ចម្លងយើងកាត់ខ្យល់ព្យុះ
ក្នុងអំឡុងពេលនៃការធ្វើដំណើរលើកទីមួយ របស់បេសកជនស្កត់ឡង់ ឈ្មោះ អាឡេស៊ែនឌ័រ ដាហ្វ(Alexander Duff) ទៅកាន់ប្រទានឥណ្ឌា នៅឆ្នាំ១៨៣០ សំពៅគាត់បានលិច ពេលមានខ្យល់ព្យុះនៅក្បែរតំបន់ឆ្នេរនៃប្រទេសអាហ្វ្រិកខាងត្បូង។ គាត់ និងអ្នករួមដំណើរជាមួយគាត់បានទៅដល់កោះតូចមួយ ដែលនៅដាច់ស្រយាល ហើយបន្តិចក្រោយមក ក្នុងចំណោមពួកនាវិក មានម្នាក់បានរកឃើញព្រះគម្ពីរប៊ីបរបស់លោកដាហ្វ ដែលបានអណ្តែតមកទើរលើឆ្នេរ។ ពេលព្រះគម្ពីរនោះស្ងួត លោកដាហ្វក៏បានអានបទគម្ពីរទំនុកដំកើង ជំពូក១០៧ ទៅកាន់អ្នកដែលបានរួចជីវិតជាមួយគាត់ ហើយពួកគេក៏មានចិត្តក្លាហានឡើង។ ទីបំផុត បន្ទាប់ពីគេបានជួយសង្រ្គោះ ហើយលោកដាហ្វបានលិចសំពៅម្តងទៀត គាត់ក៏បានមកដល់ប្រទេសឥណ្ឌាដោយសុវត្ថិភាព។
បទគម្ពីរទំនុកដំកើង ជំពូក១០៧ បានចែងអំពីវិធីដែលព្រះទ្រង់ជួយរំដោះប្រជាជនអ៊ីស្រាអែល។ បទគម្ពីរនេះពិតជាត្រូវនឹងរឿងរបស់លោកដាហ្វ និងមិត្តរួមនាវារបស់គាត់បានជួបប្រទះ បានជាពួកគេមានការកម្សាន្តចិត្ត ដោយសារសេចក្តីដែលបានចែងថា “ទ្រង់ធ្វើឲ្យព្យុះសង្ឃរាបានស្ងាត់ឈឹងទៅវិញ ហើយឲ្យរលកស្ងប់ស្ងៀមដែរ នោះគេមានសេចក្តីអំណរដោយព្រោះស្ងប់ច្រៀបហើយ ទ្រង់ក៏នាំគេទៅដល់ទ្វារសមុទ្រ ដែលគេប្រាថ្នាចង់ទៅ”(ខ.២៩-៣០)។ ហើយពួកគេក៏បាន អរព្រះគុណព្រះអម្ចាស់ ដូចពួកអ៊ីស្រាអែល "សម្រាប់សេចក្តីស្រឡាញ់ដែលមិនប្រែប្រួលរបស់ព្រះ និងការដ៏អស្ចារ្យដែលព្រះអង្គបានប្រោសដល់មនុស្សជាតិ”(ខ.៣១)។
សេចក្តីដែលមានចែងក្នុងបទគម្ពីរទំនុកដំកើង ១០៧:២៨-៣០ ក៏ស្របនឹងសេចក្តីដែលមានចែងក្នុងបទគម្ពីរសញ្ញាថ្មីផងដែរ(ម៉ាថាយ ៨:២៣-២៧ ម៉ាកុស ៤:៣៥-៤១)។ ខ្យល់ព្យុះបានចាប់ផ្តើមបក់បោកមក ពេលដែលព្រះយេស៊ូវ និងពួកសាវ័ករបស់ព្រះអង្គកំពុងគង់នៅក្នុងទូក។ ពួកសិស្សព្រះអង្គក៏បានស្រែកឡើង ដោយការភ័យខ្លាច ហើយព្រះយេស៊ូវ ដែលជាព្រះដែលបានប្រសូតជាមនុស្ស ក៏បានធ្វើឲ្យខ្យល់ព្យុះស្ងប់។ យើងក៏អាចមានចិត្តក្លាហានឡើងផងដែរ! ព្រះអម្ចាស់ និងព្រះអង្គសង្រ្គោះដ៏មានអំណាចចេស្តានៃយើង…
សន្តិភាព ក្នុងភាពវឹកវរ
មានសម្លេងមួយបានលាន់ឡើង ដូចសម្លេងផាវផ្ទុះ ធ្វើឲ្យអ្នកស្រីយ៉ូអាន(Joanne)ភ្ញាក់ពីដំណេក។ កញ្ចប់បង្អួចផ្ទះនាងបានបែក។ ពេលនោះនាងមិនចង់រស់ម្នាក់ឯងទៀតទេ ហើយនាងក៏បានក្រោកពីគេង ដើម្បី រកមើលអ្វីដែលកំពុងកើតឡើង។ ផ្លូវនៅក្រៅផ្ទះងងឹត មិនឃើញមានអ្វីទេ ហើយផ្ទះរបស់នាងហាក់ដូចជាមិនមានបញ្ហាអ្វីដែរ តែបន្ទាប់មក គាត់ក៏បានឃើញកញ្ចក់ឆ្លុះមុខបែក។
