សង្រ្គាមដែលព្រះទ្រង់បានឈ្នះ
ថ្ងៃទី២៨ ខែកក្ដដា ឆ្នាំ២០១៤ ជាគំរប់ខួប១០០ឆ្នាំ នៃការចាប់ផ្តើម នៃសង្រ្គាមលោកលើកទី១។ ក្នុងប្រព័ន្ធផ្សព្វផ្សាយរបស់ប្រទេសអង់គ្លេស មានការពិភាក្សា និងភាពយន្តឯកសារជាច្រើន ត្រូវបានចាក់ផ្សាយអំពីការចាប់ផ្តើម នៃសង្រ្គាមដែលមានរយៈពេល៤ឆ្នាំនេះ។ សូម្បីតែក្នុងកម្មវិធីទូរទស្សន៍របស់លោក ស៊ែលហ្វ្រីជ(Selfridge) ដែលមានមូលដ្ឋាននៅក្នុងផ្សាទំនើបមួយ ក្នុងទីក្រុងឡុងដ៍ ក៏បានរាប់បញ្ចូលវីដេអូឯកសារមួយភាគ ស្តីអំពីសម័យឆ្នាំ១៩១៤ ដែលបានបង្ហាញអំពីបុគ្គលិកវ័យក្មេងជាច្រើន បានតម្រង់ជួរ ដើម្បីស្ម័គ្រចិត្តចូលបម្រើកងទ័ព។ ខណៈពេលដែលខ្ញុំកំពុងសង្កេតមើល ការបង្ហាញចេញនូវការលះបង់អាត្មាខ្លួនឯង របស់យុវជនទាំងនោះ ខ្ញុំមានការរំភើបចិត្តយ៉ាងខ្លាំង។ ទាហានដែលខ្ញុំឃើញក្នុងវីដេអូឯកសារនោះ មានវ័យក្មេងណាស់ ពួកគេមានចិត្តអន្ទះសារចង់ចូលធ្វើទាហាន ប្រយុទ្ធនឹងពួកឈ្លានពាន ហើយមើលទៅមិនទំនងជាអាចគេចចេញ ពីការភ័យរន្ធត់ ក្នុងលានដ្ឋាន នៅសមរភូមិបានឡើយ។
ទោះបីជាព្រះយេស៊ូវមិនបានយាងទៅសមរភូមិប្រយុទ្ធនឹងខ្មាំងសត្រូវក្នុងលោកិយនេះក៏ដោយ ក៏ទ្រង់ពិតជាបានយាងទៅឈើឆ្កាង ដើម្បីប្រយុទ្ធឈ្នះខ្មាំងសត្រូវដ៏ធំបំផុត គឺអំពើបាប និងសេចក្តីស្លាប់។ ព្រះយេស៊ូវបានយាងមកក្នុងលោកិយនេះ ដើម្បីបង្ហាញសេចក្តីស្រឡាញ់របស់ព្រះ តាមរយៈការប្រព្រឹត្ត ហើយដើម្បីទទួលការសុគតដ៏រន្ធត់ ដើម្បីឲ្យយើងអាចទទួលការអត់ទោសបាប។ ហើយទ្រង់ថែមទាំងបានត្រៀមអត់ទោសបាប ឲ្យមនុស្សដែលបានវាយដំ និងឆ្កាងទ្រង់ផងដែរ(លូកា ២៣:៣៤)។ ទ្រង់បានឈ្នះសេចក្តីស្លាប់ ដោយសារការមានព្រះជន្មឡើងវិញ ហើយសព្វថ្ងៃនេះ យើងអាចធ្វើជាផ្នែកមួយនៃមហាគ្រួសាររបស់ព្រះ ជារៀងរហូត(យ៉ូហាន ៣:១៣-១៦)។
ការប្រារព្ធខួប និងការរំឭកជាប្រវត្តិសាស្រ្ត បានធ្វើឲ្យយើងនឹកចាំអំពីព្រឹត្តិការណ៍ប្រវត្តិសាស្រ្ត និងស្នាដៃរបស់វីរជនទំាងឡាយ។ តែឈើឆ្កាងបានរំឭកយើង អំពីការឈឺចាប់នៃការសុគតរបស់ព្រះយេស៊ូវ និងតម្លៃនៃការលះបង់របស់ទ្រង់ ដើម្បីឲ្យយើងបានសេចក្តីសង្រ្គោះ។-Marion…
សត្វខ្លាឃ្មំឈ្មោលពីរក្បាលឈ្លោះគ្នា
