្លាប់ទី៣
ការអធិស្ឋានដែលព្រះឆ្លើយតប
ព្រះអម្ចាស់បានប្រើលោក ឌីអិល មូឌី (D.L. Moody) ជាអ្នកផ្សាយដំណឹងល្អដ៏ល្បីល្បាញ ក្នុងសតវត្សរ៍ទី១៩ ដើម្បីជួយនាំមនុស្សនៅក្នុងពីរទ្វីប ឲ្យបានប្រែចិត្ត។ លោកបានធ្វើដំណើរប្រហែលជាជាងមួយលានគីឡូម៉ែត្រ ហើយបានអធិប្បាយ អំពីដំណឹងល្អរបស់ព្រះយេស៊ូវ ដែលធ្វើឲ្យជីវិតផ្លាស់ប្រែ ទៅកាន់មនុស្សជាងមួយរយលាននាក់!
តើលក្ខណៈពិសេសអ្វីខ្លះ ដែលធ្វើឲ្យលោកមូឌី អាចមានភាពលេចធ្លោ ក្នុងនាមជាមនុស្សរបស់ព្រះ ដែលបានឈោងចាប់មនុស្សជាច្រើន ក្នុងទ្វីបអឺរ៉ុប…
ទម្លាប់ទី២
សេចក្តីអធិស្ឋានដែលស្របនិងព្រះហឫទ័យព្រះ
តើព្រះបន្ទូលសន្យាណាខ្លះ ដែលអ្នកចូលចិត្តជាងគេ? តើជាសេចក្តីសន្យា អំពីកំលាំង? អំពីសេចក្តីក្លាហាន? ឬអំពីសុវត្ថិភាព?
ខ្ញុំសូមចែកចាយនូវព្រះបន្ទូលសន្យាមួយ ដែលខ្ញុំពេញចិត្ត ដែលបានចែងថា: យើងក៏មានសេចក្តីក្លាហាន ដល់ទ្រង់យ៉ាងដូច្នេះដែរ គឺថា បើយើងនឹងសូមអ្វី ដែលត្រូវតាមព្រះហឫទ័យទ្រង់ នោះទ្រង់នឹងទទួលព្រម បើយើងដឹងថា ទ្រង់ទទួលព្រមតាមយើង ក្នុងការអ្វីដែលយើងសូមដូច្នេះ នោះយើងក៏ដឹងថា យើងបានអ្វីដែលយើងសូមពីទ្រង់ហើយដែរ…
ទម្លាប់ទី១
ការចំណាយពេលអធិស្ឋាន
មានការអ្វីមួយ ដែលច្រើនតែរារាំងគ្រីស្ទបរិស័ទ មិនឲ្យពិសោធនូវកិច្ចការផ្លាស់ប្រែដ៏អស្ចារ្យ ដែលព្រះទ្រង់បណ្តាលឡើងក្នុងជីវិតរបស់ពួកគេ។ តើវាជាការធ្វេសប្រហែស? ឬជាការខ្វះការប្រកបគ្នាដ៏ល្អរវាងគ្រីស្ទបរិស័ទ? ឬក៏វាជាការល្បួង? ជាការពិតណាស់ វាជា ការខ្វះការអធិស្ឋាន ។
តើការអធិស្ឋានរបស់យើង បានទទួលការឆ្លើយតបញឹកញាប់យ៉ាងណា? គ្រីស្ទបរិស័ទជាច្រើន មិនយល់អំពីអត្ថន័យនៃការធ្វើជាកូនព្រះ ដែលអាចនិយាយជាមួយព្រះអម្ចាស់ អំពីតម្រូវការពិតប្រាកដ ពោលគឺពួកគេមិនគ្រាន់តែទទួលបាននូវការឆ្លើយតប ចំពោះការអធិស្ឋានរបស់ខ្លួន ដែលជាចម្លើយដ៏ជាក់លាក់ ត្រឹមត្រូវ…
ឱកាសនីមួយៗ
ក្នុងការរស់នៅប្រចាំថ្ងៃ ការស្វែងរក និងឆក់យកឱកាសឲ្យទាន់ពេលវេលា គឺជាកត្តាដ៏សំខាន់ ដែលនាំឲ្យយើងអាចទទួលជោគជ័យ នៅក្នុងការបំពេញភារកិច្ចអ្វីមួយ។ ដើម្បីឆក់ឱកាសឲ្យទាន់ពេលវេលា យើងត្រូវមានភាពរហ័សរហួន និងឆ្លាតវ័យ តែក៏ត្រូវពឹងផ្អែកទៅលើព្រះជាម្ចាស់ ដែលជាអ្នកប្រទានឱកាសនោះផងដែរ ដ្បិតព្រះអង្គជាអ្នកគ្រប់គ្រងពេលវេលា និងអ្វីៗទាំងអស់។
យើងងាយនឹងផ្តោតចិត្ត ឬថែមទាំងមានចិត្តងប់ងល់ចំពោះកិច្ចការរបស់យើង ខណៈពេលដែលយើងស្វែងរកឱកាស ឲ្យបានច្រើនជាអតិបរមា។ បញ្ហានេះ បានធ្វើឲ្យខ្ញុំចោទសួរខ្លួនឯងថា តើខ្ញុំមានចិត្តឆេះឆួលដូចនេះ នៅក្នុងការស្វែងរកឱកាសខាងវិញ្ញាណ ឲ្យច្រើនជាអតិបរមាឬទេ?
សាវ័កប៉ុលដឹងថា យើងចាំបាច់ត្រូវមានការប្រុងប្រៀបជាស្រេច ដើម្បីឆក់ឱកាសធ្វើការបម្រើព្រះ។ ក្នុងបទគម្ពីរកូល៉ុស ជំពូក៤ គាត់បានបង្រៀនឲ្យយើងអធិស្ឋានទូលសូមឱកាស សម្រាប់ផ្សាយដំណឹងល្អ(ខ.៣)។ បន្ទាប់មក គាត់ក៏បានជំរុញចិត្តយើងថា “ចូរប្រព្រឹត្តនឹងពួកអ្នកក្រៅដោយប្រាជ្ញា ទាំងលៃយកឱកាសឲ្យទាន់ពេលផង”(ខ.៥)។ គាត់មិនចង់ឲ្យយើងខកខាន មិនបានឆក់ឱកាស ដើម្បីនាំអ្នកដទៃឲ្យស្គាល់ព្រះគ្រីស្ទនោះឡើយ ។ ប៉ុន្តែ ដើម្បីនាំគេឲ្យស្គាល់ព្រះអង្គ យើងចាំបាច់ត្រូវយកចិត្តទុកដាក់ ចំពោះតម្រូវការរបស់ពួកគេ រួចនាំពួកគេឲ្យស្គាល់ព្រះអង្គ ដោយប្រើពាក្យសម្តី ប្រកបដោយព្រះគុណ(ខ.៦)។
ក្នុងពិភពលោកយើងសព្វថ្ងៃ មានរឿងជាច្រើន ដែលកំពុងដណ្តើមពេលវេលា និងការចាប់អារម្មណ៍របស់យើង។ ប៉ុន្តែ ព្រះជាម្ចាស់សព្វព្រះទ័យឲ្យយើង ឲ្យចូលទៅក្នុងសង្គម ដោយស្វែងរកឱកាសជារៀងរាល់ថ្ងៃ ដើម្បីនាំគេឲ្យស្គាល់ព្រះអង្គ។—Adam Holz