មិនមែនល្អតែសម្បកក្រៅ
ក្នុងយុគសម័យ ដែលប្រព័ន្ធផ្សព្វផ្សាយបានគ្របដណ្តប់គ្រប់ផ្នែកទាំងអស់នៃសង្គម ទីប្រឹក្សាផ្នែករូបភាព បានក្លាយជាបុគ្គលដ៏សំខាន់មិនអាចខ្វះបាន។ សីល្បៈករ កីឡាករ អ្នកនយោបាយ និងអ្នកដឹកនាំមុខជំនួញជាច្រើន ចង់ឲ្យពិភពលោកមានទស្សនៈល្អ ចំពោះខ្លួន។ ពួកគេក៏បានជួលទីប្រឹក្សាដែលមានតម្លៃខ្ពស់ ឲ្យផ្តល់យោបល សម្រាប់ការផ្សព្វផ្សាយ ដើម្បីឲ្យអតិថិជន ស្រឡាញ់ និងចូលចិត្តពួកគេ ទោះជួនកាល ពួកគេល្អតែសម្បកក្រៅក៏ដោយ។
តាមពិត អ្វីដែលមនុស្សត្រូវការ មិនមែនជាការតុបតែងលម្អឲ្យស្អាតតែសម្បកក្រៅនោះឡើយ តែអ្វីដែលយើងត្រូវការនោះ គឺការផ្លាស់ប្រែនៅក្នុងចិត្ត។ ភាពខ្វះចន្លោះក្នុងផ្នែកដ៏ជ្រៅបំផុតនៃវិញ្ញាណយើង មិនអាចកែប្រែ ដោយគ្រឿងលម្អខាងសាច់ឈាមបានទេ។ ភាពខ្វះចន្លោះទាំងនោះមានទំនាក់ទំនងដោយផ្ទាល់ នឹងធាតុពិត ដែលមាននៅក្នុងចិត្ត និងគំនិតរបស់យើង ហើយក៏បង្ហាញឲ្យយើងដឹងថា យើងបានដាច់ចេញឆ្ងាយប៉ុណ្ណា ពីភាពគ្រប់លក្ខណ៍ ដែលព្រះបានបង្កើតមក។ ប៉ុន្តែ មនុស្សមិនអាចពឹងផ្អែកលើសមត្ថភាពខ្លួនឯង ដើម្បីសម្រេចនូវការផ្លាស់ប្រែនេះឡើយ។
មានតែព្រះគ្រីស្ទទេ ដែលបានប្រទានយើង នូវការផ្លាស់ប្រែដ៏ពិត ដែលមិនគ្រាន់តែជាការកែប្រែមុខមាត់ ឬរូបរាង្គខាងក្រៅប៉ុណ្ណោះឡើយ។ សាវ័កប៉ុលបានមានប្រសាសន៍ថា អ្នកដែលមានជីវិតអស់កល្បជានិច្ចក្នុងព្រះគ្រីស្ទត្រូវ “ប្រដាប់ខ្លួនដោយមនុស្សថ្មីវិញ ដែលកំពុងតែកែឡើងខាងឯសេចក្តីចេះដឹង ឲ្យបានត្រូវនឹងរូបអង្គព្រះ ដែលបង្កើតមនុស្សថ្មីនោះមក”(កូល៉ុស ៣:១០)។
បើយើងមានជីវិតថ្មីហើយ នោះមានក្តីសង្ឃឹមដ៏ពោរពេញ! ព្រះគ្រីស្ទកែប្រែយើង ឲ្យក្លាយជាមនុស្សថ្មី នៅក្នុងទ្រង់ គឺមនុស្សដែលមានចិត្តផ្លាស់ប្រែជាថ្មី ដែលមិនមែនល្អតែសម្បកក្រៅនោះឡើយ។-Bill Crowder
ផ្លូវដ៏អាថ៌កំបាំង
ពេលកូនប្រុសខ្ញុំចាប់ផ្តើមចូលរៀនភាសាចិន ខ្ញុំមានការភ្ញាក់ផ្អើល ពេលបានឃើញក្រដាសមេរៀនជាច្រើន ដែលគាត់យកមកផ្ទះ នៅថ្ងៃទីមួយ។ ក្នុងនាមជាអ្នកនិយាយភាសាអង់គ្លេសពីកំណើត ខ្ញុំពិបាកនឹងយល់ អំពីទំនាក់ទំនងរវាងតួអក្សរ និងពាក្យសម្រាប់និយាយ ក្នុងភាសាចិន។ ភាសានេះហាក់ដូចជាមានភាពស្មុគ្រស្មាញចំពោះខ្ញុំណាស់ ពោលគឺស្ទើរតែមិនអាចឲ្យខ្ញុំយល់បាន។
