ផ្លាស់ប្រែពីមនុស្សមានបាប
មុនពេលនាងម៉ារានៃស្រុកអេស៊ីព្ទ ដើរតាមដាននៃលោកយ៉ូហាន បាទីស្ទ ដោយរស់នៅក្នុងវាលរហោស្ថានដូចគាត់ដែរ(ឆ្នាំ ៣៤៤-៤២១ មុនគ្រីស្ទសករាជ) នាងក៏បានប្រើយុវភាពរបស់នាង ដើម្បីដេញតាមការសប្បាយ និងទាក់ទាញប្រុសៗឲ្យធ្វើអំពើអសីលធម៌ជាមួយគាត់។ ពេលដែលអាជីពដ៏កខ្វក់របស់នាងឈានដល់កំរិតដ៏ខ្ពស់ នាងក៏បានធ្វើដំណើរទៅទីក្រុងយេរូសាឡិម ក្នុងគោលបំណងដើម្បីបង្ខូចអ្នកដំណើរទាំងឡាយ ដែលស្វែងរកជីវិតខាងវិញ្ញាណនៅទីនោះ។ ផ្ទុយទៅវិញ នាងក៏បានទទួលការប៉ះពាល់ចិត្ត ឲ្យទទួលស្គាល់អំពើបាបរបស់នាង ហើយនាងក៏បានរស់នៅក្នុងជីវិតដែលផ្លាស់ប្រែ និងនៅដាច់ពីគេ ក្នុងវាលរហោស្ថាន។ ការផ្លាស់ប្តូរដ៏ឆាប់រហ័សរបស់នាងម៉ារា បានបង្ហាញអំពីទំហំនៃព្រះគុណរបស់ព្រះ និងអំណាចនៃឈើឆ្កាងដែលស្អាងជីវិតមនុស្សឡើងវិញ។
សាវ័កពេត្រុសបានបដិសេធព្រះយេស៊ូវបីដង។ តែប៉ុន្មានម៉ោង មុនពេលគាត់បដិសេធព្រះយេស៊ូវ លោកពេត្រុសបានប្រកាស់ថា គាត់ស្ម័គ្រចិត្តស្លាប់ ដើម្បីព្រះយេស៊ូវ(លូកា ២២:៣៣) ដូចនេះ ពេលគាត់ដឹងថា គាត់មិនអាចធ្វើតាមការសន្យានេះ គាត់មានការសោកស្តាយយ៉ាងខ្លាំង(ខ.៦១-៦២)។ បន្ទាប់ពីព្រះយេស៊ូវសុគត ហើយមានព្រះជន្មរស់ឡើងវិញ ព្រះយេស៊ូវក៏បានបង្ហាញព្រះអង្គទ្រង់ ឲ្យលោកពេត្រុស និងពួកសាវ័កដទៃទៀត នៅពេលដែលពួកគេកំពុងនេសាទត្រី។ ព្រះយេស៊ូវក៏បានឲ្យលោកពេត្រុសមានឱកាសប្រកាសបីដងថា គាត់ស្រឡាញ់ទ្រង់ ដែលកាលពីមុនគាត់ក៏បានបដិសេធទ្រង់បីដងផងដែរ(យ៉ូហាន ២១:១-៣)។ បន្ទាប់មក នៅក្នុងការប្រកាសនីមួយៗ ព្រះយេស៊ូវក៏បានបង្គាប់លោកពេត្រុសឲ្យថែទាំពួកជំនុំរបស់ទ្រង់(ខ.១៥-១៧)។ ដោយសារព្រះយេស៊ូវបានបង្ហាញចេញនូវព្រះគុណដ៏អស្ចារ្យនេះ ដល់គាត់ លោកពេត្រុសក៏បានបំពេញតួនាទីជាគន្លឹះ នៅក្នុងការកសាងពួកជំនុំ ហើយក៏បានលះបង់ជីវិតគាត់ថ្វាយព្រះគ្រីស្ទ នៅទីបញ្ចប់។
យើងម្នាក់ៗប្រហែលជាមានប្រវត្តិបរាជ័យ នៅក្នុងជីវិត ឬធ្លាប់ធ្វើបាបទាស់នឹងព្រះ។ តែព្រះគុណរបស់ទ្រង់ តែងតែអនុញ្ញាតឲ្យយើងមានការបញ្ចប់ ដោយជ័យជម្នះ។ ដោយសារព្រះគុណទ្រង់ នោះទ្រង់បានប្រោសលោះ…
ការយល់ដឹង អំពីទុក្ខលំបាក
មានពេលមួយ ឪពុករបស់មិត្តភក្តិខ្ញុំបានទទួលលទ្ធផលពិនិត្យសុខភាពដ៏គួរឲ្យភ័យខ្លាច ដែលរកឃើញថា គាត់បានកើតជម្ងឺមហារីក។ តែក្នុងអំឡុងពេលនៃការព្យាបាលដោយចាក់គីមី គាត់បានទទួលជឿព្រះយេស៊ូវ ហើយទីបំផុត ជម្ងឺរបស់គាត់មានការប្រែប្រួល ហើយស្ថិតក្នុងស្ថានភាពដែលអាចគ្រប់គ្រងបាន។ គាត់ក៏បានរស់នៅ ដោយគ្មានជម្ងឺមហារីកអស់រយៈពេល៨ខែ ប៉ុន្តែ ជម្ងីមហារីកក៏បានវិលត្រឡប់មកវិញ ហើយធ្ងន់លើសដើម។ គាត់ និងភរិយារបស់គាត់ ក៏បានប្រឈមនឹងការពិតនៃការវិលត្រឡប់របស់ជម្ងឺមហារីក ដោយការព្រួយបារម្ភ និងសំណួរជាច្រើន ប៉ុន្តែ ក៏បានទុកចិត្ត ចំពោះព្រះជាម្ចាស់ ដោយភាពស្មោះត្រង់ ដោយសារការអ្វីដែលទ្រង់បានធ្វើសម្រាប់ពួកគេកាលពីដំបូង។