ជាច្រើនឆ្នាំកន្លងមក ខារ៉ូលីន(Carolyn) ភរិយារបស់ខ្ញុំ បានចំណាយពេលបោះជំរុំជាមួយខ្ញុំពីរបីថ្ងៃ នៅតាមចង្កេះភ្នំ រេនា ក្នុងរដ្ឋវ៉ាស៊ីនតុន។ នៅពេលល្ងាចថ្ងៃមួយ ពេលយើងវិលត្រឡប់មកកន្លែងបោះជំរុំយើងវិញ យើងក៏បានឃើញសត្វខ្លាឃ្មំឈ្មោលពីក្បាល កំពុងឈ្លោះគ្នា ដោយទះស្លឹកត្រចៀកគ្នាទៅវិញទៅមក នៅកណ្តាលវាលស្មៅ។ យើងក៏បាននៅមើលពួកវាប្រយុទ្ធគ្នា ពីចម្ងាយ។ មានអ្នកដើរព្រៃម្នាក់ នៅក្បែរនោះ ហើយខ្ញុំក៏បានសួរគាត់ថា ហេតុអ្វីបានជាពួកវាឈ្លោះគ្នា។ គាត់ក៏បានប្រាប់ថា “គឺមកពីខ្លាឃ្មំញីមួយក្បាល”។ ខ្ញុំក៏សួរថា “ខ្លាឃ្មំញីនោះនៅឯណា?” គាត់ឆ្លើយទាំងសើចក្អឹកៗថា “អូហ៍ វាទៅបាត់២០នាទីហើយ”។ ដូចនេះ ខ្ញុំក៏បានសន្និដ្ឋានថា ជម្លោះរវាងសត្វខ្លាឃ្មំឈ្មោលទាំងពីរ មិនមែនដោយសារមេខ្លាឃ្មំទេ ត្រង់ចំណុចនេះ គឺមកពីពួកវាចង់ប្រកួត ឲ្យដឹងថា មួយណាខ្លាំងជាង។
ការប្រយុទ្ធភាគច្រើន មិនមែនដើម្បីគោលនយោបាយ ឬគោលការណ៍ ឬដើម្បីរកខុសត្រូវឡើយ តែគឺដោយសារអំណួត ស្ទើរតែគ្រប់ពេល។ អ្នកប្រាជ្ញ ដែលនិពន្ធបទគម្ពីរសុភាសិត បានជីកចំឫសនៃបញ្ហាទាំងឡាយ ពេលដែលគាត់សរសេរថា “ផលនៃសេចក្តីឆ្មើងឆ្មៃ(ឬអំណួត) នោះមានតែការទាស់ទែងគ្នាប៉ុណ្ណោះ”(១៣:១០)។ ជម្លោះត្រូវបានដុតបញ្ឆេះ ដោយសារអំណួត ដែលចង់ឲ្យគេគិតថា ខ្លួនត្រូវ ឬចង់ធ្វើអ្វីៗតាមចិត្តខ្លួនឯង ឬមួយចង់ការពារមុខមាត់ ឬតម្លៃរបស់ខ្លួនឯង។
ផ្ទុយទៅវិញ ប្រាជ្ញានៅជាប់នឹងអ្នកដែលទទួលការអប់រំបានល្អ គឺអ្នកដែលបានស្តាប់ និងរៀនសូត្រ ដោយបើកចិត្តនិងបន្ទាបខ្លួនទទួលការបង្រៀន។ ប្រាជ្ញាមាននៅក្នុងអ្នកដែលចេះបន្ទាបខ្លួន អ្នកដែលដោះក្តីប្រាថ្នាដ៏ខ្ពស់របស់ខ្លួនចេញ…
ក្នុងសួនច្បារនោះ
បុព្វបុរសរបស់ខ្ញុំស្ថិតក្នុងចំណោមជនជាតិស្បែកសរ ដែលមកតាំងទីលំនៅមុនគេ នៅក្នុងទឹកដីមីឈីហ្គិន។ ពួកគេបានកាប់ឆ្កាព្រៃ ដើម្បីយកដីធ្វើស្រែចំការ ហើយក៏បានបង្កើតច្បារដំណាំធ្វើជាអាហារ សម្រាប់ក្រុមគ្រួសាររបស់ពួកគេ នៅសម័យនោះ។ ការប្រកបរបរកសិកម្មនេះ បានផ្ទេរមកអ្នកជំនាន់ក្រោយ។ ឪពុកខ្ញុំបានធំធាត់ក្នុងកសិដ្ឋានមួយ ក្នុងរដ្ឋមីឈិហ្គិន ហើយគាត់ក៏ចូលចិត្តដាំដំណាំផងដែរ ហេតុនេះហើយ បានជាខ្ញុំចូលចិត្តដាំដំណាំ និងចូលចិត្តក្លឹនរបស់ដីដែលមានជីជាតិ។ កាលពីមុន ខ្ញុំចូលចិត្តដាំដំណាំដែលចេញផ្កាដ៏ស្រស់ស្អាត និងថែរទំាដើមផ្កាកូលាប ដែលជួយឲ្យទីធ្លាផ្ទះខ្ញុំ មានសោភ័ណ្ឌភាពល្អ និងមានក្លិនក្រអូបប្រហើរ។ បើសិនជាគ្មានរុក្ខជាតិចង្រៃដុះក្នុងដីខ្ញុំទេ នោះមិនដឹងជាល្អយ៉ាងណាទេ។