ជួនកាល ខ្ញុំមានអារម្មណ៍ថាពិបាកយល់ផងដែរ ពេលដែលខ្ញុំពិចារណា អំពីរបៀបដែលព្រះទ្រង់ធ្វើការ។ ខ្ញុំដឹងថា ទ្រង់បានមានបន្ទូលថា គំនិតទ្រង់មិនដូចគំនិតរបស់យើងរាល់គ្នាទេ ឯផ្លូវរបស់យើងរាល់គ្នាក៏មិនមែនជាផ្លូវរបស់ទ្រង់ដែរ(អេសាយ ៥៥:៨)។ ប៉ុន្តែ ពេលខ្លះ ខ្ញុំនៅតែចង់ដឹងថា ហេតុអ្វីបានជាព្រះអនុញ្ញាតឲ្យការនេះ ឬការនោះកើតឡើង។ ព្រះបន្ទូលដែលខ្ញុំបានអានជាទៀងទាត់ និងព្រះវិញ្ញាណរបស់ទ្រង់ ដែលគង់នៅក្នុងខ្ញុំ ក៏ជួយឲ្យខ្ញុំរកឃើញដំណោះស្រាយ។
កាលណាខ្ញុំមានសំណួរបែបនេះ ខ្ញុំត្រូវព្យាយាមបន្ទាបខ្លួនចុះ ដោយចាំថា លោកយ៉ូបក៏មិនបានទទួលចម្លើយ សម្រាប់សំណួរទាំងអស់ ដែលគាត់បានសួរដោយចិត្តឈឺចាប់នោះដែរ(យ៉ូប ១:៥,៨)។ គាត់បានព្យាយាមស្វែងយល់ តែព្រះទ្រង់ក៏បានសួរគាត់វិញថា “ឯងដែលប្រកាន់ទោសដូច្នេះ តើនឹងធ្វើឲ្យព្រះដ៏មានគ្រប់ព្រះចេស្តារាងចាលឬ ឯងដែលបន្ទោសដល់ព្រះដូច្នេះ”(៤០:២)។ លោកយ៉ូបក៏បានឆ្លើយ ទាំងចិត្តសោកស្តាយថា “តើនឹងឲ្យទូលបង្គំទូលដល់ទ្រង់ដូចម្តេចបាន ទូលបង្គំនឹងដាក់ដៃខ្ទប់មាត់វិញ”(ខ.៤)។ លោកយ៉ូបនិយាយអ្វីមិនចេញ នៅចំពោះភាពធំឧត្តម្ភរបស់ព្រះ។
ទោះបីជាពេលខ្លះ ផ្លូវរបស់ព្រះហាក់ដូចជាអាថ៌កំបាំង ហើយមិនអាចយល់បានក៏ដោយ ក៏យើងនៅតែអាចដឹងប្រាកដថា ផ្លូវរបស់ទ្រង់ខ្ពស់ជាងផ្លូវរបស់យើង។-Jennifer Benson Schuldt
ផ្លូវចូលទៅរកព្រះ
បច្ចេកវិទ្យាមានប្រយោជន៍ជាច្រើនរាប់មិនអស់ សម្រាប់មនុស្សសម័យថ្មី។ សម្រាប់អ្នកដែលមានអ៊ីនធឺណេតប្រើ ពួកគេអាចបើកមើលអ៊ីនធឺណេត ស្វែងរកពត៌មាន អំពីសុខភាពភ្លាមៗ ហើយពួកគេអាចទំនាក់ទំនងមិត្តភក្តិណាម្នាក់ភ្លាមៗ តាមរយៈទូរស័ព្ទ ផ្ញើសារ ឬតាមរយៈហ្វេសប៊ុកជាដើម។ តែពេលខ្លះ បច្ចេកវិទ្យាក៏អាចធ្វើឲ្យយើងមានការនឿយណាយផងដែរ។ កាលពីថ្ងៃមុន ពេលខ្ញុំចង់បើកមើលគណនីយធនាគារបស់ខ្ញុំ តាមអ៊ីនធឺណេត មានសំណួរសុវត្ថិភាពជាច្រើន ដែលខ្ញុំត្រូវឆ្លើយ មុននឹងគេអនុញ្ញាតឲ្យខ្ញុំចូលមើល។ ដោយសារខ្ញុំមិនចំាច្បាស់ អំពីចម្លើយទាំងអស់នោះ គេក៏បានបិទមិនឲ្យខ្ញុំចូលមើលគណនីយធនាគារបស់ខ្ញុំ នៅពេលនោះតែម្តង។ ម្យ៉ាងទៀត យើងអាចគិតអំពីការពិបាក នៅពេលដែលការទំនាក់ទំនងបានដាច់ ដោយសារទូរស័ព្ទអស់ថ្ម ហើយមិនអាចទំនាក់ទំនងឡើងវិញ ទាល់តែយើងរកឃើញឆ្នាំងសាកថ្មទូរស័ព្ទ។