យើងមិនតែងតែយល់ថា ហេតុអ្វីយើងត្រូវជួបទុក្ខលំបាកឡើយ។ លោកយ៉ូបបានជួបរឿងនេះផងដែរ នៅពេលដែលទុក្ខវេទនា និងការបាត់បង់ដ៏សោកសៅបំផុត បានកើតមានចំពោះគាត់។ តែទោះគាត់មានសំណួរជាច្រើនក៏ដោយ ក្នុងបទគម្ពីរយ៉ូប ជំពូក១២ គាត់បានប្រកាស់ថា ព្រះជាម្ចាស់ជាព្រះដ៏មានចេស្តា ព្រោះ “អ្វីដែលទ្រង់បានរំលំហើយ គេនឹងសង់ឡើងវិញមិនបាន”(ខ.១៤) ហើយ “ទ្រង់មានកំឡាំងឫទ្ធិ ហើយនឹងប្រាជ្ញា”(ខ.១៦)។ “ទ្រង់ចំរើនសាសន៍ទាំងប៉ុន្មាន ហើយក៏បំផ្លាញគេវិញ”(ខ.២៣)។ ក្នុងការរៀបរាប់នេះ លោកយ៉ូបមិនបានលើកឡើង អំពីមូលហេតុដែលទ្រង់អនុញ្ញាតឲ្យការឈឺចាប់ និងទុក្ខវេទនាកើតឡើងចំពោះគាត់ឡើយ។ គាត់មិនមានចម្លើយ សម្រាប់សំណួរនេះ ប៉ុន្តែ ទោះជាយ៉ាងណាក៏ដោយ គាត់ក៏បាននិយាយដោយទំនុកចិត្តថា “ព្រះទ្រង់មានទាំងប្រាជ្ញា និងឥទ្ធិឫទ្ធិផង ទ្រង់ក៏មានព្រះដំរិះ និងយោបល់ដែរ”(ខ.១៣)។
យើងប្រហែលជាមិនយល់ពីមូលហេតុ ដែលព្រះជាម្ចាស់អនុញ្ញាតឲ្យទុក្ខលំបាក កើតឡើងក្នុងជីវិតយើងទេ តែ…
ផែនការរបស់ព្រះជាម្ចាស់ សម្រាប់ការចូលនិវត្តន៍
លោកបណ្ឌិត វរវីគ រ៉តវែល(Warwick Rodwell) ដែលជាបុរាណវត្ថុវិទូ បានត្រៀមខ្លួន ដើម្បីចូលនិវត្តន៍។ ពេលនោះ គាត់ក៏បានធ្វើការរកឃើញខុសពីធម្មតាមួយ នៅព្រះវិហារធំលីជហ្វៀល ក្នុងប្រទេសអង់គ្លេស។ ខណៈពេលដែលជាងសំណង់ជីកកាយកម្រាលឥដ្ឋរបស់ព្រះវិហារនោះ ដើម្បីស្វែងរកបន្ទប់ក្រោមដី ពួកគេក៏បានរកឃើញរូបចម្លាក់ទេវតាកាព្រីយ៉ែល ដែលគេគិតថា វាមានចំណាស់ប្រហែល ១២០០ឆ្នាំ។ បណ្ឌិតរ៉តវែលក៏បានពន្យាពេលចូលនិវត្តន៍ ខណៈពេលដែលការរកឃើញរបស់គាត់នេះ បាននាំគាត់ ចូលទៅក្នុងរដូវកាលថ្មីមួយ ដ៏រំភើបរីករាយ និងមមាញឹក។
លោកម៉ូសេមានអាយុ៨០ឆ្នាំ ពេលដែលគាត់បានធ្វើការរកឃើញដ៏ឆេះឆួលមួយ ដែលធ្វើឲ្យជីវិតគាត់ផ្លាស់ប្តូរជារៀងរហូត។ គាត់ជាកូន ដែលព្រះនាងនៃនគរអេស៊ីព្ទបានយកមកចិញ្ចឹម តែគាត់មិនដែលភ្លេចថា គាត់មានដើមកំណើតជាជនជាតិយូដានោះឡើយ ហើយគាត់ក៏បានខឹងសម្បានឹងអំពើអយុត្តិធម៌ ដែលគាត់បានឃើញជនជាតិគាត់ទទួលរង(និក្ខមនំ ២:១១-១២)។ ពេលដែលស្តេចផារ៉ោនដឹងថា លោកម៉ូសេបានសម្លាប់ជនជាតិអេស៊ីព្ទ ដែលបានវាយដំជនជាតិហេព្រើរ ទ្រង់ក៏បានរៀបគម្រោងសម្លាប់គាត់ បានជាលោកម៉ូសេបង្ខំចិត្តរត់គេច ទៅស្រុកម៉ាឌៀន ហើយក៏បានរស់នៅទីនោះ(និក្ខមនំ ១៣-១៥)។
