ប្រភេទ  |  July

ក្តីសង្ឃឹមនៅក្នុងភាពសោកសៅ

កាល​អ្នក​បើក​ឡាន​តាក់​ស៊ី​កំពុង​តែ​ជូន​យើង​ទៅ​​អាកាស​យានដ្ឋាន​ហ៊ីតស្រូ នៅ​ទីក្រុង​ឡុងដ៍ គាត់​បាន​យក​រឿង​របស់​គាត់ មក​និយាយ​ប្រាប់​យើង។ គាត់​មក​រស់​នៅ​ក្នុង​ចក្រ​ភព​អង់​គ្លេស តែ​ម្នាក់​ឯង ពេល​គាត់មាន​អាយុ​១៥​ឆ្នាំ ដើម្បី​រត់​គេច​ពី​សង្រ្គាម និង​គ្រោះ​ទុរភិក្ស។ មក​ដល់​ពេល​នេះ គឺ​១៥​ឆ្នាំ​ហើយ។ គាត់​មាន​គ្រួសារ​ផ្ទាល់​ខ្លួន និង​អាច​ផ្គត់​ផ្គង់​ពួក​គេ តាម​មធ្យោបាយ​ដែល​គាត់​មិន​អាច​ធ្វើ​បាន ក្នុង​ស្រុក​កំណើត​គាត់។ ប៉ុន្តែ គាត់​បាន​ពោល​ទំនួញ​ថា គាត់​នៅ​តែ​បែក​ខ្ញែក​ពី​ឪពុក​ម្តាយ និង​បង​ប្អូន​បង្កើត​របស់​គាត់។ គាត់​ប្រាប់​យើង​ថា គាត់​មាន​ការ​ធ្វើ​ដំណើរ​ដ៏​លំបាក​លំបិន ដែល​នឹង​មិន​បញ្ចប់​ ទាល់​តែ​គាត់​មិន​បាន​ជួប​ជុំ​គ្រួសារ​គាត់​វិញ​។​

ការ​បែក​ខ្ញែក​ពី​មនុស្ស​ជា​ទីស្រឡាញ់ ក្នុង​ជីវិត​នេះ គឺ​ពិត​ជា​ពិបាក​ណាស់ ប៉ុន្តែ ការ​បាត់​បង់​មនុស្ស​ជាទី​ស្រឡាញ់ ដែល​បាន​ស្លាប់ គឺ​ពិបាក​លើស​នេះ​ទៀត ហើយ​ក៏​បាន​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​ថា មាន​ការ​បាត់​បង់ ដែល​ហាក់​ដូច​ជា​មិន​ចេះ​ធូរ​ស្បើយ ទាល់​តែ​យើង​បាន​ជួប​ជុំ​ជា​មួយ​ពួក​គេ​ឡើង​វិញ។ ពេល​ដែល​អ្នក​ជឿ​ថ្មី នៅ​ទីក្រុង​ថែស្សាឡូនិច​មាន​ការ​ងឿង​ឆ្ងល់ អំពី​ការ​បាត់​បង់​ដូច​នេះ សាវ័ក​ប៉ុល​បាន​សរសេរ​តប​ទៅ​ពួក​គេ​វិញ​ថា “បង​ប្អូន​អើយ ខ្ញុំ​មិន​ចង់​ឲ្យ​អ្នក​រាល់​គ្នា​ឥត​ដឹង ពី​ពួក​អ្នក​ដែល​ដេក​លក់​ទៅ​ហើយ​ទេ ក្រែង​អ្នក​រាល់​គ្នា​កើត​ទុក្ខ​ព្រួយ ដូច​ជា​អ្នក​ឯ​ទៀត ដែល​គ្មាន​សង្ឃឹម”​(១ថែស្សាឡូនិច ៤:១៣)។ គាត់​បាន​ពន្យល់​ថា ក្នុង​នាម​យើង​ជា​អ្នក​ជឿ​ព្រះ​យេស៊ូវ យើង​រស់​នៅ ដោយ​ការ​រំពឹង​ថា នឹង​បាន​ជួប​ជុំ​គ្នា​ឡើង​វិញ ជា​រៀង​រហូត ក្នុង​ព្រះ​វត្ត​មាន​ព្រះ​គ្រីស្ទ​(ខ.១៧)។​

មាន​បញ្ហា​តិច​ណាស់ ដែល​ធ្វើ​ឲ្យ​យើង​ឈឺ​ចាប់​ខ្លាំង ដូច​ការ​បែក​បាក់ ដែល​យើង​ទទួល​រង ប៉ុន្តែ​ ក្នុង​ព្រះ​យេស៊ូវ​យើង​មាន​សង្ឃឹម​ថា នឹង​បាន​ជួប​ជុំ​គ្នា​ឡើង​វិញ។ ហើយ​ក្នុង​ពេល​ដែល​យើង​សោក​សង្រេង…

ប្រយុទ្ធប្រឆាំងនឹងការកុហក

មាន​ពេល​មួយ ខ្ញុំ​បាន​ដាក់​ព្រះ​គម្ពីរ​ប៊ីប​របស់​ខ្ញុំ នៅ​លើ​តុ​អាសនា ហើយ​ក៏​បាន​មើល​ទៅ​ទឹក​មុខ​របស់​ហ្វូង​មនុស្ស ដែល​កំពុង​រង់​ចាំ​ស្តាប់ ខ្ញុំ​ចែក​ចាយ។ ខ្ញុំ​បាន​អធិស្ឋាន និង​បាន​រៀប​ចំ​ខ្លួន សម្រាប់​ការ​ចែក​ចាយ​នេះ​រួច​ហើយ។ ហេតុ​អ្វី​ខ្ញុំ​មិន​អាច​និយាយ​បាន?

