កសាងជីវិតដែលសក្តិសម
ចៅៗរបស់ខ្ញុំ ចូលចិត្តលេងល្បែងសង់ផ្ទះណាស់។ក្មេងៗទាំងនោះ មានដុំជ័រជ្រុងៗតូចៗជាច្រើនពណ៌ សម្រាប់ឲ្យពួកគេសង់ប៉មបន្ទាយ យន្តហោះ ផ្ទះ ឬសាងសង់អ្វីផ្សេងទៀត តាមក្តីស្រមៃ និងចំណង់ចំណូលចិត្តរបស់ខ្លួន។
បន្ទាប់ពីចៅៗរបស់ខ្ញុំ បានចាប់ផ្តើមចាក់បំណែកតូចៗទាំងនោះ ចេញពីប្រអប់មកលើកម្រាលឥដ្ឋហើយ ពួកគេក៏ចាប់ផ្តើមផ្គុំបំណែកទាំងនោះចូលគ្នា។ ប៉ុន្តែ មិនយូរប៉ុន្មាន ពួកគេក៏យល់ថា ពួកគេមិនត្រូវការការណែនាំ នៅក្នុងការសាងសង់ទេ។ នៅទីបំផុត ការនេះក៏បាននាំឲ្យពួកគេឈានដល់ដំណាក់កាលមួយ ដែលពួកគេដឹងខ្លួនថា ការសាងសង់ទៅតាមការនឹកឃើញរបស់ខ្លួន មិននាំឲ្យមានលទ្ឋផលល្អទេ។ ដូច្នេះ ពួកគេក៏រុះរើបំណែកទាំងនោះចេញពីគ្នា ដើម្បីចាប់ផ្តើមសាងសង់សារជាថ្មីម្តងទៀត ប៉ុន្តែ លើកនេះ ពួកគេដឹងយ៉ាងច្បាស់ថា ការធ្វើតាមការណែនាំ ពិតជាមានសារៈសំខាន់យ៉ាងណា ចំពោះពួកគេ។
តើអ្នកចង់ឱ្យបំណែកនៃជីវិតរបស់អ្នក ត្រូវបានរុះរើចេញពីគ្នា ហើយផ្គុំចូលគ្នាឡើងវិញ តាមការណែនាំរបស់ព្រះអម្ចាស់ឬ? ប្រសិនបើអ្នកមានព្រះយេស៊ូវជាជើងជញ្ជាំងរបស់អ្នក នោះចូរចាប់ផ្តើមកសាងជីវិតតាមប្លង់របស់ទ្រង់ចុះ។ សាវ័កប៉ុលបានសរសេរថា “ត្រូវប្រយ័ត្នរៀងខ្លួន អំពីបែបណាដែលសង់”ពីលើជើងជញ្ជាំងនោះ(១កូរិនថូស ៣:១០-១១ )។ តើប្លង់នោះជាអ្វី? នៅក្នុងប្លង់នោះមានដូចជា ការគិតប្រយោជន៍គេឱ្យលើសជាងខ្លួន ដោយចិត្តសុភាព(ភីលីព ២:៣-៤) ការធ្វើទានដោយសប្បុរសនូវធនធានរបស់អ្នក ដល់អ្នកដែលគេត្រូវការ(យ៉ាកុប ២:១៤-១៧) ការឆ្លើយតបដោយសេចក្តីស្រឡាញ់ ចំពោះអស់អ្នកណាដែលបានធ្វើខុសនឹងអ្នក(រ៉ូម ១២:១៤-២១)។ ចំណុចទាំងនេះ គ្រាន់តែជាបំណែកដ៏តិចតួច ក្នុងចំណោមបំណែកជាច្រើនទៀត ដែលព្រះទ្រង់សព្វព្រះទ័យឲ្យអ្នកផ្គុំចូលគ្នា ដើម្បីកសាងជីវិតរបស់អ្នក…
ខ្ញុំបានមកជួយ
មានអ្នកកាសែតម្នាក់ឈ្មោះ យ៉ាកុប រីស(Jacob Riis) បានធ្វើការពិពណ៌នា អំពីភាពក្រីក្រ នៅទីក្រុងញូយ៉ក ក្នុងសតវត្សរ៍ទី១៩ ធ្វើឲ្យមានភាពតក់ស្លត់ ដល់សាធារណៈជនទូទៅ ដែលមិនខ្វល់ពីសង្គម។ គាត់បាននិពន្ធសៀវភៅដែលមានចំណងជើងថា ការរស់នៅរបស់ប្រជាជនពាក់កណ្តាលទៀត ដែលក្នុងនោះ គាត់បានបង្ហាញរូបថតនៃតថភាពសង្គមនៃអ្នកក្រតោកយ៉ាក យ៉ាងច្បាស់លាស់ ដែលសាធារណៈជនមិនអាចប្រកែកបាន។ ក្នុងនាមជាកូនទីបី ក្នុងគ្រួសារក្រីក្រដែលមានកូន១៥នាក់ គាត់បានសរសេរពិពណ៌នាយ៉ាងមានប្រសិទ្ធិភាព ព្រោះគាត់ធ្លាប់រស់នៅ ក្នុងពិភពនៃភាពទាល់ក្រអស់សង្ឃឹម។