៤០ឆ្នាំក្រោយមក គាត់មានអាយុ៨០ឆ្នាំហើយ។ ពេលដែលគាត់កំពុងឃ្វាលចៀមរបស់ឪពុកក្មេកគាត់ ទេវតានៃព្រះអម្ចាស់ក៏បានបង្ហាញខ្លួន ឲ្យគាត់ឃើញ នៅក្នុងភ្លើង ដែលកំពុងតែឆេះចេញពីគុម្ពបន្លា។ លោកម៉ូសេឃើញថា គុម្ពបន្លានោះត្រូវភ្លើងឆាបឆេះមិនចេះសុះសោះ(៣:២)។ នៅពេលនោះ ព្រះជាម្ចាស់ក៏បានត្រាសហៅលោកម៉ូសេឲ្យដឹកនាំជនជាតិអ៊ីស្រាអែល ចេញពីភាពជាទាសករនៅនគរអេស៊ីព្ទ(ខ.៣-២៥)។ ដូចនេះ ទោះគាត់ដល់វ័យចូលនិវត្តហើយក្តី ព្រះអម្ចាស់បានត្រាសហៅគាត់ឲ្យដឹកនាំរាស្រ្តទ្រង់។
បើសិនជាអ្នកដល់ពេលដែលចូលនិវត្ត តើព្រះជាម្ចាស់អាចត្រាសហៅអ្នកឲ្យធ្វើអ្វី ដើម្បីសម្រេចបំណងព្រះទ័យរបស់ទ្រង់ ដែលធំជាងបំណងចិត្តរបស់អ្នក?…
អរសប្បាយនឹងសម្រស់
មានផ្ទាំងគំនូរមួយផ្ទាំង ដែលបានទាក់ភ្នែកខ្ញុំយ៉ាងខ្លាំង ដូចជាប៉មបញ្ចាំងពន្លឺនៅលើទីខ្ពស់។ គេបានដាក់តាំងវានៅលើជញ្ជាំង ក្នុងផ្លូវដើរក្នុងមន្ទីរពេទ្យក្រុងដ៏ធំមួយ។ គេបានគូររូបជនជាតិដើមអាមេរិកណាវ៉ាចូ ដោយប្រើពណ៌ប៉ាស្តែល ដែលគួរឲ្យចាប់អារម្មណ៍យ៉ាងខ្លាំង បានជាខ្ញុំឈប់ ដើម្បីគយគន់ ដោយការស្ងើចសរសើរ។ ខ្ញុំក៏បាននិយាយប្រាប់ដេន(Dan) ដែលជាស្វាមីខ្ញុំ ឲ្យមើលទៅផ្ទាំងគំនូរនោះដែរ។
កាលនោះ គាត់កំពុងតែដើរមុខខ្ញុំ ប៉ុន្តែ ខ្ញុំមានការស្ទាក់ស្ទើរ ដោយដើរហួសផ្ទាំងគំនូរផ្សេងទៀត នៅលើជញ្ជាំង ដើម្បីឈរមើលតែផ្ទាំងគំនូរមួយផ្ទាំងនេះ។ ខ្ញុំក៏បាននិយាយខ្សិបៗថា “ស្អាតណាស់”។
មានអ្វីៗជាច្រើនក្នុងជីវិតនេះ ដែលពិតជាស្អាតមែន ដែលមានដូចជាផ្ទាំងគំនូរដ៏វិចិត្រ ទេសភាពដ៏ស្រស់ស្អាត និងសម្ភារៈដែលគេបានផលិតដោយដៃជាដើម។ ប៉ុន្តែ ស្នាមញញឹមរបស់ក្មេង ស៊ុតពណ៌ខៀវរបស់សត្វចាបរ៉ូប៊ីន និងសំបកគ្រំសមុទ្រ ក៏ស្រស់ស្អាតផងដែរ។ ដើម្បីជួយសម្រាលបន្ទុកនៃជីវិតនេះ ព្រះជាម្ចាស់បានបង្កើតរបស់សព្វសារពើឲ្យល្អ តាមរដូវកាល(សាស្តា ៣:១១)។ ក្នុងភាពស្រស់ស្អាតនោះ អ្នកប្រាជ្ញព្រះគម្ពីរបានពន្យល់ថា យើងអាចមើលឃើញភាពល្អឥតខ្ចោះនៃស្នាព្រះហស្តរបស់ព្រះជាម្ចាស់ ដែលរាប់បញ្ចូលទាំងសិរីល្អនៃព្រះរាជដ៏ឥតខ្ចោះរបស់ទ្រង់ ដែលត្រូវមកដល់។
យើងគ្រាន់តែអាចនឹកស្រមៃអំពីភាពល្អឥតខ្ចោះនោះប៉ុណ្ណោះ ដូចនេះ ព្រះជាម្ចាស់បានប្រទានឲ្យយើងស្គាល់ភាពល្អឥតខ្ចោះនោះជាមុន តាមរយៈសម្រស់នៃអ្វីៗដែលយើងអាចឃើញក្នុងជីវិតនេះ។ ទ្រង់ក៏បានធ្វើឲ្យចិត្តគេសង្ឃឹមដល់អស់កល្បទៅមុខ(ខ.១១)។ ថ្ងៃខ្លះ ជីវិតយើងហាក់ដូចជាអាប់អួរ ហើយមិនបង្កើតផលផ្លែអ្វីសោះ។ ប៉ុន្តែ ដោយសេចក្តីមេត្តារបស់ព្រះជាម្ចាស់ នោះទ្រង់បានប្រទាននូវភាពស្រស់ស្អាត សម្រាប់ឲ្យយើងជញ្ជឹងគិត។