ឯង​គ្មាន​តម្លៃ។ គ្មាន​នរណា​ចង់​ស្តាប់​ឯង​ទេ ជា​ពិសេស បើ​សិន​ជា​ពួក​គេ​ដឹង អំពី​អតីតកាល​របស់​ឯង។ ហើយ​ព្រះ​មិន​សព្វ​ព្រះ​ទ័យ​នឹង​ប្រើ​ឯង​ទេ។  នេះ​ជា​ពាក្យ​សម្តី​ដែល​ខ្ញុំ​បាន​ឮ​ក្នុង​ចិត្ត និង​គំនិត​ខ្ញុំ​ជា​ញឹក​ញាប់ តែ​ជា​ការ​កុហក ដែល​ខ្ញុំ​ងាយ​នឹង​ជឿ តែ​ខ្ញុំ​បាន​ព្យាយាម​ប្រយុទ្ធ​ប្រឆាំង​នឹង​វា អស់​រយៈ​ពេល​ប្រហែល​១​ទសវត្សរ៍​មក​ហើយ។ ខ្ញុំ​ដឹង​ហើយ​ថា ពាក្យ​សម្តី​នេះ មិន​ពិត​ទេ តែ​ខ្ញុំ​ហាក់​ដូច​ជា​មិន​អាច​គេច​ចេញ​ពី​ភាព​មិន​ច្បាស់​លាស់ និង​ការ​ភ័យ​ខ្លាច​របស់​ខ្ញុំ។ ដូច​នេះ ខ្ញុំ​ក៏​បាន​បើក​ព្រះ​គម្ពីរ​របស់​ខ្ញុំ។​

ខ្ញុំ​ក៏​បាន​បើក​មើល​បទ​គម្ពីរ​សុភាសិត ៣០:៥។ ខ្ញុំ​ដក​ដង្ហើម​ចេញ​ចូល​យឺត​ៗ មុន​ពេល​អាន​ឮ​ៗ​ថា “គ្រប់​ទាំង​ព្រះបន្ទូល​នៃ​ព្រះ សុទ្ធ​តែ​បរិសុទ្ធ ទ្រង់​ជា​ខែល ដល់​អស់​អ្នក​ដែល​ពឹង​ជ្រក​ក្នុង​ទ្រង់”។ ខ្ញុំ​ក៏​បាន​បិទ​ភ្នែក ខណៈ​ពេល​ដែល​ចិត្ត​ខ្ញុំ​មាន​ពេញ​ដោយ​សន្តិភាព ហើយ​ខ្ញុំ​ក៏​បាន​ចាប់​ផ្តើម​ចែក​ចាយ​ទីបន្ទាល់​របស់​ខ្ញុំ​ដល់​ហ្វូង​មនុស្ស។​

យើង​បាន​ពិសោធន៍​នឹង​អំណាច​របស់​ពាក្យ​សម្តី និង​គំនិត​អវិជ្ជមាន ដែល​អ្នក​ដទៃ​មាន​ចំពោះ​យើង ដែល​ធ្វើ​ឲ្យ​យើង​រក​ធ្វើ​អ្វី​មិន​កើត។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ព្រះ​បន្ទូល​ព្រះ​ល្អ​ឥត​ខ្ចោះ ហើយ​មាន​ន័យ​ជ្រាល​ជ្រៅ​ណាស់។ ពេល​ណា យើង​ជួប​ការ​ល្បួង​ដែល​នាំ​ឲ្យ​យើង​ជឿ​ពាក្យ​សម្តី ឬ​គំនិត​អវិជ្ជមាន អំពី​តម្លៃ និង​គោល​បំណង​របស់​យើង ជា​កូន​របស់​ព្រះ នោះ​សេចក្តី​ពិត​ដ៏​ស្ថិត​ស្ថេរ និង​មិន​ប្រែប្រួល​របស់​ព្រះ នឹង​ការពារ​គំនិត និង​ចិត្ត​របស់​យើង។ យើង​អាច​នឹក​ចំា បទ​គម្ពីរ​ទំនុក​ដំកើង ដែល​បាន​ចែង​ថា…

ការលូតលាស់ក្នុងព្រះគុណព្រះ

លោក​ឆាល អេច ស្ព័រជិន(Charles H. Spurgeon ឆ្នាំ ១៨៣៤-១៨៩២) ជា​គ្រូ​អធិប្បាយ ដែល​មាន​សញ្ជាតិ​អង់គ្លេស។ គាត់​បាន​រស់​នៅ​ជា​គ្រីស្ទ​បរិស័ទ ដែល​សកម្ម និង​មាន​ចិត្ត​ឆេះ​ឆួល​យ៉ាង​ខ្លាំង។ គាត់​បាន​ក្លាយ​ជា​គ្រូ​គង្វាល ពេល​គាត់​មាន​អាយុ​១៩​ឆ្នាំ ហើយ​មិន​យូរ​ប៉ុន្មាន​គាត់​ក៏​បាន​អធិប្បាយ​ព្រះ​បន្ទូល​ទៅ​កាន់​ហ្វូង​មនុស្ស។​ គាត់​បាន​សរសេរ​ការ​អធិប្បាយ​ព្រះ​បន្ទូល​របស់​គាត់ នៅ​ក្នុង​សៀវភៅ ហើយ​ចង​ក្រង​បាន​៦៣​ភាគ ហើយ​ក៏​បាន​និពន្ធ​សេចក្តី​ពន្យល់​ព្រះ​គម្ពីរ និង​សៀវភៅ​អំពី​ការ​អធិស្ឋាន ព្រម​ទាំង​សៀវភៅ​ផ្សេងៗ​ទៀត។ ហើយ​គាត់​បាន​អាន​ចប់​សៀវភៅ​៦​ក្បាល ក្នុង​មួយ​សប្តាហ៍។ ក្នុង​ការ​អធិប្បាយ​ព្រះ​បន្ទូល​មួយ​នោះ លោក​ស្ព័រជិន​បាន​មាន​ប្រសាសន៍​ថា “ការ​មិន​ធ្វើ​អ្វី​សោះ​ គឺ​ជា​អំពើ​បាប ដែល​ស្ទើរ​តែ​ធំ​ជាង​អំពើ​បាប​ដទៃ​ទៀត ព្រោះ​វា​នាំ​ឲ្យ​យើង​ធ្វើ​អំពើ​បាប​ជា​ច្រើន​ទៀត … ភាព​ខ្ជិល​ច្រអូស​ខាង​វិញ្ញាណ​ដ៏​អាក្រក់! សូម​ព្រះ​អង្គ​ជួយ​សង្រ្គោះ​យើង ឲ្យ​រួច​ផុត​ពី​វា​ផង”។​

លោក​ឆាល ស្ព័រជិន បាន​រស់​នៅ​ដោយ​ភាព​ឧស្សាហ៍​ខាង​វិញ្ញាណ (២ពេត្រុស ១:៥) ដើម្បី​ឲ្យ​បាន​លូត​លាស់ ក្នុង​ព្រះ​គុណ​ព្រះ ហើយ​រស់​នៅ​ថ្វាយ​ព្រះ​អង្គ។ បើ​យើង​ជា​អ្នក​ដើរ​តាម​ព្រះ​គ្រីស្ទ នោះ​ព្រះ​ទ្រង់​អាច​បណ្តាល​ចិត្ត​យើង និង​ប្រទាន​លទ្ធ​ភាព ឲ្យ​ចម្រើន​ឡើង ឲ្យ​មាន​លក្ខណៈ​កាន់​តែ​ដូច​ព្រះ​យេស៊ូវ “ដោយ​មាន​សេចក្តី​ឧស្សាហ៍​ដែរ ដើម្បី​ឲ្យ​សេចក្តី​ជំនឿ​បាន​ទៀង​ត្រង់ ឲ្យ​សេចក្តី​ទៀង​ត្រង់​បាន​ដំរិះ ឲ្យ​ដំរិះ​បាន​ចេះ​អត់​សង្កត់ ឲ្យ​សេចក្តី​អត់​សង្កត់​បាន​ខ្ជាប់​ខ្ជួន ឲ្យ​សេចក្តី​ខ្ជាប់​ខ្ជួន​បាន​ចេះ​គោរព​ប្រតិបត្តិ​ដល់​ព្រះ”(ខ.៥-៧)។​