បន្ទាប់ពីគាត់បានដាក់លក់សៀវភៅនោះ មិនទាន់បានយូរប៉ុន្មានផង គាត់ក៏បានទទួលកាតប៉ូស្ទាល់ពីយុវជនម្នាក់ដែលទើបតែចាប់ផ្តើមអាជីពជាអ្នកនយោបាយ។ នៅខ្នងកាតប៉ូស្ទាល់ យុវជននោះបានសរសេរថា “ខ្ញុំបានអានសៀវភៅរបស់លោក ហើយខ្ញុំបានមកជួយហើយ។ ពីខ្ញុំស៊ីអេដូរ រូសសេវែល(Theodore Roosevelt)”(ក្រោយមក អ្នកនយោបាយវ័យក្មេងរូបនេះ ក៏បានក្លាយជាប្រធានាធិបតីអាមេរិក)។
រឿងនេះបានធ្វើឲ្យខ្ញុំនឹកចាំថា តាមបទគម្ពីរ យ៉ាកុប(១:១៩-២៧) អ្នកដែលមានក្តីជំនឿដ៏ពិត ឆ្លើយតបចំពោះសេចក្តីត្រូវការរបស់អ្នកដទៃ។ សូមឲ្យចិត្តយើងបានផ្លាស់ប្រែ ពីភាពអសកម្ម ទៅជាសកម្ម និងពីការនិយាយតែម៉ាត់ ទៅជាការអនុវត្ត ដោយជួយអ្នកដទៃ។
ក្តីអាណិតមិនគ្រាន់តែជួយដល់អ្នកដែលមានទុកលំបាក ក្នុងជីវិតប៉ុណ្ណោះទេ តែក៏ជួយឲ្យពួកគេបើកចិត្តទទួលព្រះបន្ទូលដ៏អស្ចារ្យ ពីព្រះសង្រ្គោះនៃយើង ដែលស្គាល់ពីតម្រូវការរបស់ពួកគេ ហើយអាចធ្វើការជាច្រើន ដើម្បីជួយពួកគេ។-Randy Kilgore
ការផ្គត់ផ្គង់របស់ព្រះ
ខ្ញុំ និងកូនស្រីខ្ញុំបានចាត់ទុកនំខេកប្រោននី ជាអាហារដ៏អស្ចារ្យក្នុងចំណោមអាហារដ៏អស្ចារ្យទាំង៧ នៃពិភពអាហារឆ្ងាញ់ៗ។ ថ្ងៃមួយ ពេលយើងកំពុងលាយគ្រឿងផ្សំ ជាមួយស្ករសូកូឡា ដែលយើងចូលចិត្តប្រើធ្វើនំខេក កូនស្រីខ្ញុំក៏បានសុំឲ្យខ្ញុំ ទុកម្សៅដែលបានលាយហើយខ្លះ នៅបាតចាន បន្ទាប់ពីចាក់ចូលទៅក្នុងខ្ទះសម្រាប់ដុតនំហើយ។ នាងចង់ញាំម្សៅដែលនៅសល់នោះ។ ខ្ញុំក៏បានញញឹម ហើយយល់ព្រម។ បន្ទាប់មក ខ្ញុំក៏បានប្រាប់នាងថា “កូនអាចប្រមូលម្សៅលាយដែលនៅសល់នោះ តែបើកូនចង់ធ្វើនំខេកប្រោនី កូនត្រូវយកវាទៅដុតសិន”។
ខណៈពេលដែលយើងកំពុងធ្វើនំយ៉ាងសប្បាយរីករាយ ខ្ញុំក៏បានពន្យល់កូនស្រីខ្ញុំថា នៅគ្រាសញ្ញាចាស់នាងរស់បានដើរប្រមូលគ្រាប់ស្រូវដែលនៅសល់ ក្នុងវាលស្រែ ដើម្បីធ្វើអាហារសម្រាប់ខ្លួនឯង និងសម្រាប់នាងណាអូមី ដែលម្តាយក្មេករបស់នាង(នាងរស់ ២:២-៣)។ ដោយសារអ្នកទាំងពីរសុទ្ធតែត្រូវប្តីស្លាប់ចោល ពួកគេក៏បានវិលត្រឡប់ទៅស្រុកកំណើតរបស់នាងណាអូមី។ នៅទីនោះ នាងរស់ក៏បានជួបលោកបូអូស ដែលជាម្ចាស់ដីដ៏មានស្តុកស្តម្ភ។ នាងបានសុំឲ្យគាត់អនុញ្ញាតឲ្យនាង ដើររើសគួរស្រូវដែលពួកអ្នកច្រូតស្រូវជ្រុះ(ខ.