អ្នកលប់បំណុល
មានពេលមួយ ខ្ញុំបានស្រក់ទឹកភ្នែក ពេលបានមើលវិក័យប័ត្រពេទ្យរបស់ខ្ញុំ។ ស្វាមីរបស់ខ្ញុំ ត្រូវគេកាត់ប្រាក់ខែ មួយភាគធំ បន្ទាប់ពីគាត់បានសុំច្បាប់គេទៅមើលថែរជម្ងឺខ្ញុំ ហើយគ្រាន់តែថ្លៃព្យាបាលតែពាក់កណ្តាល ក៏ត្រូវចំណាយពេលជាច្រើនឆ្នាំ ដើម្បីបង់រំលោះបន្តិចម្តងៗ ជារៀងរាល់ខែ។ ខ្ញុំក៏បានអធិស្ឋាន មុនពេលខ្ញុំទូរស័ព្ទទៅការិយ៉ាល័យវេជ្ជបណ្ឌិត ដើម្បីពន្យល់អំពីស្ថានភាពដ៏ពិបាករបស់យើង ហើយស្នើសុំការបង់រំលោះថ្លៃព្យាបាល។
អ្នកទទួលភ្ញៀវក៏បានលើកទូរស័ព្ទ ហើយក៏បានឲ្យខ្ញុំរង់ចាំ។ បន្តិចក្រោយមក គាត់ក៏បានឲ្យដំណឹងខ្ញុំថា លោកវេជ្ជបណ្ឌិតបានលប់បំណុលដែលយើងបានជំពាក់មន្ទីរពេទ្យអស់ហើយ។
ខ្ញុំក៏បាននិយាយអរគុណ ទាំងអួលដើមករ។ ខ្ញុំមិនអាចបំភ្លេចអំណោយដ៏សប្បុរសនេះបានឡើយ។ ខ្ញុំក៏ទម្លាក់ទូរស័ព្ទចុះ ហើយក៏បានសរសើរដំកើងព្រះ។ ខ្ញុំក៏បានរក្សាទុកវិក័យប័ត្រពេទ្យនោះ មិនមែនដើម្បីទុករំឭកខ្លួនឯងអំពីអ្វីដែលខ្ញុំធ្លាប់ជំពាក់គេនោះទេ តែដើម្បីជាការរំឭកអំពីការអ្វីដែលព្រះទ្រង់បានធ្វើ។
ការដែលគ្រូពេទ្យរបស់ខ្ញុំ បានសម្រេចចិត្តលប់បំណុលខ្ញុំចោល បានធ្វើឲ្យខ្ញុំនឹកចាំ អំពីការដែលព្រះបានសម្រេចព្រះទ័យលប់បំណុលដែលច្រើនរាប់មិនអស់ នៃអំពើបាបរបស់ខ្ញុំ។ ព្រះគម្ពីរបានបញ្ជាក់យ៉ាងច្បាស់ថា ព្រះទ្រង់ “មានសេចក្តីមេត្តាករុណា ហើយនឹងអាណិតអាសូរ ទ្រង់យឺតនឹងខ្ញាល់ ហើយមានសេចក្តីសប្បុរសដ៏បរិបូរ”(ទំនុកដំកើង ១០៣:៨)។ ទ្រង់មិនបានប្រព្រឹត្តនឹងយើង ឲ្យសមនឹងអំពើបាបរបស់យើងទេ(ខ.១០) ពេលយើងប្រែចិត្ត ហើយទទួលជឿព្រះគ្រីស្ទជាព្រះសង្រ្គោះនៃយើង។ ការលះបង់របស់ទ្រង់ បានលប់ចោលនូវបំណុល ដែលយើងធ្លាប់ជំពាក់ទ្រង់។ គឺបានលប់ចោលទាំងស្រុង។
កាលណាយើងបានទទួលការអត់ទោសបាបហើយ យើងមិនស្ថិតនៅក្រោមឥទ្ធិពល ឬការកំណត់របស់បំណុលពីអតីតកាលរបស់យើងទៀតទេ។ យើងត្រូវឆ្លើយតបចំពោះអំណោយដ៏ច្រើនលើសលប់របស់ព្រះអម្ចាស់ ដោយទទួលស្គាល់ការទាំងអស់ ដែលទ្រង់បានធ្វើ។ ពេលយើងថ្វាយបង្គំទ្រង់អស់ពីចិត្ត ហើយស្រឡាញ់ទ្រង់ ដោយចិត្តកតុញូហើយ នោះយើងអាចរស់នៅថ្វាយទ្រង់ ហើយនាំអ្នកដទៃឲ្យស្គាល់ទ្រង់។-Xochitl Dixon
ឈ្មោះរបស់អង្គបុគ្គលម្នាក់
ក្សត្រីក្លេអូផ៉ាត្រា(Cleopatra) លោកកាលីលេ(Galileo) លោកសេកស្ពៀរ(Shakespeare) លោកអែលវីស(Elvis) និងលោកពេលេ(Pelé) សុទ្ធតែជាបុគ្គលមានឈ្មោះល្បីល្បាញយ៉ាងខ្លាំង។ ពួកគេនៅតែជាតួអង្គដ៏សំខាន់ក្នុងប្រវត្តិសាស្រ្ត ដោយសារគេដឹងថា ពួកគេជានរណា ហើយពួកគេបានធ្វើអ្វីខ្លះ។ តែមានឈ្មោះមួយទៀត ដែលល្បីល្បាញ និងសំខាន់លើសឈ្មោះណាទាំងអស់!