យើង​ម្នាក់​ៗ​សុទ្ធ​តែ​មាន​បំណង​ចិត្ត សមត្ថភាព និង​កម្លាំង​ខុស​ៗ​គ្នា គឺ​មិន​សុទ្ធ​តែ​អាច​រស់​នៅ ដោយ​ភាព​ឧស្សាហ៍​ដូច​លោក​ឆាល ស្ព័រជិន​នោះ​ឡើយ។  ប៉ុន្តែ ពេល​ណា​យើង​បាន​យល់…

រនាំងនៃការអធិស្ឋាន

យាន​រុក​រក នៅ​លើ​ភព​ព្រះ​អង្គារ ដែល​មាន​ឈ្មោះ​ថា ឱកាស បាន​ទំនាក់​ទំនង​ជា​មួយ​អ្នក​វិទ្យាសាស្រ្ត នៅ​មន្ទីរ​ពិសោធន៍ នៃ​អង្គការ​ណាសា​អស់​រយៈ​ពេល​១៤​ឆ្នាំ។ បន្ទាប់​ពី​វា​បាន​ចុះ​ចត​នៅ​លើ​ភព​ព្រះអង្គារ ក្នុង​ឆ្នាំ ២០០៤ វា​បាន​ធ្វើ​ដំណើរ​បាន​៤៥​គីឡូ​ម៉ែត្រ នៅ​លើ​ផ្ទៃ​ខាង​លើ​នៃ​ភព​អង្គារ ដោយ​ថត​រូប​រាប់​ពាន់​សន្លឹក ហើយ​បាន​ធ្វើ​ការ​វិភាគ​មក​លើ​វត្ថុ​ធាតុ​ជា​ច្រើន នៅ​ទីនោះ។ ប៉ុន្តែ នៅឆ្នាំ២០១៨ ទំនាក់​ទំនង​រវាង​យាន​រុក​រក​នេះ និង​អ្នក​វិទ្យា​សាស្រ្ត​ត្រូវ​បាន​កាត់​ផ្តាច់ ដោយ​សារ​ខ្យល់​ព្យុះ​ដីខ្សាច់​ដ៏​ធំ​មួយ​បាន​ធ្វើ​ឲ្យ​ដី​ប្រឡាក់​បន្ទះ​សូឡា​របស់​វា ជា​ហេតុ​បណ្តាល​ឲ្យ​វា​អស់​ថាម​ពល។

ពេល​ដែល​ខ្ញុំ​បាន​អាន​អំពី​រឿង​នេះ ខ្ញុំ​ក៏​បាន​ចោទ​ជា​សំណួរ​ថា តើ​យើង​បាន​អនុញ្ញាត​ឲ្យ​មាន​អ្វី​មក​រាំង​ខ្ទប់​ទំនាក់​ទំនង​ជា​មួយ​ព្រះ ដែល​គង់​នៅ​ស្ថាន​សួគ៌​ឬ​ទេ? ពេល​ណា​យើង​អធិស្ឋាន ឬ​ទំនាក់​ទំនង​ជា​មួយ​ព្រះ មាន​កត្តា​មួយ​ចំនួន ដែល​អាច​រារាំង​យើង។​

ព្រះ​គម្ពីរ​បាន​ចែង​ថា អំពើ​បាប​អាច​រារាំង​ទំនាក់​ទំនង​ដែល​យើង​មាន​ជា​មួយ​ព្រះ។ បទ​គម្ពីរ​ទំនុក​ដំកើង ៦៦:១៨ បាន​ចែង​ថា “បើ​សិន​ជា​ខ្ញុំ​ឃើញ​មាន​សេចក្តី​ទុច្ចរិត​នៅ​ក្នុង​ចិត្ត នោះ​ព្រះអម្ចាស់​ទ្រង់​មិន​ព្រម​ស្តាប់​ខ្ញុំ​ទេ”។ ព្រះយេស៊ូវ​បាន​បង្រៀន​យើង​ថា “ហើយ​កាល​ណា​អ្នក​ឈរ​អធិស្ឋាន បើ​អ្នក​មាន​ហេតុ​អ្វី​នឹង​អ្នក​ណា នោះ​ត្រូវ​អត់​ទោស​ឲ្យ​គេ​សិន ដើម្បី​ឲ្យ​ព្រះវរបិតា​នៃ​អ្នក​រាល់​គ្នា ដែល​គង់​នៅ​ស្ថានសួគ៌ បាន​អត់​ទោស​គ្រប់​ទាំង​សេចក្តី​កំហុស​របស់​អ្នក​រាល់​គ្នា​ដែរ”(ម៉ាកុស ១១:២៥)។ ទំនាក់​ទំនង​ដែល​យើង​មាន​ជា​មួយ​ព្រះ ក៏​អាច​បង្អាក់ ដោយ​សារ​ការ​សង្ស័យ និង​បញ្ហា​ក្នុង​ទំនាក់​ទំនង​ផង​ដែរ​(យ៉ាកុប ១:៥,៧ ១ពេត្រុស ៣:៧)។​
ការ​ទំនាក់​ទំនង​ដែល​យាន​រុក​រក​នៅ​ភព​ព្រះ​អង្គារ ហាក់​ដូច​ជា​ត្រូវ​បាន​កាត់​ផ្តាច់​ជា​រៀង​រហូត។  ប៉ុន្តែ ការ​អធិស្ឋាន​របស់​យើង មិន​ត្រូវ​មាន​ការ​កាត់​ផ្តាច់​ដូច​នេះ​ឡើយ។ តាម​រយៈ​កិច្ចការ​នៃ​ព្រះ​វិញ្ញាណ នោះ​ព្រះ​ទ្រង់​នាំ​យើង​ផ្សះ​ផ្សា​ទំនាក់​ទំង​ជា​មួយ​ព្រះ​អង្គ​ដោយ​ក្តី​ស្រឡាញ់។