៧)។ គាត់ក៏បានយល់ព្រម ហើយបង្គាប់ពួកឈ្នួលគាត់ ឲ្យទម្លាក់គួរស្រូវខ្លះឲ្យនាងរើស(ខ.១៦)។
យ៉ាងណាមិញ ព្រះទ្រង់ក៏បានផ្គត់ផ្គង់យើង ដោយព្រះពរដ៏បរិបូរ គឺដូចដែលលោកបូអូសបានជួយនាងរស់ ឲ្យទទួលផលពីវាលស្រែរបស់គាត់ផងដែរ។ ទ្រង់មានធនធានច្រើនហូរហៀរ ហើយទ្រង់ក៏បានទម្លាក់ព្រះពរឲ្យយើងទទួល។ ទ្រង់សព្វព្រះទ័យនឹងប្រទានឲ្យយើងមានជីវជាតិចិញ្ចឹមខាងវិញ្ញាណ និងខាងសាច់ឈាម យ៉ាងគ្រប់គ្រាន់។ គ្រប់ទាំងអំណោយល្អៗ ដែលយើងបានទទួល សុទ្ធតែជាព្រះពររបស់ទ្រង់។-Jennifer Benson Schuldt
ភាពមិនអាចទាយស្មានបាននៃជីវិត
នៅក្នុងការប្រកួតជើងឯកកីឡាវាយកូនហ្គោលរបស់ស្រ្តី នៅសហរដ្ឋអាមេរិក កាលពីឆ្នាំ២០០៣ អ្នកស្រីហ៊ីលឡារី លូងគ៍(Hilary Lunke) មិនមែនជាកីឡាករដែលធ្លាប់មានឈ្មោះល្បីទេ តែគាត់ដណ្តើមបានពានរង្វាន់ធំបំផុត ក្នុងប្រវត្តិសាស្រ្តនៃកីឡាវាយកូនហ្គោលរបស់ស្រ្តី។ គាត់មិនគ្រាន់តែបានវាយកូនហ្គោលបញ្ចូលរុន្ធទាំង១៨ ក្នុងការប្រកួតបើក នៅសហរដ្ឋអាមេរិកប៉ុណ្ណោះទេ តែនេះថែមទាំងជាជ័យជម្នះតែមួយគត់ ក្នុងអាជីពរបស់គាត់ជាកីឡាករវាយកូនហ្គោល។
គេមិននឹកស្មានសោះថា គាត់នឹងទទួលជ័យជម្នះយ៉ាងដូចនេះ។ ជ័យជម្នះរបស់គាត់ ជាជ័យជម្នះដ៏គួរឲ្យភ្ញាក់ផ្អើល និងបានជម្រុញចិត្តអ្នកដទៃ ដែលសបញ្ជាក់ផងដែរថា ផ្នែកដែលរំភើបរីករាយបំផុតនៅក្នុងវិស្ស័យកីឡា គឺភាពមិនអាចទាយស្មានរបស់កីឡា។ ទោះជាយ៉ាងណាក៏ដោយ ភាពមិនអាចទាយស្មាន ដែលកើតមានក្នុងជីវិតមនុស្ស មិនតែងតែមានភាពរំភើបរីករាយយ៉ាងដូចនេះឡើយ។ យើងប្រើគំនិតយោបល ហើយប្រើយុទ្ធសាស្រ្ត។ យើងធ្វើផែនការ ធ្វើការប៉ាន់ស្មាន ហើយធ្វើការស្នើរសុំ នូវការអ្វីដែលយើងចង់ឲ្យកើតឡើង ក្នុងជីវិត តែជាញឹកញាប់ យើងគ្រាន់តែអាចទាយស្មានប៉ុណ្ណោះ។ យើងមិនដឹងថា ខ្លួននឹងទទួលលទ្ធផលយ៉ាងណា នៅឆ្នាំក្រោយ ខែក្រោយ សប្តាហ៍ក្រោយ ឬថ្ងៃក្រោយឡើយ។ ដូចនេះ យើងត្រូវអធិស្ឋាន ហើយធ្វើផែនការ ហើយបន្ទាប់មក យើងត្រូវទុកចិត្តព្រះ ដែលជ្រាបទាំងស្រុង គ្មានកន្លែងចន្លោះ អំពីការអ្វីដែលយើងមិនអាចទាយស្មានបាន។ ហេតុនេះហើយ បានជាខ្ញុំស្រឡាញ់ព្រះបន្ទូលសន្យាក្នុងបទគម្ពីរ ទំនុកដំកើង ៤៦:១០ ដែលបានចែងថា “ចូរបង្អង់សិន ឲ្យបានដឹងថា អញជាព្រះ អញនឹងបានថ្កើងឡើង នៅកណ្តាលពួកសាសន៍ដទៃ អញនឹងបានថ្កើងឡើងនៅផែនដី”។…