ពេលដែលខ្ញុំមានការពិបាកនៅក្នុងការសម្អាតរុក្ខជាតិចង្រៃទាំងនោះ ខ្ញុំក៏បាននឹកចាំអំពីសួនច្បារអេដែន ដែលធ្លាប់ធ្វើជាសួនច្បារដ៏ល្អឥតខ្ចោះ មុនពេលអ័ដាំម និងនាងអេវ៉ា មិនស្តាប់បង្គាប់ព្រះ ហើយបន្លា និងអញ្ចាញក៏បាននាំឲ្យមានការពិបាកដល់អ្នកទាំងពីរ និងកសិករម្នាក់ៗ ចាប់តាំងពីពេលនោះមក(លោកុប្បត្តិ ៣:១៧-១៨)។
ព្រះគម្ពីរក៏បានចែងអំពីសួនច្បារមួយទៀត គឺសួនច្បារគែតសេម៉ានី ដែលនៅទីនោះ ព្រះគ្រីស្ទទ្រង់មានការពិបាកព្រះទ័យយ៉ាងខ្លាំង បានជាទ្រង់ទូលអង្វរដល់ព្រះវរបិតា ឲ្យស្វែងរកផ្លូវផ្សេងទៀត ដើម្បីលោះអំពើបាប ដែលបានចាប់ផ្តើមមានតាំងពីសម័យសួនច្បារអេដែន។ នៅសួនច្បារគែតសេម៉ានី ព្រះយេស៊ូវក៏បានចុះចូល នឹងព្រះទ័យព្រះវរបិតា ដោយព្រះបន្ទូលថា “សូមតាមព្រះហឫទ័យទ្រង់ចុះ” ដែលនេះជាពាក្យនៃការស្តាប់បង្គាប់ព្រះវរបិតាទាំងស្រុង នៅចំពោះមុខនៃទុក្ខវេទនាដ៏ធំ(ម៉ាថាយ ២៦:៤២)។
ដោយសារព្រះយេស៊ូវបានចុះចូលព្រះទ័យព្រះវរបិតា ក្នុងសួនច្បារគែតសេម៉ានី នោះយើងអាចច្រូតកាត់ផល នៃព្រះគុណដ៏អស្ចារ្យរបស់ទ្រង់ ក្នុងពេលបច្ចុប្បន្ន។-Joe Stowell
ជួយជ្រោងទូលបង្គំឡើង
បន្ទាប់ពីខ្ញុំ លែងបានទៅធ្វើដំណើរកម្សាន្តជាគ្រួសារជាមួយឪពុកម្តាយខ្ញុំ ខ្ញុំកម្រនឹងបានទៅសួរសុខទុក្ខជីដូនជីតាខ្ញុំ ដែលរស់នៅឆ្ងាយពីយើងរាប់រយគីឡូម៉ែត្រ។ ដូចនេះ មានពេលឆ្នាំមួយ ខ្ញុំក៏បានសម្រេចចិត្តធ្វើដំណើរតាមយន្តហោះ ទៅលេងពួកគាត់ ក្នុងក្រុងដ៏តូច នៅតំបន់លែន អូ លេក រដ្ឋវីសខុនស៊ីន នៅចុងសប្តាហ៍។ នៅតាមផ្លូវ ពេលយើងជិះឡានមកអាកាសយាន្តដ្ឋានព្រោះខ្ញុំត្រូវដល់ពេលជិះយន្តហោះត្រឡប់មកវិញ យាយរបស់ខ្ញុំដែលមិនធ្លាប់ជិះយន្តហោះពីមុនមក ក៏បានបង្ហាញការភ័យខ្លាចចំពោះខ្ញុំ។ គាតសួរខ្ញុំថា “មើលទៅយន្តហោះដែលចៅជិះតូចណាស់ … ដូចជាគ្មានអ្វីទ្រចៅ ឲ្យមានសុវត្ថិភាពសោះ មែនទេ? … យាយខ្លាចណាស់ មិនហ៊ានជិះយន្តហោះបើកឡើងទៅលើខ្ពស់អញ្ចឹងទេ”។ នៅពេលខ្ញុំបានឡើងជិះយន្តហោះដ៏តូចនោះ ខ្ញុំក៏មានការភ័យខ្លាចដូចពេលខ្ញុំជិះយន្តហោះលើកដំបូងផងដែរ។ តើមានអ្វីដែលកំពុងទ្រយន្តហោះនេះ ឲ្យមានសុវត្ថិភាព?