ពេល​ណា​យើង​សារ​ភាព​អំពើ​បាប ហើយ​ងាក​បែរ​មក​រក​ព្រះ​អង្គ នោះ​ដោយ​ព្រះ​គុណ​ព្រះ…

ប្រាជ្ញាដែលយើងត្រូវការ

មាន​ពេល​មួយ អេលែន(Ellen) បាន​បើក​ប្រអប់​សំបុត្រ​របស់​នាង ហើយ​ក៏​បាន​ឃើញ​ស្រោម​សំបុត្រ​ដែល​មាន​រាង​ប៉ោង ដែល​មាន​អាស័យ​ដ្ឋាន​របស់​មិត្ត​ភក្តិ​របស់​នាង។ កាល​ពីរ​បី​ថ្ងៃ​មុន នាង​បាន​ចែក​ចាយ​អំពី​បញ្ហា​ក្នុង​ទំនាក់​ទំនង ដល់​មិត្ត​ភក្តិ​នោះ។ នាង​ចង់​ដឹង​ថា ក្នុង​ប្រអប់​សំបុត្រ​នោះ​មាន​អ្វី ដូច​នេះ​នាង​ក៏​បាន​បើក​ស្រោម​សំបុត្រ​នោះ​មើល ឃើញ​ខ្សែក​អង្កាំ​មាន​ពណ៌​ចម្រុះ​មួយ​ខ្សែ។ មាន​កាត​មួយ​សន្លឹក​ជាប់​នឹង​ខ្សែ​ក​នោះ​ ដែល​មាន​អក្សរ​សរសេរ​ពី​លើ​ថា “ចូរ​ស្វែង​រក​ផ្លូវ​របស់​ព្រះ”។ អេលែន​ក៏​យក​ខ្សែក​នោះ​មក​ពាក់ ដោយ​ទឹក​មុខ​ញញឹម។

កណ្ឌ​គម្ពីរ​សុភាសិត​ជា​ការ​ប្រមូល​ផ្តុំ​នៃ​ពាក្យ​ពេចន៍​នៃ​ប្រាជ្ញា ដែល​ភាគ​ច្រើន​ត្រូវ​បាន​និពន្ធ ដោយ​ស្តេច​សាឡូម៉ូន ដែល​គេ​បាន​ទទួល​ស្គាល់​ថា ជា​មនុស្ស​ដែល​មាន​ប្រាជ្ញា​បំផុត ក្នុង​សម័យ​របស់​ទ្រង់​(១ពង្សាវតាក្សត្រ ១០:២៣)។ ជំពូក​ទាំង​៣១​របស់​កណ្ឌ​គម្ពីរ​នេះ បាន​អំពាវ​នាវ​ដល់​​អ្នក​អាន ឲ្យ​ស្តាប់​ពាក្យ​នៃ​ប្រាជ្ញា ហើយ​ជៀស​ចេញ​ពី​ភាព​ល្ងង់​ខ្លៅ គឺ​ដូច​ដែល​បទ​គម្ពីរ​សុភាសិត ១:៧ បាន​ចែង​ថា “សេចក្តី​កោត​ខ្លាច​ដល់​ព្រះយេហូវ៉ា នោះ​ជា​ដើម​ចម​នៃ​ដំរិះ”។  ប្រាជ្ញា ឬ​តម្រិះ​ គឺ​ជា​ការ​ដឹង​ថា ត្រូវ​ធ្វើ​អ្វី នៅ​ពេល​ណា ដែល​បាន​មក​ពី​ការ​ថ្វាយ​ព្រះ​កិត្តិ​នាម​ដល់​ព្រះ ដោយ​ស្វែង​រក​ផ្លូវ​របស់​ទ្រង់។ នៅ​ខ​បន្ទាប់ ដែល​ជា​សេចក្តី​ផ្តើម មាន​សេចក្តី​ចែង​ថា “នែ កូន​អើយ ចូរ​ស្តាប់​ពាក្យ​ប្រៀន​ប្រដៅ​របស់​ឪពុក​ចុះ កុំ​ឲ្យ​កូន​បោះបង់​ចោល​សេចក្តី​ដំបូន្មាន​របស់​ម្តាយ​ឯង​ឡើយ។ ដ្បិត​សេចក្តី​នោះ​នឹង​បាន​ជា​គុណ​ពាក់​លើ​ក្បាល​ឯង ទុក​ជា​គ្រឿង​លំអ ហើយ​ជា​ខ្សែ​ប្រដាប់​ពាក់​នៅ​ក​ឯង”(ខ.៨-៩)។

មិត្ត​ភក្តិ​របស់​អេលែន​បាន​នាំ​នាង ឲ្យ​ងាក​ទៅ​រក​ប្រភព​នៃ​ប្រាជ្ញា​ដែល​នាង​ត្រូវ​ការ គឺ​ត្រូវ​ស្វែង​រក​ផ្លូវ​របស់​ព្រះ។ អំណោយ​នោះ​បាន​នាំ​អេលែន​ឲ្យ​ផ្តោត​ចិត្ត​ទៅ​លើ​កន្លែង​ដែល​នាង​អាច​រក​ឃើញ​ជំនួយ ដែល​នាង​ត្រូវ​ការ។​

ពេល​ណា​យើង​ថ្វាយ​ព្រះ​កិត្តិនាម​ដល់​ព្រះ​ ហើយ​ស្វែង​រក​ផ្លូវ​ព្រះ​អង្គ យើង​នឹង​ទទួល​បាន​នូវ​ប្រាជ្ញា ដែល​យើង​ត្រូវ​ការ ដើម្បី​ប្រឈម​មុខ​ដាក់​បញ្ហា​នីមួយ​ៗ​ក្នុង​ជីវិត។—Elisa…