អ្នកស៊ើបអង្កេតក៏បានរកឃើញគ្រាប់កាំភ្លើងមួយគ្រាប់ ដែលស្ថិតនៅចម្ងាយជាង១សង់ទីម៉ែត្រពីទុយោហ្កាស់។ បើសិនជាគ្រាប់នោះបានបាញ់ត្រូវទុយោនោះ នាងប្រហែលជាមិនរស់ទេ។ ក្រោយមក គេក៏បានរកឃើញថា គ្រាប់កាំភ្លើងនោះ បានហើរមកអគារខ្ពស់ៗនៅក្បែរនោះ ប៉ុន្តែ អ្នកស្រីយ៉ូអានមិនហ៊ាននៅផ្ទះទៀតទេ។ នាងក៏បានអធិស្ឋានសូមព្រះប្រទានសន្តិភាពក្នុងចិត្ត ហើយពេលដែលនាងបានសម្អាតបំណែកកញ្ចក់នោះ ចិត្តរបស់នាងក៏បានស្ងប់។
បទគម្ពីរទំនុកដំកើង ១២១ បានក្រើនរំឭកយើង ឲ្យងាកទៅរកព្រះ ពេលណាយើងមានបញ្ហា។ ត្រង់ចំណុចនេះ យើងឃើញថា យើងអាចមានសន្តិភាព និងចិត្តស្ងប់ ព្រោះ “សេចក្តីជំនួយរបស់ខ្ញុំមកតែពីព្រះយេហូវ៉ាទេ គឺជាព្រះដែលបង្កើតផ្ទៃមេឃ និងផែនដី”(ខ.២)។ ព្រះដែលបានបង្កើតចក្រវាលមក ព្រះអង្គជួយ និងថែរក្សាយើង(ខ.៣) ហើយពេលយើងកំពុងគេងលក់ ព្រះអង្គមិនបានផ្ទុំឡើយ(ខ.៤)។ ព្រះអង្គថែរក្សាយើងរៀងរាល់យប់ថ្ងៃ(ខ.៦) ពេលនេះ និងជារៀងរហូត(ខ.៨)។
ទោះយើងកំពុងតែស្ថិតក្នុងស្ថានភាពណាក៏ដោយ ព្រះអង្គតែងតែទតមើលយើង។ យើងព្រះអង្គកំពុងរង់ចាំយើងងាកបែរមករកព្រះអង្គ។ ពេលណាយើងងាកបែរមករកព្រះអង្គ កាលៈទេសៈយើងប្រហែលមិនផ្លាស់ប្តូរភ្លាមៗ តែព្រះអង្គបានសន្យាប្រទានសន្តិភាព ក្នុងពេលដ៏ពិបាកនោះ។—Julie Schwab
ការនឹកចាំ និងការប្រារព្ធ
នៅថ្ងៃទី៦ ធ្នូ ឆ្នាំ១៩០៧ មានបន្ទុះដ៏ធំបានធ្វើឲ្យរង្គោះរង្គើសហគមន៍តូចមួយ ក្នុងរដ្ឋវើជីនា ខាងលិច នៃសហរដ្ឋអាមេរិក ដោយបណ្តាលឲ្យមានសោកនាដកម្មដ៏អាក្រក់បំផុត ក្នុងប្រវត្តិសាស្ត្រនៃឧស្សាហកម្មរ៉ែធ្យូងថ្ម។ គ្រោះថ្នាក់នោះបានឆក់យកជីវិតកម្មករអណ្តូងរ៉ែ៣៦០នាក់ ហើយគេបានប៉ាន់ប្រមាណឃើញថា សោកនាដកម្មដ៏រន្ធត់នេះបានបន្សល់ទុកនូវស្រ្តីមេម៉ាយ២៥០នាក់ និងបណ្តាលឲ្យក្មេងៗប្រហែល១ពាន់នាក់កំព្រាឪពុក។ អ្នកប្រវត្តិសាស្រ្តជឿថា កម្មវិធីរំឭកមរណភាពរបស់ពួកគេ បានក្លាយជាប្រភពនៃទិវាឪពុក នៅសហរដ្ឋអាមេរិក។ ការនឹកចាំនេះបានកើតចេញពីការបាត់បង់ដ៏ធំ ហើយទីបំផុតក្លាយជាការប្រារព្ធទិវាឪពុក។
សោកនាដកម្មធំបំផុតក្នុងប្រវត្តិសាស្រ្តបានកើតឡើង ពេលដែលមនុស្សជាតិបានឆ្កាងព្រះ ដែលបានបង្កើតពួកគេ។ ប៉ុន្តែ ពេលដ៏ខ្មៅងងឹតនោះក៏បានបង្កើតឲ្យមានការនឹកចាំ និងការប្រារព្ធពិធីផងដែរ។ នៅពេលយប់ មុនពេលព្រះយេស៊ូវយាងទៅឈើឆ្កាង ព្រះអង្គបានប្រើធាតុផ្សំនៃពិធីបុណ្យរំលង របស់សាសន៍អ៊ីស្រាអែល ដើម្បីបង្កើតពិធីរំឭកអំពីការសុគតរបស់ព្រះអង្គ។ កណ្ឌគម្ពីរដំណឹងល្អលូកាបានពិពណ៌នា អំពីរឿងនេះយ៉ាងដូចនេះថា "ទ្រង់ក៏យកនំបុ័ងមកអរព្រះគុណ ហើយកាច់ប្រទានទៅគេ ដោយព្រះបន្ទូលថា នេះហើយជារូបកាយខ្ញុំ ដែលបានប្រទានមកសំរាប់អ្នករាល់គ្នា ចូរធ្វើបុណ្យនេះ ដើម្បីរំឭកពីខ្ញុំចុះ"(លូកា ២២:១៩)។