មុនពេលព្រះរាជបុត្រានៃព្រះ ប្រសូត្រក្នុងលោកិយនេះ ទេវតាបានប្រាប់នាងម៉ារា និងលោកយ៉ូសែប ឲ្យដាក់ព្រះនាមឲ្យទ្រង់ថា យេស៊ូវ ព្រោះ “ទ្រង់នឹងជួយសង្រ្គោះរាស្រ្តទ្រង់ ឲ្យរួចពីបាប”(ម៉ាថាយ ១:២១) ហើយ “គេនឹងហៅទ្រង់ថា “ព្រះរាជបុត្រានៃព្រះដ៏ខ្ពស់បំផុត”(លូកា ១:៣២)។ ព្រះយេស៊ូវមិនបានយាងមក ដើម្បីធ្វើជាជនល្បីល្បាញឡើយ តែដើម្បីធ្វើជាអ្នកបម្រើ ដែលបានបន្ទាបព្រះកាយទ្រង់ ហើយសុគត នៅលើឈើឆ្កាង ដើម្បីឲ្យអ្នកណាដែលទទួលជឿទ្រង់ អាចទទួលការអត់ទោស ហើយរួចពីអំណាចនៃអំពើបាប។
សាវ័កប៉ុលបានសរសេរក្នុងសំបុត្រផ្ញើទៅពួកជំនុំថា “ដោយហេតុនោះបានជាព្រះបានលើកទ្រង់ឡើងយ៉ាងខ្ពស់ ហើយបានប្រទានឲ្យមាននាមដ៏ប្រសើរ លើសជាងអស់ទាំងនាមផង ដើម្បីកាលណាឮព្រះនាមព្រះយេស៊ូវ នោះឲ្យគ្រប់ទាំងជង្គង់នៅស្ថានសួគ៌ នៅផែនដី ហើយនៅក្រោមផែនដីត្រូវលុតចុះ ហើយឲ្យគ្រប់ទាំងអណ្តាតបានថ្លែងប្រាប់ថា ព្រះយេស៊ូវគ្រីស្ទទ្រង់ជាព្រះអម្ចាស់ សំរាប់ជាសិរីល្អដល់ព្រះដ៏ជាព្រះវរបិតា”(ភីលីព ២:៩-១១)។
យើងត្រូវតោងឲ្យជាប់ព្រះនាម ព្រះយេស៊ូវ ទាំងនៅពេលដែលមានអំណរបំផុត ក៏ដូចជានៅពេលដែលមានតម្រូវការឬខ្វះខាតខ្លាំងបំផុត។ ទ្រង់នឹងមិនចាកចេញពីយើងឡើយ ហើយសេចក្តីស្រឡាញ់របស់ទ្រង់ក៏មិនដែលប្រែប្រួលឡើយ។-DAVID MACCASLAND
អំណោយរបស់ពួកអ្នកប្រាជ្ញ
មានប្តីប្រពន្ធមួយគូ មានសេចក្តីស្រឡាញ់ ច្រើនជាងមានលុយ។ ពេលដែលបុណ្យណូអែលកាន់តែរំគិលមកដល់ អ្នកទាំងពីរមានការពិបាក នៅក្នុងការស្វែងរកអំណោយមួយ ដើម្បីបង្ហាញថា ពួកគេយកចិត្តទុកដាក់ចំពោះគ្នាខ្លាំងប៉ុណ្ណា។ ទីបំផុត នៅថ្ងៃមុនពេលបុណ្យណូអែលមកដល់ អ្នកស្រីដេឡា(Della) ក៏បានលក់សក់ដ៏វែងរបស់គាត់ ដើម្បីទិញខ្សែនាឡិការធ្វើពីផ្លាកទីន សម្រាប់ដាក់នាឡិកា ជាមរតកដែលលោកជីមបានទទួលពីឪពុកគាត់ ហើយឪពុកគាត់ ទទួលពីជីតារបស់គាត់។ ទោះជាយ៉ាងណាក៏ដោយ លោកជីម ទើបតែបានលក់នាឡិការនោះ ដើម្បីយកលុយទិញក្រាសសឹតសក់ដ៏មានតម្លៃមួយ ឲ្យអ្នកស្រីដេឡា។
លោកអូ ហេនរី(O. Henry) ដែលជាអ្នកនិពន្ធ បានហៅរឿងប្តីប្រពន្ធមួយគូនេះថា “អំណោយរបស់អ្នកប្រាជ្ញ”។ រឿងនេះ បានបង្ហាញថា ទោះបីជាអំណោយរបស់អ្នកទាំងពីរអាចប្រើឲ្យមានប្រយោជន៍ ហើយអាចធ្វើឲ្យអ្នកដទៃគិតថា អ្នកទាំងពីរល្ងង់ក៏ដោយ ក៏សេចក្តីស្រឡាញ់របស់ពួកគេបានធ្វើឲ្យពួកគេ ស្ថិតក្នុងចំណោមមនុស្សដែលមានប្រាជ្ញាបំផុត នៅក្នុងការឲ្យអំណោយ។