ហេតុនេះហើយបានជាខ្ញុំមានអំណរ ដោយដឹងថា ពេលខ្ញុំចូលទៅរកព្រះ ដោយការអធិស្ឋាន ខ្ញុំមិនចាំបាច់ត្រូវឆ្លើយសំណួរសុវត្ថិភាពអ្វីឡើយ ហើយក៏មិនត្រូវការថ្មទូរស័ព្ទដែរ។ ខ្ញុំចូលចិត្តបទគម្ពីរយ៉ូហានខ្សែទីមួយ ដែលបានធានាយើងថា “យើងក៏មានសេចក្តីក្លាហាន ដល់ទ្រង់យ៉ាងដូច្នេះដែរ គឺថា បើយើងនឹងសូមអ្វី ដែលត្រូវតាមព្រះហឫទ័យទ្រង់ នោះទ្រង់នឹងទទួលព្រម”(១យ៉ូហាន ៥:១៤)។
យើងអាចចូលទៅរកព្រះអម្ចាស់បានគ្រប់ពេល ដ្បិតទ្រង់មិនដែលងោកងុយ ក៏មិនដែលផ្ទំលក់ឡើយ(ទំនុកដំកើង ១២១:៤)។ ហើយសូមអរព្រះគុណទ្រង់ ដែលដោយសារសេចក្តីស្រឡាញ់ដែលទ្រង់មានចំពោះយើង នោះទ្រង់តែងតែផ្ទៀងព្រះកាណ៍រង់ចាំស្តាប់យើងអធិស្ឋានជានិច្ច។-Joe Stowell
ព្រះគង់ក្នុងទូកជាមួយ
ពេលដែលនាវាដំណើរកម្សាន្តមួយបានចូលសំចតនៅកំពង់ផែរ គេឃើញអ្នកដំណើរទាំងឡាយចេញមកខាងក្រៅ ទាំងប្រញាប់ប្រ1ញាល់។ ពួកគេអត់ទ្រាំនឹងការលំបាក ក្នុងអំឡុងពេលពីរបីថ្ងៃមុន ដោយសារជម្ងឺរាតត្បាតបានផ្ទុះឡើង នៅក្នុងនាវា ធ្វើឲ្យមនុស្សរាប់រយនាក់មានជម្ងឺ។ អ្នកដំណើរម្នាក់ដែលគេបានសម្ភាស ពេលគាត់កំពុងចេញពីនាវា បាននិយាយថា “ខ្ញុំមិនចង់រអ៊ូរទាំច្រើនពេកទេ។ ព្រោះខ្ញុំដឹងថា យើងទាំងអស់គ្នាកំពុងតែជិះទូកតែមួយ”។
បទគម្ពីរម៉ាថាយ ជំពូក៨ ក៏បានចែងអំពីការធ្វើដំណើរតាមផ្លូវទឹកផងដែរ(ខ.២៣-២៧)។ ព្រះយេស៊ូវបានយាងឡើងទូក ហើយពួកសិស្សទ្រង់ក៏បានឡើងទូកតាមទ្រង់(ខ.២៣)។ បន្ទាប់មក ស្រាប់តែមានខ្យល់ព្យុះដ៏ខ្លាំងមួយបក់មក ហើយពួកសាវ័កមានការភ័យតក់ស្លត់យ៉ាងខ្លាំង។ តែព្រះយេស៊ូវទ្រង់ផ្ទំលក់ បានជាពួកគេតើនទ្រង់ឡើង ដោយគិតថា ទ្រង់មិនបានជ្រាបអំពីគ្រោះមហន្តរាយនេះទេ។
ខណៈពេលដែលព្រះយេស៊ូវកំពុងគង់ នៅក្នុងទូកជាមួយពួកសាវ័ក ទ្រង់មិនបានខ្វល់ខ្វាយអំពីអាកាសធាតុឡើយ។ ក្នុងនាមជាព្រះអាទិករដែលមានគ្រប់អំណាចចេស្តា ទ្រង់មិនមានការភ័យខ្លាច ចំពោះខ្យល់ព្យុះឡើយ។ “ទ្រង់ក្រោកឡើង កំហែងដល់ខ្យល់ និងសមុទ្រ នោះក៏ស្ងប់ឈឹងអស់ទៅ”(ខ.២៦)។