ពូកែចាប់កំហុស
ពេលខ្ញុំអានកាសែត ឬទស្សនាវដ្តីម្តងៗ ខ្ញុំច្រើនតែកត់សំគាល់ឃើញ គេសរសេរខុសវេយ្យករណ៍ ឬខុសអក្ខរាវិរុទ្ធ។ ខ្ញុំមិនព្យាយាមចាប់កំហុសអ្នកសរសេរនោះទេ តែយើងងាយនឹងមើលឃើញគេសរសេរខុសជាញឹកញាប់។ ពេលនោះ ខ្ញុំក៏បានឆ្លើយតប ដោយរិះគន់ការសែត និងអ្នកដែលបោះពុម្ភផ្សាយថា “ហេតុអ្វីបានជាគេមិនប្រើកម្មវិធី ពិនិត្យអក្ខរាវិរុទ្ធ ឬជួលអ្នកពិនិត្យអក្ខរាវិរុទ្ធ?”
អ្នកប្រហែលជាមានបទពិសោធន៍ស្រដៀងនឹងខ្ញុំដែរ នៅក្នុងមុខជំនាញរបស់អ្នក។ ជាញឹកញាប់ ពេលដែលយើងកាន់តែមានការយល់ដឹង ក្នុងផ្នែកអ្វីមួយកាន់តែច្បាស់ នោះយើងហាក់ដូចជាកាន់តែងាយរកឃើញកំហុស នៅក្នុងផ្នែកនោះ។ ការនេះក៏អាចជះផលអាក្រក់មកលើទំនាក់ទំនង របស់យើងជាមួយអ្នកដទៃផងដែរ។
ប៉ុន្តែ បទគម្ពីរភីលីព ១:៩ បានប្រាប់យើងឲ្យមានការឆ្លើយតបខុសពីនេះ។ គឺដូចដែលសាវ័កប៉ុលបានបង្រៀនយើង ឲ្យមានសេចក្តីស្រឡាញ់ ចម្រើនកាន់តែច្រើនឡើង ដោយនូវសេចក្តីចេះដឹង និងយោបល់គ្រប់ជំពូក។ ព្រះទ្រង់មានផែនការឲ្យយើងមានក្តីស្រឡាញ់កាន់តែជ្រាលជ្រៅ ពេលយើងបានដឹង និងបានយល់កាន់តែច្រើន។ យើងមិនគួរបង្កើតឲ្យមានវិញ្ញាណដែលពូកែរិះគន់ ហើយធ្វើពុតជា មិនចាប់អារម្មណ៍ ឬមិនខ្វល់ពីអ្នកដទៃនោះឡើយ ផ្ទុយទៅវិញ ពេលយើងដឹងអំពីអ្នកដទៃកាន់តែច្រើន យើងក៏គួរតែអាណិតគេកាន់តែខ្លាំងផងដែរ។ និយាយរួម យើងត្រូវជំនួសការរិះគន់ ដោយសេចក្តីអាណិតវិញ។
ព្រះអម្ចាស់មិនបានត្រាសហៅយើង ឲ្យធ្វើជាអ្នកតាមចាប់កំហុសអ្នកដទៃឡើយ ផ្ទុយទៅវិញ ទ្រង់បានហៅយើងឲ្យ “ពេញជាផលនៃសេចក្តីសុចរិតដែលមកដោយសារព្រះយេស៊ូវគ្រីស្ទ សំរាប់ជាសិរីល្អ ហើយជាសេចក្តីសរសើរដល់ព្រះ”(ខ.១១)។
ពេលព្រះអម្ចាស់បំពេញចិត្តយើង ដោយក្តីស្រឡាញ់ យើងអាចមើលរំលងកំហុសអ្នកដទៃ បញ្ឈប់ការរិះគន់ ហើយស្រឡាញ់គេ ទោះជាយើងបានស្គាល់គេច្រើនប៉ុណ្ណាក៏ដោយ!-David Mccasland
អភ័យឯកសិទ្ធិក្នុងគ្រួសារព្រះ