យើងមិនចាំបាច់ត្រូវមានការភ័យខ្លាចឡើយ ទោះការភ័យខ្លាចនោះ សមហេតុផលឬអត់ក៏ដោយ។ ស្តេចដាវីឌធ្លាប់មានការភ័យខ្លាច ចំពោះស្តេចសូលដែលតាមប្រម៉ាញ់ទ្រង់ ព្រោះស្តេចសូលមានការច្រណែននឹងដាវីឌ ដែលមានប្រជាប្រិយភាពជាងទ្រង់។ តែស្តេចដាវីឌក៏បានរកឃើញការកម្សាន្តចិត្តដ៏ពិត នៅក្នុងការប្រកបស្និទ្ធស្នាលជាមួយព្រះ។ ក្នុងបទគម្ពីរ ទំនុកដំកើង ជំពូក៣៤ ទ្រង់បានសរសេរថា “ខ្ញុំបានស្វែងរកព្រះយេហូវ៉ា ហើយទ្រង់ក៏ឆ្លើយតបមកខ្ញុំ ក៏ប្រោសឲ្យខ្ញុំរួចពីអស់ទាំងសេចក្តីភិតភ័យរបស់ខ្ញុំ”(ខ.៤)។
ព្រះវរបិតានៃយើងដែលគង់នៅស្ថានសួគ៌ ទ្រង់មានគ្រប់ប្រាជ្ញា និងមានពេញដោយក្តីស្រឡាញ់។ ពេលការភ័យខ្លាចចាប់ផ្តើមសន្ធប់មកលើយើង យើងចាំបាច់ត្រូវឈប់បង្អង់សិន ហើយនឹកចាំថា ទ្រង់ជាព្រះរបស់យើង ហើយទ្រង់នឹងតែងតែទ្រយើងឲ្យមានសេចក្តីសុខសាន្តជានិច្ច។-Cindy Hess Kasper
ក្លិនដ៏ក្រអូប និងសំបុត្រ
រៀងរាល់ពេលដែលខ្ញុំ បាននៅក្បែរដើមផ្កាកូលាប ឬបាច់ផ្កា ខ្ញុំមិនអាចទប់ចិត្តខ្លួនឯង ដែលចេះតែចង់ទាញផ្កាមួយទង មកដាក់ច្រមុះខ្ញុំ ដើម្បីស្រង់ក្លិនដ៏ក្រអូបរបស់វា។ ក្លិនដ៏ក្រអូបបានធ្វើឲ្យចិត្តខ្ញុំរំភើបរីករាយ និងមានអារម្មណ៍ល្អ។
ពេលសាវ័កប៉ុលសរសេរសំបុត្រផ្ញើទៅពួកជំនុំនៅក្នុងកូរិនថូស កាលពីសវត្សរ៍ទី១ គាត់បានមានប្រសាសន៍ថា ដោយសារយើងជាកម្មសិទ្ធិរបស់ព្រះគ្រីស្ទ នោះព្រះទ្រង់ បានផ្សាយក្លិនពីដំណើរដែលពួកគេស្គាល់ព្រះ ឲ្យបានសុសសាយទួទៅគ្រប់កន្លែង(២កូរិនថូស ២:១៤)។ ដោយពឹងផ្អើកលើកម្លាំងរបស់ព្រះ នោះយើងអាចរស់នៅក្នុងជីវិត ដែលមានជ័យជម្នះ ដោយជំនួសភាពអាត្មានិយមរបស់យើង ដោយសេចក្តីស្រឡាញ់ និងភាពសប្បុរសរបស់ទ្រង់ ហើយប្រកាសដំណឹងល្អនៃសេចក្តីសង្រ្គោះទ្រង់។ កាលណាយើងបានអនុវត្តដូចនេះហើយ យើងក៏បានក្លាយជាក្លិនដ៏ក្រអូប ដល់ព្រះអម្ចាស់។
បន្ទាប់មក សាវ័កប៉ុលក៏បានពិពណ៌នាថា គ្រីស្ទបរិស័ទ ជា “សំបុត្ររបស់ព្រះគ្រីស្ទ”(៣:៣)។ សំបុត្រនៃជីវិតរបស់យើង មិនត្រូវបានសរសេរដោយទឹកខ្មៅធម្មតាឡើយ តែដោយព្រះវិញ្ញាណនៃព្រះ។ ព្រះទ្រង់បានកែប្រែយើង ដោយសរសើរព្រះបន្ទូលទ្រង់ ជាប់ក្នុងចិត្តយើង សម្រាប់ឲ្យអ្នកដទៃអាន។
ការប្រៀបធៀបទាំងពីរនេះ បានលើកទឹកចិត្តយើង ឲ្យរស់នៅឲ្យបានល្អ ដើម្បីឲ្យគេបានឃើញសិរីល្អរបស់ព្រះគ្រីស្ទ នៅក្នុងជីវិតយើង ហើយយើងអាចនាំគេឲ្យជឿទ្រង់។ គឺដូចដែលមានចែងក្នុងបទគម្ពីរ អេភេសូរ ៥:២ ថា ទ្រង់ជាព្រះ ដែល “ស្រឡាញ់យើង ព្រមទាំងប្រគល់ព្រះអង្គទ្រង់ជំនួសយើងផង ទុកជាដង្វាយ ហើយជាយញ្ញបូជា សំរាប់ជាក្លិនឈ្ងុយថ្វាយដល់ព្រះ”។-Lawrence Darmani