តែយើងមិនមានគ្រប់អំណាចចេស្តាឡើយ ហើយយើងងាយនឹងមានការភ័យខ្លាចណាស់។ ដូចនេះ តើយើងត្រូវធ្វើដូចម្តេច ពេលដែលខ្យល់ព្យុះនៃជីវិតកំពុងបក់បោកមក? ទោះខ្យល់ព្យុះនោះមានរយៈពេលខ្លី ឬយូរក៏ដោយ ក៏យើងនៅតែអាចទុកចិត្តថា “យើងកំពុងនៅក្នុងទូកជាមួយព្រះមួយអង្គ ដែលសូម្បីតែខ្យល់ និងសមុទ្រក៏ស្តាប់បង្គាប់ទ្រង់ដែរ”។-Cindy Hess Kasper
ក្តីស្រឡាញ់ និងពន្លឺ
មានមិត្តភក្តិមួយក្រុម បានចាប់ផ្តើមរៀបផែនការដាំបន្លែ ក្នុងច្បារដំណាំរបស់ខ្លួន នៅរដូវប្រាំង។ អ្នកខ្លះឆាប់ចាប់ផ្តើមអនុវត្ត ដោយដាំគ្រាប់ពូជ ខាងក្នុងអគារ ដើម្បីឲ្យពួកគេអាចគ្រប់គ្រងលក្ខខ័ណ្ឌប្រកប និងផ្តល់ឲ្យនូវបរិស្ថានដ៏ល្អបំផុត សម្រាប់ឲ្យគ្រាប់ពូជចេញពន្លក។ បន្ទាប់ពីអាកាសធាតុត្រជាក់ដ៏គ្រោះថ្នាក់ ដែលធ្វើឲ្យទឹកទន្លេកក បានកន្លងផុតទៅ ពួកគេនឹងយកគ្រាប់ដែលចេញពន្លក ទៅដាំខាងក្រៅ។ បន្ទាប់ពីពួកគេបានដាំ ក្នុងច្បារបន្លែហើយ ពួកគេត្រូវចាប់ផ្តើមសម្អាតស្មៅ ដាក់ជី ស្រោចទឹក ហើយការពារមិនឲ្យពពួកសត្វកកេរ និងសត្វល្អិតបំផ្លាញដំណាំ។ ដូចនេះ ដើម្បីផលិតអាហារ គេត្រូវធ្វើការជាច្រើន។
មុនពេលពួកអ៊ីសា្រអែលចូលទឹកដីសន្យា លោកម៉ូសេបានរំឭកពួកគឺ អំពីការខិតខំបង្ករបង្កើនផល។ ពេលពួកគេកំពុងរស់នៅក្នុងនគរអេស៊ីព្ទ ពួកគេត្រូវខិតខំធ្វើការបញ្ចូលទឹក ក្នុងច្បារបន្លែ ដោយប្រើកម្លំាងបាយ(ចោទិយកថា ១១:១០) តែព្រះទ្រង់បានសន្យាថា នៅក្នុងទឹកដីដែលទ្រង់កំពុងនាំពួកគេចូលទៅរស់នៅ ទ្រង់នឹងមិនឲ្យពួកគេពិបាកដូចមុនឡើយ គឺដូចដែលទ្រង់បានមានបន្ទូលថា ទ្រង់នឹងបង្អុរឲ្យមានភ្លៀងមកលើស្រុកនោះតាមរដូវកាល គឺជាភ្លៀងខាងដើមរដូវ និងខាងចុងរដូវ(ខ.១៤)។ ដើម្បីទទួលព្រះពរនោះ ទ្រង់មានលក្ខខ័ណ្ឌមួយ គឺឲ្យពួកគេ “ស្តាប់អស់ពីចិត្ត តាមបង្គាប់ ដែលទ្រង់ប្រាប់នោះ ឲ្យបានស្រឡាញ់ដល់ព្រះអម្ចាស់ ជាព្រះនៃពួកគេ និងគោរពប្រតិបត្តិដល់ទ្រង់ឲ្យអស់ពីចិត្ត អស់ពីព្រលឹងផង(ខ.១៣)។ ព្រះអម្ចាស់កំពុងនាំរាស្ត្រទ្រង់ ទៅកន្លែងមួយ ដែលនៅទីនោះ ការស្តាប់បង្គាប់ និងព្រះពររបស់ទ្រង់ នឹងជួយឲ្យពួកគេរស់នៅជាពន្លឺ ដល់មនុស្សដែលនៅជុំវិញពួកគេ។
ព្រះទ្រង់ក៏មានព្រះទ័យដូចនេះ សម្រាប់យើងផងដែរ។ ទ្រង់សព្វព្រះទ័យឲ្យយើងបង្ហាញចេញនូវសេចក្តីស្រឡាញ់…
សៀវភៅដែលជាប្រភពដ៏អស្ចារ្យ