រហូតមកដល់ពេលសព្វថ្ងៃ កាលណាយើងប្រារព្ធពិធីលៀងព្រះអម្ចាស់ យើងថ្វាយព្រះកិត្តិនាមដល់ព្រះអង្គ រំឭកអំពីសេចក្តីស្រឡាញ់ដ៏ស្ថិតស្ថេរ ដែលព្រះអង្គមានសម្រាប់យើង ដោយនឹកចាំ អំពីការលះបង់របស់ព្រះអង្គ ដើម្បីសង្រ្គោះយើង និងអបអរអំណោយនៃជីវិត ដែលការលះបង់របស់ព្រះអង្គបានប្រទាន។ ក្នុងបទចម្រៀងទំនុកដំកើង ដែលលោកឆាល វេសលី(Charles Wesley) បាននិពន្ធ គាត់បានសរសេរថា “ឱសេចក្តីស្រឡាញ់ដ៏អស្ចារ្យ! តើហេតុអ្វីបានជាព្រះអង្គសុគតជំនួសទូលបង្គំ?”—Bill Crowder
ព្រះទ្រង់ជ្រាបអំពីរឿងរបស់អ្នក
ខណៈពេលដែលខ្ញុំបើកឡានត្រឡប់មកផ្ទះវិញ បន្ទាប់ពីបានញាំអាហារថ្ងៃត្រង់ជាមួយមិត្តជិតស្និទ្ធបំផុតរបស់ខ្ញុំ ខ្ញុំក៏បានពោលពាក្យអរព្រះគុណព្រះ ដែលបានធ្វើការក្នុងជីវិតនាង។ នាងស្គាល់ខ្ញុំ និងស្រឡាញ់ខ្ញុំ ទោះខ្ញុំមានចំណុចដែលសូម្បីតែខ្លួនខ្ញុំផ្ទាល់មិនចូលចិត្តក៏ដោយ។ នាងស្ថិតក្នុងចំណោមមនុស្សមួយក្រុមតូច ដែលទទួលស្វាគមន៍ខ្ញុំ ដោយមិនប្រកាន់ បុគ្គលិកលក្ខណៈ ទម្លាប់ និងចំណុចខ្វះខាតរបស់ខ្ញុំ។ តែនៅមានផ្នែកខ្លះនៃរឿងរបស់ខ្ញុំ ដែលខ្ញុំមិនចង់ចែកចាយដល់នាង និងអ្នកដទៃទៀតដែលខ្ញុំស្រឡាញ់ គឺត្រង់ផ្នែកដែលខ្ញុំពិតជាមិនបានជួយពួកគេ ខ្ញុំចូលចិត្តវិនិច្ឆ័យគេ មិនសប្បុរស ឬខ្វះក្តីស្រឡាញ់។
ប៉ុន្តែ ព្រះទ្រង់ពិតជាបានជ្រាបអំពីរឿងរបស់ខ្ញុំទាំងមូល។ ខ្ញុំអាចនិយាយទៅកាន់ព្រះអង្គ អំពីរឿងខ្ញុំ ដោយសេរី ទោះខ្ញុំមានការស្ទាក់ស្ទើរនៅក្នុងការនិយាយទៅកាន់អ្នកដទៃក៏ដោយ។
បទគម្ពីរទំនុកដំកើង ជំពូក១៣៩ បានពិពណ៌នា អំពីការប្រកបស្និទ្ធស្នាលដែលយើងអាចមាន ដោយអំណរជាមួយព្រះដ៏ជាស្តេច។ ព្រះអង្គស្គាល់យើងគ្មានកន្លែងចន្លោះ(ខ.១)។ ព្រះអង្គស្គាល់ផ្លូវទាំងអស់របស់យើង(ខ.៣)។ ព្រះអង្គត្រាស់ហៅយើង ឲ្យចូលមករកព្រះអង្គ ពេលយើងមានការភ័ន្តភាំង មានចិត្តថប់បារម្ភ និងតយុទ្ធនឹងការល្បួង។ ពេលណាយើងព្រមចុះចូលព្រះអង្គទាំងស្រុង ព្រះអង្គឈោងមករកយើង ដើម្បីស្តាយើងឡើងវិញ ហើយសរសេររឿងរបស់យើងជាថ្មី នៅត្រង់ផ្នែកដែលបានធ្វើឲ្យយើងមិនសប្បាយចិត្ត ដោយសារយើងបានវង្វេងចេញពីព្រះអង្គ។