កាលខ្ញុំនៅរៀននៅសាលាបឋមសិក្សា នៅប្រទេសហ្កាណា ខ្ញុំត្រូវរស់នៅ ជាមួយគ្រួសារមួយដែលមានក្តីស្រឡាញ់ និងការមើលថែរយ៉ាងដិតដល់ នៅឆ្ងាយពីឪពុកម្តាយរបស់ខ្ញុំ។ ថ្ងៃមួយ ក្មេងៗទាំងអស់ត្រូវផ្តុំគ្នា សម្រាប់ការជួបជុំប្រចាំគ្រួសារ។ ជាដំបូង យើងម្នាក់ៗ ត្រូវចែកចាយ អំពីបទពិសោធន៍ផ្ទាល់ៗខ្លួន។ តែបន្ទាប់មក គេក៏បានប្រើពាក្យគួរសម ប្រាប់ខ្ញុំឲ្យចាកចេញពីការជួបជុំនោះ ព្រោះក្នុងវគ្គទីពីរនេះ គេប្រជុំតែជាមួយ “កូនបង្កើត” ប៉ុណ្ណោះ។ ការនេះក៏បានរំឭកខ្ញុំថា ខ្ញុំមិនមែនជា “កូនរបស់គ្រួសារនេះទេ”។ ទោះក្រុមគ្រួសារនេះ មានក្តីស្រឡាញ់ចំពោះខ្ញុំក៏ដោយ ក៏ពួកគេបានតម្រូវឲ្យខ្ញុំនៅក្រៅការប្រជុំរបស់គ្រួសារ ព្រោះខ្ញុំគ្រាន់តែជាអ្នកស្នាក់នៅជាមួយពួកគេប៉ុណ្ណោះ និយាយរួម ខ្ញុំមិនមែនជាផ្នែកមួយនៃគ្រួសារគេឡើយ។
រឿងនេះបានរំឭកខ្ញុំ អំពីបទគម្ពីរយ៉ូហាន ១:១១-១២ ដែលបានចែងថា ព្រះរាជបុត្រានៃព្រះបានយាងចុះមករករាស្រ្តទ្រង់ ហើយពួកគេមិនព្រមទទួលទ្រង់។ ហើយអ្នកដែលទទួលទ្រង់កាលពីសម័យនោះ ក៏ដូចជានៅសម័យបច្ចុប្បន្ន គឺបានទទួលសិទ្ធិធ្វើជាកូនរបស់ព្រះ។
ពេលយើងក្លាយជាកូនចិញ្ចឹមក្នុងគ្រួសារទ្រង់ “ព្រះវិញ្ញាណទ្រង់ក៏ធ្វើបន្ទាល់នឹងវិញ្ញាណយើងថា យើងជាកូនរបស់ព្រះ”(រ៉ូម ៨:១៦)។
ព្រះយេស៊ូវមិនបានបណ្តេញនរណាម្នាក់ ដែលព្រះវរបិតាបានទទួលចិញ្ចឹមនោះឡើយ។ ផ្ទុយទៅវិញ ទ្រង់បានទទួលស្វាគមន៍យើង ឲ្យធ្វើជាផ្នែកដ៏អស់កល្បនៃគ្រួសារទ្រង់។ គឺដូចមានសេចក្តីចែងថា “អស់អ្នកណាដែលទទួលទ្រង់ គឺអស់អ្នកដែលជឿដល់ព្រះនាមទ្រង់ នោះទ្រង់បានប្រទានអំណាច ឲ្យបានត្រឡប់ជាកូនព្រះ”(យ៉ូហាន ១:១២)។-Lawrence Darmani
ប្រាជ្ញាសម្រាប់ប្រើក្នុងបណ្តាញអ៊ីនធើណិត
ពេលយើងមើលផ្នែកខាងក្រោម នៃគេហទំព័រពត៌មាន នៅតាមបណ្តាញអ៊ីនធើណិត យើងនឹងឃើញផ្នែកសម្រាប់ “បញ្ចេញមតិ ឬ comment” ដែលអ្នកអាន អាចបញ្ចេញមតិយោបលផ្សេងៗបាន។ សូម្បីតែនៅក្នុងគេហទំព័រពត៌មានដ៏ល្បីល្បាញបំផុត ក៏មិនខ្វះអ្នកបញ្ចេញមតិ ដែលប្រើពាក្យអសុរោះ ការជេរប្រទិច និងហៅឈ្មោះអាក្រក់ៗ ។ល។