មិនមែនជាមនុស្សដែលគ្មានឪពុក

ក្នុង​សៀវភៅ ជំនាន់​មនុស្ស​ដែល​កំព្រា​ឪពុក  ដែល​លោក​ចន សូវ័រ(John Sowers)បាន​និពន្ធ គាត់​បាន​សរសេរ​ថា “គ្មាន​ជំនាន់​ណា បាន​ប្រទះ​ឃើញ​ភាព​កំព្រា​ឪពុក​ដ៏​ច្រើន ដូច​ជំនាន់​នេះ ដែល​មាន​ក្មេង​២៥​លាន​នាក់ កំពុង​តែ​ចម្រើន​វ័យ​ធំ​ឡើង ក្នុង​ផ្ទះ​ដែល​គ្មាន​ឪពុក”។​ តាម​បទ​ពិសោធន៍​របស់​ខ្ញុំ បើ​ខ្ញុំ​បាន​ជួប​ឪពុក​ខ្ញុំ នៅ​តាម​ផ្លូវ ខ្ញុំ​នឹង​មិន​ស្គាល់​គាត់​ទេ។ ឪពុក​ម្តាយ​ខ្ញុំ​បាន​លែង​លះ​គ្នា កាល​ខ្ញុំ​នៅ​តូច ហើយ​ម្តាយ​ខ្ញុំ​បាន​ដុត​រូប​ថត​របស់​ឪពុក​ខ្ញុំ​ចោល​ទាំង​អស់។ ដូចនេះ អស់​ពេល​ជា​ច្រើន​ឆ្នាំ​កន្លង​មក​នេះ ខ្ញុំ​មាន​អារម្មណ៍​ថា ខ្ញុំ​គ្មាន​ភាព​កក់​ក្តៅ​ពី​ឪពុក​។ បន្ទាប់​មក ពេល​ខ្ញុំ​មាន​អាយុ​១៣​ឆ្នាំ ខ្ញុំ​បាន​ស្តាប់​សេចក្តី​អធិស្ឋាន​របស់​ព្រះ​អម្ចាស់​(ម៉ាថាយ ៦:៩-១៣) ហើយ​ក៏បាន​និយាយ​ប្រាប់​ខ្លួន​ឯង​ថា ខ្ញុំ​មិន​មាន​ឪពុក​នៅ​ផែន​ដី តែ​ខ្ញុំ​មាន​ព្រះ​ដែល​ជា​ព្រះ​វរបិតា ដែល​គង់​នៅ​ស្ថាន​សួគ៌។​

ក្នុង​បទ​គម្ពីរ​ម៉ាថាយ ៦:៩ ព្រះ​យេស៊ូវ​បាន​បង្រៀន​យើង​ឲ្យ​អធិស្ឋាន​ថា “ឱ​ព្រះវរបិតា​នៃ​យើង​ខ្ញុំ ដែល​គង់​នៅ​ស្ថានសួគ៌​អើយ សូម​ឲ្យ​ព្រះនាម​ទ្រង់​បាន​បរិសុទ្ធ”។ ខ.៧ បាន​ប្រាប់​យើង កុំ​ឲ្យ​ពោល​ពាក្យ​ឥត​ប្រយោជន៍​ផ្ទួន​ៗ ពេល​យើង​អធិស្ឋាន ដូច​នេះ តើ​ខគម្ពីរ​ទាំង​ពីរ​នេះ​មាន​ទំនាក់​ទំនង​នឹង​គ្នា​ដូច​ម្តេច​ខ្លះ​។ ខ្ញុំ​បាន​ដឹង​ថា ដោយសារ​ព្រះ​ទ្រង់​ចាំ​អ្វី​ដែល​យើង​ទូល​ថ្វាយ​ទ្រង់ នោះ​យើង​មិន​ចាំ​បាច់​និយាយ​ដដែល​ៗ ក្នុង​ពេល​តែ​មួយ​នោះ​ទេ។ ព្រះ​អង្គ​ពិត​ជា​យល់​អ្វី​ដែល​យើង​អធិស្ឋាន ដូច​នេះ​យើង​មិន​ចាំ​បាច់​ត្រូវ​ពន្យល់​ឡើយ។ ព្រះ​អង្គ​មាន​ព្រះ​ទ័យ​អាណិត ដូច​នេះ យើង​មិន​ចាំ​បាច់​ត្រូវ​មាន​ការ​សង្ស័យ ចំពោះ​សេចក្តី​ល្អ​របស់​ព្រះ​អង្គ​នោះ​ទេ។ ហើយ​ដោយសារ​ព្រះ​អង្គ​ជ្រាប​អំពី​អ្វី​ៗ​ទាំង​អស់​តាំង​ពី​ដើម​ដំបូង ដល់​ទី​បញ្ចប់ នោះ​យើង​ដឹង​ថា ព្រះ​អង្គ​នឹង​ឆ្លើយ​តាម​បំណង​ព្រះ​ទ័យ និង​តាម​ពេល​វេលា​ដ៏​ឥត​ខ្ចោះ​របស់​ព្រះ​អង្គ។​

ដោយសារ​ព្រះ​ជា​ព្រះ​វរបិតា​របស់​យើង នោះ​យើង​មិន​ចាំ​បាច់​ត្រូវ “ពោល​ពាក្យ​ច្រើន”(ខ.៧)…

មិនមែនដោយពាក្យឧត្តុង្គឧត្តមនោះឡើយ

មាន​ពេល​មួយ​អាឡាន(Alan) បាន​មក​រក​ខ្ញុំ ដើម្បី​សុំ​យោបល់ អំពី​របៀប​ជម្នះ​ការ​ភ័យ​ខ្លាច នៅ​ក្នុង​ការ​ឡើង​និយាយ​ជា​សាធារណៈ។ គាត់​មិន​ខុស​ពី​សិស្ស​ដទៃ​ទៀត​ឡើយ។ ពេល​ណា​គាត់​ឡើង​និយាយ បេះ​ដូង​គាត់​ចាប់​ផ្តើម​លោត​កាន់​តែ​ញាប់ មាត់​គាត់​ហាក់​ដូច​ជា​ស្អិត និង​ស្ងួត ហើយ​មុខ​គាត់​ក៏​ឡើង​ពណ៌​ក្រហម។  ការ​ភ័យ​ខ្លាច​ពេល​ឡើង​និយាយ ស្ថិត​ក្នុង​ចំណោម​ការ​ភ័យ​ខ្លាច​ដែល​កើត​មាន​ញឹក​ញាប់​បំផុត ក្នុង​សង្គម បាន​ជា​អ្នក​ខ្លះ​ថែម​ទាំង​និយាយ​កំប្លែង​ថា ពួក​គេ​ខ្លាច​ការ​ឡើង​និយាយ ខ្លាំង​ជាង​សេចក្តី​ស្លាប់​ទៅ​ទៀត។ ដើម្បី​ជួយ​អាឡាន​ឲ្យ​ឈប់​ខ្លាច​ឡើង​និយាយ​មិន​បាន​ល្អ ខ្ញុំ​ក៏​បាន​លើក​ទឹក​ចិត្ត​គាត់​ឲ្យ​ផ្តោត​ទៅ​លើ​អ្វី​ដែល​ត្រូវ​និយាយ ជា​ជាង​ផ្តោត​ទៅ​លើ​របៀប​នៃ​ការ​និយាយ​របស់​គាត់។​