ព្រះទ្រង់ស្គាល់យើង លើសពីលទ្ធភាពដែលគេអាចស្គាល់យើង ហើយព្រះអង្គនៅតែស្រឡាញ់យើង! ពេលណាយើងចុះចូលបំណងព្រះទ័យព្រះអង្គ ហើយព្យាយាមស្គាល់ព្រះអង្គកាន់តែច្បាស់ ព្រះអង្គអាចកែប្រែរឿងរបស់យើង ដើម្បីថ្វាយសិរីល្អដល់ព្រះអង្គ។ ព្រះអង្គជាអ្នកនិពន្ធ ដែលកំពុងតែបន្តសរសេររឿងនៃជីវិតយើង។—Cindy Hess Kasper
ការទុកចិត្តព្រះគម្ពីរប៊ីប
លោកប៊ីលី ក្រហាំ(Billy Graham) ដែលជាអ្នកផ្សាយដំណឹងល្អអាមេរិកដ៏ល្បីល្បាញ ធ្លាប់បានរៀបរាប់ថា កាលពីមុន គាត់មានការពិបាក នៅក្នុងការទទួលស្គាល់ថា អ្វីៗដែលមានចែងក្នុងព្រះគម្ពីរប៊ីប សុទ្ធតែជាសេចក្តីពិត។ នៅយប់មួយនោះ គាត់បានដើរម្នាក់ឯង ក្រោមពន្លឺដួងច័ន្ទ នៅក្នុងមជ្ឈមណ្ឌលវិស្សមកាលមួយ ក្នុងតំបន់ភ្នំសាន បឺណាឌីណូ។ គាត់ក៏បានលត់ជង្គង់ចុះ ហើយក៏បានដាក់ព្រះគម្ពីរប៊ីបរបស់គាត់ នៅលើគល់ឈើមួយ ហើយពោលពាក្យអធិស្ឋានយ៉ាងខ្លីថា “ព្រះអង្គអើយ មានសេចក្តីជាច្រើនក្នុងសៀវភៅនេះ ដែលទូលបង្គំមើលមិនយល់”។
គាត់ក៏បានសារភាព អំពីការភាន់ច្រឡំរបស់គាត់ ហើយទីបំផុត ព្រះវិញ្ញាណបរិសុទ្ធក៏បានបណ្តាលចិត្តគាត់ឲ្យនិយាយថា “ព្រះវរបិតា ទូលបង្គំសូមទទួលស្គាល់ ដោយជំនឿថា ព្រះគម្ពីរប៊ីបជាព្រះបន្ទូលព្រះអង្គ!” ពេលដែលគាត់ក្រោកឈរឡើងវិញ គាត់នៅមានសំណួរ តែគាត់និយាយថា “ខ្ញុំបានដឹងថា ខ្ញុំបានតយុទ្ធនឹងសង្រ្គាមខាងវិញ្ញាណ ក្នុងព្រលឹងរបស់ខ្ញុំ ហើយខ្ញុំបានឈ្នះហើយ”។
ហោរាវ័យក្មេង ឈ្មោះយេរេមា ក៏បានតយុទ្ធនឹងសង្រ្គាមខាងវិញ្ញាណផងដែរ។ តែគាត់តែងតែស្វែងរកចម្លើយ នៅក្នុងព្រះគម្ពីរ។ គឺដូចដែលគាត់បានអធិស្ឋានថា “ទូលបង្គំបានឃើញព្រះបន្ទូលទ្រង់ ទូលបង្គំក៏បានទទួលទានលេបចូលអស់ហើយ ព្រះបន្ទូលរបស់ទ្រង់ជាសេចក្តីអំណរ ហើយជាទីរីករាយចិត្តដល់ទូលបង្គំ”(យេរេមា ១៥:១៦)។ ហើយគាត់បានប្រកាសថា ព្រះបន្ទូលព្រះអម្ចាស់ នៅក្នុងចិត្តគាត់ ដូចជាភ្លើងឆេះ ដែលកប់ក្នុងឆ្អឹងរបស់គាត់(២០:៨-៩)។ លោកឆាល ស្ពើជិន(Charles Spurgeon) ដែលជាអ្នកផ្សាយដំណឹងល្អ នៅសតវត្សរ៍ទី១៩ បានសរសេរថា…
ជំនឿដែលសកម្ម
ឪពុករបស់លោកស៊ែម(Sam) ត្រូវរត់គេច ឲ្យរួចផុតពីសេចក្តីស្លាប់ ក្នុងអំឡុងពេលរដ្ឋប្រហារដោយពួកយោធា។ ភ្លាមៗនោះ ក្រុមគ្រួសារគាត់បានបាត់បង់ប្រាក់ចំណូល ហើយលែងមានលទ្ធភាពបង់ថ្លៃថ្នាំពេទ្យ ដើម្បីឲ្យប្អូនប្រុសរបស់លោកស៊ែមបន្តមានជីវិតរស់។ លោកស៊ែមក៏បានខឹងនឹងព្រះ ដោយគិតថា តើយើងបានធ្វើអ្វីខុស បានជាយើងត្រូវជួបរឿងនេះ?