កណ្ឌគម្ពីរសុភាសិត ត្រូវបានចងក្រងប្រហែល៣០០០ឆ្នាំមុន ប៉ុន្តែ ប្រាជ្ញាដែលមានក្នុងបទគម្ពីរនេះ អាចប្រើត្រូវគ្រប់សម័យកាល ហើយក៏ត្រូវនឹងបរិបទនៃការផ្សាយពត៌មានថ្មីៗ ប្រចាំថ្ងៃ ក្នុងសង្គមបច្ចុប្បន្នផងដែរ។ សុភាសិតពីរផ្សេងគ្នា ក្នុងជំពូក២៦ ហាក់ដូចជាមានន័យផ្ទុយពីគ្នា បើយើងមិនគិតឲ្យស៊ីជម្រៅទេនោះ ប៉ុន្តែ សុភាសិតទាំងពីរសុទ្ធតែអាចប្រើ ត្រូវយ៉ាងល្អឥតខ្ចោះសម្រាប់បណ្តាញសង្គមសព្វថ្ងៃ។ គឺដូចមានសេចក្តីចែងថា “កុំឲ្យឆ្លើយតបនឹងមនុស្សល្ងីល្ងើ តាមសេចក្តីចំកួតរបស់វាឡើយ ក្រែងឯងក៏បានដូចជាវាដែរ”(ខ.៤)។ ហើយ “ចូរឆ្លើយតបនឹងមនុស្សល្ងីល្ងើ ឲ្យចំនឹងសេចក្តីចំកួតរបស់វាចុះ ក្រែងវាមើលខ្លួនដោយសេចក្តីអំនួតថា ជាអ្នកមានប្រាជ្ញា”(ខ.៥)។ តាមពិតសុភាសិតទាំងពីរខនេះមិនមានន័យផ្ទុយគ្នាទេ គឺគ្រាន់តែចង់បង្រៀនយើង កុំឲ្យឆ្លើយតប តាមរបៀបរបស់មនុស្សល្ងីល្ងើ។ តែចូរឆ្លើយតប ឲ្យបានសមរម្យ ដើម្បីកុំឲ្យគេគិតថា ភាពល្ងង់ល្ងើនោះ ជាប្រាជ្ញានោះឡើយ។
បញ្ហាដែលខ្ញុំមាននោះគឺថា ភាពល្ងង់ល្ងើដែលខ្ញុំជួបប្រទះ ច្រើនតែជាភាពល្ងង់ល្ងើរបស់ខ្លួនឯង។ ជួនកាល ខ្ញុំបានបញ្ចេញយោបល ឬ comment ក្នុងបណ្តាញសង្គម ដោយខ្វះការគួរសម ឬប្រើពាក្យសម្តីរបស់នរណាម្នាក់ ដើម្បីវាយប្រហារទៅអ្នកនោះវិញ។ ខ្ញុំមិនត្រូវប្រព្រឹត្តចំពោះអ្នកដទៃ…
នៅមាត់រូង
មានរូងកំអែលភ្នំភ្លើងដ៏វែងមួយ នៅក្រោមដី ភាពខាងត្បូងនៃក្រុងឃូណា រដ្ឋអីដាហូ ដែលមានភាពល្បីល្បាញ ចំពោះប្រជាជននៅក្នុងតំបន់។ ខ្ញុំដឹងថា រូងនោះ មានច្រកចូលមួយ ដែលបើកចុះទៅក្រោមដូចអណ្តូង ឆ្ពោះទៅរកភាពងងឹត។ កាលពីប៉ុន្មានឆ្នាំមុន ខ្ញុំបានឈរនៅមាត់រូងនោះ ហើយក៏បានអើតមើលទៅក្រោម។ ខ្ញុំមានអារម្មណ៍ថា ចេះតែចង់ចូលទៅមើលឲ្យកាន់តែជិត ហើយក៏ស្ទើរតែទាប់ខ្លួនមិនជាប់ ហៀបនឹងធ្លាក់ទៅក្រោម។ ពេលនោះ ខ្ញុំក៏បុកពោះ ដោយបេះដូងលោតខុសចង្វាក់ ហើយក៏ប្រញាប់ថយចេញពីមាត់រូងនោះយ៉ាងលឿន។
អំពើបាបមានលក្ខណៈទាក់ទាញដូចនេះឯង គឺវាអាចប្រើភាពចង់ដឹងចង់ឃើញរបស់យើង ដើម្បីល្បួងយើង ឲ្យចូលទៅរកភាពងងឹត។ តើមានពេលប៉ុន្មានដងហើយ ដែលមនុស្សទំាងប្រុសទាំងស្រី បានខំចូលទៅជិតមាត់ច្រកនៃភាពងងឹត ហើយក៏ទប់ខ្លួនលែងជាប់ ធ្លាក់ចូលទៅក្នុងភាពងងឹតនោះ? ពេលនោះពួកគេក៏បានបំផ្លាញគ្រួសារ កេរ្តិ៍ឈ្មោះ និងអាជីពខ្លួនឯង ដោយសារអំពើកំផឹតសាហាយស្មន់ ដែលពីដំបូង “គ្រាន់តែ” ជាការឌឺដងគ្នាលេង ប៉ុន្តែ ក្រោយមក វាក៏បានប្រែក្លាយជាការគិត ហើយក៏ប្រព្រឹត្តតែម្តង។ ពេលដែលខ្លួនបានធ្វើខុសជ្រុសអស់ហើយ ពួកគេក៏បានក្រឡេកមកក្រោយ ហើយនិយាយថា “ខ្ញុំមិនដែលនឹកស្មានថា ខ្ញុំនឹងធ្វើដល់ថ្នាក់នេះសោះ”។