ការ​ផ្តោត​ទៅ​លើ​អ្វី​ដែល​ត្រូវ​និយាយ ជា​ជាង​ផ្តោត​ទៅ​លើ​សមត្ថ​ភាព​ក្នុង​ការ​និយាយ គឺ​ស្រដៀង​នឹង​វិធី​សាស្រ្ត​ដែល​សាវ័ក​ប៉ុល​បាន​ប្រើ ដើម្បី​នាំ​អ្នក​ដទៃ ឲ្យ​ស្គាល់​ព្រះ។ ពេល​ដែល​គាត់​សរសេរ​សំបុត្រ​ផ្ញើ​ទៅ​ពួក​ជំនុំ​នៅ​ទីក្រុង​កូរិនថូស គាត់​បញ្ជាក់​ថា “ពាក្យ​សំដី និង​វោហា​អធិប្បាយ​របស់​ខ្ញុំ ក៏​មិន​មែន​ដោយ​ពាក្យ​ឧត្តុង្គឧត្តម ដែល​ពូកែ​បញ្ចុះបញ្ចូល​នោះ​ដែរ” (១កូរិនថូស ២:៤)។ ផ្ទុយ​ទៅ​វិញ គាត់​បាន​ប្តេជ្ញា​ចិត្ត​ថា គាត់​នឹង​ផ្តោត​ទំាង​ស្រុង ទៅ​លើ​សេចក្តី​ពិត​នៃ​ព្រះ​យេស៊ូវ​គ្រីស្ទ និង​ការ​សុគត​របស់​ព្រះអង្គ ​នៅ​លើ​ឈើ​ឆ្កាង​(ខ.២) ដោយ​ទុក​ចិត្ត​លើ​ព្រះ​វិញ្ញាណ​បរិសុទ្ធ ដឹក​នាំ​ការ​និយាយ​របស់​គាត់ គឺ​មិន​ពឹង​ផ្អែក​លើ​ការ​ពូកែ​វោហារ​នោះ​ទេ។​

ពេល​ដែល​យើង​បាន​ស្គាល់​ព្រះ​ដោយ​ផ្ទាល់​ខ្លួន យើង​នឹង​ចង់​ចែក​ចាយ​អំពី​ព្រះ​អង្គ ដល់​មនុស្ស​ជុំវិញ​ខ្លួន​យើង។ តែ​ជួន​កាល យើង​មិន​ហ៊ាន​ផ្សាយ ដោយ​សារ​យើង​ខ្លាច​និយាយ​មិន​បាន​ល្អ ដោយ​ពាក្យ​ដែល​ត្រឹម​ត្រូវ ឬ​ពិរោះ។ចូរ​យើង​ផ្តោត​ទៅ​លើ​សេចក្តី​ពិត ដែល​ថា ព្រះ​ទ្រង់​ជា​នរណា និង​ទៅ​លើ​ការ​អ្វី​ដែល​ព្រះ​អង្គ​បាន​ធ្វើ នោះ​យើង​អាច​ទុក​ចិត្ត​ថា ព្រះ​ទ្រង់​នឹង​ប្រទាន​អំណាច​ដល់​ពាក្យ​សម្តី​យើង ហើយ​ចែក​ចាយ ដោយ​គ្មាន​ការ​ភ័យ​ខ្លាច ឬ​ស្ទាក់​ស្ទើរ​នោះ​ឡើយ។​—Kirsten Holmberg

ព្រះដែលយើងជឿទុកចិត្ត

នៅ​ដើម​ដំបូង​នៃ​សង្រ្គាម​ទាមទារ​ឯករាជ្យ​របស់​អាមេរិក មាន​ការ​ចល័ត​ទ័ព​ទៅ​ប្រយុទ្ធ​ជា​មួយ​កង​ទ័ព​អង់គ្លេស នៅ​ទីក្រុង​កេបេក។ ពេល​ដែល​កង​ទ័ព​ទាំង​នោះ​ធ្វើ​ដំណើរ​កាត់​តាម​ទីក្រុង​ញូប៊ែរីភត រដ្ឋ​ម៉ាសាឈូសេត តាម​ផ្លូវ​ឆ្ពោះ​ទៅ​រក​ប្រទេស​កាណាដា ពួក​គេ​ក៏​បាន​ទៅ​មើល​ផ្នូរ​របស់​លោក​ចច វ៉ាយហ្វៀល(George Whitefield) ដែល​ជា​អ្នក​ផ្សាយ​ដំណឹង​ល្អ​ដ៏​ល្បី​ល្បាញ​។ គេ​ក៏​បាន​គាស់​ផ្នូរ បើក​ក្តារមឈូស​របស់​លោក​វ៉ាយហ្វៀល ហើយ​ក៏​បាន​ដោះ​ខ្សែ​ក្រវ៉ាត់ក​ និង​ដៃ​អាវ​របស់​គាត់​ចេញ​ពី​សាក​សព​គាត់។ រួច​គេ​ក៏​បាន​កាត់​អាវ​គាត់​ជា​បំណែក​តូច​ៗ​ចែក​គ្នា ដោយ​យល់​ច្រឡំ​ថា បំណែក​អាវ​នោះ​អាច​ជួយ​ពួក​គេ​ឲ្យ​មាន​ជ័យ​ជម្នះ​លើ​សត្រូវ។​