លោកជើរ៉ាត ឃើទីស ដេឡាណូ(Gerard Curtis Delano) ដែលជាវិចិត្រករនៃផ្ទាំងគំនូរដែលខ្ញុំបានស្ងើចសរសើរនេះ…
អ្វីដែលព្រះជាម្ចាស់ទតឃើញ
ថ្ងៃមួយ នៅពេលព្រឹកព្រលឹម ខ្ញុំបានបើកបង្អួចផ្ទះ មើលទៅព្រៃ ដែលនៅក្រោយផ្ទះខ្ញុំ។ ជាញឹកញាប់ ខ្ញុំបានកត់សំគាល់ឃើញសត្វស្ទាំង ឬសត្វទីទុយមួយក្បាលទំនៅលើដើមឈើមួយដើម កំពុងរកមើលចំណី ក្នុងតំបន់នោះ។ នៅពេលព្រឹកថ្ងៃមួយ ខ្ញុំមានការភ្ញាក់ផ្អើល ពេលដែលបានឃើញសត្វឥន្រ្ទីក្បាលត្រងោលកំពុងតែទប់ខ្លួននៅលើមែកមួយ ដែលនៅខ្ពស់ ដើម្បីពិនិត្យមើលភូមិសាស្រ្តនៅទីនោះ គឺហាក់ដូចជាតំបន់ទាំងមូលជារបស់វាអញ្ចឹង។ វាទំនងជាកំពុងតែស្វែងរក “អាហារពេលព្រឹក”។ វាមើលមកក្រោម ដូចស្តេចដែលទតមើលពីកន្លែងខ្ពស់។
ក្នុងបទគម្ពីរ២របាក្សត្រ ១៦ លោកហាណានី ដែលជាហោរារបស់ព្រះ បានទូលស្តេចមួយអង្គ ឲ្យជ្រាបថា សកម្មភាពរបស់ទ្រង់ កំពុងតែស្ថិតនៅក្រោមការទតមើលរបស់ព្រះជាម្ចាស់។ គាត់ទូលស្តេចអេសា ដែលជាស្តេចនៃនគរយូដាថា “ទ្រង់បានពឹងដល់ស្តេចស៊ីរី មិនបានពឹងដល់ព្រះយេហូវ៉ា ជាព្រះនៃទ្រង់”(ខ.៧)។ បន្ទាប់មក លោកហាណានីក៏បានពន្យល់ថា “ព្រះនេត្រនៃព្រះយេហូវ៉ាចេះតែទតច្រវាត់ នៅគ្រប់លើផែនដីទាំងមូល ដើម្បីនឹងសំដែងព្រះចេស្តា ជួយដល់អស់អ្នកណាដែលមានចិត្តស្មោះត្រង់ចំពោះទ្រង់”(ខ.៩)។ ដោយសារស្តេចអេសាបានពឹងផ្អែកទៅលើជំនួយខុស ទ្រង់តែងតែជួបសង្រ្គាមជានិច្ច។
ពេលយើងអានបទគម្ពីរនេះ យើងប្រហែលជាយល់ច្រឡំថា ព្រះជាម្ចាស់បានទតមើលយើងគ្រប់ជំហាន ដើម្បីចាំវាយផ្ចាល់យើង ដូចសត្វបក្សីដែលចាំចាប់ចំណី។ ប៉ុន្តែ ពាក្យពេចន៍ដែលលោកហាណានីបានថ្លែងក្នុងបទគម្ពីរនេះ គឺបានផ្តោតទៅលើភាពវិជ្ជមានទៅវិញទេ។ គាត់បានចង្អុលបង្ហាញថា ព្រះនៃយើងបានទតមើលជានិច្ច ហើយរង់ចាំយើងស្រែករកទ្រង់ ពេលដែលយើងត្រូវការជំនួយ។
តើព្រះនេត្ររបស់ព្រះជាម្ចាស់ បានទតមើលមកលោកិយនេះ ដើម្បីស្វែងរកភាពស្មោះត្រង់ នៅក្នុងយើងរាល់គ្នា ដោយរបៀបណាខ្លះ? តើទ្រង់អាចប្រទានក្តីសង្ឃឹម និងជំនួយដែលយើងត្រូវការយ៉ាងដូចម្តេចខ្លះ?…
មិនដូចថ្ងៃម្សិលមិញ
ខ្ញុំមានចៅប្រុសម្នាក់ឈ្មោះចេយ(Jay)។ កាលគាត់នៅក្មេង ឪពុកម្តាយគាត់បានឲ្យអាវយឺតថ្មីមួយ ដល់គាត់ សម្រាប់ថ្ងៃខួបកំណើតរបស់គាត់។ គាត់ក៏បានពាក់អាវនោះភ្លាមៗតែម្តង ហើយក៏បានពាក់វាជារៀងរាល់ថ្ងៃ ដោយមោទនភាព។
ពេលស្អែកឡើង ប៉ារបស់គាត់ក៏បានឃើញគាត់ពាក់អាវនោះទៀត ប៉ាគាត់ក៏បានសួរគាត់ថា “ចេយ តើអាវនោះបានធ្វើឲ្យកូនសប្បាយចិត្តទេ?”