ផែនការរបស់ព្រះ
មេបញ្ជាការត្រូវមានផែនការដ៏គ្រប់ជ្រុងជ្រោយ សម្រាប់ធ្វើសង្រ្គាម តែមុនពេលសង្រ្គាមនីមួយៗចាប់ផ្តើម គាត់ប្រហែលជាត្រូវទទួលបញ្ជាថ្មីៗពីថ្នាក់លើ ហើយចេញបញ្ជាថ្មីនោះទៅថ្នាក់ក្រោមគាត់។ ក្នុងនាមជាអ្នកដឹកនាំប្រជាជនអ៊ីស្រាអែល លោកយ៉ូស្វេក៏ត្រូវរៀនមេរៀនមួយនេះផងដែរ។ បន្ទាប់ពីរាស្រ្តរបស់ព្រះបានចំណាយពេល៤០ឆ្នាំ ក្នុងវាលរហោស្ថាន ព្រះទ្រង់ក៏បានជ្រើសរើសលោកយ៉ូស្វេឲ្យដឹកនាំពួកគេ ចូលទឹកដីសន្យា ដែលទ្រង់បានសន្យាប្រទានពួកគេ។
ក្នុងការចូលកាន់កាប់ទឹកដីសន្យា ទីមាំមួនទីមួយ ដែលពួកគេត្រូវជួបប្រទះនោះ គឺទីក្រុងយេរីខូ។ មុនពេលសង្រ្គាមចាប់ផ្តើម លោកយ៉ូស្វេបានឃើញ “មេបញ្ជាការរបស់កងទ័ពនៃព្រះអម្ចាស់”(គេជឿថា នោះជាព្រះអម្ចាស់) កំពុងឈរនៅពីមុខគាត់ ដោយមានដាវកាន់នៅព្រះហស្តទ្រង់ស្រាប់។ លោកយ៉ូស្វេក៏បានក្រាបថ្វាយបង្គំទ្រង់។ អាចនិយាយបានម្យ៉ាងទៀតថា លោកយ៉ូស្វេបានទទួលស្គាល់ភាពធំប្រសើររបស់ព្រះ និងភាពតូចទាបរបស់គាត់។ បន្ទាប់មក គាត់ក៏បានសួរថា “ព្រះអម្ចាស់ នៃទូលបង្គំ ចង់មានព្រះបន្ទូលដល់ទូលបង្គំ ជាបាវបំរើទ្រង់ ថាដូចម្តេច?”(យ៉ូស្វេ ៥:១៤) លោកយ៉ូស្វេបានទទួលជ័យជម្នះ នៅទីក្រុងយេរីខូ ព្រោះគាត់បានធ្វើតាមព្រះរាជបញ្ជារបស់ព្រះអម្ចាស់។
នៅពេលក្រោយមកទៀត លោកយ៉ូស្វេនិងប្រជាជនរបស់គាត់ “ទូលសួរព្រះអម្ចាស់” ឲ្យទ្រង់ដឹកនាំពួកគេ(៩:១៤)។ ហេតុនេះហើយ ពួកសត្រូវក៏បានបោកបញ្ឆោតពួកគេឲ្យធ្វើកិច្ចព្រមព្រៀងសន្តិភាពជាមួយសាសន៍គីបៀន ដែលជាខ្មាំងសត្រូវក្នុងទឹកដីកាណាន។ ការនេះបានធ្វើឲ្យព្រះអម្ចាស់មិនសព្វព្រះទ័យ ហើយពួកគេក៏ទទួលលទ្ធផលអាក្រក់ជាច្រើន(ខ.៣-២៦)។
យើងក៏ត្រូវពឹងផ្អែកលើព្រះអម្ចាស់ផងដែរ ពេលដែលយើងជួបការពិបាក ក្នុងជីវិត។ ទ្រង់សព្វព្រះទ័យឲ្យយើងចូលទៅជិតទ្រង់ នៅថ្ងៃនេះ ដោយការបន្ទាបខ្លួន។ ហើយទ្រង់នឹងនៅតែគង់នៅក្បែរយើង រង់ចាំដឹកនាំយើងនៅថ្ងៃស្អែកទៀត។-Keila Ochoa
រលកនៃក្តីសង្ឃឹម