មានអ្នកដើរតាមព្រះយេស៊ូវម្នាក់បានដឹង អំពីទុក្ខលំបាករបស់គ្រួសារមួយនេះ។ គាត់មានប្រាក់គ្រប់គ្រាន់ ដើម្បីបង់ថ្លៃថ្នាំពេទ្យ ដូចនេះ គាត់ក៏បានទិញថ្នាំពេទ្យឲ្យពួកគេ។ អំណោយដែលបានជួយសង្រ្គោះជីវិត ពីមនុស្សដែលពួកគេមិនស្គាល់នេះ មានឥទ្ធិពលយ៉ាងខ្លាំងមកលើពួកគេ។ ម្តាយរបស់ស៊ែមក៏បាននិយាយថា “នៅអាទិត្យនេះ យើងនឹងទៅព្រះវិហាររបស់បុរសនោះ”។ កំហឹងរបស់លោកស៊ែមក៏បានចាប់ផ្តើមថយចុះ។ ហើយទីបំផុត សមាជិកគ្រួសារនេះបានទទួលជឿព្រះយេស៊ូវ ម្តងម្នាក់ៗ។
សាវ័កយ៉ាកុបបង្រៀនថា សេចក្តីជំនឿដែលរស់ត្រូវមានការប្រព្រឹត្ត ដោយយកចិត្តទុកដាក់ចំពោះអ្នកដទៃជាដើម។ គឺដូចដែលគាត់បានសរសេរថា “ចុះបើមានបងប្អូនប្រុសស្រីណានៅអាក្រាត ព្រមទាំងខ្វះអាហារបរិភោគរាល់ថ្ងៃ ហើយអ្នករាល់គ្នាណាមួយនិយាយទៅអ្នកនោះថា អញ្ជើញទៅឲ្យសុខសាន្ត សូមឲ្យបានកក់ក្តៅ ហើយឆ្អែតចុះ តែគ្មានឲ្យអ្វីដល់អ្នកដែលត្រូវការខាងរូបសាច់នោះសោះ នោះតើមានប្រយោជន៍អ្វី”(២:១៥-១៦)។
ការប្រព្រឹត្តរបស់យើង ជាភស្តុតាងបង្ហាញ អំពីភាពពិតប្រាកដ នៃសេចក្តីជំនឿរបស់យើង។ ការប្រព្រឹត្តទាំងនោះអាចជះឥទ្ធិពលមកលើការសម្រេចចិត្តរបស់អ្នកដទៃ ដោយនាំឲ្យពួកគេទទួលជឿព្រះអង្គផងដែរ។ ក្នុងករណីរបស់លោកស៊ែម ដោយសារការប្រព្រឹត្តល្អរបស់អ្នកជឿព្រះម្នាក់នោះ គាត់ក៏បានក្លាយជាគ្រូគង្វាល និងអ្នកបង្កើតពួកជំនុំ។ ទីបំផុត អ្នកដែលបានជួយគ្រួសារគាត់ បានក្លាយជាឪពុកខាងវិញ្ញាណ ដែលបានបង្ហាញសេចក្តីស្រឡាញ់របស់ព្រះយេស៊ូវ ដល់ពួកគេ។—Tim Gustafson
ចែកផ្សាយព្រះគុណដល់អ្នកដទៃ
កូនប្រុសរបស់ខ្ញុំបានរស់នៅក្នុងមណ្ឌលកុមារកំព្រា ក្នុងដំណាក់កាលដំបូងនៃជីវិតរបស់គាត់ មុនពេលក្រុមគ្រួសារខ្ញុំបានទទួលចិញ្ចឹមគាត់។ មុនពេលយើងចាកចេញពីអគារដែលសង់ពីឥដ្ឋស៊ីម៉ង់ ជាមួយគាត់ យើងក៏បានប្រាប់គាត់ ឲ្យប្រមូលរបស់របររបស់គាត់។ តែអ្វីក៏គាត់គ្មានដែរ។ ពិតជាគួរឲ្យអាណិតគាត់ណាស់។ យើងក៏បានឲ្យគាត់ស្លៀកពាក់ខោអាវថ្មី ដែលយើងបានយកមកឲ្យគាត់ ហើយក៏បានទុកខោអាវមួយចំនួន ឲ្យក្មេងដទៃទៀត។ ខ្ញុំមានអារម្មណ៍សោកសៅចំពោះភាពទុរគតរបស់គាត់ តែខ្ញុំអរសប្បាយ ដែលយើងអាចបំពេញតម្រូវការខាងវិញ្ញាណ និងរូបកាយរបស់គាត់។