យ៉ាងណាមិញ ពួកអ្នកប្រាជ្ញ ដែលមកគាល់ព្រះយេស៊ូវ នៅថ្ងៃបុណ្យណូអែលដំបូងបំផុត ក៏អាចត្រូវអ្នកខ្លះគិតថា ពួកគេជាមនុស្សល្ងង់ផងដែរ ពេលដែលពួកគេធ្វើដំណើរមកដល់ ភូមិបេថ្លេហិម ដោយនាំអំណោយជាមាស កំញាន និងជ័រល្វីងទេស(ម៉ាថាយ ២:១១)។ ពួកគេមិនមែនជាជនជាតិយូដាទេ។ ពួកគេជាសាសន៍ដទៃ ដែលមិនបានដឹងទេថា ពួកគេអាចធ្វើឲ្យមានភាពវឹកវរប៉ុណ្ណា ពេលដែលខ្លួនសួររកស្តេចនៃសាសន៍យូដា ដែលទើបតែប្រសូត្រនោះ(ខ.២។
តែផែនការរបស់ពួកអ្នកប្រាជ្ញមិនប្រែជាអសាឥតការឡើយ។ រឿងនេះ គឺមិនខុសពីរឿងរបស់លោកជីម និងអ្នកស្រីដាឡា។ ព្រោះពួកគេបានថ្វាយអំណោយ ដែលមាសប្រាក់មិនអាចទិញបាន។…
ចង់មានលក្ខណៈដូចឪពុកខ្ញុំ
ឪពុករបស់ខ្ញុំមានស្បែកជើងកវែង បែបខៅប៊យមួយគូរ ដែលប្រឡាក់ដី ដែលគាត់ចូលចិត្តទុកនៅលើកម្រាលឥដ្ឋ ក្នុងបន្ទប់រៀនរបស់ខ្ញុំ។ ស្បែកជើងនោះបានរំឭកខ្ញុំជារៀងរាល់ថ្ងៃថា គាត់ជាមនុស្សប្រភេទណា។ កាលពីមុន គាត់បានធ្វើកិច្ចការជាច្រើន ក្នុងនាមជាកសិករម្នាក់ ហើយក្នុងនោះ គាត់បានចិញ្ចឹម និងបង្វឹកសត្វសេះ ដែលផ្លាស់ទីលឿនដូចផ្លេកបន្ទោរ។ ខ្ញុំចូលចិត្តមើលគាត់ធ្វើការ ដោយស្ងើចសរសើរគាត់ ដែលនៅតែអាចជិះសេះ ក្នុងវ័យចំណាស់។ កាលនៅពីក្មេង ខ្ញុំចង់ធំឡើងដូចគាត់។ ឥឡូវនេះ ខ្ញុំស្ថិតក្នុងវ័យ៨០ឆ្នាំហើយ តែស្បែកជើងកវែងរបស់គាត់ នៅតែមានទំហំធំពេក សម្រាប់ឲ្យខ្ញុំពាក់ដដែល។
សព្វថ្ងៃនេះ ឪពុករបស់ខ្ញុំបានទៅនៅនគរស្ថានសួគ៌ហើយ តែខ្ញុំមានព្រះ ដែលជាឪពុកសម្រាប់យកតម្រាប់តាម។ ខ្ញុំចង់មានលក្ខណៈដូចទ្រង់ មានពេញដោយសេចក្តីល្អរបស់ទ្រង់ ហើយបញ្ចេញក្លឹនដ៏ក្រអូប នៃសេចក្តីស្រឡាញ់របស់ទ្រង់។ ខ្ញុំនឹងមិនអាចមានលក្ខណៈដែលល្អដូចទ្រង់ទាំងស្រុងឡើយ ហើយមានការជាច្រើនដែលខ្ញុំមិនអាចធ្វើឲ្យបានល្អដូចទ្រង់។
ប៉ុន្តែ សាវ័កពេត្រុសបានមានប្រសាសន៍ថា “រីឯព្រះដ៏មានព្រះគុណសព្វគ្រប់ ដែលទ្រង់បានហៅយើងរាល់គ្នា មកក្នុងសិរីល្អនៃទ្រង់ ដ៏នៅអស់កល្បជានិច្ច ដោយព្រះគ្រីស្ទយេស៊ូវ នោះសូមទ្រង់មេត្តាប្រោសឲ្យអ្នករាល់គ្នាបានគ្រប់លក្ខណ៍ ទាំងចំរើនកំឡាំង ហើយតាំងអ្នករាល់គ្នាឲ្យមាំមួនឡើង ក្នុងខណៈក្រោយដែលបានរងទុក្ខបន្តិច”(១ពេត្រុស ៥:១០)។ យើងដឹងហើយថា ទ្រង់ពិតជាមានប្រាជ្ញា និងអំណាចធ្វើការទាំងអស់នេះបាន(ខ.១១)។
យើងមិនអាចមានលក្ខណៈដូចព្រះវរបិតា១០០ភាគរយ ក្នុងពេលបច្ចុប្បន្នមែន តែយើងនឹងមិនមានបញ្ហានេះជារៀងរហូតឡើយ។ ព្រះទ្រង់បានត្រាសហៅយើង ឲ្យមានភាពស្រស់ស្អាតនៃចរិយាសម្បតិ្ត ដែលមកពីទ្រង់។ ក្នុងជីវិតនេះ យើងមិនអាចឆ្លុះបញ្ចាំងឲ្យគេមើលឃើញទ្រង់ទាំងស្រុង ប៉ុន្តែ នៅនគរស្ថានសួគ៌…
តើអ្នកជំនាញបាននិយាយអ្វីខ្លះ?