កាលពីឆ្នាំ ១៩៦៦ លោករ៉ូបឺត ខេនេឌី((Robert Kennedy) ដែលជាសមាជិកព្រឹទ្ធសភាអាមេរិក បានធ្វើដំណើរទស្សនៈកិច្ចដ៏មានឥទ្ធិពល មកប្រទេសអាហ្វ្រិកខាងត្បូង។ នៅពេលនោះ គាត់ក៏បានថ្លែងពាក្យពេចន៍នៃសេចក្តីសង្ឃឹម ដល់អ្នកប្រយុទ្ធប្រឆាំងនឹងរបបបែងចែកពូជសាសន៍ ក្នុងការថ្លែងសន្ទរកថា ដ៏ល្បីល្បាញដែលមានចំណងជើងថា “រលកនៃក្តីសង្ឃឹម” នៅសកលវិទ្យាល័យខេព ថោន។ ក្នុងការថ្លែងសន្ទរកថានោះ គាត់បានប្រកាសថា “រៀងរាល់ពេលដែលមនុស្សម្នាក់ ក្រោកឈរឡើង ដើម្បីឧត្តមគតិរបស់ខ្លួន ឬធ្វើសកម្មភាព ដើម្បីជួយមនុស្សជាច្រើនឲ្យមានភាពប្រសើរឡើង ឬក៏ប្រយុទ្ធប្រឆាំងនឹងអំពើអយុត្តិធម៌ គឺមានន័យថា គាត់បានបញ្ជូនរលកដ៏តូចនៃក្តីសង្ឃឹមចេញទៅ ហើយទីប្រជុំផ្សេងៗរាប់លាន របស់ថាមពល និងសេចក្តីក្លាហាន ក៏បានបញ្ចេញរលកនៃក្តីសង្ឃឹមជាច្រើនឲ្យប្រសព្វគ្នា បង្កើតជាចរន្តទឹកមួយ ដែលអាចផ្តួលរំលំជញ្ជាំងដ៏ខ្លាំងបំផុតនៃការគៀបសង្កត់ និងការតស៊ូ”។
ក្នុងពិភពលោកសព្វថ្ងៃ ក្តីសង្ឃឹមហាក់ដូចជាក្សត់ណាស់។ តែក្តីសង្ឃឹមដ៏ស្ថិតស្ថេរ មានសម្រាប់អ្នកដើរតាមព្រះគ្រីស្ទជានិច្ច។ សាវ័កពេត្រុសបានមានប្រសាសន៍ថា “សូមសរសើរដល់ព្រះដ៏ជាព្រះវរបិតានៃព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើងរាល់គ្នា ដែលទ្រង់បានបង្កើតយើងឡើងជាថ្មី តាមសេចក្តីមេត្តាករុណាដ៏ធំរបស់ទ្រង់ ដើម្បីឲ្យយើងរាល់គ្នាបានសេចក្តីសង្ឃឹមដ៏រស់ ដោយសារព្រះយេស៊ូវគ្រីស្ទ ទ្រង់រស់ពីស្លាប់ឡើងវិញ”(១ពេត្រុស ១:៣)។
ដោយសារព្រះគ្រីស្ទពិតជាបានមានព្រះជន្មរស់ឡើងវិញមែន នោះកូនរបស់ព្រះមានក្តីសង្ឃឹមដ៏ស្ថិតស្ថេរ គឺលើសពីរលកនៃក្តីសង្ឃឹមទៅទៀត។ ក្តីសង្ឃឹមនោះ ជាចរន្តទឹកដែលគ្មានអ្វីអាចទប់បាន នៃការទុកចិត្តលើភាពស្មោះត្រង់ របស់ព្រះមួយអង្គដែលបានឈ្នះសេចក្តីស្លាប់ ដើម្បីយើងរាល់គ្នា។ ព្រះយេស៊ូវបានឈ្នះសេចក្តីស្លាប់ ដែលជាខ្មាំងសត្រូវដ៏ធំបំផុតរបស់យើង ដូចនេះទ្រង់អាចប្រទានក្តីសង្ឃឹម ដល់ស្ថានភាពដែលអស់សង្ឃឹមបំផុត។-Bill Crowder
នៅមានវគ្គបន្ត…
ដោយសារខ្ញុំបានចម្រើនវ័យធំឡើង ក្នុងទសវត្សរ៍ឆ្នាំ១៩៥០ ខ្ញុំច្រើនតែទៅមើលកុនថ្ងៃសៅរ៍ ក្នុងរោងភាពយន្តក្នុងតំបន់មួយកន្លែង។ ក្រៅពីខ្សែភាពយន្តគំនូរជីវចល និងខ្សែភាពយន្តល្បីៗ គេក៏មានចាក់បញ្ចាំងរឿងភាគបែបផ្សងព្រេង ដែលនៅចុងបញ្ចប់នៃភាគនីមួយៗ តួរអង្គវីរៈបុរស ឬវីរៈនារីបានប្រឈមមុននឹងស្ថានភាពដែលពិបាកបំផុត។ ពួកគេហាក់ដូចជាទាល់ច្រករកផ្លូវចេញមិនឃើញទេ តែភាគនីមួយៗបានបញ្ចប់ដោយពាក្យថា “សូមរង់ចាំទស្សនាវគ្គបន្ត…”។