ចេយក៏បានឆ្លើយថា “មិនសប្បាយចិត្តដូចថ្ងៃម្សិលមិញទេ?”
នេះជាបញ្ហាដែលកើតឡើងជាធម្មតា ចំពោះរបស់ទ្រព្យដែលយើងមាន។ បានសេចក្តីថា សូម្បីតែរបស់ល្អក្នុងជីវិត ក៏មិនអាចផ្តល់ឲ្យយើងនូវសុភមង្គលដ៏ជ្រាលជ្រៅ និងស្ថិតស្ថេរ ដែលយើងចង់បានយ៉ាងខ្លាំង។ ទោះយើងមានទ្រព្យសម្បត្តិច្រើនក៏ដោយ ក៏យើងនៅតែមិនសប្បាយចិត្តដដែល។
លោកិយផ្តល់ឲ្យយើងនូវសុភមង្គល តាមរយៈការទទួលបាននូវរបស់ទ្រព្យបន្ថែម ដែលមានដូចជា ខោអាវថ្មីៗ យាន្តយន្តថ្មី ឬបានទូរស័ព្ទ ឬក៏នាឡិការថ្មីជាដើម។ ប៉ុន្តែ របស់ទ្រព្យដែលយើងទទួលបាន មិនអាចធ្វើឲ្យយើងសប្បាយចិត្ត នៅថ្ងៃនេះ ដូចកាលពីថ្ងៃម្សិលមិញឡើយ បានសេចក្តីថា ភាពសប្បាយរីករាយដែលយើងទទួលបានពីរបស់ទ្រព្យទាំងនោះ បានថយចុះពីមួយថ្ងៃទៅមួយថ្ងៃ។ មូលហេតុ គឺដោយសារព្រះជាម្ចាស់បានបង្កើតយើងមក សម្រាប់ព្រះអង្គ គឺមិនសម្រាប់អ្វីផ្សេងទៀតឡើយ។
ថ្ងៃណាមួយ ពេលដែលព្រះយេស៊ូវបានអធិស្ឋានតម អស់ជាច្រើនថ្ងៃ ដែលធ្វើឲ្យទ្រង់មានការហត់ហេវខ្លាំង សាតាំងក៏បានចូលមកល្បួងទ្រង់ ឲ្យបំពេញការស្រេកឃ្លានរបស់ទ្រង់ ដោយធ្វើថ្មឲ្យក្លាយជានំប៉័ង។ ព្រះយេស៊ូវក៏បានឆ្លើយតប ដោយដកស្រង់បទគម្ពីរ ចោទិយកថា ៨:៣ ដែលបានចែងថា “មនុស្សមិនមែនរស់ ដោយសារតែនំបុ័ងប៉ុណ្ណោះទេ គឺរស់ដោយសារគ្រប់ទាំងព្រះបន្ទូល ដែលចេញពីព្រះឱស្ឋនៃព្រះមកដែរ”(ម៉ាថាយ ៤:៤)។…
ការបម្រើអ្នកដែលតូចបំផុត
មានវីដេអូមួយបានបង្ហាញសកម្មភាពរបស់បុរសម្នាក់ ដែលកំពុងលត់ជង្គង់ នៅក្បែរផ្លូវសម្រាប់ការធ្វើដំណើរល្បឿនលឿន ដ៏មមាញឹក ក្នុងអំឡុងពេលនៃភ្លើងឆេះព្រៃ ដែលមិនអាចគ្រប់គ្រងបាន។ គាត់កំពុងទះដៃ ហើយស្រែកហៅនរណាម្នាក់ឲ្យមករកគាត់។ តើគាត់រកអ្វី? តើគាត់កំពុងហៅឆ្កែគាត់ឬ? មួយសន្ទុះក្រោយមក គេក៏បានឃើញសត្វទន្សាយមួយក្បាល លេចឡើងនៅក្នុងវីដេអូនោះ។ បុរសនោះក៏បានលើកពរសត្វទន្សាយដែលកំពុងមានការភ័យខ្លាចនោះ ហើយក៏បានរត់ទៅរកទីមានសុវត្ថិភាព។
តើហេតុអ្វីការជួយសង្រ្គោះដ៏តូចនេះ អាចត្រូវគេលើកយកមកផ្សាយក្នុងពត៌មានក្នុងប្រទេស? ព្រោះការបង្ហាញចេញនូវការអាណឹតដល់សត្វដ៏តូចនេះ គឺនាំឲ្យមានការចាប់អារម្មណ៍ពីទស្សនិកជនយ៉ាងខ្លាំង។ មានតែអ្នកដែលមានចិត្តធំទូលាយ និងសប្បុរសទេ ដែលមានចិត្តអាណឹតចំពោះសត្វដ៏តូចនេះ។