មនុស្សរាប់លាននាក់ នៅទូទាំងពិភពលោក បានទស្សនាខ្សែភាពយន្ត មានចំណងជើងថា រសាត់តាមខ្យល់ ដែលបានចាប់ផ្តើមចាក់បញ្ចាំង នៅសហរដ្ឋអាមេរិក ជាលើកទីមួយ នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ ១៩៣៩។ ខ្សែភាពយន្តនេះបានទទួលពានរង្វាន់អាខេដេមី អ័វ៉ត ដប់ដង ហើយនៅតែស្ថិតក្នុងចំណោមខ្សែភាពយន្តដែលមានជ័យជម្នះបំផុត ក្នុងផ្នែកជំនួញរបស់ហូលីវូត។ ខ្សែភាពយន្តនេះ ត្រូវបានផលិត ផ្អែកទៅលើរឿងប្រលោមលោក ដែលអ្នកស្រីម៉ាហ្ការែត មីឆេល(Margaret Mitchell) បាននិងពន្ធ និងបោះពុម្ភផ្សាយក្នុងឆ្នាំ ១៩៣៦ ដែលបានលក់ដាច់អស់មួយលានក្បាលក្នុងរយៈពេល៦ខែ ហើយក៏បានទទួលពានរង្វាន់ ភូលីតហ្សឺរ ហើយត្រូវបានគេបកប្រែជាង៤០ភាសា។ ខ្សែភាពយន្តដែលមានភាពល្បីល្បាញ ច្រើនតែមានប្រភពនៅក្នុងសៀវភៅដ៏មានអំណាច ដែលមានឈ្មោះល្បីជាច្រើនសម័យកាល។
ការនេះបានធ្វើឲ្យខ្ញុំចាំថា មូលដ្ឋានគ្រឹះនៃជំនឿរបស់គ្រីស្ទបរិស័ទ គឺផ្អែកទៅលើព្រះគម្ពីរបរិសុទ្ធ។ ចាប់តាំងពីកណ្ឌលោកុប្បត្តិដល់កណ្ឌវិវរណៈ ព្រះគម្ពីរបាននិយាយផ្តោតទៅលើផែនការដែលព្រះទ្រង់មានសម្រាប់មនុស្សជាតិ ដែលជាស្នាព្រះហស្តរបស់ទ្រង់។ បទគម្ពីរទំនុកដំកើង ជំពូក១១៩ បានចែងអំពី អំណាច និងភាពចាំបាច់ ដែលព្រះបន្ទូលមានចំពោះជីវិតយើង។ ព្រះបន្ទូលបំភ្លឺផ្លូវយើង(ខ.១០៥) ប្រទានឲ្យយើងមានកម្លាំងឡើងវិញ(ខ.១០៧) ហើយការពារមិនឲ្យយើងវង្វេងចេញពីសេចក្តីពិត(ខ.១១០)។ តាមរយៈព្រះគម្ពីរ យើងរកឃើញប្រាជ្ញា ការនាំផ្លូវ ជីវិត និងក្តីអំណរ។ គឺដូចមានសេចក្តីចែងថា “ទូលបង្គំបានទទួលយកសេចក្តីបន្ទាល់ទ្រង់ ទុកជាមរដកនៅជាដរាប ដ្បិតសេចក្តីទាំងនោះនាំឲ្យចិត្តទូលបង្គំបានរីករាយ”(ខ.១១១)។
ព្រះយេស៊ូវដ៏ជាព្រះអម្ចាស់នៃយើង បានត្រាសហៅយើង…
ការលះបង់ទាំងអស់
ក្នុងអំឡុងពេលនៃការថ្លែងសន្ទរកថា ក្នុងការឡើងកាន់អំណាចជាប្រធានាធិបតីនៃសហរដ្ឋអាមេរិក លោកចន អេហ្វ ខេនេឌី(John F. Kennedy) បានលើកទឹកចិត្តប្រជាជនអាមេរិកថា “ចូរកុំសួរថា ប្រទេសរបស់អ្នកអាចធ្វើអ្វីសម្រាប់អ្នក តែចូរសួរថា តើអ្នកអាចធ្វើអ្វីសម្រាប់ប្រទេសរបស់អ្នក”។ ប្រសាសន៍របស់គាត់ ជាការអំពាវនាវជាថ្មីម្តងទៀត ដល់ពលរដ្ឋអាមេរិក ឲ្យលះបង់ជីវិតរបស់ខ្លួន និងបម្រើអ្នកដទៃ។ ជាពិសេស ប្រសាសន៍របស់គាត់ក៏បានលើកទឹកចិត្តកូនចៅជំនាន់ក្រោយរបស់បុរស និងស្ត្រីទាំងឡាយ ដែលបានបម្រើប្រទេសជាតិខ្លួន ក្នុងសម័យសង្រ្គាម។