យ៉ាងណាមិញ សាវ័កប៉ុលក៏ធ្លាប់ជួបស្ថានភាពដែលគំរាមកំហែងជីវិតគាត់ផងដែរ។ គាត់ត្រូវគេដាក់គុក វាយដំ ចោលនឹងថ្មសម្លាប់ ហើយក៏ធ្លាប់ឆ្លងកាត់គ្រោះថ្នាក់សំពៅលិចផង ដោយសារគាត់ព្យាយាមនាំដំណឹងល្អព្រះយេស៊ូវគ្រីស្ទ ទៅប្រាប់មនុស្សទាំងឡាយ។ គាត់ដឹងថា ថ្ងៃណាមួយ គាត់នឹងស្លាប់ តែគាត់មិនដែលគិតថា រឿងនៃជីវិតគាត់នឹងត្រូវចប់តែប៉ុណ្ណឹងឡើយ។ គឺដូចដែលគាត់បានសរសេរសំបុត្រទៅកាន់គ្រីស្ទបរិស័ទ នៅក្រុងកូរិនថូសថា “កាលណារូបកាយពុករលួយនេះ បានប្រដាប់ដោយសេចក្តីមិនពុករលួយ ហើយរូបកាយដែលតែងតែស្លាប់នេះ បានប្រដាប់ដោយសេចក្តីមិនចេះស្លាប់វិញ នោះទើបនឹងបានសំរេចតាមពាក្យ ដែលចែងទុកមកថា «សេចក្តីជ័យជំនះបានលេបសេចក្តីស្លាប់បាត់ហើយ»”(១កូរិនថូស ១៥:៥៤)។ សាវ័កប៉ុលមានចិត្តឆេះឆួលចង់ប្រាប់អ្នកដទៃថា ព្រះយេស៊ូវដែលជាព្រះសង្រ្គោះនៃយើង បានលះបង់ព្រះជន្ម នៅលើឈើឆ្កាង ដើម្បីឲ្យយើងអាចទទួលការអត់ទោសបាប ហើយមានជីវិតអស់កល្បជានិច្ច ដោយទទួលជឿទ្រង់។
ជីវិតយើងមិនដូចតួឯកដែលជាវីរៈបុរសក្នុងខ្សែភាពយន្ត ដែលតែងតែអាចជៀសផុតសេចក្តីស្លាប់ម្តងហើយម្តងទៀតនោះឡើយ។ ថ្ងៃណាមួយ ជីវិតយើងនៅលើផែនដីនឹងត្រូវបញ្ចប់ ដោយសារសេចក្តីស្លាប់ ឬដោយសារព្រះយេស៊ូវយាងមកវិញជាលើកទីពីរ។ តែដោយសារព្រះគុណ និងសេចក្តីមេត្តារបស់ព្រះ នោះរឿងនៃជីវិតរបស់អ្នក ហើយនិងខ្ញុំ “នៅមានវគ្គបន្ត…”។-David McCasland
មេសោរស្នេហា
មេសោរស្នេហា គឺជាបាតុភូតិដែលកំពុងមានការរីករាលដាលកាន់តែខ្លាំង។ មនុស្សរាប់ពាន់នាក់ ជាគូរស្នេហ៍ បានយកមេសោររបស់ពួកគេមកចាក់ជាប់នឹងស្ពាន ទ្វាររបង និងនៅតាមរបងនានា នៅក្នុងតំបន់ជាច្រើន ក្នុងពិភពលោក ដែលរួមមាន ប្រទេសបារាំង ចិន អូទ្រីស សាធារណៈរដ្ឋចេក សឺបៀ អេស្ពាញ មិចស៊ីចកូ អៀរឡង់ខាងជើង ។ល។ គូស្នេហ៍ទាំងឡាយបានឆ្លាក់ឈ្មោះរបស់ខ្លួន នៅលើមេសោរ រួចយកវាទៅចាក់ជាប់នឹងកន្លែងសាធារណៈ ធ្វើជានិមិត្តរូបតំណាងឲ្យសេចក្តីស្រឡាញ់ដ៏ស្ថិតស្ថេររបស់ពួកគេ។ អាជ្ញាធរនៅកន្លែងខ្លះបានហាមមិនឲ្យពួកគេធ្វើដូចនេះ ព្រោះខ្លាចគ្រោះថ្នាក់ ដែលអាចបណ្តាលមកពីសោរ ដែលគេបានចាក់ភ្ជាប់ច្រើនពេក។ អ្នកខ្លះគិតថា ការចាក់សោរស្នេហានៅទីសាធារណៈ ជាការបំផ្លាញទ្រព្យសម្បត្តិសាធារណៈ តែអ្នកខ្លះទៀតបានគិតថា វាជាសិល្បៈដ៏ស្រស់ស្អាត និងជារូបភាពនៃសេចក្តីស្រឡាញ់ដែលប្តូរប្តេជ្ញ។