យើងគិតថា យើងអាចលេងសើចជាមួយការល្បួង ហើយដើរចូលទៅជិតមាត់រូងនៃភាពងងឹត រួចដើរចេញ តែនេះគ្រាន់តែជាការស្រមើស្រមៃដ៏ល្ងង់ខ្លៅប៉ុណ្ណោះ។ យើងដឹងថា ការប្រព្រឹត្តបែបនោះ គឺមិនត្រឹមត្រូវទេ តែយើងបែរជាលេងសើចនឹងវា។ បន្ទាប់មក យើងជៀសមិនរួចពីត្រូវវាទាញនាំចូលកាន់តែជ្រៅ ទៅក្នុងអំពើរំលងដ៏ខ្មៅងងឹត។ ព្រះយេស៊ូវបានមានបន្ទូលថា…
ព្រះទ័យដ៏ល្អរបស់ព្រះ
លោករ៉ចជើរ(Roger) បានជួបទុក្ខលំបាកជាច្រើន។ គាត់បានឆ្លងកាត់ការវៈកាត់បើកបេះដូង ដើម្បីព្យាបាលវ៉ាល់ដែលខូច។ បន្ទាប់មក ប្រហែលពីរបីសប្តាហ៍ក្រោយមក វេជ្ជបណ្ឌិតត្រូវធ្វើការវៈកាត់ម្តងទៀត ដោយសារបញ្ហាដ៏ស្មុគ្រស្មាញនៃជម្ងឺបេះដូងនោះ។ កាលនោះ គាត់ទើបតែចាប់ផ្តើមជាពីការព្យាបាលឆ្អឹងដងកំបិតដែលបានបាក់ ក្នុងគ្រោះថ្នាក់ដួលកង់។ ជាងនេះទៅទៀត លោករ៉ចជើរ ក៏បានជួបរឿងដ៏ក្រៀមក្រំថែមទៀត ដោយសារម្តាយគាត់បានលាចាកលោក ក្នុងអំឡុងពេលដ៏ពិបាកនោះទៀត។ គាត់មានការបាក់ទឹកចិត្តយ៉ាងខ្លាំង។ បានជាពេលដែលមិត្តភក្តិគាត់ម្នាក់ បានសួរគាត់ថា តើគាត់បានឃើញព្រះធ្វើការក្នុងជីវិតគាត់ តាមមធ្យោបាយដ៏តូចណាមួយ ក្នុងពេលដ៏ពិបាកនោះទេឬ? គាត់ក៏បានឆ្លើយថា គាត់ពិតជាមិនមានអារម្មណ៍ថា ព្រះទ្រង់ធ្វើការអ្វីសោះឡើយ។
ខ្ញុំសូមកោតសរសើរភាពស្មោះត្រង់របស់លោករ៉ចជើរ។ ការមានអារម្មណ៍បាក់ទឹកចិត្ត ឬមានការសង្ស័យ ជាផ្នែកមួយនៃជីវិតខ្ញុំផងដែរ។ ក្នុងបទគម្ពីររ៉ូម សាវ័កប៉ុលបានមានប្រសាសន៍ថា “យើងនៅតែអួតក្នុងកាលដែលមានទុក្ខលំបាកដែរ ដោយដឹងថា សេចក្តីទុក្ខលំបាកបង្កើតឲ្យមានសេចក្តីទ្រាំទ្រ សេចក្តីទ្រាំទ្របង្កើតឲ្យមានសេចក្តីស៊ាំថ្នឹក សេចក្តីស៊ាំថ្នឹកបង្កើតឲ្យមានសេចក្តីសង្ឃឹម”(៥:៣-៤)។
ប៉ុន្តែ ការនេះមិនមានន័យថា យើងតែងតែមានអំណរ ពេលមានទុក្ខលំបាកនោះឡើយ។ ស្ថិតក្នុងពេលបែបនោះ យើងប្រហែលជាគ្រាន់តែត្រូវការឲ្យនរណាម្នាក់ អង្គុយស្តាប់យើងនិយាយរៀបរាប់ អំពីជម្រៅចិត្តរបស់យើង និងអធិស្ឋានទៅកាន់ព្រះ។ ជួនកាល ទាល់តែទុក្ខលំបាកនោះបានកន្លងផុតហើយ ទើបយើងអាចក្រឡេចមកមើលស្ថានភាពដ៏ពិបាកនោះឡើងវិញ ហើយក៏ឃើញថា សេចក្តីជំនឿរបស់យើងបានលូតលាស់ខ្លាំងប៉ុណ្ណា ក្នុងអំឡុងពេលដ៏ពិបាក និងពេញដោយការសង្ស័យនោះ។