ពីរបីឆ្នាំក្រោយមក យើងបានឃើញមនុស្សម្នាក់សុំជំនួយ សម្រាប់ក្រុមគ្រួសារក្រីក្រ។ ពេលនោះ កូនប្រុសខ្ញុំមានចិត្តអន្ទះសាចង់បរិច្ចាគតុក្កតា និងប្រាក់កាក់បន្តិចបន្តួចដែលគាត់មាន ដើម្បីជួយពួកគេ។ ដោយសារគាត់ធ្លាប់រស់នៅក្នុងភាពក្រីក្រ នោះគេប្រហែលជាយល់ថា គាត់មានការឱបក្រសោបរបស់កម្មសិទ្ធិខ្លួនឯង ខ្លាំងជាងអ្នកដទៃ។
ខ្ញុំចូលចិត្តគិតថា គាត់បានឆ្លើយតបដោយចិត្តសប្បុរស ដោយសារមូលហេតុ មិនខុសពីពួកជំនុំសម័យដើម។ គឺដូចមានសេចក្តីចែងថា “ពួកសាវ័កក៏ធ្វើបន្ទាល់ ដោយព្រះចេស្តាដ៏ធំ ពីដំណើរដែលព្រះអម្ចាស់យេស៊ូវមានព្រះជន្មរស់ឡើងវិញ ហើយមានព្រះគុណជាធំ សណ្ឋិតលើគេទាំងអស់គ្នាដែរ នៅក្នុងពួកគេគ្មានអ្នកណាខ្វះខាតអ្វីសោះ”(កិច្ចការ ៤:៣៣-៣៤)។ ពួកជំនុំនៅសម័យនោះ បានស្ម័គ្រចិត្តលក់របស់ទ្រព្យ ដើម្បីបំពេញតម្រូវការគ្នាទៅវិញទៅមក។
ពេលណាយើងដឹងថា អ្នកដទៃមានការខ្វះខាត ទោះជាខាងសាច់ឈាម ឬព្រលឹងវិញ្ញាណក្តី សូមព្រះគុណព្រះ ធ្វើការដោយអំណាចចេស្តា ក្នុងជីវិតយើង ដើម្បីឲ្យយើងឆ្លើយតប ដូចពួកជំនុំដំបូង ដោយស្ម័គ្រចិត្តលះបង់ ស្មោះអស់ពីចិត្ត ដល់អ្នកខ្វះខាត។ ការនេះធ្វើឲ្យយើងក្លាយជាភាជនៈនៃព្រះគុណ ក្នុងនាមជាអ្នកជឿព្រះយេស៊ូវ ដោយ “មានចិត្តគំនិតតែមួយ”(ខ.៣២)។—Kirsten Holmberg
ពេលណាយើងមិនយល់ផែនការព្រះ
យុវជនម្នាក់មានក្តីស្រមៃចង់ជោគជ័យ ក្នុងអាជីពជាកីឡាករ។ ពេលដែលក្តីស្រមៃនោះ ជួបការខកខានជាបណ្តោះអាសន្ន គាត់ក៏បានផ្ញើសារទៅម្តាយរបស់គាត់ថា “កូនមិនយល់ផែនការរបស់ព្រះអង្គទេ។ កូនបានថ្វាយជីវិតដាច់ដល់ព្រះអង្គហើយ។ ហេតុអ្វីរឿងនេះបានកើតឡើងចំពោះកូន?” ក្នុងចំណោមយើង តើមាននរណាខ្លះដែលបានជួបរឿងខកចិត្ត ខុសពីការរំពឹងគិត ធ្វើឲ្យគំនិតយើងជោរជន់ទៅដោយការរអ៊ូរទាំ ឬសំណួរ? ឧទាហរណ៍ សមាជិកគ្រួសារបានកាត់ផ្តាច់ទំនាក់ទំនង ដោយគ្មានមូលហេតុ សុខភាពស្រាប់តែចុះខ្សោយវិញភ្លាមៗ ការបាត់បង់ការងារ ឬគ្រោះថ្នាក់ដែលបានផ្លាស់ប្តូរការរស់នៅ។
បទគម្ពីរយ៉ូប ១-២ បានចែងអំពីសោកនាដកម្ម និងភាពអន់ថយដែលបានកើតឡើងជាបន្តបន្ទាប់ ក្នុងជីវិតលោកយ៉ូប។ តាមស្តង់ដាររបស់មនុស្ស មុនពេលដែលជីវិតគាត់ធ្លាក់ចុះ ជីវិតរបស់លោកយ៉ូបហាក់ដូចជាមិនមានបញ្ហាអ្វីទេ។ លោកយ៉ូប “ជាអ្នកគ្រប់លក្ខណ៍ ហើយទៀងត្រង់ ដែលគោរពកោតខ្លាចដល់ព្រះ ក៏ចៀសចេញពីសេចក្តីអាក្រក់”(យ៉ូប ១:១)។ ប៉ុន្តែ ជីវិតមនុស្សមិនតែងតែមានដំណើរការ ដូចអ្វីដែលយើងចង់បាន គឺមិនខុសពីជីវិតរបស់លោកយ៉ូបឡើយ។ ពេលដែលភរិយាគាត់ប្រាប់គាត់ឲ្យ “ប្រមាថដល់ព្រះ ហើយស្លាប់”(២:៩) លោកយ៉ូបក៏បានឆ្លើយតបចំពោះនាង ដោយពាក្យសម្តីប្រកបដោយប្រាជ្ញា និងការប្រៀនប្រដៅ ហើយសក្តិសមនឹងឲ្យយើងយកគំរូតាម។ បានជាពេលណារឿងហេតុកើតឡើង ទោះតូចឬធំក្តី ដែលយើងមិនចង់ជួប ចូរយើងពោលថា “យើងទទួលសេចក្តីល្អមកពីព្រះ តើមិនត្រូវទទួលសេចក្តីអាក្រក់ដែរទេឬ?” គ្រប់ទាំងសេចក្តីទាំងនោះ យ៉ូបមិនបានធ្វើឲ្យខ្លួនសៅហ្មង ដោយបបូរមាត់ទេ(ខ.១០)។
ដោយពឹងអាងកម្លាំងរបស់ព្រះ ចូរយើងនៅតែទុកចិត្ត និងគោរពកោតខ្លាចព្រះអង្គ សូម្បីតែនៅពេលដែលយើងមិនអាចយល់ អំពីរបៀបដែលព្រះអង្គកំពុងធ្វើការ ក្នុងអំឡុងពេលដ៏ពិបាកនៃជីវិត។—Arthur Jackson
លក្ខណៈពិតប្រាកដនៃសេចក្តីស្រឡាញ់
ក្នុងអំឡុងពេលនៃការបិទខ្ទប់ទីក្រុង ដោយសារជំងឺរាតត្បាត លោកជើរី(Jerry) បានបង្ខំចិត្តបិទកន្លែងហាត់ប្រាណរបស់គាត់ ហើយក៏បាត់បង់ប្រាក់ចំណូលអស់ជាច្រើនខែ។ ថ្ងៃមួយ គាត់បានទទួលសារក្នុងទូរស័ព្ទ ពីមិត្តភក្តិម្នាក់ ដែលសុំជួបគាត់ នៅកន្លែងហាត់ប្រាណរបស់គាត់ នៅម៉ោង៦ល្ងាច។ លោកជើរីមិនបានដឹងអំពីគោលបំណងនៃការជួបនោះទេ តែគាត់ក៏បានសម្រេចចិត្តទៅជួបគេ។ មិនយូរប៉ុន្មាន មានឡានជាច្រើនគ្រឿងបានចាប់ផ្តើមបើកចូលក្នុងចំណតរថយន្ត។ អ្នកបើកបរឡានទីមួយ ក៏បានដាក់កញ្ច្រែងមួយ នៅលើចិញ្ចើមផ្លូវ នៅក្បែរអគារនោះ។ បន្ទាប់មក ឡានក៏បានបើកកាត់តាមនោះម្តងមួយៗ(ប្រហែល៥០គ្រឿង)។ មនុស្សនៅក្នុងរថយន្តទាំងនោះបានគ្រវីដៃដាក់លោកជើរី ឬនិយាយពាក្យសួស្តី ទៅកាន់គាត់ ហើយឈប់ឡាននៅក្បែរកញ្ច្រែងនោះ ដើម្បីទម្លាក់កាត ឬក្រដាសប្រាក់ចូលក្នុងកញ្ច្រែងនោះ។ អ្នកខ្លះបានលះបង់ប្រាក់របស់ខ្លួន តែពួកគេសុទ្ធតែបានចំណាយពេលលើកទឹកចិត្តគាត់។
សេចក្តីស្រឡាញ់ពិតប្រាកដមានការលះបង់ នេះបើយោងតាមការបង្រៀនរបស់សាវ័កប៉ុល។ គាត់បានពន្យល់ពួកជំនុំនៅទីក្រុងកូរិនថូសថា ពួកជំនុំនៅទីក្រុងម៉ាសេដូនបាន “ស្ម័គ្រចិត្តតាមកំឡាំង ហើយហួសកំឡាំងផង” ដើម្បីបំពេញតម្រូវការរបស់ពួកសាវ័ក និងអ្នកដទៃ(២កូរិនថូស ៨:៣)។ ពួកគេថែមទាំងទទូចសុំសាវ័កប៉ុល ឲ្យផ្តល់ឱកាស ឲ្យពួកគេដាក់ដង្វាយដល់ពួកសាវ័ក និងដល់រាស្រ្តរបស់ព្រះ។ ការលះបង់របស់ពួកគេ គឺបានយកគំរូតាមព្រះទ័យរបស់ព្រះយេស៊ូវ ដែលមានការលះបង់។ ព្រះអង្គបានបោះបង់ចោលភាពមានបាន នៅនគរស្ថានសួគ៌ ដើម្បីយាងចុះមកផែនដី ធ្វើជាអ្នកបម្រើ ហើយលះបង់ព្រះជន្មព្រះអង្គ។ “ទោះបើទ្រង់ជាសេដ្ឋីក៏ដោយ គង់តែទ្រង់បានត្រឡប់ជាក្រ ដោយព្រោះអ្នករាល់គ្នា”(ខ.៩)។