លោកចេហ្វ ចាកូប៊ី(Jeff Jacoby) ដែលជាអ្នកនិពន្ធសារពត៌មាន ឲ្យកាសែតបូស្តុន ក្លូប បានសរសេរថា “សមត្ថភាពដ៏អាថ៌កំបាំងរបស់អ្នកជំនាញ នៅក្នុងការយល់ខុស អំពីរឿងផ្សេងៗ អាចជាកំហុសឆ្គងដ៏អាក្រក់”។ បើយើងក្រឡេកមើលទៅប្រវត្តិសាស្រ្តដែលទើបកើតមានឡើង យើងនឹងបានដឹងថា គាត់ពិតជានិយាយត្រូវ។ ឧទារហណ៍ អ្នកឆ្នៃប្រឌិតដ៏ល្បីល្បាញ ឈ្មោះ ថូម៉ាស អេឌីសិន(Thomas Edison) ធ្លាប់បានប្រកាសថា ខ្សែភាពយន្តដែលមានសម្លេង និងមិនអាចជំនួសខ្សែភាពយន្តដែលគ្មានសម្លេងបានឡើយ តែទីបំផុតគេក៏ដឹងថា គាត់បានគិតខុសហើយ។ ហើយនៅឆ្នាំ ១៩២៨ លោកហេនរី ហ្វ៊ត(Henry Ford) បានប្រកាសថា “មនុស្សកំពុងតែមានបញ្ញាកាន់តែខ្លាំងលើសលប់ បានជាពួកគេមិនអាចមានសង្រ្គាមលោកលើកទីពីរឡើយ” តែប៉ុន្មានឆ្នាំក្រោយមក សង្រ្គាមលោកលើកទីពីរក៏បានផ្ទុះឡើង។ មានការព្យាករណ៍ជាច្រើន របស់ “អ្នកជំនាញ” បានប្រែក្លាយជាការទាយខុស ។ ដូចនេះ សមត្ថភាពរបស់អ្នកប្រាជ្ញក៏មានកំរិតផងដែរ។
មានតែអង្គបុគ្គលម្នាក់ប៉ុណ្ណោះ ដែលអាចឲ្យយើងទុកចិត្តបានទាំងស្រុង ហើយទ្រង់មានព្រះបន្ទូលធ្ងន់ៗខ្លះ សម្រាប់មនុស្សមួយចំនួនដែលតាំងខ្លួនជាអ្នកប្រាជ្ញ។ នៅសម័យដែលព្រះយេស៊ូវបំពេញព្រះរាជកិច្ចនៅលើផែនដី ពួកអ្នកដឹកនាំសាសនា បានអៈអាងថា ខ្លួនមានសេចក្តីពិត។ អ្នកប្រាជ្ញ និងទេវវិទូទាំងអស់នោះ គិតថា ខ្លួនដឹងថា ព្រះមែស៊ីដែលនឹងយាងតាមព្រះបន្ទូលសន្យា នឹងមានលក្ខណៈដូចម្តេចខ្លះ ពេលទ្រង់យាងមកដល់។ ពួកគេមិនទទួលស្គាល់ថា ព្រះយេស៊ូវជាព្រះមែស៊ីទេ។ ព្រះយេស៊ូវក៏បានដាស់តឿនពួកគេថា…
សិរីល្អដែលគួរឲ្យរមិលមើល
ការទៅទស្សនាព្រះវិហារធំៗ ក្នុងទេសភាពដ៏ស្រស់បំព្រង ស្ថិតក្នុងចំណោមសកម្មភាពដ៏រីករាយ ក្នុងការធ្វើដំណើរកម្សាន្តក្នុងទ្វីបអឺរ៉ុប។ ព្រះវិហារធំៗទាំងនោះ ពិតជាគួរឲ្យគយគន់មែន ដោយមានសំណង់អគារខ្ពស់ត្រដែតឡើងទៅរកផ្ទៃមេឃ។ ស្ថាបត្យកម្ម សិល្បៈ និងនិមិត្តរូប ដែលគេឃើញមាន ក្នុងអគារដ៏អស្ចារ្យទាំងនោះ បាននាំឲ្យភ្ញៀវទេសចរណ៍មានបទពិសោធន៍ដែលមិនអាចដកចិត្តរួច ពីភាពអស្ចារ្យ និងស្រស់បំព្រង។
ខ្ញុំក៏បានគិតអំពីការពិតដែលថា សំណង់អគារទាំងនេះ ត្រូវបានគេសាងសង់ឡើង ដើម្បីឆ្លុះបញ្ចាំងអំពីភាពត្រចះត្រចង់របស់ព្រះ និងភាពរុងរឿងរបស់ទ្រង់។ គេជាប់ចិត្តនឹងសម្រាស់នៃព្រះវិហារធំៗ នៅអឺរ៉ុប តែទន្ទឹមនឹងនោះ ខ្ញុំក៏បានឆ្ងល់ថា តើធ្វើដូចម្តេច ឲ្យយើងមានការជាប់ចិត្ត នឹងភាពគួរឲ្យស្ងើចសរសើរ និងភាពធំប្រសើររបស់ទ្រង់ ហើយនឹកចាំអំពីទ្រង់?
វិធីមួយ ដើម្បីឲ្យយើងអាចជាប់ចិត្តនឹងភាពធំប្រសើររបស់ព្រះ គឺយើងត្រូវមើលបង្ហួសសំណង់ដ៏ធំ និងខ្ពង់ខ្ពស់របស់មនុស្ស ហើយជញ្ជឹងគិតអំពីភាពធំប្រសើរនៃការអ្វីដែលព្រះបានបង្កើត។ ចូរមើលទៅផ្ទៃមេឃពេលយប់ ដែលមានផ្កាយព្រោងព្រាត ហើយគិតអំពីអំណាចរបស់ព្រះ ដែលបានមានបន្ទូលឲ្យចក្រវាលកើតមានរូបរាងរហូតមកដល់សព្វថ្ងៃ។ ពេលអ្នកបានពរកូនតូចដែលទើបកើតក្នុងដៃអ្នក នោះចូរអរព្រះគុណព្រះ សម្រាប់ភាពអស្ចារ្យនៃជីវិតមនុស្ស។ ចូរមើលទៅភ្នំដែលគ្របដណ្តប់ដោយទឹកកក នៅរដ្ឋអាឡាស្កា ឬមើលទៅមហាសមុទ្រអាត្លង់ទិចដ៏ធំធេង ដែលជាជម្រកនៃសត្វរាប់លានប្រភេទ ដែលព្រះបានបង្កើត ហើយស្រមៃអំពីអំណាចចេស្តា ដែលបានធ្វើឲ្យប្រព័ន្ធអេកូឡូហ្ស៊ីមានដំណើរការ។
មនុស្សបានសាងសង់អគារដ៏ធំស្កឹមស្កៃខ្ពស់ត្រដែត ទៅរកផ្ទៃមេឃ។ បើសិនជាពួកគេបានសាងសង់ ដើម្បីនាំគេឲ្យគិតដល់ព្រះ គឺមានន័យថា ការសាងសង់ទាំងនោះមិនមានការខុសឆ្គងឡើយ។ ប៉ុន្តែ ការស្ងើចសរសើរដ៏ពិតរបស់យើង គួរតែទុកសម្រាប់ថ្វាយដល់ព្រះវិញ គឺដូចមានសេចក្តីចែងថា “ភាពដ៏ធំ និងព្រះចេស្តា…
ការមមុលទៅមុខ
ពេលដែលខ្ញុំកំពុងដើរកាត់តាមផ្លូវដើរ ជាប់នឹងជញ្ជាំងខាងក្រៅ នៃអគារការិយាល័យរបស់ខ្ញុំ ខ្ញុំមានចិត្តរីករាយ ពេលដែលឃើញដើមផ្កាដ៏ស្រស់បំព្រង កំពុងលូតលាស់ តាមក្រហែងថ្ម ទោះជាស្ថានភាពរបស់វាមានការពិបាកយ៉ាងណាក៏ដោយ រុក្ខជាតិនេះបានរកឃើញកន្លែងឈរយ៉ាងមាំមួន ដោយចាក់ឫសចូលទៅក្នុងក្រហែងថ្មស្ងួត ហើយក៏បានលូតលាស់យ៉ាងប្រសើរ។ ក្រោយមក ខ្ញុំក៏បានដឹងថា តាមពិតមានប្រអប់កង្ហាម៉ាស៊ីនត្រជាក់ មានទីតាំងចំពីលើដើមផ្កាមួយនេះ ហើយបានស្រក់ទឹកពីលើវា ពេញមួយថ្ងៃ។ ទោះស្ថានភាពនៅជុំវិញវា មិនមានលក្ខណៈអំណោយផលក៏ដោយ ក៏វានៅតែបានទទួលជំនួយដែលវាត្រូវការ ពីទឹកដែលស្រក់មកពីលើ។