ត្រង់ចំណុចនេះ គាត់ចង់មានន័យថា អ្វីៗដែលឪពុកម្តាយរបស់ពួកគេរកបាន សម្រាប់ប្រទេសជាតិ គឺច្រើនតែរកបាន ដោយការលះបង់ជីវិតរបស់ខ្លួន ហើយពេលនេះ ពួកគេត្រូវការពារកេរដំណែលទាំងនោះ តាមផ្លូវនៃសន្តិភាព។ ក្រោយមក មានមនុស្សជាច្រើនបានធ្វើការងារស្ម័គ្រចិត្ត ជាការឆ្លើយតបចំពោះការអំពាវនាវនេះ ហើយអស់រយៈពេលជាច្រើនទសវត្សរ៍កន្លងមក ពួកគេបានសម្រេចនូវកិច្ចការមនុស្សធម៌រាប់មិនអស់ នៅទូទាំងពិភពលោក។
នៅសតវត្សរ៍ទីមួយ សាវ័កប៉ុលក៏បានធ្វើការអំពាវនាវ ដែលស្រដៀងនឹងប្រសាសន៍របស់លោកចន អេហ្វ ខេននេឌីផងដែរ។ ក្នុងខដំបូងនៃបទគម្ពីររ៉ូម ជំពូក១២ គាត់បានជំរុញយើង ឲ្យថ្វាយរូបកាយទុកជាយញ្ញបូជារស់ដល់ព្រះ ដែលបានលះបង់ព្រះជន្ម ដើម្បីលោះបាបយើងរាល់គ្នា។ ការលះបង់ខាងវិញ្ញាណ មិនត្រូវមានតែក្នុងពាក្យសម្តីប៉ុណ្ណោះទេ តែត្រូវមានការលះបង់ជីវិត ដើម្បីជីវិតខាងរូបកាយ ផ្លូវចិត្ត និងវិញ្ញាណរបស់អ្នកដទៃ នៅពេលដែលចាំបាច់។
អ្វីដែលសំខាន់បំផុតនោះ គឺយើងអាចបម្រើព្រះ ទោះជាយើងនៅទីកន្លែងណាក៏ដោយ។-Randy Kilgore
ក្តីសង្ឃឹមដ៏រស់
ពេលដែលសោកនាដកម្មដែលអាក្រក់ហួសថ្លែង បំផ្លិចបំផ្លាញជីវិតរបស់មនុស្សជាបំណែកៗ ពួកគេក៏បានព្យាយាមស្វែងរកចម្លើយ។ ថ្មីៗនេះ ស្រ្តីជាម្តាយម្នាក់ ដែលបានបាត់បង់កូន ដែលជាក្មេងជំទង់ បានប្រាប់ខ្ញុំថា “លោកគ្រូ ខ្ញុំគិតមិនយល់សោះ។ ខ្ញុំមិនដឹងថា ខ្ញុំនៅអាចជឿព្រះបានយូរប៉ុណ្ណាទៀតទេ។ ខ្ញុំខំគិតដែរ តែគិតមិនយល់ពីបំណងព្រះហឫទ័យព្រះសោះ។ ហេតុអ្វីបានជាទ្រង់ឲ្យរឿងទាំងអស់នេះកើតឡើង?” គ្មានចម្លើយដ៏ងាយស្រួល សម្រាប់ក្តីកង្វល់ដ៏ធំដូចនេះឡើយ។ តែសម្រាប់អ្នកដែលមានជំនឿលើព្រះគ្រីស្ទ ពួកគេនៅតែអាចមានក្តីសង្ឃឹម ទោះយើងកំពុងទទួលព្រះពរទាំងមេៗ ឬកំពុងតែទូលទុក្ខដ៏ធ្ងន់យ៉ាងណាក៏ដោយ។