បេសកកម្ម​របស់​កង​ទ័ព​នោះ​ក៏​បាន​បរាជ័យ។ ប៉ុន្តែ ទង្វើរ​ដ៏​ល្ងង់​ខ្លៅ​របស់​ទាហាន​ទាំង​នោះ បាន​បង្ហាញ​អំពី​ការ​ដែល​មនុស្ស​មាន​ទំនោរ​ទៅ​រក​ការ​ទុក​ចិត្ត​លើ​អ្វី​មួយ ជា​ជាង​ទុក​ចិត្ត​ព្រះ។ ឧទាហរណ៍ យើង​ទុក​ចិត្ត​លុយ ឬ​កម្លាំង​មនុស្ស ឬ​ក៏​ប្រពៃណី​សាសនា ដើម្បី​ឲ្យ​មាន​ក្តី​សុខ​ក្នុង​ការ​រស់​នៅ។ ព្រះ​ទ្រង់​បាន​ដាស់​តឿន​រាស្រ្ត​ព្រះ​អង្គ ឲ្យ​មាន​ការ​ប្រុង​ប្រយ័ត្ន​ចំពោះ​បញ្ហា​នេះ ពេល​ដែល​សាសន៍​អាសស៊ើរ​គំរាម​ថា នឹង​លើក​ទ័ព​មក​ឈ្លាន​ពាន​ពួក​គេ ហើយ​ពួក​គេ​ក៏​បាន​ស្វែង​រក​ជំនួយ​ពី​ស្តេច​ផារ៉ោន ជា​ជាង​ងាក​បែរ​ចេញ​ពី​អំពើ​បាប​របស់​ពួក​គេ និង​ងាក​បែរ​ទៅ​រក​ព្រះ​អង្គ ដោយ​ផ្ទាល់​ៗ​ខ្លួន។ “ដ្បិត​ព្រះអម្ចាស់យេហូវ៉ា ជា​ព្រះ​ដ៏​បរិសុទ្ធ​នៃ​ពួក​អ៊ីស្រាអែល ទ្រង់​មាន​ព្រះបន្ទូល​ថា ឯង​រាល់​គ្នា​នឹង​បាន​សង្គ្រោះ​ដោយ​វិល​មក​វិញ ហើយ​ផ្អាក​សំរាក ឯង​រាល់​គ្នា​នឹង​មាន​កំឡាំង​ដោយ​នៅ​តែ​ស្ងៀម ហើយ​មាន​សេចក្តី​ទុក​ចិត្ត តែ​ឯង​រាល់​គ្នា​មិន​ចូល​ចិត្ត​ទេ គឺ​បាន​សប​ឆ្លើយ​ថា ទេ យើង​នឹង​ជិះ​សេះ​រត់​ទៅ ដូច្នេះ ឯង​រាល់​គ្នា​នឹង​ត្រូវ​រត់​ទៅ​មែន ហើយ​ឯង​ថា យើង​នឹង​ជិះ​សត្វ​លឿន​ដែរ ដូច្នេះ គេ​ដែល​ដេញ​តាម​ឯង​នឹង​បាន​លឿន​ដូច​គ្នា”(អេសាយ ៣០:១៥-១៦)។​

ការ​ប្រឹង​ប្រែង​របស់​ពួក​គេ​ក៏​បាន​បរាជ័យ​ផង​ដែរ (គឺ​ដូច​ដែល​ព្រះ​ទ្រង់​បាន​មាន​បន្ទូល​ហើយ) ហើយ​នគរ​យូដា មិន​អាច​ទប់​សាសន៍​អាសស៊ើរ​ជាប់​ឡើយ។​ ប៉ុន្តែ ព្រះ​ទ្រង់​ក៏​បាន​ប្រាស់​រាស្រ្ត​ព្រះ​អង្គ​ថា “ទោះ​បើ​យ៉ាង​នោះ…

វិធីសាស្រ្តលាងជម្រះបាប

មាន​ក្មេង​តូច​ៗ​ពីរ​នាក់​បាន​ច្រៀង​បទ “រីក​រាយ​ថ្ងៃ​កំណើត” ឲ្យ​បាន​ពីរ​ចប់ ដោយ​ចិត្ត​រីក​រាយ ពេល​ដែល​ពួក​គេ​កំពុង​លាង​ដៃ នៅ​កន្លែង​លាង​ដៃ។  ម្តាយ​របស់​ពួក​គេ​បាន​ប្រាប់​ពួក​គេ​ថា ពួក​គេ​ត្រូវ​ចំណាយ​ពេល​ឲ្យ​បាន​យូរ​ដូច​នេះ ដើម្បី​លាង​ដៃ​ឲ្យ​អស់​មេរោគ។ ដូច​នេះ សូម្បី​តែ​មុន​ពេល​ជំងឺ​កូវីត​១៩​រាត​ត្បាត​ពេញ​ពិភព​លោក ពួក​គេ​ក៏​បាន​រៀន​ចំណាយ​ពេល​លាង​ដៃ​ឲ្យ​ស្អាត​ស្រាប់​ហើយ។​

ការ​លាង​​អ្វី​មួយ​ឲ្យ​ស្អាត​ជា​និច្ច អាច​នាំ​ឲ្យ​មាន​ការ​ធុញ​ទ្រាន់ គឺ​ដូច​ដែល​យើង​បាន​រៀន​រក្សា​អនាម័យ ក្នុង​ពេល​ជំងឺ​រាត​ត្បាត។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ដើម្បី​លាង​ជម្រះ​អំពើ​បាប យើង​ត្រូវ​ងាក​មក​ផ្តោត​ទៅ​លើ​ព្រះ។​

លោក​យ៉ាកុប​បាន​ជំរុញ​អ្នក​ជឿ​ព្រះ​យេស៊ូវ ដែល​បាន​ខ្ចាត់​ខ្ចាយ​ពេញ​ចក្រ​ភព​រ៉ូម៉ាំង ឲ្យ​ងាក​មក​ផ្តោត​ទៅ​លើ​ព្រះ។ ការ​ដែល​ពួក​គេ​ឈ្លោះ​ប្រកែក​គ្នា ចង់​បាន​មុខ​មាត់ ទ្រព្យ​សម្បត្តិ និង​ការ​សប្បាយ​ក្នុង​លោកិយ មាស​ប្រាក់ និង​ការ​ទទួល​ស្គាល់ បាន​ធ្វើ​ឲ្យ​ពួក​គេ​ក្លាយ​ជា​សត្រូវ​របស់​ព្រះ។ ព្រះ​អង្គ​បាន​ដាស់​តឿន​ពួក​គេ​ថា “ត្រូវ​ចុះ​ចូល​ចំពោះ​ព្រះ ហើយ​តស៊ូ​នឹង​អារក្ស​វិញ​ចុះ នោះ​វា​នឹង​រត់​ចេញ​ពី​អ្នក​រាល់​គ្នា​ទៅ ត្រូវ​ចូល​ទៅ​ជិត​ព្រះ នោះ​ទ្រង់​នឹង​ចូល​មក​ជិត​អ្នក​រាល់​គ្នា​ដែរ ឱ​ពួក​មាន​បាប​អើយ ចូរ​លាង​ដៃ​ឲ្យ​ស្អាត​ចុះ ឱ​ពួក​អ្នក​មាន​ចិត្ត​២​អើយ ចូរ​សំអាត​ចិត្ត​ឡើង”(យ៉ាកុប ៤:៧-៨)។ ប៉ុន្តែ តើ​ពួក​គេ​លាង​ដៃ​ឲ្យ​ស្អាត ដោយ​របៀប​ណា?