យ៉ាងណាមិញ ជួនកាល ការលូតលាស់ក្នុងជីវិតជាគ្រីស្ទបរិស័ទ អាចមានការពិបាក ប៉ុន្តែ ពេលដែលយើងមានការទ្រាំអត់ ជាមួយព្រះគ្រីស្ទ នោះយើងអាចជម្នះឧបស័គ្គនានា។ កាលៈទេសៈរបស់យើងប្រហែលជាមិនអំណោយផល ហើយការបាក់ទឹកចិត្តហាក់ដូចជាឧបស័គ្គ។ ប៉ុន្តែ ពេលដែលយើងបន្តមមុលទៅមុខ ក្នុងទំនាក់ទំនងជាមួយព្រះអម្ចាស់ យើងអាចលូតលាស់យ៉ាងប្រសើរ ដូចដើមផ្កាមួយនោះដែរ។ នេះហើយជាបទពិសោធន៍ដែលសាវ័កប៉ុលបានឆ្លងកាត់នោះ។ ទោះជាមានទុក្ខលំបាកខ្លាំងយ៉ាងណា ហើយគាត់បានជួបឧបស័គ្គអ្វីក៏ដោយ(២កូរិនថូស ១១:២៣-២៧) គាត់មិនព្រមចុះចាញ់ឡើយ។ គឺដូចដែលគាត់បានមានប្រសាសន៍ថា “ខ្ញុំកំពុងតែដេញតាម សង្វាតនឹងចាប់ឲ្យបានសេចក្តី ដែលព្រះគ្រីស្ទយេស៊ូវបានចាប់ខ្ញុំឲ្យបាននោះដែរ។ ទាំងរត់ដំរង់ទៅឯទី ដើម្បីឲ្យបានរង្វាន់នៃការងារដ៏ខ្ពស់របស់ព្រះ ក្នុងព្រះគ្រីស្ទយេស៊ូវ”(ភីលីព ៣:១២,១៤)
សាវ័កប៉ុលដឹងថា គាត់អាចធ្វើការគ្រប់យ៉ាង ដោយសារព្រះអម្ចាស់ ដែលចម្រើនកម្លាំងឲ្យគាត់(៤:១៣) ហើយយើងក៏អាចធ្វើការគ្រប់យ៉ាងផងដែរ ពេលដែលយើងបន្តមមុលទៅមុខ ដោយជំនួយពីព្រះមួយអង្គ ដែលប្រទានកម្លាំងឲ្យយើង។-LAWRENCE DARMANI
ការចាប់ផ្តើមជាថ្មី
បន្ទាប់ពីរដូវកាល នៃពិធីបុណ្យណូអែលបានបញ្ចប់ នៅចុងខែធ្នូ គំនិតរបស់ខ្ញុំ ច្រើនតែបែរទៅរកការមកដល់នៃឆ្នាំថ្មី។ ខណៈពេលដែលកូនៗរបស់ខ្ញុំកំពុងឈប់សម្រាកពីការសិក្សា ហើយសកម្មភាពប្រចាំថ្ងៃ មានដំណើរយឺតៗ ខ្ញុំក៏បានជញ្ជឹងគិត អំពីអ្វីដែលខ្ញុំបានទទួលពីឆ្នាំចាស់ និងអំពីអ្វីដែលខ្ញុំនឹងធ្វើសម្រាប់ឆ្នាំថ្មី។ ជួនកាល ការជញ្ជឹងគិតនេះ មានការឈឺចាប់ និងការស្តាយក្រោយ ចំពោះកំហុសដែលខ្ញុំបានធ្វើ។ ប៉ុន្តែ ការត្រៀមខ្លួនសម្រាប់ឆ្នាំថ្មី បានបំពេញខ្ញុំ ដោយសេចក្តីសង្ឃឹម និងការរំពឹងចង់បាន។ ខ្ញុំគិតថា ខ្ញុំមានឱកាសចាប់ផ្តើមជាថ្មីឡើងវិញ ទោះបីជាឆ្នាំចាស់មានរឿងអ្វីកើតឡើងក៏ដោយ។
ខ្ញុំបានត្រៀមខ្លួនចាប់ផ្តើមជាថ្មី ក្នុងឆ្នាំថ្មី តែវាមិនអាចប្រៀបផ្ទឹមបាន នឹងក្តីសង្ឃឹម ដែលពួកអ៊ីស្រាអែលមាន ពេលដែលស្តេចស៊ីរូស នៃចក្រភពពើស៊ី បានរំដោះពួកគេ ឲ្យត្រឡប់ទៅស្រុកកំណើតវិញ ក្នុងទឹកដីយូដា បន្ទាប់ពីបានរស់នៅជាឈ្លើយសឹក អស់៧០ឆ្នាំ ក្នុងទឹកដីបាប៊ីឡូន។ ស្តេចអង្គមុន ព្រះនាមនេប៊ូក្នេសា