ព្រះយេស៊ូវមានបន្ទូលថា នគរព្រះគឺប្រៀបដូចបុរសម្នាក់ ដែលបានរៀបពិធីជប់លៀង ហើយហៅមនុស្សគ្រប់គ្នាឲ្យមកចូលរួម។ ពិធីជប់លៀងនេះ គឺមិនគ្រាន់តែសម្រាប់អ្នកដែលមានសុខភាពល្អ និងអ្នកមានប៉ុណ្ណោះទេ តែក៏សម្រាប់ “អ្នកក្រ ជនពិការដៃជើង និងជនពិការភ្នែកផងដែរ”(លូកា ១៤:២១)។ ខ្ញុំសូមអរព្រះគុណព្រះជាម្ចាស់ដែលបានហៅអ្នកដែលទន់ខ្សោយ និងអ្នកដែលគេមិនឲ្យតម្លៃ ពុំនោះទេ ខ្ញុំក៏គ្មានឱកាសទទួលការអញ្ជើញរបស់ទ្រង់ផងដែរ។ សាវ័កប៉ុលបានមានប្រសាសន៍ថា “ព្រះទ្រង់បានរើសពួកល្ងង់ល្ងើនៅលោកីយ៍នេះ ដើម្បីនឹងធ្វើឲ្យអ្នកប្រាជ្ញមានសេចក្តីខ្មាសវិញ ទ្រង់បានរើសពួកកំសោយនៅលោកីយ៍នេះ … និងពួកអ្នកដែលគេមើលងាយ … ប្រយោជន៍កុំឲ្យមនុស្សណាបានអួតខ្លួន នៅចំពោះព្រះឡើយ”(២កូរិនថូស ១:២៧-២៩)។
តើព្រះទ័យរបស់ព្រះជាម្ចាស់ត្រូវតែធំទូលាយប៉ុណ្ណា ដើម្បីជួយសង្រ្គោះមនុស្សតូចតាចដូចខ្ញុំ! ដើម្បីឆ្លើយតប ចំពោះទ្រង់វិញ ខ្ញុំត្រូវសួរខ្លួនឯងថា តើចិត្តរបស់ខ្ញុំបានផ្លាស់ប្រែទៅជាធំទូលាយ ដូចទ្រង់ទេ? ខ្ញុំអាចដឹងថា ចិត្តខ្ញុំធំទូលាយ មិនមែននៅពេលដែលខ្ញុំផ្គាប់ចិត្ត “មនុស្សសំខាន់”នោះទេ តែនៅពេលដែលខ្ញុំបម្រើអ្នកដែលសង្គម…
ការមើលឃើញពន្លឺ
នៅតាមដងផ្លូវនៃទីក្រុងឡូស អែជែលេស មានបុរសអនាថាម្នាក់ ដែលកំពុងតែមានបញ្ហាញៀនថ្នាំ បានបោះជំហានចូលទៅក្នុងចំណោមក្រុមការងារបេសកម្មកណ្តាលអាធ្រាត ហើយក៏បានសុំឲ្យគេជួយគាត់។ ចាប់តាំងពីពេលនោះមក លោកប្រាយអិន(Brian) ដែលជាជនអនាថានោះ ក៏បានចាប់ផ្តើមការធ្វើដំណើរដ៏វែងឆ្ងាយ ឆ្ពោះទៅរកការជាសៈស្បើយ។
ក្នុងរយៈពេលនោះ លោកប្រាយអិនក៏បានដឹងថា ខ្លួនស្រឡាញ់តន្រ្តី។ ទីបំផុត គាត់ក៏បានចូលរួមជាមួយក្រុមតន្រ្តីតាមចិញ្ចើមថ្នល់ ដែលជាក្រុមតន្រ្តីករអាជីព ដែលមានចិត្តស្រឡាញ់ជនអនាថា។ ពួកគេក៏បានឲ្យលោកប្រាយអិនលេងភ្លេងទោល តែម្នាក់ឯង នូវបទទំនុកដំកើងរបស់លោកហេនដេល ដែលមានចំណងជើងថា ព្រះមែស៊ី ដែលបទនេះក៏ត្រូវបានគេហៅថា បទ “មនុស្សដែលដើរក្នុងភាពងងឹត”។ ក្នុងបទគម្ពីរដែលហោរាអេសាយបាននិពន្ធ ក្នុងអំឡុងសម័យដ៏ខ្មៅងងឹត នៃប្រវត្តិសាស្រ្តអ៊ីស្រាអែល គាត់បានច្រៀងថា “ឯបណ្តាជនដែលដើរក្នុងសេចក្តីងងឹត គេបានឃើញពន្លឺយ៉ាងធំ ពួកអ្នកដែលអាស្រ័យនៅក្នុងស្រុកនៃម្លប់សេចក្តីស្លាប់ គេមានពន្លឺភ្លឺមកលើគេហើយ”(អេសាយ ៩:២)។ អ្នកឯកទេសខាងរិះគន់តន្រ្តី បានសរសេរក្នុងទស្សនាវត្តី The New Yorker ថា “លោកប្រាយអិនបានធ្វើឲ្យទំនុកច្រៀងមានន័យយ៉ាងខ្លាំង គឺហាក់ដូចជាបានដកស្រង់ចេញពីជីវិតរបស់គាត់ផ្ទាល់”។