ចូរយើងទូលអង្វរដល់ព្រះផងដែរ ដើម្បីឲ្យយើង “បានធ្វើគុណនេះរឹតតែច្រើនឡើង”(ខ.៧) ដើម្បីបំពេញសេចក្តីត្រូវការរបស់អ្នកដទៃ។—Anne Cetas
ការស្តាប់មានសារៈសំខាន់ណាស់
“សូមមកជាបន្ទាន់។ នាវាយើងបានបុកផ្ទាំងទឹកកកហើយ”។ នេះជាពាក្យសម្តីទីមួយ ដែលលោកហារល ខូថាម(Harold Cottam) ដែលជាអ្នកកាន់វិទ្យុទាក់ទងនៅលើនាវា RMS ខាផាធា បានទទួលពីនាវាទីតានិច ដែលកំពុងលិច នៅម៉ោង១២:២៥ យប់ ថ្ងៃ១៥ ខែមេសា ឆ្នាំ១៩១២។ នាវាខាផាធាគឺជានាវាទីមួយ ដែលបានទៅដល់កន្លែងដែលមានគ្រោះមហន្តរាយនោះមុនគេ ដោយបានសង្រ្គោះជីវិតមនុស្សបាន៧០៦នាក់។
ប៉ុន្មានថ្ងៃក្រោយមក នៅចំពោះមុខព្រឹទ្ធសភាអាមេរិក លោកកាពីទែន អាធ័រ រ៉ូស្រ្តុន(Arthur Rostron) បានបកស្រាយថា “រឿងនេះទាំងមូល គឺពិតជាស្ថិតក្រោមការគ្រប់គ្រងរបស់ព្រះ… កាលនោះ អ្នកកាន់វិទ្យុទាក់ទង កំពុងតែនៅក្នុងកាប៊ីនរបស់គាត់ គឺមិនស្ថិតក្នុងពេលបំពេញភារកិច្ចឡើយ តែគាត់គ្រាន់តែស្តាប់វិទ្យុទាក់ទងដែលបានបើកចោល ខណៈពេលដែលគាត់កំពុងផ្លាស់សំលៀកបំពាក់… ហើយបើគាត់ចូលគេង ក្នុងរយៈពេល១០នាទីទៀត នោះយើងក៏មិនបានទទួលសារពីនាវាទីតានិចដែរ”។
ការស្តាប់មានសារៈសំខាន់ ជាពិសេសការស្តាប់ព្រះសូរសៀងព្រះ។ អ្នកនិពន្ធបទគម្ពីរទំនុកដំកើង ជំពូក៨៥ ដែលជាកូនៗរបស់លោកកូរេបានជំរុញឲ្យមានការស្តាប់បង្គាប់ព្រះ ដោយយកចិត្តទុកដាក់។ គឺដូចដែលពួកគេបានសរសេរថា “ខ្ញុំនឹងស្តាប់សេចក្តីដែលព្រះយេហូវ៉ាដ៏ជាព្រះ ទ្រង់នឹងមានព្រះបន្ទូលមក ដ្បិតទ្រង់នឹងមានព្រះបន្ទូលពីសេចក្តីសុខដល់រាស្ត្រទ្រង់ និងពួកអ្នកបរិសុទ្ធរបស់ទ្រង់ កុំឲ្យតែគេវិលត្រឡប់ទៅឯសេចក្តីចំកួតទៀតឡើយ ពិតប្រាកដជាសេចក្តីសង្គ្រោះរបស់ទ្រង់ នៅជិតនឹងអស់អ្នកដែលកោតខ្លាចដល់ទ្រង់”(ខ.៨-៩)។ ការដាស់តឿនរបស់ពួកគេ សំខាន់ណាស់ ព្រោះបុព្វបុរសរបស់ពួកគេបានបះបោរទាស់នឹងព្រះ ហើយក៏បានវិនាសនៅវាលរហោស្ថាន(ជនគណនា ១៦:១-៣៥)។
នៅយប់ដែលនាវាទីតានិចលិច មាននាវាមួយទៀត ដែលស្ថិតនៅចម្ងាយជិតជាង ប៉ុន្តែ…