បាននិរទេសពួកគេពីស្រុកកំណើត។ ប៉ុន្តែ ព្រះអម្ចាស់បានជំរុញចិត្តស្តេចស៊ីរូស ឲ្យបញ្ជូនពួកឈ្លើយសឹកទាំងអស់ ឲ្យវិលត្រឡប់ទៅក្រុងយេរូសាឡិមវិញ ដើម្បីកសាងព្រះវិហាររបស់ព្រះឡើងវិញ(អែសរ៉ា ១:២-៣)។ ស្តេចស៊ីរូសក៏បានប្រគល់រតនវត្ថុ ដែលគេបានប្រមូលពីព្រះវិហារ ឲ្យទៅពួកគេវិញផងដែរ។ ក្នុងការរស់នៅ ជារាស្រ្តរើសតាំងរបស់ព្រះ ក្នុងទឹកដីដែលព្រះបានប្រទានឲ្យពួកគេ ពួកគេក៏បានចាបផ្តើមជីវិតសារជាថ្មី បន្ទាប់ពីរដូវកាលដ៏យូរ នៃទុក្ខលំបាក ក្នុងទឹកដីបាប៊ីឡូន ដែលបណ្តាលមកពីអំពើបាបរបស់ពួកគេ។
ទោះជាមានបញ្ហាអ្វីក៏ដោយ នៅក្នុងអតីតកាល ព្រះទ្រង់នៅតែអត់ទោសបាបឲ្យយើង…
ទ្វារដែលកំពុងបិទ
ពេលរថភ្លើងដល់ពេលចេញដំណើរទៅមុខ គេក៏បានឮសម្លេងស៊ីញ៉ូ ដាស់តឿនដល់អ្នកដំណើរទាំងអស់ថា គេជិតបិទទ្វាររថភ្លើងហើយ។ ប៉ុន្តែ មានអ្នកដំណើរពីរបីនាក់ ដែលមានភាពយឺតយ៉ាវ ក៏បានខិតខំប្រវេសប្រវាឡើងរថភ្លើងឲ្យទាន់។ ទ្វារក៏បានបិទត្រូវចំពួកគេម្នាក់ តែទ្វារនោះក៏បានបើកចំហរវិញ ធ្វើឲ្យគាត់អាចឡើងជិះរថភ្លើង ដោយសុវត្ថិភាព។ ខ្ញុំឆ្ងល់ថា ហេតុអ្វីបានជាគេធ្វើការប្រថុយនឹងគ្រោះថ្នាក់ដូចនេះ ហេតុអ្វីមិនរង់ចាំរថភ្លើងមួយទៀត ដែលនឹងមកដល់ក្នុងពេល៤នាទីទៀតប៉ុណ្ណោះ?
យ៉ាងណាមិញ មានទ្វារមួយទៀត ដែលសំខាន់លើទ្វារណាទាំងអស់ ដែលយើងត្រូវតែចូល មុនពេលទ្វារនោះបិទជារៀងរហូត។ ទ្វារនោះគឺជាទ្វារនៃសេចក្តីមេត្តាករុណារបស់ព្រះ។ សាវ័កប៉ុលបានប្រាប់យើងថា “មើលឥឡូវនេះជាវេលាដែលគាប់ព្រះហឫទ័យទ្រង់ មើល ថ្ងៃនេះជាថ្ងៃសង្គ្រោះហើយ”(២កូរិនថូស ៦:២)។ ព្រះគ្រីស្ទបានយាងមកសុគត ដើម្បីលោះបាបយើង ហើយបានមានព្រះជន្មរស់ឡើងវិញ។ ទ្រង់បានបើកផ្លូវ សម្រាប់ឲ្យយើងផ្សះផ្សាឲ្យជានឹងព្រះវិញ ហើយបានប្រកាសដល់យើងថា ថ្ងៃនេះជាថ្ងៃនៃសេចក្តីសង្រ្គោះ។
ថ្ងៃនេះជាថ្ងៃដែលទ្វារនៃសេចក្តីសង្រ្គោះ នៅបើកចំហរនៅឡើយ។ តែថ្ងៃណាមួយ ទ្វារនោះនឹងបិទវិញ។ ចំពោះអ្នកដែលបានទទួលជឿ ហើយបម្រើព្រះគ្រីស្ទ ទ្រង់នឹងមានបន្ទូលមកកាន់ពួកគេថា “ឱពួកអ្នកដែលព្រះវរបិតាយើងបានប្រទានពរអើយ ចូរមកទទួលមរដកចុះ គឺជានគរដែលបានរៀបចំទុកសំរាប់អ្នករាល់គ្នា តាំងពីកំណើតលោកីយ៍មក”(ម៉ាថាយ ២៥:៣៤)។ ប៉ុន្តែ អ្នកដែលមិនស្គាល់ទ្រង់ នឹងត្រូវថយចេញទៅអស់កល្បជានិច្ច(ខ.៤៦)។