សាវ័កពេត្រុសបានបកស្រាយ អំពីបញ្ហានេះ ក្នុងសំបុត្រទីមួយរបស់គាត់ ដែលក្នុងនោះ គាត់បានសរសើរដំកើងព្រះ សម្រាប់ ការដែលទ្រង់បានប្រទានឲ្យយើងមានកំណើតជាថ្មី ក្នុងក្តីសង្ឃឹមដ៏រស់(១ពេត្រុស ១:៣) តាមរយៈសេចក្តីសង្រ្គោះរបស់យើង។ ក្តីសង្ឃឹមនេះ អាចផ្តល់ឲ្យយើងនូវក្តីអំណរ ទោះយើងកំពុងស្ថិតនៅក្នុងសោកនាដកម្មក៏ដោយ។ គាត់ក៏បានធានាផងដែរថា ក្តីសង្ឃឹមនេះ ជាក្តីសង្ឃឹមដ៏ស្ថិតស្ថេរ(ខ.៤)។ បន្ទាប់មក គាត់ក៏បានប្រាប់យើងថា យើងអាច “មានទុក្ខព្រួយ ដោយកើតមានសេចក្តីល្បួងផ្សេងៗ” តែយើងនៅតែអាចមានក្តីអំណរជាខ្លាំង(ខ.៦)។ ម្យ៉ាងទៀត សម្រាប់អ្នកដែលជួបការបាត់បង់ដ៏ឈឺចាប់ សាវ័កពេត្រុសបានលើកទឹកចិត្តថា ទុក្ខលំបាកទាំងអស់នោះបានកើតមាន គឺដើម្បីសាកលក្តីជំនឿរបស់យើង ដែលនាំឲ្យយើងថ្វាយការសរសើរ ព្រះកិត្តិមាន និងសិរីល្អដល់ព្រះគ្រីស្ទ ក្នុងកាលដែលទ្រង់លេចមក(ខ.៧)។
ពេលដែលការលើកទឹកចិត្តខាងលើនេះ បានជ្រួតជ្រាបក្នុងចិត្តយើងហើយ ទស្សនៈដែលយើងមានចំពោះទុក្ខលំបាក នឹងមានការផ្លាស់ប្តូរ។ ក្នុងពេលដែលមានសោកនាដកម្ម អំណាច និងសម្រស់នៃក្តីសង្រ្គោះរបស់យើង នៅតែអាចបញ្ចេញពន្លឺចែងចាំង…
ចូរចេញទៅ
កាលពីឆ្នាំ ១៩៨៦ មានអ្នកផ្សាយដំណឹងល្អ និងអ្នកដឹកនាំគ្រីស្ទបរិស័ទ ជាង១០ម៉ឺននាក់ បានអង្គុយក្នុងសាលមហោស្រពដ៏ធំមួយ ក្នុងក្រុងអាំស្ទើដាំ ដើម្បីស្តាប់ការអធិប្បាយរបស់លោកប៊ីលីក្រាហាំ ដែលជាអ្នកផ្សាយដំណឹងល្អដ៏ល្បីល្បាញ។ កាលនោះ ខ្ញុំក៏បានអង្គុយស្តាប់ ក្នុងចំណោមពួកគេផងដែរ ពេលដែលគាត់ចែកចាយបទពិសោធន៍របស់គាត់។ បន្ទាប់មក ខ្ញុំមានការភ្ញាក់ផ្អើល ពេលឮគាត់និយាយថា “ខ្ញុំសូមជម្រាបបងប្អូនថា : ជារៀងរាល់ពេលដែលខ្ញុំឈរ នៅចំពោះពួកជំនុំរបស់ព្រះ ដើម្បីចែកចាយព្រះបន្ទូល ខ្ញុំតែងតែញ័រខ្លួន ហើយជង្គង់ខ្ញុំក៏រញ្ជួយ!”។
ពេលឮដូចនេះ ខ្ញុំឆ្ងល់ថា ហេតុអ្វីបានជាអ្នកចែកចាយព្រះបន្ទូលដ៏ល្បីល្បាញ ដែលបានធ្វើឲ្យមនុស្សរាប់លាននាក់ប៉ះពាល់ចិត្ត ដោយសារការអធិប្បាយព្រះបន្ទូលដ៏មានអំណាចចេស្តារបស់ព្រះ តែបែរជាញ័រខ្លួន និងញ័រជង្គង់ដូចនេះ? បន្ទាប់មក គាត់ក៏បកស្រាយថា គាត់មិនមានការភ័យខ្លាច ពេលឡើងលើឆាកនោះឡើយ តែគាត់មានអារម្មណ៍ថា ខ្លួនជាមនុស្សតូចតាចណាស់ គឺមិនសក្តិសមនឹងបំពេញកិច្ចការដ៏ធំនេះ ថ្វាយព្រះទេ។ ហេតុនេះហើយ បានជាគាត់ពឹងផ្អែកលើព្រះ ដើម្បីឲ្យមានកម្លាំង គឺមិនបានពឹងផ្អែកលើថ្វីមាត់របស់គាត់ឡើយ។