កណ្ឌគម្ពីរដំណឹងល្អម៉ាថាយ ក៏បានដកស្រង់បទគម្ពីរនេះផងដែរ។ ព្រះយេស៊ូវបានត្រាសហៅលោកម៉ាថាយ ឲ្យចាកចេញពីជីវិតនៃការកេងប្រវ័ញ្ចជនរួមជាតិគាត់ ហើយឲ្យដើរតាមទ្រង់វិញ។ គាត់បានពិពណ៌នាថា ព្រះយេស៊ូវបានសម្រេចបទទំនាយរបស់ហោរាអេសាយ ដោយនាំសេចក្តីសង្រ្គោះរបស់ទ្រង់ ទៅដល់ខាងនាយទន្លេយ័រដាន់ ហើយបន្តទៅដល់ស្រុកកាលីឡេនៃសាសន៍ដទៃ(ម៉ាថាយ ៤:១៣-១៥)។
តើនរណានឹងជឿថា អ្នកយកពន្ធឲ្យស្តេចសេសា ដែលធ្វើបាបប្រជាជនខ្លួនឯង(ម៉ាថាយ ៩:៩) ឬអ្នកញៀនថ្នំាតាមចិញ្ចើមថ្នល់ ឬក៏មនុស្សដូចយើងរាល់គ្នា…
កម្លាំងទីពីរ
ខ្ញុំបានចូលរួមការប្រកួតរត់ម៉ារ៉ាតុនមីវូគី ពេលខ្ញុំមានអាយុ៥៤ឆ្នាំ ដោយមានគោលដៅពីរ គឺដើម្បីរត់ឲ្យដល់ទី ហើយរត់ឲ្យចប់ ក្នុងរយៈពេលក្រោម៥ម៉ោង។ ការរត់ក្នុងចម្ងាយ២០គីឡូម៉ែត្រដំបូង មានដំណើរការល្អ តែបើសិនជាចម្ងាយ២០គីឡូម៉ែត្របន្ទាប់ មានភាពល្អប្រសើរដូចនេះដែរ នោះមិនដឹងជាល្អយ៉ាងណាទេ។ ប៉ុន្តែ ការរត់ប្រណាំងមានភាពហត់នឿយកាន់តែខ្លាំង ហើយកម្លាំងទីពីរដែលខ្ញុំសង្ឃឹមថា នឹងមានឡើងវិញ ក៏មិនបានមករកខ្ញុំដែរ។ នៅពេលដែលខ្ញុំរត់ទៅដល់ទី ការរត់ដែលធ្លាប់តែនឹងនរ ក៏បានប្រែក្លាយជាការដើរដ៏ឈឺចាប់។
មិនមែនមានតែការរត់ប្រណាំងម៉ារ៉ាតុនប៉ុណ្ណោះទេ ដែលត្រូវការកម្លាំងឡើងវិញ។ ការរត់ប្រណាំងនៃជីវិតក៏ត្រូវការកម្លាំងឡើងវិញផងដែរ។ ដើម្បីអត់ទ្រំា នៅក្នុងការរត់ប្រណាំងនៃជីវិត អ្នកដែលហត់នឿយ និងព្រួយលំបាក ត្រូវការជំនួយរបស់ព្រះជាម្ចាស់។ បទគម្ពីរអេសាយ ៤០:២៧-៣១ ជាបទកំណាព្យអាពាហ៍ពិពាហ៍ និងបទទំនាយដ៏មានន័យ ដែលបានកម្សាន្តចិត្ត និងលើកទឹកចិត្តមនុស្ស ដែលត្រូវការកម្លាំង ដើម្បីបន្តដំណើរទៅមុខទៀត។ ព្រះបន្ទូលដែលមិនចេះហួសសម័យនេះ បានប្រាប់អ្នកដែលអស់កម្លាំង និងបាក់ទឹកចិត្តថា ព្រះអម្ចាស់មិនដែលអស់ចិត្ត ឬឈប់ខ្វល់ពីពួកគេ (ខ.២៧) ហើយទ្រង់មិនដែលមើលរំលងទុក្ខលំបាករបស់យើងឡើយ។ ព្រះបន្ទូលរបស់ទ្រង់ ត្រង់ចំណុចនេះ បានប្រទានការកម្សាន្តចិត្ត និងការធានា ហើយបានរំឭកយើង អំពីអំណាច និងប្រាជ្ញាដែលគ្មានដែនកំណត់របស់ព្រះជាម្ចាស់(ខ.២៨)។