ដូច​មាន​សេចក្តី​ចែង​ថា "ត្រូវ​ចូល​ទៅ​ជិត​ព្រះ នោះ​ទ្រង់​នឹង​ចូល​មក​ជិត​អ្នក​រាល់​គ្នា​ដែរ”(ខ.៨)។  នេះ​ជា​ព្រះ​បន្ទូល​ដែល​បាន​ពិពណ៌នា អំពី​ភាព​ចាំ​បាច់​នៃ​ការ​ងាក​បែរ​មក​រក​ព្រះ ដើម្បី​សម្អាត​ភាព​កខ្វក់​នៃ​អំពើ​បាប ចេញ​ពី​ជីវិត​យើង។ បន្ទាប់​មក កណ្ឌ​គម្ពីរ​យ៉ាកុប​បាន​ប្រាប់​អំពី​របៀប​លាង​សម្អាត យ៉ាង​ដូច​នេះ​ថា​ “ចូរ​ឲ្យ​មាន​សេចក្តី​ទុក្ខ ហើយ​យំ​សោក ទាំង​ស្រក់​ទឹក​ភ្នែក​ចុះ សូម​ឲ្យ​សំណើច​របស់​អ្នក​រាល់​គ្នា​ត្រឡប់​ជា​ដំងូរ ហើយ​ឲ្យ​សេចក្តី​អំណរ​ទៅ​ជា​សេចក្តី​ព្រួយ​វិញ។ ចូរ​បន្ទាប​ខ្លួន​នៅ​ចំពោះ​ព្រះអម្ចាស់ នោះ​ទ្រង់​នឹង​ដំកើង​អ្នក​រាល់​គ្នា​ឡើង”(ខ.៩-១០)។…

ការសម្រេចចិត្តថ្វាយព្រះកិត្តិនាមដល់ព្រះ

ក្នុង​រឿង​ប្រលោម​លោក មាន​ចំណង​ជើង​ថា សុភមង្គល​គ្រួសារ  ដែល​លោក​លេអូ ថូលស្តូយ(Leo Tolstoy) បាន​និពន្ធ ​តួ​ឯក​ឈ្មោះ សឺជី(Sergey) និង​ម៉ាសា(Masha) បាន​ជួប​គ្នា ពេល​ដែល​ម៉ាសា​នៅ​ក្មេង និង​ងាយ​មាន​ចិត្ត​រំភើប។ លោក​សឺជី ជា​មនុស្ស​មាន​វ័យ​ចំណាស់​ជាង ជា​អ្នក​ជំនួញ​ដែល​បាន​ធ្វើ​ដំណើរ​បាន​ច្រើន​កន្លែង។ គាត់​យល់​អំពី​ពិភព នៅ​ក្រៅ​តំបន់​ជន​បទ ដែល​ម៉ាសា​កំពុង​រស់​នៅ។ ក្រោយ​មក អ្នក​ទំាង​ពីរ​ក៏​បាន​ស្រឡាញ់​គ្នា ហើយ​ក៏​បាន​រៀប​ការ។​

ពួក​គេ​ក៏​បាន​រស់​នៅ ក្នុង​ទី​ជនបទ ប៉ុន្តែ ម៉ាសា​មាន​ការ​ធុញ​ទ្រាន់ ចំពោះ​តំបន់​ដែល​នាង​រស់​នៅ។ លោក​សឺជី​ស្រឡាញ់​នាង ដូច​នេះ ក៏​បាន​រៀប​ចំ​ការ​ធ្វើ​ដំណើរ​ទៅ​ទីក្រុង​ស៊ែន ភីធ័រស្បឺក។ នៅ​ទីនោះ សម្រស់ និង​ភាព​ទាក់​ទាញ​របស់​ម៉ាសា បាន​ធ្វើ​ឲ្យ​នាង​មាន​ប្រជា​ប្រិយ​ភាព​យ៉ាង​ឆាប់​រហ័ស។ ពេល​ដែល​ប្តី​ប្រពន្ធ​មួយ​គូរ​នេះ​ហៀប​នឹង​ធ្វើ​ដំណើរ​ត្រឡប់​មក​ផ្ទះ​វិញ មាន​ព្រះ​អង្គ​ម្ចាស់​មួយ​អង្គ​សព្វ​ព្រះ​ទ័យ​នឹង​ជួប​នាង។ លោក​សឺជី​ដឹង​ថា គាត់​អាច​បង្ខំ​ម៉ាសា​ឲ្យ​ចាក​ចេញ​ទៅ​ផ្ទះ​ជា​មួយ​គាត់ តែ​គាត់​បាន​ឲ្យ​នាង​ធ្វើ​ការ​សម្រេច​ចិត្ត។ នាង​ក៏​បាន​សម្រេច​ចិត្ត​ស្នាក់​នៅ​បន្ត​ទៀត ហើយ​អំពើ​ផិតក្បត់​របស់​នាង​បាន​ធ្វើ​ឲ្យ​គាត់​ខូច​ចិត្ត​យ៉ាង​ខ្លាំង។

ព្រះ​ទ្រង់​ក៏​មិន​ដែល​បង្ខំ​យើង​ឲ្យ​មាន​ចិត្ត​ស្មោះ​ត្រង់​ចំពោះ​ព្រះ​អង្គ​ដែរ។ ដោយសារ​ព្រះ​អង្គ​ស្រឡាញ់​យើង នោះ​ព្រះ​អង្គ​អនុញ្ញាត​ឲ្យ​យើង​សម្រេច​ចិត្ត​ធ្វើ​តាម ឬ​ប្រឆាំង​ព្រះ​អង្គ។ យើង​សម្រេច​ចិត្ត​ធ្វើ​តាម​ព្រះ​អង្គ​ជា​លើក​ទី​មួយ នៅ​ពេល​ដែល​យើង​ទទួល​ជឿ​ព្រះ​យេស៊ូវ​គ្រីស្ទ ដែល​ជា​ព្រះ​រាជ​បុត្រា​ព្រះអង្គ និង​ជា​ដង្វាយ​លោះ​បាប​យើង​(១យ៉ូហាន ៤:៩-១០)។ បន្ទាប់​មក យើង​មាន​ពេល​វេលា​ពេញ​មួយ​ជីវិត ដើម្បី​ធ្វើ​ការ​សម្រេច​ចិត្ត​ធ្វើ​តាម​ព្រះ​អង្គ​ទៀត។

តើ​យើង​នឹង​សម្រេច​ចិត្ត​ថា នឹង​នៅ​តែ​ស្មោះ​ត្រង់​ចំពោះ​ព្រះ តាម​ការ​ដឹក​នាំ​របស់​ព្រះ​វិញ្ញាណ ឬ​ធ្វើ​តាម​ការ​អូស​ទាញ​របស់​លោកិយ? ការ​រស់​នៅ​របស់​ស្តេច​ដាវីឌ​មិន​ល្អ​ឥត​ខ្ចោះ​នោះ​ទេ តែ​ជា​ញឹក​ញាប់…