ការនេះបានធ្វើឲ្យខ្ញុំនឹកចំា អំពីលោកម៉ូសេ ពេលដែលព្រះចាត់គាត់ ឲ្យទៅរំដោះប្រជាជនអ៊ីស្រាអែល ឲ្យរួចពីភាពជាទាសករ ក្នុងនគរអេស៊ីព្ទ ដែលមានរយៈពេលជាង៤០០ឆ្នាំ។ កាលនោះ គាត់មានអារម្មណ៍ថា ខ្លួនគ្មានសមត្ថភាពដឹកនាំពួកគេឡើយ បានជាគាត់អង្វរព្រះអម្ចាស់ ឲ្យចាត់អ្នកផ្សេងវិញ ដោយគាត់យកលេសថា គាត់មិនមែនជាមនុស្សមានថ្វីមាត់ទេ(មើល និក្ខមនំ ៤:១០,១៣)។ យើងប្រហែលជាមានអារម្មណ៍ភ័យខ្លាចស្រដៀងពួកគេផងដែរ ពេលដែលព្រះត្រាសហៅយើង…
ការបញ្ចប់ដ៏រីករាយ
មិត្តភក្តិខ្ញុំម្នាក់ បានប្រាប់ខ្ញុំថា មានពេលមួយគាត់បានមើលការប្រកួតបាល់ទាត់ ក្នុងទូរទស្សន៍ ហើយកូនស្រីគាត់ក៏បានមកលេងនៅក្បែរគាត់។ ពេលគាត់ខឹងនឹងក្រុមដែលលេងមិនល្អ គាត់ក៏បានចាប់របស់របរដែលនៅក្បែរគាត់បោកចោល នៅលើកម្រាលឥដ្ឋ។ គឿងលេងដែលកូនស្រីដ៏តូចល្អិតរបស់គាត់ ចូលចិត្តជាងគេ ក៏បានបែកបាក់ នៅពេលនោះ ធ្វើឲ្យនាងឈឺចិត្តយ៉ាងខ្លាំង។ គាត់ក៏ប្រញាប់ឱបកូនស្រីគាត់ ហើយសុំទោសនាង។ គាត់ក៏បានទិញគ្រឿងលេងផ្សេងទៀតឲ្យនាង ដើម្បីប៉ះប៉ូវ ហើយគិតថា រឿងនេះបានចប់ហើយ។ គាត់មិនបានដឹងទេថា កំហឹងរបស់គាត់បានធ្វើឲ្យកូនស្រីអាយុ៤ឆ្នាំរបស់គាត់ មានការភ័យខ្លាចប៉ុណ្ណា ហើយនាងក៏មិនដឹងអំពីជម្រៅនៃការឈឺចាប់របស់ខ្លួនផងដែរ។ ទោះជាយ៉ាងណាក៏ដោយ ការអត់ទោសក៏បានកើតមាន នៅពេលក្រោយមកទៀត។
ជាច្រើនឆ្នាំក្រោយមក គាត់ក៏បានទិញគ្រឿងលេង ដូចគ្រឿងលេងដែលគាត់បានធ្វើឲ្យខូចនោះ ហើយក៏បានផ្ញើឲ្យកូនស្រីគាត់ ពេលដែលនាងមានផ្ទៃពោះ។ នាងក៏បានថតរូបគ្រឿងលេងនោះ ហើយបង្ហោះក្នុងហ្វេសប៊ុក ដោយសរសេររៀបរាប់ថា “អំណោយមួយនេះ មានរឿងដ៏វែងឆ្ងាយ តាំងពីខ្ញុំនៅក្មេង។ កាលនោះ វាមិនមែនជារឿងដែលសប្បាយទេ តែពេលនេះបានបញ្ចប់ហើយ គឺចប់ដោយក្តីអំណរ! ការអត់ទោសពិតជាមានភាពអស្ចារ្យណាស់។ សូមអរគុណ លោកតា!”
ព្រះគម្ពីរបានជំរុញយើង ឲ្យប្រដាប់ខ្លួន ដោយមនុស្សថ្មី ដើម្បីជៀសវាងការបញ្ចេញកំហឹង គឺមនុស្សថ្មីដែលកើតមកក្នុងសេចក្តីសុចរិត ហើយក្នុងសេចក្តីបរិសុទ្ធរបស់ផងសេចក្តីពិត តាមភាពព្រះ(អេភេសូរ ៤:២៤)។ ហើយបើសិនជាយើងជាជនរងគ្រោះនៃសេចក្តីកំហឹង នោះព្រះទ្រង់បានបង្រៀនយើង “ឲ្យមានចិត្តសប្បុរសនឹងគ្នាទៅវិញទៅមក ព្រមទាំងមានចិត្តទន់សន្តោស ហើយអត់ទោសគ្នា ដូចជាព្រះទ្រង់បានអត់ទោសឲ្យយើងរាល់គ្នា ដោយព្រះគ្រីស្ទដែរ(ខ.៣២)”។
ការស្អាងទំនាក់ទំនងឡើងវិញ…