កម្លាំងទីពីរ ដែលបានរៀបរាប់ក្នុងខ.២៩-៣១ គឺជាអ្វីដែលយើងត្រូវការ ទោះយើងកំពុងតែស្ថិតនៅក្នុងការចិញ្ចឹម ឬផ្គត់ផ្គង់គ្រួសារ ឬកំពុងជួបបញ្ហាសុខភាព ឬហិរញ្ញវត្ថុ ឬក៏បាក់ទឹកចិត្ត ដោយសារភាពតានតឹងក្នុងទំនាក់ទំនង ឬបញ្ហាប្រឈមខាងវិញ្ញាណក្តី។ នេះជាកម្លាំងដែលកំពុងតែរង់ចំា…
លាងស្អាតទាំងស្រុង
មានពេលមួយប៊ិកពណ៌ខៀវមួយដើម បានបង្កប់ខ្លួន នៅក្នុងផ្នត់កន្សែងពោះគោពណ៌សររបស់ខ្ញុំ។ ពេលដែលម៉ាស៊ីនបោកខោអាវកំពុងតែបោកគក់កន្សែងពោះគោ ប៊ិកនោះមិនបានខូចទេ តែវាក៏បានផ្ទុះខ្ទេច ក្នុងម៉ាស៊ីនសំងួតខោអាវ។ ពេលនោះ ទឹកប៊ិកពណ៌ខៀវបានប្រឡាក់ពេញក្នុងម៉ាស៊ីនសំងួត។ កន្សែងពោះគោពណ៌សររបស់ខ្ញុំបានខូចអស់។ ទោះខ្ញុំប្រើសាប៊ូច្រើនយ៉ាងណា នៅតែមិនអាចបោកវាឲ្យជ្រះស្នាមប្រឡាក់នោះបានដដែល។
ពេលដែលខ្ញុំយកកន្សែងពោះគោនោះ ទៅដាក់នៅលើគំនរកន្ទប ខ្ញុំក៏បាននឹកចាំ អំពីលោកយេរេមា ដែលជាហោរានៅសម័យសញ្ញាចាស់ ដែលបានពោលទំនួញ អំពីផលវិបាកដ៏ហិនហោច នៃអំពើបាប។ ដោយសារពួកបណ្តាជនបានបដិសេធព្រះជាម្ចាស់ ហើយងាកមករកការថ្វាយបង្គំរូបព្រះ(យេរេមា ២:១៣) លោកយេរេមា ក៏បានប្រកាស់ថា ប្រជាជនអ៊ីស្រាអែលបានបណ្តាលឲ្យមានស្នាមប្រឡាក់ នៅក្នុងទំនាក់ទំនងជាមួយព្រះជាម្ចាស់។ គឺដូចដែលគាត់មានប្រសាសន៍ថា “ដ្បិតទោះបើឯងលាងខ្លួនដោយក្បុង ហើយប្រើសាប៊ូជាច្រើនក៏ដោយ គង់តែព្រះអម្ចាស់យេហូវ៉ាទ្រង់មានព្រះបន្ទូលថា អំពើទុច្ចរិតរបស់ឯង នៅមានកត់ជាប់ចំពោះអញនៅឡើយដែរ”(ខ.២២)។ ពួកគេគ្មានអំណាចអ្វី ដើម្បីជួសជុលការខូចខាត ដែលពួកគេបានធ្វើនោះឡើយ។
បើយើងពឹងផ្អែកលើសមត្ថភាពខ្លួនឯង នោះយើងមិនអាចដកស្នាមប្រឡាក់នៃអំពើបាបចេញពីខ្លួនឯងបានឡើយ។ ប៉ុន្តែ ព្រះយេស៊ូវបានធ្វើអ្វីដែលយើងមិនអាចធ្វើបាន។ តាមរយៈអំណាចនៃការសុគត និងការមានព្រះជន្មរស់ឡើងវិញរបស់ទ្រង់ ទ្រង់បាន “សំអាតយើងរាល់គ្នា ពីគ្រប់អំពើបាបទាំងអស់”(១យ៉ូហាន ១:៧)។
គេប្រហែលជាពិបាកនឹងជឿថា ទ្រង់អាចសម្អាតបាបរបស់យើងបាន តែយើងត្រូវប្រកាន់ខ្ជាប់នូវសេចក្តីពិតដែលថា គ្មានទោសនៃអំពើបាបណា ដែលព្រះយេស៊ូវមិនអាចដកចេញទាំងស្រុងនោះទេ។ ព្រះជាម្ចាស់សព្វព្រះទ័យ និងត្រៀមជាស្រេចដើម្បីលាងសម្អាតទោសនៃអំពើបាប សម្រាប់អស់អ្នកដែលស្ម័គ្រចិត្តងាកបែរមករកទ្រង់(ខ.៩)។ តាមរយៈព្រះគ្រីស្ទ យើងអាចរស់នៅជារៀងរាល់ថ្ងៃ ដោយសេរីភាព និងក្តីសង្ឃឹម។—LISA SAMRA