ពេលយើងដឹងថា ព្រះសព្វព្រះទ័យនឹងប្រើទុក្ខលំបាកយើង ដើម្បីពង្រឹងជំនឿរបស់យើង យើងអាចទុកចិត្តថា ព្រះទ្រង់មានព្រះទ័យដ៏ល្អសម្រាប់យើង។-Anne Cetas
សន្តិភាពនៅក្នុងចិត្ត
ព្រះវិហារខាមពី នៃភាពស្ងប់ស្ងាត់ ក្នុងក្រុងហេលស៊ីនគី ប្រទេសហ្វាំងឡង់ មានលក្ខណៈលេចធ្លោ នៅកណ្តាលទីប្រជុំជន។ សំណង់អគារមួយនេះ មានរាងមូលទ្រវែង ស្រោបពីលើដោយឈើ ដែលការពារសម្លេងរំខានពីទីក្រុងដ៏មមាញឹក នៅខាងក្រៅ។ អ្នករចនាមូដអគារនេះ បានសាងសង់ព្រះវិហារនេះ ធ្វើជាកន្លែងដ៏ស្ងប់ស្ងាត់ និងផ្តល់នូវ “បរិកាសដ៏ស្រគត់ស្រគំ សម្រាប់ឲ្យគេសម្រួលអារម្មណ៍នៅទីនោះ”។ ព្រះវិហារនេះជាកន្លែងទទួលស្វាគមន៍អស់អ្នក ដែលចង់គេចចេញពីភាពមមាញឹក និងអ៊ូអរ នៃទីក្រុង។
មនុស្សជាច្រើនស្រេកឃ្លានសន្តិភាព ដូចនេះ ភាពស្ងប់ស្ងាត់ ដែលមានរយៈពេលតែពីរបីនាទីក៏អាចជួយសម្រួលអារម្មណ៍ពួកគេបានខ្លះដែរ។ ប៉ុន្តែ ព្រះគម្ពីរបានបង្រៀនថា សន្តិភាពដ៏ពិត គឺសន្តិភាពដែលមានជាមួយព្រះ មានប្រភពមកពីព្រះរាជបុត្រានៃព្រះ។ គឺដូចដែលសាវ័កប៉ុលបានមានប្រសាសន៍ថា “ដែលយើងរាល់គ្នាបានរាប់ជាសុចរិត ដោយការជឿ នោះឈ្មោះថាយើងបានមេត្រីនឹងព្រះ ដោយសារព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើងរាល់គ្នាហើយ”(រ៉ូម ៥:១)។ បើគ្មានព្រះគ្រីស្ទទេ នោះយើងនៅតែរស់នៅជាខ្មាំងសត្រូវរបស់ព្រះ ដោយសារអំពើបាបរបស់យើង។ តែសូមអរព្រះគុណព្រះយេស៊ូវ ដែលបានផ្សៈផ្សាឲ្យយើងជានឹងព្រះវរបិតា ហើយបញ្ចប់ការទាស់ប្រឆាំងនឹងទ្រង់(កូល៉ុស ១:១៩-២១) ដោយយើងគ្រាន់តែទទួលជឿ និងទទួលយកការលះបង់របស់ព្រះយេស៊ូវ។ ព្រះយេស៊ូវបានថ្វាយយើងទៅព្រះវរបិតា ជាដង្វាយដ៏បរិសុទ្ធ ឥតសៅហ្មង ហើយឥតកន្លែងបន្ទោសបាន នៅចំពោះទ្រង់(ខ.២២)។
ការមានសន្តិភាពជាមួយព្រះ មិនមានន័យថា យើងនឹងរស់នៅដោយគ្មានបញ្ហានោះទេ។ ទោះជាយ៉ាងណាក៏ដោយ យើងនៅតែអាចមានសន្តិភាពនោះ នៅក្នុងចិត្ត ក្នុងពេលដែលមានទុក្ខលំបាក។ ព្រះយេស៊ូវបានប្រាប់ពួកសិស្សទ្រង់ថា “នៅលោកីយ៍នេះ…