យ៉ាងណាមិញ ព្រះអម្ចាស់បានបង្ហាញយើង នូវ “សេចក្តីស្រឡាញ់ដ៏អស់កល្បជានិច្ច” ដ៏ពិតប្រាកដ នៅទីសាធារណៈ។ ទ្រង់បានបង្ហាញសេចក្តីស្រឡាញ់របស់ទ្រង់ នៅលើឈើឆ្កាង ពេលដែលទ្រង់បានលៈបង់ព្រះជន្មទ្រង់ ដើម្បីប្រទានការអត់ទោស ចំពោះអំពើបាបរបស់មនុស្ស។ ហើយសព្វថ្ងៃនេះ ទ្រង់នៅតែបន្តបង្ហាញសេចក្តីស្រឡាញ់ទ្រង់ ជារៀងរាល់ថ្ងៃ។ សេចក្តីសង្រ្គោះមិនគ្រាន់តែជាការសន្យាថា យើងនឹងបានទៅនៅជាមួយព្រះអស់កល្បជានិច្ចប៉ុណ្ណោះទេ តែថែមទាំងជាការពិសោធន៍ជារៀងរាល់ថ្ងៃ ជាមួយនឹងការអត់ទោសបាប ការធានា ការផ្គត់ផ្គង់របស់ព្រះ និងព្រះគុណ នៅក្នុងទំនាក់ទំនងដែលយើងមានជាមួយទ្រង់។ សេចក្តីស្រឡាញ់របស់ព្រះយេស៊ូវ បានធ្វើជាមូលដ្ឋានគ្រឹះ និងគំរូ ដែលសាវ័កប៉ុលបានលើកទឹកចិត្តយើង ឲ្យយកតម្រាប់តាម…
អំណាចរបស់មនុស្ស
ពេលបុរសម្នាក់កំពុងឡើងជិះរថភ្លើង ក្នុងក្រុងភើត ប្រទេសអូស្រ្តាលី គាត់ក៏បានរអិលជើង ចូលទៅក្នុងចន្លោះរវាងទូរថភ្លើង និងកម្រាលឥដ្ឋរបស់ស្ថានីយ ជាប់ដកមិនរួច។ ពេលនោះ មានអ្នកដំណើររាប់សិបនាក់បានប្រញាប់មកជួយគាត់។ ពួកគេក៏បានប្រើកម្លាំងសាមគ្គីរួមគ្នារុញរថភ្លើង ឲ្យផ្អៀងទៅម្ខាង ដើម្បីឲ្យបុរសនោះអាចដកជើងចេញពីប្រលោះនោះបាន ដោយសុវត្ថិភាព។ លោកដាវីឌ ហាញន៍(David Hynes) ដែលជាអ្នកនាំពាក្យរបស់សេវាកម្មរថភ្លើង បានមានប្រសាសន៍ នៅក្នុងការសំភាសថា “ពួកគេម្នាក់ៗបានចូលរួមក្នុងការជួយសង្រ្គោះគាត់ ដោយគ្មានការស្ទាក់ស្ទើរ។ គឺដោយសារអំណាចនៃការសាមគ្គីរបស់មនុស្ស ដែលមនុស្សម្នាក់ត្រូវបានជួយសង្រ្គោះឲ្យរួចពីគ្រោះថ្នាក់ ដែលអាចបណ្តាលឲ្យមានរបួសធ្ងន់”។
ក្នុងបទគម្ពីរអេភេសូរ ជំពូក៤ យើងឃើញថា ព្រះទ្រង់បានប្រើអំណាចនៃការរួបរួមរបស់មនុស្ស ដើម្បីកសាងមហាគ្រួសាររបស់ទ្រង់។ ទ្រង់បានប្រទានឲ្យយើងម្នាក់ៗ មានអំណោយទានដ៏ពិសេស នៃព្រះគុណទ្រង់(ខ.៧) សម្រាប់បំពេញគោលបំណងដ៏ជាក់លាក់មួយ ដើម្បីឲ្យ “រូបកាយទាំងមូលបានផ្គុំ ហើយភ្ជាប់គ្នាមកអំពីទ្រង់ ដោយសារគ្រប់ទាំងសន្លាក់ដែលផ្គត់ផ្គង់ឲ្យ តាមខ្នាតការងាររបស់អវយវៈនិមួយៗ នោះរូបកាយបានបង្កើនឡើង ដើម្បីនឹងស្អាងខ្លួន ក្នុងសេចក្តីស្រឡាញ់”(ខ.១៦)។
មនុស្សម្នាក់ៗ មានកិច្ចការដែលត្រូវធ្វើ ក្នុងមហាគ្រួសាររបស់ព្រះ គឺគ្មានអ្នកឈរមើលទេ។ ក្នុងមហាគ្រួសារនៃព្រះ យើងយំ យើងសើចជាមួយគ្នា។ យើងជួយសម្រាលបន្ទុកគ្នាទៅវិញទៅមក។ យើងអធិស្ឋានឲ្យ ហើយលើកទឹកចិត្តគ្នា។ យើងលើកទឹកចិត្ត ហើយជួយគ្នាទៅវិញទៅមក ឲ្យងាកចេញពីអំពើបាប។ ឱព្រះវរបិតា សូមទ្រង់បង្ហាញឲ្យយើងខ្ញុំស្គាល់ ផ្នែកដែលយើងខ្ញុំមាន នៅក្នុងមហារគ្រួសារទ្រង់នៅថ្ងៃនេះ។-Poh Fang Chia