ការឆ្លើយតបរបស់យើង ចំពោះព្រះយេស៊ូវគ្រីស្ទ ជាកត្តាកំណត់ថា យើងនឹងទៅនៅទីណា បន្ទាប់ពីយើងលាចាកលោកនេះទៅ។ នៅថ្ងៃនេះ ព្រះយេស៊ូវបានអញ្ជើញយើងថា “ខ្ញុំជាទ្វារ បើអ្នកណាចូលតាមខ្ញុំ នេះនឹងបានសង្គ្រោះ រួចនឹងចេញចូល…
ការជិះក្តារំអិល និងការអធិស្ឋាន
ពេលព្រឹលធ្លាក់ នៅរដ្ឋមីឈីហ្គិន ខ្ញុំចូលចិត្តនាំចៅៗរបស់ខ្ញុំ ជិះស្គីលេងកម្សាន្ត ដោយយកបន្ទះក្តាជ័រ ទៅជិះស្គីរំអិលចុះពីលើទួល នៅក្រោយទីធ្លាផ្ទះយើង។ បន្ទាប់ពីយើងជិះក្តារំអិលចុះពីលើទួលមកក្រោម ក្នុងរយៈពេល១០វិនាទី យើងក៏បានឡើងទួល ហើយជិះក្តារំអិលចុះមកម្តងហើយម្តងទៀត។
ពេលខ្ញុំធ្វើដំណើរទៅលេងរដ្ឋអាឡាស្កាជាមួយក្មេងជំទង់មួយក្រុម យើងក៏បានជិះក្តារំអិលលេងផងដែរ។ យើងបានជិះឡានក្រុងឡើងទៅជិតដល់កំពូលភ្នំ រួចយើងក៏បានជិះក្តារំអិលលើព្រឹលចុះមកក្រោម ក្នុងរយៈពេល១០ ទៅ២០នាទី អាស្រ័យទៅលើកំរឹតនៃសេចក្តីក្លាហានរបស់យើង។ យើងជិះក្តារំអិលចុះមក ក្នុងល្បឿនដ៏គ្រោះថ្នាក់ តែយើងក៏មានការប្រុងប្រយ័ត្នកុំឲ្យមានគ្រោះថ្នាក់ដល់ជីវិតផងដែរ។
សរុបមក ការជិះក្តារំអិលលើព្រឹលក្រោយផ្ទះខ្ញុំចុះពីទួលទៀបៗចុះមកក្រោម មិនមានថេរៈវេលាវែង ដូចការជិះស្គីចុះពីលើភ្នំ នៅរដ្ឋអាឡាស្កាទេ តែការនេះបានធ្វើឲ្យខ្ញុំនឹកចាំ អំពីការអធិស្ឋានរយៈពេលខ្លី និងការអធិស្ឋានដែលចំណាយពេលយូរ ដែលសុទ្ធតែមានការចាំបាច់ដូចគ្នា។ ជារៀងរាល់ថ្ងៃ យើងចាំបាច់ត្រូវមានការអធិស្ឋានរយៈពេលខ្លី មុនពេលយើងចេញដំណើរ ឬមុនពេលញាំអាហារជាដើម។ តែជាញឹកញាប់ យើងក៏ត្រូវការចំណាយពេលអធិស្ឋាន នៅកន្លែងស្ងប់ស្ងាត់ ឲ្យបានរយៈពេលវែង ដែលតម្រូវឲ្យយើងមានការផ្តោតចិត្ត និងបង្កើនភាពស្និទ្ធស្នាលជាមួយទ្រង់កាន់តែខ្លាំង។ ការអធិស្ឋានទាំងពីរប្រភេទ សុទ្ធតែមានចំណែក និងតួនាទីយ៉ាងសំខាន់ ចំពោះជីវិតរបស់យើង។
មុនពេលព្រះយេស៊ូវយាងឡើងនគរស្ថានសួគ៌វិញ ទ្រង់បានអធិស្ឋានជាញឹកញាប់ ហើយជួនកាល ទ្រង់អធិស្ឋានអស់រយៈពេលយូរ(លូកា ៦:១២ ម៉ាកុស ១៤:៣២-៤២)។ ចូរយើងថ្វាយចិត្តយើងដាច់ដល់ទ្រង់ នៅពេលយើងអធិស្ឋាន ទោះការអធិស្ឋាននោះ មានរយៈពេលវែងឬខ្លីក្តី។-Dave Branon